ដកស្រង់ចេញពីច្បាប់ដើម ទស្សនាវដ្ដីកម្ពុជសុរិយា
១២ឆ្នាំកន្លងទៅនេះ សហស្សវត្សឆ្នាំ២០០០ បានធ្វើសេចក្ដីថ្លែងការណ៍យ៉ាងឱឡារិក ដើម្បីវប្បធម៌សន្តិភាព និងអហិង្សា ហើយកំណត់ជាឆ្នាំអន្តរជាតិ ដើម្បីសន្តិភាពក្នុងដំណើរថ្មីមួយ ។
ចំពោះគំនិតរបស់សកលលោកខាងលើនេះ ខ្មែរយើងបាន ឃើញថា ដូនតាបុព្វបុរសរបស់យើងបានចាប់អារម្មណ៍ខ្ពស់ និង យូរលង់ណាស់មកហើយ កន្លងច្រើនសតវត្សរ៍ ចំពោះវប្បធម៌សន្តិភាព និងអហិង្សានេះ ដោយលោកបានសាបព្រោះបណ្ដុះបណ្ដាលពាសពេញផ្ទៃប្រទេស ក្នុងសិល្បៈ ក្នុងរូបចម្លាក់ ក្នុងក្បូរក្បាច់រចនា ក្នុងស្ថាបត្យកម្ម ក្នុងទំនៀមទម្លាប់ ក្នុងប្រពៃណី ក្នុងជំនឿសាសនា ក្នុងអារ្យធម៌ និងវប្បធម៌ទូទៅ មាន៖ ភាសា ពាក្យ របាំ ចម្រៀង តូរ្យតន្ត្រី កាយវិការ សម្រស់ សម្ផស្ស ញញឹម ពិធីការ បុណ្យទាន មនោសញ្ចេតនា អក្សរសាស្ត្រ អក្សរសិល្ប៍ កីឡា ប្រយុទ្ធ សិប្បកម្ម សំណង់ ផ្ទាំងសិលាចារឹក ប្រាង្គប្រាសាទ និងកសិណច្រើនទៀត ជានិមិត្តរូបនៃវប្បធម៌សន្តិភាព និងអហិង្សានោះ ។
ប្រាសាទបាយ័ន៖ មានទីតាំងស្ថិតនៅចំកណ្ដាល នៃអង្គរធំ កសាងនៅសតវត្សរ៍ទី ៩ ក្នុងបរិវេណប្រវែង ១២ គ.ម ។ ប្រាសាទបាយ័ន មានមុខព្រហ្ម ៤ ស្ថិតនៅលើប្រាង្គថ្មញញឹម ដូចគ្នា បិទភ្នែកជិតពាក់កណ្ដាល សមាធិ ដូចគ្នា មានចំនួន ៤២ ប្រាង្គ នៅលើប្រាសាទផ្ទៃស្មើ ហើយមាននៅលើក្លោងទ្វារ កំពែង និងតាមកំពែង ១២ ប្រាង្គទៀត រួមទាំងអស់មកមានចំនួន ៥៤ប្រាង្គ ។ តាមការស្រាវជ្រាវ ប្រវត្តិសាស្ត្រ ប្រាសាទបាយ័នកសាង នៅចុង សតវត្សរ៍ទី ១២ ដោយព្រះបាទជ័យវរ្ម័នទី ៧ ចាប់ពីកំណើត អាណាព្យាបាលបារាំងសែស ក្នុងគ.ស ១៨៦៣ មក ជនជាតិបារាំងជាច្រើនរូប មាននាមល្បីល្បាញបានចូល មកប្រទេសកម្ពុជា បានរុករកឃើញ និងទស្សនាប្រាសាទទាំងឡាយនៅតំបន់អង្គរ អតីតព្រះរាជធានីខ្មែរ ដែលកប់បាត់ និងការពារ ដោយធម្មជាតិព្រៃឈើស្រោងនោះ បានចាប់អារម្មណ៍ស្វែង យល់ និងពិចារណារក “សច្ចភាព” នៃប្រាសាទបាយ័ននេះខ្លាំង បំផុត តាមទស្សនៈផ្សេងៗ ដោយបង្ហូរទឹកខ្មៅអស់យ៉ាងច្រើន ។
