ការចេញវស្សារបស់ព្រះសង្ឃ

ការចេញវស្សារបស់ព្រះសង្ឃ

ការចេញវស្សារបស់ព្រះសង្ឃ

ភិក្ខុ​សង្ឃ​កាល​បើ​បាន​ចូល​វស្សា និង​បាន​នៅ​ចាំ​វស្សា​អស់​ត្រី​មាស​ហើយ​ត្រូវ​ធ្វើ​កិច្ចការ​ចាក​ការ​ចាំ​វស្សា​របស់​ខ្លួន​ហៅ​ថា បវារណា។ បវារណា​ជា​វេទិការ​រិះ​គន់​គ្នា ដើម្បី​ការ​រីក​ចម្រើន គឺ​ភិក្ខុ​មួយ​រូប​ៗ ប្រកាស​ដាក់​ខ្លួន​ដាក់​កាយ​ឲ្យ​សង្ឃ ឬ​មួយ​បុគ្គល​គ្នា​ឯង​ល្មើស​លើ​បទ​បញ្ញត្តិ​ណា​មួយ ក្នុង​ថិរវេលា​នៃ​ការ​ចាំ​វស្សា​នោះ ទោះ​មាន​ឃើញ​ក្តី បាន​ឮ​ក្ដី​ក៏​សូម​ឲ្យ​លើក​ឡើង​បង្ហាញ​ឲ្យ​បាន​ច្បាស់​ដើម្បី​បាន​ដឹង ហើយ​ធ្វើ​ការ​កែ​ប្រែ​ឲ្យ​ល្អ​ឡើង​វិញ ។

I-មូល​ហេតុ​នៃ​ការ​បវារណា

មូល​ហេតុ​ដែល​នាំ​ឲ្យ​ភិក្ខុ​ដែល​នាំ​ឲ្យ​ភិក្ខុ​សង្ឃ​ពុទ្ធ​សាសនិក បវារណា​ចេញ​វស្សា​នោះ​មាន​ដូច​ត​ទៅ៖

សម័យ​មួយ ព្រះ​មាន​ជោគ​ទ្រង់​គង់​នៅ​ក្នុង​វត្ត​ជេតពន ជា​អារាម​របស់​អានាថ​បិណ្ឌិកសេដ្ឋី ជិត​ក្រុង​សាវត្ថី ។ គ្រា​នោះ​មាន​ភិក្ខុ​ច្រើន​រូប​ជា​មិត្ត ទើប​បាន​ជួន​គ្នា​ថ្មី (សន្ទិដ្ឋ​មិត្ត) ជា​មិត្ត​ស្និទ្ធ​ស្នាល​មាំ​មួន (សម្ភត្តមិត្ត) បាន​ចូល​វស្សា​ក្នុង​អាវាស​មួយ​ក្នុង​កោសល​ជន​បទ ។ ភិក្ខុ​ទាំង​នោះ មាន​សេចក្ដី​ត្រិះ​រិះ​ថា តើ​យើង​មាន​ឧបាយ​ដូច​ម្ដេច​ដើម្បី​នឹង​បាន​ជា​អ្នក​ព្រម​ព្រៀង​គ្នា ស្មោះ​ស មិន​វិវាទ​គ្នា នៅ​ចាំ​វស្សា​ឲ្យ​បាន​ស្រួល​ផង មិន​លំបាក​ដោយ​អាហារ​បិណ្ឌ​បាត​ផង ? ភិក្ខុ​ទាំង​នោះ​ក៏​មាន​គំនិត​ឯក​ភាព​ថា បើ​យើង​មិន​និយាយ​គ្នា មិន​ចរចា​គ្នា​ទៅ​វិញ​ទៅ​មក, បើ​យើង​ត្រូវ​ការ​ពឹង​គ្នា​ត្រូវ​ប្រើ​កាយ​វិការ​ជា​សញ្ញា តែ​មិន​ត្រូវ​ប្រើ​វា​ចា​ឡើយ ទើប​មិន​ឈ្មោះ​ថា​ជា​អ្នក​ព្រមព្រៀង​គ្នា ស្មោះ​ស មិន​វិវាទ​គ្នា នៅ​ចាំ​វស្សា​ក៏​ស្រួល​ផង មិន​លំបាក​ដោយ​អាហារ​បិណ្ឌបាត​ផង។ ពួក​ភិក្ខុ​ទាំង​នោះ​ព្រមព្រៀង​គ្នា​ដូច្នេះ​ហើយ ក៏​លែង​ស្ដី​ហៅ​រក ឆ្លើយ​ឆ្លង​គ្នា​រហូត​គ្រប់​ខែ​បី ។

