បុណ្យភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីចម្បងមួយក្នុងចំណោមបុណ្យប្រពៃណីផ្សេងៗ របស់ប្រជាជនកម្ពុជា។ បុណ្យនេះមានលក្ខណៈជាបុណ្យគោរពវិញ្ញាណក្ខន្ធរបស់បុព្វបុរស ញាតិសន្តាន ដែលបានធ្វើមរណកាលទៅហើយ។
១– របៀបភ្ជុំបិណ្ឌរបស់ខ្មែរ
ប្រជាជនកម្ពុជាប្រារព្ធធ្វើបុណ្យភ្ជុំបិណ្ឌពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ រៀងរាល់ឆ្នាំ។ ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច ហៅថា ថ្ងៃកាន់បិណ្ឌ ហើយថ្ងៃ១៥រោច ហៅថា ថ្ងៃភ្ជុំបិណ្ឌ។
ក្នុងឱកាសកាន់បិណ្ឌនេះចាស់ព្រឹទ្ធាចារ្យ យាយតា ដែលមានសទ្ធាមុតមាំក្នុងព្រះពុទ្ធសាសនា បានលះបង់ផ្ទះសំបែង កូនចៅ ទៅនៅវត្ត សមាទានសីល៥ សីល៨ ឬអតិរេកសីល ចម្រើនមេត្តាភាវនា បម្រើព្រះសង្ឃ និងសំអាតទីអារាមជាដើម។ ពុទ្ធបរិស័ទចំណុះជើងវត្តនីមួយៗ បានបែងចែកគ្នាជាវេនចំនួន១៤ថ្ងៃ ឬ ១៤បិណ្ឌ។ ក្នុងបិណ្ឌនីមួយៗ នៅពេលយប់ គេជួបជុំគ្នាប្រគេន–ជូនភេសជ្ជៈចំពោះព្រះសង្ឃ និងចាស់ព្រឹទ្ធាចារ្យ នមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្ដែងធម៌ទេសនា។ ព្រឹកឡើង ប្រគេនយាគូ ភត្តាហារ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធក្រុមគ្រួសារ ញាតិមិត្តរបស់គេ ដែលបានធ្វើមរណកាលហើយនោះ។ នៅយប់ថ្ងៃ១៤រោច គេប្រារព្ធធ្វើពិធីដូចយប់ថ្ងៃកាន់បិណ្ឌពីមុនមកដែរ ប៉ុន្តែមានលក្ខណៈឱឡារិកជាង។ រីឯប្រជាជន និយមធ្វើនំផ្សេងៗ មាននំអន្សម នំគមជាដើម សម្រាប់ប្រគេនព្រះសង្ឃ សែនព្រេន និងជូនឪពុកម្ដាយ ចាស់ទុំ ញាតិមិត្តរបស់គេ ក្នុងឱកាសថ្ងៃបុណ្យភ្ជុំបិណ្ឌ។ ព្រឹកឡើងថ្ងៃ១៥រោច ដែលជាថ្ងៃភ្ជុំបិណ្ឌនេះ ពុទ្ធបរិស័ទវេនបិណ្ឌ អញ្ជើញមកចូលរួមយ៉ាងកុះករ ប្រគេនចង្ហាន់ព្រះសង្ឃ និងបង្សុកូល ដូចថ្ងៃកាន់បិណ្ឌដែរ ប៉ុន្តែថ្ងៃនេះមានលក្ខណៈអធិកអធមជាងថ្ងៃកាន់បិណ្ឌកន្លងមក។ នៅតំបន់ខ្លះ ពេលល្ងាចថ្ងៃ១៥រោច គ្រួសារនីមួយៗ រៀបចំពិធីសែនព្រេនជូនជីដូនជីតាតាមទម្លាប់។ លុះព្រលឹមស្រាងៗ ថ្ងៃ១កើត ខែអស្សុជ គេរៀបចំនំ ចំណី ផ្លែឈើ….. ដុតទៀន ធូប ដាក់ក្នុងទូកដែលធ្វើពីស្រទបចេកបណ្ដែតតាមទឹក ដើម្បីជាកិច្ចជូនដំណើរដូនតាត្រឡប់ទៅវិញ។
