ការភ្ជាប់ខ្លួនទៅកាន់បណ្ដាញអ៊ីនធឺណេត គឺជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃនាសម័យបច្ចុប្បន្ននេះ។ ចាប់ពីពេលដែលយើងក្រោកពីដំណេក យើងចាប់ផ្ដើមភ្ជាប់ទំនាក់ទំនង ចែករំលែក និង ទទួលបាននូវសេវាកម្មផ្សេងៗពីបណ្ដាញ អ៊ីនធឺណេត ដែលធ្វើឱ្យជីវិតរបស់យើងគ្រប់គ្នាកាន់តែមានភាពងាយស្រួល។ តាមរយៈការធានាបាននូវសុខសុវត្ថិភាពនៃឧបករណ៍ប្រើប្រាស់ផ្ទាល់ខ្លួននោះ អ្នកអាចនឹងរក្សាបាននូវបទពិសោធន៍វិជ្ជមានលើបណ្ដាញខាងលើ និងទទួលបាននូវភាពរីករាយផងដែរ។
ខាងក្រោមនេះជាគន្លឹះងាយៗ អាចជួយអ្នកដើម្បីការពារឧបករណ៍ប្រើប្រាស់ផ្ទាល់ខ្លួន ដែលរួមមានដូចជា៖ទូរស័ព្ទ កុំព្យូទ័រ និង ឧបករណ៍អេឡិចត្រូនិកផ្សេងៗ រួមនឹងព័ត៌មានសំខាន់បំផុតរបស់លោកអ្នកឱ្យចៀសផុតពីការវាយប្រហារដោយឧក្រិដ្ឋជនបច្ចេកវិទ្យា
-
អ៊ីម៉ែល និង អត្ថបទ៖ ត្រង់ចំណុចនេះ អ្នកនឹងជួបហានិភ័យខ្លាំង ដែលអាចនឹងកើតមានឡើងក្នុងពេលដែលអ្នកភ្ជាប់ខ្លួនទៅកាន់បណ្ដាញអ៊ីនធឺណេត ប៉ុន្តែការយល់ដឹងបន្ថែមអំពីការគំរាមកំហែង និង ការប្រើប្រាស់ជម្រើសដ៏ឆ្លាតវៃ ពិតជាអាចជួយអ្នកដើម្បីកាត់បន្ថយនូវរាល់កត្តាប្រឈម និង ហានិភ័យចំពោះមុខ។
អ៊ីម៉ែល គឺជាមធ្យោបាយធ្វើទំនាក់ទំនងដ៏ពេញនិយម ហើយវាក៏ជាគោលដៅចម្បងរបស់ក្រុមឧក្រិដ្ឋជនផងដែរ។ ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ អ្នកចាំបាច់ត្រូវយល់ដឹងអំពីវិធីការពារអ៊ីម៉ែលនៅពេលប្រើប្រាស់ កាត់បន្ថយ spam និង malicious ឱ្យស្ថិតក្នុងកម្រិតអប្បបរមា ស្គាល់អ៊ីម៉ែលចំឡែកៗនៅក្នុងប្រអប់សារ និង ចេះប្រើប្រាស់ពាក្យសម្ងាត់ស្របតាមបទដ្ឋានសុវត្ថិភាពបច្ចេកវិទ្យា ជាពិសេសនោះគឺការប្រើប្រាស់ពាក្យសម្ងាត់ដើម្បីផ្ទៀងផ្ទាត់ច្រើនជាន់(Multi-factor authentication)។
-
ទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិកផ្សេងៗ៖ ទូរស័ព្ទទំនើបៗ និង ឧបករណ៍អេឡិចត្រូនិកផ្សេងៗ ដែលត្រូវបានប្រើដើម្បីភ្ជាប់ទៅកាន់បណ្ដាញអ៊ីនធឺណេត ដើម្បីទិញទំនិញ ធ្វើការងារ ប្រើប្រាស់សេវាកម្មរបស់គ្រឹះស្ថានហិរញ្ញវត្ថុ និង ធនាគារ ការស្រាវជ្រាវ ការតាមដានព័ត៌មានអំពីសុខភាព និង ការបំពេញកិច្ចរាប់រយមុខផ្សេងទៀត នៅគ្រប់ពេលវេលា និង គ្រប់ទីកន្លែងជុំវិញពិភពលោក។ រាល់ការប្រើប្រាស់ដូចបានរៀបរាប់នេះ លោកអ្នកគប្បីមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច។
តើនឹងមានអ្វីកើតឡើង ប្រសិនបើទូរស័ព្ទរបស់អ្នកត្រូវបាត់បង់ ឬក៏មានគេលួចទៅ? ចម្លើយគឺថាគេអាចនឹងមានលទ្ធភាពចូលទៅប្រើប្រាស់រាល់ព័ត៌មានទាំងឡាយដែលមានផ្ទុកនៅលើទូរស័ព្ទនោះ រួមមានដូចជា៖ ព័ត៌មានផ្ទាល់ខ្លួនសំខាន់ៗ ព័ត៌មានហិរញ្ញវត្ថុ ព័ត៌មានទាក់ទងនឹងគណនីនៅលើបណ្ដាញសង្គមជាដើម។
ចំណាំ៖ ត្រូវយកចិត្តទុកដាក់នឹងទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិកផ្សេងៗរបស់អ្នក ឱ្យដូចនឹងកាបូបដាក់ប្រាក់របស់អ្នកផងដែរ។ រក្សាទុកវានៅទីកន្លែងសុវត្ថិភាពគ្រប់ពេលវេលា។
-
App ផ្សេងៗនៅលើបណ្ដាញអ៊ីនធឺណេត៖ មុននឹងទាញយកមកប្រើប្រាស់នូវរាល់កម្មវិធីទាំងឡាយ គួរគប្បីគិតអំពីប្រភពដែលគួរឱ្យទុកចិត្ត និង រាល់បញ្ហាប្រឈមនៅពេលប្រើប្រាស់ ដើម្បីធានាបាននូវសុវត្ថិភាពនៃឧបករណ៍អេឡិចត្រូនិករបស់អ្នក។ កម្មវិធីទូរស័ព្ទមួយចំនួនត្រូវបានបង្កើតឡើង ដើម្បីលួចយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ហើយអាចលាតត្រដាងឧបករណ៍ និង ទិន្នន័យរបស់អ្នកជាសាធារណៈផងដែរ។ កម្មវិធីខ្លះទៀត អនុញ្ញាតឱ្យមានការវាយប្រហារជាប្រព័ន្ធ ការប្រើកលល្បិចបោកបញ្ឆោត ការជំរិតទារប្រាក់តាមរូបភាពផ្សេងៗជាដើម។
-
ពាក្យសម្ងាត់ ឬ លេខកូដសម្ងាត់៖ វាត្រូវបានប្រើប្រាស់ដើម្បីកំណត់ថាអ្នកជានរណា ហើយក៏ការពារព័ត៌មានរបស់អ្នកពីការជ្រៀតចូលដោយគ្មានការអនុញ្ញាតរបស់អ្នកដទៃផងដែរ។ ដើម្បីសុវត្ថិភាពរាល់ពាក្យសម្ងាត់ ឬ លេខកូដសម្ងាត់របស់អ្នក ត្រូវតែគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖
-
យ៉ាងហោចណាស់មាន១០តួអក្សរ ដែលមានអក្សរធំ តូច លេខ សញ្ញាពិសេស
-
មិនត្រូវប្រើពាក្យពេចន៍នៅក្នុងវចនានុក្រម លេខទូរស័ព្ទ ថ្ងៃខែឆ្នាំកំណើត ឈ្មោះ
លេខសម្គាល់យានយន្ដជាដើម -
កុំប្រើប្រាស់ពាក្យសម្ងាត់តែមួយ សម្រាប់គណនីជាច្រើនទៀត
-
កុំចែករំលែកទៅអ្នកដទៃ ឬក៏សរសេរបិទនៅក្បែរឧបករណ៍ប្រើប្រាស់ផ្សេងៗ
-
ផ្លាស់ប្ដូរពាក្យសម្ងាត់ឱ្យបានញឹកញាប់បំផុត យ៉ាងហោចណាស់ ៩០ថ្ងៃម្ដង
-
-
ព័ត៌មានផ្ទាល់ខ្លួន និង ឯកជនភាព៖ ត្រូវយកចិត្តទុកដាក់នឹងព័ត៌មានផ្ទាល់ខ្លួន និង ឯកជនភាពរបស់អ្នក ឱ្យដូចនឹងកាបូបដាក់ប្រាក់របស់អ្នកផងដែរ។ រក្សាទុកវានៅទីកន្លែងសុវត្ថិភាពគ្រប់ពេលវេលាជានិច្ច។
ព័ត៌មានផ្ទាល់ខ្លួន និង ព័ត៌មានហិរញ្ញវត្ថុជាគោលដៅចម្បងរបស់ក្រុមឧក្រិដ្ឋជននៅលើបណ្ដាញអ៊ីនធឺណេត។ ជាមួយនឹងអត្តសញ្ញាណនានា ដែលត្រូវបានលួចពីអ្នកនោះ ក្រុមឧក្រិដ្ឋកម្មអាចមានលទ្ធភាពចូលទៅកាន់កាប់គណនីធនាគាររបស់អ្នក ឬ ទទួលបានកាតឥណទាន ឬ ប្រាក់កម្ចីក្នុងនាមជាអ្នកផងដែរ។ អ្នកត្រូវប្រយ័ត្នជាប់ជានិច្ចនូវរាល់ព័ត៌មានផ្ទាល់ខ្លួនទាំងឡាយ ដែលបានបង្ហាញលើអ៊ីនធឺណេត បើពុំដូច្នោះទេ វានឹងនាំអ្នកទៅរកកត្តាប្រឈមនិងហានិភ័យជាច្រើនជាយថាហេតុ។
-
Software updates ៖ ត្រូវធានាថាប្រព័ន្ធប្រតិបត្តិ ឬ កម្មវិធី នៅលើទូរស័ព្ទ កុំព្យូទ័រ និង ឧបករណ៍អេឡិចត្រូនិកផ្សេង ត្រូវបាន updates ជាប្រចាំដើម្បីបង្កើនប្រសិទ្ធភាពមុខងារ និង ការពារពីការជ្រៀតចូលដោយអ្នកដទៃ។
-
ការប្រើប្រាស់WiFi នៅទីសាធារណៈ៖ ការប្រើប្រាស់សេវាអ៊ីនធឺណេតឥតគិតថ្លៃនៅតាមទីសាធារណៈ ដូចជា៖ ហាងលក់ទំនិញ ហាងកាហ្វេ សណ្ឋាគារ ភោជនីយដ្ឋាន និង ព្រលានយន្ដហោះជាដើម ពិតជានាំមកនូវហានិភ័យសម្រាប់អ្នកប្រើប្រាស់គ្រប់រូប។ ភ្ជាប់ទៅកាន់បណ្ដាញអ៊ីនធឺណេតគឺជាមធ្យោបាយដើម្បីភ្ជាប់ទំនាក់ទំនងអ្នកទៅកាន់ពិភពខាងក្រៅ ប៉ុន្តែបើការភ្ជាប់ ឬ ប្រើប្រាស់បណ្ដាញអ៊ីនធឺណេតរបស់អ្នកពុំមានសុវត្ថិភាពនោះទេ វាក៏ធ្វើឱ្យអ្នកខាងក្រៅអាចមានលទ្ធភាពចូលមកប្រើប្រាស់ព័ត៌មានរបស់អ្នកបានផងដែរ។
ចំណាំ៖ ដើម្បីចៀសវាងនូវការបាត់បង់ទិន្នន័យ ដូចជា៖ ព័ត៌មានផ្ទាល់ខ្លួន និង ព័ត៌មានហិរញ្ញវត្ថុជាយថាហេតុនោះ អ្នកគប្បីកុំប្រើប្រាស់អ៊ីនធឺណេតឥតគិតថ្លៃនៅតាមទីសាធារណៈដាច់ខាត។