សម្ដេច ជួន ណាតជា​អ្នក​ប្រាជ្ញ​កើត​ពី​សង្គម​ខ្មែរ​ដ៏​បរិសុទ្ធ

សម្ដេច ជួន ណាតជា​អ្នក​ប្រាជ្ញ​កើត​ពី​សង្គម​ខ្មែរ​ដ៏​បរិសុទ្ធ

សម្ដេច ជួន ណាតជា​អ្នក​ប្រាជ្ញ​កើត​ពី​សង្គម​ខ្មែរ​ដ៏​បរិសុទ្ធ

គួរ​ឲ្យ​ស្ដាយ​ណាស់ ដែល​ធម្មជាតិ​មិន​អាច​មិន​ប្រែ​ប្រួល ។ ជីវិត​ដែល​កើត​ឡើង​ត្រូវ​តែ​ស្លាប់ ។ ជីវិត​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត ក៏​មិន​អាច​មាន​ករណី​ពិសេស​ដែល​ធម្មជាតិ​លើក​លែង​បាន​ដែរ ព្រះ​អង្គ​បាន​លា​ចាក​លោក​នេះ​ទៅ​ដោយ​ស្ងៀម​ស្ងាត់ បន្ទាប់​ពី​បាន​បំពេញ​ព្រះ​សកម្មភាព​ក្នុង​ព្រះ​ឋានៈ​ជា​អ្នក​ប្រាជ្ញ​ខ្មែរ​ក្នុង​វិស័យ​ពហុវិជ្ជា ដើម្បី​ព្រះ​ពុទ្ធសាសនា វប្បធម៌ និង​សន្តិភាព ។ នៅ​ក្នុង​ចុង​ឆ្នាំ​ទី​៨៦ នៃ​ព្រះ​ជន្មាយុ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​២៤ កញ្ញា ឆ្នាំ ១៩៦៩ វេលា​ម៉ោង​២០ និង​២០ នាទី សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត ទ្រង់​សោយ​ទិវង្គត​ក្នុង​កណ្ដាល​ព្រះ​សកម្មភាព​របស់​ព្រះ​អង្គ ក្រោយ​ពី​ទ្រង់​ប្រឈួន​តែ​៣ ថ្ងៃ​ប៉ុណ្ណោះ ដោយ​បាន​បូជា​ព្រះ​កាយ និង​ព្រះ​សតិបញ្ញា ដើម្បី​ព្រះ​ពុទ្ធសាសនា និង​ប្រជាជាតិ​ខ្មែរ ដែល​ទ្រង់​ជា​មហា​បុរស​ស្នេហា​ជាតិ​មាតុភូមិ​យ៉ាង​មាំ ។

ពិធី​ប្រារព្ធ​ធ្វើ​បុណ្យ​ខួប ៣០ ឆ្នាំ នៃ​ការ​សោយ​ព្រះ​ទិវង្គត​សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត (២៥ កញ្ញា ១៩៦៩២៥ កញ្ញា ១៩៩៩) បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​បរិវេណ​នៃ​ពុទ្ធសាសនបណ្ឌិត្យ រយៈ​ពេល​៣​ថ្ងៃ គឺ​ថ្ងៃ​ទី​២៤២៥២៦ ខែ កញ្ញា ឆ្នាំ ១៩៩៩ ដើម្បី​រំលឹក​ឧបការ​គុណ​ដែល​ព្រះ​អង្គ​មាន​ចំពោះ​ប្រទេស​ជាតិ​ទាំង​ខាង​វិស័យ​វប្បធម៌ អក្សរ​សាស្ត្រ អប់រំ សាសនា តាម​សកម្មភាព​ទូន្មាន​ប្រៀន​ប្រដៅ និង​ស្នា​ព្រះហស្ថ​ដ៏​ច្រើន​ដែល​ព្រះ​អង្គ​បាន​រៀប​រៀង និង​និពន្ធ​ឡើង ពុំ​អាច​បំភ្លេច​បាន​ឡើយ ។

សម្ដេច​​ទ្រង់​ប្រសូត​នៅ​ថ្ងៃ​អង្គារ ១១ រោច ខែ ផល្គុន ព.. ២៤២៧ ត្រូវ​នឹង​ថ្ងៃ​ទី​១១ ខែ​មិនា ឆ្នាំ​១៨៨៣ នៅ​ភូមិ​កំរៀង សង្កាត់​រកា​កោះ ស្រុក​គង​ពិសី​ខេត្ត​កំពង់​ស្ពឺ, ព្រះ​បិតា​នាម ជួន ព្រះ​មាតា​នាម យក់ ។ គ្រួសារ​នេះ​មាន​បុត្ត​តែ​ពីរ​នាក់ គឺ​សម្ដេច និង​ឧកញ៉ា​សោភ័ណ​មន្ត្រី ជួន នុត ។

កាល​នៅ​ជា​កុមារ បាន​សិក្សា​អក្សរ និង​លេខ ដរាប​ដល់​ជន្មាយុ ១៤ ឆ្នាំ បាន​បួស​ជា​សាម​ណេរ នៅ​វត្ត​ពោធិព្រឹក្ស (ហៅ វត្ត​ពោល្យំ) សង្កាត់​រលាំង​កែន​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល ។ ពីរ​ឆ្នាំ​ក្រោយ​មក, សម្ដេច​បាន​ចូល​សិក្សា​បរិយត្តិធម៌ នៅ​វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ ។ លុះ​ជន្មាយុ​គ្រប់​២១ ឆ្នាំ បាន​បំពេញ​ឧបសម្បទា​ជា​ភិក្ខ នៅ​វត្ត​ពោធិព្រឹក្ស ដែល​ជា​វត្ត​ដើម ដោយ​ទ្រង់​ទទួល​នាម​បញ្ញត្តិ​ថា ជោតញ្ញាណោ រួច​និមន្ត​ត្រឡប់​ទៅ​គង់​នៅ​វត្ត​ឧណ្ណាលោម​វិញ ។

សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត (ជោតញ្ញាណោ) ជា​អ្នក​ប្រាជ្ញ​ជាតិ​មួយ​អង្គ ដែល​បាន​ទទួល​ព្រះ​ឋានៈ​ជា អគ្គមហាបណ្ឌិត នៃ​សហភាព​ភូមា ក្នុង​ឆ្នាំ ១៩៥៤ និង​ជា​អភិធជមហារដ្ឋគុរុ នៃ​សហភាព​ភូមា ពី​រដ្ឋាភិបាល​នៃ​សហភាព​ភូមា​ក្នុង​ឆ្នាំ ១៩៥៧ និង​បាន​ទទួល​ព្រះ​ឋានៈ​ជា​បណ្ឌិត​អក្សរសាស្ត្រ ដំបូង​បង្អស់​ពី​មហា​វិទ្យាល័យ​អក្សរសាស្ត្រ និង​មនុស្ស​សាស្ត្រ នៃ​ភូមិន្ទ​សកលវិទ្យាល័យ​ភ្នំពេញ ក្នុង​ឆ្នាំ​១៩៦៧ ដែល​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​ប្រមុខ​រដ្ឋ ទ្រង់​បាន​ប្រទាន​ថ្វាយ​ផ្ទាល់ ។