លុះ​ចេញ​វស្សា​ហើយ ភិក្ខុ​ទាំង​នោះ​ក៏​រៀបចំ​ទុកដាក់​សេនាសនៈ ប្រដាប់​ដោយ​បាត្រ និង​ចីវរ​ចេញ​ដំណើរ​ទៅ​កាន់​ក្រុង​សាវត្ថី ដើម្បី​ចូល​ទៅ​គាល់​ព្រះ​មាន​ព្រះ​ភាគ​ក្នុង​វត្ត​ជេតពន ។ ព្រះ​សាស្ដា​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ​ល្មម​អត់​ធន់​សេចក្ដី​ទុក្ខ​បាន​ឬ​ទេ ? ល្មម​ឲ្យ​ឥរិយាបថ​ប្រព្រឹត្ត​ទៅ​ស្រួល​បាន​ឬ​ទេ? អ្នក​ទាំង​ឡាយ​ជា​បុគ្គល​ព្រម​ព្រៀង​គ្នា ស្រុះ​ស្រួល​គ្នា​មិន​ទាស់​ទែង​គ្នា នៅ​ចាំ​វស្សា​ដោយ​សប្បាយ​ហើយ​ឬ? មួយ​ទៀត​អ្នក​ទាំង​ឡាយ​មិន​លំបាក​ដោយ​បិណ្ឌបាត​ទេ​ឬ? ភិក្ខុ​ទាំង​នោះ ក៏​ក្រាប​ទូល​ថា យើង​ខ្ញុំ​នៅ​ចាំ​វស្សា​ដោយ​សប្បាយ ព្រោះ​យើង​ខ្ញុំ​មាន​គំនិត​ឯកភាព​គ្នា យើង​ខ្ញុំ មិន​គប្បី​ហៅ​រក​គ្នា មិន​គប្បី​ចរចា​គ្នា​ទៅ​វិញ​ទៅ​មក នោះ​ទើប​ឈ្មោះ​ថា​​ជា​អ្នក​ព្រមព្រៀង​គ្នា​ស្រុះ​ស្រួល​គ្នា មិន​ទាស់​ទែង​គ្នា​នៅ​ចាំ​វស្សា​ដោយ​សប្បាយ ។ ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ព្រះ​សណ្ដាប់​ពាក្យ​នេះ​ហើយ​ក៏​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​នៅ​ចាំ​វស្សា​មិន​សប្បាយ​ទេ ប៉ុន្តែ​ប្ដេជ្ញា​ថា​ខ្លួន​ជា​អ្នក​នៅ​ចាំ​វស្សា​ដោយ​សប្បាយ, អ្នក​នៅ​ចាំ​វស្សា​ដូច​ជា​ការ​រស់​នៅ​របស់​បសុសត្វ​(សត្វ​ចិញ្ចឹម) ឬ​ដូច​ជា​ការ​រស់​នៅ​របស់​សត្វ​ពពែ ឬ​ក៏​ដូច​ជា​ការ​រស់​នៅ​របស់​បុគ្គល​ព្រមាន​តែ​ប្តេជ្ញា​ខ្លួន​ថា ជា​អ្នក​រស់​នៅ​ដោយ​សប្បាយ ។ ម្នាល​មោឃបុរស អ្នក​មិន​សម​បើ​មិន​សមាទាន​នូវ​មូគ​វត្ត (វត្ត​របស់​មនុស្ស​គ) ដែល​ជាតិ​ត្ថិយសមាទាន( សមាទាន​របស់​តិរ្ថិយ) ទេ, អំពើ​នេះ មិន​មែន​នាំ​ឲ្យ​គេ​ជ្រះ​ថ្លា​ទេ។

ព្រះ​សម្ពុទ្ធ​ទ្រង់​បន្ទោស​ភិក្ខុ​ទាំង​នោះ​យ៉ាង​នេះ​ហើយ ក៏​ទ្រង់​ធ្វើ​ធម្មីកថា ថា​ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​មិន​ត្រូវ​សមាទាន​នូវ​មូគ្គ​វត្ត ដែលជា​តិត្ថិយសមាទាន​ទេ ភិក្ខុ​ណា​សមាទាន ត្រូវ​អាបត្តិ​ទុក្ខដ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ទាំង​ឡាយ​ដែល​នៅ​ចាំ​វស្សា​រួច​ហើយ​បវារណា​ដោយ​ស្ថានបិ​យ៉ាង​គឺ ដោយ​ឃើញ​ក្ដី ដោយ​ឮ​ក្ដី ដោយ​រង្គៀស​ក្ដី=អនុជានាមិ ភិក្ខវេ វស្សំ វុត្ថានំ ភិក្ខុនំ​តិហិ ឋានេ ហិបវារេ​ពុំ ទិដ្ឋេន វា សុតេន វា បរិសង្កាយ​វា ។

