អំពីដើមកំណើតប្រាសាទអង្គរ
លោក ហ្វី ហ៊្វីណូត៍
អាចារ្យបង្រៀនឧត្ដមវិជ្ជាសាស កូឡែសដឺហ្វ្រ័ង្ស នៅក្នុងបារីស ជាអ្នកអធិប្បាយ
ក្រុមការ ជុំ–ម៉ៅ ធ្វើរាជការនៅព្រះរាជបណ្ណាល័យ ប្រែចេញជាភសាខ្មែរ
(ដកស្រង់ពីទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩២៧)
បន្ទាយឆ្មារនៅជាយខាងកើតបំផុតទីរួមខែត្របាត់ដំបង នៅលើជើងភ្នំដងរែក គឺជាប្រាសាទ ១ ដែលបាក់បែកអន្ធការជាងគេហើយប្រហែលជាទីក្រុងស្ដេចដែលផុតត្រឹមប្រាសាទនេះ មោនសៀ គ្រោលីយេ បានពិនិត្យសព្វគ្រប់ទៅឃើញថា ប្រាសាទនេះប្រហែលពិតជារបស់ស្ដេចជ័យវរ័ន្មទី ២ គឺប្រាសាទអម្រេន្ទ្របុរ ដែលសាងក្នុងសករាជ ៨០០ ក្នុងពាក់កណ្ដាលឆ្នាំ ៩០០ នៃគ្រិស្ដសករាជ ។
បើយើងពិនិត្យបន្ទាយឆ្មារអំពីខាងសាសនានោះនឹងស្គាល់បែបយ៉ាង ១ រំពេចនៅវេលាដែលក្រឡេកទៅចំ គឺដំបូលទាំងអស់នោះមានបន្តុបកំពូលថ្មរចនានៅខាងលើមុខពុទ្ធរូប ដែលទ្រង់ភ្នែនក្នុងក្បាំង ដែលលកខូងគ្រប់តែសសរទាំងអស់នោះ មានរចនាជារូបស្រ្តីទេពអប្សរ និងពុទ្ធរូបគ្រប់កន្លែង គេបានឃើញនៅមេទ្វារខាងលើ រឿងរ៉ាវទាំងឡាយរបស់ព្រះពុទ្ធមានត្រង់ចេញពីនគរទៅទ្រង់ផ្នួសឬត្រង់គេគោរពព្រះពុទ្ធជាដើមនៅជញ្ជាំងខាងលិចប៉ែកខាងត្បូង នៅជញ្ជាំងថែវនោះ មានឆ្លាក់ជារូប ៨ កម្ពស់ប្រហែល ២ ម៉ែត្រជារូបលោកេស្វរៈច្រើនយ៉ាង ។
មានរូបពោធិ៍សត្វដដែលនេះមួយ និងព្រះពុទ្ធរូប ២ អង្គ គេបានរកឃើញក្នុងកន្លែងដែលបាក់បែក ។
ឃើញថារូបទាំងប៉ុន្មានដែលមានលើប្រាសាទនោះ ជារូបក្នុងព្រះពុទ្ធសាសនាទាំងអស់ លើកតែកន្លែងមួយចេញ គឺបន្ទប់ដែលមានក្រឡាខ្វែង ៤ ជ្រុង នៅខាងមាត់ទ្វារចូលទៅកំពែងខាងក្នុង បន្ទប់នោះ មានខ្លោងទ្វារឆ្លាក់ជារឿងព្រះឥសូរសុទ្ធ មានរូប ព្រះសិវ ១ ព្រះព្រហ្ម ១, និងព្រះវិស្ណុ ១, អង្គុយសំពះ ឯខ្លោងទ្វារឯទៀតនោះបែបមិនប្រាកដប៉ុន្តែវិមាននេះដែលនៅក្នុងចំណោមប្រាសាទធំៗ នោះហាក់ដូចជាមានភាពជាគេមិនរាប់អាន ហើយនៅដោយចំណែកដាច់ពីប្រាសាទឯទៀត ដែលជាប្រាសាទសម្រាប់ពុទ្ធសាសនា ។
ម្យ៉ាងវិញទៀតឯជញ្ជាំងថែវនោះ ក្រៅពីរូបលោកេស្វរទាំង ៨ គ្មានអ្វីជាសម្គាល់ខាងផ្លូវសាសនាឡើយ គឺមានតែរឿងចម្បាំងជាក្បួនហែនិងរឿងរ៉ាវរបស់ស្ដេច គេឃើញមានរឿងព្រាហ្មណ៍អង្គុយគោរពលិង្គ ១ ដែរ ប៉ុន្តែរឿងនេះគ្រាន់តែជាតុបតែងជាគំនូរប៉ុណ្ណោះទេ និងបានជាការសម្រាប់គោរពរបស់អ្នកសាង ក៏ទេដែរ ។
ក្នុងទីនេះយើងឃើញរូបព្រះដែលមានសល់នៅអង្គរធំ ម្យ៉ាងវិញទៀតយើងឃើញរូបទាំងឡាយ ដែលពួកអ្នកគោរពរូបនៅអង្គរបានវាយចោល កោសចោលនិងធ្វើឲ្យខុសរាងចេញក្នុងក្រុងទាំងពីរនេះឃើញតែលោកេស្វរជាប្រធាន លោកេស្វរ នេះគេឃើញលេចភាពហាក់ដូចជាចៅហ្វាយនៃទីក្រុងនោះ ។ អម្រិន្ទ្របុរ និង យសោធរបុរ ជាទីក្រុងពីរមានភាពដូចគ្នាហើយទីក្រុង ១ នៅមានសណ្ឋានជាទីក្រុងសម្រាប់ពុទ្ធសាសនា ឯទីក្រុង ១ ទៀតនោះបាត់អស់ខ្លះទៅ សេចក្ដីដែលដូចគ្នានេះបញ្ជាក់ទៅដោយស្ថានផ្សេងៗ ទៀត