កន្លងមក តាមការសង្កេតរបស់ខ្ញុំ នៅលើទំព័រកាសែតក្ដី ទូរទស្សន៍ក្ដី និង កន្លែងផ្សេងៗទៀតមានការប្រើប្រាស់ ពាក្យខុស ពោលគឺ លើការសរសេរ និងការអានជាដើម ដែលនាំឲ្យភាសាខ្មែរស្ថិតក្នុងភាពមិនច្បាស់លាស់ ។ គួរខ្មែរគ្រប់រូបប្រើប្រាស់ពាក្យដែល ត្រឹមត្រូវបំផុត កុំប្រើតាមទម្លាប់តៗគ្នា ព្រោះពេលខ្លះវាខុសទាំងស្រុង ដែល នាំឲ្យបាត់បង់តម្លៃនៃភាសាជាតិយើង ។ ក្នុងការប្រើប្រាស់ ពាក្យពេចន៍នេះដែរ យើងឃើញថាខ្មែររស់នៅកម្ពុជា ក្រោមប្រើប្រាស់បានត្រឹមត្រូវជាង ខ្មែរនៅកម្ពុជា។ ខាងក្រោមនេះជា ពាក្យដែលយើងគួរស្វែងយល់ទាំងអស់គ្នា និង ប្រើប្រាស់ឲ្យបានត្រឹមត្រូវតាមវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត ។ ពេលនេះខ្ញុំ លើកយកពាក្យចំនួន ពីរ មកបង្ហាញដូចតទៅ ៖
យោងតាមវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត ទំព័រ ១៤៧៥ ជួរខាងស្ដាំ បន្ទាត់ទី ១ ៖
ស្រឡាង ន. ប្រដាប់សម្រាប់ផ្ទុកថលយាននិងសត្វពាហនៈជាដើមចម្លងពីត្រើយម្ខាង : រថយន្តចុះស្រឡាង ។ ឧទាហរណ៍៖ ខ្ញុំកំពុងនៅលើស្រឡាង នៅអ្នកលឿងមានស្រឡាង ។
គួរកត់សម្គាល់ ៖ ខ្មែរភាគច្រើន ទាំងក្មេង ទាំងចាស់ តែងតែប្រើប្រាស់ពាក្យខុស ។ ឧទាហរណ៍៖ ខ្ញុំកំពុងនៅលើសាឡាង នៅអ្នកលឿងមានសាឡាង។
យោងតាមវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត ទំព័រ ១២៦៥ ជួរខាងស្ដាំ បន្ទាត់ទី ២១ ៖
សន្លាង (សន់-ល៉ាង) គុ. សជ្រះស្អាត: សសន្លាង ។ ថ្មីទែង, ថ្មីស្អាត : ថ្មីសន្លាង ។ ដែលល្អសមរម្យមិនឆ្គង : ល្អសន្លាង, រូបល្អសន្លាង ។ ឧទាហរណ៍៖ អគារសិក្សាថ្មីសន្លាង មួយខ្នងនេះជាជំនួយប្រទេសជប៉ុន ។
គួរកត់សម្គាល់៖ ខ្មែរភាគច្រើន ទាំងក្មេង ទាំងចាស់ តែងតែប្រើប្រាស់ពាក្យខុស ពោលគឺច្រើនតែនិយាយ ឬ សរសេរ ថា ស្រឡាង ដែលមានន័យផ្សេងនោះ មកជំនួសពាក្យ សន្លាង ដែលជាពាក្យត្រឹមត្រូវ ។ ឧទាហរណ៍៖ អគារសិក្សាថ្មីស្រឡាង មួយខ្នងនេះជាជំនួយប្រទេសជប៉ុន ។