ពិធីបុណ្យបណ្ដែតប្រទីប
ឯកសារទំនៀមទម្លាប លេខ ១៨.០០១ ចុះថ្ងៃ ២២–១១–៤៣
រៀបរៀងដោយលោក ឈឹម–ធី
១– ពិធីបុណ្យបណ្ដែតប្រទីប
សូមអធិប្បាយអំពីរបៀបធ្វើពិធីនេះ ជាមុនរួចសឹមដេញរកមូលហេតុជាខាងក្រោយ៖
១– របៀបធ្វើគ្រឿងប្រដាប់បូជានិងគ្រឿងសំណែនតាមទំនៀម ពីបូរាណរៀងមក តាមដោយវត្តគ្រប់និគមជនបទតូច ៗ ដូចជានៅស្រុកស្រែ–ចំការនោះ តែដល់រដូវ គឺត្រូវនឹងថ្ងៃបវារណាចេញវស្សា គេតែងកាប់ដើមចេកជាច្រើនមិនកំណត់ យកមកតម្រៀបគរលើគ្នាជាច្រើនស្រទាប់ យកឫស្សីឬ ឈើអ្វីដោតជាកន្លាស់ឲ្យជាប់ កាត់ដើមចេកតម្រឹមធ្វើជារាង ៤ ជ្រុង (ទំហំប៉ុន្មានមិនកំណត់ស្រេចនៅនិយមចូលចិត្តធ្វើឲ្យតែខាងសមល្អ ហើយនឹងជាក់វត្ថុបានច្រើន ឬកុំឲ្យលិចទឹក) រួចយកចុងឫស្សី ១ ពុះជា ៤ ប៉ុន្តែហែកមិនឲ្យដាច់ពីគ្នាទេ ទុកញែកដោតលើក្បួនដើមចេកគ្រប់ជ្រុងទាំង ៤ ខាងជមឡើងលើរបៀបប្រហែលគ្នានឹងពែជមដែលធ្វើពីដើមនោះដែរ ហើយប្រដាប់កម្រងស្លឹកដូង–ទខ្សែរំយោល ភ្ញីផ្កា និងគ្រឿងសក្ការៈផ្សេង ៗ មានទង់ក្រដាសជាដើមស្រេចនូវគំនិតអ្នកតាក់តែងឲ្យតែខាងបានល្អមើល ។ ពុំនោះសោត មានបែបខ្លះទៀតធ្វើក្បាច់ខាងលើក្បួន ជារាងព្រះចុឡាមណីចេតីយឬរាងព្រះវិហារ មានជហ្វាដងក្ដារ ក្បាច់ក្បូរ ក្បឿងពណ៌ លនម្រ័ក្សណ៍ និងជាតិហិង្គុររន្ទាលឆ្អិនឆ្អៅ វិស័យដូចព្រះវិហារសម័យសុទ្ធ ៗ ក៏សឹងមាន ។ ពុំនោះទេ គេធ្វើប្រដាប់អស់នេះអំពីឈើ ទុកបម្រុងប្រើរាល់ៗ ឆ្នាំទៅក៏មាន ។ ព្រះសង្ឃវត្តខ្លះ ជាពិសេសនៅវត្តស្រុកក្រោម សម្បូណ៌ទៅដោយទឹកជំនន់បែកវាលផង នោះលោកតែអុំទូកតូចធំ ដែលមានឈ្មោះល្បីល្បាញរបៀបជាប្រណាំងគ្នាតាមវត្ត ប្រដាប់ដោយប្រទីបជ្វាលា ក្នុងពេលយប់ ភ្លឺរន្ទាលចិញ្ចាចពេញផ្ទៃវាល មើលឃើញបែកទឹកសំពោង ហើយនឹងឮសូរស័ព្ទសន្ធឹកកងរំពង ជាសំឡេងហ៊ោកញ្ជ្រៀវសប្បាយនៃអ្នកស្រុក ព្រមទាំងព្រះសង្ឃ របៀបបុណ្យបុរាណីបែបនេះ ជាការមុខគួរសប្បាយត្រជាក់ចិត្តក្រជាក់ថ្លើមពន់ពេកណាស់ ។
អើដោយយើងប្រញាប់ពេក នឹកឃើញតែត្រង់កន្លែងហ៊ោសប្បាយទៅ ភ្លេចនិយាយអំពីរបៀបសំណែន តើមានអ្វីខ្លះដាក់ក្នុងសង្ឃិកឬក្បួននោះ មានទៀនធូបផ្កាភ្ញីនិងនំចំណីគ្រឿងបង្អែមផ្សេង ៗ (គ្រឿងចង្អាបដូចពុំសូវឃើញមានឬមានដែរដឹង ? តែគេពុំសូវនិយមប្រើ ព្រោះពេលនោះច្រើនបរិបូណ៌ទៅដោយបង្អែម អន្សម នំគម ។ល។ ហើយសំណែននេះជាគ្រឿងបូជាដោយឡែក ខុសចាកទំនៀមសែនខ្មោចបិសាចធម្មតា) ប៉ុន្តែទោះដូចម្ដេចក្ដី សន្មតថាមានផងទៅចុះ ព្រោះមានអ្នកខ្លះមានសទ្ធាដល់ទៅដាក់កាក់ឬអង្ករ អំបិល–ព្រហក់–ឧស ជាដើមបូជាក្នុងនោះផង ។ បានជាដល់វេលាធ្វើកិច្ចរួចស្រេចហើយ រុញក្បួនប្រទីបនោះបណ្ដែតទៅតែងតែឃើញមានកូនក្មេងវត្តឬអ្នកទុគ៌តទាំងឡាយលោតទៅចាប់ប្រញាយដណ្ដើមោលុយនឹងនំចំណីក្នុងទឹកនោះ ស្ទើរតែដល់នូវគ្រោះថ្នាក់មួយ ៗ ។ ក្បួនដើមចេកដែលអធិប្បាយខាងដើមនេះ ត្រូវវាជារាងកន្ទោងស្រាប់ គេគ្រាន់តែទ្រាប់ក្រដាសឬស្លឹកចេក និងពត់ស្រទបចេកឬឫស្សីព័ទ្ធខាំងកុំឲ្យជ្រះវត្ថុផ្សេង ៗ ហើយផ្ទុកវត្ថុនោះ ៗ ទៅក៏មាន