ទិដ្ឋភាពខ្លះនៃអក្សរសិល្ប៍ខ្មែរ
អក្សរសិល្ប៍ខ្មែរ មានប្រភពកំណើតជាមួយនឹងមនុស្សដែរ និងមានការទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងសភាពការណ៍ប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ ព្រមទាំងទទួលឥទ្ធិពលយ៉ាងខ្លាំងពីសាសនាធំពីរគឺ ព្រហ្មញ្ញសាសនា និងពុទ្ធសាសនា ។ ព្រោះហេតុនោះហើយបានជា អក្សរសិល្ប៍ខ្មែរមានការវិវត្តរីកចម្រើន និងប្រែប្រួល ទៅតាមសម័យកាលនៃប្រវត្តិរបស់សង្គមខ្មែរ ។
គេបានរកឃើញស្នាដៃអក្សរសិល្ប៍ខ្មែរ ដែលនៅមានសេសសល់ តាំងពីសម័យមុនអង្គរ ។ ពេលនោះ គេនិយមប្រើភាសាសំស្ក្រឹត ជាភាសាអ្នក អក្សរសាស្ត្រ និងជាភាសាពិសិដ្ឋ ។ ការនិយមប្រើភាសាសំស្ក្រឹត ជាភាសាពិសិដ្ឋនេះ មានបន្តរហូតសល់សម័យអង្គរ ។ អ្នកប្រាជ្ញខាងបុរាណវិទ្យា បានរកឃើញសិលាចារឹកជាភាសាខ្មែរ និង ភាសាសំស្ក្រឹត ជិត ២.០០០ ផ្ទាំង ដែលគេបានចារទុកតាមប្រាសាទនានា នៅលើទឹកដីដ៏ធំទូលាយរបស់អាណាចក្រខ្មែរបុរាណ ។ សិលាចារឹកជាភាសាសំស្ក្រឹត ដែលមានចំណាស់ជាងគេ គឺ សិលាចារឹក វ៉ូកាញ បច្ចុប្បន្ននៅក្នុងតំបន់ញ៉ាត្រាង ប្រទេសវៀតណាម ដែលមានអាយុតាំងពីសតវត្សទី ៣ គ.ស ។ រីឯសិលាចារឹកជាភាសាខ្មែរ ដែលយើងរកឃើញ នៅត្រង់តំបន់អង្គរបុរី ខេត្តតាកែវ មានចុះកាលបរិច្ឆេទ ៥៣៣ នៃមហាសករាជ គឺត្រូវនឹងឆ្នាំ ៦១១ គ.ស ។ តែទោះបីអក្សរសិល្ប៍ខ្មែរមានចំណាស់ដ័យូរលង់រាប់ពាន់ឆ្នាំ និងមានចំនួនមិនតិចជាងចំនួនប្រសាទបុរាណក៏ដោយ ក៏អក្សរសិល្ប៍ខ្មែរមិនសូវល្បីរន្ទឺទៅខាងក្រៅ ដូចដែលគេតែងស្គាល់ និងកោតសរសើរចំពោះស្នាដៃសិល្បៈខ្មែរឡើយ ។ អត្ថបទ និងខ្លឹមសារនៃអក្សរសិល្ប៍ ទោះបីគេមើលមិនឃើញសំបើមដូចជាប្រាសាទអង្គរវត្ត ក៏ដោយ ក៏មានសារសំខាន់យ៉ាងខ្លាំង ជួយឱ្យអ្នកប្រាជ្ញ អ្នកសិក្សាស្រាវជ្រាវ រកឃើញពន្លឺខ្លះ ក្នុងការស្វែងយល់អំពីប្រវត្តិសាស្ត្រ អំពីវប្បធម៌ និងអរិយធម៌ របស់មនុស្សខ្មែរជំនាន់មុន ។
ដូចយើងបានបញ្ជាក់ខាងលើស្រាប់មកហើយថា អក្សរសាស្ត្រខ្មែរ ពុំមែនមានតែធាតុរបស់ខ្លួនមួយដាច់ដោយឡែក កកើតឡើងតែឯងទេ ប៉ុន្តែវាមានទំនាក់ទំនងជាច្រើនជាមួយនឹងអក្សរ–សាស្ត្រ និងភាសាឯទៀតដែលហូរចូលមកពីខាងក្រៅ ដូចជាភាសាសំស្ក្រឹត បាលី និងភាសានៃប្រទេសជិតខាង ភូមិផងរបងជាមួយ មានភាសាថៃ ចិន ជាដើម ។ នៅក្នុងការវិវឌ្ឍន៍ និងសាកល្បងរាប់ពាន់ឆ្នាំ អក្សរសាស្ត្រមួយនេះ បានប្រែប្រួលទៅរកសុក្រឹតភាព និងបង្កើតបានអត្តភាពមួយដោយឡែករបស់ខ្លួន ដោយប្រើប្រាស់ពាក្យពេចន៍របស់ខ្លួនផង និងពាក្យដែលខ្ចីពីភាសាសំស្ក្រឹត បាលី និងភាសាដទៃឯទៀតផង ទៅតាមក្បួនខ្នាតនៃភាសាខ្មែរ ទៅតាមទេពកោសល្យ ច្នៃប្រឌិតនៃអ្នកប្រាជ្ញ កវី និពន្ធខ្មែរ ដែលមានតាំងពីបុរាណ ដ៏យូរលង់មក ។ ហើយក្បួនខ្នាត ដែលខ្មែរមានតាំងពីបុរាណមកនោះហើយ ។ គឺជាមូលដ្ឋានគ្រឹះ យ៉ាងរឹងនៃការវិវឌ្ឍន៍រីកចម្រើននៃអក្សរសាស្ត្រ និង អក្សរសិល្ប៍ជាតិ ក៏ដូចជាមូលដ្ឋាននៃការវិវឌ្ឍន៍រីកចម្រើនរបស់វប្បធម៌ និងសង្គមខ្មែរដែរ ។
