អំពីការបេះឃ្មុំ1
ដោយ មៀច ប៉ុណ្ណ
ព្រៃព្រឹក្សាជាច្រើនប្រភេទនៅប្រទេសយើង បានផ្ដល់ជម្រកយ៉ាងកក់ក្ដៅសម្រាប់ឃ្មុំ ដោយជាភមរជាតិមួយប្រភេទ ក្រេបយកលំអងផ្កាមកច្នៃធ្វើជាទឹកមានរសជាតិផ្អែមឈ្ងុយហើយក្រអូប ។ ជាទូទៅឃ្មុំយកមែកឈើធ្វើជាទីតាំងបង្គងសម្រាប់ភ្ជាប់សំបុក ដើម្បីពង និងមន្តពូជពង្ស ។ ក្រៅពីនេះ ឃ្មុំអាចតាំងទីនៅតាមផ្ទះសម្បែងរបស់មនុស្ស ភ្ជាប់សំបុកវា នៅពីក្រោមផ្ទាំងថ្មធំៗនៅក្នុងព្រៃភ្នំ ។ គេសង្កេតឃើញមានឃ្មុំច្រើនប្រភេទ គឺឃ្មុំព្រៃភ្នំ និងឃ្មុំបឹងតំបន់លិចទឹកព្រមទាំងឃ្មុំនៅទីវាល ។ គេសន្មតឲ្យឈ្មោះឃ្មុំទៅតាមទំហំរបស់សំបុកវាគឺ ឃ្មុំធំ ឃ្មុំចង្អេរឃ្មុំត្រចៀកដំរី ឃ្លុំផ្លិត ឃ្មុំបូកគោ… ។ នៅប្រទេសកម្ពុជាយើងប្រជាកសិករ ច្រើនស្វែងរកបេះឃ្មុំនៅរដូវប្រាំង2 នៅពេលដែលបានទំនេរពីការងារ ច្រូតកាត់ប្រមូលផល ទុកដាក់ចប់សព្វគ្រប់ហើយ ។ នៅតំបន់ព្រៃភ្នំ ឃ្មុំច្រើនតែតាំងសំបុកនៅតាមមែកឈើ ដែលមានដើមធំៗ និងខ្ពស់ៗក្នុងគោលបំណងគេចឲ្យផុតពីភ័យន្តរាយផ្សេងៗ ។ ប្រជាកសិករខ្មែរ ត្រាច់ចរក្នុងព្រៃ ភ្នែករំពៃមើលឃ្មុំនៅតាមចុងឈើ ដែលវាចូលចិត្តមានជាអាទិ៍ទ្រាង ឆ្ពង់ ចំបក់ ផ្តៀក ឈើ ទាល ។
ការបេះឃ្មុំជាជំនាញមួយ មិនមែនជា មនុស្សណាក៏អាចបេះឃ្មុំបានទាំងអស់នោះឡើយ …. ពិសេសឃ្មុំធំ ។ អ្នកបេះឃ្មុំត្រូវមានលក្ខណៈពិសេសខ្លះៗដូចជា៖ ប៉ិនប្រសប់ខាងឡើងដើមឈើ មានចិត្តក្លាហាន មិនរួញរាចំពោះគ្រោះ ថ្នាក់ចេះមន្តអាគមផ្សេងៗសម្រាប់អារក្ស អ្នកតា បង់បត់ ព្រាយ និងបង្គ្រាបឃ្មុំចេះប្រើឧបករណ៍បេះឃ្មុំយ៉ាងស្ទាត់ជំនាញ ។
I- ឧបករណ៍សម្រាប់បេះឃ្មុំ
មនុស្សភាគច្រើន ចូលចិត្តទៅរកឃ្មុំតែម្នាក់ឯង ជាជាងបបួលគ្នាទៅទាំងហ្វូង ដែលអាចនិងមានផលវិបាកខ្លះៗដូចខាងក្រោមនេះ
–បានទទួលចំណែកតិច ពីផលដែលទទួលបាន
–បាត់បង់ភាពស្ងប់ស្ងាត់ ជាទំនាស់ដល់ការពិនិត្យ សង្កេតមើលឃ្មុំ និងឲ្យផ្អើលសត្វផ្សេងៗទៀតក្រៅពី ឃ្មុំ
–ប៉ះពាលដល់ត្រណមផ្សេងៗ ដែលត្រូវកាន់ ក្នុងពេលចូលព្រៃធំៗ ។ អ្នកបេះឃ្មុំម្នាក់ ត្រូវនាំយកទៅជាមួយខ្លួននូវឧបករណ៍មួយចំនួន៖
