សៀវភៅកំណត់ហេតុរបស់លោកបារ៉ាក់ អូបាម៉ា ដែលមានកម្រាស់ ៧៦៨ទំព័រត្រូវបានចេញផ្សាយត្រឹមតែ២សប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០នេះ ដោយបានសរសេររៀបរាប់អំពីពេលវេលារបស់អតីតប្រធានាធិបតីនៅសេតវិមាន និង កិច្ចការចម្បងៗជាច្រើនទៀត កាលនៅក្នុងដំណែងជាប្រធានាធិបតី។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ទើបតែបានបោះពុម្ពផ្សាយនូវសៀវភៅកំណត់ហេតុរបស់ខ្លួនកាលពីថ្ងៃទី៧ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ។ វាបានក្លាយជាសៀវភៅកំណត់ហេតុប្រធានាធិបតី ដែលលក់ដាច់ជាងគេបើធៀបនឹងសៀវភៅបែបនេះ នាពេលកន្លងមក។ តើបើប្រៀបធៀបនឹងសៀវភៅកំណត់ហេតុ និង សៀវភៅដទៃទៀតវាខុសប្លែកគ្នាយ៉ាងដូចម្តេចដែរ?
សៀវភៅទី៤ របស់អូបាម៉ាដែលមានចំណងជើងថា“A Promised Land” ត្រូវបានចេញផ្សាយនាថ្ងៃអង្គារកន្លងទៅនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីមជ្ឈដ្ឋានអ្នកអាននៅសហរដ្ឋអាមេរិច និង កាណាដា។ ត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ ការលក់លើកដំបូងមានចំនួនអ្នកទិញរហូតដល់ ៨៩០,០០០ក្បាល ដែលរាប់បញ្ចូលទាំង សៀវភៅជាសំឡេង សៀវភៅបែបអេឡិចត្រូនិក និង ការបញ្ជាទិញទុកជាមុនផងដែរ។
មិនមែនគ្រាន់តែជាការចាប់ផ្តើមដ៏អស្ចារ្យមួយនោះទេ តែវាបានធ្វើឱ្យសៀវភៅគាត់ឈានមុខគេ ចំពោះការលក់សៀវភៅបែបកំណត់ហេតុពីមុនមក បើប្រៀបធៀបទៅនឹងសៀវភៅរបស់លោកប៊ូស“Decision Points” ដែលនៅថ្ងៃដំបូងលក់បានត្រឹមចំនួន ២២ម៉ឺនក្បាល សៀវភៅរបស់លោកប៊ីលគ្លីនតុន “My Life” លក់បានត្រឹមចំនួន ៤០ម៉ឺនក្បាល និង សៀវភៅរបស់លោកស្រីហ៊ីឡារីគ្លីនតុន “What Happened“ គ្រាដែលលោកស្រីខកខានមិនបានឈ្នះឆ្នោតជាប់ជាប្រធានាធិបតីកាលពីឆ្នាំ២០១៦ គឺលក់ដាច់បានត្រឹម ៣០ម៉ឺនក្បាល។ ជាមួយគ្នានេះ វាក៏លក់ដាច់បានច្រើនជាងសៀវភៅរបស់ភរិយាគាត់ លោកស្រីមីឆែល “Becoming” ដែលលក់បានត្រឹម ចំនួន ៧២៥,០០០ក្បាល សម្រាប់ថ្ងៃដំបូងនៃការដាក់លក់កាលពីឆ្នាំ២០១៨។
អាជីពរបស់ខ្ញុំ នៅក្នុងនយោបាយពិតជាបានចាប់ផ្ដើមជាមួយនឹងការស្វះស្វែងរកនូវកន្លែងដែលស័ក្ដិសម។