សម្ដេច​ ជួន ណាត គឺ​ជា​អ្នក​ប្រាជ្ញ​ដែល​កើត​ពី​សង្គម​ខ្មែរ​ដ៏​បរិសុទ្ធ ។ អ្នក​ប្រាជ្ញ​នីមួយ​ៗ តែង​ដុះ​ចំណេះ​ប្រាជ្ញា​ភ្លឺ​ប្រុះ​សុស​សព្វ​មុខ​វិជ្ជា​ណា​មួយ​របស់​ខ្លួន ។ ការ​ដុះ​ចំណេះ​ប្រាជ្ញ​នេះ ជួន​កើត​មក​ពី​សិក្សា​សន្សំ​ដោយ​ខ្លួន​ឯង ជួន​ចេះ​ដោយ​ការ​ស្ថិត​ក្នុង​អ្នក​ប្រាជ្ញ​សណ្ឋាន​ទី​មួយ​គឺ​ថា លោក​បាន​សន្សែ​សន្សំ​ចំណេះ​ប្រាជ្ញា​ដោយ​ខ្លួន​ឯង​តាម​រយៈ សុ. ចិ. បុ.លិ. (ស្ដាប់, គិត, សួរ, សរសេរ ឬ​កត់​ត្រា) ។ ហេតុ​បាន​ជា​យើង​ហ៊ាន​ពោល​ដូច្នេះ ព្រោះ​សម័យ​ដែល​លោក​មាន​វ័យ​នៅ​ក្មេង​នោះ ស្រុក​យើង​ពុំ​ទាន​មាន​សាលា​រៀន​​ត្រកាល ដូច​សព្វ​ថ្ងៃ​នេះ​តេ ទោះ​ជា​សាលា​សិក្សា​ផ្លូវ​លោក​ក្ដី ផ្លូវ​សាសនា​ក្ដី ។ ម្យ៉ាង​ទៀត សម​បើ​សម្ដេច​លោក​កើត​នៅ​ស្រុក​ស្រែ​(ភូមិ​កំរៀង សង្កាត់​រកា​កោះ ស្រុក​កង​ពិសី ខេត្ត​កំពង់​ស្ពឺ ) ដែល​ជា​ស្រុក​មួយ​នៅ​កៀន​កោះ​ថែម​ទៀត នោះ​ក៏​រឹង​រឹត​តែ​លង់​ក្នុង​ភាព​ជ្រៅ​ណាស់​ទៅ​ទៀត ។ បើ​លោក​អ្នក​ធ្លាប់​ទៅ​លេង​ដល់​ភូមិ​កំរៀង ស្រុក​ភូមិ​កំណើត​ព្រះ​អង្គ ក៏​រឹត​តែ​កើត​អនិច្ចា​ខ្លាំង​ណាស់​ទៅ​ទៀត រហូត​ដល់​ឈរ​ភាំង រំពឹង​គិត ជញ្ជឹង​គិត​ម្នាក់​ឯង​ថា សម្ដេច​ព្រះ​សង្ឃរាជ លោក​កើត​ក្នុង​ភូមិ​នេះ​សោះ ម្ដេច​ឡើយ​ក៏​ទៅ​ជា​អ្នក​ប្រាជ្ញ​បាន​ហ្ន៎! ទិដ្ឋភាព ស្រុក​ភូមិ​នេះ នាំ​ឲ្យ​យើង​ឃើញ​ច្បាស់​ថា ការ​រៀន​សូត្រ​របស់​សម្ដេច ពិត​ជា​ផុស​ចេញ​ពី​សង្គម​ខ្មែរ​ដ៏​បរិសុទ្ធ គឺ​ខ្មែរ​គ្មាន​លាយ​វប្បធម៌​បរទេស​ណា​ទេ បើ​ទោះ​ជា​លាយ​ឡំ​បាលីសំស្ក្រឹត ក៏​ជា​បាលីសំស្ក្រឹត​របៀប​ខ្មែរ ដែល​ធ្លាប់​រលាយ​មក​ក្នុង​ទំនៀមទម្លាប់​ខ្មែរ រាប់​ពាន់​ឆ្នាំ​ហើយ​ដែរ ហើយ​ចំណេះ​វិជ្ជា​ទាំង​អស់​សោត ក៏​សុទ្ធ​តែ​កើត​ឡើង​ពី​ការ​ប្រមូល​សន្សំ ចេះ​ចាំ កត់​ត្រា​ទុក ពី​គ្រប់​ទិស​ទី មជ្ឈដ្ឋាន​អ្នក​ស្រែ​ចំការ​ខ្មែរ​សុទ្ធ​សាធ ។ លុះ​លោក​មាន​វ័យ​ចម្រើន​ឡើង​ហើយ ទើប​លោក​និមន្ត​ទៅ​សិក្សា​នៅ​ទី​ក្រុង បាន​ភព​ប្រសព្វ​និង​អិយធម៌​អ្នក​ក្រុង ស្គាល់​ឥទ្ធិពល​អរិយធម៌​បរទេស​ខ្លះ ដែល​បាន​មក​លប​លួច​ច្របល់​ចូល​ក្នុង​អរិយធម៌​ខ្មែរ ក្នុង​មជ្ឈដ្ឋាន​អ្នក​ក្រុង​ទាំង​នេះ ។ បើ​ទោះ​បី​ជា​លោក​បាន​ជួប​ប្រទះ ដឹង​អរិយធម៌​ក្លាយ​ទាំង​នេះ​ក្ដី សម្ដេច ជួន ណាត ព្រះ​អង្គ​ទ្រង់​ក៏​មិន​ក្រេប​ជា​ទម្លាប់​ផ្ទាល់​ព្រះ​អង្គ​ដែរ ទ្រង់​គ្រាន់​តែ​ចេះ ហើយ​ចំណាំ​ទុក ថា​នេះ​ជា​អរិយធម៌​គេ​មួយ​ដែរ តែ​ខ្មែរ​យើង​នៅ​ឯ​នេះ​ទេ​មិន​មែន​ដូច​គេ​ទេ ។ ការ​សិក្សា​របស់​លោក កាន់​តែ​ដេញ​ជ្រៅ​ទៅ​ៗ ត្រូវ​ចេះ​ត្រូវ​ស្គាល់​អក្សរភាសា អរិយធម៌​បទេស​ផ្សេង​ៗ រហូត​ដល់​ត្រូវ​ទៅ​បន្ត​វិជ្ជា​ឯ​បទេស​ទៀត ប៉ុន្តែ ចំណេះ​ដឹង​ថ្មី​ៗ​ទាំង​ប៉ុន្មាន គ្រាន់​តែ​បង្កើន​ឲ្យ​លោក​មាន​ការ​យល់​ទូលាយ​ខ្សែ​នេត្រា​វែង​ឆ្ងាយ ធ្វើ​ការ​ផ្លូវ​ផ្ទឹម​គ្នា​បាន​គ្រប់​ទិស​តែ​ប៉ុណ្ណោះ ឯ​មូលដ្ឋាន​ដើម​ខ្មែរ នៅ​តែ​ដិត​ដក់​ជាប់​ក្នុង​ព្រះ​ទ័យ​ដដែល ឥត​ល្អៀង ឥត​រង្គើ​ឡើយ ។ ដោយ​វីរិយភាព​មោះ​មុត និង​គុណធម៌​របស់​ព្រះ​អង្គ សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត បាន​ក្លាយ​ជា​អ្នក​ប្រាជ្ញ​មួយ​ព្រះ​អង្គ​ក្នុង​វិស័យ​ពហុវិជ្ជា និង​ជា​ស្ថាបនិក​ដ៏​ឧត្តម​លើ​វិស័យ​វប្បធម៌​សន្តិភាព ដែល​មាន​កិត្តិនាម​ល្បី​ល្បាញ​ជា​អន្តរជាតិ បី​ដូច​ផ្កា​ឈូក​ដុះ​ចេញ​ពី​ភក់​ល្បប់ ។

អ្នក​ផង​ទទួល​ស្គាល់ គោរព​លោក មិន​មែន​ស្គាល់ និង​គោរព ព្រោះ​តែ​លោក​ចេះ​អរិយធម៌​បរទេស​ខ្ពង់​ខ្ពស់ ហ៊ាន​ពន្យល់​ឡើយ សូត្រ​ទ្រឹស្ដី សូត្រ​សុភាសិត​សូត្រ​តម្រោង​ផែនការ តាម​បរទេស​ណា​មួយ​ឡើយ គឺ​លោក​សូត្រ​តែ​សុភាសិត​ខ្មែរ​ទំនៀម​ខ្មែរ​សុទ្ធ​ៗ ហើយ​ជា​ទំនៀម ឬ​ចំណេះ​ដែល​ខ្មែរ​កប់​ជ្រៅ​ណាស់​មក​ហើយ​ហើយ​ខ្មែរ​ធម្មតា​យល់​មិន​ដល់ ។ បើ​មាន​ជន​បរទេស​ណា​ម្នាក់ ឬ​យុវជន​ណា​មួយ​ចូល​សាក​សួរ​លោក​ពី​រឿង​ខ្មែរ ទោះ​ជា​រឿង​អ្វី​ក៏​ដោយ ឲ្យ​តែ​ក្នុង​អរិយធម៌​ខ្មែរ លោក​មិន​ដែល​ថា​មិន​ចេះ មិន​ដឹង​ឡើយ ។ មិន​តែ​ប៉ុណ្ណោះ លោក​ណែ​នាំ​ពន្យល់​ទាល់​តែ​អ្នក​នោះ​ឯង​ស្ដាប់​បាន ចូល​ចិត្ត​បាន អស់​មន្ទិល​សង្ស័យ​ថែម​ទៀត ។

ជា​ការ​ពិត​ណាស់, វរជន អ្នក​ប្រាជ្ញ​ក្មេង​ៗ ក៏​ពុំ​អាច​មាន​ថាមពល និង​ប្រសិទ្ធភាព​ស្មើ​ព្រះ​អង្គ​បាន​ឡើយ ។ នៅ​ក្នុង​ពុទ្ធិក​វិទ្យាល័យ ពុទ្ធិកមហាវិទ្យាល័យ នៅ​ក្នុង​ពុទ្ធសាសនបណ្ឌិត្យ, នៅ​ក្នុង​គណៈកម្មការ​នានា និង​ក្នុង​អង្គការ​ផ្សេង​ៗ ខាង​អក្សរសាស្ត្រ សម្ដេច​ព្រះ​សង្ឃរាជ​ទ្រង់​ជា​សាស្ដា និង​ជា​អ្នក​ចាត់​ចែង​ដឹក​នាំ ឧបត្ថម្ភ​ជា​និច្ច ។ ជាង​នេះ​ទៅ​ទៀត ការ​ងារ​ដ៏​ធ្ងន់​ក្រៃ​លែង​នេះ ពុំ​មែន​តម្កល់​ព្រះ​អង្គ​ត្រឹម​តែ​ជា​អ្នក​និពន្ធ​ពហុផល​ប៉ុណ្ណោះ​ទេ ពិសេស ព្រះ​អង្គ​ជា​កវី ដែល​ក្រៅ​អំពី​ស្នា​ព្រះហស្ដ​ទាំង​ឡាយ គឺ​មាន​ពាក្យ​ពេចន៍ បទ​ចំរៀង “នគររាជ” ដែល​ទ្រង់​និពន្ធ​នៅ​ដើម​រាជ្យ​របស់​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ក្នុង​ឆ្នាំ ១៩៤១ ។

ដូច្នេះ ការ​ចេះ​ដឹង​ឆ្លុះ​ធ្លាយ​ទាំង​អស់​នេះ​របស់​សម្ដេច កើត​ពី​ក្បួន​ណា? កើត​ពី​សាស្ត្រា​ចារ្យ​ណា? គ្មាន​ទេ​! គឺ​កើត​ពី​ការ​សិក្សា​ស្រាវជ្រាវ​ផ្ទាល់​ព្រះ​អង្គ ។ បើ​ទ្រង់​ឃើញ​អ្វី​ប្លែក ហើយ​ឆ្ងល់ ក៏​ដេញ​ដោល​សួរ​រក​ហេតុ​ផល យក​មក​ពិចារណា​ភ្លាម តាំង​ពី​អក្សរ ភាសា ទំនៀមទម្លាប់ សិល្បៈ ។ល។ នេះ​យើង​មិន​និយាយ​ពី​រឿង​ធម៌វិន័យ ដែល​លោក​ចេះ​ចាំហ្មត់ចត់ ចាំ​រហូត​ទាំង​លេខ​ទំព័រ លេខ​បន្ទាត់​ទាល់​តែ​ទី​ប្រជុំ​ផ្ទៀង​ផ្ទាត់​ធម៌វិន័យ ក្នុង​ឆដ្ឋ​សង្គាយនា នៅ​រង្គូន (ប្រទេស​ភូមា) តាំង​លោក​ជា​អគ្គមហាបណ្ឌិត​នោះ​ផង​ឡើយ ។