គឺនៅជញ្ជាំងខាងក្រោមកំពូលមុខបួននិងខឿនទ្ររូបនាគ នៅខាងកើតទីក្រុងមានស្រះធំ ១ រាងបួនជ្រុងទ្រវែង ឯផែនទីក៏គ្មានសេចក្ដីប្លែកជាលក្ខ័ខ័ណ្ឌ គឺគ្រាន់តែប្លែកថា ក្រុងអង្គរធំនោះ មានទំហំផែនទីរាបធំជាងបន្ទាយឆ្មារ ២ ដង ហើយ ១ ទៀតឯសីមានៃអង្គរធំនៅក្នុងកំផែងជុំវិញ ឯសីមានៃបន្ទាយឆ្មាវិញនោះនៅជាកណ្ដាលកំផែងនិងដីទួល ដែលលើកសម្រាប់ការពារខាងក្រៅក្រុង ក្រៅពីសេចក្ដីទាំងនេះ អង្គរធំជាប្រាសាទមានភាពសុទ្ធនឹងបន្ទាយឆ្មា ជាក្រុង ១ យ៉ាងធំ យ៉ាងត្រឹមត្រូវតាមក្បួនខ្នាត ដែលបញ្ជាក់ដោយពិតអំពីអាណាចក្រដ៏ធំទូលាយរបស់ម្ចាស់ផែនដី ហើយដែលយើងហៅថារបៀបតាក់តែងក្រុងនិងរចនាប៉ុន្តែបែបដែលកសាងទីក្រុង បែបដែលតុបតែងទីក្រុងមានភាពលំនាំមិនឆ្ងាយអំពីបែបភាបទីក្រុងជាន់មុនៗ ឡើយ យើងសម្គាល់ឃើញសេចក្ដីប្លែកបន្ទាប់បន្សំ ១ ទៀត តែមិននាំឲ្យប្រែប្រួលខូចយោបល់នេះទេ គឺថាកោសបន្ទាយឆ្មារមានប្រាសាទតូច ១ សម្គាល់បានណាស់ឯអង្គរធំវិញនោះ គ្មានប្រាសាទតូចនេះឡើយ ប៉ុន្តែប្រាសាទតូចនេះឃើញមាននៅក្នុងប្រាសាទធំៗ ជិតទីនោះសាងក្នុងគ្រាជាមួយ បានជាខ្ញុំនិយាយក្នុងស្ថាននេះឲ្យឃើញជាពិស្ដារបន្តិច ព្រោះការកសាងនេះជាគោល ១ ដ៏ឧត្ដមក្នុងពង្សាវតារហើយម្យ៉ាងទៀត ព្រោះខ្ញុំចង់តម្រូវសេចក្ដីយល់ឃើញជាថ្មីអំពីរឿងនេះ ។ ប្រាសាទតូចៗទាំងនេះមានបណ្ដោយពី ១២ ទៅ ១៥ ម៉ែត្រសាងពីថ្មភក់ និងថ្មបាយក្រៀមរាងមានកម្រាស់ធ្ងន់ប្រាសាទទាំងនេះមាន ៣ ចំណែកខាងកើតមានយ៉ នៅកណ្ដាលមានបន្ទប់វែង ១ ហើយខាងលិចមានកន្លែងសន្និបាត ១ មានកំពូលខ្ពស់ឡើងសម្រាប់លោកកេស្វរ ដូចមានខ្លោងទ្វារជាសំអាងស្រាប់ ។ បន្ទប់វែងនោះមានពិតាន ១ សម្គាល់ឃើញពីខាងក្រៅ មានដំបូលកណ្ដាល ១ និងថែវសងខាង ២ ហើយខាងក្នុងគេសម្គាល់ឃើញមានស្នាមខ្ពស់ទាប ហាក់ដូចជាគេបានបំបាត់សសរ ២ ជួរចោល ហើយរំលប់ជ្រុងចេញ គួរតែសម្គាល់ថា លើកតែត្រង់ព្រះបាទ ពិធូរចេញ នោះបន្ទប់នេះទទួលពន្លឺតែពីទិសខាងត្បូង ឯជញ្ជាំងខាងកើតនោះងងឹតសូន្យ គ្រាន់តែមានធ្វើបែបជាបង្អួចបញ្ឆោតប៉ុណ្ណោះ ។
សព្វថ្ងៃនេះ គេបានរកឃើញប្រាសាទធំៗ ១៥ យ៉ាងនេះ គឺប្រាសាទព្រះខ័នទាំងពីរ តាព្រហ្ម, បេងមាលា និង បន្ទាយឆ្មា ឯប្រាសាទឯទៀតនោះ រៀបគ្នាតាមបណ្ដោយតាមផ្លូវធំ ២ នៃស្រុកខ្មែរចាស់ គឺជាផ្លូវដែលចេញពីអង្គរធំទាំង ២ ហើយ ១ ឆ្ពោះទៅខាងកើតគឺចំទៅព្រះខ័ន ១ ទៀតឆ្ពោះទៅទិសពាយព្យនោះចំទៅភីម៉ៃ ។
តាមធម្មតាប្រាសាទទាំងនេះឆ្ងាយពីគ្នា ពី ១៥ ២០ គីឡូម៉ែត្រ ហើយនៅទៀងតែពីខាងជើងផ្លូវ ហើយគឺឲ្យយល់បានថា ប្រាសាទទាំងនេះទទួលពន្លឺតែពីទិសខាងត្បូង ហេតុនេះឲ្យយល់ឃើញថា ប្រាសាទទាំងនេះគេសាងតាមលំនាំផ្លូវ ទុកសម្រាប់អ្នកដំណើរ ។ បើគេពិចារណាឃើញថាប្រាសាទទាំងនេះសាងសម្រាប់លោកេស្វរ ហើយពោធិសត្វនេះ ជួនកាលមាននាមថា លោកេស្វរនៃមន្ទីរឱសថ គឺអរោគ្យសាលី នោះគេនឹងយល់ថា ប្រាសាទដែលសាងរៀបរៀងជាលំដាប់តាមផ្លូវនោះ ជាមន្ទីរព្យាបាលរោគ គឺអរោគសាលា សម្រាប់អ្នកដំណើរដែលឆ្ពោះទៅកាន់វិហារដ៏ប្រសើរ ប្រហែលជាទៅកាន់ប្រាសាទនៃលោកដ៏មានឥទ្ធិឫទ្ធិដែលកំចាត់បង់នូវទុក្ខបាន បើប្រសិនជាប្រាសាទទាំងនោះ គេសាងសម្រាប់ឧបត្ថម្ភមនុស្សជម្ងឺមែននោះ គេគ្មានសង្ស័យអ្វីឡើយ ដែលឃើញប្រាសាទទាំងនេះនៅក្នុងកំផែងក្រៅឆ្ងាយអំពីទីប្រជុំ ដើម្បីកុំឲ្យសៅហ្មងដល់សេចក្ដីបរិសុទ្ធ ។
