មាតាធ្វើការកម្រ (ម៉ែឆ្លងទន្លេ)

មាតាធ្វើការកម្រ (ម៉ែឆ្លងទន្លេ)

មាតាធ្វើការកម្រ

មង្គលត្ថទីបនី

ម៉ែឆ្លងទន្លេ

(វិរិយបណ្ឌិតោ ភិក្ខុ ប៉ាង ខាត់​ និង​ សម្ដេច​ព្រះពោធិវង្ស​ ហួត តាត)

ម៉ែ​ពផ្ទៃ​គ្រប់​ដប់​ខែ​ហើយ​ ដល់​ពេល​ម៉ែ​ឆ្លងទន្លេ​។​ យើង​ដឹង​ថា​ការ​ឆ្លង​ទន្លេ​ដោយ​ទូក​តែង​មាន​ភ័យ​ មាន​គ្រោះ​អន្តរាយ​ដល់​ជីវិត​ ព្រោះ​ក្នុង​រដូវ​ខ្លះ​មាន​ទឹកជំនន់​ឡើង​លិច​វាល​ល្ហល្ហេវ​ល្ហាចល្ហឹម​ មាន​ខ្សែ​ទឹក​ហូរ​ខ្មាញ់​ មាន​ខ្យល់ព្យុះ​បោកបក់​ខ្លាំង​ រលក​បោក​បែក​ផ្កាត្រែង​ មើល​ទៅ​មុខ​គួរ​សម្បើម​ណាស់​។​ គេ​ឆ្លង​ទន្លេ​រួច​ម្ដង​ៗ​ ឈ្មោះ​ថា​មាន​ភ័ព្វសំណាង​។​ បុរាណ​លោក​យក​ពាក្យ​ឆ្លង​ទន្លេ​នេះ​ ប្រដូច​នឹង​ការ​ប្រសូតិ​កូន​របស់​ម៉ែ​ ដែល​គ្រប់​រូប​តែង​តែ​ឆ្លង​ហើយ​ប្រទះ​ ប៉ះ​ទង្គិច​គ្រោះ​អន្តរាយ​ដល់​ជីវិត​ម៉ែ​រឿយ​ៗ​ ដូច​អ្នក​ឆ្លង​ទន្លេ​ដែរ​ ម៉ែ​ឆ្លង​រួច​ម្ដង​ៗ​ ឈ្មោះ​ថា​មាន​ភ័ព្វវាសនា​ធំ​ណាស់។​

ពេល​ជិត​ឆ្លង​ទន្លេ​ ម៉ែ​រៀបចំ​ខ្លួន​ទុក​មុន​ អ្វីៗ​នៅ​ក្នុង​ផ្ទះ​ម៉ែ​រៀបចំ​ដាក់​ស្រេច​ ម៉ែ​សួរ​រក​ឆ្មប​ឬ​គ្រូពេទ្យ​ថា​៖​ នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នឹង​ដល់​ពេល​ប្រសូតិ​ហើយ​ ម៉ែ​ដុត​ធូប​បន់​ព្រះ​សំពះ​ទេវតា​ សុំ​ឱ្យ​ម៉ែ​ឆ្លង​ទន្លេ​ដោយ​សុវត្ថិភាព​ ម៉ែ​ប្រាប់​ដំណឹង​នេះ​ ដល់​មាតា​បិតា​ ជីដូន​ជីតា​ និង អ្នក​ស្និទ្ធស្នាល​នៅ​ជិតខាង​ សុំ​ឱ្យ​មក​ជួយ​ជីវិត​ម៉ែ​ និង កូន​ម៉ែ​ ម៉ែ​ភ័យអរៗ​ ជានិច្ច​ ម៉ែ​ភ័យ​មុខ​ក្រៀមក្រំ​ ព្រោះ​ធ្លាប់​ឃើញ​អ្នក​ជិតខាង​ខ្លះ​ មាន​គ្រោះថ្នាក់​ដល់​បាត់បង់​ជីវិត​ ព្រោះ​តែ​ឆ្លង​ទន្លេ​នេះ​ ម៉ែ​អរ​មុខ​មាត់​រីករាយ​ ព្រោះ​ជិត​បាន​ឃើញ​មុខ​កូន​ម៉ែ​ហើយ​។​ ការ​ប្រុងប្រយ័ត្ន​ប្រសូតិ​នេះ​ ដូច​ជា​ការ​ប្រុងប្រយ័ត្ន​ឆ្លង​ទន្លេ​ដែរ​។​ ហេតុ​ដូច្នេះ​ហើយ​ បាន​ជា​ពេល​ឆ្លង​ទន្លេ​ម្ដង​ៗ​ ឃើញ​មាន​មាតា​បិតា​ ជីដូន​ជីតា​ ញាតិ​មិត្រ​មក​ជួបជុំ​គ្នា​រហង់​ ត្រៀម​ខ្លួន​ប្រុង​ជួយ​ មុខ​ក្រៀមក្រំ​មិន​ស្រស់​គ្រប់​គ្នា​ទេ​ ចេះ​តែ​ខ្សឹបខ្សៀវ​ពិគ្រោះ​គ្នា​ជានិច្ច​។​ ម៉ែ​ឆ្លង​ទន្លេ​រួច​ហើយ​ ដោយ​សុវត្ថិភាព​ អ្នក​ទាំងអស់​គ្នា​មុខ​រីក​ដូច​ផ្កា​ឈូក​ សួរ​គ្នីគ្នា​អ៊ូអរ​ថា​ ម៉េច​ហើយ​វ៉ឺយ​!​ ស្រី​ ឬ​ ប្រុស​?​ បាន​ស្រី​ ឬ​ ប្រុស​ក្ដី​ណា​ ឮ​សូរ​តែ​មាត់​ឱ្យ​ពរ​ជ័យ​ដោយ​រីករាយ​សប្បាយ​ចិត្ត​ ហើយ​លាន់​មាត់​គ្រប់​គ្នា​ថា​ «រួច​គ្រោះ​ហើយ​»​ ។​