២– ប្រភពនៃការកាន់បិណ្ឌ
ក–គម្ពីរធម្មបទដ្ឋកថា
មានសេចក្ដីថា ៖មុនភទ្ទកប្បនេះ ព្រះពុទ្ធព្រះនាម ផុស្សៈ បានត្រាស់ដឹងក្នុងលោក, ពេលនោះ មានព្រះរាជបុត្រ៣ព្រះអង្គ របស់ស្ដេចមហិន្ទរាជ ទ្រង់មានព្រះទ័យចង់ដាក់ទាន។ ព្រះរាជបុត្រនោះ បានស្នើសុំព្រះរាជទ្រព្យពីព្រះបិតា។ ព្រះបាទមហិន្ទរាជ ពុំអនុញ្ញាតតាមសំណូមពរ របស់ព្រះរាជបុត្រឡើយ។ សម័យនោះ មានពួកសត្រូវបង្កអសន្តិសុខនៅស្រុកជាយដែន។ ព្រះបិតាបានបញ្ជូនបុត្រទាំង៣អង្គ ឲ្យចេញទៅបង្ក្រាប។ លុះបានជ័យជំនះ ព្រះរាជបុត្រទាំងនោះ ក៏ត្រឡប់មកកាន់ព្រះរាជវាំងវិញ។ ព្រះបិតា ទ្រង់មានព្រះទ័យសោមនស្សក្រៃលែង ហើយត្រាស់សួរថា “ម្នាលបុត្រ, តើអ្នកត្រូវការអ្វី?” ព្រះរាជបុត្រក្រាបទូលថា “បពិត្រព្រះបិតា, ខ្ញុំព្រះអង្គមានបំណងតែមួយគត់ គឺសុំព្រះរាជទ្រព្យ ដើម្បីដាក់ទាន“។ ដំបូង ព្រះរាជបុត្រសុំដាក់ទានជានិច្ចកាល ប៉ុន្តែព្រះបិតាមិនយល់ព្រម។ តមក ព្រះរាជបុត្រ ក៏សុំត្រឹមតែ ៧ឆ្នាំ ៦ឆ្នាំ ៥ឆ្នាំ ៤ឆ្នាំ ៣ឆ្នាំ ២ឆ្នាំ ១ឆ្នាំ, ៧ខែ ៦ខែ ៥ខែ ៤ខែ ក៏នៅតែព្រះបិតា ពុំព្រម។ លុះដល់ទីបំផុត ព្រះរាជបុត្រស្នើសុំត្រឹម ៣ខែ គឺម្នាក់ៗ ១ខែ។ បន្ទាប់ពីបានទទួលព្រះរាជានុញ្ញាតហើយ ព្រះរាជបុត្រទាំង៣អង្គ ក៏ទ្រង់ប្រគល់ភារកិច្ចនេះ ទៅឲ្យនាយស្មៀន និងនាយឃ្លាំង ដើម្បីចាត់ចែងទាន។ ព្រះរាជបុត្រទាំង៣អង្គ ព្រមទាំងបរិវារ ក៏ចូលបួសនៅជាមួយព្រះពុទ្ធព្រះនាម ផុស្សៈ នោះទៅ។ ចំណែកពួកកម្មករ ដែលនាយស្មៀនបានចាត់តាំងឲ្យធ្វើចង្ហាន់ថ្វាយព្រះពុទ្ធ និងភិក្ខុសង្ឃ តាមលំដាប់វេនរបស់ព្រះរាជបុត្រនោះ កើតមានសេចក្ដីប្រមាទក្នុងទាន ដោយបរិភោគចង្ហាន់មុនព្រះសង្ឃ និងបរិភោគចង្ហាន់ណា ដែលមានរសជាតិឆ្ងាញ់ពិសាមុនព្រះសង្ឃ ជារៀងរាល់ថ្ងៃ។ ដោយសេចក្ដីប្រមាទនេះ ពួកកម្មករទាំងនោះ លុះធ្វើមរណកាលទៅ ក៏បានទៅបដិសន្ធិក្នុងឋានប្រេត សោយទុក្ខវេទនាលំបាកស្រេកឃ្លានក្រៃលែង។ ពេលផែនដីដុះបានកម្រាស់មួយយោជន៍ មានព្រះពុទ្ធមួយព្រះអង្គ ព្រះនាមកក្កុសន្ធៈបានត្រាស់ដឹងឡើងក្នុងលោក។ ពួកប្រេតទាំងនោះ ក៏នាំគ្នាចូលទៅទូលសួរថា “ពេលណា ខ្ញុំព្រះអង្គបានអាហារបរិភោគ? ព្រះពុទ្ធអង្គនេះត្រាស់ថា “ចាំសួរព្រះពុទ្ធកោនាគមនៈចុះ“។ លុះដល់ព្រះពុទ្ធកោនាគមនៈបានត្រាស់ដឹង, ពួកប្រេតទាំងនោះ ក៏បានចូលសួរដូចមុនទៀត។ ព្រះពុទ្ធនាគមនៈប្រាប់ថា “ចាំសួរព្រះពុទ្ធកស្សបៈចុះ“។ លុះដល់ព្រះពុទ្ធកស្សបៈបានត្រាស់ដឹង ពួកឯងនឹងបានអាហារបរិភោគ ក្នុងសាសនាព្រះពុទ្ធសមណគោតម ព្រោះញាតិរបស់ឯងព្រះនាមពិម្ពិសារ នឹងថ្វាយទានចំពោះព្រះពុទ្ធ និងភិក្ខុសង្ឃ។លុះដល់ព្រះពុទ្ធសមណគោតមត្រាស់ដឹងក្នុងលោក នាយស្មៀន ដែលជាញាតិរបស់ប្រេតនោះ ក៏បានកើតជាព្រះបាទពិម្ពិសារ សោយរាជ្យនៅនគររាជគ្រឹះដែរ។ ក្នុងមួយថ្ងៃ ព្រះបាទពិម្ពិសារថ្វាយទានចំពោះព្រះពុទ្ធ ព្រមទាំងភិក្ខុសង្ឃ, ពួកប្រេតទាំងអស់ បានទៅរង់ចាំទទួលផលទាន ប៉ុន្តែ ពុំបានចំណែកទានសោះ ហើយក៏នាំគ្នាទៅបង្ហាញខ្លួនឲ្យព្រះបាទពិម្ពិសារឃើញ ព្រមទាំងបញ្ចេញនូវសម្រែកដ៏ខ្លាំងលាន់ខ្ទរខ្ទារពេញផ្ទៃព្រះ រាជវាំង ក្នុងពេលរាត្រី។ ព្រឹកឡើង ព្រះបាទពិម្ពិសារ ក៏យាងទៅទូលសួរព្រះពុទ្ធព្រះសមណគោតមអំពីព្រឹត្តិការណ៍ដ៏ចម្លែក នេះ។ ព្រះពុទ្ធត្រាស់ថា សម្រែកពីយប់មិញនោះ ជាសម្រេករបស់ពួកប្រេតដែលជាញាតិ របស់ព្រះអង្គ ព្រោះពួកគេ ពុំបានអាហារបរិភោគ អស់រយៈពេលព្រះពុទ្ធ៤អង្គ មកហើយ។ រីឯទានដែលព្រះអង្គបានថ្វាយហើយ ចំពោះតថាគត និងភិក្ខុសង្ឃក្នុងថ្ងៃម្សិលមិញនោះ ពួកប្រេតមិនបានទទួលផលទេ ព្រោះព្រះអង្គ ពុំបានឧទ្ទិសទៅឲ្យ។ ព្រះរាជាទូលតទៅទៀតថា “តើធ្វើដូចម្ដេច ទើបពួកប្រេតទាំងនោះបានអាហារបរិភោគ?”។ ព្រះពុទ្ធត្រាស់ថា “ស្អែកឡើង មហារាជត្រូវថ្វាយទានចំពោះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ហើយឧទ្ទិសថា ៖ភន្តេ ឥតោ តេសំ បេតានំ ទិព្វន្នបានំ សម្បជ្ជតុ បពិត្រព្រះអង្គដ៏ចម្រើន ដោយអំណាចផលទាននេះ សូមបាយ និងទឹកដ៏ជាទិព្វនេះ សម្រេចដល់ប្រេតទាំងឡាយនោះចុះ“។ ព្រឹកឡើង ព្រះរាជាទ្រង់ធ្វើតាមព្រះពុទ្ធដីកានេះ។ ពួកប្រេតទាំងនោះ ក៏បានអាហារទិព្វបរិភោគស្កប់ស្កល់ភ្លាម លែងរងទុក្ខវេទនា ដូចពេលមុនៗទៀត។ បន្ទាប់មក ពួកប្រេតទាំងនោះ ក៏បង្ហាញកាយអាក្រាតននល ឲ្យព្រះរាជាទតឃើញ។ ព្រះពិម្ពិសារ ទ្រង់មានចម្ងល់យ៉ាងខ្លាំង ក៏យាងទៅទូលសួរព្រះពុទ្ធទៀតថា “ក្នុងថ្ងៃនេះ ប្រេតទាំងនោះ បានទៅបង្ហាញកាយអាក្រាតឲ្យទូលព្រះបង្គំឃើញ“។ ព្រះពុទ្ធទ្រង់ត្រាស់ថា មហារាជ ពីម្សិលមិញទ្រង់បានធ្វើទានតែចង្ហាន់ប៉ុណ្ណោះ ហើយមិនបានធ្វើទានសំពត់ទេ, ដូច្នេះបានជា ពួកប្រេតគ្មានសំពត់ស្លៀក អាក្រាតកាយយ៉ាងនេះ។ លុះថ្ងៃស្អែកឡើង ព្រះបាទពិម្ពិសារ ក៏បានធ្វើចីវរថ្វាយចំពោះព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ហើយឧទ្ទិសផលទានឲ្យទៅប្រេតទាំងនោះថា ឥតោ តេសំ ទិព្វវត្ថានិ ហោន្តុ សូម សំពត់ទិព្វទាំងឡាយកើតមានដល់ប្រេតទាំងឡាយនោះ ដោយផលទាននេះចុះ“។ គ្រាន់តែឧទ្ទិសចប់ សំពត់ទិព្វ ក៏កើតមានដល់ពួកប្រេតទាំងនោះភ្លាម មិនតែប៉ុណ្ណោះប្រេតទាំងនោះ ក៏បានក្លាយខ្លួនពីអត្តភាពជាប្រេត ទៅជាអត្តភាពទិព្វ ក្នុងខណៈនោះឯង។ ព្រះសាស្ដាទ្រង់ធ្វើអនុមោទនានៅពេលនោះ ដោយតិរោកុឌ្ឌសូត្រ មានបទថា តិរោកុឌ្ឌេសុ តិដ្ឋន្តិ ពួកប្រេតទាំងឡាយស្ថិតនៅក្រៅជញ្ជាំងទាំងឡាយជាដើម។ ដូច្នេះហើយបានជា ព្រះសង្ឃយើង និយមសូត្រតិរោកុឌ្ឌសូត្រនេះនៅក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឬក្នុងពិធីទក្ខិណានុប្បទានផ្សេងៗ រហូតមកដល់សព្វថ្ងៃ។
ខ–គម្ពីរបេតវត្ថុ
មានសេចក្ដីថា “ក្នុងកាលកន្លងទៅហើយ មានព្រានម្នាក់នៅក្នុងពារាណសី តែងទៅបាញ់សត្វក្នុងព្រៃចិញ្ចឹមជីវិតរាល់ថ្ងៃ។ វេលាត្រឡប់មកផ្ទះវិញ ពួកក្មេងៗ តែងចោមរោមសុំសាច់រាល់ដង។ ថ្ងៃមួយ ព្រាននោះ ទៅបាញ់មិនបានសត្វ ក៏បេះផ្កាត្របែកព្រៃប្រដាប់ខ្លួន និងរែកយកមកផ្ទះជាច្រើន។ លុះដល់ទ្វារភូមិ ពួកក្មេងៗ មកសុំសាច់ដូចសព្វដងទៀត, ព្រានក៏ចែកផ្កាត្របែកព្រៃឲ្យម្នាក់មួយស្នែងៗ។លុះព្រាននោះស្លាប់ទៅ បានកើតជាប្រេតអាក្រាតកាយ មានផ្កាត្របែកព្រៃប្រដាប់ក្បាលដើរទៅក្នុងទឹក សំដៅទៅផ្ទះញាតិរបស់ខ្លួនដើម្បីរកអាហារបរិភោគ។ វេលានោះ កោលិយអាមាត្យ ជាអាមាត្យព្រះបាទពិម្ពិសារ ជិះទូកទៅបង្ក្រាបការបះបោរនៅស្រុកបច្ចន្តគ្រាម ហើយបានសួរប្រេតនោះដឹងសព្វគ្រប់ប្រការ ក៏មានចិត្តអាណិត ទើបនិយាយថា “សដូវរបស់យើងមាន ធ្វើម្ដេចអ្នកនឹងបរិភោគបាន?”