សេចក្ដី​យល់​ឃើញ​អំពី​ប្រាសាទ​នគរ​វត្តរបស់​លោក​ព្រីលុស្គី

សេចក្ដី​យល់​ឃើញ​អំពី​ប្រាសាទ​នគរ​វត្តរបស់​លោក​ព្រីលុស្គី

សេចក្ដី​យល់​ឃើញ​អំពី​ប្រាសាទ​នគរ​វត្ត

របស់​លោក​ព្រីលុស្គី

ដកស្រង់ចេញពីទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៦

លោក​ព្រីលុស្គី​ជា​អ្នក​ប្រាជ្ញ​ធំ ១ សម្រាប់​ព្រះ​ពុទ្ធ​សាសនា​នឹង​ព្រាហ្មណ​សាសនា ។ លោក​បាន​ពន្យល់​ដូច​សេចក្ដី​ខាង​ក្រោម​នេះ​អំពី​ប្រាសាទ​នគរ​វត្ត នឹង​អំពី​ដែល​ប្រាសាទ​នេះ​បែរ​មុខ​ឆ្ពោះ​ទៅ​ទិស​ខាង​លិច ។

ប្រាសាទ​នគរ​វត្ត តាំង​នៅ​ក្រៅ​កំផែង​នគរ​ធំ​ចំ ងាយ​ប្រមាណ ១ គីឡូម៉ែត្រ​មក​ទិស​ខាង​ត្បូង ។

