ពិធីបុណ្យវិសាខបូជា

ពិធីបុណ្យវិសាខបូជា

ពិធីបុណ្យវិសាខបូជា

ពិធីបុណ្យវិសាខបូជាគឺជាបុណ្យមួយយ៉ាងធំក្នុង​ព្រះពុទ្ធសាសនារាប់ថាជាពុទ្ធានុស្សរណកិច្ច​ដ៏សំខាន់សម្រាប់​រំឭក​ដល់ព្រះពុទ្ធសមណគោត្ដមបរមគ្រូនាថ្ងៃពេញបូណ៌មី(គឹ​ថ្ងៃ១៥កើត)ខែពិសាខដែលពុទ្ធសាសនិកទាំងព្រះសង្ឃទាំងគ្រហស្ថតែងធ្វើសក្ការបូជាប្រកបដោយជំនឿថាជាមហាកុសលដ៏ប្រសើរការដែលប្រារឰពិធីបូជានាថ្ងៃ១៥ កើត ខែពិសាខនេះអាស្រ័យដោយលោកអ្នកប្រាជ្ញខាងពុទ្ធសាសនាបានកំណត់ទុកក្នុងគម្ពីរបឋមសម្ពោធិថាជាមហាមង្គលអភិលក្ខិតកាលគឺជាថ្ងៃមហាមង្គលត្រូវនឹងថ្ងៃដែលព្រះសម្ពុទ្ធបរមគ្រូ

ទ្រង់ប្រសូតចាកឧទរមាតា

ទ្រង់​ត្រាស់ដឹង​អនុត្ដរសម្មាសម្ពោធិញ្ញាណ 

ទ្រង់​រំលត់​ខន្ធ​ចូលកាន់​ព្រះបរមនិព្វាន​

សម្ដេច​ព្រះបរមសាស្ដ្រាចារ្យ​របស់យើង​ ទ្រង់​ប្រសូត​ ត្រាស់ដឹង​ និងបរិនិព្វាន​ សុទ្ធ​តែ​ក្នុង​ថ្ងៃ​ពេញ​បូណ៌មី ​ខែពិសាខ​ ទាំងអស់​ប្លែក​តែ​ឆ្នាំ​ប៉ុណ្ណោះ​ ។​​ ព្រោះ​ហេតុនោះ​ហើយ​បាន​ជា​អ្នក​ប្រាជ្ញ​ចងក្រង​ជា​គាថា​ទុក​ដូច្នេះថា​ ៖​អាសាឡ្ហបុណ្ណមោក្កន្ដោ វិសាខេ យេវ និក្ខមិ វិសាខបុណ្ណមី សម្ពុទ្ធោ វិសាខេ បរិនិឰុតោ ​សេចក្ដីថា ៖ ព្រះពុទ្ធ​យាង​ចុះទៅ​កាន់​គភ៌​នៃ​ព្រះវរមាតា​ ក្នុង​ថ្ងៃពេញបូណ៌មី​ ខែអាសាធ​ ទ្រង់​ប្រសូតក្នុង​ថ្ងៃពេញបូណ៌មី​ ខែពិសាខ​ បាន​ត្រាស់ដឹង​ជា​ព្រះពុទ្ធ​ក្នុង​ថ្ងៃពេញបូណ៌មី​ ខែពិសាខ​ និង​ទ្រង់​ចូលបរិនិព្វាន​ ក៏​ថ្ងៃពេញបូណ៌មី​ ខែពិសាខ ​(ផ្សេងតែឆ្នាំ)​ ។ ជាប្រពៃណី​ ពិធីវិសាខបូជា​ គេតែងនាំគ្នា​ធ្វើ​ក្នុង​វេលារាត្រី​ ព្រោះ​តម្រូវ​ទៅ​តាម​ពាក្យ​ថា​ បុណ្ណមី“​ មាន​សេចក្ដីថា​ ខែពេញបូណ៌មី​ ។​ ម្យ៉ាងទៀត​ការប្រារឰពិធី​ក្នុងពេល​រាត្រី​ អាស្រ័យ​ដោយ​លក្ខណៈ​ងាយស្រួល​២យ៉ាង​ គឺម្យ៉ាង​ដើម្បី​នឹង​បាន​ឱកាស​អុជគ្រឿងប្រទីប ​ជ្វាលា​ បូជា​ភ្លើង​អគ្គិសនី​ឱ្យ​ភ្លឺ​រុងរឿង​រន្ទាល​ ច្រាលឆ្អៅផង​ និង​ម្យ៉ាងទៀត​ដើម្បីបើក​ឱកាស​ឱ្យ​ពុទ្ធបរិស័ទ​បាន​ជួបជុំ​គ្នា​ដ៏ច្រើន​កុះករ​ទាំងប្រុស​ទាំងស្រី​ អាច​បំពេញ​កុសលកម្ម​នេះ​ ដោយ​សប្បាយ​រីករាយ​ ព្រោះ​ពេលយប់​ជា​វេលាទំនេរផង​ ។​
បុណ្យ​វិសាខបូជា​ត្រូវ​បាន​ចាត់ទុកថា​ ជា​បុណ្យដ៏ធំ​ ដោយ​មាន​មហាជន​ ចាស់​ ក្មេង​ ប្រុស​ ស្រី ​នៅ​ជុំគ្នា​អ៊ូអូរ​ ដោយ​នាំ​ទៅ​ជា​មួយ​នូវ​គ្រឿងសក្ការបូជា​ មានទៀន​ ធូប​ ផ្កាភ្ញី​ និង​ប្រទីបជ្វាលា​តូចធំ​ អុជបំភ្លឺ​ព្រោងព្រាត​នៅ​គ្រប់វត្ដអារាម​ ។ និយាយរួ​មការ​ធ្វើបុណ្យវិសាខបូជា​គឺ​ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ជា​មហាមង្គល​អភិលក្ខិតកាល​ទាំង៣​ ដូចពោលខាងលើ​ ។ រីឯ​ពិធីដែល​ធ្វើ​កំណត់​ថា​ ត្រឹមត្រូវគឺត្រូវមាន​ការសម្ដែង​រឿងពុទ្ធប្បវត្ដិ​តាំងអំពី​ដើមរហូត​ដល់ចប់​ដើម្បី​ជា​គ្រឿង​បណ្ដុះ​បសាទ​សទ្ធា​ឱ្យ​កើតមាន ​ក្នុង​គុណ ព្រះពុទ្ធ​ ព្រះធម៌​ ព្រះសង្ឃ​ ឱ្យខ្លាំងក្លា​ឡើង​ ។ ​ពិធី​ដែលប្រជាជនខ្មែរ​យើង​ធ្លាប់​ធ្វើរួចហើយ​ចាត់ទុក​ជា​បែប​ដែល​ល្អ ​និងសមស្រប​ទៅនឹង​ប្រពៃណី​ពីបុរាណ​ ។​


ប្រភពកំណើតនៃវិសាខបូជា
តើប្រទេសណាជាអ្នកចាប់ផ្ដើមធ្វើបុណ្យវិសាខបូជានេះមុនគេ?
តើប្រទេសកម្ពុជាយើងចាប់ផ្ដើមធ្វើបុណ្យវិសាខបូជាពីត្រឹមពេលណាមក?