។ ប្រេតឆ្លើយថា “ក្នុងទូកនេះ បើមានឧបាសកអ្នកតម្កល់ខ្លួននៅក្នុងត្រៃសរណគមន៍ សូមលោកឲ្យសដូវដល់ឧបាសកនោះ ហើយឧទ្ទិសចំណែកកុសលឲ្យខ្ញុំចុះ“។ កោលិយអាមាត្យក៏ធ្វើតាម ហើយប្រេតនោះ ក៏បានទទួលអនុមោទនា បានសុខសាន្ត ឆ្អែតស្កប់ស្កល់ លែងរកទុក្ខលំបាកដោយការស្រេកឃ្លានទៀត ទើបផ្ដាំថា “សូមលោកមេត្តាផ្ដល់ប្រេតឯទៀតៗផង បើលោកធ្វើកុសលឯណានីមួយហើយ សូមឧទ្ទិសចំណែកកុសលនោះឱ្យដល់ប្រេតខ្លះផង“។
គ–សាស្ត្រាអានិសង្សបិណ្ឌ
មានសេចក្ដីថា “ព្រះដ៏មានបុណ្យទ្រង់ត្រាស់ចំពោះអនាថបិណ្ឌិកសេដ្ឋីថា “អស់ម្ដាយឪពុក ញាតិកា វង្សា បងប្អូន កូនចៅរបស់ជនទាំងឡាយ ដែលស្លាប់ទៅអំពីពេលមុនៗនោះ ទោះទៅកើតទីកន្លែងណាៗក្ដី តែដល់រនោច ខែភទ្របទ ដែលគេរៀបកាន់បិណ្ឌ តែងតែមកជួបជុំនៅពេលនោះ។ ហេតុតែតេជះអានិសង្សនៃបុណ្យ ដែលអស់ញាតិសន្តានបានធ្វើបាយបិណ្ឌ បាយបិត្តបូរ (បិត្បូរ) នាខែភទ្របទ ហើយឧទ្ទិសផលជូនទៅនោះ ក៏បានរំដោះរួចចេញអំពីនរកប្រេត នោះហោង“។រីឯសត្វនរកប្រេតផងទាំងឡាយ ដែលមកកាន់មនុស្សលោក ក្នុងខែភទ្របទនេះ ប្រេតខ្លះមកកើតជាកណ្ដូបខ្មោចទំយំនៅដំបូលផ្ទះ ខ្លះទំយំនៅចុងកាត់ផ្ទះ ធ្នឹមផ្ទះ មាត់ទ្វារផ្ទះ ជើងជណ្ដើរផ្ទះ ដើមឈើក្បែរផ្ទះ ប្រេតខ្លះមកដល់ពាក់កណ្ដាលផ្លូវ ខ្លះមកចំអើតមើលទៅមក ខ្លះបាំងដៃមើលមកពីចម្ងាយ ហើយគិតអាណិតអនិច្ចាខ្លួនថា “ឱរូបអញអើយ ! អភ័ព្វអ្វីម្ល៉េះ មកកើតជាប្រេតនរក រងទុក្ខវេទនា ទុរាទុរន់ប្រមាណយូរឆ្នាំហើយ មានការស្រេកឃ្លានក្រៃពេក“។ សត្វនរកប្រេតទាំងនោះ កាលដល់ខែភទ្របទហើយ តែងតែបានរួចរដោះចាកទុកដោយជនជាញាតិសន្តាន បានរៀបចំរណ្ដាប់បាយបិណ្ឌ បាយបិត្តបូរ ឧទ្ទិសផលានិសង្សបញ្ជូនទៅនោះ។ ព្រះដ៏មានបុណ្យទ្រង់ត្រាស់ថា “ហៃអនាថបិណ្ឌិក, នៅថ្ងៃភ្ជុំបិណ្ឌនោះ ត្រូវចងរំយោល ចងទង់ ពិតានដាសពាសនូវរនាំង វាំងនន ជាដើម ហើយរៀបចំរណ្ដាប់គ្រឿងបណ្ណាការ គឺទៀន ធូប ផ្កាភ្ញី ស្លា ម្លូ និងគ្រឿងគន្ធពិដោរ ព្រមទាំងផ្លែឈើតូចធំ នំ ចំណី ភោជនាហារ ជនទាំងឡាយបូជាព្រះសង្ឃ, ផលានិសង្សនៃបុណ្យនោះ ក៏ជូនទៅដល់ជីដូនជីតា ម្ដាយឪពុក បងប្អូន កូនចៅ ញាតិផៅទាំង៧សន្តានដែលស្លាប់ទៅកើតជាប្រេតនរក រងទុក្ខវេទនានោះ ឲ្យបានសម្បត្តិសួគ៌ សម្បត្តិនិព្វាន ជាស្ថានបរមសុខប្រសើរហោង“។ហៃអនាថបិណ្ឌិក, បុរស បុគ្គលប្រុសស្រីឯណានីមួយៗ បើនឹងរៀបកាន់បិណ្ឌនោះ ត្រូវអញ្ជើញអស់មេបា ចាស់ទុំផងទាំងឡាយមកអង្គុយវិញ ហើយទុកលង្វែកចន្លោះកណ្ដាលប្រមាណមួយហត្ថ យកត្រី សាច់ និងផ្លែឈើតូចធំ អន្សម នំគម ចេក អំពៅ ត្រាវ ដំឡូង ដូង ត្នោត ព្រមទាំងគ្រឿងបណ្ណាការផង គឺយកទៀន ធូប ផ្កាភ្ញី ស្លាម្លូ ប្រេង ម្សៅ មកបូជាព្រះរតនត្រ័យ ហើយសុំស្មារលាទោសអំពីមេបា ចាស់ទុំ ដ្បិតប្រេតនោះផ្ដាំមកថា ឲ្យអស់ញាតិកា មេបា ចាស់ទុំ ជីដូនជីតា ម្ដាយឪពុក បងប្អូន កូនចៅ ស្មារលាទោសឲ្យផង កុំឲ្យមានវេរាកម្មតាមទៅឡើយ។បើក្នុងខែភទ្របទនោះ មិនមានអ្នកណារៀបរណ្ដាប់បាយបិណ្ឌ បាយបិត្តបូរបូជាព្រះរតនត្រ័យ បញ្ជូនផលទៅទេ, អស់ប្រេតនរកអម្បាលនោះ ក៏អត់បាយ អត់ទឹក ស្រេកឃ្លាន រងទុក្ខវេទនាក្រៃពេក, ម៉្លោះហើយ ប្រេតទាំងនោះ ក៏ជេរប្រទេចផ្ដាសា មកញាតិកាទាំងឡាយ ឲ្យហិនហោចទ្រព្យសម្បត្តិ ព្រាត់ប្រាសឪពុក ប្ដីប្រពន្ធ កូន ចៅ ញាតិផៅទាំង៧សន្តាន ជាដើម“។
ឃ–សាស្ត្រាវិជ្ជាធរ
មានសេចក្ដីថា៖មានព្រះមហាថេរមួយអង្គ ឈ្មោះព្រះឧបគុត្តត្ថេរ បានហោះជ្រែកក្រឡាប្រឹថពីទៅកាន់ស្ថាននរក។ ដោយអំណាចឫទ្ធិរបស់លោក មានផ្កាឈូកមាសប៉ុនកង់រាជរថផុសឡើងទទួលព្រះបាទលោក។ លោកក៏គង់ពែនលើផ្កាឈូកនោះអណ្ដែតលើពពួកនរក។ ហេតុតែអានុភាពព្រះថេរៈ ពួកសត្វនរកបានដកដង្ហើមចេញចូលស្រួលពេកនោះ ទើបនាំគ្នាសំពះព្រះថេរៈ។ ព្រះថេរៈមានព្រះទ័យករុណា ក៏សម្ដែងធម៌ឲ្យពួកនរកនោះស្ដាប់។ លុះបានស្ដាប់ធម៌ហើយ ក៏បានផ្ដាំនឹងព្រះថេរៈថា “បពិត្រព្រះមហាថេរ ! បើព្រះករុណា និមន្តត្រឡប់ទៅកាន់មនុស្សលោកវិញ សូមមេត្តាប្រាប់ឪពុកម្ដាយ បងប្អូន កូនចៅ ញាតិផៅសន្តានរបស់យើងខ្ញុំ មានឈ្មោះដូច្នេះៗ នៅស្រុកឈ្មោះនេះៗ សូមឲ្យអាសូរករុណាដល់យើងខ្ញុំ ធ្វើបុណ្យ ឲ្យទាន ឧទ្ទិសផលទៅឲ្យយើងខ្ញុំផង“។
កាលព្រះឧបគុត្តត្ថេរ ទទួលបណ្ដាំពីពួកនរកហើយ ក៏ហោះមកកាន់មនុស្សលោកវិញ ហើយបាយចូលទៅថ្វាយព្រះពរព្រះមហាក្សត្រមួយអង្គ។ ព្រះមហាក្សត្រ ទ្រង់នាំនាម៉ឺនសព្វមុខមន្ត្រី សេដ្ឋី គហបតី និងអ្នកនគរជាច្រើននាក់ ចូលទៅក្រាបបង្គំទូលព្រះពុទ្ធដ៏មានបុណ្យថា “បពិត្រព្រះដ៏មានបុណ្យប្រសើរអើយ បើគ្រូបាធ្យាយ ម្ដាយឪពុក បងប្អូន កូនចៅ ញាតិមិត្ត របស់យើងខ្ញុំ អ្នកខ្លះមិនបានធ្វើបុណ្យឲ្យទាន រក្សាសីលឡើយ, ធ្វើតែអំពើបាប, លុះអស់អាយុ ទៅកើតក្នុងនរក រងទុក្ខវេទនា, អស់យើងខ្ញុំជាបងប្អូន កូនចៅ នៅឯក្រោយ តើនឹងត្រូវធ្វើអំពើបុណ្យដូចម្ដេច ទើបឧទ្ទិសផលជូនទៅសត្វនរកទាំងនោះ ឲ្យរំដោះចាកទុក្ខបាន“។