ជួនកាលគេមានធ្វើជាកន្ទោងស្លឹកចេកតូច ៗ ដាក់ក្នុងក្បួននោះទៀតជាច្រើនទៅក៏មាន ស្រេចនូវមានពេលទំនេរច្រើន តែសារុបសេចក្ដីទៅ មានខសំខាន់ថា វត្ថុទាំងប៉ុន្មានជាគ្រឿងសំណែនក្នុងកន្ទោងនោះ គេតែងខ្វែងជើងក្អែក (រាងកាកបាទ+) ទាំងអស់គូសដោយកំបោរសឬដោយពណ៌អ្វីមួយជាគ្រឿឭងឲ្យសម្គាល់បាន ។ តែមានខ្លះទៀតពុំមានគូសដូច្នេះក៏មាន ក្លាយ ៗ យូរមកហើយ មានន័យជាពីរដូច្នេះសន្និដ្ឋានថាត្រូវដូចគ្នា ។ លុះរៀបតាក់តែងសែងកន្ទោងនោះទៅដាក់ទឹកស្រះឬទឹកទន្លេ, ស្ទឹង ឬ អូរ ដែលមានក្រសែទឹកហូររួចស្រេចគឺពេលបវារណាចេញវស្សារួច ទើបប្រជុំ ឧបាសក–សិកានិងព្រះសង្ឃនាំគ្នាសូត្រធម៌ថ្វាយបង្គំព្រះ នមស្សការហើយ ពោលពាក្យសច្ចកិរិយាខមាទោសលាពៀរទាំងពួង ដែលបានធ្វើអាក្រក់ពីថ្ងៃមុនចាប់ដើមតាំងពីរនាមដាក់ទឹក ជុះដាក់ដីធ្វើការអ្វី ៗ ពុំគប្បីនោះ សុំឲ្យរួចដោះរង្គោះអស់ក្នុងថ្ងៃនេះ ធ្វើខស្មាលាទោសគ្រប់ ៗ គ្នាជាទំនៀម មានរបៀបប្រហែលគ្នានិងពិធីព្រាហ្មណ៍ដែលធ្វើបុណ្យលាងបាននោះដែរ ។ ទើបឯព្រះសង្ឃក៏តាំងសូត្រធម៌នមស្សការសរសើរព្រះពុទ្ធបាទ៖ “យស្សបាទេ សុជាតានិ ទ្វេ ចក្កានិមហេ–សិនោ” “ ។ល។
ស្រេចហើយទើបអាចារ្យម្នាក់សូត្របាលីវេរប្រទីបនិងសំណែននោះ វេររួចរុញបណ្ដែតទៅទើបរំលឹករំលើកសរសើរព្រះពុទ្ធបាទទាំងគូឆ្វេង–ស្ដាំ ទៀត ជាបទពាក្យកាកគតិភាសាខេមរៈ ដែលបុរាណាចារ្យលោកក្រងចងទុកមកស្រាប់1 ។ ចប់រួចស្រេច ទើបគេរុញបណ្ដែតប្រទីបនោះ លឿនលយក្នុងទឹក ភ្លឺឆ្លុះព្រោងព្រាយវិស័យដូចថ្ងៃ សឹងជាទីសប្បាយដល់ពពួកដល់ជាតិទាំងឡាយ មានមច្ឆោមច្ឆាជាដើម ចូលមករោមរឹតឆៀងឆក់ប្រចឹកជិតក្បែរក្បួននោះ ដោយមានពន្លឺឆ្លុះចាំងចុះទៅក្នុងទឹកហាក់ឧបមាបីដូចជានឹងប្រណាំងប្រជែងគ្នានឹងពន្លឺ ស្រមោលព្រះចន្ទពេញវង់ដែលរះក្នុងថ្ងៃ ១៥ កើត ពេលកំពុងធ្វើពិធីនេះ ដែលបណ្ដែតត្រសែតលឿនលយដោយនភាល័យ ហើយបញ្ចាំងរស្មីភ្លឺចុះឆ្លុះទៅក្នុងទឹកនោះដែរ គួរជាទីអាណោចអាធ័ម នឹងស្រណោះដល់ព្រះពុទ្ធបាទជាន់ទុកនៅពិភពនាគ និងព្រៃស្មសានផ្សេង ៗ ពន់ពេកណាស់ ។ ធ្វើដូច្នេះហៅថា បុណ្យបណ្ដែតប្រទីប លយប្រទីប ឬមានសម្ដីអ្នកស្រុកខ្លះហៅក្លាយទៅជាថាលយប្រទីតដូច្នេះវិញ ក៏សឹងមាន លយ ៗ ក្លាយពីពាក្យសៀមថា “ឡយ” ប្រែថាអណ្ដែត ។
២– តាមទំនៀមទម្លាប់ បុណ្យនេះ គេតែងធ្វើនៅវេលារាត្រីថ្ងៃបវារណាចេញវស្សា គឺបុរិមវស្សា នៅថ្ងៃពេញបូណ៌មី ខែអស្សុជជារាល់ឆ្នាំ ប៉ុន្តែតាមទំនៀមស្ដេចក្នុងកម្ពុជរដ្ឋយើងនេះ តែងធ្វើក្នុងថ្ងៃពេញបូណ៌មីខែកត្ដិក គឺថ្ងៃពេញបច្ឆមវស្សា ដែលហៅថាបុណ្យអុំទូកមានរបៀបដូចលោកអ្នកធ្លាប់បានឃើញរៀងរាល់ឆ្នាំស្រាប់ ដែលធ្វើជាប់ជាមួយនឹងពិធីបុណ្យអកអំបុក សំពះព្រះខែ លោករាប់បញ្ចូលថាបុណ្យក្នុងទ្វារទសមាស ១ សម្រាប់ទំនៀមស្ដេច ។ ដូច្នេះយល់ថា ធ្វើពិធីបុណ្យបណ្ដែតប្រទីបតាមទំនៀមបណ្ដារាស្ត្រនិងស្ដេចត ឃើញទាស់កាលកំណត់គ្នាបន្តិច បើគេធ្វើក្នុងថ្ងៃ ១៥ កើតខែអស្សុជឃើញជាប់គ្នានឹងពិធីបុណ្យចេញបុរិមវស្សា បើធ្វើក្នុងថ្ងៃ ១៦ កើតខែកត្ដិក ឃើញជាប់នឹងថ្ងៃចេញបច្ឆិមវស្សា (វស្សាបែបនេះស្រុកខែ្មរពុំដែលធ្វើទេ) ហើយជាប់នឹងពិធីបុណ្យអកអំបុកបសំពះព្រះខែផង ដែលគេធ្វើឧទ្ទិសដល់ជាតិ ព្រះពោធិសត្វ កាលកើតជាទន្សាយ ។ សូមលើកសេចក្ដីជាកណ្ដាលបន្តិចមកជ្រៀតជ្រែកក្នុងរឿងនេះ ដូចតទៅ ៖