នៅពេលដែលពុទ្ធបរិស័ទក្នុងប្រទេសគោរពប្រតិបត្ដិពុទ្ធសាសនាទាំងឡាយបានជ្រួតជ្រាបអំពីអភិលក្ខិតកាលនិយមគឺថ្ងៃប្រសូតត្រាស់ដឹងនិងបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធថាសុទ្ធតែនៅថ្ងៃពេញបូណ៌មីខែវិសាខហើយនោះ ​ក៏នាំគ្នាធ្វើពិធីវិសាខបូជាជារៀងរហូតតាំងពីបុរាណកាលមក ។តាមការស្រាវជ្រាវឃើញថាការធ្វើពិធីវិសាខបូជានេះ ពុំមែនធ្វើក្រោយព្រះពុទ្ធបរិនិព្វានទៅថ្មីៗនោះទេគឺធ្វើក្រោយពេលដែលព្រះពុទ្ធបរមគ្រូទ្រង់បរិនិព្វានកន្លងទៅជាច្រើនរយឆ្នាំ
បញ្ជាក់ ៖បុណ្យវិសាខបូជាត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ចំពោះបណ្ដាប្រទេស កាន់ព្រះពុទ្ធសាសនាលើសាកលលោកក្នុងនោះមានប្រទេសកម្ពុជាផងដែរតាំងពីឆ្នាំ២០០០មកម្ល៉េះ ។ចំណែកប្រទេសកម្ពុជាដែលមានព្រះពុទ្ធសាសនាបានមកប្រតិស្ឋានតាំងពីដំបូង ហើយស្ថិតនៅជាប្រទេសមានឥស្សរភាពជាយូរណាស់មកហើយតែបើតាមការស្រាវជ្រាវពិនិត្យមើលក្នុងព្រះរាជពង្សាវតារក្នុងសេចក្ដីកំណត់ហេតុផ្សេងៗតាំងពីសម័យនគរភ្នំហ្វូណន” ​រហូតមកដល់សម័យក្រុងលង្វែកមិនប្រាកដថាមានទំនៀមធ្វើវិសាខបូជាឡើយប៉ុន្ដែ​បើយោងទៅលើសេចក្ដីថាព្រះពុទ្ធសាសនាលទ្ធិលង្កាបានផ្សាយចូលមកកម្ពុជរដ្ឋក្នុង​សម័យជាមួយគ្នានឹងក្រុងសុខោទ័យគួរសន្និដ្ឋានបានថាមានទំនៀមធ្វើវិសាខបូជារួចមកហើយដូចជាប្រទេសថៃដែរតែកម្ពុជាយើងពុំឃើញមានឯកសារជាភស្ដុតាងឬក៏មានដែរតែត្រូវរលាយសាបសូន្យអស់ទៅ។ លុះចំណេរយូរលង់មកគឺក្នុងសម័យក្រុងអយុធ្យាខាងថៃ និងក្នុងសម័យក្រុងលង្វែកខាងខ្មែរ ទំនៀមទំលាប់ធ្វើវិសាខបូជាត្រឡប់ជាសាបសូន្យទៅវិញ ដូចជាភ្លេចសូន្យឈឹងទាំងស្រុងព្រោះមិនមានប្រាកដក្នុងឯកសារណាមួយថាបានធ្វើឡើយទាំងនេះព្រោះហេតុអ្វី?