ព្រះដ៏មានបុណ្យទ្រង់ត្រាស់តបថា បើមហារាជចង់ធ្វើអំពើបុណ្យ កុសលឧទ្ទិសផលជូនទៅសត្វនរកទាំងនោះឲ្យរំដោះរួចមក ត្រូវធ្វើដូច្នេះ គឺចាប់ផ្ដើមពីថ្ងៃ១រោច ខែភទ្របទទៅ ត្រូវធ្វើបាយបិណ្ឌ បាយបិត្តបូររាល់ថ្ងៃ ហើយត្រូវធ្វើអង្គព្រះពុទ្ធរូប១អង្គ ១ថ្ងៃ ដរាបដល់ថ្ងៃ១៥រោច ខែភទ្របទនោះឯង ត្រូវចងពិតាន ពាសរនាំង វាំងនន ក្រាលកម្រាល ត្រូវសមាទានសីល ឲ្យបរិសុទ្ធប្រាកដ ត្រូវបោសសំអាតវត្តអារាម ព្រះវិហារ ត្រូវរៀបរណ្ដាប់គ្រឿងបណ្ណាការ មានផ្កា ភ្ញី គន្ធពិដោរ ជាដើម ហើយនិមន្តព្រះគម្ដែងសង្ឃដ៏ទ្រង់សីលបរិសុទ្ធ សូត្រធម៌មហាសម័យ ត្រូវប្រកាសបួងសួងអញ្ជើញគ្រូបាធ្យាយ ម្ដាយឪពុក បងប្អូន ញាតិកា ដែលចែកស្ថានទៅហើយទាំងប៉ុន្មាន មួយអន្លើដោយទេវតា ហើយត្រូវនិមន្តលោកទេសនាសាស្ត្រាវិជ្ជាធរជាតក ក្នុងយប់នោះ។
លុះព្រឹកឡើង ត្រូវធ្វើបាយបិណ្ឌ បាយបិត្តបូរ មានទាំងចង្ហាន់ ផ្លែឈើ និងសរពើភោជនាហារផង ផ្គូផ្គងរណ្ដាប់ អង្គាសដាក់បាត្រព្រះ ឧទ្ទិសផលជូនទៅដល់ពួកអស់សព្វសត្វប្រេតនរកទាំងនោះ“។
ដោយអានុភាពនៃអំពើកុសលផលបុណ្យនោះ សត្វនរកផងទាំងឡាយ នឹងបានរដោះចេញពីទុក្ខភ័យ ឰដ៏កាលនោះ បានទៅកើតឰដ៏ស្ថានសួគ៌ទេវលោកនាយ ហើយសឹងឲ្យពរសព្ទសាធុការមកញាតិសន្តាន ដែលបានធ្វើបុណ្យឲ្យទាន ឧទ្ទិសស្មោះចំពោះជូនទៅនោះ អើយកើតសុខសួស្ដី ទីឃាយុយឺនយូរ ទីទៃៗ ឰដ៏កាលនោះហោង“។
សេចក្ដីសង្កេត
គម្ពីរធម្មបទ និងគម្ពីរបេតវត្ថុ ពុំបានបញ្ជាក់កាលបរិច្ឆេទនៃបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខ្មែរទេ។ រីឯសាស្ត្រាអានិសង្សបិណ្ឌ និងសាស្ត្រាវិជ្ជាធរ បានកំណត់កាលបរិច្ឆេទច្បាស់លាស់ គឺពីថ្ងៃ១រោច ខែភទ្របទ ដល់ថ្ងៃ១៥រោចខែភទ្របទ។
គម្ពីរមិលិន្ទប្បញ្ហា បញ្ជាក់ថា៖ប្រេតមាន ៤ពួកគឺ ៖
១–ឧតូបជីវី ពួកប្រេតដែលចិញ្ចឹមជីវិតដោយខ្ទុះឈាម
២–ខុប្បបាសិក ពួកប្រេតដែលស្គាល់តែទុក្ខវេទនាដោយការស្រេកឃ្លានជានិច្ច