មានដំណាលថា ក្នុងកាលពីព្រេងនាយ ដ៏កន្លងយូរលង់ណាស់មកហើយនោះ ព្រះម្ចាស់ថ្លៃនៃយើង កាលដែលនៅត្រេចរង្គាត់អន្ទោលក្នុងវាលវដ្ដសង្សានៅឡើយ ។ ក្នុងជាតិមួយនោះព្រះអង្គយោនយកកំណើតជាសត្វទន្សាយហើយបរិច្ចាគជីវិតព្រះអង្គឲ្យនាយព្រានដែលកំពុងត្រេចចរក្នុងពនាល័យបម្រុងនឹងប្រហារព្រះអង្គ ទើបទ្រង់លះបង់ជីវិតឲ្យទានព្រាន ឈ្មោះហៅជីវិតបរិច្ចាគតែមុននឹងព្រានប្រហារនោះទ្រង់សច្ចាអធិដ្ឋាន សុំឲ្យព្រះបរមឆាយល័ក្ខណ៍របស់ព្រះអង្គទៅប្រតិស្ឋាននៅក្នុងរង្វង់ព្រះចន្ទដែលកំពុងពេញវង់ តាំងនៅអស់កប្បកុំបីឃ្លាតសោះឡើយ ។ រួចហើយទើបទ្រង់សោយព្រះវិលាល័យទៅដោយស្នាដៃព្រានអន្យតិរិ្ថយនោះទៅ ។ ទើបមានព្រះរូបជាប់នៅក្នុងវង់ព្រះចន្ទដរាបទាល់សព្វថ្ងៃនេះ ដែលរាប់បញ្ចូលជាកប្បដ្ឋាន ១ ដោយពិត ។ លុះចំណេរមកខាងក្រោយ បណ្ដាជនតែងនាំគ្នាធ្វើពិធីបុណ្យរំលឹកគុណកំណើតព្រះអង្គត្រង់នេះ ទើបគេធ្វើហៅថាបុណ្យ សំពះខែ អកអំបុក គឺសំពះព្រះឆាយាលក្ខណ័នៃសសៈជាតិដែលប្រតិស្ឋជាប់ នឹងក្នុងវង់ព្រះចន្ទនោះឯង ហើយនឹងមានចេកដំឡូង–ត្រាវជាដើមសព្វសារពើយកកទៅប្រគេនលោកធ្វើពិធីនេះ ដើម្បីជ្រើសចំណីជាទីគាប់ចិត្តអធ្យាស្រ័យនៃសត្វទន្សាយ ហើយឧទ្ទិសជូនទៅ ។ ធ្វើបុណ្យតម្រូវក្នុងថ្ងៃពេញបូណ៌មីខែកត្ដិក ជាខែដែលធ្វើកត្ដិកាហើយពេលនោះផុតរដូវវស្សានកាលទាំងពីរ និងសម្បូរដោយចេកអំពៅ, ស្រូវអំបុក, ត្រាវ, ដំឡូងផង ពេលព្រះចន្ទពេញពន្លឺ គឺខែត្រង់ជាក់គេចាប់ធ្វើពិធីនេះ ក្នុងខណៈបុណ្យនោះម្ដងៗ អ្នកស្រុកតែងសប្បាយក្នុងទីវត្តជាឧឡារិកណាស់ ដោយបានជួបជុំគ្នាច្រើន ហើយរួមគ្នាច្រើន ហើយរួមគ្នាជាពួក ៗ រកដេញចាប់ស្ត្រីឬបុរស គឺមនុស្សណាមួយដែលមានឫកពាជាអ្នកខិលកំផ្លុកកំប្លែង គេចូលចិត្តលេងច្រើនជាងគេនោះ គេចាប់ធ្វើបាបបង្អកចេក អំបុកទាល់តែហក់កញ្ជ្រោលស្រែករោទ៍ ប្រឹងលេបរមួលសឹងពុំទាន់ ស្ទើរតែដល់គ្រោះថ្នាក់មួយៗ លុះសាមីខ្លួនខឹងខ្លាំងហូរទឹកភ្នែកទឹកសំបោរ ទើបលែងទៅវិញ ហើយនាំគ្នាសើចសប្បាយ ហាក់ភ្លេចកើតទុក្ខព្រួយអ្វីទាំងអស់ដោយអំពើចិត្តដែលឈ្លក់ក្នុងល្បែង ។ រួចអំពីអកអំបុកនោះ មានពិធីមួយទៀតហៅថាពិធីសម្រកទៀនផ្សងទឹកភ្លៀងឆ្នាំមុន និងផ្សងមើលភេទស្រុកផ្សេង ៗ របៀបនេះ គេធ្វើបន្ទាប់ជាប់គ្នាក្នុងយប់នោះដែរ ចំណាំតែមុខកុដិឬវិហារគឺគេជីកដាំឈើធ្វើជាបង្គោលពីរឆ្វេង–ស្ដាំ (ជើង–ត្បូង) ហើយដាក់ឫស្សី ១ ធ្វើជាបង្គងទទឹង រួចទើបគេអុជទៀន ៣ ដើម យ៉ាងធំ ៗ កាត់ស្លឹកចេកមួយធាងដាក់ត្រងពីក្រោមផ្ទាល់ ដើម្បីឲ្យទៀនទាំង ៣ ស្រក់ដាក់ ហើយគេឧទ្ទិសសម្គាល់ទៀនខាង ទាំងពីរ ថាជាតំណាងស្រុក–ភូមិដែលនៅជិតខាង ឬនគរដែលនៅឆ្វេង–ស្ដាំទៀនកណ្ដាលកំណត់ទុកថា ជាស្រុករបស់ខ្លួនដែលកំពុងថធ្វើពិធីនោះ រួចទើបអាចារ្យគេបង្វិលបង្គងឫស្សីនោះបន្តិ០ចម្ដង ៗ ធ្វើឲ្យទៀននោះ មានប្រឆេះសំយុងចុះក្រោម កាលធ្វើដូច្នេះអណ្ដាតព្រះអគ្គីរមែងឈួលចំហាយក្ដៅឡើងលើវិញ ធ្វើឲ្យទៀននោះជ្រាយរលាយស្រក់មកលើស្លឹកចេកនោះ លុះឆេះអស់ឬរលត់ដូចម្ដេច ទើបគេយកស្លឹកចេកនោះមកពិនិត្យមើលដើម្បីជាប្រស្នាសម្គាល់ភេទរបស់ស្រុក គឺកាលណាបើឃើញទៀននោះស្រក់ញាប់ដើមដំបូង ដល់ទៅកណ្ដាលតិច ៗ ហើយដល់ចុងចេះតែតិចចុះតាមលំដាប់នោះ គេតែងសម្គាល់ថា និងមានភ្លៀងដើមឆ្នាំច្រើន–កណ្ដាលឆ្នាំមធ្យម ចុងឆ្នាំតិច ឬពុំនោះសោត លើកធាងចេកនោះឡើង នាំគ្នាពិនិត្យប្រឌិតផ្សំផ្គុំទៀនដែលធ្លាក់ជាប់នៅស្លឹកផ្សំវាជារូបនេះរូបនោះ ហើយកាត់ទាយភេទស្រុកតាមសេចក្ដីយល់នោះៗ ទៅជាអនេកប្បការរកនឹងរៀបរាប់ឲ្យចប់សព្វគ្រប់ពុំបាន ។ របៀបធ្វើដូច្នេះហៅថាពិធីបុណ្យអកអំបុក–សំពះព្រះខែដូចបានពណ៌នាមកដូច្នេះ ។
៣– និងវិលសារទៅនិយាយពីបុណ្យលយប្រទីបនោះវិញ ក៏បណ្ដាលអំពីអ្វីមួយ ដែលគេប្រឌិតឡើងក្នុងលោកនេះ សុទ្ធសឹងតែគេឃើញហេតុផលយល់ថាមានប្រយោជន៍របស់គេទើបធ្វើ ប្លែកតែគំនិត្យអ្នកប្រឌិតនោះជ្រៅឬរាក់ ហើយនឹងអំណោយផលច្រើនឬតិច តាមហេតុផលនោះ ៗ ប៉ុណ្ណោះ ។ បុណ្យលយប្រទីប ក៏ចាត់ជាបុណ្យមួយ ដ៏ប្រកបដោយហេតុផលដែរ ដែលបុរាណាចារ្យបាននិយមធ្វើជាពិធីទំនៀមស្រុកតាមរដ្ឋនិយម ហើយដែលសព្វថ្ងៃលុបបាត់ខ្លះស្ទើរតែស្រាវជ្រាវរាវរកស្នាមហេតុនោះពុំឃើញ ។ ប៉ុន្តែបើពិនិត្យឲ្យល្អិតបន្តិចទៅ គង់នៅឃើញស្នាមស្ទុង ៗ ខ្លះដែរគឺថាដែលលោកធ្វើមកនោះ ដើម្បីឧទ្ទិសបូជារំលឹកដល់ស្នាមគុណព្រះពុទ្ធបាទ ដែលទ្រង់ប្រតិស្ឋានជាន់ទុកនៅពិភពនាគ ក្នុងស្ទឹងនិម្មទានទី នឹងទីផ្សេង ៗ ទៀតជាដើម៖
សេចក្ដីថា៖ កាលមុនព្រះសម្មសម្ពុទ្ធបរិនិព្វាន ទ្រង់ប្រតិស្ឋានស្នាមព្រះបាទទាំងឡាយទុក ៣ កន្លែង2 គឺ៖
ក– នៅភ្នំសុមនកូដ (លង្កាទ្វីប) កាលដែលស្ដេចនាគមណីអក្ខិនៅក្នុងកល្យាណីប្រទេស អរាជនាព្រះអង្គនិងភិក្ខុ ៥០០ ទៅទទួលភត្តស្រេចហើយ ទើបព្រះអង្គអធិដ្ឋានជាន់ជាស្នាមព្រះបាទទុកលើភ្នំសុមនកូដ ។
ខ– នៅផ្នូកខ្សាច់ក្នុងស្ទឹងនិម្មទា ស្រុកយោនក “លាវាៈកាលដែលព្រះបុណត្ថេរ អរាធនាព្រះអង្គ ទៅទទួលមណ្ឌបខ្លឹមចន្ទន៍ ដែលពាណិជបងប្អូន សាងក្នុងស្រុកសុនាបរន្តប្រទេស ស្រេចហើយ ដល់ព្រះអង្គយាងទៅកាន់កំពង់ឈ្មោះសុបារកបដ្ដនៈប្រោសស្ដេចនិម្មទានាគរាជ ៗ អារាធនាទូលសុំចេតិយដ្ឋានសម្រាប់សក្ការៈបូជា ទើបព្រះអង្គជាន់ព្រះបាទទុកលើផ្នូកខ្សាច់ ។
គ– នៅលើភ្នំសច្ចពន្ធបពិត (ជម្ពូទ្វីប) កាលព្រះអង្គយាងអំពីស្ទឹងនិម្មទាមកជួបនឹងព្រះសច្ចពន្ធត្ថេរ ៗ ទូលសុំព្រះចេតិយដ្ឋាន ជាទីសក្ការៈបូជា ទើបព្រះអង្គទ្រង់ជាន់ទុកលើភ្នំសច្ចពន្ធបពិត ។
បណ្ដាស្នាមព្រះបាទទាំង ៣ កន្លែងនេះ ក្នុងកន្លែងនីមួយ ៗ ពុំប្រាកដថា ទ្រង់ជាន់ទុកទាំងគូរឆ្វេង–ស្ដាំឬតែខាងណាមួយទេ ប៉ុន្តែក្នុងសេចក្ដីនមស្សការ ដែលបុរាណាចារ្យ លោកចងទុក ចេញបាលីខាងដើមថា “បាទ យុគ្គលំ នមាមិហំ ” ដូច្នេះសន្និដ្ឋានចូលចិត្តថា គួរតែជាន់ទុកទាំងគូៗ គ្រប់ ៗ កន្លែងទៅចុះ ។