តាមការសន្និដ្ឋានឃើញថា៖
–​ព្រោះព្រះសង្ឃអំពីលង្កានោះផុតរលត់អស់ទៅ
ព្រោះរឿងបឋមសម្ពោធិកថាស្ដ្ដីពីរឿងពុទ្ធប្រវត្ដិក្នុង​ពេលនោះមានតែភាសាបាលីហើយនៅរាត់រាយក្នុងគម្ពីរព្រះត្រៃបិដកខ្លះក្នុងអដ្ឋកថាខ្លះពុំទាន់ចងក្រងរួបរួមនិងពុំទាន់បានប្រែរៀបរៀងជាភាសាសំរាប់ជាតិនៅឡើយរីឯអ្នកស្រុកក៏ពុំទាន់ជ្រួតជ្រាបជាទូទៅគ្រប់គ្នាមានតែព្រះសង្ឃដែលចេះភាសាបាលីទើបអាចដឹងបានខ្លះព្រោះហេតុនេះហើយទើបពិធីបុណ្យវិសាខបូជាត្រូវបានសាបសូន្យទៅវិញចំណេរក្រោយមកប្រទេសថៃក្នុងសម័យក្រុងទេពបាងកកតាមសេចក្ដីដែលមានក្នុងសៀវភៅព្រះរាជពិធីស៊ិបសងដឿនថាក្នុងរជ្ជកាលទី២ក្នុងឆ្នាំឆ្លូវនព្វស័កពុទ្ធសករាជ២៣៦០គ្រិស្ដសករាជ១៨១៧ទើបកើតមានពិធីវិសាខបូជាដោយពេលនោះមានសម្ដេចព្រះសង្ឃរាជ១ព្រះអង្គព្រះនាម មី“​នៅវត្ដរាជបូរណៈមកថ្វាយព្រះពរសុំឱ្យទ្រង់ធ្វើវិសាខបូជាជាដំបូង។ រីឯរបៀបធ្វើពិធីក៏ប្រហាក់ប្រហែលគ្នានឹងរបៀបធ្វើនៅក្នុងក្រុង សុខោទ័យប៉ុន្ដែមិនសូវជាអធិកអធមដូចគ្រានោះទេ។
ចំណែកនៅប្រទេសកម្ពុជាវិញក្នុងសម័យជាមួយគ្នានេះប្រហែលជាមិនទាន់មានទំនៀមធ្វើនៅឡើយដោយហេតុថាការធ្វើវិសាខ បូជានៅប្រទេសថៃក្នុងជំនាន់នោះនៅមិនទាន់មាំមួននៅឡើយទាំងគម្ពីរបឋមសម្ពោធិ ដែលសំរាប់ប្រើប្រាស់ក្នុងការនេះក៏មិនទាន់មាននៅឡើយដែរហើយទំនងជាមិនទាន់បានជ្រួតជ្រាបដល់ប្រជាជនខ្មែរផង។​​រីឯគម្ពីរបឋមសម្ពោធិជារឿងពុទ្ធប្រវត្ដិដំណាល​រឿងចាប់ផ្ដើមតាំងពីព្រះអង្គចុះចាកតុសិតទេវលោកមកយកកំណើតជាព្រះរាជបុត្រព្រះបាទសុទ្ធោទនៈនិងព្រះនាងមហា​មាយានៅនគរ កបិលពស្ដុក្នុងមជ្ឈិមប្រទេសរៀងរាបដរាបដល់ទ្រង់បានត្រាស់ជាអង្គព្រះពុទ្ធប្រោសសត្វហើយស្ដេចទ្រង់រំលត់ខន្ធចូលកាន់ព្រះ បរមនិព្វានជាទីបំផុត។ គម្ពីរបឋមសម្ពោធិនេះអ្នកប្រាជ្ញតែងឡើងសំរាប់ប្រើប្រាស់ទេសនានៅក្នុង​បុណ្យវិសាខបូជាព្រោះថាការដែលនាំយកប្រវត្ដិរបស់រឿងនេះមកសម្ដែងដើម្បីជាភស្ដុតាងបញ្ជាក់ឱ្យដឹងថាវិសាខបូជាកើតឡើងពិតប្រាកដនោះពីត្រឹមពេលដែលកើត គម្ពីរនេះឡើង។ គម្ពីរនេះកើតមានប្រាកដឡើងនៅប្រទេសថៃក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះណាំងក្លៅរជ្ជកាលទី៣“​ជាដំបូងហើយក្នុងជំនាន់នោះគម្ពីរនេះមាន២ប្រភេទគឺ៖​


–​បឋម​សម្ពោធិសង្ខេប​មាន​២០បរិច្ឆេទ​ មិនមាន​ឈ្មោះ​អ្នកនិពន្ធ​ពិតប្រាកដ​ទេ​ ប្រហែល​ជា​និពន្ធ​ឡើង​ក្នុង​រជ្ជកាល​ទី២ ។​


–​បឋមសម្ពោធិវិត្ថារ​ ជា​ភាសាមគធៈ​មាន២១​ខ្សែ​ ឬ៣០​បរិច្ឆេទ​ទាំង​ជាភាសាបាលី​ និង​សម្រាយ​ ។​


