លោកសង្ឃខ្មែរ

លោកសង្ឃខ្មែរ

លោកសង្ឃខ្មែរ

កំណត់របស់អ្នកបកប្រែ៖ ខ្ញុំបានបកប្រែអត្ថបទនេះឡើង ដើម្បីបង្ហាញដល់អ្នកអានជាតិយើងថា តើលោកហ្វ្រង់ស្វា ម៉ារទីនី, អ្នកប្រាជ្ញបារាំងម្នាក់ បានមើលឃើញលោកសង្ឃ និងសង្គមខ្មែរ ដោយទស្សនៈបែបណា ។ ខ្ញុំចង់លើកយកទស្សនៈនោះមក ដើម្បីលាតត្រដាងអោយអ្នកអានខ្មែរយើង បានយល់ដឹងពីតម្លៃវប្បធម៌របស់សង្គមផងខ្លួន ។

ជាការពិត មានសេចក្ដីរៀបរាប់ខ្លះនៅក្នុងអត្ថបទបកប្រែនេះ ពុំបានសមស្របទៅនឹងការយល់ដឹងជាក់ស្ដែងរបស់សង្គមយើង ឬក៏ពុំក្បោះក្បាយ អស់សេចក្ដីទេ ឧទាហរណ៍ដូចជាក្នុងចំណុចរៀបរាប់អំពីការបួស ជាដើម ។ ប៉ុន្តែ ខ្ញុំ (អ្នកបកប្រែ) មិនបន្ថែម ឬបន្ថយខ្លឹមសារនោះទេ គឺទុកឱកាសជូនអ្នកអានយើង ពិចារណាលើការយល់ដឹងរបស់លោកហ្វ្រង់ស្វាម៉ារទីនី ដែលលោកបានសរសេរអត្ថបទនេះ ក្នុងរង្វង់ឆ្នាំ ១៩៤៩ ដោយខ្លួនឯងចុះ ដើម្បីលោកអ្នកអានយើងធ្វើការប្រៀបផ្ទឹមការយល់ដឹងនោះ ទៅនឹងការយល់ដឹងអំពីលោកសង្ឃ ឬអ្វី ៗ ដែលយើងមានក្នុងពេលបច្ចុប្បន្ន ។ ម្យ៉ាងទៀត ខ្ញុំសូមឧទ្ទិសអត្ថបទនេះ ទុកជាឯកសារសិក្សាស្រាវជ្រាវ ផងដែរ ។

* * *

លក្ខណៈមួយ ក្នុងបណ្ដាលក្ខណៈទាំងឡាយដែលផ្គុំផ្សំធ្វើអោយប្រទេសខ្មែរត្រូវគេចងចាំ ជាមួយនឹងចរិយាសីលធម៌ខ្ពស់របស់ប្រទេសខ្មែរនោះ គឺមនុស្សទាំងនោះ ដែលគេឃើញត្រាច់ចរទៅមក ស្លៀកដណ្ដប់សំពត់ពណ៌លឿងប្រកបដោយដំណើររម្យទម ហើយថ្លៃថ្នូរណាស់ ។ មនុស្សទាំងនោះគឺ បព្វជិតពុទ្ធសាសនិក ឬលោកសង្ឃ ។

លោកសង្ឃ មានច្រើនណាស់នៅប្រទេសខ្មែរ ។ នៅពេលមកដល់, អ្នកដំណើរបរទេស តែងជួបប្រទះលោកសង្ឃ ទាំងនៅទីក្រុង ទាំងនៅស្រុកស្រែ ។ តួលេខជាផ្លូវការផ្ដល់អោយដោយក្រសួងធម្មការ ចង្អុលប្រាប់ថា បច្ចុប្បន្ននេះ ក្នុងព្រះរាជាណាចក្រទាំងមូល មានលោកសង្ឃ ៣៧.៥៣៣ អង្គ គង់នៅក្នុងបណ្ដាវត្ត ២.៦៥៣ 1

ជនជាតិខ្មែរដែលចូលសាងផ្នួស មិនប្រកាសថាបួសអស់មួយជីវិតនោះទេ ។ គេបួស ហើយគេសឹកពីផ្នួសវិញ តាមចិត្តគេចង់ ។ ប៉ុន្តែថា, ប្រពៃណីមួយដែលប្រហែលត្រូវបានគេកាន់តាមយ៉ាងម៉ឺងម៉ាត់រហូតមកដល់បច្ចុប្បន្ន តម្រូវអោយយុវជនចូលទៅនៅវត្ត សាងផ្នួសមួយរយៈពេល ។ ក្នុងពេលថ្មី ៗ នេះ, យុវជន ត្រូវទៅនៅវត្ត តាមធម្មតាពីមួយឆ្នាំទៅបីឆ្នាំ ។ ប្រពៃណីនេះ មានគោលដៅសន្សំកុសលសម្រាប់ជាតិក្រោយ, កាលពីបុរាណកាល វាបានផ្ដល់អត្ថប្រយោជន៍ជាពិសេសអោយយុវជនបានសិក្សា និងទទួលការអប់រំបានល្អប្រសើរ ។

ចំពោះកូនប្រជាជនកាលពីជំនាន់ដើម ប្រពៃណីនៅវត្ត សាងផ្នួសនេះ គឺជាមធ្យោបាយតែមួយគត់ សម្រាប់រៀនអក្សរអោយចេះអាន ចេះសរសេរ ។ ដោយសារការអនុវត្តនេះជាទូទៅ, ទើបនៅប្រទេសខ្មែរ គ្មានអនក្ខរជនភេទប្រុសឡើយ ។

ហើយដោយសារបានទទួលការអប់រំនេះនៅក្នុងវត្ត, ទើបជនជាតិខ្មែរមានចិត្តគំនិតជឿសាសនា និងមានការគោរពដ៏ចម្លែកចំពោះលោកសង្ឃ ។

គ្មានកន្លែងណាងាយស្រួល និង ឆាប់រហ័សជាងនៅប្រទេសខ្មែរឡើយ, បើគេចង់ប្រមូលប្រាក់កាសអោយបានសន្ធឹកសន្ធាប់ សំរាប់អំពើជាកុសល, សំរាប់ធ្វើទាន ប្រគេនលោកសង្ឃ, សម្រាប់កសាងវត្ត, កសាងសាលាបាលី ។