ក/គប់៖ ផ្សំឡើងដោយមែកឈើស្ងួត តូចៗល្មមប្រវែងប្រមាណមួយព្យាម ចងផ្គំគ្នាជាដាច់ និងរុំព័ទ្ធពីក្រៅ ដោយស្លឹកឈើស្រស់មួយជាន់ទៀតដើម្បីបង្កលក្ខណៈឲ្យមានផ្សែងច្រើន នៅពេលគេដុតគប់បង្អើលឃ្មុំ ។ ផ្សែងភ្លើងមានឥទ្ធិពលទៅលើឃ្មុំខ្លាំងណាស់ ។ កាលណាធុំក្លិនផ្សែងគប់ ទ្រនិចវារួញ ហើយពុំអាចទិច3 មនុស្សបានឡើយ ។
ខ/កន្តាងរាំង៖ មានរាងជាថ្នក់ដូចកញ្ជើធំមួយ មានទំហំមាត់ពី៤៥ ទៅ៥០ សង្ទីម៉ែត្រ ធ្វើអំពីវល្លិ៍ ឬចម្រៀកផ្ដៅ រែងប្រទាក់គ្នាជាក្រឡា ហើយត្រូវបានចងភ្ជាប់និងចុងដងឫស្សីមួយកំណាត់ ។ នៅត្រង់ចុងដងឫស្សីទម្លាក់បញ្ចូលមកក្នុងកន្តារ៉ាង ។
គ/ពួយ៖ ជាកំណត់ឈើរឹងប្រវែង ១២ ទៅ ១៥ សង្ទីម៉ែត្រ ។ អ្នកបេះឃ្មុំចូលចិត្តយកមែកមៀនព្រៃមកធ្វើពួយ ។ ដើម្បីងាយស្រួលបោះបញ្ចូលឲ្យជាប់ទៅក្នុងសាច់ឈើ គេត្រូវសម្រួចចុងម្ខាងនៃពួយ ។
ឃ/ខ្សែមួយចង្វាយ៖ ត្រូវមានខ្សែប្រវែងតិចបំផុត ១៥ ម៉ែត្រ សម្រាប់ចងយោងគប់ ទៅលើដើមឈើផង និងចងកន្តារ៉ាងសម្រូតដាក់ផ្លិត និងក្បាលទឹកឃ្មុំមកលើដីផង ។
៥–ពូថៅ៖ សម្រាប់បោះពួយឲ្យមុតមួយទៅក្នុងសាច់ឈើ ប្រយោជន៍ និងជាន់ឡើងទៅឲ្យដល់ជិតសំបុកឃ្មុំ
ច/ ទន្លឹង៖ ធ្វើពីវល្លិ៍ស្វិតជាប់ល្អ វេញបញ្ចូលគ្នាជាពីរ ឬបីធ្លុងសម្រាប់ចង ព័ទ្ធខ្លួនអ្នកបេះឃ្មុំ ទៅនឹងដើមឈើដែលត្រូវឡើង ដើម្បីធាក់ជ្រែងចំកោងខ្លួនកុំឲ្យរបូត ធ្លាក់ចុះក្រោម នៅពេលគេត្រូវដកដៃទាំងពីរ ពីដើមឈើមកកាន់និងវាយពួយ ។
ឆ/ចេះបាលីមន្តអាគម៖ ដូនតាខ្មែរយើងជឿថា នៅក្នុងព្រៃ មានព្រាយបង់បត់ អារក្ស អ្នកតា កាន់កាប់និងថែរក្សាការពារឃ្មុំធំៗ ។ ប្រសិនបើយើងមិនចេះមន្តអាគម សម្រាប់ផ្ចាញ់ កម្ចាត់ពពួកអមនុស្សទាំងនោះទេ អ្នកយកឃ្មុំអាចនិងរងគ្រោះថ្នាក់ជាច្រើនប្រការដូចយ៉ាង៖
–ត្រូវចោមរោម ទិចតែស្លាប់
–ត្រូវភ្លាត់ជើង រហូតដៃធ្លាក់ពីលើចុងឈើស្លាប់
–ត្រូវពពួកអធិភូត ធ្វើកលបញ្ឆោត បណ្ដាលឲ្យឃើញដូចជាប្រពន្ធកូន ឪពុក ម្ដាយ មកហៅឲ្យចុះពីចុងឈើ ។ ទើបតែចុះមកដល់ពាក់កណ្ដាលដើមក៏មាន អារម្មណ៍យល់ថាដល់ដីហើយ លុះខ្លួនលែងដៃពីដើមឈើ ក៏របូតដៃធ្លាក់ចុះឬមួយ គ្រាន់តែចុះមកដល់ដីភ្លាម សាច់ញាតិ ដែលខ្លួនបានឃើញពីមុន នេះបន្តិចស្រាប់តែក្លាយទៅជាខ្លា ឬខ្ទីងប្រហារស្លាប់តែម្ដងទៅ…