ប៉ុន្តែ ពេលវេលដែលបានកន្លងទៅរាប់សតវត្ស និងមហន្តរាយដោយសារសង្គ្រាមជាញឹកញយ បានធ្វើឲ្យបាត់បង់ក្បួនខ្នាត និងកេរមរតកខាងអក្សរសាស្ត្ររបស់យើងយ៉ាងច្រើនមិនដឹងជាអស់ប៉ុន្មានទេ តែទោះបីយ៉ាងណា ក៏យើងឃើញមានសេសសល់ស្នាដៃយ៉ាងច្រើន ដែលយើងរក្សាបានរហូតដល់សព្វថ្ងៃ ។ អក្សរសិល្ប៍ខ្មែរ មានលក្ខណៈទូទៅ ប្រហែល ៗ គ្នា ក្នុងសម័យកាលមួយ ៗ ប៉ុន្តែមានសំនួនវោហារ និងគោលគំនិត ប្លែក ៗ គ្នា ពីសម័យមួយទៅសម័យមួយ ដែលធ្វើឱ្យសម័យនីមួយ ៗ មានលក្ខណៈផ្ទាល់របស់ខ្លួន ។
ប្រជាពលរដ្ឋខ្មែរ ជាអ្នកបង្កើតអង្សរសិល្ប៍ផ្ទាល់របស់ខ្លួន ប្រកបទៅដោយគតិបណ្ឌិតតាមរយៈសំនួនវោហារនៃភាសាខ្មែរ ។ អក្សរសិល្ប៍នេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា នៅក្នុងអក្សរសិល្ប៍ខ្មែរ ពុំមែនមានតែធាតុវប្បធម៌របស់ជាតិខ្លួនផ្ទាល់ទេ ប៉ុន្តែគេឃើញមានចរន្តនៃអរិយធម៌ វប្បធម៌ក្រៅហូរចូលមកលាយឡំជាច្រើន ។ ប៉ុន្តែ ប្រការគួរចាប់អារម្មណ៍នោះ គឺអ្វីដែលខ្មែរទទួលយក លុះតែអ្វីនោះ វាស្របនឹងចិត្តគំនិតរបស់ខ្លួន ហើយដែលខ្លួនអាចសម្របសម្រួល ទៅតាមលក្ខណៈក្បួនខ្នាតរបស់ខ្លួន រហូតដល់អ្វី ៗ ទាំងអស់នោះ បានក្លាយទៅជាមានលក្ខណៈមួយទៀត ខុសប្លែកពីរូបភាពដើមទាំងស្រុង ហើយប្រែក្លាយទៅជាស្នាដៃដែលមានលក្ខណៈពិសេសរបស់ខ្មែរ។ ព្រោះហេតុនេះហើយបានជា ពាក្យសំស្ក្រឹត បាលី បានរលាយទាំងរូប ទាំងសូរទៅក្នុងសំនៀងនៃភាសាខ្មែរ រហូតដល់គេស្ទើរតែមិនបានដឹងថា ពាក្យនេះមានប្រភពចេញពីភាសា ដែលគេនាំចូលមកពីប្រទេសឥណ្ឌាទៀតផង ។ ស្នាដៃអក្សរសិល្ប៍ដ៏ល្បីល្បាញរបស់ឥណ្ឌា គឺរឿងរាមាយណៈ បានប្រែរូពរាង និងខ្លឹមសារទៅជារឿងមួយទៀត ដែលខ្មែរហៅថា “រឿងរាមកេរ្តិ៍” ។ តាមការសិក្សាស្នាដៃរបស់ខ្មែរ គេឃើញថា ទោះបីគេបានរក្សាទុកឈ្មោះរបស់តួអង្គ ទីកន្លែងឲ្យនៅស្រដៀងនឹងឈ្មោះដើម ក៏ប៉ុន្តែ ខ្លឹមសាររបស់វាមានលក្ខណៈខុសគ្នាស្រឡះពីរឿងរាមាយណៈរបស់ឥណ្ឌា ។ អត្ថបទនៃរឿងរាមកេរ្តិ៍ បានបង្ហាញឲ្យឃើញថា ពុំមែនជាអត្ថបទបកប្រែចេញពីអត្ថបទរបស់ឥណ្ឌាទេ ប៉ុន្តែជាស្នាដៃមួយ ដែលមានអត្ថរូប និងអត្ថន័យផ្ទុយពីរឿងរាមាយណៈ ។
គេបានដឹងថា នៅក្នុងសង្គមខ្មែរបុរាណ មានស្រទាប់វណ្ណៈក្នុងសង្គមដែរ តែមិនឃើញមានការប្រកាន់វណ្ណៈ និង បែងចែកវណ្ណៈ ហើយគ្មានការការពារវណ្ណៈ ការពារមនោគមវិជ្ជារបស់វណ្ណៈ ដូចពួកព្រាហ្មណ៍ការពារមនោគមវិជ្ជារបស់ខ្លួន នៅប្រទេសឥណ្ឌាទេ ។