ដោយជាការពិបាកនឹងរិះរកសេចក្ដី និងអធិប្បាយឲ្យចំប្រាកដ ហើយដោយប្រាសាទនោះមានឈ្មោះផ្សេងៗ ដូចជាប្រាសាទទ័ពជ័យដែលគេតែងតែកំណត់នាមដូច្នេះ នោះនាមនោះ ហាក់ដូចជាមិនមែនជាឈ្មោះពិតប្រាកដរបស់ប្រាសាទនេះឡើយ ហេតុដូច្នេះយើងត្រូវតែតាំងនាមដោយសន្មត កំណត់ហៅជា អរោគ្យសាលាវិញ លើកលែងតែក្នុងស្ថានដែលអ្នកឯណា ១ បានរកភស្ដុតាងឃើញពិតប្រាកដ អំពីឈ្មោះនៃប្រាសាទទាំងនេះ ដូច្នេះឃើញថាបន្ទាយឆ្មានោះ មានអរោគ្យសាលា ១ ឯអង្គរធំនោះគ្មានឡើយ ព្រោះថាប្រាសាទដែលនៅឃ្លាតដាច់ពីគេនេះមិនជាសម្រាប់ត្រូវការដល់ទីក្រុងធំទេ ប៉ុន្តែគេឃើញមានអរោគ្យសាលានេះក្នុងប្រាសាទផ្សេងៗ ជិតទីនោះ គឺនៅប្រាសាទតាព្រហ្ម ប្រាសាទព្រះខ័ន និងប្រាសាទមួយទៀត នៅដាច់ពីគេក្នុងព្រៃជាខាងជើងក្រុង គឺប្រាសាទផ្ទូ តាមដែលបានពិនិត្យឃើញគេនឹងសម្គាល់បានថាប្រាសាទបន្ទាប់បន្សំនេះ កើតក្នុងជាន់ដែលយើងហៅថា ជាន់រចនាប្រាសាទបាយ័ន ហើយប្រាសាទនេះគេនឹងត្រូវការពិនិត្យជាក្រោយ នៅវេលាដែលគេបានច្បាប់ នូវរឿងរ៉ាវអំពីប្រាសាទដែលសាងក្រោយៗ ដូចជាប្រាសាទព្រះខ័នខាងកើត នឹងបេងមាលា ។
វេលានេះយើងត្រឡប់ទៅសេចក្ដិខាងដើមវិញ គឺអំពីសាងអង្គរធំ ខ្ញុំស្មានថាបានពោលខាងដើមហើយ ថាអង្គរធំនោះ កាលដើមជាទីក្រុងសម្រាប់ពុទ្ធសាសនា នៅក្នុងសេចក្ដីទំនុកបម្រុង នៃលោកេស្វរដូចជាបន្ទាយឆ្មារដែរ ប៉ុន្តែប្រហែលជាស្ដេច ១ អង្គកាន់ពុទ្ធសាសនាបានសាងឯស្ដេចនោះប្រហែលជាមីនមែនយសោវ័រ្មន ដែលកាន់សាសនាព្រះឥសូរនោះឡើយ សេចក្ដីសន្និដ្ឋាននេះខ្ញុំមិនភ្លេចទេ ច្បាប់ជាទាស់ខុសជាខ្លាំងអំពីចារឹកនៅស្ដុកកក់ធំ តែយើងត្រូវពិនិត្យមើលឲ្យប្រាកដ។
ចារឹកនេះធ្វើតក្នុងសករាជ ៩៧៤ គឺក្នុងគ្រិស្ដសករាជ ១០៥២ កំណត់ ១០៥ ឆ្នាំ មុនឆ្នាំដែលយសោវ័រ្មនទិវង្គត ចារឹកនេះមិនមែនធ្វើសម្រាប់ចុះសេចក្ដីអ្វីៗ ក្នុងជាន់នោះទាំងអស់ឡើយ ឯសេចក្ដីក្នុងនោះគឺស្រង់យកតាមគោលដើមមក ឯគោលនោះគឺជាបែបពង្សាវតារ ដែលគេកត់ត្រារៀងៗ មកចំនួន ២៥០ ឆ្នាំ ប៉ុន្តែត្រូវបញ្ចូលក្នុងនេះគំនិតនិងប្រយោជន៍របស់បុរោហិតដែលបានតែងសេចក្ដីនោះ ក្នុងសំអាងយើងនោះថា នៅបន្ទាយបាយ័ន គេយកព្រះឥសូរជំនួសព្រះពុទ្ធ មិនត្រូវឆ្ងល់ឡើយពីក្រុមហោតា គឺក្រុមសង្ឃការីឌែលយល់ឃើញថាជាការអាប់ឱនណាស់ ដែលយកព្រះខ្លួនទៅតម្កល់ក្នុងទីដែលគេសាងសម្រាប់ព្រះឯទៀតក្នុងស្រុកខ្មែរពីដើម សេចក្ដីនេះឃើញជាការប្លែកពីការអ្វីៗ ទាំងអស់ព្រោះគេមិនដែលកសាងបដិមាករឯណាមួយទៅតម្កល់ក្នុបងប្រាសាទដែលគេបោះបង់ឡើយ តែត្រង់នេះស្ថានដែលបង្កើតឲ្យមានឡើង