និយាយ​ដោយ​ខ្លី សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត មួយ​ជីវិត​លោក លោក​បូជា​ជីវិត​ទាំង​ស្រុក​ក្នុង​ពុទ្ធសាសនា ក្នុង​អរិយធម៌​ខ្មែរ និង​វប្បធម៌​សន្តិភាព​គឺ​ថា លោក​មិន​ឲ្យ​ពេល​វេលា​របស់​លោក​ក្នុង​នាទិណា​មួយ​កន្លង​ទៅ ដោយ​មិន​គិត​ពី​អរិយធម៌​ខ្មែរ​នោះ​ទេ ។ ដូច្នេះ​ក្នុង​ព្រះ​ជន្ម ៨៦ ឆ្នាំ​របស់​សម្ដេច​ពិត​ជា ៨៦ ឆ្នាំ​ដែល​ឋិត​ក្នុង​ការ​សាង ការ​គិត​ពី​អរិយធម៌​ខ្មែរ​ទាំង​ស្រុង ។ ការ​ដែល​លោក​បាន​ទទួល​សញ្ញាប័ត្រ​ថ្នាក់​អគ្គមហាបណ្ឌិត រហូត​ដល់​ថ្នាក់​អភិធម​មហារដ្ឋគុរុ ពី​ប្រទេស​ភូមា​ក្ដី និង​បណ្ឌិត​អក្សរសាស្ត្រ​ខ្មែរ ពី​ភូមិន្ទ​សកលវិទ្យាល័យ​ភ្នំពេញ​ក្ដី សុទ្ធ​តែ​ពុំ​មែន​លោក​ដាក់​ខ្លួន​សរសេរ​វិញ្ញាសា​ប្រឡង ដូច​ជន​ធម្មតា​ឡើយ គឺ​ពិត​ជា​មេ​ប្រយោគ​ទាំង​នោះ​អត់​ទ្រាំ​មិន​បាន ព្រោះ​ឃើញ​សកម្មភាព ថ្មី​ព្រះ​ហស្ថ​នោះ​ឆ្អិន​ឆ្អៅ ជាក់​លាក់​រក​អ្នក​ផ្ទឹម​គ្នា​ពី​បែប​ខ្មែរ​សុទ្ធ​នោះ គេ​ក៏​នាំ​គ្នា​តែង​តាំង​ឡើង​ពេញ​លក្ខណៈ ពេញ​សមត្ថភាព​មិន​មែន​ជា​ការ​បញ្ចើច​បញ្ចើ​គ្រាន់​ជា​នាទី​កិត្តិយស​នោះ​ឡើយ ។ ព្រះ​កិត្តិស័ព្ទ​របស់​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត បាន​ល្បី​សុស​សាយ​រហូត​ដល់​ក្រៅ​ប្រទេស ដែល​ទ្រង់​ត្រូវ​បាន​ប្រទេស​អ្នក​កាន់​ពុទ្ធសាសនា​ទាំង​ឡាយ ចាត់​ទុក​ព្រះ​អង្គ​ថា​ជា​មហា​អ្នក​ប្រាជ្ញ​ខាង​ព្រះ​ពុទ្ធ​សាសនា​មួយ​អង្គ លើ​ផ្ទៃ​រាប​អន្តរជាតិ ។