ព្រះបាទ​សម្ដេចព្រះណាំងក្លៅ​ ទ្រង់​អារាធនា​សម្ដេច​ក្រុម​ព្រះបរមានុជិត​ជិនោរស​ សង្ឃរាជ​នៅ​វត្ដព្រះជេតព័ន​ ក្នុង​ក្រុងទេព​ឱ្យ​និពន្ធ ឡើង​ ។ សម្ដេចក្រុម​ព្រះអង្គ​នេះ​បាន​ រួបរួម​សេចក្ដីចេញ​ពី​គម្ពីរផ្សេងៗ​ និង​និពន្ធ​បន្ថែម​ឡើង​ខ្លះ​ក្នុង​ពុទ្ធសករាជ​ ២៣៨៧​ គ្រិស្ដសករាជ​ ១៨៤៥​ ។ ចំណែក​ប្រទេសខ្មែរ​យើង​ គម្ពីរបឋម សម្ពោធិ​ជា​ភាសាមគធៈ​ មាន​២១ខ្សែ​ ឬ​៣០បរិច្ឆេទ​ ។​ គម្ពីរ​ជាសំរាយ​មាន៣បែប​គឺ​ ទី១​ ហៅថា​ បឋមសម្ពោធិសង្ខេបឬហៅថាបឋមត្រាស់“ ​មាន​៥៦ខ្សែ​ ឬ​មួយខ្សែចប់​ ពណ៌នា​សេចក្ដី​តាំងពី​ព្រះអង្គយាង​ចុះ​ចាក​តុសិត​ មក​ចាប់​បដិសន្ធិ​ជា​ឱរស​ព្រះបាទសុទ្ធោទនៈ​ និង​ព្រះនាងសិរិមហាមាយា​ រហូត​មក​ត្រឹម​ព្រះអង្គ​ចេញ​ទ្រង់​ព្រះផ្នួស​ បាន​ត្រាស់​ជា​ព្រះពុទ្ធ​ ។​ អត្ថបទនេះ​មិន​ដឹង​ជា​អ្នក​ណា​ជា​អ្នកនិពន្ធ​ទេ​ ហើយ​និពន្ធ​ពី​ក្នុង​ពុទ្ធសករាជ​ណាទេ​ ។ តែ​តាម​ការសង្កេត​មើល​ពាក្យពេចន៍​ ក្នុង​គម្ពីរ​នោះ​ ឃើញ​ថា​មិន​ជា​ចាស់​ណាស់​ណា​ទេ​ យ៉ាង​យូរ​ណាស់​ត្រឹម​សម័យ​ក្រុងឧដុង្គ​ ខាងដើម​ ។ គម្ពីរ​នេះ​គេ​ច្រើន​ប្រើ​សំរាប់​ទេសនាក្នុង​ពិធីបុណ្យ​អភិសេក​ព្រះពុទ្ធរូប​ ផង​ដែរ​ ។ គម្ពីរ​ទី២​ ហៅថា​ បឋមសម្ពោធិវិត្ថារ​ មាន​៣០ បរិច្ឆេទ​ ។ គម្ពីរ​នេះ​សម្ដេច​ព្រះមហាសុមេធាធិបតី​ ព្រះសង្ឃរាជ​ ជួន ណាត​ (កាល​នៅ​ជាសង្ឃ​នាយក)​ បាន​មាន​ថេរដីកា​ថា​ មហា ណាក​ មហាភូ​ និង​អាចារ្យសន​ ។ល។​ នៅ​ខេត្ដបាត់ដំបង​ បាន​ប្រែ​ចេញ​ពី​ បឋមសម្ពោធិវិត្ថារ​របស់​សម្ដេច​ក្រុមព្រះបរមានុជិត​ ជិនោរស​ ក្នុង​សម័យ​ព្រះយ៉ាកថាថន​ តទាធរ“​ ឈុម​ ធ្វើ​ជា​ចៅ​មឿង​បាត់ដំបង​ ហើយ​ដែល​បាន​ផ្សព្វផ្សាយ​ ។​