ដោយហេតុតែមានប្រាសាទស្ដេចនៅកណ្ដាលនគរ តែថាដែលបង្កើតមានយ៉ាងដូច្នេះក៏មិនគួរដែរ រួចគេឃើញថាអយ្យកោរបស់សទាសិវចូលចិត្តបំបិទបំបាំងសេចក្ដីដែលមិនល្អនេះឲ្យស្ងាត់ស្ងៀមទៅ យើងបន្ថែមថាឯប្រាសាទនោះ គេបានសងទៅសាសនាដើមវិញ ក្នុងរាជស្ដេចកាន់ពុទ្ធសាសនាដែលគ្រងរាជ្យជាន់ក្រោយ ឯសេចក្ដីអួតអាងរបស់ស្ដេចយសោវ័រ្មន សេចក្ដីមានៈនិងគំនិតរបស់បុរោហិតនៃស្ដេចនេះ ព្រមព្រៀងជាមួយគ្នា ហើយតាំងខ្លួនថាជាអ្នកដែលបានកសាងអង្គរធំនិងប្រាសាទបាយ័ន ប៉ុន្តែមានការ ១ នាំឲ្យទើសទែងទៅលើសេចក្ដីនេះទៀត គឺអំពីរឿងរ៉ាវព្រះពុទ្ធដែលជាលំអទីក្រុងនោះ នៅលើកំពូលដំបូលនោះបានរៀបរៀងនូវពុទ្ធរូបទ្រង់ភ្នែនជាជួរក្នុងក្បាំងដែលលកខូង តែរូបទាំងនោះគេរំលើងចោលអស់ នៅជញ្ជាំងនិងនៅសសរបាយ័ននោះដេរដាស ទៅដោយរូបព្រះពុទ្ធជាច្រើន ហើយរូបទាំងនោះគេគាស់ចោលចេញ ឬ ក្លាយរាងឲ្យទៅជាបែបតាបសមានពុកមាត់ ពុកចង្កាទៅវិញ ឬ ឆ្លាក់ធ្វើទៅជាលិង្គ ឬឆ្លាក់ជាបាច់ផ្កាតែមិនឃើញមានជាប់បំពាបំពានដល់ទិអន្តរាយនោះទេ ដែលគេធ្វើនោះ គឺធ្វើដោយពិនិត្យពិច័យដោយសេចក្ដីព្យាយាមអត់ធ្មត់ត្រឹមត្រូវតាមទំនៀមទម្លាប់អ្នកស្រុក ការនោះប្រហែលជាធ្វើបានបង្គាប់សេនាបតីម្នាក់ដែលបានចាក់ក្រសួងគមនាការ ដោយយកប្រាក់ឃ្លាំងទៅចំណាយ គ្រានោះគួរឲ្យឃើញប្លែកដែលគេមិនបានបំបាត់រូបលោកេស្វរចេញ ព្រោះពោធិសត្វនេះមានដៃជើងនិងក្បាលច្រើន ដូចជាព្រះនារាយណ៍ឬព្រះឥសូរដែរហើយគេទុករូបទាំងនេះជំនួសព្រះឥសូរ និងព្រះនរាយណ៍នេះបានដោយងាយ ឯប្រាសាទខ្លះនៅអង្គរដែលមានពុទ្ធរូបជាច្រើនដែលលុបចេញមិនអស់នោះ ធ្វើឲ្យយើងឃើញជារឿងព្រះពុទ្ធសាក្យមុនី មានរឿងចេញពីនគរទៅទ្រង់ផ្នួស ឬត្រង់ដែលកាត់ព្រះកេសា រូបទាំងនេះ វេលាដែលឃើញគេអាចនិងវិនិច្ឆ័យវាយសេចក្ដីអំពីពួកព្រាហ្មណ៍បានដោយងាយ ។
បើដូច្នេះឃើញថា យសោវ័រ្មននេះមិនមែនជាអ្នកសាងអង្គរធំ និងបាយ័នឡើយ ថ្វីបើឃើញមានសេចក្ដីអំនួត និងចារឹករបស់ស្ដេចនេះ និយាយបញ្ជាក់ ក្រៅពីសំអាងខាងផ្លូវសាសនានោះ យើងមានសំអាងយ៉ាងត្រឹមត្រូវដោយពិតនោះ ១ ទៀត គឺថា យើងមានប្រាសាទ ១ ដែលសាងក្នុងរាជ្យស្ដេចយសោវ័រ្មន គឺប្រាសាទភ្នំបាខែងដេលហៅថា យសោធរេស្វរ បើមាននរណា ១ យកប្រាសាទនេះទៅផ្គូរគ្នានឹងប្រាសាទបាយ័ននោះ អ្នកនោះនិងបានសេចក្ដីច្បាស់ភ្លាមថា មិនមែនជាថ្វីដៃម្ចាស់ផែនដីជាមួយគ្នាឡើយ ។
សព្ទនេះមិនមែនធ្វើត្រាប់ឲ្យដូចទេ គ្រាន់តែជាការជួយណែអ្នកប្រែចារឹកនោះ ចេញពីថ្ម ៖
សព្ទ