II- វិធីបេះឃ្មុំ
អ្នករកឃ្មុំត្រាច់ចរកាត់ព្រៃយ៉ាងស្ងៀមស្ងាត់ ភ្នែករំពៃមើលសព្វចុងឈើ ។ កាលណាគេប្រទះ ឃើញឃ្មុំហើយ គេប្រុងប្រៀប ត្រៀមលក្ខណៈឲ្យបានល្អ ដើម្បីឡើងទៅបេះឃ្មុំ ។ ដំបូង អ្នកបេះឃ្មុំត្រូវពិនិត្យមើលជុំវិញគល់ឈើ ដែលឃ្មុំតាំងលំនៅ ដើម្បីរកព្រឹងអណ្ដែត4 ។ ឃើញហើយ គេយកដែកគោល ឬពួយ5 ទៅបោះត្រឹង នៅលើឫសព្រឹងអណ្ដែតនោះ ប្រយោជន៍បណ្ដេញ កម្ចាត់ បន្សាប ពួកព្រាយបិសាច ដោយសូត្របាលីយ៉ាងនេះថាៈ ឧមៈ លើឡៃៗ លី លឿ “ចំនួន៣ចប់ ហើយផ្លុំភីតទៅលើស្នាមត្រឹងនោះទៅ ។ ធ្វើកិច្ចនេះហើយ6 ដែលដុតឲ្យអេះជាស្រេច ស្ដាយកន្តាងរ៉ាង សៀតពូថៅចង្កោះ ច្រកពួយក្នុងថង់មួយស្ពាយនៅលើស្នា ព្រមទាំងស៊កខ្លួនទៅក្នុងទន្លីង រួចពឹងប្រវាវឡើងដើមឈើបណ្ដើរ ភាវនាបាលីយ៉ាងនេះផងថា “ចឥត្ថេ កោកា អៈ” ។ បាលីនេះ សម្រាប់បណ្ដេញ បង្ក្រាបអស់ព្រាយបិសាច ដែលរក្សាការពារឃ្មុំ ។ ដោយដើមឈើធំ ដែលគេពុំអាចឱបជុំនោះម្យ៉ាង ហើយម្យ៉ាងទៀត ដោយពុំមានមែកសម្រាប់ប្រតោង គេពុំអាចឱបជុំនោះម្យ៉ាង ហើយម្យ៉ាងទៀត ដោយពុំមានមែកសម្រាប់ប្រតោងឡើងនោះ ជាចាំបាច់អ្នកបេះឃ្មុំត្រូវយកពួយពីថង់ យកពូថៅពីចង្កោះ វាយបោះបញ្ចូលទៅក្នុងសាច់ឈើឲ្យជាប់រឹង ល្មមជាន់ឡើងបានមិនរបេះ ។ គេអាចលែងដៃទាំងពីរបានដោយយកខ្នងពឹងនិងទន្លីងឲ្យតឹង ធាក់ជ្រែងទៅក្រោយ មិនឲ្យរអិលខ្លួនធ្លាក់ចុះក្រោម ។ គេបោះពួយក្នុងចន្លោះល្មម ឈានជាន់ឡើងបានស្រួល ។ ការវាយពួយនេះ ត្រូវបញ្ចប់ នៅពេលដែលគេបានឡើងទៅដល់មែកឈើ ល្មមឈោងដៃ តោងយោងខ្លួនឡើងទៅលើបាន ។ គេឡើងរំកិលតិចៗ ឆ្ពោះទៅកាន់មែកណា ដែលនៅជិតឃ្មុំជាងគេ ។ ប៉ុន្តែជូនកាល នៅលើដើមឆើតែមួយនេះ មានសំបុកឃ្មុំរហូតដល់បួន ឬប្រាំ ។ ក្នុងករណីនេះ គេត្រូវបេះឃ្មុំណាដែលនៅដើមផ្លូវមុនគេដោយកត់សម្គាល់ថា ឃ្មុំប្រភេទនេះ ជាអ្នកយាមផ្លូវ ។ តាមទម្លាប់ពីបុរាណ គេត្រូវតែបេះឃ្មុំយាមនេះមុនគេជាចាំបាច់បំផុត ។ ប្រសិនបើគេបែរជាលូករំលងទៅបេះឃ្មុំចុងមែកជាមុននោះ គេពិតជាត្រូវឃ្មុំធ្ងន់ធ្ងរផងក៏សឹងមាន ។ រីឯការបេះឃ្មុំតូចៗ ដូចជាឃ្មុំត្រចៀកដំរី ឃ្មុំផ្លិត ឃ្មុំបូកគោ… គេមិនចាំបាច់ប្រើមធ្យោបាយធំដុំឡើយព្រោះឃ្មុំប្រភេទនេះ ពុំមានខ្មោចព្រាយបិសាចបង់បត់ កាន់ការពារឡើង ។ ការប្រើគប់ភ្លើងតែមួយមុខប៉ុណ្ណោះ ល្មមគ្រប់គ្រាន់អាចនឹងបណ្ដេញមេឃ្មុំឲ្យរត់ចេញអស់ពីសំបុកបាន ។ ហើយបន្ទាប់ពីនេះ គេអាចកាប់បង្គងឃ្មុំ យកទាំងផ្លិតទាំងក្បាលទឹកបានយ៉ាងងាយ ។ ចំពោះឃ្មុំផ្លិត បើគេមិនអាចរកគបបានទេនោះគេគ្រាន់តែជក់បារី បង្ហុយផ្សែងទៅលើសំបុកនោះ មេឃ្មុំវានិងផ្អើលរួញទ្រនិច ហើរគេចចេញភ្លាមមួយរំពេច ។ បើបេះឃ្មុំបូកគោវិញនោះ ដែលតាំងបង្គងទៅតាមគុម្ពោតព្រៃទាបៗ ឬនៅតាមដើមស្រូវទុំ នោះគេគ្រាន់តែកាច់សំបុកអង្រ្គងទៅដាក់ក្បែរបង្គងវា នោះវានឹងស្ទុះហើរព្រោងព្រាត ព្រោះខ្លាចអង្ក្រងខាំ ។ ក្មេងៗឃ្វាលគោជាពិសេស ហាក់រៀនមកបទពិសោធន៍តាំងពីបេះឃ្មុំតូចតាច បែបនេះ ជាបណ្ដើរៗរៀងទៅ ទម្រាំដល់ធំពេញវ័យ វានិងមានការស្ទាត់ជំនាញដូចចាស់ជាន់មុនដែរ ។
សូមអនុញ្ញាតបន្ត វិធីបេះឃ្មុំធំវិញ ។ មុនដំបូងគេរុញគប់ ដែលឆេះបញ្ចេញផ្សែងហុយទ្រលោម ឆ្ពោះទៅរកសំបុកឃ្មុំធ្វើឲ្យវាសម្ដែងឫទ្ធិ ដោយធ្វើចលនាកម្រើកស្លាបរីកខ្ញាកៗ ហាក់ចង់តប–ត មករកគប់ភ្លើង ឬប្រុងវាយប្រហារមកលើ អ្នកឈ្លានពានវាវិញ ។ ប៉ុន្តែដោយពុំអាចធន់ទ្រាំបាន និងផ្សែងខ្មួលខ្មាញ់ ហុយកកខាប់ទៅលើពួកវា ឃ្មុំក៏នាំគ្នាហើរចេញពីសំបុក ដោយស្ដាយស្រណោះ អ្វីៗដែលជាទីស្រឡាញ់ស្មើជីវិតរបស់ពួកវាដូចជា ទឹកឃ្មុំ ឃ្លាំងអាហារប្រចាំសំបុក ពងនិងកូននៅក្នុងផ្លិត ។ អ្នកបេះឃ្មុំ ឆ្លៀតឱកាសនោះ ក៏យកផ្នែកកណ្ដៀវ ឬកាំបិតព្រៃ7 ទៅកៀរផ្លិតឃ្មុំ បញ្ច្រកមកក្នុងកន្តាងរ៉ាង រួចទើបកៀរក្បាលទឹក ដាក់ពីលើផ្លិតទៀត ។ ប្រសិនបើគេត្រូវបេះឃ្មុំច្រើនទៀត គេត្រូវយោងទម្លាក់ផ្លិតនិងក្បាលទឹក ដែលដាក់ពេញក្នុងកន្តាងរ៉ាងនោះ មកដាក់ឯដី រួចទាញយោងកន្តាងរ៉ាងទទេ យកទៅលើដើម្បីទុកដាក់ផ្លិតឃ្មុំ ក្បាលទឹកដែលគេបេះ ជាបន្តបន្ទាប់ដរាបទាល់តែអស់ឃ្មុំ ។ ករណីដែលឃ្មុំកាច8 ខ្លាំងរឹងត្អឹង មិនព្រមហើរឃ្លាតឆ្ងាយពីសំបុក ហើយចេះតែហរមកឆោមរោមអ្នកបេះនោះ គេត្រូវឆ្លាតវាងវៃ យកកំបិតព្រៃចាក់ទម្លាយក្បាលទឹកបន្ដិច ឲ្យទឹកឃ្មុំហៀរខ្លះៗធ្លាក់មកដី ។ ពេលនោះ ឃ្មុំស្ទុះហើរចុះមកតាមទឹក ជាប្រភពជីវិតរបស់ខ្លួន នៅឯដី ធ្វើឲ្យ អ្នកបេះបានរួចផុតពីគ្រោះភ័យ ។ នេះជាល្បិច ជាទេពកោសល្យរបស់ អ្នកបេះឃ្មុំ ដែលត្រូវតែមានស្មារតីរឹងមាំ ដើម្បីដោះខ្លួនឲ្យរួចផុតពីគ្រោះថ្នាក់ជាយថាហេតុ គ្រប់ពេលវេលា ។ កាលណាបេះឃ្មុំអស់ហើយអ្នកយកឃ្មុំ ក៏ចុះពីលើដើមឈើធំនោះ ដោយជាន់លើពួយ ដែលមានបោះនៅពេលឡើង ។ ពេលចុះ គេមិនសូវប្រើទន្លីងទេ ។ ពួយទាំងអស់ត្រូវបានរុកចោលនៅលើដើមឈើ ព្រោះគេប្រើវា តែម្ដងប៉ុណ្ណោះ ។ កាលណាត្រូវឡើងបេះឃ្មុំនៅលើដើមឈើណាមួយផ្សេងទៀត គេនឹង ធ្វើពួយសារជាថ្មី ។
III-អំពីប្រយោជន៍នៃឃ្មុំ
១–លើកសម្រស់បរិដ្ឋាន៖ ដំបូងបង្អស់ ឃ្មុំជាធនធានធម្មជាតិមួយប្រភេទរួមចំណែក លើកស្ទូយសម្រស់លម្អដល់បរិដ្ឋាន ព្រៃព្រឹក្សាខ្មែរផងដែរ ។ តើយើងមានអារម្មណ៍រំភើបរីករាយយ៉ាងណាទៅ ប្រសិនបើព្រៃព្រឹក្សារបស់យើង លាន់ឬរង់ដោយសូរស័ព្ទឃ្មុំក្រេបលំអងផ្កា គិម្ហន្តរដូវ ដែលរុក្ខជាតិនានា ចេញផ្កាល្អស្រស់បំព្រង ធ្វើបដិសណ្ឋារកិច្ចដ៏ស្មោះស្ម័គ្រចំពោះភមរី ដែលហើរមកក្រេបទឹកដមរបស់ខ្លួន យកទៅចំរាញ់ធ្វើទឹក ដ៏មានរសជាតិផ្អែម9 ក្រអែបក្រអូបឈ្ងុយឆ្ងាញ់ឥតឧបមានោះ? ពេលត្រិបផ្កា ឃ្មុំជួយចម្លងគ្រាប់គេសរផ្កាឈ្មោល យកទៅទម្លាក់លើលំអងផ្កាកេសរផ្កាញី ធ្វើឲ្យផ្កា បង្កបង្កើតទៅជាផ្លែ ។ នេះគឺជាការបន្តពូជមួយបែបដែលមានភមរីជាភ្នាក់ងារ ។
២–ប្រយោជន៍នៃក្រមួនឃ្មុំ៖ ឃ្មុំមានចំណែកផ្សាភ្ជាប់ជាមួយជីវភាពប្រជាជនខ្មែរ អស់ពេលយូរលង់ណាស់មកហើយ ។ មានរឿងព្រេងជាច្រើនបញ្ជាក់អំពីការស្វែងរកម្រួនឃ្មុំមកចាត់ចែងធ្វើទៀនជ័យ ក្នុងពិធីអាពាហ៍ពិពាហ៍… ដូចជារឿង អនអើយស្រីអន ដែលតួពីរនាក់ជាមិត្តសម្លាញ់និងគ្នា ជ័យ និងសួស្ដី” នាំគ្នាទៅបេះឃ្មុំ ។ ពេលនោះសួស្ដីក្បត់ជ័យ លូចដកជណ្ដើរចេញពីដើមឈើមិនអាចឲ្យជ័យចំមកបាន ។ ឯខ្លួនវិលត្រឡប់មកផ្ទះរៀបការជាមួយស្រីអនដោយប្រាប់មហាជនថា ជ័យធ្លាក់ពីលើដើមឈើស្លាប់ទៅហើយ… ។ល។ ម្យ៉ាងទៀតចាស់ៗតែងនិទានប្រាប់កូនចៅជាន់ក្រោយថា អ្នកណាបានរកឃើញកន្លែងដែលខ្លាឃ្មុំជុះ អាចម៍10 អ្នកនោះនិងក្លាយទៅជាអ្នកមាន ព្រោះអាចម៍ឃ្មុំសុទ្ធតែក្រមួនឃ្មុំ ។
