ស្វែងយល់ពីពាក្យខ្មែរ ៖ «កាឡា ​​​» និង «ក្រឡា»

ស្វែងយល់ពីពាក្យខ្មែរ ៖ «កាឡា ​​​» និង «ក្រឡា»

សប្ដាហ៍​នេះ​ ខ្ញុំលើក​យកពាក្យ​ចំនួនពីរ​ទៀត​ដែល​ខ្មែរ​តែងតែ​ប្រើប្រាស់​ច្រឡំ​មក​បង្ហាញ​​ ដើម្បី​ជា​ចំណេះ​ដឹង​ និង​ ជា​ការ​ពិភាក្សា​គ្នា​សម្រាប់​ភាសា​ជាតិ​របស់​យើង​គ្រប់​គ្នា​។​ ពាក្យ​ទាំង​ពីរដែល​នឹង​ត្រូវបង្ហាញ​នៅ​ ពេល​នេះ​ គឺ​ ពាក្យ​ “កាឡា” និង “ក្រឡា” ​។​

ខាង​ក្រោម​នេះ​គឺ​ជា​សេចក្ដី​ពន្យល់​នៃ​ពាក្យ​ទាំងពីរ​ តាម​រយៈ​វចនានុក្រម​សម្ដេច​ព្រះសង្ឃរាជ​ ជួន​ ណាត​ ដែល​មាន​អត្ថន័យ​ដូច​តទៅ៖​

កាឡា(កិប្លែង​ខ្លួន, និម្មិត​ខ្លួន​ឲ្យ​ប្លែក​ពី​ប្រក្រតី ។ឧទាហរណ៍៖ យក្ស​កាឡា​ខ្លួន​ជា​ប្រើស​មាស ។

គួរកត់សម្គាល់៖ខ្មែរយើងតែងតែប្រើប្រាស់ច្រឡំនូវពាក្យនេះទាំងការនិយាយនិងការសរសេរដោយប្រើពាក្យក្រឡា ទៅវិញ។ ឧទាហរណ៍៖យក្ស​ក្រឡាខ្លួន​ជា​ប្រើស​មាស ។

ក្រឡា (លាន; ឋាន​រាប​មាន​ជា​ខណ្ឌ​ៗ ៖ ក្រឡា​ចត្រង្គ, ក្រឡា​កន្ទេល, ក្រឡា​មង ។ ទី​ដែល​ស្ដេច​ផ្ទំ​ហៅ ក្រឡា​បន្ទំ ឬ ក្រឡា​ព្រះ​បន្ទំ; ទី​ដែល​សម្រាប់​គាល់​ស្ដេច​ហៅ ក្រឡា​គំនាល់ ឬ ក្រឡា​ព្រះ​គំនាល់; ទី​ដែល​ចៅក្រម​ពិភាក្សា​ក្ដី​ហៅ  ក្រឡា​ក្រម ។

តាម​រយៈ​នៃ​អត្ថន័យ​របស់​ពាក្យ​នីមួយៗ​ ខាង​លើ​គប្បី​យើង​គ្រប់គ្នា​ប្រើប្រាស់​ឲ្យបាន​ត្រឹមត្រូវក្នុង​ការ​សរសេរ​ និង​ និយាយ​ ពោល​គឺ​ប្រើប្រាស់​ពាក្យ​ឲ្យត្រូវ​នឹង​ន័យរបស់​ពាក្យ​ផ្ទាល់​ កុំចេះ​តែនឹក​ឃើញ​ប្រើតាមចិត្ត​ព្រោះវា​គ្មាន​ន័យត្រឹមត្រូវ។​

ដោយ៖ បូណា



Important Notice: Help Stop the Spread and Stay Healthy. (Read now)