លុះមកដល់ គ.ស ១៩២៤ លោកហង់រីប៉ាម៉ង់ជេ (Henri Parmentier) បានរកឃើញពន្លឺ អាថ៌កំបាំង នៃប្រាសាទបាយ័ននេះ ដោយប្រទះឃើញ “រូបពោធិសត្វលោកេស្វរៈ” នៅហោជាង ថែវប្រាសាទ ហើយនៅគ.ស ១៩២៥ លោកល្វីហ្វីណូត៍ (Louis Finot)បានសរសេរថា៖ នៅចំពោះមុខសាក្សី រូបចម្លាក់ដ៏ច្បាស់ក្រឡែត នេះ យើងអាចសន្និដ្ឋានថា ប្រាសាទដើមពុំមែន ជាប្រាសាទឧទ្ទិសដល់ព្រហ្មញ្ញសាសនាទេ តែជាប្រាសាទពុទ្ធសាសនា ដោយឧទ្ទិសដល់ព្រះពោធិសត្វ លោកេស្វរៈ ។
សេចក្ដីសន្និដ្ឋានខាងលើ របស់លោកហង់រីប៉ាម៉ង់ជេ (Henri Parmentier) និងលោក ល្វីហ្វីណូត៍ (Louis Finot) គឺពិតជាត្រឹមត្រូវ ពីព្រោះព្រះបាទជ័យវរ្ម័នទី ៧ នោះ ១១៨១–១២១៩ ជាពុទ្ធសាសនិកសំខាន់មួយរូប តែខាងមហាយាន (Grand Véhicule) និងពេល ក្រោយមក ព្រះអង្គទ្រង់កាន់សាសនាព្រះពុទ្ធផង និង សាសនាព្រហ្មញ្ញផង “សំយោគសាសនា” ដើម្បីបង្រួបបង្រួមជាតិ ដែលនិយមសាសនាពីរនេះ ក្នុងរជ្ជកាលរបស់ព្រះអង្គ ។
វត្តមានព្រះពុទ្ធសាសនា នៅប្រាសាទបាយ័ន ជាការពិត ប្រាកដណាស់នៅឆ្នាំ១៩៣៣ គេបានរកឃើញព្រះពុទ្ធបដិមាដ៏ធំមួយព្រះអង្គ នៅប្រាសាទកណ្ដាល (Sanctuaire Central) ហើយព្រះពុទ្ធបដិមាដ៏ធំនោះត្រូវបានព្រះបាទមុនីវង្ស ជាព្រះមហាក្សត្រស្ដេចយាង ទៅធ្វើពិធី បុណ្យនៅ គ.ស ១៩៣៥ ហើយបានយកមកតម្កល់ នៅក្នុងសាលាខាងត្បូងមហាវិថី ដែលភ្ជាប់ព្រះបរមរាជវាំង ទៅទ្វារ ជ័យ (La porte de la victoire) ។
ដូចបានជម្រាបខាងដើម អំពីឧត្ដមគតិ និងគោលបំណង របស់ដូនតាបុព្វបុរសខ្មែរ គឺអ្វីមួយនោះ លោកផ្សារភ្ជាប់នឹងសន្តិភាព និងសេចក្ដីស្ងប់ (La paix de l´âme) ជានិច្ច ។ ព្រោះលោក ប្រារព្ធដោយពុទ្ធសុភាសិត “ នត្ថិ សន្តិ បរំសុខំ ” ប្រែថា គ្មានសេចក្ដីសុខឯណា ក្រៅពីសេចក្ដីស្ងប់ឡើយ បានន័យថា៖ ជាដំបូងត្រូវ មានសេចក្ដីស្ងប់ក្នុងសង្គមមុន ។
