កន្លងមក តាមការសង្កេតរបស់ខ្ញុំ នៅលើទំព័រកាសែតក្ដី ទូរទស្សន៍ក្ដី និង កន្លែងផ្សេងៗទៀតមានការប្រើប្រាស់ ពាក្យខុស ពោលគឺ លើការសរសេរ និង ការអានជាដើម ដែលនាំឲ្យភាសាខ្មែរស្ថិតក្នុងភាពមិនច្បាស់លាស់ ។ គួរខ្មែរគ្រប់រូបប្រើប្រាស់ពាក្យដែល ត្រឹមត្រូវបំផុត កុំប្រើតាមទម្លាប់តៗគ្នា ព្រោះពេលខ្លះវាខុសទាំងស្រុង ដែលនាំឲ្យបាត់បង់តម្លៃនៃភាសាជាតិយើង ។ ក្នុងការប្រើប្រាស់ ពាក្យពេចន៍នេះដែរ យើងឃើញថាខ្មែររស់នៅកម្ពុជាក្រោមប្រើប្រាស់បានត្រឹមត្រូវជាងខ្មែរនៅកម្ពុជាផងដែរ។ ខាងក្រោមនេះជា ពាក្យ ដែលយើងគួរស្វែងយល់ទាំងអស់ គ្នា និង ប្រើប្រាស់ឲ្យបាន ត្រឹមត្រូវតាម វចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត ដែលពេលនេះខ្ញុំ លើកយក ពាក្យចំនួន ពីរ មកបង្ហាញដូចតទៅ ៖
យោងតាមវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត ទំព័រ ១២៩ ជួរខាងស្ដាំ បន្ទាត់ទី ២ ៖
គប់គិត កិ. រួមគំនិតគ្នា, គិតគូរគ្នា។ ឧទាហរណ៍៖ សុខ គប់គិតជាមួយសៅ ដើម្បីដណ្ដើមយកកង់របស់ ណារី ។
គួរកត់សម្គាល់ ៖ ខ្មែរភាគច្រើន ទាំងក្មេង ទាំងចាស់ តែងតែប្រើប្រាស់ពាក្យខុស ។ ឧទាហរណ៍៖ សុខ ឃុបឃិតជាមួយសៅ ដើម្បីដណ្ដើមយកកង់របស់ណារី។
យោងតាមវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត ដដែល ៖
ឃុបឃិត ពុំឃើញមាននៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត នោះទេ ។ មួយវិញទៀត ពាក្យ “ឃុបឃិត” នេះគ្មានអត្ថន័យទាល់តែសោះ មិនដឹងជាចង់មានន័យថាយ៉ាងដូចម្ដេច? មិនដឹងជាចង់សំដៅទៅលើអ្វី? ….?
គួរកត់សម្គាល់៖ ខ្មែរភាគច្រើន ទាំងក្មេង ទាំងចាស់ តែងតែប្រើប្រាស់ពាក្យខុស ពោលគឺច្រើនតែនិយាយ ឬ សរសេរ ថា ឃុបឃិត ដែលគ្មានអត្ថន័យទាល់តែសោះ មកជំនួសពាក្យ គប់គិត ដែលត្រឹមត្រូវ ។
តាមរយៈពាក្យពេចន៍ទាំងពីរ ដែលបានលើកឡើងខាងលើនេះ យើងគួរតែពិចារណាឡើងវិញ ដើម្បីកុំឲ្យភាសាខ្មែរស្ថិតក្នុងភាពមិនច្បាស់លាស់។ ពិសេសគឺអង្គភាពដែលពាក់ព័ន្ធនឹងការងារភាសាជាតិ ត្រូវតែពិនិត្យ ជជែកពិភាក្សាគ្នា និង លើកហេតុផលឲ្យកាន់តែច្បាស់លាស់ អំពីពាក្យពេចន៍ខ្មែរ ដើម្បីឆ្ពោះទៅរកការឯកភាពគ្នាក្នងការប្រើប្រាស់ភាសាជាតិខ្មែរយើង។ បើទោះបីជាយើងបង្កើតពាក្យថ្មីជំនួសពាក្យចាស់ យ៉ាងណាក្ដី ពាក្យថ្មីនោះត្រូវតែមានអត្ថន័យ មានភាពត្រឹមត្រូវ និង សមស្របបំផុត ប៉ុន្ដែបើពាក្យចាស់ មានអត្ថន័យត្រឹមត្រូវ គ្រប់គ្រាន់ហើយ យើងគួរគប្បីបន្ដប្រើប្រាស់ កុំយកពាក្យដែលគ្មានអន្ថន័យមកជំនួស ព្រោះនាំឲ្យបាត់បង់តម្លៃនៃភាសាជាតិ ។