នៅ​ខាង​មុខ​ទិស​ខាង​កើត​នឹង​ទិស​ខាង​លិច​នោះ​ក្នុង​មុខ​មួយៗ មាន​ទ្វារ ៣ នៅ​ត្រង់​កណ្ដាល ។​ឯ​ទ្វារ​ខាង​កើត​នោះ​ឥត​មាន​ត្រូវ​ចេញ​ចូល​ឡើយ ព្រោះ​ទ្វារ​ទាំង​នោះ​គ្មាន​ជណ្ដើរ ។ ទ្វារ​ធំ​សម្រាប់​ចូល​នោះ បែរ​មុខ​ទៅ​ទិស​ខាង​លិច ហើយ​នៅ​មុខ​នេះ​មាន​ចោះ​ទ្វារ ៣ យ៉ាង​ធំ ៗ ដំរី​ដើរ​ចូល​បាន​យ៉ាង​ស្រួល​ឥត​ទើស​ទែង ។ គឺ​ជា​ទ្វារ​កិត្តិយស ហើយ​ប្រហែល​ជា​ធ្វើ​សម្រាប់​ក្បួន​ដង្ហែ​ស្ដេច​យាង​ចូល​ចេញ ។ ឯ​ចំណែក​មនុស្ស​ធម្មតា​ដែល​គេ​បើក​ឲ្យ​ចូល​កាល​ជាន់​នោះ ត្រូវ​ដើរ​ព័ទ្ធ​ជុំ​វិញ​កំផែង ហើយ​ត្រូវ​ចូល​តាម​ទ្វារ​ដែល​មាន​ចោះ​តែ​មួយ ៗ ពី​ខាង​ជើង​ឬ​ពី​ខាង​ត្បូង ឬ​ចូល​តាម​ទ្វារ​ដែល​មាន​នៅ​ជ្រុង​គ្រប់​ជ្រុង​ទាំងអស់ ។ នៅ​ពី​ខាង​ស្ដាំ​ទ្វារ​នៅ​មុខ​ខាង​ត្បូង​មាន​ក្បាច់​ចំឡាក់​ឆ្លាក់​គ្រឿង​ត្រង់​វិនិច្ឆ័យ​ទោស​មនុស្ស​ដែល​ស្លាប់​ទៅ​ទាំង​ប៉ុន្មាន ហើយ​មាន​ស្ថាន​សួគ៌ នឹង​ស្ថាន​នរក ។ ក្បាច់​ចំឡាក់​ផ្ទាំង​នេះ រៀបចំ​អ្នក​ដែល​ចូល​មើល​ឲ្យ​មើល​នៅ​កន្លែង​ដំកល់​ព្រះ​បរម​សព​ស្ដេច1 ។ ដូច្នេះ​យើង​ត្រូវ​ឧបមា​ថា​កន្លែង​ដែល​ចូល​ទៅ​មើល​នោះ​ត្រូវ​ចាប់​ពី​ខាង​ស្ដាំ​ទ្វារ​ខាង​ត្បូង​ទៅ ។ នៅ​វេលា​ដែល​ទទួល​យក​នូវ​សេចក្ដី​វិនិច្ឆ័យ​ដៅ​យក​ដូច្នេះ​ហើយ ក្បាច់​រចនា​ទាំងឡាយ​នៅ​ជញ្ជាំង ក៏​លេច​សេចក្ដី​ភ្លឺ​ច្បាស់​ឡើង​ដល់​គំនិត​ក្បាច់​ចំឡាក់​នៅ​ជញ្ជាំង​ជា​រឿងរ៉ាវ​នោះ​មាន​ទំនង​ត ៗ គ្នា​ស្រួល​មាន​ក្សណ៍​មាន​ខណ្ឌ ដែល​អ្នក​ស្រាវជ្រាវ​ប្រាសាទ​បូរាណ​មុន ៗ មិន​បាន​ដឹង ។ គឺ​ត​ពី​ពួក​ស្ថាន​សួគ៌​នឹង​ស្ថាន​នរក​ទៅ គេ​ប្រទះ​ឃើញ​រឿង​កូរ​សមុទ្រ រួច​ឃើញ​រឿង​ចម្បាំង​ពួក​ទេវតា​នឹង​ពួក​អសុរ ឃើញ​រឿង​បរាជ័យ​នៃ​ពានរ​នឹង​មាន​រឿង​ចម្បាំង​ពួក​ទេវតា​នឹង​ពួក​អសុរ ១ ពួក​ទៀត ត​ពី​នេះ​ទៅ​ឃើញ​រឿង​ស្ថាន​មនុស្ស​លោក​យើង មាន​រឿង​ចម្បាំង​ធំ ២ នៅ​លង្កា​នឹង​នៅ​កុរុ​ក្សេត្រ រឿង​ទី ១ ខ្ចី​មក​ពី​រឿង​រាមាយណ ហើយ​រឿង​ទី ២ ខ្ចី​មក​ពី​រឿង​មហា​ភារត នៅ​ផ្ទៃ​ខាង​ចុង​នៃ​ជញ្ជាំង​ខាង​ត្បូង ឃើញ​មាន​ចំឡាក់​រឿង​កងទ័ព​ព្រះ​បាទ​សូរ្យវរម័ន​ទី ២ ។ ឯ​ក្បាច់​ជញ្ជាំង​នោះ​មាន​រឿង​ត ៗ គ្នា​តាម​របៀប​ប្រវត្តិ​ការ​នៃ​រឿងរ៉ាវ​ដូច​មាន​ក្នុង​រឿង​បូរាណ​នឹង​ក្នុង​ឃ្លោង​រឿង​ចម្បាំង​ដែល​អ្នក​បាន​មើល​ចាំ​បាន​ស្រាប់ ។ គឺ​ថា​ជា​បន្ទាប់​ត​ពី​រឿង​វិនិច្ឆ័យ​សេចក្ដី​មនុស្ស​ស្លាប់​នោះ​ឃើញ​រឿង​កទឹក​កដី (គឺ​កូរ​សមុទ្រ) ឃើញ​ចម្បាំង​ទេវតា​នឹង​អសុរ រួច​ពី​នេះ​ឃើញ​រឿង​ចម្បាំង​ធំ ៗ ដែល​ទៅ​បញ្ចូល​គ្នា​នឹង​រឿង​កងទ័ព​ព្រះ​បាទ​សូរ្យវរម័ន​ទី ២ អ្នក​តុបតែង​ក្បាច់​ប្រាសាទ​នគរ​វត្ត បាន​ប្រតិស្ឋ​រឿងរ៉ាវ​តាំង​អំពី​រឿង​កទឹក​កដី​រហូត​ដល់​មក​សម័យ​កសាង​ប្រាសាទ​នេះ គឺ​រឿង​កទឹក​ដី រឿង​ទេវតា​នឹង​អសុរ រឿងរ៉ាវ​ដែល​មាន​ត ៗ មក​នឹង​ពង្សាវតារ ។ គេ​ឥត​មាន​ថា​ជា​មួយ​នឹង​លោក​សឺដេស​ឡើយ​អំពី​លំដាប់​នឹង​ទំនង​ដែល​ត្រូវ​ពិនិត្យ​ក្បាច់​ជញ្ជាំង​នោះ​មិន​ដូច​ទី​ឯ​ទៀត​សោះ ។ គឺ​ក្បាច់​ជញ្ជាំង​រៀង​គ្នា​តាម​លំដាប់​ប្រសវ្យ ហើយ​ទំនង​នេះ​ក៏​ដូច​ជា​ទំនង​ប្រាសាទ​ដែល​តាំង​នៅ​ពី​ខាង​ត្បូង ហើយ​ជា​ខាង​ក្រៅ​ក្រុង​ស្ដេច​នោះ​ដែរ ។ ដូច្នេះ​ប្រាសាទ​នគរ​វត្ត​មិន​មែន​ជា​កាល​ជាន់​ដើម​គេ​កសាង​សម្រាប់​ឧទ្ទិស​ថ្វាយ​ព្រះ​វិស្ណុ​ឡើយ គឺ​ជា​ប្រាសាទ​សម្រាប់​ដំកល់​នូវ​ព្រះ​បរម​សព​របស់​ព្រះ​បាទ​សូរ្យវរម័ន​ទី ២ ដែល​ទ្រង់​មាន​ព្រះ​នាម​ក្រោយ​ទិវង្គត​ជា វិស្ណុ​លោក ។