ដូច្នេះ ចំពោះមុខព្រហ្ម ៤ ទាំងនៅលើប្រាង្គ ទំហំខុសគ្នា នៅលើផ្ទៃរាបស្មើ ពុំមានជាន់ទេ ថ្នាក់ខុសគ្នាមាន៣ក្រុម នៅលើប្រាសាទបាយ័ននោះ គឺមានអត្ថន័យដូចតទៅ ៖
–មុខព្រហ្ម ១ ដែលធំជាងគេ ខ្ពស់ជាងគេ កណ្ដាលគេ គឺ តំណាងឲ្យព្រហ្មវិហារធម៌ ៤ របស់ព្រះមហាក្សត្រ ចំពោះផ្ទៃខាង ក្រោមទាំងមូល មានទាំងប្រជានុរាស្ត្រ សត្វធាតុ សម្បត្តិធម្មជាតិ និយាយរួមព្រះនគរទាំងមូល មានទាំងដែនគោក ដែនទឹក និងដែនអាកាស មាន ៤ ដូចតទៅ ៖
១–មេត្តា គឺការរាប់អានស្មើ មិនរើសមុខ ស្រឡាញ់រាជបុត្រស្មើនឹងកូនពលរដ្ឋ ។
២–ករុណា គឺការអាណិតអាសូរ ជួយសង្គ្រោះផ្ទៃក្រោម ទុក្ខប្រជារាស្ត្រ គឺជាទុក្ខរបស់ព្រះរាជា ។
៣–មុទិតា គឺការសប្បាយរីករាយ ចំពោះទ្រព្យសម្បត្តិរបស់ ផ្ទៃក្រោម ដែលបានដោយធម៌ គឺដោយអំពើសុចរិត ។
៤–ឧបេក្ខា គឺការតម្កល់ចិត្តកណ្ដាល ចំពោះផ្ទៃក្រោមទូទៅ ដោយប្រាសចាកអគតិទាំង ៤ មាន : មិនលំអៀងដោយស្រឡាញ់ បក្សពួកនិយម ដោយលាភ (សម្ភារៈ) គឺឆន្ទាគតិ១ មិនលំអៀង ដោយស្អប់ (គំនុំគុំកួន ព្យាបាទ) គឺទោសាគតិ១ មិនលំអៀង ដោយខ្លាច (សំពាធពីក្រៅ) គឺ ភយាគតិ១ មិនលំអៀងដោយ ល្ងង់ខ្លៅ (អវិជ្ជា) គឺ មោហាគតិ ១ ។
ព្រហ្មវិហារធម៌ទាំង៤នេះ សម្រាប់ជាមូលដ្ឋាន ដល់ “ទសពិធរាជធម៌របស់ព្រះមហាក្សត្រ” ហេតុនេះ នៅលើដំបូលប្រាសាទ ទេវាវិនិច្ឆ័យនៃបរមរាជវាំង មានសាងសង់កំពូលកណ្ដាល ធំមួយមានមុខព្រហ្ម ៤ តំណាងឲ្យព្រហ្មវិហារធម៌ របស់ព្រះមហាក្សត្រ ។
–មុខព្រហ្ម ក្រុមទី ២ បន្ទាប់ គឺតំណាងឲ្យព្រហ្មវិហារធម៌ ៤ និង គតិធម៌ ៤ ដូចបានអធិប្បាយខាងលើ របស់សេនាធិបតី នាម៉ឺនមន្ត្រី ព្រាហ្មណ៍បុរោហិត អាមាត្យ និងអ្នករាជការ ត្រូវមានចំពោះអ្នកនៅក្រោមឱវាទ ចំពោះប្រជានុរាស្ត្រ ។ ហេតុនេះហើយ ទើបនៅក្នុងសង្គមជាតិខ្មែរលើកសេនាបតី នាម៉ឺនមុខមន្ត្រី ឲ្យមាន ឋានៈខ្ពស់ មានស័ក្ដិមួយ បន្ទាប់ពីស្ដេចផែនដី ជា“មនុស្សទេវតា” គឺខ្ពស់ជាងមនុស្ស ចិត្តជាទេវតា ដូចតុលាការ ត្រូវពាក់អាវផាយ អាវស័ក្ដិខ្មែរ ក្នុងពេលសវនាការជំនុំជម្រះកាត់ក្ដីនោះ គឺដោយ បុរាណលោកកំណត់ចៅក្រម អយ្យការ ”ជាទេវតា” ត្រូវប្រកប ដោយធម៌ “ ហិរិ ឱត្តប្បៈ ” មានន័យថា ហិរិ គឺ ខ្មាសបាបមិនហ៊ានធ្វើអាក្រក់ មិនសមឋានៈខ្លួនជាអ្នកចេះដឹង៘ គឺខ្លាចបាប មិនហ៊ាន ធ្វើអំពើអាក្រក់ ដោយខ្លាចគេដៀលត្មិះ ខ្លាចធ្លាក់ទៅនរក ប្រេត អសុរកាយ តិរច្ឆាន អបាយភូមិ ៤ ធម៌នេះហៅថា “ទេវធម៌ ” ។ បុរាណលើកឋានៈធុននាម៉ឺនមន្ត្រី គ្មានអ្វីក្រៅពីគុណធម៌នេះ ឡើយ ។
–មុខព្រហ្ម ៖ក្រុមទី ៣ បន្ទាប់មកទៀត គឺតំណាងព្រហ្ម វិហារ ៤ និងគតិធម៌ ៤ របស់អ្នកទទួលខុសត្រូវក្នុងសង្គម ដូចជា មាតាបិតា ញាតិកា គ្រូអាចារ្យ គ្រូបាធ្យាយ ថៅកែ នាយកើយ នាយចៅហ្វាយ ៘ ត្រូវមានព្រហ្មវិហារធម៌ ៤ និងគតិធម៌ ៤ ខាងលើនេះយ៉ាងខ្ជាប់ខ្ជួន ដោយមាន “សង្គហធម៌” ជាមូលដ្ឋាន ទើបសង្គមមានដំណើរការល្អ ។
–មុខព្រហ្មទី ៤ ចំនួន១២ ៖ នៅលើក្លោងទ្វារកំពែង និង តាមកំពែងព័ទ្ធជុំវិញ កំពែង នៃ ប្រាសាទ គឺតំណាងព្រហ្មវិហារធម៌ និងគតិធម៌របស់អ្នកយាម អ្នកការពារប្រទេស មានកងទ័ព គ្រប់ប្រភេទ គឺត្រូវមានធម៌ទាំងពីរនេះជាមូលដ្ឋាន នៃអង្គការវិន័យ របស់ខ្លួន ទើបការបម្រើជាតិ មាតុភូមិ ប្រវត្តិសាស្ត្រទៅបានល្អឥត ខ្ចោះ ។
ម្យ៉ាងទៀត តាមលក្ខណៈមុខព្រហ្មទាំងអស់ ញញឹមដូច គ្នា ភ្នែក “ សមាធិ ” ដូចគ្នា នោះមានន័យថា តាំងពីស្ដេចចុះមក ត្រូវមានមេត្តាចិត្ត ចំពោះអ្នកតូច អ្នកក្រោមឱវាទ និងត្រូវមានករុណាចិត្ត ដោយត្រូវជួយដោះទុក្ខ នឹងផ្ដល់ប្រយោជន៍ តាមសង្គហធម៌ ៤ មានការធ្វើទានដល់មនុស្សដែលគួរឲ្យ១ ពោលវាចាពីរោះ គួរជាទីស្រឡាញ់១ ធ្វើប្រយោជន៍ដល់អ្នកដទៃ១ ភាពជាអ្នកមិនប្រកាន់ខ្លួន ១ ។ រីឯភ្នែកបិទជិតពាក់កណ្ដាលមើលក្រោម ជា ” សមាធិ ” នោះ មានន័យថា គុណធម៌ទាំងឡាយ រមែងតែកើតពី “សមាធិ ចិត្ត ” La concentration គឺការ តម្កល់ចិត្តឲ្យជាប់ ក្នុងគុណធម៌ ជាប្រក្រតី ។