មនវ្រះបាទ បរមេស្វរ មកអំវីជ្វា បិក្រុងនិនៅនគរឥន្រ្ទបបុរស្ដែងអញ សិវកៃវល្យ ត គឺប្រាជ្ញគរុជាបរោហិត តវ្រះបាទបរមេស្វរ មនវ្រះបាទថ្លែងមកអំវីឥន្រ្ទបុរ មនព្រះបាទបរមេស្វរក្រុងនីអា្យ នគរហិរិហរាលយ មនវ្រះបាទបរមេស្វរ ទៅក្រុងនីអា្យមហេន្ទ្របរ្វត មានវ្រាហ្មណជ្មះ ហិរណ្យទាមប្រាជ្ញសិទ្ធិវិទ្យា មកអំវីជនបទ បិវ្រះបាទបរមេស្វរ អញ្ជេញធ្វើវិធីលេហ លេងកំបីកម្វុជទេស នេះអាយត្ត តជ្វាល្យើ លេងអាចតិ កម្រតេងផ្ទៃក្រោម ម្វា្យគុះតជា ចក្រវត្តិ វ្រាហ្មណនោះធ្វើវិធីដោយវ្រះវិនាសិខប្រតិស្ឋាគម្រតេង ជគតតរាជ វ្រាហ្មណនោះប្រៀនព្រះវិនាសិខ នយោត្តរ សម្មោហ សិរស្ឆេទ ស្យងមនស្វតមុខ ចុញបិសរសិរ បិប្រៀនស្ដេងអញ សិវកែវល្យនុគិ ប្រើស្ដេងអញ សិវកៃវល្យ គិតធ្វើវិធីនាកម្រតេងជគតតរាជ មនវ្រះបាទបរមេស្វរ ស្ដ័ចវិងមកគ្រង និអាយនគរហរិហរាលយ វ្រះកម្រតេងអញតរាជតិនាមមកឧកវ្រះបាទបរមេស្វរ សូគ្គិតនៅនគរ ហរិហរាលយ ។
បើថា យសោវរ្ម័ន មិនមែនជាអ្នកកសាងអង្គរធំ និងបាយ័នទេ នោះយើងត្រូវរករូបអ្នកដែលកសាងនេះឲ្យឃើញ ដោយរាប់រឿងតាមជួរក្រសែស្ដេចដែលគ្រងរាជ្យមុនៗ ។
ឥន្ទ្រវរ្ម័នជាបិតាស្ដេចនេះ យើងមិនត្រូវយកមកនិយាយឡើយ ដោយក្សត្រិយ៍នេះកាន់សាសនាព្រះឥសូរយ៉ាងមាំមួនណាស់ ហើយប្រាសាទទាំងប៉ុន្មានដែលបានសាងនោះ សម្រាប់តែផ្ទះឥសូរទាំងអស់ ម្យ៉ាងវិញទៀតឥន្រ្ទវរ្ម័ននេះ ជាវង្សក្សត្រិយ៍ថ្មីមិនជាប់ទៅក្នុងវង្សមុនឡើយ ។
វង្សក្រោយនេះមានតែស្ដេចពីរព្រះអង្គ នាមជ័យវរ្ម័នទី ២ បរមេស្វរ (សករាជ ៧២៤ ទៅ ៧៩១) ត្រូវនិងគ្រិស្តសករាជ ៨០២ ដល់ ៨៦៩ និងជ័យវរ្ម័នទី ៣ វិស្ណុលោកពីសករាជ ៧៩១ ទៅដល់ ៧៩៩ ត្រូវនិងគ្រិសករាជ ៨៦៩ ដល់ ៨៧៧ ស្ដេចនេះកាន់សាសនាព្រះនរាយណ៍ (វិស្ណុ) ដូចមានព្រះនាមជាសម្គាល់ស្រាប់ ។
ជ័យវរ្ម័នទី ៣ គ្រងរាជ្យបានតិចណាស់ នឹងសម្គាល់ថាជាអ្នកសាងអង្គរមិនបាន ។
រឿងរ៉ាវប្រែផ្សេងទៅវិញកាលណា យើងរាប់ឡើងដល់ជយវរ្ម័នទី ២ បរមស្វរ គឺថាត្រង់នេះយើងបានដឹងថា មានស្ដេច ១ អង្គដែលមានឫទ្ធិ ហើយជាអ្នកសាងទីក្រុងជាច្រើនផង ។
ចារឹកនៅស្ដុកកក់ធំដែលពណ៌នាពីស្ដេចនេះ ដូចមានខាងក្រោយព្រះបាទបរមស្វរយាងមកពីក្រុងជ្វា ដើម្បីគ្រងរាជ្យក្នុងឥន្ទ្របុរ ក្នុងវេលានោះមានគ្រូ សិវកៃវល្យជារាជរោហិត តពីនោះមក ព្រះបាទបរមស្វរយាងទៅឯឥន្ទ្របុរ ហើយព្រះអង្គគង់នៅក្នុងហរិហរាលយ ទើបព្រះអង្គយាងទៅតាំងក្រុងអម្រេន្ទ្របុរ ហើយទៅគង់នៅមហេន្ទ្របរ្វត ក្នុងវេលានោះមានព្រាហ្មណ៍ ១ ឈ្មោះហិរណយទាម ជាអ្នកប្រាជ្ញក្នុងសីលវិទ្យាមកពីស្រុកជនបទ ព្រោះព្រះអង្គឲ្យអញ្ជើញមកធ្វើពិធីដើម្បីកុំឲ្យក្រុងកម្ពុជា ជាចំណុះស្រុកជ្វា ហើយឲ្យមានក្នុងនគរនេះស្ដេចចក្រវត្តិ ១ ព្រះអង្គ ព្រាហ្មណ៍នេះបានរៀបពិធីតាមដោយព្រះវិនាសិខ ហើយប្រតិស្ឋានស្ដេចទេវរាជ (គម្រតេងជគតត រាជ) ព្រាហ្មណ៍នេះបានបង្រៀន ព្រះវិនាសិខ នយោត្តរ សម្មោហ សិរស្ឆេទ ព្រាហ្មណ៍បានសូត្រតាំងពីដើមលុះចប់ ដើម្បីសរសេរ ហើយបង្រៀនដល់ស្ដែងអញ សិវកែល្យបានបង្គាប់ដល់សិវកែវល្យ ឲ្យធ្វើពិធីនៃទេវរាជ វេលានោះព្រះបាទបរមេស្វរត្រឡប់ទៅគង់ក្រុងហរិហរាលយវិញ ហើយបាននាំទេវរាជទៅទុកក្នុងទីនោះផង ព្រះបាទបរមេស្វរទិវង្គតក្នុងហរិហរាលយ ។