ព្រោះហេតុនោះបានជាពេលបណ្ដែតប្រទីបនោះ មានអាចារ្យឬអ្នកចេះចាំទាំងអស់តែងសូត្រជាពាក្យកាព្យបទកាកគតិ សរសើរព្រះបាទទាំងឆ្វេងទាំងស្ដាំ3 ។
ពាក្យសរសើរនេះបញ្ជាក់សេចក្ដីថា ព្រះសម្មាសម្ពុទ្ធជាម្កុដកំពូលលើត្រៃភព ជាអគ្គបុគ្គលឆ្នើមលើសលុបទេវតានិងមនុស្សសត្វផងនានាថាទ្រង់ប្រតិស្ឋានស្នាមព្រះបាទ ប្រដាប់ដោយកងចក្រលាយលក្ខណ៍គ្រប់បែប បើសារុបសេចក្ដីទៅគឺថា អ្វី ៗ ដែលមាននៅក្នុងលោកទាំងបីសុទ្ធសឹងតែមានចូលមកក្នុងផ្ទៃ “កណ្ដាប់” ព្រះបាទា ព្រះអង្គទាំងអស់ឥតសល់ចន្លោះ អ្នកណាចង់ឃើញអ្វីនឹងសព្វសិទ្ធឃើញរបស់នោះ ស្ថានណាស្ថាននោះ ។ ព្រោះដូច្នោះបានជាមានពាក្យសរសើរព្រះពុទ្ធបាទឃើញថា ក្នុងរង្វង់ព្រះបាទ មានរបស់គ្រប់យ៉ាង ដែលមានក្នុងភពទាំង ៣ ។ ប៉ុន្តែពាក្យខាងក្រោយជាពាក្យយូរយារណាស់មកហើយសូត្រត ៗ គ្នា បាត់បង់លើសខ្វះខ្លះពុំដឹង រកនឹងសន្មតថា បទកាកគតិ ឬ ពាក្យជួនជាប់មានឃ្លា “កុបតិន” តាមក្បួនកាព្យឃ្លោងអ្វីមួយ ពុំបាន គឺជាពាក្យជួនរាយធម្មតា ។
សំអាង ២
មានអាចារ្យខ្លះពោលថា ដែលធ្វើពិធីបុណ្យនេះ គឺដើម្បីរំលឹកគុណដល់ព្រះចង្កូមកែវដែលស្ថិតនៅពិភពនាគ ព្រោះដូច្នោះបានជាមានពាក្យសរសើរព្រះបាទារបស់ព្រះអង្គ (មើលរឿងព្រះចង្កូមកែវដែលព្រះរាជបណ្ណាល័យបោះពុម្ពផ្សាយ) ។
ឧទ្ធំទក្ខិណទាឋញ្ច តាវតិង្សេ បតិដ្ឋិតា
អធោទក្ខិណទាឋញ្ច សីហឡទីបេ បតិដ្ឋិតា ។
វាមទាឋញ្ចឧទ្ធម្បិ គន្ធរដ្ឋេ បតិដ្ឋិតា
វាមទាឋញ្ចអធោបិ នាគលោកេ បតិដ្ឋិតា ។
ឯតេចតុមហដ្ឋានេ មយំបូដេមទូរតោ ។
បានសេចក្ដីជាពាក្យខ្មែរសុទ្ធថា ព្រះបាទាខាងស្ដាំខាងលើស្ថិតនៅក្នុងស្ថានតាវតិង្ស ព្រះបាទាខាងស្ដាំខាងក្រោមស្ថិតនៅលង្កាទ្វីប ចំណែកព្រះបាទាខាងឆ្វេងខាងលើស្ថិតនៅដែនគន្ធរាស្ត្របុរី និងព្រះបាទាខាងឆ្វេងខាងក្រោមស្ថិតនៅនាគពិភព ។ យើងខ្ញុំសូមនមស្សការបូជាចតុមហាស្ថានទាំង ៤ កន្លែងនេះ អំពីចម្ងាយ ៗ
សំអាង ទី ៣
មានកេចិអាចារ្យចំពូកខ្លះពោលថា ដែលធ្វើពិធីបុណ្យបណ្ដែតប្រទីបនេះ ដើម្បីឧទ្ទិសដល់ក្អែកសទាំងគូញីឈ្មោលផង ដោយមានរឿងដំណាលថា ក្នុងកាលពីព្រេងនាយ នៅខាងដើមនៃភទ្ទកប្បៈយើងនេះអង្វែងហើយនោះ មានសត្វក្អែកញីឈ្មោល បានកាច់សំបុកធ្វើគព្ហបរិហារដ្ឋាននៅក្បែរឆ្នេរសមុទ្រ ១ ដល់វេលាបញ្ចេញពងជាទ្ធិជាតិតាមធម្មតាសត្វនោះមាន ៥ ។ អុញ គាប់ចតៃដន្យថ្ងៃមួយនោះ ទទួលមានគ្រោះកាចជាទេសកាលបណ្ដាលឲ្យមានភ្លៀង ព្យុះបោកបក់កួចសំបុកសត្វទាំងគូព្រមទាំងពង ៥ ធ្លាក់ចុះទៅក្នុងទឹកច្រាំងសមុទ្រនោះ ដែលមានខ្សែទឹកកំពុងហូរនាំបាត់ទៅ ។ លុះដល់ពេលដែលក្អែកញីឈ្មោល ហើរបណ្ដើរគ្នាមកពីរកអាហារវិញ ស្រាប់តែបាត់សំបុកទ្រនំរកពុំឃើញ ៗ តែស្នាមឈើដែលធ្វើសំបុកនោះកួចបក់វិលវឹងគួរឲ្យសម្គាល់ថា ជាខ្យល់បាន តែពុំអស់ចិត្តនាំគ្នារក រួចអង្គុយសំបុកនៅតែមានវតក្កសង្ស័យជាច្រើនយ៉ាង ដោយខ្លាចក្រែងមានសត្វកំណាចវាមកបោចរោចសំបុកឆាបឆក់ពងនោះ ពាំនាំយកទៅបរិភោក្ដាជាអាហារទេដឹង ? ឬក៏បាត់ដោយភ្លៀងខ្យល់បក់បោកយកទៅ ? ហើយក៏នាំគ្នាសញ្ចប់សញ្ជឹងសង្រែងសង្រៃទួញយំវិយោគបោកខ្លួនទាល់តែស្លាប់ទាំងពីរនាក់ទៅ ដោយស៤េចក្ដីសោកស្ដាយពងនោះពេកណាស់ ។ លុះស្លាប់រួចបានទៅបង្កើតជាព្រះឥន្ទក្នុងទិព្វវិមានទាំង ៤ នាក់ ។ ស្លេះ ។