ម្យ៉ាងទៀត តាមលក្ខណៈទីតាំងប្រាសាទ នៅចំកណ្ដាល ផ្ចិតអង្គរធំហើយមានបញ្ចុះ ព្រះពុទ្ធបដិមាដ៏ធំមួយអង្គចំកណ្ដាល ប្រាសាទ មានន័យថាព្រះបាទជ័យវរ្ម័នទី ៧ ជាព្រះរាជ ស្ថាបនិក ស្ដេចមានរាជបំណងឲ្យព្រះរាជណាចក្រ គឺចក្រភពអង្គរ ប្រតិបត្តិ ព្រហ្មវិហារធម៌ឲ្យខ្ពង់ខ្ពស់ពិសេស “ អំណាចកណ្ដាល ” ដោយ គោរពធម៌ព្រះពុទ្ធជាមូលដ្ឋាន តាមការបញ្ចុះ ព្រះពុទ្ធ បដិមាដ៏ធំមួយអង្គ ចំកណ្ដាលប្រាសាទជានិមិត្តរូប ដូច្នេះការដាក់ពុទ្ធបដិមា១អង្គ នោះក៏អាចជា ប្រផ្នូលមិនល្អ ដល់វាសនាប្រទេសជាតិដែរ ។
ម្យ៉ាងទៀត តាមលក្ខណៈឆ្លាក់រូបព្រះពោធិសត្វ លោកេស្វរៈនៅថែវខាងក្នុង ក៏ជា និមិត្តរូបនៃរាជបំណងប្រាថ្នា ឲ្យមហាជនរបស់ខ្មែរគ្រប់ជំនាន់ កាន់ព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួន ហើយប្រតិបត្តិតាមគំរូវីរភាពរបស់ព្រះអង្គ ដែលកំពង់ត្រាច់រង្គត់ ក្នុង វាលវដ្តសង្សារ បំពេញបារមី ៣០ មហាបរិច្ចាគ ៥ ចរិយា ៣ ជា អនេកជាតិសំខាន់ ដើម្បីបានត្រាស់ជាព្រះពុទ្ធមួយអង្គ ដឹកនាំសត្វ លោកទៅកាន់ព្រះនិព្វាន ជាឋានផុតទុក្ខ (Au-delà dela misè)។
មួយវិញទៀត យើងក៏សង្កេតឃើញថា នៅសហកាលសម័យ (époque contemporaine) ដែលសកលលោកកំពុងទាល់ច្រក ហើយកំពុងពិចារណា(Examen de Conscience) នេះ ប្រាសាទបាយ័នរបស់ព្រះបាទព្រះជ័យវរ្ម័នទី៧ ត្រូវដើរតួសំខាន់បំផុត ក្នុងផ្លូវសន្តិភាព និងអហិង្សា ក្នុងលក្ខណៈ និងក្នុងក្របខ័ណ្ឌនយោបាយ ដូចមានអត្ថន័យខាងក្រោមនេះ ៖
១–ពីព្រោះមេត្តា៖ មានប្រយោជន៍ “លះបង់ព្យាបាទ” មានការឈ្នានីស ប្រកាន់ពូជសាសន៍ ការឈ្លានពាន ។ល។ ផ្ទុយទៅវិញមេត្តានាំឲ្យមានការសន្ដោសគ្នា ការរាប់អានគ្នា ការយោគយល់គ្នា ការអត់ឱនគ្នា ការស្មោះត្រង់នឹងគ្នា ហើយក៏ជាមូលដ្ឋាននៃសីល (សុចរិត) ។
២–ពីព្រោះករុណា៖ មានប្រយោជន៍ “លះបង់ការបៀតបៀនគ្នា” មានការមិនជ្រៀតជ្រែក ផ្ទៃក្នុងរបស់អ្នកដទៃ របស់ ប្រទេសដទៃ មិនបំផ្លាញអ្នកដទៃ ៘ ផ្ទុយទៅវិញ ត្រូវធ្វើជំនួយ ឥតចំណង (Aide Inconditionnelle) ជាសង្គហធម៌ពិតៗ ។