ក្នុងរឿងរាមាយណៈ គេបានធ្វើឱ្យព្រះរាមចុះពីស្ថានទេវលោក មកស្ថានមនុស្សលោក រួចវិលត្រឡប់ទៅស្ថានទេវលោកវិញ ប៉ុន្តែ ចំពោះព្រះរម នៅក្នុងរឿងរាមកេរ្តិ៍វិញ គឺជាទេវៈដែលគេធ្វើឱ្យក្លាយមកជាវីរជន ជាមនុស្សធម្មតា ដើម្បីរស់នៅក្នុងស្ថានមនុស្សដែលជាប់ជំពាក់ទៅដោយទំនាស់ និងមនោសញ្ចេតនាដូចមនុស្សធម្មតា ។ ស្នាដៃរឿងរាមកេរ្តិ៍ខ្មែរ បង្ហាញនូវទំនាស់រវាងសាសនាព្រាហ្មណ៍និងសាសនាព្រះពុទ្ធនៅសម័យអង្គរ ហើយរឿងរាមកេរ្តិ៍ ទាំទ្រទស្សនៈរបស់ពុទ្ធសាសនា ប្រឆាំងនឹងទស្សនៈសាសនាព្រាហ្មណ៍ ។
ចំពោះអក្សរសិល្ប៍ ដែលទទួលឥទ្ធិពលពីពុទ្ធសាសនាវិញ គេឃើញថាមិនមានការផ្លាស់ប្ដូរទាំងស្រុង ដូចក្នុងរឿងរាមកេរ្តិ៍ទេ ។ ប៉ុន្តែ ការដែលគេទទួលយករូបភាព និង ខ្លឹមសារនៃរឿងជាតកខ្លះនោះ ក៏ព្រោះតែអត្ថរូប និងអត្ថន័យនៃរឿងទាំងនោះ វាសមស្របទៅនឹងលក្ខណៈសោភ័ណ និងមនោគមវិជ្ជាខ្មែរ ។
នៅក្នុងការផ្លាស់ប្ដូរទម្រង់រូបភាព និងខ្លឹមសារ ពីរូបភាពដើមឱ្យមកជាខ្មែរ ទោះជាក្នុងភាសាក្ដី ក្នុងសិល្បៈក្ដី ឬ អក្សរសិល្ប៍ក្ដី ខ្មែរតែងរក្សាគោលគំនិតពីរសំខាន់គឺ ប្រាកដនិយម និងសមហេតុសមផលនិយម ។ គឺដោយផ្អែកលើទស្សនៈទាំងពីរខាងលើនេះហើយបានជា អ្នកនិពន្ធរឿងរាមកេរ្តិ៍ បានធ្វើឱ្យព្រះរាមក្លាយមកជាមនុស្ស ។
ពិតមែនហើ នៅក្នុងអក្សរសិល្ប៍ខ្មែរ គេឃើញមានតួអង្គដែលមិនមែនមនុស្សមិនតិចទេ ដូចជាតួអង្គទេព្តា – យក្ស – ខ្មោច – សត្វ ឬដើមឈើ…. – ល – ដែលគេនិយមហៅថា តួអង្គអស្ចារ្យ ។ ប៉ុន្តែអត្ថបទទាំងនោះ បានឆ្លុះបញ្ចាំងតាមរយៈការវិភាគអក្សរសិល្ប៍ឱ្យឃើញនូវលក្ខណៈប្រាកដនិយម លក្ខណៈមនុស្សនិយម ឬ លក្ខណៈសង្គមនៃតួអង្គអច្ឆរិយៈទាំងនោះ ។
ជាទូទៅ នៅក្នុងអក្សរសិល្ប៍ខ្មែរ គេមិនសូវនិយមអ្វីដែលជាជំនឿមិនសមហេតុទៅលើអាទិទេព ឬ តួអង្គដែលមានលក្ខណៈអស្ចារ្យហួសនិស្ស័យនឹងជឿបាននោះទេ ។ ផ្ដើមចេញពីគំនិតនោះ ទើបអ្នកនិពន្ធខ្មែរ ធ្វើឱ្យអាទិទេពទាំងអស់ ក្លាយជាមនុស្ស ទាំងរូបរាងកាយ ទាំងសកម្មភាព ទាំងចិត្តគំនិត ទាំងមនោសញ្ចេតនា ។ ព្រោះពោធិសត្វក្នុងរឿងខ្មែររស់នៅ និងប្រព្រឹត្តអំពើផ្សេង ៗ ដូចមនុស្សធម្មតា ធ្វើការផ្សងព្រេង ស្វែងរកចំណេះវិជ្ជា ជាប់ជំពាក់នឹងសេចក្ដីស្នេហា ពិសេស នៅក្នុងរឿងបញ្ញាសជាតក តួអង្គពោធិសត្វ ធ្វើសកម្មភាពមានលក្ខណៈអស្ចារ្យផង និងលក្ខណៈមនុស្សផង ។ ដូច្នេះ បានជាខ្មែរនិយមរាប់អានជាតកទាំងនោះ ទៅតាមលក្ខណៈរបស់តួអង្គនោះឯង ។ គេនិយមរឿងមហាវេស្សន្តរជាតកជាងគេ មកពីតួអង្គព្រះវេស្សន្តរ មានលក្ខណៈមនុស្សច្រើនជាងតួអង្គពោធិសត្វឯទៀត ។ នៅក្នុងការស្វែងរកសម្មាសម្ពោធិញ្ញាណ ព្រះវេស្សន្តរបានបំបេញទានបារមី ទាំងពាហិរទាន ទាំងអជ្ឈត្តិកទាន តែចុងបំផុត ព្រះអង្គទ្រង់យាងមកសោយរាជ្យវិញដដែល ពោលគឺ មិនអាចចៀសផុតពីការបង្ខំរបស់សង្គម ពីភារកិច្ចក្នុងគ្រួសារ និង មិនអាចកាត់ផ្ដាច់មនោសញ្ចេតនា ក្នុងឋានៈជាមនុស្សបានឡើយ ។