នៅប្រទេសកម្ពុជា៖​
បុណ្យវិសាខបូជាតាមដែលចាស់ទុំអ្នកមុខអ្នកការទាំងឡាយតំណាលតៗគ្នាបានឱ្យដឹងថា​​គេបានផ្ដើមធ្វើក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតីព្រះអង្គឌួង“​ដែលគង់នៅក្នុងឧដុង្គជាដំបូងព្រោះថាកាលក្នុងពុទ្ធសករាជ២៣៩៧គ្រិស្ដសករាជ១៨៥៤សម្ដេចព្រះអង្គឌួងទ្រង់សព្វព្រះរាជហឫទ័យស្នើសុំទូទៅក្នុងកម្ពុជរដ្ឋ​​ គម្ពីរទី៣ហៅថាបឋមសម្ពោធិកថាគឺបឋមសម្ពោធិវិត្ថារនោះឯងដែលព្រះឥន្ទមុនីប៉ែន“​គង់នៅវត្ដបទុមវតីក្រុងភ្នំពេញប្រែនិងរៀបរៀងចេញពីច្បាប់របស់សម្ដេចព្រះមហាសង្ឃរាជសា“​ក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះស៊ីសុវត្ថិមាន៣០បរិច្ឆេទដូចច្បាប់ដើមគម្ពីរនេះមានជាបែបបទសំរាប់ ទេសនាក្នុងថ្ងៃវិសាខបូជាក្នុងវត្ដគណៈធម្មយុត្ដិកនិកាយទូទាំងប្រទេសខ្មែរការធ្វើវិសាខបូជាក្នុងសម័យរជ្ជកាលទី២នោះប្រហែលជាមានធ្វើតែក្នុងក្រុងមិនទាន់បានផ្សព្វផ្សាយទៅគ្រប់វត្ដអារាមនៅឡើយទេហើយក៏មិនទាន់មានភាពឱឡារិកអធិកអធមដែរពុទ្ធសាសនិកប្រទេសថៃបានអះអាងថាប្រពៃណីធ្វើវិសាខបូជាដែលត្រឹមត្រូវតាមលក្ខណៈកើតមានឡើងតាំងពីត្រឹមរជ្ជកាលទី ៤ដោយព្រះរាជាអង្គនេះជាអ្នកប្រាជ្ញក្នុងផ្លូវព្រះពុទ្ធសាសនាទ្រង់ចេះគម្ពីរព្រះត្រៃបិដកជ្រៅជ្រះទ្រង់បានផ្ដើមធ្វើវិសាខបូជាតាំងពីកាលទ្រង់ព្រះផ្នួសនៅឡើយ។ លុះដល់ទ្រង់ដាក់ព្រះផ្នួសមកទទួលរាជសម្បត្ដិក៏ទ្រង់នៅ​​តែបន្ដធ្វើវិសាខបូជារៀងដរាបមករហូតដល់ទ្រង់បញ្ជាឱ្យរៀបចំគម្ពីរសំរាប់ទេសនាក្នុងពិធីបុណ្យនេះដូចបានពោលខាងលើព្រះមហាប៉ានគឺសម្ដេចព្រះសុគន្ធាធិបតីជាគណៈធម្មយុត្ដិកនិកាយនៅក្រុងទេពបាងកក“​អំពីព្រះបាទសម្ដេចព្រះចមក្លៅរជ្ជកាលទី៤“​​​ បន្ទាប់មកក្រោយនោះមួយឆ្នាំគឺក្នុងពុទ្ធសករាជ២៣៩៨ព្រះមហាប៉ានទើបនិមន្ដមកអំពីក្រុងទេពព្រះបាទសម្ដេចព្រះហរិរក្សទ្រង់មានព្រះរាជហឫទ័យសោមនស្សណាស់ ហើយបាននិមន្ដឱ្យគង់នៅជាចៅអធិការវត្ដសាលាគូហៅវត្ដអម្ពិលបីនៅក្រុងឧដុង្គ​​តរៀងមកដោយហេតុថាព្រះមហាថេរអង្គនេះកាលដែលលោកគង់នៅទីក្រុងទេពធ្លាប់ធ្វើវិសាខបូជារួចមកហើយកាលបានគង់នៅប្រទេសខ្មែរព្រមទាំងបានធ្វើជាធំក្នុងគណៈធម្មយុត្ដិកនិកាយផងលោកក៏ផ្ដើមឡើងតាមដែលធ្លាប់បាន​ធ្វើកន្លងមក ប៉ុន្ដែយើងពុំបានដឹងច្បាស់ថ នៅពេលដំបូងនោះតើលោកចាប់ផ្ដើមធ្វើក្នុងឆ្នាំណា សករាជប៉ុន្មាននោះទេព្រោះគ្មានឯកសារជាក់ស្ដែងគ្រាន់តែមានសេចក្ដីអះអាងពីអ្នកមុខអ្នកការទាំងឡាយថាប្រាកដជាមានធ្វើវិសាខបូជាតាំងពីក្នុង​ពេលដែលលោកគង់នៅក្រុងឧដុង្គ​មកម្ល៉េះលុះដល់ពេលលោកមកគង់នៅវត្ដបទុមវតីក្រុងភ្នំពេញក្នុងពុទ្ធសករាជ២៤០៨ក៏បានប្រារឰវិសាខបូជារហូតដល់អស់ព្រះជន្ម។ ពិធីវិសាខបូជាត្រូវបានផ្សព្វផ្សាយទូទៅនៅគ្រប់វត្ដគណៈ ធម្មយុត្ដិកនិកាយជាប់ជាទំនៀមរហូតមក។ ចំណែកវត្ដខាងមហានិកាយទើបមានធ្វើក្នុងសម័យក្រុងភ្នំពេញក្នុងរជ្ជកាលព្រះ ស៊ីសុវត្ថិ​ តាមដែលសម្ដេចព្រះមហាសុមេធាធិបតីព្រះសង្ឃរាជជួន ណាតកាលនៅជា​ព្រះសង្ឃនាយកដំណាលថា ក្នុងឆ្នាំមួយនោះលោកគ្រូព្រះវនរ័តចន្ទ​ គង់នៅវត្ដឧណ្ណាលោមបាននិមន្ដ​ទៅក្រុងទេពឃើញព្រះសង្ឃនៅក្រុងនោះទាំងគណៈធម្មយុត្ដិក និកាយទាំងគណៈមហានិកាយធ្វើវិសាខបូជាក៏កើតជ្រះថ្លានៅពេលនិមន្ដត្រឡប់មកវិញបានក្រាបបង្គំទូលសម្ដេចព្រះ មហាសង្ឃរាជព្រះនាមទៀង“​សុំឱ្យធ្វើវិសាខបូជាសម្ដេច ព្រះមហាសង្ឃរាជទៀងក៏ទ្រង់បានព្រះរាជានុញាតតាមសំណូមពរទើបវិសាខបូជាត្រូវបានធ្វើជាបន្ដបន្ទាប់រៀងដរាបមក។ ប៉ុន្ដែពេលនោះក៏ពុំទាន់បានធ្វើគ្រប់វត្ដនៅឡើយគឺមានធ្វើចំពោះតែវត្ដនៅក្នុងក្រុងប៉ុណ្ណោះ​ រីឯវត្ដនៅតាមខេត្ដក្រៅមានធ្វើតែនៅ​វត្ដធំៗវត្ដតូចៗច្រើនពុំបានធ្វើនៅឡើយទេ​ ។ ចំណែកព្រះមហាក្សត្រដែនដីតាំងពីរជ្ជកាលព្រះបាទសម្ដេចព្រះហរិរក្សព្រះអង្គ ឌួង“​មកសុទ្ធតែទ្រង់ជ្រះថ្លាបានទទួលធ្វើគ្រប់ៗព្រះអង្ តាមឯកសារបានលើកសរសើរព្រះគុណសម្បត្តិ​ ព្រះបាទសម្ដេចព្រះហរិរក្ស ដែលជាអ្នកផ្ដួចផ្ដើមធ្វើវិសាខបូជាឡើងជាដំបូងព្រោះរាជាអង្គនេះទ្រង់ធ្លាប់ទៅគង់នៅក្រុងទេពបាងកក“​និងទ្រង់ធ្លាប់សាងព្រះផ្នួសនៅទីនោះទ្រង់បានសិក្សាព្រះបរិយត្ដិធម៌ជ្រួតជ្រាបគម្ពីរព្រះត្រៃ បិដកជ្រៅជ្រះនៅពេលដែលទ្រង់បានឡើងសោយរាជសម្បត្តិ​ ក៏ទ្រង់ផ្ដើមធ្វើពិធីបុណ្យនេះតាមដែលទ្រង់ធ្លាប់បានជ្រួតជ្រាបនិងធ្លាប់បានទតឃើញរបៀបបែបផែនដែលគេធ្វើនៅក្រុងទេពទើបជាប់ជាប្រពៃណីរហូតមកដល់សព្វថ្ងៃ

(ដកស្រង់ចេញពីសៀវភៅគណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិ)



Important Notice: Help Stop the Spread and Stay Healthy. (Read now)