សប្ដាហ៍នេះខ្ញុំលើកយកពាក្យចំនួនពីរទៀត ដែលមានសូរដូចគ្នាប៉ុន្តែន័យនៃពាក្យខុសគ្នាមកបង្ហាញជូនដល់អ្នកទាំងអស់គ្នាដើម្បីបានជាគតិ និង ជាប្រយោជន៍ក្នងការប្រើប្រាស់ពាក្យពេចន៍ឱ្យបានត្រឹមត្រូវ និង សម្រាប់ជាការពិចារណាទាំងអស់គ្នាក្នុងភាសាជាតិយើង។ ខាងក្រោមនេះជាអត្ថន័យនៃពាក្យទាំងពីរនេះ ៖
ក្រាស (ន) ប្រដាប់សម្រាប់សិតសក់ មានធ្មេញច្រើនដូចជាស្និត តែធំៗ ជាងស្និត ។ ឈ្មោះអណ្តើកសមុទ្រមួយប្រភេទ ស្នូកមានពណ៌ថ្លា ធ្វើជាក្រាសសិតសក់ ឬ ជាប្រអប់ ជាដើម ក៏បាន ។
ក្រាស (ន) ពន្លកស្លាបខ្ចីដែលទើបនឹងដុះរង្វើលៗ ខ្លីៗ នៃកូនសត្វបក្សី។ ឧទាហរណ៍៖ កូនក្អែកទើបនឹងដុះក្រាស ។
ក្រាស់ (គុ ) ដែលមានកម្រាស់, ទីទៃពីស្តើង ឧទាហរណ៍៖ ក្តារក្រាស់, សំពត់ក្រាស់ ។ ក្រាស់ក្រែល គឺច្រើនល្មម ឧទាហរណ៍៖ មានសម្បត្តិក្រាស់ក្រែល, មានធនធានក្រាស់ក្រែល ។ ក្រាស់ក្រៃ គឺច្រើនពេក ឧទាហរណ៍៖ មនុស្សច្រើនក្រាស់ក្រៃ ។