មហាសង្ក្រាន្ដឆ្នាំថ្មី ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ និងរណ្តាប់ទទួលទេវតា
ព្រះពុទ្ធសករាជ ព្រះសាសនា អតិក្កន្ដាកន្លងទៅហើយបាន២៥៦៣ឆ្នាំ ត្រឹមថ្ងៃទី១៥កើត ខែពិសាខ លុះដល់ថ្ងៃ១រោច ខែពិសាខ ឆ្នាំជូតទោស័ក តទៅចូលពុទ្ធសករាជ២៥៦៤។
សង្ក្រាន្ដចូលមកនៅថ្ងៃចន្ទ៦រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ.ស២០២០ វេលាម៉ោង២០និង៤៨នាទី។
ពេលនោះព្រះអាទិត្រចេញពីមីនរាសី ទៅឋិតនៅឯមេសរាសី តាមផ្លូវគោវិថី គឺផ្លូវកណ្ដាល មានទេវធីតាមួយព្រះអង្គ ជាមគ្គនាយិកាព្រះនាម «គោរាគទេវី» ជាបុត្រីទី២នៃកបិលមហាព្រហ្ម គង់នៅចតុម្មហារជិកា ទ្រង់អម្ពរពណ៌ «លឿង» លម្អព្រះកាណ៍ដោយផ្កា «អង្គារបុស្ស» អភរណ «កែវមុក្តា» ភក្សាហារទ្រង់ «តេលំ» ព្រះហស្ដស្ដាំទ្រង់ «ព្រះខន្ធ» ព្រហស្ដឆ្វេងទ្រង់ «ឈើច្រត់» ទ្រង់គង់អង្គុយបើកព្រះនេត្ររំពៃលើខ្នង «ព្យាគ្ឃៈ» (ស្ដេចខ្លា) ជាពាហនៈ។
ទើបនាំទេវបុត្រទេវធីតាទាំងមួយសែនកោដិ ហោះទៅកាន់គុហាកែវធម្មមាលី នាទីភ្នំកៃលាសខេត្តហិមពាន្ដ ជាទីតម្កល់ទុកនូវព្រះសិរសា «កបិលមហាព្រហ្ម» ដែលតម្កល់លើពានមាស នាំដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្រចរចំនួន៦០នាទី និង ២៤ម៉ោង ទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញ ហើយប្រជុំទេវបុត្រ ទេវធីតាទាំងមួយសែនកោដិចូលទៅស្រង់ទឹក «អនោតត្តមហាស្រះ» ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ ដែលជាមាត់គោ «ឧសភរាជ» ទាំង៧ត្រជាក់ក្សេមក្សាន្ដ ព្រះរាជហឫទ័យ ហើយនាំគ្នាចូលទៅសមាទានរក្សាសីល ដោយសោមនស្សរីករាយគ្រប់ៗ ព្រះអង្គ ក្នុងភគវតីសភាសាលា ដែលព្រះវិស្សកម្មទេវបុត្រ និមិត្តថ្វាយ ដើម្បីបន្ទោបង់អពមង្គលឲ្យជ្រះស្រឡះហើយ ចម្រើននូវសិរីសួស្ដី ជ័យមង្គលជន្មានយុយឺនយូរដល់ទេវតា និងមនុស្សសត្វទាំងឡាយ តាំងពីឆ្នាំថ្មីចូលមកនេះ បានទូលំទូលាយសុខក្សេមក្សាន្ដ តរៀងទៅ។
-
ថ្ងៃចន្ទ ៦រោចខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ.ស ២០២០ វេលាម៉ោង២០និង៤៨នាទី ជាថ្ងៃចូលឆ្នាំជូត ទោស័ក ជា «វារៈមហាសង្ក្រាន្ដ»។
-
ថ្ងៃអង្គារ៍ ៧រោចខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស២០២០ ជា«វារៈវន័បត»។
-
ថ្ងៃពុធ៨រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គ.ស២០២០ ជា«វារៈវន័បត»។
-
ថ្ងៃព្រហស្បតិ៍ ៩រោចខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា គ.ស២០២០ នៅវេលាម៉ោង១និង២៤នាទី៣៦វិនាទី ជា«វារៈឡើងស័ក» គម្រប់ជាសង្ក្រាន្ដបីថ្ងៃស្រេចបិរបូណ៍ ចូលជាសាកល ឆ្នាំជូត ទោស័ក ម.ស១៩៤២ ចុ.ស.១៣៨២ តទៅ។