ក្រៅ​ពី​ព្រះ​សកម្មភាព​ខាង​សាសនា វប្បធម៌ ព្រះ​អង្គ​បាន​បំពេញ​នូវ​កិច្ចការ​ស្ថាបនា​ជាតិ ជា​សាធារណៈ​ប្រយោជន៍​ច្រើន មាន​ការ​សាង​ថ្នល់ ស្ពាន អគារ​សិក្សា​និង​លានដ្ឋាន​ជា​ដើម ។

ហេតុ​នេះ យើង​តែង​នាំ​គ្នា​ចាំ​ច្បាស់​ថា សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត ជា​អ្នក​ប្រាជ្ញ​កើត​ចេញ​ពី​សង្គម​ខ្មែរ​ដ៏​បរិសុទ្ធ គឺ​ពុំ​មែន​ពោល​តែ​ពី​រឿង​វង្ស​ត្រកូល​ទេ គឺ​និយាយ​ពី​សង្គម​ចំណេះ​វិជ្ជា​របស់​លោក​នោះ​ឯង ។ ការ​សោយ​ព្រះ​ទិវង្គត​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត គឺ​ជា​ការ​បាត់​បង់​មួយ​ដ៏​ធំ​ធេង​របស់​ពុទ្ធសាសនា និង​របស់​ជាតិ​យើង ដែល​រហូត​មក​ដល់​បច្ចុប្បន្ន ចន្លោះ​ប្រហោង​នៃ​ការ​បាត់​បង់​នេះ ពុំ​ទាន់​បាន​បំពេញ​នៅ​ឡើយ ។

ព្រះ​រូប​ព្រះ​កាយ​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត រលត់​បាត់​មែន តែ​ក្នុង​ដួង​ចិត្ត​នៃ​កុលបុត្រ​កុលធីតា​ខ្មែរ សំគាល់​ថា សម្ដេច​ព្រះ​សង្ឃ​រាជ​ជា​អម្ចាស់ ទ្រង់​មាន​ព្រះ​ជន្ម​នៅ​ឡើយ ពោល​គឺ “វត្តមាន និង​និច្ចភាព​នៃ​សម្ដេច​ជួន ណាត ” ឋិត​នៅ​ជា​និរន្តរ៍​ជា​មួយ​ប្រជាជាតិ​ខ្មែរ ព្រះ​អង្គ​ទ្រង់​ជា​និមិត្ត​រូប​នៃ​សាមគ្គី​ភាព​ឯកភាព​ជាតិ និង​ភាព​បរិសុទ្ធ ។ ព្រះ​រូប​សម្ដេច​បាត់​មែន តែ​ព្រះ​កេរ្តិ៍ និង​ព្រះ​នាម​របស់​ព្រះ​អង្គ ពិត​ជា​ពុំ​បាត់​ទៅ​ផង​ទេ, ព្រះ​អង្គ​បាន​បន្សល់​ទុក​ជា​មរតក នូវ​ស្នា​ព្រះ​ហស្ដ​ជា​ច្រើន ដែល​ពោរ​ពេញ​ទៅ​ដោយ​ឱវាទ​ដ៏​ខ្លឹម​សារ សំរាប់​ការ​ប្រតិបត្តិ និង​ការ​ចេះ​ដឹង​របស់​យើង​គ្រប់​ពេល​វេលា ។

សូម​ប្រជាពលរដ្ឋ​ខ្មែរ បរិបូរ​ដោយ​វិជ្ជា និង​វិបុល​សុខ​គ្រប់​ប្រការ ហើយ​រួម​គ្នា​កសាង​ប្រទេស និង​លើ​ស្ទួយ​ព្រះ​ពុទ្ធ​សាសនា​របស់​ជាតិ តាម​គំរូ​វិរិយភាព និង​ព្រះ​សកម្មភាព​សម្ដេច ឲ្យ​បាន​រីក​ចំរើន​ជា​ភិយ្យោភាព​ត​រៀង​ទៅ​!

ដោយ៖ ឱម ខែម



Important Notice: Help Stop the Spread and Stay Healthy. (Read now)