និយាយពីពងក្អែកទាំង ៥ ដែលក្រសែទឹកហូរកួចរសាត់អណ្ដែតទៅនោះទៅទើលើកណ្ដាប់ដៃសត្វ មាន់, ស្ដេចនាគ, អណ្ដើក, គោ និង ខ្លា រើសបានមួយ ៗ ម្នាក់ក៏យកទៅរក្សាទុកនៅនិវេសនស្ថានរៀង ៗ ខ្លួនលុះពងនោះមានចំណាស់បន្តិចឡើង ដល់ពេលនិងញាស់ ស្រាប់តែកើតចេញមកទៅជាមនុស្សទាំង ៥ នាក់ ហើយសុត្ធតែប្រុសផង ។ សត្វទាំង ៥ ដែលរើសបាន មានសេចក្ដីអស្ចារ្យចំឡែកពន់ពេកណាស់ក៏ខំចិញ្ចឹមបីបាច់រក្សានៅលើទីលំនៅរៀងៗ ខ្លួន ញ។ លុះទារកទាំងនោះមានវ័យវឌ្ឍនាការធំឡើង មានចិត្តគិតឃើញរៀងខ្លួនៗ ថា ខ្លួនអញជាមនុស្សជាតិនោះ ម្ដេចក៏មាតាបិតារបស់អញសុទ្ធជាតិរច្ឆានទៅវិញ គិតដូច្នោះហើយក៏រកឧបាយកលលាមាតាបិតាចិញ្ចឹមទីទៃ ៗ ទៅកាន់ស្ថានមនុស្សហើយតាំងចិត្តបំណងថា នឹងដើរស្វះស្វែងរករៀនសិល្បវិជ្ជាធ្វើអភិនិហារកសាងពុទ្ធភូមិរៀងខ្លួន ទើបសត្វដែលរើសទៅចិញ្ចឹមទាំងអស់មានបណ្ដាំព្រមតែ ១ ដូចគ្នាទាំងអស់ថា បើកូនលាយើងទៅធ្វើការកសាងបានសម្រេចជាពុទ្ធភូមិក្នុងវេលា “ជាតិណា” យើងសូមផ្ញើឈ្មោះរបស់យើងទៅភ្ជាប់នឹងនាមព្រះពុទ្ធអង្គនោះផង គឹថាឲ្យកូនទាំងអស់យកឈ្មោះសត្វចិញ្ចឹមទាំងនោះ ទៅភ្ជាប់តាំងជានាមព្រះពុទ្ធ តាមឈ្មោះសត្វចិញ្ចឹមនោះ ៗ ព្រោះហេតុដូច្នោះបានជា ក្នុងកទ្ទកប្បយើងនេះ មានព្រះពុទ្ធ ៥ ព្រះអង្គ ហើយទ្រង់ព្រះនាមថា ព្រះ កុកសន្ធោ កោនាគមនោ កស្សបោ គោតមោ និង ព្រះ សិរិអារ្យមេត្តេយ្យោ បានត្រាស់តាមលំដាប់បងប្អូននឹងបារមីជ្រះថ្លា គឺយកនាមសត្វចិញ្ចឹមទាំង ៥ មកប្រកបភ្ជាប់តាមបណ្ដាំដូចពោលមកហើយនេះ ។
លុះមាណពទាំង ៥ ដើរចេញចាកស្ថានមាតាបិតាចិញ្ចឹមរៀងខ្លួនហើយក៏ប្រទះជួបគ្នាទាំង ៥ នាក់ សាកសួរទៅឃើញមានគំនិតនឹងសន្ដានចិត្ត ព្រមទាំងហេតុភេទដូចគ្នា ក៏សុំគ្នាធ្វើជាមិត្របងប្អូនរួមសមាកិច្ចជាមួយគ្នាដរាបទៅ ។ នៅវេលាមាណពទាំងនោះកំពុងជជែកគ្នារកមាតាបិតាដើម នោះស្រាប់តែព្រះឥន្ទដែលជាមាតាបិតាដើមទាំង ២ និម្មិតខ្លួនជាសត្វក្អែកញីឈ្មោល ហិចហោះផ្លោះហក់ហើរមកទុំលើមែករុក្ខជាតិ ១ នៅជិតនោះហើយពោលផ្ទុញផ្ទាល់ចំអកចំអន់ឲ្យមាណពទាំង ៥ ដោយបរិយាយផ្សេង ៗ ច្រើនជាអនេក រហូតដល់ទៅបន្លឺសច្ចវាចា ឲ្យមាណពទាំង ៥ ចងចាំស្ដាប់ច្បាស់ថា ហ្នឹងហើយមាតាបិតារៀងខ្លួន ហើយនាំគ្នាជង្គង់ផងអញ្ជលីថ្វាយបង្គំចំពោះបុព្វបុរសទាំង ២ ថ្លែងវិយោគនូវសោក រួចសុំទំដោយសារទៅតាមនៅបម្រើឯស្ថានទេវលោកផង តែទ្រង់ពុំអនុញ្ញាតឲ្យទៅ គ្រាន់តែផ្ដាំថា បើអាឡោះអាល័យយើងណាស់កាលធ្វើមង្គលកិច្ចអ្វី ៗ ត្រូវឲ្យគូសខ្វែងជើងក្អែកគ្រប់វត្ថុសម្រាប់ធ្វើសំណែនបូជា ហើយឧទ្ទិសឲ្យយើងទៅ មុខជាបានផ្សាយផលដល់យើងពុំខានរួចក៏អន្តរធានបាត់ ។ មាណពទាំង ៥ ចាំបណ្ដាំ ហើយក៏នាំគ្នាទៅរៀនសិល្បវិជ្ជា បួសជាតាបសឫសីចម្រើនព្រឹទ្ធាក្នុងព្រៃ ហើយខាងក្រោយមកក៏ចេះតែធ្វើកិច្ចរលឹកគុណ តាមបណ្ដាំនោះដរាបមក ព្រោះហេតុនោះបានជាក្នុងពិធីបុណ្យឯទៀតក្ដី ពិធីបុណ្យលយប្រទីបនេះក្ដីអ្នកណាដែលគេនឹកឃើញរឿងនេះ ក៏ធ្វើតាមបណ្ដាំជាតម្រាប់តម្រាជាប់ដរាបរៀងមក ។
