ក្នុងឱកាសនេះ នឹងពណ៌នាអំពីប្រវត្តិនៃទស្សនាវដ្ដី កម្ពុជសុរិយា នៃពុទ្ធសាសនបណ្ឌិត្យ ដោយសេចក្ដីសង្ខេប តែមុនបង្អស់ សូមពណ៌នាអំពីពាក្យថា ទស្សនាវដ្ដី នឹងពាក្យថា កម្ពុជសុរិយា ។
អ្វីហៅថា ទស្សនាវដ្ដី កម្ពុជសុរិយា ?
ទស្សនាវដ្ដី ជាពាក្យបាលី ប្រែថា “ដំណើរវិលនៃការមើល” គឺការមើលឬអានវិលទៅតាមពេលកំណត់ ដែលនឹងចេញឲ្យមើលឲ្យអានដូចកំណត់វេលាកន្លះខែ ឬ មួយខែនឹងចេញ ១ លេខឲ្យមើល យ៉ាងនេះហៅថា ទស្សនាវដ្ដី បានដល់សៀវភៅដែលគេបោះពុម្ពចម្រុះអត្ថបទចេញផ្សាយឲ្យមើលត ៗ គ្នា ពីលេខ ១ ទៅលេខ ២ ទៅលេខ ៣ ជាដើម បើអត្ថបទណាវែង គេរំលែកចុះក្នុងសៀវភៅលេខ ១ ខ្លះ លេខ ២ ខ្លះ លេខ ៣ ខ្លះ ឲ្យទាល់តែចប់អត្ថបទនោះ ។ ទស្សនាវដ្ដីនេះ មានអាការចេញផ្សាយ ប្រហែលគ្នានឹងសារពត៌មាន ប្លែកគ្នាតែត្រង់ទស្សនាវដ្ដី គេចងជាសៀវភៅ ឯសារពត៌មានគេមិនចងប៉ុណ្ណោះ ។
កម្ពុជសុរិយា ជាពាក្យបាលីប្រែថា ព្រះអាទិត្យកម្ពុជា ។ ពាក្យនេះជាឈ្មោះនៃទស្សនាវដ្ដី របស់មន្ទីរព្រះរាជបណ្ណាល័យកម្ពុជា ដែលឥឡូវនេះ ប្រែឈ្មោះមកជា មន្ទីរពុទ្ធសាសនបណ្ឌិត្យ ជាវិជ្ជាស្ថានសម្រាប់ពង្រីកខាងសាសនានិងអក្សរសាស្ត្រ ។
ការសន្មតឈ្មោះទស្សនាវដ្ដីថា កម្ពុជាសុរិយានោះ ដោយលោកអ្នកបង្កើត មានសេចក្ដីយល់ឃើញថា ប្រទេសកម្ពុជា ចាប់ពីពេលដែលមានទស្សនាវដ្ដីនេះចេញផ្សាយ តាមមុខការខាងជួយបំភ្លឺពន្យល់គតិលោកគតិធម៌ ទុកដូចជាមានព្រះអាទិត្យមួយរះបញ្ចាំងរស្មីភ្លឺត្រចះ ហើយបណ្ដាជនជាតិខ្មែរ ក៏នឹងកើតមានប្រាជ្ញាភ្លឺស្វាងក្នុងផ្លូវលោក ផ្លូវធម៌ ដោយសារបានអានទស្សនាវដ្ដីនេះ ។
ទស្សនាវដ្ដីនេះមានប្រវត្តិយ៉ាងណា មានគោលបំណងដូចម្ដេច ?