ក/ធ្វើទៀន៖ កាលដើមឡើយ ទៀនគ្រប់យ៉ាងសម្រាប់យកមកអុជបំភ្លឺក្ដីប្រើក្នុងពិធីអាពាហ៍ពិពាហ៍ក្ដី សុទ្ធតែធ្វើឡើងពីក្រមួនឃ្មុំទាំងអស់ ។
ខ/ រួតចេញ៖ ស្ត្រីមេផ្ទះនៅស្រុកស្រែចម្ការ យកក្រមួនឃ្មុំមករូតចេញ ដើម្បីឲ្យរឹងសរសៃ ងាយស្រួលក្នុងការដោតគូថម្ជុល ក៏ដូចជា ជួយការពារចេញកុំឲ្យឆាប់ពុកព្រោះក្រមួនជាសារជាតិទប់ទល់មិនឲ្យជ្រាបទឹក ។
គ. ធ្វើគ្រឿងក្រអូបតាក់តែងកាយ៖ បុព្វបុរសយើង យកក្រមួនសុទ្ធមកធ្វើជាវត្ថុធាតុដើម ក្នុងការផ្សំគ្នាជាមួយប្រេងដូង និងលំអងផ្កាសុរភី ស្ល បញ្ចូលគ្នាធ្វើជាក្រមួនមាត់ សម្រាប់លាប បបូរមាត់ឲ្យសើមស្រស់បស់ផង និងក្រមួនផង ព្រមទាំងសម្រាប់លាបសក់ លាបចិញ្ចឹមឲ្យក្រាបរាបល្អ និងមានពណ៌ររលើបរលោង ។ គ្រូហ្មមើលជំងឺ ឬបុរសអ្នកលេងខ្លួនពីជំនាន់មុន ច្រើនដាក់ក្រមួនមាត់ក្នុងដន្លាប់ឈើរភ្លុកទុកដាក់ស្នេហ៍ខ្មោច ឬស្នេហ៍មនុស្ស តាមការនិយមរបស់យុគសម័យ ។
ឃ. សម្រាប់ធ្វើពុម្ពៈ ជាងស្និត ជាងទងខ្លះ ប្រើក្រមួនសម្រាប់សូនធ្វើពុម្ពក្បាច់រចនា ឬពុម្ពបដិមា និងគ្រឿងអលង្ការផ្សេងៗផង ។
ង. សម្រាប់ពត់ផ្ដៅ៖ ជាងធ្វើគ្រឿងសង្ហារិមផ្សេងៗអំពីផ្ដៅ ប្រើក្រមួនដើម្បីជាជំនួយក្នុងការពត់ផ្ដៅកុំឲ្យគ្រេច និងឲ្យវាមានសណ្ឋាន កោង ង ទោតាមបំណងរបស់គេ នៅពេលដែលគេរោលភ្លើងកម្តៅវាដើម្បីឲ្យវាទន់ងាយស្រួលពត់ ។
៣. ការចម្រាញ់ក្រមួន ក្បាលទឹក និងផ្លិតឃ្មុំ ទាំងពីរផ្នែកនេះ សុទ្ធតែត្រូវបានកសាងឡើងអំពីក្រមួន ដែលផលិតចេញពីទឹកមាត់ឃ្មុំ ផ្សំនឹងសារជាតិម្យ៉ាងរបស់វា ។ កាលណាគេច្របាច់យកទឹកឃ្មុំចេញ ពីក្បាលទឹកអស់ហើយ កាកដែលនៅសល់ទាំងប៉ុន្មាន គឺជាក្រមួនលាយឡំដោយលំអង ។ ចំណែកឯផ្លិតឃ្មុំវិញ មានរន្ធមូល តូចប៉ុនចង្កឹះ ។ មេឃ្មុំបានផ្ទុកពងវានៅក្នុងរន្ធនេះ ដែលនឹងត្រូវកា្លយជាដង្កូវរួមជាកូនឃ្មុំក្នុងរយៈពេលមួយជាកំណត់ ។ ស្ត្រីមេផ្ទះយកផ្លិតមកគោះឲ្យ ជ្រុះកូនឬពងឃ្មុំនៅក្នុងឆ្នាំង រួចហើយយកសំបកសំបុកឃ្មុំ ទៅដាក់ដាំស្ងោរ ក្នុងឆ្នាំមួយដុតភ្លើងរំងាស់ឲ្យពុំ មួយសន្ទុះ ទើបលើកឆ្នាំងចេញ ពីចង្ក្រានទុកឲ្យ ត្រជាក់ ។ ប្រមាណមួយម៉ោងក្រោយមក ក្រមួនសុទ្ធដែលរលាយកាលត្រូវកម្ដៅក្នុងទឹកពុះនោះ ក៏កកអណ្ដែតទៅលើផ្ទៃទឹក ។ ស្ត្រីជាច្រើនចម្រាញ់ ក៏យកគូថត្រឡោក ទៅផ្តិលយកក្រមួនសុទ្ធ11 ជាច្រើនលើកច្រើនសា ដរាបទាល់តែអស់ក្រមួនកកពីឆ្នាំ ទុកសម្រាប់ប្រើប្រាស់ទៅថ្ងៃក្រោយតាមត្រូវការ ។
៤. អំពីកូនឃ្មុំ កូនឃ្មុំជាចំណីអាហារដ៏ឆ្ងាញ់របស់កសិករខ្មែរ ទៅជនបទជាពិសេស ។ កូនឃ្មុំលីងលាយជាមួយអំបិល ឬញាំភ្លាលាយជាមួយបន្លែ ក៏ជាមុខម្ហូបដ៏ប្រសើរមួយដែរ ។ ជួនកាលគេបេះផ្លិតឃ្មុំ ជ្រលក់និងទឹកឃ្មុំបរិភោគក៏បាន ។
៥.ទឹកឃ្មុំជាបង្អែមធម្មជាតិមួយប្រភេទ ដែលមានរសជាតិឆ្ងាញ់ជាពិសេស ធ្វើឲ្យមនុស្សក្នុងលោកចាប់ចិត្ត ចាប់អារម្មណ៍យ៉ាងខ្លាំង ។ គេបរិភោគទឹកឃ្មុំលាយជាមួយដំឡូងត្រាវស្ងោរ មានឱជារសណាស់ ព្រមទាំងផ្ដល់នូវកម្លាំងពលំចម្រើនឋាមពលឲ្យរាងកាយទៀតផង ។ ទឹកឃ្មុំលាយជាមួយលាជ ក៏ជាបង្អែមមួយច្រើនមាននិទានក្នុងរឿងព្រេងបុរាណខ្មែរ ។ ក្រៅពីនេះ ទឹកឃ្មុំ12 លាយជាមួយទឹកក្រូចឆ្មារ គឺជាឧសថដ៏មានប្រសិទ្ធភាពសម្រាប់បំពាត់រោគរាគរូស មូលឬអាសន្នរោគ ។ ថ្នាំគុលិកាផ្សេងៗរបស់ឧសថបុរាណខ្មែរយើង ត្រូវបានលាយជាមួយទឹកឃ្មុំ ដែលមានជាតិស្អិតងាយស្រួលក្នុងការសួនផង ងាយលេបផង ព្រោះទឹកឃ្មុំមានរសជាតិផ្អែម ជួយបង្អន់រសជាតិល្វីងនៃឧសថ ។
ការរកឃ្មុំគឺជារបរមួយ ហើយក៏ជាផ្នែកមួយនៃសេដ្ឋកិច្ចគ្រួសារដែរ ។ ប្រជាកសិករ នៅតំបន់ជុំវិញទន្លេសាប តែកាលណាដល់ ខែផល្គុន ឬខែចេត្រ ហើយគេនាំគ្នាបររទេះទៅរកឃ្មុំនៅព្រៃរនាម ដើម្បីរកឃ្មុំ ក្នុងបំណងចម្រាញ់ក្រមួននិងយកទឹកឃ្មុំ ជាវត្ថុសំខាន់សម្រាប់ឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់ទីផ្សារ ។ មួយខែក្រោយមក គេត្រឡប់មកភូមិវិញ ដោយផ្ទុកជាមួយ នូវទឹកឃ្មុំជាច្រើនប៉ោត13។ ប្រជាកសិករ អាចទទួលបានផលកម្រៃយ៉ាងគាប់ចិត្ត ពីមុខរបរនេះ ។