ឯពង្សាវតាររបស់ស្ដេចនេះ គេសរសេរគ្មានផ្ចិតផ្ចង់ឡើយ ប៉ុន្តែអាចនឹងដកយកសេចក្ដីដែលមានប្រយោជន៍បានគឺជ័យវ័រ្មននិយាយក្នុងចារឹកថាព្រះអង្គយាងមកពីស្រុកជ្វា ឈ្មោះស្រុកនេះមិនច្បាស់សោះ (សព្វថ្ងៃខ្មែរទាំងឡាយហៅឈ្មោះនេះ ដល់ប្រជុំស្រុកមាលយូ) ជ័យវ័រ្មនបាននិយាយពីមហានគរ ស្រីវិជ័យកាលក្នុងឆ្នាំ ៨០០ ទៅ ៩០០ អំពីដែលនគរនេះផ្សាយព្រះរាជអាណាខែត្រទៅលើតំបន់ខាងត្បូង បើមិនមែនផ្សាយទូទៅលើតំបន់កោះជ្វាទាំងមូល ហើយថាក្នុងឆ្នាំនោះស្ដេចស្រុកមាលាយូមកវាយស្រុកខ្មែរមានជ័យទៀត ដូចមានរឿងរ៉ាវរបស់ អាប៊ុ–សាអីដហាសាន់ នៅសិរាហ្វ៍ និយាយថាស្ដេចខ្មែរម្នាក់មកពីតំបន់បានដន ហើយប្រហែលជាម្ចាស់ផែនដីស្រុកនោះជួយផង ដើម្បីមកដណ្ដើមយករាជ្យនគរខ្មែរ ប៉ុន្តែគ្មានសេចក្ដីអ្វីជាពិតសោះ ឯនគរនេះកាន់ពុទ្ធសាសនាទាំងអស់ ហើយជឿគោរពលោកេស្វរ បើដូច្នោះហើយ យើងមានសំអាងជាច្រើនដែលនិងពន្យល់រឿងរ៉ាវអង្គរធំបាន យើងត្រូវពិនិត្យតាមរឿងរ៉ាវស្ដេចដែលមកវាយយកស្រុកខ្មែរ ។
ស្ដេចនេះបានមកលុកលុយស្រុកខ្មែរ ហើយវាយដណ្ដើមយកបានក្រុងឥន្រ្ទបុរ រួចពីនោះស្ដេចឡើងពីឥន្រ្ទបុរទៅឯហរិហរាលយ តពីនោះទៀត ទ្រង់ស្ដេចទៅតាំងក្រុង អម្រេន្ទ្របុរ គឺបន្ទាយឆ្មារ សាងលើមហេន្ទ្របរ្វត គឺភ្នំគូលែន ហើយត្រឡប់មកឯ ហរិហរាលយ វិញក៏ទិវង្គតទៅ យើងនិបងបន្ថែមថា នៅវេលាដែលសាងអង្គរធំហើយនោះ យើងមិនដឹងជាគេឲ្យឈ្មោះអ្វីសោះ សទាសិវមិនបានដាក់ឈ្មោះឲ្យយើងដឹង ព្រោះសទាសិវនេះចង់ឲ្យគេថាការកសាងនេះ ជាសំណាស្នាដៃរបស់យសោវ័រ្មនវិញ ដូច្នេះឃើញច្បាស់ប្រាកដថា ប្រាសាទទាំងប៉ុន្មានដែលជ័យវ័រ្មន ២ បានសាងនោះ សុទ្ធតែជាប្រាសាទសម្រាប់ពុទ្ធសាសនាទាំងអស់ទីហើយឧទ្ទិសថ្វាយដល់លោកេស្វរ ។ ចារឹកនៅស្ដុកកក់ធំនិយាយថាស្ដេចនេះបានឲ្យព្រាហ្មណ៍ម្នាក់មកពីស្រុកមិនបានកំណត់ឈ្មោះ ហៅថាជនបទមកបង្រៀនបុរោហិតស្ដេចនេះ អំពីវិជ្ជាទាំងឡាយផ្សេងៗ ហើយបង្កើតនូវការគោរពដល់ទេវរាជ ដើម្បីកុំឲ្យស្រុកខ្មែរចុះចូលស្រុកជ្វាទៀត ហើយឲ្យស្រុកខ្មែរនេះ មានស្ដេចចក្រពត្រាធិរាជ ១
រឿងនេះឃើញជាប្លែកតែឯង ប៉ុន្តែបើទុកជាប្លែកដូច្នេះ ក៏គង់តែចូលជាពង្សវតារដែរ គេនឹងមិនយកក្បួនដែលមានរាយឈ្មោះនេះជាប្រយោជន៍ក៏បាន ក្បួននេះចារឹកជាអក្សរតន្ត្រ ដែលគេមិនស្គាល់សោះនៅក្នុងស្រុកឥណ្ឌា ហើយដែលមានចំណងជើងប្លែកៗ គឺវិនាសិខនយោត្តរ សម្មោហ សិរស្ឆេទ នោះឃើញថាក្បួនទាំងនេះ មានលាយធម៌អាថ៌ខ្លះមន្តអាគមខ្លះ ហើយកើតមានជាច្រើនក្នុងសាសនាដែលរោយរៀវទៅ ការដែលជាធំនោះ គឺដែលបានប្រតិបត្តិគោរពនូវលឹង្គ ដើម្បីឲ្យបាននគរខ្មែរជាឯករាជ្យ ឯនាមចក្រពត្រានោះ ជាតម្លៃណាស់ គឺជាងារម្ចាស់ផែនដីដែលមានក្រស័ត្រជាច្រើននៅក្នុងអំណាច ហើយម្ចាស់ផែនដីនោះ គ្មានលុះអំណាចផែនដីណាមួយសោះ ។