ឥទ្ធិពលលោកសង្ឃ មកលើប្រជារាស្ត្រខ្មែរ មានកំឡាំងធំធេងណាស់ ។ រូបកាយលោកសង្ឃ ត្រូវបានគេចាត់ទុកថាជាវត្ថុពិសិដ្ឋ និង ពុំអាចបំពារបំពានបានឡើយ ដរាបណាលោកសង្ឃនោះនៅតែទ្រទ្រង់ស្បង់ចីពរ ។ សូម្បីតែលោកសង្ឃមួយរូប បានប្រព្រឹត្តឧក្រិដ្ឋកម្ម, ក៏គេត្រូវតែសុំអោយផ្សឹកឧក្រិដ្ឋជននោះ ជាមុនសិន ទើបអាចប្ដឹងចោទប្រកាន់ទៅតុលាការបាន ។

គេមិនអាចនិយាយទៅកាន់លោកសង្ឃ ដូចជានិយាយទៅកាន់មនុស្សធម្មតានោះទេ ។ ដូចគ្នានេះដែរ, ដើម្បីនិយាយទៅកាន់ព្រះរាជា និងទៅកាន់ក្សត្រាក្សត្រី, ជនជាតិខ្មែរត្រូវប្រើភាសាមួយដោយឡែកជាដាច់ខាត, ក៏ដូចគ្នានេះដែរ ដើម្បីនិយាយទៅកាន់លោកសង្ឃ ជនជាតិខ្មែរត្រូវប្រើវាក្យសព្ទដោយឡែក ដែលពុំមែនជាវាក្យសព្ទប្រើសម្រាប់មនុស្សទូទៅ ហើយដែលជាវាក្យសព្ទជិតទៅភាសាក្នុងវាំង ។

លោកសង្ឃ ត្រូវបានរួចផុតពីបន្ទុកសាធារណៈគ្រប់យ៉ាង, លោកសង្ឃមិនរួបចំណែកក្នុងកិច្ចកាគ្រប់គ្រងរដ្ឋទេ, ហើយមិនបោះឆ្នោតទេ ។ ជាគោលការណ៍, លោកសង្ឃមិនធ្វើនយោបាយទេ ។ លោកសង្ឃមិនអាចប្ដឹងគេឡើងតុលាការ ហើយក៏មិនអាចជាសាក្សីនៅសាលាជម្រះក្ដីដែរ ។

លោកសង្ឃ មិនត្រូវប្ដឹងពីគេទេ សូម្បីរួបលោកត្រូវបានគេជេរប្រមាថ, ត្រូវបានគេវាយប្រហារ ឬត្រូវបានគេលួចយកទ្រព្យសម្បត្តិ ក៏ដោយ ។

ដើម្បីបានបួសទៅជាភិក្ខុ, សាមណេរត្រូវមានព្រះជន្ម ២០ វស្សាបរិបូរ ។ បេក្ខសមណៈនោះ ត្រូវមានសេចក្ដីយល់ព្រមពីឪពុកម្ដាយ ហើយ, ប្រសិនបើមានប្រពន្ធ, ត្រូវមានសេចក្ដីអនុញ្ញាតពីប្រពន្ធរបស់ខ្លួន ។ បេក្ខសមណៈនោះ មិនត្រូវធ្លាប់បានសម្រាប់ (មនុស្ស) ឬលួច (ទ្រព្យសម្បត្តិ) ហើយត្រូវធ្វើអោយបានជាទីពេញចិត្ត នូវសំណួរទាំងឡាយ ដែលចៅអធិការវត្ត (ឧបជ្ឈាយ៍) បានចោទសួរ ដូចតទៅនេះ

អ្នកមានអាយុម្ភៃឆ្នាំ ហើយឬ ?

អ្នកមានបាត្រ សម្រប់ទៅសុំទានអាហាររបស់អ្នក ហើយឬ ?

ស្បង់ចីពរសម្រាប់ភិក្ខុភាវៈរបស់អ្នកគ្រប់គ្រាន់ ហើយឬ ?

អ្នកមានដំបៅ មានផ្នូក (abcés) នៅលើខ្លួន ឬទេ ?

អ្នកមានកើតស្រែង ឬទេ ?

អ្នកមានកើតកមរមាស់ ឬទេ ?

អ្នកមានកើតរោគឫសដូងបាត ឬទេ ?

អ្នកមានកើតជំងឺឃ្លង់ ឬទេ ?

អ្នកឯងជាខ្ញុំគេ ទេឬ ?

អ្នកជាមនុស្សប្រុស ឬ ?

អ្នកបានទទួលការយល់ព្រមពីឪពុកម្ដាយ ឬពីនាយចៅហ្វាយ ហើយឬ ?

អ្នកមានជំពាក់បំណុលគេ ឬទេ ?

អ្នកមានជាប់ព្រះរាជកំណែនដែរ ឬទេ ?

អ្នកជាមនុស្សពិតប្រាកដ, ពុំមែនជាយក្ស ឬនាគ ទេឬ ?

ការចូលក្នុងសហគមន៍សង្ឃ ត្រូវបានហាមឃាត់ ដោយពុំអាចតវ៉ាបាន ចំពោះជនណាដែលបានសម្លាប់ (មនុស្ស) ឬដោយគ្រាន់តែបានលួច (ទ្រព្យសម្បត្តិគេ)

ជនពុំមែនជាពុទ្ធសាសនិក អាចត្រូវបានអនុញ្ញាតឱ្យបួសជាបព្វជិតបាន ។ ហេតុដែលគ្រាន់តែបានអានរូបមន្តសុំចូលសហគមន៍ (សង្ឃ) មានន័យថា ជននោះបានលាអំពីសាសនាផ្ទាល់របស់ខ្លួនរួចហើយ ។