នៅប្រទេសមួយចំនួន ប៉ែកបស្ចឹម គេប្រកបរបរចិញ្ចឹមឃ្មុំ ជាទ្រង់ទ្រាយធំក្នុងរូបភាពជា កសិ/ឧស្សាហកម្ម ។ នេះគឺជាអាជីវកម្មម្យ៉ាងបែប វិទ្យាសាស្ត្រទំនើបអាចប្រមូលបាន នូវទិន្និផលខ្ពស់ជាងការរកឃ្មុំធម្មជាតិ តាមលំនាំបុរាណ ។
1–សត្វល្អិតឋិតក្នុងពូជភមរជាតិ មានទឹកផ្អែម សំណុកសម្រាប់ធ្វើក្រមួន (វ.ច សម្ដេចជួនណាត )
2–ខ្មែរមានជំនឿថា ទឹកឃ្មុំខែចេត្រមានគុណភាពពិសេស សម្រាប់យកមកផ្សំធ្វើជាឧសថកែរោគផ្សេងៗ លោកតា កិម ផង់ កាលនៅ ពីក្មេងគាត់ជាអ្នកបេះឃ្មុំយ៉ាងចំណានម្នាក់នៅក្នុងភូមិគាត់បាន ឲ្យសម្ភាសន៍ដល់យើងខ្ញុំអំពីរបៀបបេះឃ្មុំនេះ ។
3–ទ្រនិចឃ្មុំមានលាយទៅដោយពិស ធ្វើឲ្យឈឺចាប់ពីតក្រៅក្រហាយ អស់ពេលជាច្រើនម៉ោងព្រមទាំងធ្វើឲ្យហើបនៅ ត្រង់ស្នាមទិចទៀតផង ។
4–ឫស្សីឈើដែលលេចធ្លោខ្ពស់ចេញពីដី ជាងឫសឯទៀត ។
5–ឈើរឹង១ កំណាត់ប្រវែង ១២ ទៅ ១៣ សង្ទីម៉ែត្រ ដែលគេសម្រួចចុងម្ខាងសម្រាប់បោះបញ្ចូលទៅក្នុងសាច់ឈើ ធ្វើជាកាំ ដើម្បីជាន់ឡើង ឬត្រឹងផ្ចាញ់ពពួកអមនុស្ស ។
6–មុនប្រវាឡើងដើមឈើ គេត្រូវទះគល់វា ៣ប៉័ងខ្លាំងៗក្នុងន័យសន្ធាប់ បង្ក្រាបព្រាយបីសាច
7–ឈើ ឬឫស្សី ១ បន្ទៈ បិតឲ្យស្ដើងដូចមុខកាំបិទ ទុកសម្រាប់កៀរក្បាលទឹកឃ្មុំ ។
8–ប្រភេទឃ្មុំកាច ច្រើនតែធ្វើបង្គងទទឹងថ្ងៃ អ្នកបេះឃ្មុំត្រូវប្រយ័ត្ន និងវាងវៃ ដើម្បីទប់ទល់ជាមុន
9–នៅក្នុងសំនួនវោហាសព្ទខ្មែរ គេតែងពោលថាៈ សម្តីផ្អែមដូចទឹកឃ្មុំ ឬមធុរៈវាចា–អ្នករៀបការថ្មីភ្លក្សរសជាតិ “ច័ន្ទទឹកឃ្មុំ” ។ល។
10–ដោយខ្លាឃ្មុំ ស៊ីតែឃ្មុំជាអាហារអាចម៍វា សុទ្ធតែក្រមួនឃ្មុំ ពិសេសទៅទៀតវាជុះអាចម៍តែមួយកន្លែង ពុំមានប្រែប្រួលទៅទីណាផ្សេងឡើយ ។
11–ក្រមួនសុទ្ធមានពណ៌លឿងភ្លាវ
12–ទឹកឃ្មុំអាចផ្សំធ្វើឧសថក៏បាន
13–គេច្រើននិយមយកទឹកឃ្មុំ ខែចេត្រមកផ្សំធ្វើជាថ្នាំ ពូកែសក្តិសិទ្ធិ ជាងទឹកឃ្មុំយកបានក្នុងខែផ្សេងពីនេះ ។
តំបន់ព្រៃរនាមសម្បូរឃ្មុំជាងតំបន់ព្រៃភ្នំ ។ ឈើ១ដើមមាន ឃ្មុំនៅពី១០ ទៅ១៥ សំបុក ។