វេលាដែលយសាវរ្ម័នទី ២ ឡើងគ្រងរាជ្យនោះ ព្រះអង្គនៅក្នុងអំណាចផែនដីជ្វា (អាយត្ត) គឺថាជាក្រស័ត្រចំណុះមហារាជនៅស្រិវិជ័យដោយជាចំណុះតាំងពីដើមមក ហើយមកគង់នៅក្នុងស្រុកខ្មែរជាក្រោយឬដោយព្រោះតែស្រុកខ្មែរច្បាំងចាញ់មហារាជដែលពោលហើយនេះ ដូចជាអាប៊ុសាអ៊ីដ បាននិទានទុក ស្ដេចនោះមានប្រាថ្នានឹងផ្ដាច់ចំណងដែលចងឱវាទគេចេញ ប៉ុន្តែចុះហេតុដូចម្ដេច បានជាការដែលគ្រាន់តែគោរពព្រះ ១ ថ្មី នោះ អាចនិងនាំឲ្យស្ដេចនេះ សម្រេចតាមគំនិតបាន ? យើងស្មានថា សេចក្ដីនេះនឹងពន្យល់បាន ព្រះនេះដែលជាលឹង្គ ១ ឈ្មោះថាគម្រតេងជគតតរាជ នោះមិនមែនប្រាកដជាឈ្មោះដែលមាននិយាយក្នុងចារឹកនៅស្ដុកកក់ធំនោះទេ ឯចារឹកធ្វើឲ្យយើងដឹងថាព្រះនោះ ទំនុកបម្រុងនូវអំណាចម្ចាស់ផែនដីតៗ គ្នា (គិតចាំរាជ្យគម្រតេងផ្ទៃក្រោមប្រទានមក) ។
គេនិងយកលឹង្គនេះធៀបនឹងលឹង្គភទ្រេស្វរនៅស្រុកមីសីន ដែលព្រះឥសូរឲ្យមកស្ដេច ដែលគ្រងរាជ្យជាដំបូងនៅស្រុកចម្ប៉ាបាន ដែលគេទុកជា ខ្លឹមនៃរាជានុភាពរបស់រាជវង្សតៗ គ្នា (សន្តតិរាជ្យសោរភទ្រេស្វរេ) ឯស្ដេចដែលគោរពដល់លឹង្គដូច្នេះ នោះបានទទួលនាមផ្ទាល់ពីស្ថានសួគ៌មក មិនមែនទទួលពីស្ដេចឯណា ១ ឡើយ គឺបានជាស្ដេចចក្រវត្តិដោយអំណាចទិព្វ ដោយហេតុនេះហើយបានជាជ័យវរ្ម័នទី ២ ដែលចង់តាំងខ្លួនជាឯករាជ្យ បានសាងរូបទេវរាជនេះ ក្នុងនគរព្រះអង្គ ។
តើក្នុងស្ថាននេះ យើងត្រូវជឿថា ស្ដេចនេះបោះបង់ពុទ្ធសាសនាចោលទៅកាន់សាសនាព្រះឥសូរវិញឬអ្វី ត្រង់នេះដូចជាគ្មានប្រយោជន៍ប៉ុន្មានទេ ព្រោះគេអាចនិងទុកសាសនាចាស់ សម្រាប់គោរពបានផងហើយទៅបូជាព្រះថ្មីបានឥតទាស់អ្វីផង ។
ស្ដេចស្រុកខ្មែរទាំងឡាយ តាមធម្មតា ច្រើនតែមានអធ្យាស្រ័យហើយមិនគិតថា ខុសអំពីសេចក្ដីដែលគោរពប្រតិបត្តិ ដល់ព្រះឥសូរជាមួយនិងព្រះពុទ្ធ ។
ម្យ៉ាងវិញទៀត ពួកអាចារ្យ ដែលនៅក្នុងបង្គាប់ស្ដេច ក៏មានបញ្ញាចេះប្រមូលសេចក្ដីជឿមិនឲ្យទាស់ទែងគ្នាបាន ឯព្រះរាជបុត្រជ័វ័រ្មនទី ២ នោះក៏គោរពដល់ទេវរាជដែលជាសាសនាព្រះឥសូរដែរ ពិតមែនតែទ្រង់កាន់សាសនាព្រះនារាយណ៍ ។
សេចក្ដីសន្និដ្ឋានទាំងប៉ុន្មានដែលពោលមកនេះ នាំយើងមកដាក់នៅមុខសេចក្ដីដែលគេស្មានថាលំអិតបានហើយៗ ត្រូវតែយកមកសើរើវិញ ក្នុងវេលានេះ ។ ក្នុងប្រាសាទខ្លះដែលស្ដេចជ័យវរ័្មនបានសាងនោះ គេឃើញមានកំពូលមុខ ៤ ជាច្រើន យើងបានពន្យល់មុននេះបន្តិចអំពីកំពូលទាំងនេះ ថាគេបានធ្វើប្រែកែទៅជាលឹង្គមុខ ៤ វិញ ហើយសេចក្ដីពន្យល់នេះក៏បានយល់ព្រមព្រៀងគ្នាមក ។
សេចក្ដីពន្យល់នេះ បានយល់ព្រមថា ទាំងបន្ទាយឆ្មារ ទាំងបន្ទាយបាយ័ន និងប្រាសាទឯទៀតផ្សេងៗ ដែលមានសណ្ឋានប្រហែលគ្នានោះជាថ្វីដៃរបស់យសោវរ័្មន ដែលជាស្ដេចកាន់សាសនាព្រះឥសូរ ហើយគោរពប្រតិបត្តិដល់លឹង្គនោះ ប៉ុន្តែសេចក្ដីពន្យល់នេះឃើញមិនពិតជាច្រើនប្រសិនបើប្រាសាទទាំងនេះជាការថ្វីដៃរបស់ស្ដេច ១ អង្គ ដែលកាន់ពុទ្ធសាសនាវិញ ។