ការចូលបួសក្នុងពុទ្ធសាសនារបស់យុវជនម្នាក់ បង្កើតបានជាឆាក ដ៏គួរអោយចាប់អារម្មណ៍ចងចាំណាស់ ។ ដំបូង គ្រួសាររបស់យុវជនរៀបចំបាយទឹកជូនព្រៀងលាន ញាតិមិត្ត ។ រួចដល់ថ្ងៃគំណត់, យុវជនត្រូវបានគេដង្ហែទៅកាន់វត្ត ដោយជិះលើខ្នងសេះមួយ ដែលគេបានបំពាក់គ្រឿងលំអយ៉ាងប្រណីត ឬមិនប្រណីតទៅតាមមាន ឬ ក្រ ។

នៅលើស្មាឆ្វេងរបស់យុវជន, មានក្រមាទេសឯកពណ៌ស ពានាពាក់ឈៀង ដែលសំគាល់ថា យុវជននោះបានចាកចេញពីជីវភាពជាគ្រហស្ថហើយ ។ មនុស្សប្រុសម្នាក់ ដែលសំគាល់ថា យុវជននោះបានចាកចេញពីជីវភាពជាគ្រហស្ថហើយ ។ មនុស្សប្រុសម្នាក់ កាន់ខ្សែបង្ហៀរសេះ, មនុស្សប្រុសម្នាក់ទៀត កានក្លស់បាំងពីលើក្បាល ។ ក្រុមគ្រួសារ ញាតិមិត្ត រៀបជាក្បួនដង្ហែពីក្រោយ ដោយមានដៃកាន់ទេយ្យទានសម្រាប់វត្តផង ។ ក្រុមអ្នកភ្លេង លេងបន្ទរតាមសង្វាក់ដើរ, ចំណែកអ្នករាំពាក់មុខយក្ស ប្រដាប់ដោយដំបងនិងដាវ កំពុងរាំចាក់ក្បាច់ក្រមាច់ក្រមើម នៅពីខាងមុខក្បួន ដែលហាក់ដូចជារារាំងមិនអោយក្បួនធ្វើដំណើរទៅមុខបាន ។ ការរៀបរាប់លំអិតទាំងអស់នេះ ដូចជាការហូបចុក, សេះ អ្នកកាន់បង្ហៀរសេះ, គឺសម្រាប់តែរំលឹកឡើងវិញ នូវកាលៈទេសៈដែលព្រះពុទ្ធអង្គឯង បានចោកចោលជីវភាពគ្រហាវាស ។ ពួកអ្នករាំក្លែងខ្លួនជាបីសាច (យក្ស) បង្ហាញនូវការវាយប្រហារដែលកងទ័ពមារបានធ្វើចំពោះព្រះពុទ្ធ ។

មុនពិធីបំបួសចាប់ផ្ដើម, នវមាមកជន (នាគ) ត្រូវជ្រើសរើសឧបជ្ឈាយ៍ដោយខ្លួនឯង ។ លោកសង្ឃជាឧបជ្ឈាយ៍ គឺជាព្រះថេរៈដែលមានអាយុផ្នួសយ៉ាងតិចដប់វស្សាឡើងទៅ ។ ដល់ថ្ងៃកំណត់ ឧបជ្ឈាយ៍នឹងជួយឧបត្ថម្ភនវមាមកជន ក្នុងឋានៈជាអ្នកបំបួស ហើយនិងឋិតនៅជាមគ្គុទ្ទេសក៍ខាងស្មារតីរបស់ភិក្ខុថ្មីនោះ, ទទួលបន្ទុកជាអ្នកប្រៀនប្រដៅ អោយលុះក្នុងផ្លូវសង្គ្រោះ ។ គឺឧបជ្ឈាយ៍នេះហើយដែលអោយត្រៃសរណគមន៍ និងអោយសីល ១០ របស់ព្រះពុទ្ធដល់អ្នកបួសថ្មី ។

ដើម្បីកំណត់ឋានានុក្រម ថ្នាក់ ដែលភិក្ខុត្រូវប្រកាន់យក នៅក្នុងសហគមន៍សង្ឃ ថ្ងៃនិងម៉ោង (ខែ ឆ្នាំ) នៃការបួសរបស់នវភិក្ខុ ត្រូវបានកត់ត្រាទុកយ៉ាងម៉ត់ចត់ ។

ពិធីបំបួស ពុំមែនចេះតែធ្វើឡើងនៅរដូវណា ក៏បាននោះទេ, ប៉ុន្តែ ប្រព្រឹត្តទៅបានតែនៅក្នុងខែខ្មែរ ពិសាខ, ជេស្ឋ និងអាសាឍ ពោលគឺ សម័យកាលចាប់ផ្ដើមពីថ្ងៃទី ១៥ មេសា ដល់ថ្ងៃទី ១៥ កក្កដា ប៉ុណ្ណោះ, ហើយចំពោះឆ្នាំដែលមានដប់បីខែវិញ 2 , រហូតដល់ថ្ងៃទី ១៥ សីហា គឺមានន័យទៀតថា នៅពេលមុនរដូវវស្សា (រដូវភ្លៀង) ដែលជាសម័យកាលម្យ៉ាង តមសាច់ (សម្រាប់សាសនាកាតូលិក) មានរយៈពេលបីខែ) ហើយដែលធ្លាក់ចំរដូវភ្លៀង ។ គឺជារដូវធ្វើបុណ្យទានយ៉ាងប្រពៃ ។ នៅក្នុងសម័យកាលនោះ លោកសង្ឃ មិនអាចធ្វើដំណើរឆ្ងាយ ឬសឹកបានទេ ។

* * *

ក្នុងការទទួលសាងផ្នួស, យុវជន ត្រូវតាំងចិត្តកាន់ខ្ជាប់នូវសីល ១០ របស់ពុទ្ធសាសនា ដែលមានដូចតទៅ ៖