ដោយ​ជាប់​ជំពាក់​នឹង​ការ​ឯ​ទៀត​ជា​ច្រើន មិន​មាន​ឱកាស​នឹង​ចេញ​ផ្សាយ​នូវ​ផល​ដែល​កើត​ឡើង​ដោយ​ការ​ស្រាវជ្រាវ​របស់​ខ្ញុំ នោះ​ខ្ញុំ​គ្រាន់​តែ​ស្រង់​សេចក្ដី​មក​ពោល​បន្តិច​អំពី​ការ​ទាំង​នេះ​តាម​សេចក្ដី​ដូច​មាន​ខាង​ក្រោយ នៅ​វេលា​ក្រោយ​ដែល​បាន​ពិនិត្យ​ក្បាច់​ចំឡាក់ ដែល​រចនា​ថែវ​ទី ១ នៃ​ប្រាសាទ​នគរ​វត្ត នោះ​បាន​សេចក្ដី​ខុស​អំពី​សេចក្ដី​ជឿ​ដែល​គេ​ធ្លាប់​បាន​ជឿ​ទួទៅ​គ្រប់​គ្នា​ទាំងអស់ គឺ​ថា​ក្បាច់​ចំឡាក់​នៅ​ជញ្ជាំង​រៀបរៀង​ត​គ្នា​តាម​លំដាប់​មុន​ក្រោយ​យ៉ាង​ត្រឹមត្រូវ ។ អ្នក​ដំណើរ​ដែល​ដើរ​មើល​រឿង​គេ​ត្រូវ​ដើរ​ជុំ​វិញ​ប្រាសាទ​ទុក​កន្លែង​កណ្ដាល​ឲ្យ​នៅ​ជា​ខាង​ឆ្វេង​ដៃ​ដរាប នេះ​ហើយ​ជា​ហេតុ​ដែល​ប៉ះ​ពាល់​ដល់​រឿង​ដើម​របស់​ប្រាសាទ​នគរ​វត្ត ។

ដើម្បី​នឹង​ឲ្យ​បាន​យល់​អំពី​ក្បាច់​ជញ្ជាំង​ប្រាសាទ​នគរ​វត្ត​នោះ ត្រូវ​ដើរ​ក្រឡឹង​ជុំ​វិញ​ដាក់​ប្រាសាទ​ពី​ខាង​ឆ្វេង​ដៃ​ដរាប ។ ការ​ធ្វើ​បំពាន​ច្បាប់​ប្រទក្សិណ​ដូច្នេះ ទំនង​ជា​កើត​ឡើង​ដោយ​ប្រាសាទ​នេះ​ជា​ប្រាសាទ​សម្រាប់​ដំកល់​នូវ​ព្រះ​បរម​សព ហើយ​ម្យ៉ាង​វិញ​ទៀត​ទិស​ដែល​ឆ្ពោះ​មុខ​ទៅ​រក​ក៏​មិន​ជា​ទិស​ធម្មតា​ផង ។

