ដកស្រង់ចេញពីច្បាប់ដើម ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៦
សម័យចំរើនរបស់ក្បាច់រចនាខ្មែរ
តាមសេចក្ដីយល់ឃើញរបស់លោក ហ.ម៉ារ្សាល់
ចាងហ្វាងក្រសួង ពិនិត្យប្រាសាទបូរាណ ក្នុងប្រទេសឥណ្ឌូស៊ីន
១– រចនា ឥណ្ឌៀ–ខ្មែរ ព. ស. ១០៤៣ –១១៤៣ ដែលមិនឃើញមានបែបគំនូរក្នុងប្រាសាទផ្សេង ៗ ក្នុងប្រជុំអង្គរ ប៉ុន្តែគេឃើញមានស្នាមដាននៅសម្បូរព្រៃគុក (កំពង់ធំ) នឹងនៅប្រាសាទដំរីក្រាប (ភ្នំគូលែន) ។
លក្ខណរបស់រចនាក្នុងសម័យនោះ ដូចមានខាងក្រោយប្រាសាទទាំងឡាយធ្វើជាកំពូលដាច់តែឯង ឬក៏ផ្ដុំគ្នា ហើយមានកំផែងព័ទ្ធជុំវិញ ។ ឯរូបដែលដំកល់ក្នុងប្រាសាទទាំងនេះសុទ្ធតែយ៉ាងសំខាន់លេខ ១ ទាំងអស់ ដែលគេអាចឃើញនៅទីសារមន្ទីរ ក្រុងភ្នំពេញគឺជាទេវរូបផ្សេង ៗ សម្រាប់សាសនាព្រាហ្មណ៍ ។
២– រចនាខ្មែរសម័យទី ១ ព. ស. ១៣៤៣–១៤៤៣ ឧទ្ទិស្សដល់ព្រាហ្មណ៍សាសនា ។
គេច្រើនតែយកឥដ្ឋមកសាងជាប្រាសាទឡើង ហើយឯថ្មផុកនោះគេគ្រាន់តែយកមកធ្វើជាក្បាច់ សំរាប់បន្ទំប្រាសាទទាំងនេះដែលជាប្រាសាទយ៉ាងល្អ ៗ ឆើត ។ ប្រាសាទនៅក្នុងប្រជុំអង្គរទាំងប៉ុន្មាន ដែលកសាងឡើងក្នុងសម័យជាមួយគ្នានេះ ត្រូវរាប់ ភ្នំបាខែង ប្រែរូប ប្រាសាទក្រវ៉ាញ លលៃ ព្រះគោ ។ ល, ល ។
៣– រចនាខ្មែរ សម័យទី ២ ព. ស ១៤៤៣–១៥៤៣ ច្រើនតែឧទ្ទិសដល់ព្រះឥសូរ ។
លក្ខណជាគ្រឿងសំគាល់ ប្រាសាទសាងដោយថ្មផុក មានក្បាច់ចំឡាក់យ៉ាងល្អ ។ នៅឱជាងមានរចនាជាក្បាច់ក្បូរផ្សេង ៗ ច្រើនជាជាងដែលរចនាជារឿងរ៉ាវជាផ្លូវសាសនា ។ បណ្ដាប្រាសាទទាំងប៉ុន្មានក្នុងសម័យនោះ ត្រូវរាប់ប្រាសាទ បាពួន តាកែវ ចៅសាយ ធម្មនន (ធម្មានន្ទ) ។ល។
៤– រចនាខ្មែរ សម័យនគរវត្ត ព. ស. ១៦៤៣–១៧៤៣ ច្រើនតែឧទ្ទិសដល់ព្រះវិស្ណុ ។
លក្ខណគ្រឿងសំគាល់ក្បាច់ចំឡាក់យ៉ាងផ្វិតផ្ចង់យ៉ាងឆ្មារហើយមិនសូវក្រឡោត គឺស្នាដៃជាងប្រតិស្ឋយ៉ាងសំខាន់ ប្រាសាទទាំងប៉ុន្មាន ដែលកើតក្នុងសម័យនោះគឺ នគរវត្ត បន្ទាយសំរែ បឹងមាលា ។
៥– រចនាខ្មែរ ក្នុងសម័យព្រះពុទ្ធសករាជ ១៩៥០–១៨៥០ ប្រាសាទទាំងឡាយនោះ សុទ្ធតែឧទ្ទិសដល់ព្រះពុទ្ធសាសនាប៉ែកមហាយាន គឺព្រះលោកេស្វរ ដែលគេគោរពជំនួសព្រាហ្មណសាសនា ។
លក្ខណៈជាគ្រឿងសំគាល់ ការកសាងធ្វើដោយប្រញាប់ឥតពិនិត្យពីថៃ ធ្វើដោយថ្មរភក់ ហើយមានក្បាច់នឹងឱជាងជាច្រើន ធ្វើជារឿងផ្សេង ៗ ក្នុងសាសនា មានរូបធំដែលធ្លាក់ឲ្យចេញក្រឡោតឡើង ។
ប្រាសាទដែលមានក្នុងសម័យនេះគឺ កំផែងនគរធំនឹងទ្វារចូលទាំង ៥ ប្រាសាទបាយ័ន ព្រះខ័ន តាព្រហ្ម បន្ទាយក្ដី នាគព័ន្ធ ក្រោលគោ តាសោម តានៃ ។ ល ។