ដូច្នេះ យើងឃើញថា ខ្មែរបានធ្វើឱ្យអាទិទេព និងភាពអស្ចារ្យ ដែលមាននៅក្នុងគម្ពីររបស់ឥណ្ឌា ក្លាយទៅជាមានលក្ខណៈមនុស្ស លក្ខណៈប្រាកដនិយមសមហេតុផល ល្មមអាចជឿបាន ធ្វើតាមបាន ប្រព្រឹត្តតាមបាន នៅក្នុងអក្សរសិល្ប៍ខ្មែរ ។ នៅក្នុងគំនិតប្រាកដនិយមរបស់ខ្មែរ គេមិនគ្រាន់តែធ្វើឱ្យអាទិទេពក្លាយមកជាមនុស្សទេ ឬ ធ្វើឱ្យអច្ឆរិយៈក្លាយជាតថៈទេ ប៉ុន្តែគេប្រើលក្ខណៈប្រាកដនិយម ធ្វើជាមធ្យោបាយនៃសកម្មភាពតែម្ដង ។ ប្រសិទ្ធភាពនៃសកម្មភាព មិនផ្សារភ្ជាប់ទៅនឹងបរមត្ថវិជ្ជាទេ ប៉ុន្តែទៅនឹងការអនុវត្តជាក់ស្ដែង ដែលឈរលើមូលដ្ឋាននៃពុទ្ធិ គឺការចេះដឹងពិតប្រាកដ និងដោយប្រុងប្រយ័ត្នរបស់សភាវៈ និង ផលប្រយោជន៍ ។
ព្រោះហេតុនេះបានជា យើងឃើញនៅក្នុងកម្រងច្បាប់ផ្សេង ៗ មានកំណាព្យ ឧបទេស ពោរពេញទៅដោយគតិបណ្ឌិតប្រជាប្រិយខ្មែរ ។ ច្បាប់ទាំងឡាយនោះ សំដៅអប់រំទូន្មានតាមភាសាមួយ ប្រកបដោយរូបារម្មណ៍ យ៉ាងពិរោះចំពោះមនុស្សគ្រប់ស្រទាប់សង្គម ចាប់តាំងពីអ្នកដឹកនាំផែនដី មានព្រះមហាក្សត្រជាដើម រហូតដល់មន្ត្រី ព្រះសង្ឃ អ្នកមាន អ្នកក្រ ឈ្មួញ អ្នកបំរើ ក្មេង ចាស់ ទាំងស្រី ទាំងប្រុស ។ វត្ថុបំណងរបស់ច្បាប់ទាំងនោះគឺ ចង់ឱ្យសមាជិកទាំងអស់ក្នុងសង្គមខ្មែរ ស្គាល់ក្បួនច្បាប់ក្នុងការស់នៅ ប្រព្រឹត្តខ្លួនឲ្យបានល្អ ក្នុងសង្គមនិងមានសុភមង្គល ។ ប៉ុន្តែ ដើម្បីរស់បានសុខ ប្រាសចាកភយន្តរាយ គេត្រូវតែប្រុងប្រយ័ត្ន ត្រូវតែរិះគិតពិចារណា តាមលក្ខណៈប្រាកដនិយមនៃស្ថានការណ៍ ដែលប្រែប្រួល និងឱកាសដែលនាំទៅដល់គោលបំណងដែលខ្លួនចង់បាន ។
នៅក្នុងរឿងព្រេងនិទានខ្មែរ យើងឃើញតួអង្គនីមួយ ៗ ទោះជាសត្វក្ដី ឬជាមនុស្សក្ដី សុទ្ធតែប្រើប្រាស់បញ្ញាស្មារតី និងពេលវេលាដែលខ្លួនមាន សំរាប់ជាមធ្យោបាយក្នុងការរំដោះខ្លួន និង ជួយអ្នកដទៃឲ្យរួចពីគ្រោះថ្នាក់ តួយ៉ាងដូចជានៅក្នុងរឿងសុភាទន្សាយ ជាដើម ។ ទន្សាយ បានប្រើកលល្បិចបោកបញ្ឆោតអ្នកខ្លាំង ដើម្បីជួយអ្នកខ្សោយ ហើយជួនកាលរហូតដល់ភូតកុហកផង ។ ប៉ុន្តែ ដោយពិតទៅ នេះជាសីលធម៌មួយក្នុងការអនុវត្តជាក់ស្ដែង ស្របទៅតាមស្ថានភាព ពេលវេលា ទីកន្លែងជាក់ស្ដែង ដើម្បីដោះស្រាយបញ្ហាមួយឲ្យមានប្រយោជន៍ជាក់ស្ដែងដែរ ។ ហើយសីលធម៌ជាអ្នកស្លូតបូត ជាអ្នកស្រឡាញ់សច្ចៈ យុត្តិធម៌នេះ មាននៅក្នុងផ្នត់ចិត្តគំនិតខ្មែរ តាំងពីរាប់ពាន់ឆ្នាំកន្លងមក រហូតដល់ជួនកាល ក៏ទទួលរងគ្រោះ ដោយសារការជឿការទុកចិត្ត ការស្រឡាញ់រាប់អាន និងការសន្ដោសប្រណី និង ព្រហ្មវិហារធម៌ ក៏មាន ។