ក្នុងប្រទេសកម្ពុជា កាលពីមុន គ. ស. ១៩២៥ នៅឡើយ មិនទាន់មានការបោះពុម្ពសៀវភៅ ជាផ្លូវលោកផ្លូវធម៌ ផ្សាយបំភ្លឺដល់បណ្ដាជនទេ ។ នៅសម័យនោះ ប្រទេសកម្ពុជាទុកដូចជានៅក្នុងទីងងិត គ្មានពន្លឺព្រះអាទិត្យ ចែងចាំងចូលដល់សោះ ។ លុះមកដល់ គ. ស. ១៩២៥ រាជរដ្ឋាភិបាលបានបង្កើតឲ្យមានមន្ទីរព្រះរាជបណ្ណាល័យកម្ពុជា គឺមន្ទីរពុទ្ធសាសនបណ្ឌិត្យ សព្វថ្ងៃនេះ ដើម្បីតម្កល់ក្បួន តម្រា គម្ពីរ សាស្ត្រានឹងសៀវភៅផ្សេង ៗ ទុកសម្រាប់សាធារណជន ចូលទៅរៀន ទៅអាន ឬខ្ចីយកទៅសិក្សាឯលំនៅរបស់ខ្លួនបានតាមចិត្ត ។ កាលកើតមានមន្ទីរនេះហើយ ទើបមន្ទីរនេះចាត់ការបង្កើតនូវទស្សនាវដ្ដី កម្ពុជសុរិយា បោះពុម្ពផ្សាយចេញរាល់ខែ ព្រមទាំងបានបោះពុម្ពសៀវភៅ ជាគតិធម៌ថែមទៀត ចំពើតែសៀវភៅណា ដែលពុទ្ធបរិស័ទត្រូវការណាស់ ដូចសៀវភៅ បាតិមោក្ខសង្ខេប សាមណេរវិន័យ គិហិងដិបត្តិជាដើម ។
ទស្សនាវដ្ដី កម្ពុជសុរិយា ដែលបានបង្កើតឲ្យមានឡើងនេះ ដោយមានគោលបំណងនឹងជួយទ្រោលបំភ្លឺប្រជាជាតិខ្មែរ ឲ្យមានប្រាជ្ញាឈ្វេងយល់ភ្លឺស្វាង ក្នុងគតិលោកគតិធម៌ តាមគ្រោងការណ៍ដូចតទៅនេះ៖
១– ចុះផ្សាយប្រចាំខែ នូវអត្ថបទខាងពុទ្ធសាសនា ដែលមានក្នុងគម្ពីរស្លឹករឹតស្រាប់ ព្រមទាំងដំណឹងជាគតិលោកគតិធម៌ ដែលមានសារៈប្រយោជន៍ដល់សាធារណជន ។
២– ចុះផ្សាយប្រចាំខែ នូវអត្ថបទផ្នែកអក្សរសាស្ត្រ ដែលបាននិពន្ធឡើងដោយស្នាដៃដ៏ជំនាញ នៃបុគ្គលិកក្រុមនេះ ឬ ក៏ពួកកវីពីគ្រប់ទិសបាននិពន្ធ ហើយផ្ញើមកឲ្យព្រះរាជបណ្ណាល័យចុះផ្សាយ។
៣– ចុះផ្សាយនូវប្រវត្តិការណ៍ នឹងដំណឹងផ្សេង ៗ ជាពិសេស ឬ ជាផ្លូវការដែលទាក់ទងនឹងសាសនា ឬក៏ចុះផ្សាយនូវសកម្មភាពខ្លះ ៗ របស់ក្រុមនេះដែលបានធ្វើ ។
ព្រោះហេតុមានគោលបំណងយ៉ាងនេះហើយ ទើបទស្សនាវដ្ដី កម្ពុជសុរិយា កាលសម័យដំបូងនោះ បញ្ចេញពន្លឺខាងគតិធម៌ច្រើនជាងគតិលោក ។ ទោះបីដូច្នោះ ក៏ជិវភាពនឹងកាតប្រព្រឹត្តទៅនៃកម្ពុជសុរិយា ចេះតែចំរើនឡើងជាលំដាប់ មិនដែលរលត់រលាយទៅ ។
ចាប់តាំងពី គ. ស. ១៩២៨ មក ព្រះរាជបណ្ណាល័យកម្ពុជា បានកែប្រែត្រឡប់ជាចុះផ្សាយអត្ថបទ ខាងគតិលោកច្រើនជាងគតិធម៌វិញ ដោយអាងថា សៀវភៅគតិធម៌មានបោះពុម្ពផ្សាយច្រើនហើយ ចំណែកសៀវភៅ ខាងគតិលោកបានបោះពុម្ពផ្សាយតិចតួចស្ដួចស្ដើងណាស់ មួយទៀត ដោយអនុលោមតាមមតិនៃអ្នកអានភាគច្រើន ដែលចូលចិត្តខាងគតិលោក ។
ប្រវត្តិទស្សនាវដ្ដីកម្ពុជសុរិយា តាមដែលបានរៀបរាប់ដោយសង្ខេបមកនេះ ល្មមជ្រាបបានថា តាំងពីទស្សនាវដ្ដីនេះចាប់កំណើតរហូតមកដល់ឆ្នាំ ១៩៥៨ នេះ ត្រូវជា ៣០ ឆ្នាំហើយ ។ ក្នុងរយៈវេលា ៣០ ឆ្នាំ ដែលកន្លងទៅហើយនោះ កម្ពុជសុរិយាពុំដែលមានការអាក់ខាន ឬបាត់ឈ្មោះទេ នៅតែមានពលានុភាពរឹងប៉ឹងជាដរាបរៀងមក អាចបំពេញពន្លឺ ជួយបំភ្លឺ ជួយពន្យល់ពុទ្ធសាសនិកជនជាតិខ្មែរ ឲ្យយល់ព្រឹត្តិការណ៍សាសនា ឲ្យលះអាក្រក់ កាន់ល្អតាមគន្លងធម៌ បានច្រើនជាអនេក ហេតុនោះហើយបានជា កម្ពុជសុរិយា តែងទទួលផទ្ធផលល្អ គឺសេចក្ដីសរសើរអំពីសំណាក់នៃលោកអ្នកអានទាំងឡាយ ជារឿយ ៗ ។
ឯកសារ៖ លោក យូរ – អ៊ុន រៀបរៀង (ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ ១៩៥៨ ទំព័រ ៩៣៣)