II-កិច្ច​បវារណា​ចេញ​វស្សា

ជា​ទូទៅ នៅ​ល្ងាច ឬ​យប់​ថ្ងៃ ១៥ កើត​ខែ​អស្សុជ ព្រះ​សង្ឃ​ដែល​បាន​គត់​ចាំ​បុរិមិកា​វស្សា​របស់​ខែ​បី​នៅ​ក្នុង​អាវាស​ណា​មួយ​នោះ ត្រូវ​ជួប​ជុំ​គ្នា​នៅ​ក្នុង​ព្រះ​វិហារ​នមស្សការ​ព្រះ​រត្ន​ត្រ័យ និង​សំដែង​អាបត្តិ ។ បើ​មាន​ភិក្ខុ​ចាប់​ពី​៥ អង្គ​ឡើង​ទៅ​នៅ​ចាំ​វស្សា​ក្នុង​អាវាស​មួយ ត្រូវ​បវារណា​យ៉ាង​នេះ​គឺ ជា​បឋម សង្ឃ​ត្រូវ​ចាត់​តាំង​ភិក្ខុ​ដែល​ឈ្លាស​ប្រតិពល​ឲ្យ​ប្រកាស​ក្នុង​ជំនុំ​សង្ឃ​ថា សុណាតុ មេ ភន្តេ សង្ឃោ អជ្ជ បវារណា ។ យទិ សង្ឃស្ស បត្តកល្លំ សង្ឃោ បវារេយ្យ= បពិត្រ​ព្រះ​សង្ឃ​ដ៏​ចម្រើន​សូម​ព្រះ​សង្ឃ​ស្ដាប់​ខ្ញុំ ថ្ងៃ​នេះ​ជា​ថ្ងៃ​បវារណា ។ បើ​បវារណា​កម្ម មាន​កាល​គួរ​ដល់​សង្ឃ​ហើយ គួរ​សង្ឃ​បវារណា​។ ភិក្ខុ​ជា​ថេរៈ​ត្រូវ​អង្គុយ​ច្រហោង​ផ្គង​អញ្ជលី​ហើយ​និយាយ​យ៉ាង​នេះ​នឹង​សង្ឃ​ថា សង្ឃំ អាវុសោ បវារេមិ ទិដ្ឋេន វា សុតេន វា បរិសង្កាយ វា វទន្តុ មំ អាយស្មន្តោ អនុកម្បំ ឧបាទាំយ បស្សន្តោ បដិករីស្សាមិ ។ ទុតិយម្បិ អាវុសោ សង្ឃំ បវាតេមិបដិករិស្សាមិ= ម្នាល​អាវុសោ ខ្ញុំ​សូម​បវារណា​នឹង​សង្ឃ ដោយ​ឃើញ​ក្ដី ឮ​ក្ដី រង្កៀស​ក្ដី សូម​លោក​មាន​អាយុ​ទាំង​ឡាយ អាស្រ័យ​នូវ​សេចក្ដី​អនុគ្រោះ​ហើយ​ពោល (ដាស់​តឿន) ចំពោះ​ខ្ញុះ កាល​បើ​ខ្ញុំ​ឃើញ​និង​ធ្វើ​តាម, ម្នាល​អាវុសោ​ខ្ញុំ​សូម​បវារណា និង​សង្ឃ ជា​គម្រប់​ពីរ​ដង​ផង…. និង​ធ្វើ​តាម, ម្នាល​អាវុសោ ខ្ញុំ​សូម​បវារណា​នឹង​សង្ឃ ជា​គម្រប់​បី​ដង​ផងនិង​ធ្វើ​តាម ។ ភិក្ខុ​ដែល​មាន​វស្សា​ខ្ចី​បន្ត​បន្ទាប់​ត្រូវ​អង្គុយ​ច្រហោង​ផ្គង​អញ្ជលី​ឡើង ហើយ​និយាយ​យ៉ាង​នេះ​នឹង​សង្ឃ​ថា ៗសង្ឃំ ភន្តេ បវារេមិ ទិដ្ឋេន វា សុតេន វា បរិសង្កាយ វា វទន្តុ មំ អាយ​ស្មន្តោ អនុកប្បំ ឧបាទាយ បស្សន្តោ បដិករិស្សាមិ ។ ទុតិយម្បិ ភន្តេ សង្ឃំ បវារេមិ…. បដិករិស្សាមិ, តតិយម្បិ ភន្តេ សង្ឃំ បវារេមិ…. បដិករីស្សាមិ= បពិត្រ​ព្រះ​សង្ឃ​ដ៏​ចម្រើន ខ្ញុំ​សូម​បវារណា​នឹង​សង្ឃ ដោយ​ឃើញ​ក្ដី​ឮ​ក្ដី រង្កៀស​ក្ដី សូម​លោក​ម្ចាស់​មាន​អាយុ​ទាំង​ឡាយ អាស្រ័យ​នូវ​សេចក្ដី​អនុគ្រោះ​ហើយ​ពោល (ដាស់​តឿន) ចំពោះ​ខ្ញុំ កាល​បើ​ខ្ញុំ​ឃើញ​និង​ធ្វើ​តាម បពិត្រ​ព្រះ​សង្ឃ​ដ៏​ចម្រើន ខ្ញុំ​សូម​បវារណា​និង​សង្ឃ​អស់​វារៈ​ពីរ​ដង​ផងនិង​ ធ្វើ​តាម, បពិត្រ​ព្រះ​សង្ឃ​ដ៏​ចម្រើន ខ្ញុំ​សូម​បវារណា​និង​សង្ឃ​អស់​វារៈ​បី​ដង​ផងនិង​​ធ្វើ​តាម ។ ត្រូវ​បវារណា​បែប​នេះ​តាម​លំដាប់ វស្សា​មួយ​អង្គ​ម្ដង​ៗ រហូត​គ្រប់​អង្គ ។