ពុទ្ធសុភាសិត៖ ការមិនបៀតបៀនគ្នា ជាកម្លាំង ១ ។ ចេញពីបញ្ហានេះ ក៏មានការចរចាគ្នា ការផ្សះផ្សារគ្នា ដែលជាតិនិមួយៗ និងពិភពលោក កំពុងនិយមយ៉ាងពេញបន្ទុក ។ តែលទ្ធផលល្អ អាស្រ័យពីមេត្តាចិត្ត ករុណាចិត្ត ស្ដែងចេញពីការស្មោះត្រង់ពិតៗ ។
៣–ពីព្រោះមុទិតា៖ មានប្រយោជន៍“លះបង់សេចក្ដីអផ្សុក”
គឺការមិនត្រេកអរ ការមិនធុញទ្រាន់ ការមិនពេញចិត្ត ឈានទៅរកការច្រណែនជាដើម ។ មុទិតា បណ្ដុះ និងជំរុញស្មារតី សហប្រតិបត្តិការ ដើម្បីបម្រើ និងបំពេញផលប្រយោជន៍ ឲ្យគ្នាទៅវិញ ទៅមក (គ្មានទោស) ។
៤–ពីព្រោះឧបេក្ខា៖ មានប្រយោជន៍ ”លះបង់តម្រេក” គឺរាគ : មិនឲ្យអារម្មណ៍មិនល្អ កើតតាមទ្វារទាំង ៦ គាបសង្កត់បានមានរូបសំឡេង ក្លិន រស ផស្សៈ ចិត្ត ។ ក្នុងវិស័យនយោបាយ ឧបេក្ខា បណ្ដុះស្មារតីយុត្តិធម៌ និងអព្យាក្រឹត្យមិន ចូលបក្សពួករួមជម្លោះអន្តរជាតិ តែក៏មិនសម្ងំសុខដែរ (Non égoïste) មានអត្ថិភាពប្រទេសមិនចូលបក្សសម្ព័ន្ធ ជាភស្តុតាងស្រាប់ ដែលតួសំខាន់បំផុត ក្នុងការលប់បំបាត់សព្វាវុធ និងបង្កើតសន្តិភាព (Le désarmement et la Coexistence pacifique) ដើម្បីសន្តិភាពសង្គម និងសាកល ។
មួយវិញទៀត រហូតមកដល់សព្វថ្ងៃនេះ ប្រាសាទបាយ័ន មានអត្ថន័យប្រវត្តិសាស្ត្រ និងសាកលយ៉ាងពេញបន្ទុក ដោយការ ប្រៀបធៀបខាងក្រោយនេះ ៖
១–ពីព្រោះ លោកអគ្គលេខាធិការ អង្គការសហប្រជាជាតិ ត្រូវមាននាទីជាប្រាង្គកណ្ដាល មានមុខព្រហ្មបួនធំជាងគេ ខ្ពស់ជាងគេក្នុងកម្ពស់ថ្នាក់ទីមួយ ។
២–ពីព្រោះ មហាអំណាចទាំងប្រាំ និងគណៈកម្មការសន្តិសុខ អ.ស.ប ត្រូវមាននាទីជាប្រាង្គបន្ទាប់ ក្នុងកម្ពស់ថ្នាក់ទី២ ។
៣–ពីព្រោះអង្គការនានា និងបណ្ដាប្រទេសទាំងឡាយ ជាសមាជិក អ.ស.ប ត្រូវមាននាទីជាប្រាង្គបន្ទាប់ទៀត ក្នុងកម្ពស់ថ្នាក់ទីបី ។
៤–ពីព្រោះអ្នកយាមកាម កងទ័ពជាសេនាធិការ អ.ស.ប ក្នុងពេលបំពេញបេសកកម្ម អន្តរជាតិ ត្រូវមាននាទីជាប្រាង្គ នៅលើ ក្លោងទ្វារ និងនៅតាមបរិវេណកំពែងប្រាសាទ ។
ឈរលើលទ្ធផល នៃការសិក្សាស្រាវជ្រាវខាងលើនេះ សឲ្យឃើញថា ប្រាសាទបាយ័នរបស់ខ្មែរយើង មានតម្លៃជាតិ និង សាកល ហើយអាចផ្ដល់វប្បធម៌សន្តិភាព និងអហិង្សាបរិបូរណ៍ ។
