កាន់តែងាយស្រួលក្នុងការទំនាក់ទំនង ប្រឹក្សា និង ពិគ្រោះជំងឺ រវាងវេជ្ជបណ្ឌិតឯកទេស និង អ្នកជំងឺទឹកនោមផ្អែម!
កាលពីថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២១ ក្រុមការងារកំណត់ត្រាទឹកនោមផ្អែម បានដាក់ឱ្យដំណើរការមុខងារថ្មី«វេជ្ជបណ្ឌិត» ដែលនឹងផ្ដល់លទ្ធភាពដល់លោក លោកស្រីវេជ្ជបណ្ឌិតដែលកំពុងព្យាបាលជំងឺទឹកនោមផ្អែម និង អ្នកជំងឺទឹកនោមផ្អែម ដើម្បីសម្រួលដល់ការធ្វើទំនាក់ទំនងរវាងវេជ្ជបណ្ឌិត និង អ្នកជំងឺក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីត-១៩។
– សម្រាប់វេជ្ជបណ្ឌិត៖ លោក លោកស្រី អាចចុះឈ្មោះចូលរួមតាមរយៈ Telemedicine នៅក្នុងកម្មវិធីកំណត់ត្រាទឹកនោមផ្អែម ដើម្បីផ្ដល់នូវសេវាពិគ្រោះជំងឺតាមប្រព័ន្ធ Online (Telegram, Facebook Messenger, Skype and WhatsApp) និង តាមរយៈលេខទូរស័ព្ទផងដែរ។ បញ្ជាក់៖ រាល់ការចុះឈ្មោះ ក្រុមការងាររក្សាសិទ្ធិក្នុងការត្រួតពិនិត្យមើលខ្លឹមសារ មុននឹងអនុញ្ញាតឱ្យបង្ហាញឈ្មោះជាសាធារណៈ នៅលើកម្មវិធីកំណត់ត្រាទឹកនោមផ្អែម។
– សម្រាប់អ្នកជំងឺទឹកនោមផ្អែម និង សាធារណជនទូទៅ៖ លោក លោកស្រី អាចស្វែងរកវេជ្ជបណ្ឌិតឯកទេសទឹកនោមផ្អែម ដើម្បីធ្វើការប្រឹក្សា និង ពិគ្រោះជំងឺតាមប្រព័ន្ធ Online (Telegram, Facebook Messenger, Skype and WhatsApp) និង តាមរយៈលេខទូរស័ព្ទផងដែរ។
អាស្រ័យហេតុនេះ សូមលោក លោកស្រី ប្រិយមិត្តដែលកំពុងប្រើប្រាស់កម្មវិធីកំណត់ត្រាទឹកនោមផ្អែមទាំងអស់ ធ្វើការ Update App ដើម្បីទទួលបាននូវមុខងារថ្មីនេះ។
កម្មវិធីទូរស័ព្ទ «កំណត់ត្រាទឹកនោមផ្អែម » ជាគម្រោងមួយមិនស្វែងរកប្រាក់ចំណេញ បង្កើតឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹង វិធីការពារ ការថែទាំ និងការព្យាបាលជំងឺទឹកនោមផ្អែម។ កម្មវិធីដំណើរការនៅលើប្រព័ន្ធ iOS និង Android ដែលលោកអ្នកអាចទាញយកទៅប្រើប្រាស់បានដោយឥតគិតថ្លៃ។
- iOS: https://goo.gl/xrfxwa
- Android: https://goo.gl/qWPDNm
អត្ថបទដោយ៖ ក្រុមការងារកំណត់ត្រាទឹកនោមផ្អែម