បញ្ហាឯកជនភាព នាសម័យបច្ចេកវិទ្យាទំនើប គឺជារឿងដែលគ្រប់គ្នាត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត។
កម្មវិធីផ្ញើសារSignal គឺជាកម្មវិធី Encrypted ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ផ្ញើសារ និង ហៅទូរស័ព្ទតាមរយៈអ៊ីនធឺណេត។ Signalផ្តោតសំខាន់លើភាពឯកជនភាពរបស់អ្នកប្រើប្រាស់។ កម្មវិធីនេះ គាំទ្រការជជែកជាក្រុមនិង ការសន្ទនាតាមវីដេអូជាក្រុមផងដែរ។ Signal មានប្រភពពីកូដបើកចំហ(Open Source) ដែលត្រូវបានត្រួតពិនិត្យឡើងវិញ មានន័យថាឯកជនភាព និង សុវត្ថិភាព របស់ Signal ត្រូវបានត្រួតពិនិត្យដោយអ្នកជំនាញឯករាជ្យ។ Signal ជាកម្មវិធីមួយដែលឥតស្វែងរកប្រាក់ចំណេញ ហើយត្រូវបានបង្កើតឡើងដោយលោក Moxie Marlinspike អ្នកឯកទេស Cryptography ។ បច្ចុប្បន្នត្រូវបានអភិវឌ្ឍន៍ដោយ Signal Foundation និង Signal Messenger នាថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៨។
ចំនួនអ្នកប្រើប្រាស់ថ្មីដែលដំឡើងកម្មវិធីផ្ញើសារ Signal ជារៀងរាល់ថ្ងៃ មានរហូតដល់ ១ លាននាក់ហើយ ធ្វើឱ្យកម្មវិធីមួយនេះកាន់តែខិតជិតកម្រិតមួយ ដែលត្រូវបានគេមើលឃើញថានឹងក្លាយជាគូប្រជែងដ៏ធំរបស់កម្មវិធីផ្ញើសារ WhatsApp របស់ ក្រុមហ៊ុន Facebook បន្ទាប់ពីបានធ្វើបច្ចុប្បន្នភាពទាក់ទងទៅនឹង គោលការណ៍ និង ឯកជនភាព ដែលនាំឱ្យប៉ះពាល់ដល់សិទ្ធិរបស់អ្នកប្រើប្រាស់នៅជុំវិញពិភពលោក។
តាមការស្រាវជ្រាវរបស់ក្រុមហ៊ុន Apptopia បានឱ្យដឹងថាអ្នកប្រើប្រាស់ប្រហែលជា ៨១០,០០០នាក់ ជុំវិញពិភពលោកបានដំឡើងកម្មវិធី Signal កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ស្មើនឹង១៨ដង ប្រៀបធៀបនឹងចំនួននៃការទាញយកនៅថ្ងៃទី០៦ ខែមករា ជាថ្ងៃដែល WhatsApp ធ្វើបច្ចុប្បន្នភាពទាក់ទងទៅនឹង គោលការណ៍ និង ឯកជនភាពរបស់កម្មវិធីខ្លួន។
ជាមួយនឹងកំណែថ្មីទាក់ទងទៅនឹងគោលការណ៍ និង ឯកជនភាព កម្មវិធី WhatsApp រក្សាសិទ្ធិក្នុងការចែករំលែកនូវទិន្នន័យរបស់អ្នកប្រើប្រាស់ ដែលរួមមានដូចជា៖ ទីតាំងភូមិសាស្ដ្រ និងលេខទូរស័ព្ទ ជាមួយនឹងក្រុមហ៊ុនមេ Facebook និង កម្មវិធីផ្សេងទៀត ដូចជា៖ Instagram និង Messenger ជាដើម។
ក្រុមអ្នកតស៊ូមតិលើបញ្ហាឯកជនភាព បានចោទសួរអំពីការផ្លាស់ប្តូរនេះ ដោយលើកឡើងពីបញ្ហាទិន្នន័យរបស់អ្នកប្រើប្រាស់ ដែលធ្លាប់កើតមានក្នុងហ្វេសប៊ុកកាលគ្រាកន្លងទៅ។ ប៉ុន្មានថ្ងៃនេះ មានបុគ្គលល្បីៗជាច្រើន បានណែនាំឱ្យអ្នកប្រើប្រាស់ផ្លាស់ទៅប្រើកម្មវិធីផ្សេងៗ ដូចជា៖ Telegram និង Signal។
ដើម្បីដោះស្រាយនឹងចំនួនអ្នកប្រើប្រាស់ថ្មី Signalបានថ្លែងកាលពីថ្ងៃអាទិត្យថា ខ្លួនបានបន្ថែមម៉ាស៊ីនមេ (Server)បន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងកំណើនដ៏មមាញឹកនៃដំណើរចរាចរណ៍លើប្រព័ន្ធបណ្ដាញ។ រហូតមកដល់ពេលថ្មីៗនេះ កម្មវិធីឥតស្វែងរកប្រាក់ចំណេញ Signal ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយអ្នកសារព័ត៌មាន និង សកម្មជនសិទ្ធិមនុស្សដើម្បីស្វែងរករបៀបទំនាក់ទំនងថ្មីមួយ ដែលមានសុវត្ថិភាព និងមានកូដ Encrypted លើរាល់ទិន្នន័យរបស់ពួកគេ។
ស្របពេលដែលកម្មវិធីSignal មានកំណើននោះ កម្មវិធី WhatsApp បែរជាមានការធ្លាក់ចុះ ៧ ភាគរយនៃការទាញយក និង ការដំឡើងប្រចាំថ្ងៃ គិតត្រឹមថ្ងៃអាទិត្យ បើប្រៀបធៀបនឹងថ្ងៃពុធ ទី០៦ ខែមករា ដែលត្រូវបានទាញយកដោយអ្នកប្រើប្រាស់ជិត ១,២លាននាក់។ នេះបើយោងតាមការបង្ហាញរបស់ក្រុមហ៊ុន Apptopia ។