មិនសម្លាប់,

មិនលួច

មិនប្រព្រឹត្តមិច្ឆាចារ ផ្ទុយនឹងសីលធម៌,

មិននិយាយកុហក,

មិនផឹកទឹកស្រវឹង,

មិនបរិភោគខុសពេលអនុញ្ញាត,

មិនមើលទស្សនីយភាព ដែលធ្វើអោយវិញ្ញាណស្រើបស្រាល ដូចជា របាំ ចម្រៀង ភ្លេង,

មិនប្រើប្រាស់គ្រឿងតែងខ្លួន, ទឹកអប់, អលង្ការ ទាំងមិនលំអខ្លួនដោយផ្កា,

មិនប្រើប្រាស់អាសនៈខ្ពស់ ឬគ្រែធំ ។

១០មិនប៉ះពាល់មាស ឬប្រាក់ ។

សីលទាំងដប់នេះ គឺជាករណីកិច្ចតម្រូវដាច់ខាត សម្រាប់អ្នកបួសទាំងអស់, មានតែគ្រហស្ថទេ អាចទទួលកាន់សីលប្រាំ ខាងដើមបាន ។

គឺដោយសារតែសីលទីមួយ ដែលហាមឃាត់មិនអោយបំបាត់ជីវិតសត្វនោះហើយ ទើបលោកសង្ឃមិនអាចធ្វើការងារស្រែចំការបាន ។ ក្នុងពេលជីកកកាយដី, លោកអាចសម្លាប់ជន្លេន ឬ សត្វល្អិត ដែលរស់នៅក្នុងដី 3

ដោយសារតែការហាមឃាត់នេះ ទើបមានចំនួនឆ្កែអាវ៉ាសែ និងឆ្មា ជាច្រើន ដែលគេយកមកប្រោសចោលក្នុងរបងវត្ត ។ លោកសង្ឃប្រោសប្រណី ផងដែរ នូវសត្វចង្រៃ និង សត្វល្អិតមានពឹស, ខ្លា, ពស់, ក្អែប, ខ្ទួយ ។

សីលទីបី តម្រូវអោយលោកសង្ឃឋិតនៅក្នុងព្រហ្មចរិយភាព ជាដាច់ខាត, លោកត្រូវជៀសវាងសម្លឹងមើលស្ត្រី និងស្រីក្រមុំ, មិនត្រូវឋិតនៅក្នុងបន្ទប់ម្នាក់ឯងជាមួយស្ត្រី ហើយត្រូវជៀសពីផ្លូវស្ត្រី ប្រសិនបើផ្លូវនោះស្ងាត់ ។

គ្រហស្ថត្រូវចៀសវាងផិតក្បត់ចិត្តស្វាមី ឬភរិយា (អតិចរិយា), អបាយមុខ, កាមតណ្ហា ផ្ទុយពីធម្មជាតិ ។ ម្យ៉ាងទៀត, គេត្រូវវៀរចាកមេថុន (មេថុននវីរតិ) ក្នុងថ្ងៃសីល ។

គេមិនអនុញ្ញាតអោយអ្នកបួសភ្លក្សភេសជ្ជៈបិតមានមេ (មេរ័យ) ប៉ុន្តែគេយល់ព្រមជាទូទៅថា កាលណាស្រាប្រើជាវត្ថុផ្សំជាថ្នាំ ជាមួយនឹងសារជាតិថ្នាំមួយទៀត, លោកសង្ឃមានអាពាធអាចឆាប់បាន ។ ឧទាហរណ៍, ករណីស្រាកាំងគីណា ប្រសើសម្រាប់ព្យាបាលជំងឺគ្រុនចាញ់ ភេសជ្ជៈធម្មតារបស់លោកសង្ឃ គឺតែ ។

លោកសង្ឃ តាមធម្មតាឆាន់ចង្ហាន់ពីរដង ក្នុងពេលព្រឹក ។ បន្ទាប់មក ចាប់ពីម៉ោង ១២ ថ្ងៃត្រង់ រហូតដល់ព្រឹកស្អែក, លោកសង្ឃមិនត្រូវចង្ហាន់ឡើយ ប៉ុន្តែថា ទឹកផ្លែឈើខ្លះ ត្រូវបានគេអត់ឱន ដូចជាទឹកផ្លែក្រូចពោធិ៍សាត់ច្របាច់ ឬទឹកអំពៅ ដែលគាបហើយ ។

លោកសង្ឃមិនត្រូវមើលរបាំ មិនត្រូវស្ដាប់ចម្រៀង និងមិនត្រូវស្ដាប់ភ្លេង ។ ទោះជាមានការហាមឃាត់នេះ វត្តជាច្រើន តែងមានវង់ភ្លេងតូចមួយសម្រាប់កំដរពុទ្ធសាសនិកជន ដែលមកចូលរួមក្នុងពិធីបុណ្យសាសនា ។

ជាទូទៅ, លោកសង្ឃសឹង (ដេក) នៅលើកន្ទេលធម្មតា ក្រាលនៅលើក្ដារនៃកុដិ ។ នៅស្រុកស្រែ គេអាចមើលឃើញកុដិទាំងឡាយទទេស្អាត គ្មានទូ តុ គ្មានកៅអី គ្មានគ្រែទេ ។ នៅភ្នំពេញវិញ កុដិទាំងឡាយច្រើនតែមានគ្រឿងសង្ហារិម មានទូមួយ និងមានបណ្ណាល័យមួយ ។ ជាការណ៍ពិត, គ្រឿងសង្ហារិមទាំងនោះ គឺជាអណោយរបស់សប្បុរសជនប្រគេន ។

គេហាមមិនអោយអ្នកបួស គង់នៅលើអាសនៈខ្ពស់ ។ គង់បានតែចំពោះធម្មកថិកសំខាន់ ៗ ប៉ុណ្ណោះ ។ លោកឡើងគង់ ដោយមានជើងវាយព្នែននៅលើគ្រែទេសន៍ ដែលមានកំពស់ ៧០ សង្ទីម៉ែត្រ ។

លោក មិនត្រូវទទួលយកប្រាក់សម្រាប់ខ្លួនដោយផ្ទាល់ទេ, ប៉ុន្តែ លោកលោកអាចទទួលយកសម្រាប់វត្តបាន ។