ដោយសារខ្មែរមិនមានជំនឿទៅលើអ្វីដែលហួសហេតុ គេក៏មិនសូវឃើញមានរឿងសោក–នាថកម្មដែរ ផ្ទុយទៅវិញ គេច្រើនឃើញរឿងកំប្លែង សប្បាយប្រកបដោយ សុទិដ្ឋិនិយម ចំអកតាមបែបប្រាកដនិយម ប្រកបដោយមនោសញ្ចេតនា អាណិតអាសូរ ។ គេមិនចូលចិត្តឱ្យតួអង្គប្រាសព្រាត់គ្នា កាប់សម្លាប់គ្នាឥតប្រយោជន៍ទេ គេច្រើនបញ្ចប់រឿង ដោយឱ្យតួអង្គជួបជុំគ្នា ។ គឺដោយហេតុនេះហើយបានជា ខ្មែរនិយមរឿងជាតក ។ នៅក្នុងរឿងល្ខោនខ្មែរក្ដី គេគ្រាន់តែឱ្យតួអង្គកំសត់ តែមិនឱ្យស្លាប់ទេ បានជានៅពេលគេទាល់ច្រកម្ដង ៗ អ្នកនិពន្ធងាកទៅរកកម្លាំងផក្រៅខ្លួន មានជំនួយរបស់ទេវៈ ឬអច្ឆរិយៈ មកជួយសម្រាលស្ថានភាពរបស់រឿង គឺដើម្បីបន្ធូរវិញ ព្រោះខ្មែរចូលចិត្តសើចផង យំផង ។ ពេលជួបគ្នាក៏យំ ពេលបែកគ្នាក៏យំ ។ ការធ្វើឱ្យយំ ឱ្យសើចនេះ មិនមែនជាលក្ខណៈសោភ័ណរបស់អក្សរសិល្ប៍ខ្មែរទេ តែនេះគ្រាន់តែបង្ហាញនូវលក្ខណៈចិត្តសាស្ត្រ តែប៉ុណ្ណោះ ។
ប៉ុន្តែ រឿងទុំទាវមានលក្ខណៈពិសេស ដោយសារលក្ខណៈសោកនាថកម្មរបស់វា ។ អ្នកសិក្សារឿងនេះភាគច្រើន វាយតំលៃថា ជារឿងសោកនាថកម្មគួរឱ្យភ័យខ្លាច ហើយពិបាកនឹងទទួលយកបានផង ។ ទុំទាវ ជាស្នាដៃឯក នៃអក្សរសិល្ប៍ខ្មែរសុទ្ធសាធប្រៀបបានទៅនឹងរឿងរ៉ូម៉េអូ និង ស៊ុល្លីយែតរបស់អង់គ្លេស ។ តួអង្គមានកំហុសក្នុងការស្រឡាញ់គ្នា ដោយឥតបានគិតពីអ្វីទាំងអស់ ហើយនាំគ្នាស្វែងរកភាពដាច់ខាតមួយ នៅក្នុងសង្គមមួយ ដែលមិនអាចរកលក្ខណៈដាច់ខាតនេះបាន ដូច្នេះ មានតែនៅក្នុងពិភពមរណទេ ទើបអាចរកឃើញនូវភាពដាច់ខាតនោះ ។ ដោយសារលក្ខណៈជ្រុលហួសហេតុខ្លះ នៅក្នុងសកម្មភាពទំនាក់ទំនងរវាងយុវជនទាំងពីរ ប្រៀបទៅនឹងច្បាប់សីលធម៌ ទំនៀមទម្លាប់របស់ខ្មែរ បានជាមហាជនគេមិនសូវគាំទ្រ ចំពោះមរណៈរបស់តួអង្គ ប៉ុន្តែ គេក៏មិនបានគាំទ្រចំពោះច្បាប់របស់ខ្មែរជំនាន់នោះ ព្រមទាំងសង្គម និងអ្នកកាន់អំណាចនៅស័យនោះដែរ ។ ហេតុដូច្នេះហើយបានជាតួអង្គទុំទាវ ទោះបីបានជាតួអង្គឈានមុខក្នុងចំណោមតួអង្គទាំងឡាយមែន ប៉ុន្តែមិនបានទទួលស្គាល់ជាតួអង្គគំរូឡើយ ។ ទាំងនេះ មកពីទស្សនៈប្រាកដនិយមដែរ គឺថា ស្នេហាមិនមែនដើម្បីស្លាប់ទេ ការស្វែងរកសុក្រឹតភាព មិនមែនសំរាប់ប្រើនៅពេលអនាគត ដែលមិនទាន់មកដល់ទេ ។ អ្វី ៗ ត្រូវតែប្រព្រឹត្តទៅនៅលើលោកយើងនេះ ទោះបីជាអំពើកុសល ឬ អកុសល ក៏ដោយ ។ គេឃើញមានទស្សនៈកម្មផល ពិសេស ក្នុងរឿងជាតកខ្មែរ នៅក្នុងអក្សរសិល្ប៍ខ្មែរ ក៏ដូចជាក្នុងអក្សរសិល្ប៍នៃបណ្ដាប្រទេស ដែលទទួលឥទ្ធិពល ពុទ្ធសាសនា នៅអាស៊ីអាគ្នេយ៍ ។ គេជឿថា ភ័ព្វវាសនារបស់មនុស្សម្នាក់ ៗ ជាផលនៃអំពើរបស់ខ្លួនពីជាតិមុន ។ ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្ដែង សកម្មភាពរបស់មនុស្សម្នាក់ ៗ វាទាក់ទងទៅនឹងបរិយាកាសសង្គមបច្ចុប្បន្ន ។ ផ្នត់ចិត្តគំនិតខ្មែរ គឺជួយស្រោចស្រង់ គាំទ្រអ្នកណាដែលធ្វើអំពើល្អ ដូច្នេះ គេមិនឱ្យតួអង្គល្អនោះស្លាប់ដោយងាយ ៗ ទេ ។ គេចង់ឱ្យរឿងទាំងឡាយ បញ្ចប់ដោយសប្បាយរីករាយ ជួបជុំគ្នា មូលត្រកូលគ្នា ។ ក៏ប៉ុន្តែ នៅក្នុងច្បាប់សីលធម៌ខ្មែរ គេក៏មិនបានអប់រំឱ្យមនុស្សទាំងអស់ មានសុទិដ្ឋិនិយមជ្រុលហួសហេតុដែរ ។ គេបានបង្ហាញអំពីភាពស្មុគស្មាញនៃជីវិត ដែលពោរពេញទៅដោយបញ្ហាពិបាកដោះស្រាយ ។ ដូច្នេះ ម្នាក់ ៗ ត្រូវតែប្រុងប្រយ័ត្ន ចៀសវាងការបណ្ដោយខ្លួនទៅតាមព្រេងវាសនា ព្រោះសង្គមនីមួយ ៗ មានច្បាប់ ទម្លាប់ដោយឡែករបស់សង្គមនោះ ។