បើ​មាន​ភិក្ខុ​៤ អង្គ​ក្ដី ៣ អង្គ​ក្ដី នៅ​ចាំ​វស្សា​ក្នុង​អាវាស​មួយ លុះ​ពេល​ចេញ​វស្សា ត្រូវ​ធ្វើ​បវារណា​ដល់​គ្នា​និង​គ្នា​យ៉ាង​នេះ, ត្រូវ​ភិក្ខុ​ដែល​ឈ្លាស​ប្រតិពល ប្រកាស​ឲ្យ​ភិក្ខុ​ទាង​ឡាយ​ដឹង​ថា សុណន្តុ មេ អាយស្មន្តោ អជ្ជ បវារណា​។ យទាយ ស្មន្តានំ បត្តិកល្លំ មយំ អញ្ញមញ្ញំ បវារេយ្យាម= សូម​លោក​មាន​អាយុ​ទាំង​ឡាយ​ស្ដាប់​ខ្ញុំ ថ្ងៃ​នេះ​ជា​ថ្ងៃ​បវារណា ។ បើ​បវារណា មាន​កាល​គួរ​ដល់​លោក​មាន​អាយុ​ទាំង​ឡាយ​ហើយ​ត្រូវ​យើង​ទាំង​ឡាយ​បវារណា​ដល់​គ្នា​និង​គ្នា ។ បន្ទាប់​មក​ត្រូវ​ភិក្ខុ​ចា​ថេរៈ គ្រង​ចីពរ អង្គុយ​ច្រហោង ផ្គង​អញ្ជលី​រួច​និយាយ​យ៉ាង​នេះ​ថា អហំ អាវុសោ អាយស្មន្តេ បវារេមិ ទិដ្ឋេន វា សុតេន វា បរិសង្កាយ វា វទន្តុ មំ អាយស្មន្តោ អនុកម្បំ ឧបាយទាយ បស្សន្តោ បដិករិស្សាមិ ។ ទុតិយម្បិ អាវុសោ អាយស្មន្តេ បវារេមិបដិករិស្សាមិ, តតិយម្បិ អាវុសោ អាយស្មន្តេ បវារេមិបដិករិស្សាមិ= ម្នាល​អាវុសោ ខ្ញុំ​សូម​បវារណា​និង​លោក​មាន​អាយុ​ទាំង​ឡាយ ដោយ​ឃើញ​ក្ដី ឮ​ក្ដី រង្កៀស​ក្ដី សូម​លោក​មាន​អាយុ​ទាំង​ឡាយ អាស្រ័យ​នូវ​សេចក្ដី​អានុគ្រោះ​និយាយ (ដាស់​តឿន) ចំពោះ​ខ្ញុំ កាល​បើ​ខ្ញុំ​ឃើញ និង​ ធ្វើ​តាម, ម្នាល​អាវុសោ ខ្ញុំ​សូម​បវារណា​និង​លោក​មាន​អាយុ​ទាំង​ឡាយ​ជា​គម្រប់​ពីរ​ដង​ផងនិង​ធ្វើ​តាម, ម្នាល​អាវុសោ ខ្ញុំ​សូម​បវារណា​នឹង​លោក​មាន​អាយុ​ទាំង​ឡាយ​ជា​គម្រប់​បី​ដង​ផងនិង​ធ្វើ​តាម ។ រួច​មក ភិក្ខុ​ខ្ចី​វស្សា​បន្ត​បន្ទាប់ ត្រូវ​និយាយ​មួយ​អង្គ​ម្ដង​ៗ​រហូត​ដល់​គ្រប់​អង្គ​យ៉ាង​នេះ​ថា អហំ ភន្តេ អាយស្មន្តេ បវារេមិ ទិដ្ឋេន វា សុតេន វា បរិសង្កាយ វា វទន្តុ មំ អាយស្មន្តោ អនុកម្បំ ឧបាទាយ បស្សន្តោ បដិករិស្សាមិ ។ ទុតិយម្បិ ភន្តេ អាយស្មន្តេ បវារេមិ..។ បដិករិស្សាមិ តតិយម្បិ ភន្តេ អាយស្មន្តេ បវារេមិបដិករិស្សាមិ = បពិត្រ​លោក​ដ៏​ចម្រើន ខ្ញុំ​សូម​បវារណា​និង​លោក​មាន​អាយុ​ទាំង​ឡាយ ដោយ​ឃើញ​ក្ដី ឮ​ក្ដី រង្កៀស​ក្ដី សូម​លោក​មាន​​អាយុ​ទាំង​ឡាយ​ជា​គម្រប់​ពីរ​ដង​ផងនិង​ធ្វើ​តាម, បពិត្រ​លោក​ដ៏​ចម្ើរន ខ្ញុំ​សូម​បវារណា​និង​លោក​មាន​អាយុ​ទាំង​ឡាយ​ជា​គម្រប់​បី​ដង​ផងនិង​ធ្វើ​តាម ។

បើ​មាន​ភិក្ខុ​ពីរ​អកង្គ នៅ​ចាំ​វស្សា​ក្នុង​អាវាស​មួយ​ជា​មួយ​គ្នា​លុះ ពេល​ចេញ​វស្សា ត្រូវ​បវារណា​យ៉ាង​នេះ គឺ​ភិក្ខុ​ដែល​មាន​វស្សា​ចាស់​ជាង ត្រូវ​គ្រង​ចីពរ​អង្គុយ​ច្រហោង បវារេមិ ទិដ្ឋេន វា សុតេន វា បរិសង្កាយ វា វទតុ មំ អាយស្ម អនុកម្បំ ឧបាទាយ បស្សន្តោ បដិករិស្សាមិ ។ ទុតិយម្បិ អាវុសោ អាយស្មន្តំ បវារេមិបដិករិស្សាមិ, តតិយម្បិ អាវុសោ អាយស្មន្តំ បវារេមិបដិករិស្សាមិ=ម្នាល​អាវុសោ ខ្ញុំ​សូម​បវារណា​និង​លោក​មាន​អាយុ​ដោយ​ឃើញ​ក្ដី ឮ​ក្ដី រង្គៀស​ក្ដី សូម​លោក​មាន​អាយុ អាស្រ័យ​នូវ​សេចក្ដី​អនុគ្រោះ និយាយ​(ដាស់​តឿន) ខ្ញុំ​កាល​បើ​ខ្ញុំ​ឃើញ និង​ធ្វើ​តាម, ម្នាល​អាវុសោ ខ្ញុំ​សូម​បវារណា​និង​លោក​មាន​អាយុ​ជា​គម្រប់​ពីរ​ដង​ផងនិង​ធ្វើ​តាម, ម្នាល​អាវុសោ ខ្ញុំ​សូម​បវារណា​និង​លោក​ដ៏​មាន​អាយុ​ជា​គម្រប់​បី​ដង​ផងនិង​ធ្វើ​តាម, ម្នាល​អាវុសោ ខ្ញុំ​សូម​បវារណា​និង​លោក​មាន​អាយុ​ជា​គម្រប់​ពីរ​ដង​ផងនិង​ធ្វើ​តាម ម្នាល​អាវុសោ ខ្ញុំ​សូម​បវារណា​និង​លោក​មាន​អាយុ​ជា​គម្រប់​បី​ដង​ផង​និង​ធ្វើ​តាម ។ រួច​ហើយ​ភិក្ខុ​ខ្ចី​វស្សា​ត្រូវ​និយាយ​និង​ភិក្ខុ​ចាស់​វស្សា​ថា អហំ ភន្តេ អាយស្មន្តំ បវារេមិ ទិដ្ឋេន វា សុតេន វា បរិសង្កាយ វា វទតុ មំ អាយស្មា អនុកម្បំ ឧបាទាយ បស្សន្តោ បដិករិស្សាមិ។ ទុតិយម្បិ ភន្តេ អាយស្មន្តំ បវារេមិបដិករិស្សាមិ តតិយម្បិ ភន្តេ អាយស្មន្តំ បវារេមិ.. បដិករិស្សាមិ = បពិត្រ​លោក ដ៏​ចម្រើន​ខ្ញុំ​សូម​បវារណា និង​លោក​ដ៏​ចំរើន​ដោយ​ឃើញ ឮ​ក្ដី រង្កៀស​ក្ដី សូម​លោក​មាន​អាយុ អាស្រ័យ​នូវ​សេចក្ដី អនុគ្រោះ​និយាយ (ដាស់​តឿន) ខ្ញុំ​កាល​បើ​ខ្ញុំ​ឃើញ​និង​ធ្វើ​តាម បពិត្រ​លោក​ដ៏​ចម្រើន ខ្ញុំ​សូម​បវារណា​និង​លោក​មាន​អាយុ​ជា​គម្រប់​ពីរ​ដង​ផងនិង​ធ្វើ​តាម, ចម្រើន ខ្ញុំ​សូម​បវារណា​នឹង​លោក​មាន​អាយុ​ជា​គម្រប់​ពីរ​ដង​ផងនិង​ធ្វើ​តាម​បពិត្រ​លោក​ដ៏​ចម្រើន​ខ្ញុំ​សូម​បវារណា​និង​លោក​មាន​អាយុ​ជា​គម្រប់​បី​ដង​ផង និង​ធ្វើ​តាម,

