ថ្ងៃនេះ ខ្ញុំលើកយកពាក្យជាបរិវារសព្ទមកបង្ហាញអ្នកទាំងអស់គ្នាជាបន្ដទៀត។ បរិវារសព្ទគឺជាសព្ទដែលប្រើសម្រាប់ហែហមភ្ជាប់នឹងសព្ទដើមក្នុងចំណោមកន្សោមពាក្យនីមួយៗ ពោលគឺប្រៀបធៀបដូចជាបរិវារដើម្បី សម្រួលដល់សម្ដីនិយាយ និង សំឡេងពិរោះផ្ដួលតាមសំឡេងសព្ទដើម ឱ្យមានភាពចាប់ចុងជួន សម្រួលដល់ការស្ដាប់ និង ដើម្បីពន្យល់ន័យសេចក្ដីនៃពាក្យខាងដើមឱ្យច្បាស់។ បរិវារសព្ទ ឬ ពាក្យគន្លាស់កាត់នេះយើងមិនចេះតែគន្លាស់តាមការនឹកឃើញនោះទេ គឺគន្លាស់ឱ្យត្រូវន័យនៃពាក្យផង។ ជាទូទៅក្នុងបរិវារសព្ទនេះ ពាក្យខាងដើមជាពាក្យដែលមានអត្ថន័យ រីឯពាក្យខាងចុងដែលត្រូវយកមកគន្លាស់ នោះឥតមានអត្ថន័យច្បាស់លាស់ទេ គឺគ្រាន់តែយកមកដើម្បីបញ្ជាក់ន័យនៃពាក្យខាងដើម។ ខាងក្រោមនេះជាបរិវារសព្ទនៃពាក្យ«កក្អាយ» ៖
យោងតាមវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត ៖
កក្អាក (ក៏-) (កិរិយាវិសេសនៈ) ដែលឮសូរក្អាកៗ ច្រើនដង (សើច) ៖ សើចកក្អាក (ម. ព. ក្អាកៗ ) ។
កក្អាយ (ក៏-) (បរិវារសព្ទ) សម្រាប់និយាយផ្សំនឹងពាក្យ កក្អាក ៖ សើចកក្អាកកក្អាយ ។
អាស្រ័យហេតុនេះ បរិវារសព្ទនៃពាក្យ«កក្អាយ» អាចគន្លាស់បានជាពាក្យ «កក្អាយដោយសើចសាបាក គឺកក្អាកដោយសើចសប្បាយ » មានន័យថា ដែលឮសូរសើចសប្បាយ ឬ សើចកក្អាកកក្អាយ ។ល។