មែនហើយ, ខ្ញុំបានជំរុញយ៉ាងទទូចអោយអ្នកចូលមកមើលវត្ត ដាក់ប្រាក់កាសបន្តិចបន្តួច មុនគេចាកចេញទៅ, ដូចដែលគេធ្លាប់បានធ្វើសម្រាប់ព្រះវិហារគ្រឹស្ត ដូច្នោះ ។ ខ្ញុំគ្រាន់តែបង្គាប់គេថា កុំអោយដាក់ប្រាក់ក្នុងដៃលោកសង្ឃ, ប៉ុន្តែ ទុកប្រាក់នោះនៅក្បែរអាសនៈព្រះ ឬ ហៅកូនក្មេងលោកមកទទួល (តែងមានកូនក្មេងជានិច្ចនៅក្នុងវត្ត ហើយប្រគល់ប្រាក់អោយទៅក្មេងទៅ)

នៅស្រុកសៀម លោកសង្ឃពុំមានការក្រែងល្អែងដើម្បីទទួលយកប្រាក់ដែលទេសចរណ៍បរទេសហុចអោយលោកនោះទេ ។

* * *

លោកសង្ឃត្រូវកោរព្រះកេស (សក់ក្បាល), ពុកចង្ការ និងរោមចិញ្ចើមទាំងអស់ចេញ ។ លោកកោរពីរដងក្នុងមួយខែ គឺនៅថ្ងៃបន្ទាប់ចុងបំផុតខាងខ្នើត នឹងថ្ងៃបន្ទាប់ចុងបំផុត ខាងរនោច ។ លោកសង្ឃនិមន្តជើងទទេ, ប៉ុន្តែអាចការពារកំដៅថ្ងៃ ដោយឆ័ត្រជាទូទៅមានពណ៌ស ឬ ពណ៌លឿង ។ មានបទបញ្ញត្តិអោយលោកសង្ឃដើរជើងទទេ, ប៉ុន្តែ ក្នុងការជាក់ស្ដែង, គេបានអត់ឱនអោយពាក់ស្បែកជើងផ្ទាត់បាន បើសិនជាស្បែកជើងនោះមានពណ៌ និងមានទ្រង់ទ្រាយបែបណាមួយ (សមស្រប)

កាលជំនាន់ដើម, ស្បង់ចីពរលោកសង្ឃ ត្រូវបានដេរធ្វើពីកំណាត់សម្លៀកបំពាក់រហែករយ៉ីរយ៉ៃរើសតាមផ្លូវ និងមានពណ៌ធូលីដី ។ ចាប់ពីនេះហើយទើបស្បងចីពរឥឡូវនេះ មានពណ៌ដី ឬ ពណ៌លឿង ។ គឺដើម្បីរំលឹកកំណាត់សំពត់រយ៉ីរយ៉ៃនេះទៀត, ទើបចីពរដែលលោកសង្ឃដណ្ដប់ មិនត្រូវបានដេរ ធ្វើឡើងភ្ជាប់គ្នាជាថ្មី ។

លោកសង្ឃ ត្រូវក្រោកពីសំណឹង ពីព្រលឹមស្រាង ៗ ។ វត្តធំមួយ នៅក្នុងសង្កាត់របស់ខ្ញុំ, នៅពេលម៉ោងប្រាំកន្លះព្រឹក, តែងបន្លឺសូររគាំងជាច្រើនអន្លូង ។ កាលបើឮសញ្ញានេះ លោកសង្ឃទាំងឡាយតើនឡើង ។ ខ្ញុំឃើញលោកសង្ឃទាំងនោះ និមន្តចេញទៅលប់លាងខ្លួន និងស្រង់ទឹកនៅម៉ាស៊ីនទឹកមួយ ដែលអាចមើលឃើញតាមចន្លោះរបងបរិវេណ ។ បន្ទាប់មក លោកសង្ឃទាំងនោះ និមន្តបាត់ទៅ ដើម្បីទៅថ្វាយបង្គំព្រះ ឬ បោសសំអាតបន្ទប់កុដិរបស់លោក ហើយដោយមានលោកនេន (សាមណេរ) ជួយផង លោកបោសសំអាតទីធ្លាវត្តទៀត ។

នៅប្រមាណម៉ោងប្រាំពីរ, លោកសង្ឃបានចេញពីវត្តជាជួរ ដើម្បីបិណ្ឌបាតចង្ហាន់ ។ លោកនិមន្តពីក្រោយគ្នាបន្តបន្ទាប់ ដោយមានទឹកព្រះភក្ត្រសមរម្យ, ភាវនាធម៌ដោយព្រះនេត្រសម្លឹងចុះ, គ្រងចីពរពណ៌លឿងយ៉ាងផ្ចិតផ្ចង់ ដែលធ្វើអោយដំណើររបស់លោកថ្លៃថ្លាពេកណាស់ ។ លោកសង្ឃទាំអនោះ កាន់នៅក្នុងដៃ ឬស្ពាយលើស្មាឆ្វេងដោយមានខ្សែ នូវបាត្រសម្រាប់អោយពុទ្ធបរិស័ទដាក់ចង្ហាន់ចូល ។

កាលណា ការបិណ្ឌបាតចប់ហើយ, លោកត្រឡប់មកវត្តវិញ ដើម្បីថ្វាយបង្គំព្រះ និងឆាន់ចង្ហាន់បន្តិចបន្តួច ។

មុនពេលឆាប់ផ្ដើមឆាន់ចង្ហាន់, លោកតែងបានចំណីអាហារបន្តិចអោយទៅសត្វដែលចោមរោមលោក ដូចឆ្កែ, ឆ្មា, ហើយក៏មិនភ្លេចអោយចំណីដល់សត្វបក្សាបក្សីដែរ ។

ក្រោយពេលចង្ហាន់ព្រឹកទីមួយនេះរួច ដែលមានរយៈពេលខ្លីណាស់ផង, លោកសង្ឃទាំងឡាយចេញទៅកាន់មុខរបររបស់លោក ។ លោកខ្លះ បង្រៀនដល់លោកនេន (សាមណេរ) អោយចេះអាន ចេះសរសេរ, ហើយបើមានសាលារៀននៅក្នុងវត្ត, លោកក៏ជួយបង្រៀនដល់កូនចៅអ្នកស្រុកផងទៀត ។ លោកខ្លះទៀតសិក្សាអត្ថបទបាលី, សូត្រធម៌ថ្វាយបង្គំព្រះ ឬក៏ស្មឹងស្មាធិ៍ (ធ្វើសមាធិ), លោកខ្លះទៀត ដោយមានលោកនេនជួយផង, បានធ្វើការជួសជុលវត្តអារាម ។