រួមរួមសេចក្ដីទាំង ៣ រយៈនេះទៅ ឃើញវាមានសេចក្ដីស្របបណ្ដោយគ្នា មិនជាបដិបក្ខទទឹងទាស់គ្នាប៉ុន្មានទេ ។ ទោះបីអាចារ្យដែលពោលថា ការធ្វើពិធីនេះ ដើម្បីបូជាឧទ្ទិសដល់ស្នាមព្រះពុទ្ធបាទក្ដីដល់ព្រះចង្កូមកែវក្ដី ដល់ក្អែកសញីឈ្មោលក្ដី ឬថាមានមតិខ្លះជ្រៀតជ្រែកចូលមកទៀតថា ដែលធ្វើក្បាច់ក្បូររចនាក្បួនវិស័យទេពនិម្មិតនោះដើម្បី ឧទ្ទិសដល់ព្រះចុឡាមណីចេតិយផងក្ដី ក៏សុទ្ធសឹងតែបានមគ្គផលឥសម្រេចតាមបំណងចិត្តដូចគ្នាទាំងអស់ ដោយហោចទៅដោយយើងល្ងង់ខ្លៅអ្នកថាដូច្នេះ អ្នកនោះថាដូច្នោះ ដល់ចិត្តយើងត្រូវសារុបបូជាវត្ថុទាំងអស់តែម្ដងគ្រប់តែគេថានោះក៏បាន ។
ទំនៀមបុណ្យដែលបានពោលមកហើយនេះមានសម្ដែងទុកក្នុងគម្ពីរសារត្ថសង្គហសាស្ត្រាបុរាណហៅថាសាស្ត្រាក្អែកស ក្នុងគម្ពីរពុទ្ធវង្សនិងក្នុងក្រមតម្រារាជនិពន្ធសម្រាប់រដ្ឋនិយមខ្មែរ ។ ក្នុងគម្ពីរនាសង្គ្រោះសាស្ត្រាក្អែកស និងគម្ពីរពុទ្ធវង្សជាដើម ក៏ពុំមានបង្គាប់ថាឲ្យធ្វើតែបុណ្យនេះ ១ រំលឹកគុណទៅជាដាច់ណាត់ដូច្នេះដែរ ប៉ុន្តែអាស្រ័យមានជារឿងរ៉ាវដូចនេះហើយ បុរាណាចារ្យក៏ចេះតែផ្សំនិយមប្រឌិតធ្វើតាមហេតុនោះឲ្យខាងតែសមនឹងផ្ទៃរឿងមួយ រហូតទាល់តែជាប់មកជាទំនៀមទម្លាប់ដល់សព្វថ្ងៃនេះ ។ ប៉ុន្តែសម័យសព្វថ្ងៃ បណ្ដាសាសនិកជនច្រើនបោះបង់ទំនៀមនិេះចោលស្ទើរតែរកអ្នកចេះធ្វើបុណ្យនេះ “ឲ្យបានត្រឹមត្រូវគ្មាន” ។ ព្រោះគេគិតឃើញថា ជាការមិនសូវមានខ្លឹមសារស័ក្ដិសិទ្ធិដោយគ្រឿងបូជាទាំងនោះប្រកបដោយអាមិស្សបូជា ដែលព្រះទ្រង់ញាណពុំសូវសរសើរ ថាជាការឥតអំពើ ពុំដូចធម្មបូជានោះ ឥឡូវនេះក៏លះបង់ចោលទៅ ព្រោះគិតឃើញថាពុំសូវមានប្រយោជន៍ ។ តែនឹងមានអាចារ្យឬអ្នកប្រាជ្ញណាមកហាមឃាត់បដិសេធថា កុំឲ្យធ្វើក៏ទេដែរ ហាក់តែនឹងបាត់ទៅឯង ៗ ដោយអំណាចសេចក្ដីស៊ីវិល័យតាមសម័យរបស់ស្រុកដែលចាត់ជាសភាវៈធម្មតាប៉ុណ្ណោះ ។
ចប់បុណ្យបណ្ដែតប្រទីប ។
២– ពិធីបុណ្យនិមន្តព្រះសង្ឃចុះទូកឆានតាមបឹង
ពិធីបុណ្យនេះផុតវិស័យនឹងស្រាវជ្រាវរាវរកក្បួនខ្នាត គម្ពីរ–តម្រាអ្វីពុំឃើញ បានតែអធិប្បាយព្រាវស្មាន ៗ តាមសេចក្ដីយល់ជាអត្តនោម័តិបន្តិចបាន តែសូម្បីដូច្នោះក៏ពុំបានឲ្យខុសឃ្លាតលើសពីសេចក្ដីយល់របស់លោកអ្នកប្រាជ្ញធំ ៗ ឆ្ងាយពេកដែរ ព្រោះទំនៀមនេះបើប្រមាណស្ទង់ផ្ទេរផ្ទឹមមើលទៅឃើញថា ជាទំនៀមកើតមានមកជាខាងក្រោយនៃពិធីបុណ្យប្រទីបទេ ដូចតទៅនេះ