នៅក្នុងឱកាសសង្ក្រាន្ដទាំងបួនថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយ រៀបចំពលិការ គ្រឿងសក្ការបូជា អុជប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ ទេវបុត្រ ទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់ អន្យតិរ្ថីយ៍ជាចិត្តអប្រិយ៍ ដោយគនុំគុំគួនព្យាបាទ ឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឲ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តិល្អប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណី រក្សាសីលប្រាំ ឲ្យបានជាប់ជានិច្ចនោះទេវតានឹងឲ្យពរ សព្ទសាធុការ លោកអ្នកនឹងមានសិរីសួរស្ដី សុភមង្គល វិបុលសុខគ្រប់ប្រការ តាំងពីឆ្នាំថ្មីនេះតរៀងទៅ។
រណ្ដាប់ទទួលទេវតា៖
រណ្ដាប់ទទួលទេវតា តាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយ សម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ ត្រូវរៀបក្រាលសំពត់ពណ៌ស ហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតាមានជាអាទិ៍ បាយសី៩ថ្នាក់ បាយសី៧ថ្នាក់មួយគូ បាយសី៥ថ្នាក់មួយគូ បាយសី៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ធូប៥ លាច៥ផ្កា៥ ដាក់លើជើងពានមួយគូ ចេកនួន ចេកណាំវ៉ាដាក់លើជើងពានមួយគូ ផ្លែឈើ១១មុខ រៀបដាក់ជើងពាន១១គូ ដូងឡៅមួយគូ ទឹកស្អាត២កែវ។ ស្រេចហើយនៅវេលាម៉ោង ដែលទេវតាចុះត្រូវជួបជុំគ្រួសារ ដើម្បីថ្វាយបង្គំព្រះ នមស្សការព្រះរតនៈត្រ័យ សមាទានសីល ហើយតាំងចិត្តឲ្យបានស្អាត បរិសុទ្ធ ជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹងគិតលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងទីរឭក លុះចប់ពិធីទទួលទេវតា។ ចំពោះបាយសី៩ថ្នាក់៧ថ្នាក់ ជាទំនៀមមានចែងក្នុងសៀវភៅព្រះរាជពិធីទ្វារទសមាស និងមានអនុវត្តន៍នៅព្រះបរមរាជវាំង តែចំពោះប្រជារាស្រ្ដគួរធ្វើត្រឹម៥ថ្នាក់ ចុះមក ឬរៀបត្រឹមគ្រឿងសក្ការបូជា ដែលមានទៀន៥ ធូប៥ ស្លាធម៌ កូនចេកមួយគូក៏ល្មមសមគួរដែរ។ សម្រាប់ផ្លែឈើ ចំពោះប្រជារាស្រ្ដគួររៀបឲ្យបាន៣ ឬ៥មុខ គឺជាការប្រសើរ ទៅតាមធនធានរបស់ខ្លួន។ គ្រប់ដង្វាយទាំងអស់ ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយ នៅលើជើងពាន និងលើបាយសី ត្រូវដោតទៀនហើយដុតបំភ្លឺ៕
ដកស្រង់ពីសៀមភៅ មហាសង្ក្រាន្ត ឆ្នាំជូន ទោស័ក រៀបរៀងដោយ លោក អ៉ឹម បុរិន្ទ គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណី ទំនៀមទម្លាប់ខ្មែរ