គឺនៅម៉ោងដប់មួយកន្លះ ទើបលោកសង្ឃឆាប់ចង្ហាន់លើកទីពីរ និងលើកចុងក្រោយប្រចាំថ្ងៃ។ លោកឆាន់ដោយព្រះហស្តស្ដាំ ដោយមិនកាន់ចានមករកមាត់ដូចជនជាតិចិនស៊ីបាយនឹងចង្កឹះនោះទេ ។ លោកឆាន់តែទឹកបន្តិចបន្តួច ។ ឆាន់ចង្ហាន់រួចរាល់ហើយ, លោកលាងព្រះហស្ត និងជម្រះព្រះឱស្ឋ ។ លោកត្រូវដុះលាងព្រះទន្ត (ធ្មេញ) យ៉ាងម៉ត់ចត់ ដើម្បីកុំអោយមានសំណល់អាហារជាប់ទៅនឹងព្រះទន្ត (ធ្មេញ) ហើយអោយព្រះឱស្ឋរបស់លោកបាត់ក្លិនរសជាតិនៃអ្វីដែលលោកទើបតែនឹងឆាន់រួច ។

យើងបាននិយាយរួចហើយថា លោកសង្ឃនឹងមិនឆាន់ទៀតទេ រហូតដល់ថ្ងៃស្អែក ។ សូម្បីនៅពេលចុះទៅសួរសុខទុក្ខ (ក្នុងភូមិ), លោកក៏មិនអាចទទួលឆាន់ស្ករ នៅពេលថ្ងៃរសៀលបានដែរ ។

ក្រោយពេលចង្ហាន់នេះ, លោកអាចថយទៅក្នុងបន្ទប់ ឬកុដិ ហើយសម្រាក (សឹង) រហូតដល់ម៉ោងពីរ ។ នៅពេលនោះ លោកក៏បានបន្តការងារដូចកាលនៅពេលព្រឹកដែរ ។

ដើម្បីការពារខ្លួនទល់នឹងចំណង់ទៅរកអំពើអាក្រក់, កាលណាលោកសង្ឃអង្គណាមួយ ត្រូវចេញទៅក្រៅវត្ត សូម្បីទៅសួរសុខទុក្ខញាតិញោម ក៏ដោយ, លោកអង្គនោះ ត្រូវតែមានសហភាតរៈមួយអង្គតាមទៅជាមួយ ។ លោកមិនអាចចូលទៅក្នុងផ្ទះមួយអង្គឯង ឬ និយាយទៅកាន់មនុស្សស្រីម្នាក់ឯង ឬក៏ និមន្តទៅតាមផ្លូវតែមួយ ជាមួយមនុស្សស្រី បើផ្លូវនោះស្ងាត់ ។

កាលពីដើម, គេហាមលោកសង្ឃមិនអោយចេញក្រៅវត្តទេ នៅពេលយប់, វៀរលែងតែក្នុងករណីបន្ទាន់, ដូចជាត្រូវបានគេនិមន្តអោយទៅព្យាបាលអ្នកជំងឺ ។ ប៉ុន្តែ បញ្ញត្តិនេះ ហាក់ដូចជាត្រូវបានគេបន្ធូរបន្ថយហើយ, យ៉ាងហោចណាស់ក៏នៅក្នុងទីក្រុងភ្នំពេញដែរ ។

ទោះជាដូច្នោះក៏ដោយ, ក៏អ្នកបួសជាតិខ្មែរ, បើពិនិត្យជាទូទៅ, តែងប្រកបដោយសីលធម៌ដ៏សុក្រឹតណាស់ ។ គឺនៅក្នុងស្រុកខ្មែរ លើសលប់ជាងនៅក្នុងរដ្ឋកាន់ពុទ្ធសាសនាឯទៀត, ដែលគេសង្កេតឃើញមានលោកសង្ឃ ដ៏គួរអោយជាប់អារម្មណ៍បំផុត ដោយសារលោកមានមេត្តាធម៌, មានចរិយាសុភាពរាបសារ, មានការផ្ដាច់ព្រះទ័យពីការជាប់ជំពាក់ក្នុងទ្រព្យសម្បត្តិនៃលោកនេះ ។

គេអាចមើលឃើញផងដែរ, ជាពិសេស នៅក្នុងបណ្ដាវត្តអារាមតាមខែត្រ, នូវមនុស្សប្រុសស្រី ដែលច្រើនជាចាស់ ៗ ស្លៀកពាក់ស ។ នោះគឺជាអ្នកកាន់សីល ភេទជាគ្រហស្ថ ដែលមានប្រាថ្នាកាន់សិក្ខាបទពុទ្ធសាសនា យ៉ាងតឹងរ៉ឹងដោយមិនចាំបាច់បួស ។

បច្ចុប្បន្ននេះ គ្មានអ្នកបួសភេទស្រីពិតប្រាកដនៅប្រទេសខ្មែរទេ ម្យ៉ាងទៀត អ្នកបួសភេទស្ត្រី នៅគ្រប់កាលៈទេសៈមានតិចតួចណាស់ ។ ទ្រឹស្ដីពុទ្ធសាសនា ក្នុងបណ្ដាទ្រឹស្ដីជួយសង្គ្រោះ (សត្វលោក) ទាំងអស់ គឺជាទ្រឹស្ដីមួយដែលសំដែងការស្អប់យ៉ាងខ្លាំងចំពោះស្ត្រីភេទ ។ ប្រពៃណីបានពណ៌នាថា ការអោយស្ត្រីចូលបួស ត្រូវបានអនុញ្ញាតជាមួយនឹងការទើសទាល់យ៉ាងខ្លាំងបំផុត ដោយព្រះពុទ្ធអង្គឯង ដែលនៅទីបំផុត ព្រះអង្គបានយល់ព្រមតាមពាក្យអង្វររបស់ព្រះមាតាចិញ្ចឹមរបស់ព្រះអង្គ គឺព្រះនាងមហាបជាបតី, និងតាមអន្តរាគមន៍សុំរបស់សាវ័ល ជាទីគាប់ព្រះទ័យរបស់ព្រះអង្គ គឺព្រះអានន្ទ ។