ដោយសេចក្ដីឈ្វេងយល់ថាគម្បីធ្វើពិធីនេះដើម្បីសម្រើបព្រះទ័យព្រះសង្ឃ ឬទទួលអំណរក្នុងពេលដែលបានចេញវស្សារួច របស់អ្នកប្រាជ្ញជាន់ដើម បានជាផ្ដើមឲ្យធ្វើបុណ្យនេះ ។ របៀបធ្វើនោះចំណាំតែឃើញអ្នកស្រុកគេនិមន្តព្រះសង្ឃតិចច្រើនតាមសទ្ធារបស់គេឲ្យលោកនិមន្តតាមទូកតូច–ធំជាច្រើន ឬ ១–២ អុំតាមទឹកបឹង បើនៅភ្នំពេញចំណាំតែឃើញគេនិមន្តទៅតាមបឹងប្រលិត បឹងស្នោ បឹងស្ទឹងមានជ័យ និងបឹងដែលកាត់ទៅព្រះវិហារសួគ៌ (ខាងឧត្ដុង្គ) ជាដើម ដើម្បីទៅថ្វាយបង្គំព្រះពុទ្ធបដិមាករវិហារសួគ៌ ។ វេលាទៅតាមទូកនោះ គេមានដាក់ស្បៀងអង្ករ ឈើព្រៃ សាដូវ ខៅតាកជាដើម គ្រប់គ្រឿងទាំងអស់សម្រាប់ធ្វើខាទនីយនិងភោជនិយាហារឲ្យបានថ្មីស្រស់ ៗ ក្ដៅ ៗ ប្រគេនលោកភ្លាមលើទូកនោះ ចំណាំតែមានព្រហក់ខ្ចប់ហើយផ្សែផ្សំបែះកញ្ឆែត ព្រលិតលំចង់ រាំង ផ្សំគ្រឿងក្នុងបឹងនោះធ្វើជាអន្លក់ផង ដូចជាចំណីបង្អែមគេច្រើនធ្វើហៅថានំផ្កាស្នោ ។ នំនេះគេធ្វើមានផើង ១ លាយដោយម្សៅនិងស្ករស្រេច ហើយមានខ្ទះ ១ ដាក់ខ្លាញ់លើជើង្ក្រានក្នុងទូកដាំពុំជានិច្ច តែដល់មានផ្កាស្នោត្រង់ណាច្រើន គេទៅចតទូកទីនោះហើយចាប់ទាញបង្អោនដើមស្នោយកផ្កាមកជ្រលក់ប្រឡាក់ នឹងម្សៅក្នុងផើងរួចបង្អោនទៅដាក់ចម្រាញ់នឹងខ្ទះខ្លាញ់កំពុងពុះល្មមតែឆ្អិល ហើយយកចង្កើះចាប់បន្លេះដាក់ភាជន៍ដ៏ស្អាត ឬយកភាជន៍នោះទៅត្រងប្រគេនព្រះសង្ឃភ្លាម ៗ ដែលអែបទូកនៅជិតគ្នា លុះត្រាតែឆ្អែតស្កប់ស្កល់ទាំងព្រះសង្ឃនឹងទាយកស្រីប្រុសដែលទៅទាំងប៉ុន្មាន រួចលោកភត្តានិងទទួលយង្កញ្ច កណ្ដាលបឹងនោះ តាមដោយសេចក្ដីឧទ្ទិសរៀង ៗ ខ្លួនហើយក៏អុំទូកទៅទៀតរហូតផុតសេចក្ដីបំណងរបស់គេ “ជួនកាលបើផ្លូវឆ្ងាយមាននិមន្តព្រះសង្ឃសឹងអស់រាត្រីក្នុងកន្លែងសមគួរណាមួយ ទើបត្រឡប់វិញ” ។
ធ្វើដូច្នេះ ដោយសេចក្ដីសម្គាល់ថា ជាបុណ្យកំសាន្តសប្បាយដោយឡែក ដែលព្រះសង្ឃទើបងើបពីសេចក្ដីអផ្សុកក្នុងការកាន់វស្សាហើយបាននិមន្តទៅកាន់ទីក្សាន្តព្រះទ័យដូច្នេះ ហើយជួនជាពេលនោះជាពេលទឹកជំនន់ជោរជន់បែកវាលបឹងនានា ព្រលិត លំចង់ ស្បង់កាច់នឹងស្នោផងទាំងពួង ក៏បញ្ចេញផ្ការន្ទាលតាមវាលបឹង ហាក់ជាប្រស្នាឲ្យសម្គាល់បានថា ដែលបញ្ចេញផ្កាពេលនោះ គឺជាខែចេញវស្សាមច្ឆោមច្ឆាផងទាំងពួង ក៏ប្រុងប្រៀបរៀបរយនឹងបែររេក្បាលទៅកាន់ទិសឯជើងដើម្បីទៅថ្វាយបង្គំព្រះពុទ្ធបាទ ដែលជាន់ទុកនៅស្ទឹងយោនកៈហើយ ។ ម្យ៉ាងទៀតពេលនោះ ជាពេលកឋិនកាល នឹងធ្វើសំពត់ផាប៉ា (សំពត់ព្រែ) របស់អ្នកស្រុក មាននៅស្រុកខ្លះ គេដឹងពេលទឹកជំនន់នេះជាពេលអំណត់របស់អ្នកស្រុកក្រោម គេបបួលគ្នាធ្វើជាបន្លុង បាយកញ្ចប់ស្រូវអង្ករព្រហក់អំបិល ហើយនិមន្តលោកស្រុកលើចុះទូកទៅវេរប្រគេនឲ្យព្រះសង្ឃស្រុកក្រោមទោះបន្លុងនោះក៏មាន ដល់មកវិញឃើញគេបានត្រីងៀត ព្រហក់ ផ្អក ផ្កា ដើម ពីស្រុកក្រោមមកវីញ ហាក់ដូចជាដូរគ្នាផង ។ ក្នុងពេលនោះ ព្រះសង្ឃតែងសប្បាយរីករាយចិត្តដោយសារជើងលាត គឺចង់និមន្តទៅទីណាក៏បាន ក្រោយពីការកាន់វស្សាជាត្រណមអស់ត្រៃមាស ។ ឃើញថាការធ្វើអម្បាលម៉ាននេះសុទ្ធតែជាការឆ្លៀត ក្នុងការស្វែងរកកុសលរបស់អ្នកមានសទ្ធា ឲ្យតែឃើញប្លែក ៗ ទៅប៉ុណ្ណោះ ។
–ចប់–
1– សេចក្ដីពិស្ដារ នៅក្នុងឯកសាររបស់ទំនៀមទម្លាប់លេខ ១៨.០០១ ។
2 តាមប្រវត្តិដំណាលពុទ្ធចេតិយ នាមនិងទីខ្លះ ថាមាន ៥ ស្ថាន តែពុំឃើញមានប្រាកដក្នុងសារត្ថសង្គហ ។
3មានសេចក្ដីពិស្ដារក្នុងឯកសារលេខ ១៨.០០១ របស់ក្រុមជំនុំទំនៀមទម្លាប់ ។