Let's Talk Reading Blog Khmer Margaret​ Keenan​ វ័យ៩០ឆ្នាំ​ក្លាយ​ជា​មនុស្ស​ដំបូង​គេដែល​​ចាក់​ថ្នាំ​បង្ការ​ជំងឺកូវីដ-១៩​ ជា​ផ្លូវ​ការ​
Khmer

Margaret​ Keenan​ វ័យ៩០ឆ្នាំ​ក្លាយ​ជា​មនុស្ស​ដំបូង​គេដែល​​ចាក់​ថ្នាំ​បង្ការ​ជំងឺកូវីដ-១៩​ ជា​ផ្លូវ​ការ​

លោក​យាយ​ Margaret​ Keenan​ អាយុ​ ៩០​ឆ្នាំ​ បាន​ក្លាយ​ជា​មនុស្ស​ដំបូង​គេ​នៅ​លើ​ពិភពលោក​ ដែល​បាន​ចាក់​ថ្នាំ​បង្ការ​ជំងឺកូវីដ-១៩​ ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​អង្គារ​ ខណៈ​ពេល​អង់គ្លេស​ចាប់​ផ្តើម​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​​ដល់​ប្រជាជន​របស់​ខ្លួន​ក្នុង​ទ្រង់​ទ្រាយ​ធំ​។​

បុគ្គលិក​សុខាភិបាលអង់គ្លេស​បាន​ចាប់​ផ្តើម​ចាក់​ថ្នាំ​បង្ការ​ ដល់​ជន​ដែល​ងាយ​រង​គ្រោះ​បំផុត​ជា​មួយ​នឹង​ថ្នាំ​បង្ការ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ Pfizer​ និង​ BioNTech​។​ ករណី​នេះ​ ជា​ការ​សាក​ល្បង​សម្រាប់​ពិភពលោក​ផង​ដែរ​ ខណៈ​ដែល​មាន​បញ្ហា​ទាក់​ទង​នឹង​ការ​ចែក​ចាយ​ និង​ ការ​រក្សា​ទុក​ថ្នាំ​បង្ការ​នេះ​នៅ​សីតុណ្ហភាព​ –៧០C​ (-៩៤F)​ ជា​ដើម​។​

លោក​យាយ​ Margaret​ Keenan​ ដែល​នឹង​ឈាន​ចូល​វ័យ​ ៩១ឆ្នាំ​ នា​សប្តាហ៍​នេះ​ គឺ​ជា​មនុស្ស​ដំបូង​គេ​ដែល​បាន​ទទួល​ការ​ចាក់​ថ្នាំ​បង្ការ​នៅ​ឯ​មន្ទីរ​ពេទ្យ​មួយ​ក្នុង​ទីក្រុង​ Coventry​ ភាគ​កណ្តាល​នៃ​ប្រទេស​អង់គ្លេស​។​

លោក​យាយ​ថ្លែង​ថា​៖​ «វា​ជា​កាដូ​មុន​ថ្ងៃ​ខួប​កំណើតដ៏​ល្អ​បំផុត​ដែល​ខ្ញុំ​ប្រាថ្នា​ ព្រោះ​វា​មាន​ន័យ​ជា​ទីបំផុត​សម្រាប់​ខ្ញុំ​ ដែល​អាច​ចំណាយ​ពេល​វេលា​ជា​មួយ​ក្រុម​គ្រួសារ​ និង​ មិត្ត​ភក្តិ​របស់​ខ្ញុំ​ក្នុង​ឆ្នាំ​ថ្មី​នេះ​»​។​

អង់គ្លេស​​រង​គ្រោះ​ខ្លាំង​ជាង​គេ​នៅ​អឺរ៉ុប​នា​ពេល​ថ្មីៗ​នេះ មាន​អ្នក​ស្លាប់​ជាង​ ៦១,០០០​នាក់ ​គឺ​ជា​ប្រទេស​លោក​ខាង​លិច​ដំបូង​បង្អស់​ដែល​បាន​ចាប់​ផ្តើម​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​ជា​ផ្លូវ​ការ​។​ ពលរដ្ឋ​ដែល​ចាក់​ថ្នាំ​បង្ការ​លើក​ទី​១​នេះ​រួច​ ត្រូវ​រង់​ចាំ​រយៈ​ពេល​៣សប្ដាហ៍​ដើម្បីចាក់​ថ្នាំ​បង្ការ​លើក​ទី​២​ ឱ្យ​គ្រប់​ចំនួន​២ដូស​។​

រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​អង់គ្លេស​លោក​ Matt​ Hancock​ រំពឹង​ថា​ពលរដ្ឋ​រាប់​លាន​នាក់​ នឹង​ត្រូវ​បាន​ចាក់​ថ្នាំ​បង្ការ​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​នេះ​ និង​បាន​ហៅ​ការ​ចាប់​ផ្តើម​យុទ្ធនាការ​នេះ​ថា​ «V-Day​»។​ លោក​បន្ត​ក្រើន​រំឭក​ដល់​ពលរដ្ឋ​ គួរ​តែ​អនុវត្តន៍​គម្លាត​សង្គមឱ្យបានខ្ជាប់ខ្ជួនផងដែរ​​។​ លោក​សង្ឃឹម​ថា​ពលរដ្ឋ​ងាយ​រង​គ្រោះ​បំផុត​នឹង​ទទួល​បាន​ថ្នាំ​បង្ការ​គ្រប់​ៗគ្នា​៕​

Exit mobile version