ប៉ុន្តែ គេអាចប្រដូចស្ត្រី ដែលគេហៅថាដូនជី ទៅនឹងអ្នកបួសភេទស្ត្រីបាន ។ ដូនជី គឺជាអ្នកជឿស៊ប់ក្នុងសាសនា (ធម្និដ្ឋា) ដែលស្លៀកពាក់ស កោរក្បាល ហើយដែលរស់នៅកាន់សីល និង ប្រព្រឹត្តតបកម្មតឹងរ៉ឹង ដូចជាការរស់នៅរបស់លោកសង្ឃដែរ ។ តែងតែទៅកាន់វត្តយ៉ាងជាប់លាប់, ដូចជីនបានបំពេញសេវភាពតូចតាចចំពោះព្រះសង្ឃ, ដូចជាតុបតែងអាសនៈព្រះ, ធ្វើការងារដេរប៉ះ ជាដើម ។ ប៉ុន្តែថា ដូនជីស្នាក់អាស្រ័យនៅក្រៅបរិមាណនៃវត្តទេ 4

* * *

ថ្វីបើពុទ្ធសាសនា ត្រូវបានគេចាត់ទុកថា ជាសាសនាគ្មានអាទិទេព 5 ក៏ដោយ, ក៏ប្រជាជនខ្មែរតែងអង្វរករព្រះពុទ្ធ, បន់ស្រន់ព្រះអង្គ និងថ្វាយគ្រឿងសក្ការៈចំពោះព្រះអង្គ ។ វាជាការណ៍ពិតណាស់ ចំពោះមនុស្សម្នាជាប្រជាជន, ព្រះពុទ្ធគឺជាព្រះអាទិទេព ដែលគេតែងអំពាវនាវសុំជំនួយពីព្រះអង្គ និងគ្រឿងតង្វាយ ។

ប៉ុន្តែថា ការគោរពបូជាតាមបែបពុទ្ធសាសនា បើប្រៀបធៀបទៅនឹងសាសនាដទៃទៀត គឺមានពិធី (rites) តិចតួចទេ ។ ម្យ៉ាងទៀត នៅក្នុងពិធីបុណ្យទានភាគច្រើនដែលមានចរិតសាសនា, ព្រះសង្ឃបានបានចូលធ្វើអន្តរាគមន៍តិចជាងអាចារ្យ ដែលជាអ្នកធ្វើពិធីបន់ស្រន់ក្រៅសាសនាផង និងជាម្ចាស់នៃពិធីបុណ្យផង ។

វាគ្មានអ្វីគួរអោយប្រៀបផ្ទឹមទៅនឹងបុណ្យម៉ែស (Messes) របស់យើង (គឺរបស់គ្រឹស្តបរិស័ទ) បានទេ ។ លោកសង្ឃមិនមែនជាអ្នកធ្វើពិធីដ៏សកម្មខាងអាថ៌កំបាំងពិសិដ្ឋ ឬខាងពលីការសាសនាទេ ។ តាបស ទើបជាអ្នកសកម្មក្នុងការងារនេះ, ដ៏ជាគំរូមួយនៃជីវិតអ្នកបួស ។ កាលណាលោកសង្ឃចូលរួមធ្វើអន្តរាគមន៍, គឺច្រើនតែតាមសូត្រធម៌ប៉ុណ្ណោះ ។

វាមានថ្ងៃដែលតួនាទីជាគ្រូប្រៀនប្រដៅធម៌នេះ ត្រូវបានស្ដែងឡើងជាពិសស ។ នោះគឺនៅថ្ងៃទីមួយ និងថ្ងៃទីប្រាំបីខាងរនោច 6 ។ ជនជាតិខ្មែរ ហៅថ្ងៃនោះថា ថ្ងៃសីល ។ ពាក្យសីល គឺជាពាក្យក្លាយពីបាលីថា សីលៈ, « ករណីយកិច្ចរបស់អ្នកកាន់សាសនា, ការប្រតិបត្តិសាសនា » ។ ថ្ងៃសីល គឺជាថ្ងៃត្រូវប្រតិបត្តិតាមបញ្ញត្តិសាសនា ដែលស្របនឹងថ្ងៃឧបោសថនៃអត្ថបទបាលី ។

នៅថ្ងៃនេះ ការងារធម្មតារបស់វត្ត ត្រូវផ្អាក ។ ឧបាសក ឧបាសិកា ទៅកាន់វត្តយ៉ាងច្រើន ដើម្បីស្ដាប់ធម៌ និង ស្ដាប់ទេសនា ។ ស្ត្រីជាពាក្យច្រើនតែងនាំយកគ្រឿងតង្វាយ មានចំណីអាហារ, ផ្លែឈើ, ផ្កា, ធូប ទៅកាន់វត្ត ។

នៅពេលស្ដាប់ធម៌ទេសនា ដែលទូន្មានអោយពុទ្ធបរិស័ទចិញ្ចឹមជីវិតស្របតាមការប្រៀនប្រដៅរបស់ព្រះបរមគ្រូ, អោយប្រតិបត្តិតាមអោយបានល្អ នូវសីលទាំងប្រាំបីខាងដើម, ហើយអោយកាន់បានជាដាច់ខាត នូវសីលប្រាំខាងដើម, ពុទ្ធបរិស័ទទាំងឡាយ តែងមានអារម្មណ៍ចង់ក្លាយខ្លួនទៅជាមនុស្សប្រសើរ ។ នៅថ្ងៃនោះ គេតែងបង្ហាញខ្លួនគេថា ជាមនុស្សល្អ និងមានសប្បុរសធម៌យ៉ាងពិសស ។ ខ្ញុំបានឃើញអ្នកខ្លះទិញសត្វចាប់ជាប់ទ្រុង ហើយបើកគ្របលែងចាបទាំងនោះ ទៅក្នុងអាកាស ។ គេខំចៀសវាងជម្លោះ និងពាក្យទ្រគោះបោះបោក ។ អ្នកមានជំនឿស៊ប់ក្នុងសាសនា មិនផឹកទឹកមេរ័យ ហើយអ្នកខ្លះទៀត តមមិនបរិភោគអាហារ ។ ប៉ុន្តែ គប្បីបញ្ជាក់ថា នៅក្នុងឱកាសនោះ ស្ត្រីបានយកចិត្តទុកដាក់ជាពិសេស ប្រព្រឹត្តការតមអាហារ ហើយនាំគ្នាទៅសូត្រធម៌នៅវត្ត ។