បើ​មាន​ភិក្ខុ​តែ​មួយ​អង្គ​គត់ គង់​ចាំ​វស្សា​ក្នុង​អាវាស​មួយ លុះ​ដល់​ថ្ងៃ​ត្រូវ​បវារណា​ចេញ​វស្សា ត្រូវ​ធ្វើ​យ៉ាង​នេះ គឺ​បោស​ច្រាស​សំអាត​ទី​កន្លែង​ដែល​ខ្លួន​នៅ​ចាំ​វស្សា​នោះ ឲ្យ​ស្អាត​បាត ដង​ទឹក​តម្កល់​ទុក ក្រាល​អាសនៈ អុជ​ប្រទីប​អង្គុយ​រង់​ចាំ​មើល ក្រែង​មាន​ភិក្ខុ​ពី​អាវាស​ដទៃ​មក​បវារណា​ជា​មួយ ប៉ុន្តែ​បើ​រង់​ចាំ​ទៅ​ហើយ ឃើញ​ថា​គ្មាន​ទេ ត្រូវ​អធិដ្ឋាន​ថា អជ្ជ មេ បវារណា= ថ្ងៃ​នេះ ជា​ថ្ងៃ​បវារណ របស់​អញតែ​ប៉ុណ្ណេះ​ជា​ការ​ស្រេច ។ បើ​មិន​បាន​អធិដ្ឋាន​បែប​នេះ​ទេ ត្រូវ​អាបត្តិ​ទុក្កដ=នៅ ចេ អធិដ្ឋហេយ្យ អាបត្តិ ទុក្កដស្ស ។

ពុទ្ធ​បំណង​នៃ​ការ​បវារណា គឺ​ដើម្បី​ឲ្យ​ព្រះ​សង្ឃ ស្រឡាញ់​រាប់​អាន​គ្នា ។ កាល​បើ​អ្នក​ណា​មួយ​បាន​ឃើញ បាន​ឮ ឬ​រង្កៀស អំពី​ការ​ប្រព្រឹត្ត​ខុស​ឆ្គង​របស់​គ្នា​ត្រូវ​រំឭក​ដាស់​តឿន​គ្នា ដើម្បី​ឲ្យ​ប្រព្រឹត្ត​ល្អ​ស្មើ​គ្នា ជា​ព្រះ​សង្ឃ​ក៏​ល្អ​នៅ​ជា​សុខ​រួម​គ្នា​រហូត​ទៅ មិន​ត្រូវ​មើល​បំណាំ​ចាំ​តែ​ចាប់​ទោស​កំហុស​គ្នា ​ហើយ​បែរ​មុខ​ចេញ មិន​សេព​គប់​រាប់​រក​គ្នា​នោះ​ឡើយ ព្រោះ​អាការ​ដែល​មើល​បំណាំ​គ្នា ថ្កោល​ទោស​គ្នា​យ៉ាង​នោះ ជា​ហេតុ​ឲ្យ​ព្រះ​សង្ឃ​មិន​សាមគ្គី​គ្នា ដែល​មិន​ជា​ទី​ជ្រះ​ថ្លា​ដល់​ពួក​ភិក្ខុ​បរិស័ទ​ជា​ហេតុ​ធ្វើ​ឲ្យ​ពុទ្ធសាសនា​ថយ​ចុះ​រោយ​រៀង​ផង ។

III-ពិធី​ផ្សេង​ៗ​ក្នុង​ឱកាស​ចេញ​វស្សា

ថ្ងៃ​បវារណា ជា​ថ្ងៃ​បញ្ចប់​កិច្ច​នៅ​ចាំ​វស្សា​របស់​ភិក្ខុ​សង្ឃ ដែល​លោក​អត់​ទ្រាំ​មិន​ត្រាច់​ទៅ​កាន់​ទី​ឆ្ងាយ ខិត​ខំ​រៀន​សូត្រ​ស្វាធ្យាយ​ធម៌​វិន័យ​ក្នុង​គន្ថធុរៈ និង​ចម្រើន​មេត្តា ភាវនា ក្នុង​វិបស្សាធុរៈ ចំនួន​បី​ខែ​កន្លង​ទៅ ។ ហេតុ​នេះ​ហើយ​បាន​ជា​ឧបាសក ឧបាសិកា​ជ្រះ​ថ្លា​ខ្លាំង​ក្លា​នាំ​គ្នា​ធ្វើ​បុណ្យ​សុន្ទរ៍​ទាន​ផ្សេង​ៗ ទុក​ដូច​ជា​ពិធី​សម្ពោធ​ឆ្លង​បុណ្យ​ចាំ​វស្សា​របស់​ព្រះ​សង្ឃ ។