ចំពោះ​នឹង​ចំណោទ​ដែល​ចោទ​ដូច្នេះ ខ្ញុំ​បាន​ពន្យល់​រួច​ហើយ ថា​កុំ​ឲ្យ​ញញើត​នឹង​ឆ្លើយ​ដោយ​យ៉ាង​ជាក់​លាក់ ។ ឯ​ប្រទក្សិណ​នោះ​គឺ​ត្រូវ​ដើរ​ជុំ​វិញ​វត្ថុ​អ្វី ១ ឬ​មនុស្ស​ណា ១ ដោយ​ទុក​វត្ថុ​នោះ ឬ​មនុស្ស​នោះ​ពី​ស្ដាំ​ជា​ដរាប គឺ​ជា​ពិធី​ដែល​គោរព​កិត្តិយស​ដល់​ព្រះ ដល់​ទេវ​បុត្រ​ទេវតា ឯ​ប្រសវ្យ​វិញ​នោះ គឺ​ដើរ​បញ្ច្រាស​មក​វិញ គឺ​ជា​ពិធី​ដែល​គោរព​ជា​កុត្តិយស​ដល់​ខ្មោច ។ ដើម្បី​នឹង​ឲ្យ​យល់​នូវ​ក្បាច់​ជញ្ជាំង​ប្រាសាទ​នគរ​វត្ត នោះត្រូវ​ដើរ​ក្រឡឹង​តាម​ក្បាច់​ចំឡាក់​នោះ​ដោយ​ដាក់​ផ្ទៃ​កណ្ដាល​ពី​ខាង​ឆ្វេង​ជា​ដរាប គឺ​ប្រសវ្យ ហើយ​ឯ​ភាព​សណ្ឋាន​ទីតាំង​របស់​ប្រាសាទ​នេះ​ចំពោះ​នឹង​ទី​ក្រុង​ស្ដេច​នោះ​ទំនង​តែ​ជា​ការ​សម្រាប់​ព្រះ​បរម​សព​ប៉ុណ្ណោះ ។ ដូច្នោះ​ឃើញ​ថា​ប្រាសាទ​នគរ​វត្ត​កាល​ដែល​កសាង​នោះ​មិន​ជា​ទី​ទេវស្ថាន​ឡើយ គឺ​ច្បាស់​ជា​ទិ​ដំកល់​សព​ដោយ​ពិត (អនុសាវរិយ​ស្ថាន)

គេ​នឹង​ពោល​ទាស់​ត​វិញ​មិន​ខាន ថា​ព្រះ​បាទ​បរម​វិស្ណុ​លោក ដែល​គេ​សាង​ប្រាសាទ​នគរ​វត្ត​ថ្វាយ​នេះ កាល​មុន​នឹង​ទ្រង់​ព្រះ​ទិវង្គត លោក​បាន​លើក​ព្រះ​អង្គ​ជា​ព្រះ​រួច​ទៅ​ហើយ ហើយ​ប្រាសាទ​ដែល​គេ​សាង​ថ្វាយ​ព្រះ​អង្គ​ក៏​ជា​ប្រាសាទ​សាង​ថ្វាយ​ព្រះ​ដែរ បើ​ដូច្នេះ​គេ​ទុក​ដាក់​ជា​ទេវ​ស្ថាន​ក៏​បាន ។ សេចក្ដី​ដែល​ពោល​ទាស់​នេះ​អាច​នឹង​បដិសេធ​ចេញ​បាន​ដោយ​ងាយ ។ ដើម្បី​នឹង​ឲ្យ​ច្បាស់​ការ​នោះ​ត្រូវ​ពិចារណា កុំ​យក​តាម​សេចក្ដី​ឃើញ​របស់​យើង គឺ​ត្រូវ​យក​តាម​សេចក្ដី​យល់​ឃើញ នឹង​គំនិត​របស់​អ្នក​កសាង​នឹង​អ្នក​ដើរ​មើល​នូវ​ប្រាសាទ ។ ដើម្បី​នឹង​រើស​នាម​ប្រាសាទ​ក្នុង​ពាក្យ ទេវស្ថាន នឹង អនុសាវរិយ​ស្ថាន នោះ​ត្រូវ​ពិចារណា​អំពី​បុណ្យ​ដែល​គេ​ធ្វើ​គោរព នោះ​ជា​គោរព​ដល់​សព​មនុស្ស ឬ​ដល់​ព្រះ​អដ្ឋិ​របស់​ព្រះ ។ ក្នុង​ស្ថាន​ទី ១ គឺ​ប្រសវ្យ ហើយ​ក្នុង​ស្ថាន​ទី ២ គឺ​ប្រទក្សិណ ។ ចុះ​បើ​ក្បាច់​ជញ្ជាំង​តាំង​រៀបរៀង​ឲ្យ​អ្នក​ដែល​ចូល​ទៅ​តាំង​ធ្វើ​ប្រសវ្យ​ដូច្នេះ​ហើយ នោះ​យើង​មិន​ត្រូវ​យល់​ថា​ជា​ទេវស្ថាន​ឡើយ ។ ពិត​មែន​តែ​សាធារណ​ជន​មាន​ទំលាប់​ហៅ​តាម​ពួក​អ្នក​ប្រាជ្ញ ថា​ប្រាសាទ​នគរ​វត្ត​ជា​ទេវស្ថាន​គ្រប់ ៗ គ្នា​មក​ហើយ តែ​ថា​សេចក្ដី​ដែល​ហៅ​នេះ​មិន​ត្រូវ​ចំ​លើ​ឈ្មោះ​មែន​របស់​ប្រាសាទ​នេះ​ទេ ។