ដូច្នេះហើយបានជា គេឃើញមានការគាបសង្កត់ ការរំលោភបំពាន និងទំនាស់មិនអស់មិនហើយ នៅក្នុងរឿងព្រេងខ្មែរ ។ ជួនកាលរឿងតូចតាច ក៏ក្លាយជាធំ រហូតដល់ព្រះមហាក្សត្រ ទើបអាចកាត់សេចក្ដីបាន ។ ដើម្បីរកយុត្តិធម៌ឱ្យអ្នកខ្សត់ខ្សោយ នៅក្នុងអក្សរសិល្ប៍ខ្មែរ គេនិយមយកសត្វទន្សាយ ដែលជាសត្វស្លូត ទន់ខ្សោយ ឱ្យធ្វើជាតំណាងតុលាការ ។ ទន្សាយ គ្មានអំណាច គ្មានកម្លាំងកាយយកមកប្រើ ដើម្បីតទល់នឹងអ្នកខ្លាំង ក្នុងការដោះស្រាយបញ្ហាទេ គឺប្រើតែកម្លាំងបញ្ញាមួយប៉ុណ្ណោះ ។ មានជួនកាល ទន្សាយ ក៏ទទួលផលកំរៃពីគូក្ដី ទាំងសងខាងដែរ តែនេះគ្រាន់តែជាការបង្ហាញឲ្យឃើញនូវផលអាក្រក់ នៃរឿងក្ដី ដែលទាំងអ្នកឈ្នះ ទាំងអ្នកចាញ់ សុទ្ធតែខាតបង់ទាំងអស់គ្នា និងជាការចំអកឱ្យអង្គការតុលាការនៅក្នុងជំនាន់មុន ៗ នោះផង ។ រឿងរ៉ាវទាំងនេះ សុទ្ធតែបង្ហាញឱ្យឃើញនូវការពិត ដែលកើតមាននៅក្នុងសង្គមខ្មែរពីបុរាណ ។ ការបង្ហាញភាពប្រាកដនិយមមួយទៀតគឺ គេបញ្ចូលឥទ្ធិពល និង គុណធម៌របស់ពោធិសត្វ ទៅក្នុងតួអង្គរបស់មហាក្សត្រ ។ មហាក្សត្រខ្មែរ ដែលតាំងពីបុរាណមក ប្រកបដោយទសពិតរាជធម៌ ព្រះអង្គជាតំណាងគតិយុត្តិធម៌ ជូនប្រជារាស្ត្រ របស់ព្រះអង្គ ។ ព្រះអង្គជាតុលាការកំពូលរបស់ប្រជារាស្ត្រ ។
ម្យ៉ាងទៀត អត្ថបទអក្សរសិល្ប៍ខ្មែរ បង្ហាញនូវលក្ខណៈសមហេតុច្រើនជាងការបង្ហាញពីភាពអស្ចារ្យ ប៉ុន្តែបើមានខ្លះនោះ ជាឥទ្ធិពលដែលទទួលពីខាងក្រៅ ជាពិសេស នៅក្នុងប្រភេទសាស្ត្រាល្បែង ។ ជួនកាល គេឃើញថា សាច់រឿងវែងអន្លាយ ដែលបង្ហាញនូវសកម្មភាពដដែល ៗ មានតួអង្គអស្ចារ្យ និង សកម្មភាពអស្ចារ្យជាច្រើន ។ នេះទំនងជាសេរីភាពក្នុងការច្នៃប្រឌិត ពិសេសខាងអត្ថរូប ក្នុងការបង្ហាញរឿងឲ្យបានវែង ដោយមិនបានគិតដល់សិល្បៈនៃការនិទានរឿង (វណ្ណនាវិធី) ឡើយ ។
នៅក្នុងស្នាដៃរបស់អ្នកនិពន្ធខ្មែរ គេសង្កេតឃើញលក្ខណៈច្បាស់លាស់សមហេតុផល និងសុខដុនភាព ដែលជាលក្ខណៈសមហេតុផលរបស់ខ្មែរ ដូចដែលគេឃើញមាននៅក្នុងសំណង់ស្ថាបត្យកម្មបុរាណដូច្នេះដែរ ។ អត្ថបទនៅក្នុងរឿងរាមកេរ្តិ៍ ជាតួយ៉ាងបញ្ជាក់ក្នុងលក្ខណៈខាងលើ ពាក្យពេចន៍មួយម៉ាត់ ៗ សុទ្ធតែមានន័យ ហើយចាំបាច់របស់ឃ្លា និង របស់រឿងទាំងមូល ។ បានសេចក្ដីថា គ្មានពាក្យណាមួយដែលគេប្រើ គ្រាន់តែបំពេញឃ្លាហើយឥតមានមុខងារនោះទេ ក៏ដូចជា ដុំថ្មដែលគេយកមកសង់ប្រាសាទអង្គរវត្ត ដែលថ្មមួយដុំ ៗ សុទ្ធតែមានប្រយោជន៍ មានសារសំខាន់ ដូច្នេះដែរ ។
