ស្វែងយល់ពីពាក្យខ្មែរ ៖ «ខ្មែរនីយកម្ម ​​​» «ខេមរនីយកម្ម ​​​» និង «ខេមរយានកម្ម​​​»

ស្វែងយល់ពីពាក្យខ្មែរ ៖ «ខ្មែរនីយកម្ម ​​​» «ខេមរនីយកម្ម ​​​» និង «ខេមរយានកម្ម​​​»

ថ្ងៃនេះខ្ញុំលើកយកពាក្យចំនួន៣⁣ មកបង្ហាញអ្នកទាំងអស់គ្នាដែលក្នុងនេះរួមមានពាក្យដូចជា ៖ ខ្មែរនីយកម្ម  ខេមរនីយកម្ម⁣ និងខេមរយានកម្ម ពាក្យថា​«នីយកម្ម»​ គឺជាពាក្យបាលីដែលមានន័យថាធ្វើឲ្យទៅជាតាមរយៈនេះយើងអាចផ្សំពាក្យខ្មែរបាលីមួយចំនួនជាមួយនឹងពាក្យផ្សេងទៀតដើម្បី​បង្កើតបាន​ ជាពាក្យថ្មីមួយមានអត្ថន័យ​គ្រប់គ្រាន់​សមស្របអាចទទួលយកបានក្នុងភាសាជាតិរបស់យើង។​ ខាងក្រោមនេះគឺជាសេចក្ដីពន្យល់អំពីន័យនៃពាក្យទាំង ៣ ៖

ខ្មែរនីយកម្ម មាន​ន័យ​ថា​ធ្វើ​ឲ្យ​ទៅ​ជា​ខ្មែរ​។​ ពាក្យ​នេះ​កើត​ចេញ​ពី​ការ​ផ្សំ​រវាង​ ​ពាក្យ​ជា​ភាសា​ខ្មែរ ​«ខ្មែរ» បូក​នឹង​ពាក្យ​ជា​ភាសា​បាលី​ «នីយកម្ម»។​ ពាក្យ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​បណ្ឌិត​អក្សរសាស្ដ្រ​ខ្មែរ​ ជំនាន់ថ្មី​។​

ខេមរនីយកម្ម ក៏មានន័យថាធ្វើឲ្យទៅជាខ្មែរដែរពាក្យនេះកើតចេញពីការផ្សំរវាងពាក្យជាភាសាបាលី«ខេមរៈ» បូកនឹងពាក្យជាភាសាបាលី«នីយកម្ម» ពាក្យនេះត្រូវបានបង្កើតឡើងដោយលោកសាស្ដ្រចារ្យបណ្ឌិតកេង វ៉ាន់សាក់ នាសម័យមុន

ខេមរយានកម្ម មានន័យថាការប្រើប្រាស់ភាសាខ្មែរជាយាននាសម័យដើមអត្ថបទផ្សេងៗក្នុងវិស័យអប់រំភាគច្រើនសុទ្ធតែជាភាសាបរទេសពិសេសភាសាបារាំងភាគច្រើនអាស្រ័យហេតុនេះការធ្វើខេមរយានកម្មគឺមានន័យ​ថាយើងបកប្រែពាក្យពីភាសាបរទេសមានបារាំងជាដើមមកជាភាសាខ្មែរហើយទុកជាយានសម្រាប់អ្នកសិក្សាស្រាវជ្រាវជំនាន់ក្រោយដើម្បីរៀនសូត្រទៅមុខទៀតពាក្យនេះត្រូវបានបង្កើតឡើងដោយលោកសាស្ដ្រចារ្យបណ្ឌិតកេង វ៉ាន់សាក់នាសម័យមុន

សរុបសេចក្ដីមក ពាក្យថា «ខ្មែរនីយកម្ម»និង «ខេមរនីយកម្ម» មានអត្ថន័យដូចគ្នា ប៉ុន្ដែយើងអាចប្រើប្រាស់បាន នៅក្នុងបរិបទខុសគ្នាពាក្យទាំងពីរខាងលើ ខ្ញុំយល់ឃើញថាមានភាពត្រឹមត្រូវដូចគ្នាអាចទទួលយកបានទាំងពីរ​ពាក្យក្នុងការប្រើប្រាស់ក្នុងភាសាជាតិយើង។ បណ្ឌិតសម័យដើមលោកផ្ដោត​លើ​ការបូកភាសាបាលីនិងបាលីដោយមិន​ចង់​ប្រើភាសាខ្មែរទៅបូកជាមួយបាលីដែលមិនត្រូវក្បួនប៉ុន្ដែបណ្ឌិតសម័យថ្មីលោកគិតទៅលើបរិបទនៃការប្រើប្រាស់ពាក្យដូច្នេះត្រូវម្យ៉ាងដែរទាំងពីរពាក្យនេះ​សុទ្ធ​តែ​មាន​ន័យ​គ្រប់គ្រាន់អាចទទួលយកបានហើយសមស្របនឹងភាសាជាតិយើង រីឯពាក្យ «ខេមរយានកម្ម» មានន័យជាការប្រើប្រាស់ភាសាខ្មែរជាយានក្នុងការសិក្សាព្រោះពីមុនអត្ថបទភាគច្រើនជា​ភាសា​បារាំង ដូចជាគណិតវិទ្យា រូបវិទ្យា ជាដើមដែលទាមទារ ឲ្យយើងប្រែសម្រួលមកជាភាសាខ្មែរដើម្បីងាយស្រួលដល់អ្នកសិក្សាទូទៅ

ដោយ៖ បូណា



Important Notice: Help Stop the Spread and Stay Healthy. (Read now)