តាម​ទំនៀម​ពេល​ព្រឹក អ្នក​ស្រុក​នាំ​គ្នា​ទៅ​វត្ត​ដោយ​មាន​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះ​សង្ឃ ឧទ្ទិស​កុសល​ជូន​ទៅ​លោក​អ្នក​មាន​គុណ​មាន​មាតាបិតា​ជា​ដើម ។ នៅ​តំបន់​ខ្លះ ពុទ្ធ​បរិស័ទ​ខ្មែរ​យើង​បាន​ប្រារព្ធ​ពិធី​មួយ​ចំនួន ដើម្បី​អបអរ​ក្នុង​ឱកាស​ព្រះ​សង្ឃ​ចេញ​វស្សា​ដែរ​ដូច​ជាៈ

/ពិធី​ទេសនា​មហាជាតក៖ នៅ​ថ្ងៃ​ចេញ​វស្សា​នោះ, តាម​ទំនៀម​ប្រជារាស្ត្រ​អ្នក​ស្រុក​ដោយ​ច្រើន​ធ្លាប់​និមន្ត​លោក​ទេសនា​គម្ពីរ​មហាជាតក គឺ​រឿង​ព្រះ​ពោធិសត្វ កើត​ជា​ព្រះ​បាទ​វេស្សន្តរ ។ គេ​នាំ​គ្នា​ចាប់​ស្លាក​កាន់​អង្គ តាំង​ពី ថ្ងៃ​ភ្ជុំ​បិណ្ឌ​មក​ម្ល៉េះ ទើប​រណា​ចាប់​បាន​ស្លាក​ឈ្មោះ​អង្គ​ណា គេ​សំគាល់​ព្រះ​សង្ឃ​អង្គ​នោះ​ថា​ជា​បដិគ្គាហកៈ​របស់​គេ ហើយ​ម្នាក់​ៗ (ក្រុម​វេន ឬ​ភូមិ​នីមួយ​ៗ ) ចាត់​ចែង​រណ្ដាប់​កាន់​អង្គ​បំរុង​ចាំ​ប្រគេន បដិគ្គាហកៈ​មួយ​អង្គ​ៗ​នោះ ដោយ​ទេយ្យ​តាន​យ៉ាង​ក្រាស​ក្រែល​ប្លែក​ៗ ។ ចំណែក​ព្រះ​ធម្មកថិក ១៣ អង្គ អ្នក​ទេសនា​មហាជាតក​១៣ កណ្ឌ​តែង​បាន​ទទួល​នូវ​ទេយ្យ​ទាន​ជា​រណ្ដាប់​កាន់​អង្គ​ដោយ​ឡែក​ៗ ពី​គ្នា ។ ការ​ចាប់​ស្លាក​កាន់​អង្គ​ធម្មកថិក​ទេសន​មហាជាតក​ដែល​បាន​រៀបចំ​គ្រោង​ទុក​ជា​មុន​នោះ គឺ​ដើម្បី​ឲ្យ​ធម្មកថិក​តេស​មហាជាតក​ដែល​បាន​រៀប​ចំ​គ្រោង​ទុក​ជា​មុន​នោះ គឺ​ដើម្បី​ឲ្យ​ធម្មកថិក​ដែល​ត្រូវ​ទេសន៍​កណ្ឌ​ណា​មួយ បាន​យក​កណ្ឌ​នោះ​ទៅ​ហាត់​ទេសន៍​ទាល់​តែ​ស្ទាត់​រត់​មាត់​ល្អ ទាំង​បាលី ទាំង​សំរាយ, ដល់​ពេល​ឡើង​ទេសន៍​ឲ្យ​អាច​ទេសន៍​បាន​ស្រួល​ល្អ មិន​រអាក់​រអួល​ជា​ការ​ស្រួល​ស្ដាប់​ផង អាច​ឲ្យ​ចប់​ទាំង​១៣​កណ្ឌ​ក្នុង​១​ថ្ងៃ មុន​ថ្ងៃ​លិច​ផង ។ ឯ​ព្រះ​មហាក្សត្រ​ខ្មែរ​ក៏​ទ្រង់​សព្វ​ព្រះ​រាជ​ហឫទ័យ​តែង​និមន្ត​ធម្មកថិក​មួយ​អង្គ ទេសនា​គម្ពីរ​គាថា​ពាន់ គឺ​គម្ពីរ​មហាជាតក៍​ភាសា​បាលី​ដែល​មាន​មួយ​ពាន់​គាថា ចែង​អំពី រឿង​ព្រះ​វេស្សន្តរ មាន​លំនាំ​ប្រហែល​គ្នា​និង​ការ​ទេសនា​មហាជាតក៍​របស់​ប្រជារាស្ត្រ​ដែរ គ្រាន់​តែ​ខាង​ព្រះ​រាជា​ទេសន៍​ជា​ភាសា​បាលី (គឺ​គាថា​ទាំង​មួយ​ពាន់​ក្នុង​រឿង​មហាវេស្សន្តរ) មាន​សេចក្ដី​សង្ខេប​​ហៅ​ថា គាថាពាន់​។ ឯ​ខាង​រាស្ត្រ​ទេសន៍​ជា​សម្រាយ (មាន​លាយ​បាលី​ខ្លះៗ) មាន​សេចក្ដី​ពិស្ដារ​ហៅ​ថា មហាជាតក៍ប៉ុណ្ណោះ ។ ការ​ទេសនា​មហាជាតក៍​ជា​ការ​កុសល​ចេញ​មុខ​មាត់​របស់​ពុទ្ធ​បរិស័ទ​ប្រកប​ដោយ​បរិយាកាស​ដ៏​រីករាយ ក្នុង​សម័យ​បុរាណ ។