៣–និជ្ឈាមតណ្ហិក ពួកប្រេតដែលភ្លើងឆេះជានិច្ច
៤–បរទត្តូបជីវី ពួកប្រេតដែលចិញ្ចឹមជីវិតដោយផលទាន ដែលគេឧទ្ទិសឲ្យ។
បណ្ដាពួកប្រេតទាំង៤ពួកនេះ មានតែពួកប្រេតទី៤ទេ ដែលគេឧទ្ទិសជូនទៅហើយទទួលយកបាន ដូចជាពួកប្រេតជាញាតិ របស់ព្រះបាទពិម្ពិសារនោះជាដើម។ គម្ពីរធម្មបទ ជាអដ្ឋកថា ភាសាបាលី សរសេរឡើងដោយព្រះធម្មបាល។ សាស្ត្រាវិជ្ជាធរ និងសាស្ត្រាអានិសង្សបិណ្ឌ គ្មានឈ្មោះអ្នកនិពន្ធ ហើយមិនដឹងជាសរសេរក្នុងពុទ្ធសតវត្សទីប៉ុន្មានឡើយ។ការកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ក៏ពុំដឹងជាគេផ្ដើមឡើងក្នុងរជ្ជកាលស្ដេចអង្គណា? ក្នុងពុទ្ធសករាជ ឬគ្រិស្តសករាជប៉ុន្មានដែរ ប៉ុន្តែក្នុងព្រះរាជពង្សាវតារក្រុងកម្ពុជា រជ្ជកាលព្រះបាទអង្គឌួង គ.ស ១៨៤៨–១៨៥៩ មានបញ្ជាក់សេចក្ដីបន្តិចថា “ថ្ងៃ១រោច ខែភទ្របទ កាន់បិណ្ឌក្នុងព្រះបរមរាជវាំង ថ្ងៃ១៤រោច ខែភទ្របទ ព្រះរាជាចេញថ្វាយព្រះបិតរ, ថ្ងៃ១៥រោច ខែភទ្របទ ទេសនាគាថាពាន់ប៉ុណ្ណោះ។
អ្នកប្រាជ្ញពុទ្ធសាសនាខ្លះ យល់ថាបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ របស់ខ្មែរនេះ មានប្រភពចេញពីគម្ពីរព្រះពុទ្ធសាសនា មានគម្ពីរធម្មបទដ្ឋកថា និងគម្ពីរបេតវត្ថុនេះជាដើម។ រីសាស្ត្រាវិជ្ជាធរក្ដី សាស្ត្រាអានិសង្សបិណ្ឌក្ដី ក៏មានប្រភពចេញពីគម្ពីរពុទ្ធសាសនាដែរ គ្រាន់តែអ្នកប្រាជ្ញខ្មែរយើងយកមកច្នៃប្រឌិត សម្របសម្រួលទៅតាមលក្ខណៈពិសេសរបស់ទឹកដី និងប្រជាជនខ្មែរប៉ុណ្ណោះ។ ទោះបីយ៉ាងណាក៏ដោយ ក៏គម្ពីរ សាស្ត្រា ដែលលើកយកមកបង្ហាញខាងលើនេះ មានគោលបំណងដូចគ្នា ៖
–បង្ហាញពីទស្សនៈពុទ្ធសាសនា ស្ដីពីទក្ខិណានុប្បទានដែលធ្វើឡើង សម្រាប់អ្នកស្លាប់ទៅហើយ។
–ដើម្បីបង្កលក្ខណៈងាយស្រួលដល់ព្រះសង្ឃ ក្នុងការស្វែងរកបិណ្ឌបាត ព្រោះរយៈពេលនេះ អាកាសធាតុអាប់អួ ផ្ទៃមេឃក្រាស់ដោយពពក ភ្លៀងធ្លាក់រលឹមជាប់។
–បង្ហាញពីមនោសញ្ចេតនារបស់គ្រួសារខ្មែរ ដែលតែងតែមានផ្នត់សម្ពន្ធភាពយ៉ាងស្អិតល្មួតរវាងគ្នានិងគ្នា ទោះបីជាអ្នកមួយក្នុងគ្រួសារ ត្រូវបាត់បង់ជីវិតទៅហើយក៏ដោយ ក៏ពុំអាចរលុប ភ្លេចបានដែរ។
រៀបចំដោយវិទ្យាស្ថានពុទសាសនបណ្ឌិត្យ
–ម៉ែន ប្រាង
–អាំ ឆន