បើពុំទាន់ក្លាយជាពលរដ្ឋល្អក្នុងយុគសម័យឌីជីថលក្ដី យ៉ាងហោចណាស់ក៏យើងគួរធ្វើដំណើរលើវិថីដ៏ត្រឹមត្រូវក្នុងសម័យកាលនេះផងដែរ!
នាពេលបច្ចុប្បន្ននេះ ពលរដ្ឋនៅពាសពេញពិភពលោក ជាពិសេសនៅកម្ពុជាយើងផងដែរ បានភ្ជាប់ខ្លួនទៅកាន់វិស័យបច្ចេកវិទ្យាព័ត៌មាន ទាំងអ្នកខ្លះមានការយល់ដឹង និង ខ្លះទៀតក្នុងភាពស្រពិចស្រពិលនៅឡើយ។ មានវិធីសាស្ដ្រជាច្រើនដើម្បីភ្ជាប់ទំនាក់ទំនង និង ចែករំលែកព័ត៌មានក្នុងយុគសម័យឌីជីថលនេះ ជាពិសេសនោះគឺការប្រើប្រាស់បណ្ដាញសង្គម។ យើងពឹងផ្អែកលើវេទិកានៃប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ ដើម្បីរក្សាទំនាក់ទំនងជាមួយមិត្តភកិ្ដ មិត្តរួមការងារក្រុមគ្រួសារ តាមដានព័ត៌មាន និង ចែករំលែកគំនិតផ្ទាល់ខ្លួនទៅកាន់អ្នកដទៃជាដើម។
ជាមួយនឹងវេទិកាសង្គមទាំងអស់នេះ វាចាំបាច់ណាស់ដែលយើងត្រូវគិតគូរពីដំណើររបស់យើងនៅលើបណ្ដាញអ៊ីនធឺណេត។ តើយើងគួរប្រតិបត្តិខ្លួនបែបណានៅលើបណ្ដាញអ៊ីនធឺណេត ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អក្នុងយុគសម័យឌីជីថល?
ក្នុងនាមជាពលរដ្ឋល្អលើបណ្ដាញអ៊ីនធឺណេត ពុំមែនត្រឹមតែជាអ្នកប្រើប្រាស់ដែលមានសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែវាជាការទទួលខុសត្រូវប្រកបដោយភាពវៃឆ្លាត ក្រមសីលធម៌ គោរពនូវសេចក្ដីថ្លៃថ្នូរក្នុងភាពជាមនុស្ស ផ្ទាល់ខ្លួន និង អ្នកដទៃផងដែរ។ ជីវិតពិតជាពលរដ្ឋល្អរស់នៅក្នុងសង្គមជាតិបែបណា អ្នកគួរប្រតិបត្តិដូច្នោះដែរក្នុងសង្គមឌីជីថល។ ការរក្សាបាននូវពាក្យពេចន៍ដែលគេហៅថាជា ពលរដ្ឋល្អ គឺជាការរក្សាបាននូវតម្លៃមនុស្សជាតិ។
ចំណុចខ្លះៗ ដែលយើងគប្បីប្រតិបត្តិ និង មិនគួរប្រតិបត្តិ៖
ចូរប្រយ័ត្នចំពោះអ្វីដែលអ្នកបានចែករំលែកនៅលើបណ្ដាញអ៊ីនធឺណេត មានដូចជា៖ មតិយោបល់ រូបថត វីដេអូ និង អ្វីផ្សេងៗទៀត។ យើងកំពុងរស់នៅក្នុងសម័យឌីជីថល ពិតណាស់យើងចង់ចែករំលែក ឬ ចងក្រងជាឯកសារអំពីអ្វីគ្រប់យ៉ាងដែលយើងបានជួបប្រទះ ប៉ុន្តែការផ្សព្វផ្សាយព័ត៌មានជាក់លាក់អំពីខ្លួនយើង នឹងផ្តល់នូវលទ្ធភាពសម្រាប់អ្នកដទៃក្នុងការលួចយកព័ត៌មានផ្សេងៗទាក់ទងនឹងអត្តសញ្ញាណរបស់យើង។
ចំណុចខ្លះៗ ដែលយើងគួរប្រតិបត្តិ៖
• គោលការណ៍ឯកជនភាពផ្ទាល់ខ្លួន និង អ្នកដទៃ
• មានក្រមសីលធម៌ល្អ និង ទង្វើប្រកបដោយវិចារណញ្ញាណ
• គោរពច្បាប់ និង គោលការណ៍នៃបណ្ដាញសង្គមនានា ដែលយើងកំពុងតែប្រើប្រាស់ វាឆ្លុះបញ្ចាំងពីសង្គមជាតិមួយមានច្បាប់ទម្លាប់ដើម្បីគ្រប់គ្រង រីឯវេទិកាទាំងអស់នោះក៏ដូច្នោះដែរ
• ចេះស្វែងរកប្រភពព័ត៌មានពិត និង ច្បាស់ការណ៍
• ត្រូវមានស្មារតីប្រុងប្រយ័ត្ន និង ការទទួលខុសត្រូវខ្ពស់ជាដើម។
ចំណុចខ្លះៗ ដែលយើងពុំគួរប្រតិបត្តិ៖
• កុំតាំងខ្លួនជាអ្នកចេះដឹងក្នុងវិស័យបច្ចេកវិទ្យាខ្លាំងពេក (បច្ចេកវិទ្យាទំនើបដើរលឿនណាស់)
• កុំចែករំលែកនូវរាល់ព័ត៌មានមិនពិត ឬ អ្វីមួយដែលពុំមែនជាកម្មសិទ្ធិរបស់យើង ដែលនឹងបង្កឱ្យមានផលវិបាកផ្សេងៗ
• កុំឆាប់ជឿនូវអ្វីមួយ ដោយខ្វះមូលដ្ឋាននៃការពិចារណា
• កុំចំណាយពេលវេលាទំនេរ ជាមួយនឹងបណ្ដាញអ៊ីធឺណេតច្រើនពេក (ប្រសិនជាការចំណាយឥតប្រយោជន៍)
• រាល់ការប្រហែសទាំងឡាយ នឺងនាំមកនូវភាពអន្តរាយ…។
ចំណុចនានា ដែលបានរៀបរាប់សង្ខេបៗខាងលើនេះ ជាមូលដ្ឋាននៃការពិចារណាក្នុងការសម្រេចចិត្តធ្វើសកម្មភាពអ្វីមួយនៅលើបណ្ដាញអ៊ីនធឺណេត។ យើងត្រូវចងចាំថា យើងត្រូវធ្វើរឿងដែលនាំមកនូវប្រយោជន៍ដល់មនុស្សជាតិ ជាជាងធ្វើរឿងដែលនាំតែភាពអន្តរាយផងទាំងពួងនៅក្នុងយុគសម័យឌីជីថលនេះ៕
ដោយ៖ ពុតតាន់ បូណា