តាមពិត នៅក្នុងស្នាដៃអក្សរសិល្ប៍ខ្មែរ ក៏មានសកម្មភាពជាអច្ឆរិយៈអស្ចារ្យខ្លះដែរ តែនោះគ្រាន់តែជាវិធីសាស្ត្រខាងអក្សរសិល្ប៍ និង ខាងសោភ័ណវិជ្ជាប៉ុណ្ណោះ គឺមិនមែនបង្ហាញភាពអស្ចារ្សដើម្បីឱ្យឃើញអច្ឆរិយភាពនោះទេ តែគ្រាន់តែធ្វើឱ្យមានការរំភើបនៅក្នុងតថៈ មួយតែប៉ុណ្ណោះ ។ តាមអ្នកសិក្សាអក្សរសិល្ប៍ខ្មែរ គេយល់ថា លក្ខណៈសមហេតុផល បានធ្វើឱ្យអច្ឆរិយៈខិតទៅជិតតថៈនៅក្នុងអត្ថរូប ក៏ដូចជាក្នុងអត្ថន័យនៃអក្សរសិល្ប៍ខ្មែរ ។
បើយើងនិយាយអំពីស្នាដៃអក្សរសិល្ប៍នៅសតវត្សទី ២០ នេះវិញ ក៏ឃើញថា លក្ខណៈប្រាកដនិយម រិះគន់ និង ស្ថាបនា ដែលមានពីបុរាណមក បានរស់ស្ថិតស្ថេររហូតមក នាំឱ្យបង្កើតជាស្នាដៃប្រជាប្រីយ៍ មានលក្ខណៈជាតិនិយម នៅពេលដែលប្រទេសខ្មែរ ស្ថិតនៅក្រោមការសង្កត់សង្កិនរបស់ពួកអាណានិគម ។ ដោយឃើញភាពល្ងង់ខ្លៅ ភាពស្ពឹកស្រពន់ ខ្ជិលច្រអូសរបស់រាស្ត្រខ្មែរនៅតំបន់ខ្លះ និងឃើញការកេងប្រវ័ញ្ចជិះជាន់របស់ជនបរទេស មកលើប្រជារាស្ត្រខ្មែរ អ្នកព្រះភិរម្យភាសា អ៊ូ ហៅ ង៉ុយ ដែលជាកវីស្នេហាជាតិម្នាក់ បានដើរច្រៀងពីការឈឺចាប់នៃបេះដូងរបស់គាត់ រំលឹកដាស់តឿនសតិអារម្មណ៍ខ្មែរ ឱ្យភ្ញាក់រលឹក បំផុសស្មារតីស្នេហាជាតិ ពីភូមិមួយទៅភូមិមួយ ពីវត្តមួយទៅវត្តមួយ ពីស្រុកមួយទៅស្រុកមួយ ។ គាត់ច្រៀងពីទុរ្ភឹក្ស ពីភាពក្រខ្សត់របស់ប្រជារាស្ត្រ ពីទម្ងន់នៃពន្ធដារ ដែលអ្នករដ្ឋការអាណានិគមជំរិតយកពីប្រជារាស្ត្រ ។ គាត់យំ ដោយឃើញខ្មែរល្ងង់ មានជំនឿអកុសល បណ្ដោយឱ្យគេបោកប្រាស់ កេងប្រវ័ញ្ចបានតាមចិត្ត ។ គាត់ឈឺចាប់នឹងឃើញអ្នកកាន់ពុទ្ធសាសនា ទាស់ទែងគ្នាពីរឿងធម៌អាថ៌ ។ ដូច្នេះហើយបានជា គាត់ក្រើនរលឹកជនរួមជាតិរបស់គាត់ ឱ្យចេះរួបរួមសាមគ្គីគ្នា បណ្ដុះស្មារតីស្នហាជាតិ ភ្ញាក់រលឹកស្រឡាញ់ពលកម្ម ខិតខំរកស៊ី សន្សុះសំចៃតាមគំរូចាស់បុរាណ ពិសេសគឺបង្រួបង្រួមជាតិ ប្រមូលកម្លាំង ដើម្បីទប់ទល់នឹងការលំបាកក្នុងជីវភាពរស់នៅ និងទប់ទល់នឹងការលោភលន់របស់ជនបរទេស ។ រហូតមកដល់សព្វថ្ងៃ ខ្មែរគ្រប់រូបនៅតែចាំដោយអន្លើ នូវពាក្យពេចន៍នៃកំណាព្យ ដ៏ពិរោះរបស់គាត់ ។
ប៉ុន្តែ នៅសម័យអាណានិគម គំនិតស្នេហាជាតិ តម្លៃនៃលក្ខណៈប្រាកដនិយម និងសមហេតុផលរបស់អក្សរសិល្ប៍ខ្មែរ បានសំងំស្ងៀមនៅតែក្នុងសាស្ត្រាស្លឹករឹត រហូតរាប់សិបឆ្នាំ ព្រោះក្នុងពេលនោះ ពួកអាណានិគម បានយកភាសាបរទេសជំនួសភាសាខ្មែរ ហើយលើសពីនេះទៀត គេបាននាំចូលអក្សរសិល្ប៍របស់គេមកបង្រៀនកូនខ្មែរទៅវិញ ។
គឺនៅពេលនោះហើយ ដែលកើតមានអ្នកនិពន្ធសម័យថ្មី ជាអ្នកបង្កើតស្នាដៃ ប្រលោមលោក តាមបែបលោកខាងលិច ។ អ្នកបកប្រែ អ្នកធ្វើអនុកម្មក៏មានច្រើន ។ ឥទ្ធិពលនៃអក្សរសិល្ប៍ខ្មែរ ដែលធ្លាប់តែល្បីល្បាញពីមុន ៗ មក ក៏ធ្លាក់ចុះបន្តិចម្ដង ៗ តាមរយៈការតែងនិពន្ធ ដែលបានទទួលការអប់រំបែបទំនើប ។ គេឃើញថាស្នាដៃរបស់គេ គ្មានអ្វីក្រៅពីរឿងស្នេហាធម្មតា ប្រកបដោយតណ្ហា កាមគុណ និង អំពើឃោរឃៅ កាប់ចាក់ វាយតប់ សម្លាប់គ្នាតែប៉ុណ្ណោះ ។