តើខុសឆ្គងយ៉ាងណាទៅ ប្រសិនបើជាថារូបមុខ ៤ នេះជារូបរបស់លោកេស្វរវិញ ដោយហេតុថារូបដែលមានមុខច្រើនយ៉ាងនេះមិនសូវក្រប៉ុន្មានទេ ពិតមែនតែគំរូមុខនេះមិនជាឃើញញឹកញយ តែថាក្នុងស្ថាននេះ យើងគួរបញ្ចូលទៅជាទំនងការអលង្ការវិញ ម្យ៉ាងវិញទៀតគួរយល់ថាមុខ ៤ នេះជាមុខដែលបែរក្រឡេកទៅគ្រប់ទិសទាំងអស់ភ្លាមៗ ដើម្បីឲ្យពរសព្ទសាធុការ ជាជាងដែលយល់ថាជាក្បាលដែលមានមុខ ៤ នោះវិញបានជាថាដូច្នេះ ព្រោះជាមុខដែលមាននៅប្រាសាទបន្ទាយឆ្មារ នោះឃើញមានមុខផ្សេងៗ មកជ្រៀតនៅជាកណ្ដាលនៃមុខ ៤ នោះទៀត ហើយដូចជាមុខដែលមាននៅប្រាសាទស្ទឹង ជិតប្រាសាទព្រះខ័ន ខាងកើតនោះក៏ឃើញមានទំនងអលង្ការអ្វីមកជ្រៀតនៅចន្លោះមុខ ៤ នោះដែរ ក្នុងស្ថានទាំងនេះហាក់ដូចជាគេចង់ឲ្យឃើញតែមុខ ១ ដាច់ពីគេកុំឲ្យជាប់និងក្បាច់អលង្ការឯទៀត ឯសេចក្ដីយល់ឃើញរបស់ខ្ញុំថា អង្គរធំនឹងប្រាសាទកណ្ដាលគឺប្រាសាទបាយ័ននោះ ស្ដេចជ័យវរ្ម័នទី ២ មរមេស្វរបានសាងក្នុងឆ្នាំ ៨៥០ គឺ ៥០ ឆ្នាំមុនឆ្នាំដែលគេធ្លាប់ជឿមក ប្រាសាទបាយ័នកាលដើមថ្វាយដល់ពុទ្ធសាសនា ហើយតមកស្ដេចដដែលនេះ បានដាក់ទៅជាសម្រាប់លឹង្គវិញ តពីសេចក្ដីផ្លាស់ប្ដូរសាសនានេះមក ពុទ្ធរូប ឬរឿងរ៉ាវក្នុងពុទ្ធសាសនាទាំងឡាយនៅអង្គរធំ គេបានវាយចោលក៏មិនដឹង ហើយប្រាសាទបន្ទាប់បន្សំឯទៀត ដែលជាប្រាសាទសម្រាប់សាសនាព្រះឥសូរនោះ បានសាងបន្ថែមជាក្រោយនៅក្នុងទីបាយ័ន ខ្ញុំមិនមែនអួតថាសំអាងខ្ញុំនេះ អាចបំបាត់នូវសេចក្ដីសង្ស័យ ហើយបំភ្លឺនូវសេចក្ដីងងិតគ្រប់ស្ថានបានឡើយ ដែលខ្ញុំនិយាយនេះ គឺថាក្នុងការដែលកំពុងធៀបរកសព្វថ្ងៃនេះ សេចក្ដីយល់ឃើញរបស់ខ្ញុំ ហាក់ដូចជាឃើញពិតជាងសេចក្ដីឯទៀត ក្នុងការដែលបានដឹងស្គាល់ ក្នុងពួកសេចក្ដីទាំងនេះមានសេចក្ដី ១ ឥតមានសន្ទិះសង្ស័យឡើយ គឺអំពីដែលព្រះពុទ្ធសាសនារុងរឿងថ្កុំថ្កើងណាស់ ក្នុងជាន់ដែលគេរាប់អានក្បាច់អលង្ការក្នុងនគរខ្មែរ កាលជាន់ដើម គឺព្រោះតែជឿពុទ្ធសាសនានេះហើយ បានជាស្រុកខ្មែរកាលជាន់ដើម គឺព្រោះតែជឿពុទ្ធសាសនានេះហើយ បានជាស្រុកខ្មែរកាលក្នុងឆ្នាំ ៩០០ មានសាងប្រាសាទដេរដាស ដូចកាលនគរបារាំងសែសក្នុងឆ្នាំ ១១០០ ដែរមិនជាទាស់ទេដែលរាប់បញ្ចូលប្រាសាទខ្លះក្នុងជាន់ដើមដែលធ្វើពីថ្មបាយគ្រៀមផង ឯព្រះដែលសម្រាប់សាសនាក្នុងស្រុកខ្មែរក្នុងដើមឆ្នាំ ៩០០ នោះមិនមែនជាហរិហរក្នុងជាន់ដំបូង ឬព្រះឥសូរក្នុងជាតមកឡើយ គឺជារូបលោកេស្វរដែលមានមុខច្បាស់ ហើយញញឹមមានមេត្តាទៅរកសេចក្ដីឈឺចាប់និងទុក្ខភ័យរបស់មនុស្ស គឺថាជាតួអង្គពោធិសត្វ ដែលអ្នកកាន់ពុទ្ធសាសនាឲ្យនាមថាព្រះមហាករុណា ។ ជាក្រោយដែលសាសនាព្រាហ្មណ៍ មកលុកលុយសង្កត់សង្កិនកំណត់ ៣ ឆ្នាំនោះ ពុទ្ធសាសនាថ្កុំថ្កើងឡើងវិញ ក្នុងរាជ្យជ័យវរ្ម័នទី ២ ដែលមានកិរិយាប្រហែលគ្នានិងជ័យវរ្ម័នទី ១ ព្រោះជាអ្នកច្បាំងច្រើន ជាអ្នកសាងប្រាសាទច្រើន សាងទីព្យាបាលរោគច្រើនដូចគ្នា បើដូច្នេះឃើញថាសម័យដែលរុងរឿង ២ ដង ក្នុងពង្សាវតារខ្មែរនោះ គឺនៅក្នុងសម័យពុទ្ធសាសនាទាំងអស់ ហើយគេនិងបញ្ចប់សេចក្ដីយល់ឃើញអំពីរឿងនេះបានថាសាសនាសព្វថ្ងៃនេះ ដែលអ្នកស្រុកស្រឡាញ់ណាស់ មិនមែនទើបនិងនាំយកពីស្រុកក្រៅមកទេ ប៉ុន្តែគ្មានសាលា និងសិក្សាសាសនានេះ ក៏កប់ឫសចុះទៅក្នុងគំនរយ៉ាងជ្រៅនៃរឿងរ៉ាវក្នុងនគរ ។
(ចប់តែប៉ុណ្ណេះ)