ជំងឺទឹកនោមផ្អែមប្រភេទទី២ អាចប៉ះពាល់គ្រប់ក្រុមគ្រួសារទាំងអស់! តើយើងដឹងថាខ្លួនយើង ឬ ក៏មនុស្សជាទីស្រឡាញ់របស់យើងកំពុងប្រឈមខ្លាំងឬយ៉ាងណា?
កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២០ ក្រុមការងារកំណត់ត្រាទឹកនោមផ្អែមបានដាក់ឱ្យដំណើរការនូវមុខងារថ្មីមួយទៀតគឺ «ការវាយតម្លៃហានិភ័យជំងឺទឹកនោមផ្អែមប្រភេទទី២ » បន្ថែមលើមុខងារដែលមានស្រាប់ រួមមានដូចជា៖ កត់ត្រាទុកនូវកម្រិតជាតិស្ករសម្រាប់បង្ហាញ ឬ ផ្ញើទៅវេជ្ជបណ្ឌិត រាប់ចំនួនជំហានប្រចាំថ្ងៃ វីដេអូអប់រំ រូបភាពអប់រំ និង ឯកសារអប់រំទាក់ទងនឹង ជំងឺទឹកនោមផ្អែម ។ ក្នុងមុខងារថ្មីនេះ អនុញ្ញាតឱ្យលោកអ្នកអាចធ្វើការវាយតម្លៃពីកម្រិតហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២ តាមរយៈការឆ្លើយសំណួរនានាជាបន្តបន្ទាប់នៅក្នុងកម្មវិធីផ្ទាល់។ នៅចុងបញ្ចប់ លោកអ្នកនឹងទទួលបាននូវលទ្ធផល ដែលបង្ហាញពីពិន្ទុសរុប និង បញ្ជាក់ពីកម្រិតហានិភ័យផងដែរ។ ជាមួយនឹងមុខងារថ្មីនេះ លោកអ្នកក៏អាចធ្វើការផ្ញើចេញនូវលទ្ធផលនៃការវាយតម្លៃក្នុងទម្រង់ជា PDF ទៅកាន់វេជ្ជបណ្ឌិតឯកទេសបានផងដែរ ដើម្បីប្រឹក្សាយោបល់បន្ថែមអំពីស្ថានភាពផ្ទាល់របស់អស់លោកអ្នក។
*កំណត់ចំណាំ៖ កម្រងសំណួរនេះ គឺជាការវាយតម្លៃដោយប៉ាន់ប្រមាណតែប៉ុណ្ណោះ ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់នោះ លោកអ្នកត្រូវធ្វើតេស្ដឈាម និង ប្រឹក្សាជាមួយវេជ្ជបណ្ឌិតឯកទេស។(កម្រងសំណួរនេះ កែសម្រួលពី The Australian Type 2 Diabetes Risk Assessment Tool (AUSDRISK))
កម្មវិធីទូរស័ព្ទ «កំណត់ត្រាទឹកនោមផ្អែម » ជាគម្រោងមួយមិនស្វែងរកប្រាក់ចំណេញ បង្កើតឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹង វិធីការពារ ការថែទាំ និងការព្យាបាលជំងឺទឹកនោមផ្អែម។ កម្មវិធីដំណើរការនៅលើប្រព័ន្ធ iOS និង Android ដែលលោកអ្នកអាចទាញយកទៅប្រើប្រាស់បានដោយឥតគិតថ្លៃ។
- iOS: https://goo.gl/xrfxwa
- Android: https://goo.gl/qWPDNm
អត្ថបទដោយ៖ ក្រុមការងារកំណត់ត្រាទឹកនោមផ្អែម