ពីមុន យើងឃើញងា អ្នកនិពន្ធ អ្នកកវី គេបង្កើតថ្មីតាមលក្ខណៈសោភ័ណ និងសិល្ប៍វិធីអក្សរសាស្ត្រ ដោយធ្វើស្នាដៃបរទេសឱ្យមកជាខ្មែរ ឬក៏គេបង្កើតថ្មីដោយច្នៃប្រឌិតថ្មីរបស់ខ្លួនគេ ដែលមានលក្ខណៈជាតិ និងប្រជាប្រីយ៍ ។ ប៉ុន្តែ នៅសម័យអាណានិគម គេច្រើនឃើញមានការបកប្រែ និងការចម្លងតាមទាំងដុលទៅវិញ ។
នៅសម័យដែលប្រទេសខ្មែរ បានទទួលឯករាជ្យពេញបរិបូណ៌ឡើងវិញ ដោយសារស្នាព្រះហស្តនៃព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុវរ្ម័ន ព្រះបិតាអក្សរសាស្ត្រជាតិ និងក្រោមព្រះរាជូបត្ថម្ភរបស់ព្រះអង្គ សមាគមអ្នកនិពន្ធខ្មែរ ក៏ត្រូវបានបង្កើតឡើងដើម្បីជួយបណ្ដុះបណ្ដាលអ្នកនិពន្ធក្មេង ៗ និងមានសាលាឧត្តមសិក្សា មានបណ្ណាល័យជាច្រើន បានបើកទ្វារទទួលអ្នកអាន – អ្នកស្រាវជ្រាវ ពេលនោះ យើងឃើញថា អក្សរសិល្ប៍ខ្មែរ បានរីកចម្រើនឡើងវិញមួយកំរិតគួរឱ្យស្ងើចសរសើរ ។
ប៉ុន្តែ នៅសម័យឆ្នាំ ១៩៧០ គឺពេលដែលប្រទេសកម្ពុជាចាប់មានសង្គ្រាម ហើយជាពិសេស ចាប់ពីឆ្នាំ ១៩៧៥ រហូតដល់ឆ្នាំ ១៩៧៩ អក្សរសិល្ប៍ខ្មែរបានទទួលការវិនាសអន្តរាយស្ទើរតែទាំងស្រុង ។ អ្នកនិពន្ធ អ្នកកវីភាគច្រើន ត្រូវស្លាប់ សាលារៀន វត្តអារាម បណ្ណាល័យ ត្រូវរុះរើ បំផ្លិចបំផ្លាញ ។ ស្នាដៃជាសៀវភៅជាគម្ពីរ ជាក្រាំង សាស្ត្រា ដែលជាមរតកវប្បធម៌ មានតម្លៃមិនអាចកាត់ថ្លៃបាន ត្រូវដុតបំផ្លាញអស់ ស្ទើរគ្មានសល់ ។
នៅក្រោយថ្ងៃ ៧ មករា ១៩៧៩ អ្នករស់ពីស្លាប់ ដែលយល់ពីតម្លៃអក្សរសាស្ត្រជាតិ បានប្រមូលបំណែកស្នាដៃ ដែលមានសល់រាត់រាយគ្រប់ទីកន្លែង មករក្សាទុកនៅបណ្ណាល័យជាតិ ។ ក្រៅពីនេះ យើងបានខិតខំបណ្ដុះបណ្ដាលអ្នកនិពន្ធថ្មីបានជាច្រើនលើក ដើម្បីបន្តវេនបង្កើនស្នាដៃអក្សរសិល្ប៍ តទៅទៀត ។
ស្នាដៃបង្កើតថ្មីដែលយើងទទួលបាន មិនទាន់មានគុណភាព និងលក្ខណៈល្អ ស្របតាមទ្រឹស្ដីនៃអក្សរសិល្ប៍ខ្មែរ ដូចអធិប្បាយខាងដើមនៅឡើយ ប៉ុន្តែ នេះជាពន្លកនៃការរស់ឡើងវិញនៃវិស័យអក្សរសិល្ប៍ខ្មែរ គួរជាទីសង្ឃឹមទៅអនាគត ។ នៅក្នុងរយៈពេលជាង ១០ ឆ្នាំ កន្លងទៅនេះ យើងឃើញថាមានអ្នកនិពន្ធ អ្នកកវីជំនាន់ថ្មី បានខិតខំប្រឹងប្រែងបង្កើតស្នាដៃ យ៉ាងច្រើន សន្ធឹកសន្ធាប់ ដែលយើងបានសំរិតសំរាំង និងបោះពុម្ពផ្សាយបានរាប់សិបរឿង ។ ហើយរឿងដែលគេនិយមអានជាងគេនោះគឺ រឿងវិលរកទ្រនំ និង មេឃបាត់ដួងចន្ទ របស់អ្នកនិពន្ធ ទី ជីហួត ។
យើងមានជំនឿជឿជាក់ថា ក្រោយពេលដែលប្រទេសកម្ពុជា ទទួលបានសន្តិភាពមកវិញ ចលនាតែងនិពន្ធ នឹងកាន់តែមានសន្ទុះខ្លាំងក្លា ឯស្នាដៃអក្សរសិល្ប៍ថ្មី ក៏នឹងកើតមានជាបន្តបន្ទាប់ ធ្វើឲ្យអក្សរសិល្ប៍ខ្មែរ ឈានទៅដល់កំរិតខ្ពស់ ដូចដែលវិស័យនេះធ្លាប់មាននៅក្នុងសម័យបុរាណ ដូច្នេះដែរ ។
ស្រាវជ្រាវ និង រៀបរៀង
ដោយ
យី ធន់