/ពិធី​អុំ​ទូក៖ វត្ត​ណា​នៅ​ជិត​មាត់​ទន្លេ ស្ទឹង បឹង ព្រែក ដែល​មាន​ទូក​ង​ឬ​ទូក​មួង​សំរាប់​វត្ត​នោះ ​អ្នក​ស្រុក​តែង​តែ​ធ្វើ​ពិធី​ចែវ អុំ​ប្រណាំង​ជា​មួយ​និង​ទូក​ង​ទូក​មួង​វត្ត​ក្បែរ​គ្នា​ក៏​មាន, ចែវ​អុំ ប្រណាំង​តែ​គ្នា​ឯង​ក៏​មាន​ឬ​ចែវ​អុំ​កំសាន្ត​សប្បាយ​ក៏​មាន ។ ពិធី​ប្រណាំង​ទូក​នេះ អ្នក​ស្រុក​និយម​ធ្វើ​នៅ​ថ្ងៃ ១៥ កើត ខែ​អស្សុជ​ដែល​ជា​ថ្ងៃ​ព្រះ​សង្ឃ​ត្រូវ​បវារណា​ចេញ​វស្សា​នោះ​ដែរ ។

/ពិធី​ប្រណ្ដែត​ប្រទីប1 លុះ​ដល់​ម៉ោង​១៩ ឬ ម៉ោង​២០ គឺ​ម៉ោង ៧ ឬ ម៉ោង ៨ យប់ បន្ទាប់​ពេល​ព្រះ​សង្ឃ​សូត្រ​បាលី​បវារណា​ចប់​ហើយ​ឧបាសក ឧបាសិកា តែង​រៀប​ពិធី​បណ្ដែត​ប្រទីប​ធ្វើ​ពី ដើម​ចេក​ធំ​ៗ​ដោត​ភ្ជាប់​គ្នា មាន​សណ្ឋាន​ដូច​ក្បួន មាន​ទំហំ​ជាង​មួយ​ម៉ែត្រ​បួន​ជ្រុង ដែល​យក​ឫស្សី​ធ្វើ​រាង​ជា​ចេតិយ​មាន​ទ្វារ​បួន ស្រួច​ត្រង់​កំពូល​មាន​រាង​ជា​កន្សោម​តា​ឱ​2 បិទ​ក្រដាស​យ៉ាង​ស​ស្អាត ។ ប្រទីប​នេះ អ្នក​ស្រុក​ជើង​វត្ត​រៀបចំ​ធ្វើ​ទុក​ស្រេច​ពី​ថ្ងៃ​មុន លុះ​ដល់​វេលា​យប់​ទើប​គេ​នាំ​គ្នា​សែង​ទៅ​ដាក់​ក្នុង​ទន្លេ ឬ​ស្ទឹង បឹង ព្រែក ។ កាល​ណា​ដាក់​ប្រទីប​ហើយ គេ​តែង​ដាក់​នំ​អន្សម នំ​គម និង​ផ្លែ​ឆើ​ប្រទីប​នោះ ហើយ​នាំ​គ្នា​អុជ​ទៀន​ធូប អធិដ្ឋាន​ថា ខ្ញុំ​សូម​បូជា​ប្រទីប​នេះ ចំពោះ​ព្រះ​ចង្កូម​កែវ​នៃ​ព្រះ​សម្មាសម្ពុទ្ធ ដែល​ប្រតិស្ឋាន​នៅ​នាគ​ពិភព និង​ស្នាម​ព្រះ​ពុទ្ធ​បាន ដែល​ប្រតិស្ឋាន​នៅ​ទី​តាំង​ប្រាំ មាន​ស្ទឹង​នម្មទា និង​ភ្នំ​សុមន​កូដ នៅ​លង្កា​ទ្វីប​ជា​ដើម ចំណែក​អ្នក​ខ្លះ​ទៀត​តែង​និយាយ​សុំ​ស្មាលា​ទោស​នឹង​ព្រះ​គង្គា និង​ព្រះ​ធរណីតាម​ទម្លាប់​របស់​គេ ។ ចំពោះ​របៀប​ធ្វើ និង​របៀប​បណ្ដែត​ប្រទីប​នេះ មាន​លក្ខណៈ​ប្លែក​ៗ​គ្នា​ទៅ​តាម​ការ​និយម​របស់​អ្នក​ស្រុក ។

ស្រុក​ខ្លះ ចង​គាប់​ទូក​ធំ​ៗ​ភ្ជាប់​គ្នា ក្រាល​ក្ដារ​ពី​លើ​ប្រក់​បារាំ តែង​តាំង​ព្រះ​ពុទ្ធ​រូប​ក្នុង​បារាំ​នោះ ដោយ​មាន​គ្រឿង​សក្ការ​បូជា​យ៉ាង​ឧឡារឹក ប្រហែល​គ្នា​នឹង​របៀប​បុណ្យ​ពុទ្ធាភិសេក​ដែរ សន្មត​គ្រឿង​ទាំង​អស់​នោះ​ជា (ប្រទីប) ដង្ហែ​ទៅ​តាម​ទន្លេ ស្ទឹង បឹង ព្រែក ។