សេចក្ដី​យល់​ឃើញ​របស់​យើង មាន​សំអាង​ដោយ​ដំណឹង​ដែល​អ្នក​ពិនិត្យ​ស្រុក​ទេស​ជាន់​ពី​ដើម បាន​ចារិក​ទុកៈ

ក្នុង គ. . ១២៩៥ មាន​រាជ​ទូត​ចិន​ម្នាក់​បាន​មក​ដល់​នគរ​វត្ត​ក្នុង​ស្រុក​ខ្មែរ ដោយ​ព្រះ​ចៅ ចេនត្សុង ដែល​ជា​ស្ដេច​រាជាធិរាជ​ពួក​យុអាន​ទ្រង់​ចាត់​មក ។ ក្នុង​បណ្ដា​ពួក​រាជទូត​ទាំង​នោះ មាន​ម្នាក់​ឈ្មោះ ជាវតាកួន ជា​អ្នក​ចង់​ចេះ​ចង់​ដឹង​ឧស្សាហ៍​សាកសួរ​កត់ត្រា ហើយ​បាន​ទុក​ស្នាដៃ​ដែល​កត់​ឲ្យ​យើង​បាន​ដឹង អំពី​ភាព​ភូមិ​ស្ថាន​យ៉ាង​សំខាន់​នៃ​ទីក្រុង​ខ្មែរ ។ ប្រហែល​ជា ជាវតាកួន បាន​ឃើញ​ប្រាសាទ​ព្រះ​វិស្ណុ​លោក តែ​ឃើញ​តែ​ពី​ខាង​ក្រៅ ព្រោះ​គាត់​បាន​សារសព្ទ​អំពី​ភាព​ទំនង​យ៉ាង​ប្លែក​ដូច​សេចក្ដី​ខាង​ក្រោយ​នេះ

វេលា​ដែល​ចេញ​តាម​ក្លោង​ទ្វារ​ខាង​ត្បូង​ទៅ គេ​ប្រទះ​ឃើញ​ប្រមាណ​កន្លះ “លី” មាន​ប្រាសាទ​សាង​ដោយ​ថ្ម ១ ដែល​អ្នក​ស្រុក​ពោល​ថា​ព្រះ​លូប៉ាន​បាន​សាង​តែ ១ យប់​ហើយ​ស្រេច ។ ហើយ​ប្រាសាទ​ដំកល់​សព្វ លូប៉ាន នោះ​នៅ​ចំងាយ​ប្រហែល ១ លី ពី​ក្រៅ​កំផែង​ខាង​ត្បូង បណ្ដោយ​ជុំ​វិញ​ប្រាសាទ​នោះ​ប្រមាណ ១០ លី ក្នុង​ទី​នោះ​ឃើញ​មាន​ផ្ទះ​តូច ៗ សាង​ដោយ​ថ្ម​ជា​ច្រើន​រយ​ខ្នង ។