ក្នុងបណ្ដាថ្ងៃទាំងបួននោះ, មានថ្ងៃពីរមានសារសំខាន់ជាពិសេស នៅក្នុងជីវភាពសាសនា : ថ្ងៃចុងបំផុតខាងខ្នើត និងថ្ងៃចុងបំផុតខាងរនោច ។ ថ្ងៃនោះ គឺជាថ្ងៃដែលលោកសង្ឃបង្កើនទ្វេឡើងនូវតបកម្ម និងតមអាហារយ៉ាងតឹងរ៉ឹង, ត្រូវបានគេកត់សម្គាល់ជាពិសេស ដោយការអានបាតិមោក្ខ ហើយនិងការសារភាព យ៉ាងឱឡារិកសម្រាប់ភិក្ខុ នូវទោសកំហុសទាំងឡាយរបស់ខ្លួន (សំដែងអាបត្តិ) នៅចំពោះមុខសហធម្មិកទាំងអស់របស់វត្ត ។

នៅពេលល្ងាច, ក្រោយពេលព្រះអាទិត្យលិច ភិក្ខុសង្ឃទាំងឡាយប្រជុំគ្នានៅខាថមុខអាសនៈព្រះពុទ្ធរូប អង្គុយជុំវិញភិក្ខុដែលត្រូវអានបាតិមោក្ខ ហើយរាប់អាបត្តិទាំងពីររយម្ភៃប្រាំពីរ ដែលមាននៅក្នុងរូបមន្តសំដែងអាបត្តិ ។

នៅពេលកំពុងរាប់នោះ, ភិក្ខុដែលដឹងខ្លួនថាបានប្រព្រឹត្តកំហុសណាមួយ ក្នុងបណ្ដាកំហុសទាំអនោះ, ចូលខ្លួនឆ្ពោះទៅរកព្រះចៅអធិការវត្ត ហើយក្រាបថ្វាយបង្គំ ប្រកាសប្រាប់យ៉ាងឮអំពីអំពើបាបរបស់ខ្លួន ។ មេវត្តស្ដីបន្ទោសភិក្ខុនោះ ឬក៏ដាក់ទោសដល់ភិក្ខុនោះ, ឬក៏សុំអោយព្យួរទោស ឬមួយអោយបណ្ដាញចេញ (ផ្សឹក) ទៅតាមទម្ងន់នៃទោស ។

ការព្យួរទោស ឬការបណ្ដេញចេញភិក្ខុមួយរូប មិនអាចត្រូវបានប្រកាសសម្រេចដោយចៅអធិការវត្តបានទេ, ប៉ុន្តែ អាចប្រកាសសម្រេចបានតែតាមអាជ្ញាធរសង្ឃ (Autorités ecclésiatiques) ប៉ុណ្ណោះ ដែលយើងនឹងរៀបរាប់នៅក្នុងអង្គការចាត់តាំង ។

ដោយលោក François Martini

in France-Asie NO spécial 37-38

បកប្រែ ឈន អៀម

1នេះជាស្ថិតិលោកសង្ឃ និងវត្ត ក្នុងឆ្នាំ ១៩៤៩ ។ មុនឆ្នាំ ១៩៧០ លោកសង្ឃ មាន ៦៥.០៦២ អង្គ និងវត្ត ៣.៣៦៩ ក្នុងទូទាំងប្រទេស ។ តាមស្ថិតិជាផ្លូវការ ក្នុងឆ្នាំ ១៩៩៤ ត្រឹមខែមីនា មានលោកសង្ឃ ៣២.៤៤៩ អង្គ និងមានវត្ត ៣.១៩៦ (ឈន អៀម)

2ខែខ្មែរ គិតតាមចន្ទគតិ គឺមាន ពី ២៩ ទៅ ៣០ ថ្ងៃ ។ ដើម្បីទូទាត់ការយឺតយ៉ាវបណ្ដាលមកពីគិតបែបនេះ, គេត្រូវបន្ថែបខែទីដប់បី ប្រហែលជានៅពេលបីឆ្នាំម្ដង ។

3គប្បីបន្ថែមថា វិន័យហាមមិនអោយភិក្ខុកាប់ដើមឈើ និង ជីកឫសស្មៅ ផងដែរ ។

4កាលសម័យនោះ (ឆ្នាំ ១៩៤៩) ដូនជីសង្ឃផ្ទះ ឬខ្ទមក្រៅបរិវេណវត្ត ដើម្បីរស់នៅប្រកបដោយធម៌ និងធ្វើការបំរើព្រះសង្ឃ មិនដូចកាលសម័យបច្ចុប្បន្ននេះទេ, ទាំងដូនជីទាំងពុំមែនដូនជី ដណ្ដើមកាន់កាប់ដីវត្ត កុដិ សាលា រហូតដល់វិហារ ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងរស់នៅយ៉ាងច្រឡោងខាម និងឥតអៀនខ្មាស ។ (ឈន អៀម)

5Cf á ce sujet. Evolution de la pensée bouddhique par le Docteur F. Martinie in France-Asie Nos 19, 20 et 21.

6តាមធម្មតា ថ្ងៃសីលមាន ៤ ដងក្នុងមួយខែ គឺថ្ងៃ ៨ កើត ៨ រោច, ថ្ងៃពេញបូន៌ និងថ្ងៃខែដាច់ ។ ទេស្នា ច្រើនតែរៀបចំឱ្យមាននៅថ្ងៃពេញបូណ៌ និងថ្ងៃខែដាច់ប៉ុណ្ណោះ ។ (ឈន អៀម)



Important Notice: Help Stop the Spread and Stay Healthy. (Read now)