តាមគំរូស្ថាបត្យកម្មប្រាសាទបាយ័ន របស់ព្រះបាទជ័យវរ្ម័ន ទី៧នោះបុព្វបុរសខ្មែរយើងបាន បញ្ចូល “ព្រហ្មមុខ ៤” ជានិមិត្តរូប នៃព្រហ្មវិហារធម៌ ៤ ក្នុងជំនឿប្រពៃណីជាតិ តរៀងរហូត មកដល់សព្វថ្ងៃនេះ ។
–យើងសង្កេតឃើញព្រហ្មមុខ ៤ សាងសង់នៅលើកំពូល ចេតិយ ដែលបញ្ចុះធាតុ បុព្វបុរសមានមាតាបិតា គ្រូបាធ្យាយជាដើម ជានិមិត្តរូប នៃព្រហ្មវិហារធម៌របស់បុព្វការី ។ បុព្វការីជននោះក្នុងកាលលោកនៅមានជីវិត បម្រើសង្គមក្រុមគ្រួសារ និងមាតុភូមិ ហើយក៏ជា មេរៀនដ៏ឲ្យកូនចៅសិស្សគណជំនាន់ក្រោយយល់ និងដើរតាមគំរូវីរភាពទាំងឡាយនោះ ។
–យើងសង្កេតឃើញព្រហ្មមុខ ៤ធំមួយ សាងសង់នៅលើ ចំកណ្ដាលព្រះវិហារ ឬ អារាម ជានិមិត្តរូបនៃព្រហ្មវិហារធម៌ ៤ របស់ព្រះពុទ្ធសាសនា ដែលព្រះសង្ឃ និងពុទ្ធបរិស័ទ ត្រូវប្រតិបត្តិ និងពុទ្ធនិគមន៍ ៘
–យើងសង្កេតឃើញ ពេលថ្មីៗនេះ មានរៀបចំពិធីបុណ្យ សហស្សវត្សឆ្នាំ ២០០០ នៅក្នុងបរិវេណអង្គរវត្ត យ៉ាងគគ្រឹកគគ្រេង មានអន្តរជាតិចូលរួម ទាំងសម្ដែងសិល្បៈផង ។ ក្នុងពេលនោះ មានចែកប័ណ្ណនិងបិទផ្សាយបដាវប្បធម៌សន្តិភាព វប្បធម៌អហិង្សា និងប្រកាសបួងសួងរកសន្តិភាព សម្រាប់ពិភពលោកយើងផង ។
ការពិត ព្រហ្មវិហារធម៌ ៤ នេះ អាចជាមូលដ្ឋានសំខាន់ សម្រាប់ស្ថាបនាសន្តិភាព ក្នុងលោកនេះដូចមានកំពូលព្រហ្មមុខ ៤ ចំនួនសរុប ៥៤ ប្រាង្គជានិមិត្តរូបស្រាប់ សម្រាប់ជាមេរៀន ឲ្យមហាក្សត្រ អាមាត្យ មន្ត្រី សេនាបតី កងទ័ព មេបាក្នុងសង្គមជាតិ យល់អំពី ករណីយកិច្ច និងកាតព្វកិច្ច និងសេចក្ដីចម្រើនលើគ្រប់វិស័យ ពុំអាក់ខានឡើយ ។
រៀបរៀង៖ រស់ ណុល
ឯកសារពិគ្រោះ ៖
–សៀវភៅ ព្រះបាទជ័យវរ្ម័ន ទី ៧ ដោយមីសែលត្រាណេ “សង្គម ខ្មែរ ក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី ៧ ឆ្នាំ ២០០៣ ។
–សៀវភៅ ” ដើម្បីយល់កាន់តែច្បាស់អំពីអង្គ ” ដោយ ហ្សក សឺដេស ” Pour Comprendre Angkor ”