បណ្ដោយ​ជុំ​វិញ​ប្រាសាទ​ដំកល់​សព​លូប៉ាន (១០ លី ស្មើ​នឹង ៨០០ ម៉ែត្រ) ប្រវែង​នេះ​ប្រហែល​គ្នា​នឹង​នគរ​វត្ត ទី​កន្លែង​ប្រាសាទ​ក៏​ត្រូវ​គ្នា មាន​តែ​ចំងាយ​ពី​ក្លោង​ទ្វារ​ខាង​ត្បូង​នគរ​ធំ​មក​ឃើញ​ជិត​ពេក​គឺ​តិច​ដល់​ទៅ​ពាក់​កណ្ដាល ប៉ុន្តែ​ការ​បន្តិច​បន្តួច​នេះ​មិន​ជា​មាន​ប្រយោជន៍​ប៉ុន្មាន​ទេ ព្រោះ​នៅ​ទី​កន្លែង​ដែល​ពោល​នេះ មិន​ដែល​ឃើញ​មាន​ប្រាសាទ​ឯ​ណា​ផ្សេង ៗ ដែល​មាន​ទំហំ​ដូច្នេះ​ឡើយ ។ ការ​នេះ​គ្មាន​អ្វី​ជា​ទី​នាំ​ឲ្យ​សង្ស័យ​ទៀត​ទេ ដែល ជាវតាកួន ហៅ​ថា​ប្រាសាទ​ដំកល់​សព លូប៉ាន នោះ​គឺ​ប្រាសាទ​នគរ​វត្ត​ដោយ​ពិត ។

ហេតុ​អ្វី​បាន​ជា​គាត់​ហៅ​ឈ្មោះ​ចំឡែក​ដូច្នេះ លូប៉ាន នេះ​ក្នុង​ស្រុក​ចិន គឺ​ជា​ឈ្មោះ​ទេវបុត្រ​ដែល​ធ្វើ​ជាង​ផ្ទះ ទេវបុត្រ​នេះ​ត្រូវ​គ្នា​នឹង​វិស្វករ្ម័ន របស់​ហិណ្ឌូ ហើយ​ឈ្មោះ​នេះ​មក​ក្លាយ​ក្នុង​ស្រុក​ខ្មែរ​ជា​វិស្ណុករ្ម័ន ដែល​អ្នក​ស្រុក​ធម្មតា​ហៅ​ថា​ព្រះ​ពិស្ណុការ ដែល​មាន​ក្នុង​រឿង​បរម្បរាត ៗ មក​ថា​បាន​សាង​នគរ​វត្ត ។ ម្យ៉ាង​វិញ​ទៀត​ប្រាសាទ​នេះ​ជា​ទេវស្ថាន ហើយ​ប្រហែល​ជា​ទី​ដំកល់​សព​ព្រះ​បរម​វិស្ណុ​លោក​ផង ដែល​ហៅ​តាម​អ្នក​ស្រុក​ថា​ព្រះ​ពិស្ណុ​លោក ។ គេ​អាច​នឹង​ច្រឡំ​បាន​ដោយ​ងាយ អំពី​ព្រះ​នាម​ស្ដេច​នឹង​ជាង​គឺ ពិស្ណុ​លោក​នឹង​ពិស្ណុការ គឺ​អ្នក​ដែល​ឲ្យ​ដំណឹង​ដល់ ជាវតាកួន ច្រឡំ​ហើយ​ប្រាប់​សេចក្ដី​ដូច្នេះ​មក យក​ប្រាសាទ​ដំកល់​ព្រះ​ពិស្ណុ​លោក ទៅ​ជា​ប្រាសាទ​ដំកល់​ព្រះ​ពិស្ណុការ​វិញ​ដែល ជាវតាកួន គាត់​យក​ទៅ​ប្រែ​តាម​ឈ្មោះ​ទេវតា​ដែល​ហៅ​ជា​ភាសា​ចិន ។

1គំនិត​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ក៏​មាន​ទំនង​ដូច​គ្នា​ដែរ គឺ​ក្នុង​ព្រះ​វិហារ​ចិន​ជា​ច្រើន​គេ​តែង​ឃើញ​រឿង​ស្ថាន​នរក​នៅ​ក្បែរ​ទ្វារ​ចូល ។



Important Notice: Help Stop the Spread and Stay Healthy. (Read now)