ទោះ​បី​ចង​គាប​ទូក​ធ្វើ​ជា​ប្រទីប​ក្ដី សណ្ដោង​ប្រទីប​ដើម​ចេក​ដោយ​ទូក​ក្ដី ក៏​របៀប​ចាត់​ការ​ក្នុង​ពិធី​បុណ្យ​បណ្ដែត​ប្រទីប​ទាំង​នោះ​មិន​ប្លែក​គ្នា​ទេ គឺ​ចំណែក​បព្វជិត​គង់​លើ​ទូក​ឃ្នាប ឬ​ទូក​សណ្ដោង​នោះ សូត្រ​ធម៌​ផ្សេង​ៗ មាន​ធម៌​សរសើរ​ព្រះ​បាទ​ឆ្វេង ស្តាំ និង​ធម៌ ពហូ ទេវាជា​ដើម ចំណែក​គ្រហស្ថ សូត្រ​ព្រះ ផ្សេង​ៗ​មាន​ធម៌​នមស្សការ​រតនត្រ័យ​ជា​ដើម លើ​ទូក​នោះ​ដែរ ។​ ទី​បំផុត គេ​សូត្រ​ធម៌ យំ កិញ្ចិឧទ្ទិស​ផល ។

តាម​ទំនៀម​អ្នក​ស្រុក​ដែល​សណ្ដោង​ប្រទីប​ដើម​ចេក​ដោយ​ទូក, លុះ​សណ្ដោង​ច្រាស​ទឹក​ទៅ​ដល់​ទី​ដៅ​ហើយ គេ​តែង​បណ្ដែត​ប្រទីប​ដ៏​មាន​ពន្លឺ​ព្រោង​ព្រាត​នោះ​លើ​ខ្សែ​ទឹក​ហូរ​វិញ​ៗ ក្រោម​រស្មី​ព្រះ​ចន្ទ​ពេញ​វង្ស ដែល​មើល​ទៅ​ឃើញ​មូល​ក្រឡង់​សក្បុស​លើ​រលក​ទឹក ហាក់​ដូច​ព្រះ​ចន្ទ​ចុះ​មក​ថយ​យក​ប្រទីប​នោះ​ទុក​ជា​អនុស្សាវរីយ៍ ឬ​មក​ទទួល​អនុមោទនា​ការ​កុសល​នោះ​ដោយ​រីក​រាយ ។

តាម​ទម្លាប់​អ្នក​ស្រុក​ដែល​សណ្ដោង​ប្រទីប​ដើម​ចេក​ដោយ​ទូក, គេ​តែង​ធ្វើ​ប្រទីប​ធំ​ៗ មាន​រាង​ដូច​ចេតិយ ច្រើន​ថ្នាក់ និង​ធ្វើ​ប្រទីប​តូច​ៗ ជា​ច្រើន​ដោយ​ស្រទាប​ចេក​អុជ​ទៀន​ធូប​ឬ​បញ្ឆេះ​ប្រេង​ដូង បណ្ដែត​ជាប់​បរិវារ​ប្រទីប​ធំ មើល​ទៅ​ឃើញ​ព្រាត​ព្រោង​លើ​ផ្ទៃ​គង្គា គួរ​ជា​ទី​រីករាយ​ជ្រះ​ថ្លា​ក្រៃ​លែង។

ពិធី​អុំ​ទូក​និង​បណ្ដែត​ប្រទីប​នោះ ចំពោះ​ប្រជារាស្ត្រ​ពុទ្ធ​បរិស័ទ​គ្រប់​វត្ត អារាម​ទូទាំង​ព្រះ​រាជា​ណាចក្រកម្ពុជា ដែល​មាន​លទ្ធភាព​អាច​ធ្វើ​បាន តែង​និយម​ប្រព្រឹត្ត​ទៅ​នៅ​វេលា​ថ្ងៃ និង​វេលា​យប់​នៃ​ថ្ងៃ​១៥ កើត ខែ អស្សុជ ដែល​ជា​ថ្ងៃ​ចេញ​វស្សា ។ ចំណែក​ខាង​ព្រះរាជា​និង​រាជ​រដ្ឋាភិបាល តែង​និយម​ប្រព្រឹត្ត​ធ្វើ​ពិធី​អុំ​ទូក បណ្ដែត​ប្រទីប​ចំនួន​បី​ថ្ងៃ បី​យប់​គឺ​នៅ​ថ្ងៃ ១៤១៥កើត និង​ថ្ងៃ​១​រោច ខែ កត្តិក រួម​ជា​មួយ​នឹង​ព្រះ​រាជ​ពិធី​សំពះ ព្រះ​ខែ ។

ចំពោះ​ទំនៀម​អុំ​ទូក បណ្ដែត​ប្រទីប ដែល​ជា​ប្រជារាស្ត្រ​ពុទ្ធ​បរិស័ទ​ក្នុង​ជំនាន់​មុន​ៗ ធ្លាប់​និយម​ប្រព្រឹត្ត​ធ្វើ​នៅ​ពេល​ព្រះ​សង្ឃ​ចេញ​វស្សា​នោះ ឥឡូវ​បាន​សាប​រលាប​ស្ទើរ​តែ​បាត់​អស់​ទៅ​ហើយ គឺ​នៅ​សល់​តែ​ព្រះ​រាជ​ពិធី​អុំ​ទូក បណ្ដែត​ប្រទីប និង​អក​អំបុក សំពះ​ព្រះ​ខែ ដែល​ជា​បុណ្យ​ប្រពៃណី​ផ្លូវ​ការ​របស់​ជាតិ​យើង ប៉ុណ្ណោះ ។

រៀបរៀង​ដោយ

ម៉ែនប្រាង្គ និង អាំ ឆន

ពិនិត្យ​សំរួល​ដោយ ឱម ខែម

1ពិធី​បណ្ដែត​ប្រទីប​មាន​និយាយ​ពិស្ដារ​ក្នុង​សៀវភៅ​រាជ​ពិធី​ទ្វារ​ទសមាស​ភាគ​ទី​៣ បោះ​ពុម្ព​ដោយ​ពុទ្ធសាសនបណ្ឌិត្យ ។

2ភ្នំ​យោង​មួយ​ប្រភេទ មាន​កំពូល​ជា​កន្សោម​ប្រហាក់​ប្រហែល​និង​សម្បុក​តាឳ



Important Notice: Help Stop the Spread and Stay Healthy. (Read now)