ចំណែក​ម៉ែ​ លុះ​ឆ្លង​ទន្លេ​ហើយ​ ឮ​សូរ​កូនម៉ែ​យំ​ ម៉ែ​ភ្លេច​ឈឺ​ចាប់​ក្នុង​សព៌ាង្គកាយ​ ម៉ែ​ទារ​សុំ​យក​កូន​មក​មើល​ព្រោះ​ម៉ែ​ពុំ​ទាន់​បាន​ឃើញ​មុខ​ ឃើញ​មុខ​កូន​ហើយ​ ម៉ែ​ក្សាន្ដ​ចិត្ត​ស្ទើរ​តែ​បាត់​ឈឺ​ចាប់​។​ ត​ទៅ​ម៉ែ​រង​ទុក្ខ​វេទនា​ ម៉ែអាំង​ភ្លើង​ក្ដៅ​ដូច​គេ​ដុត​ទាំង​រស់​ ម៉ែ​ផឹកទឹក​អំបិល​ប្រៃ​នេះ​ ហៅ​ប្រៃ​ ម៉ែ​អត់​ទ្រាំ​ក្ដៅ​ អត់​ទ្រាំ​ប្រៃ​ ព្រោះ​តែ​ជីវិត​កូន​។​

ដោយ​មាន​ភ័យ​អាសន្ន​ដូច​ពោល​មក​នេះ​ហើយ​ បាន​ជា​ព្រះ​សម្មាសម្ពុទ្ធ​ ទ្រង់​អនុញ្ញាត​ឱ្យ​ទាយក​ទាយិកា​ប្រគេន​អច្ចេក​ចីវរ​ចំពោះ​ព្រះ​សង្ឃ​ក្នុ​ង​កាល​ពិសេស​។​ រឿង​អច្ចេកចីវរ​នេះ​ បើ​យើង​កុំ​គិត​ពី​រូប​ពាក្យ​ខ្លាំង​ពេក​ គិត​យក​តែ​សេចក្ដី​ឱ្យ​ស្ដាប់​បាន​ងាយ​ គួរ​តែ​ប្រែ​ថា​ «ចីវរ​អាសន្ន»​ ព្រោះ​ចីវរ​នេះ​ ត្រូវ​ប្រគេន​ព្រះសង្ឃ​ ដោយ​ប្រញាប់ប្រញាល់​ឱ្យ​ទាន់​ខ្លួន​មាន​ជីវិត​រស់​នៅ​ គឺ​ត្រូវ​ប្រគេន​ចីវរ​នេះ​ បាន​មុន​កាល​ ១០​ថ្ងៃ​ អំពី​ថ្ងៃ​បវារណា​ គឺ​បាន​ដល់​ថ្ងៃ​ ៦កើត​ រហូត​ដល់​ថ្ងៃ​ ១៥កើត​ ខែ​អស្សុជ​ ដែល​ជា​ថ្ងៃ​បវារណា​ បើ​មាន​ទាយក​ទាយិកា​មាន​សទ្ធា​ប្រាថ្នា​ប្រគេន​ព្រះ​សង្ឃ​ ព្រះ​សម្មាសម្ពុទ្ធ​ ទ្រង់​អនុញ្ញាត​ឱ្យ​ភិក្ខុ​ទទួល​ចីវរ​នេះ​បាន​ មិន​បាច់​រង់​ចាំ​ដល់​ចីវរកាល​ គឺ​វេលា​ដែល​ភិក្ខុ​មាន​អំណាច​ស្វែង​រក​សំពត់​ចីវរ​ ដែល​លោក​កំណត់​ទុក​តាំង​ពី​ថ្ងៃ​បវារណា​ ចេញ​វស្សា​ទៅ​ដល់​ថ្ងៃ​១៥កើត​ ខែកត្តិក​នោះ​ទេ​។​ 

មូល​ហេតុ​ដែល​នាំ​ឱ្យ​កើត​អច្ចេកចីវរ​នេះ​ឡើង​ មក​ពី​អ្នក​មាន​សទ្ធា​ពីរ​ពួក​ ពួក​ទី​មួយ​ជា​ទាយក​អ្នក​មាន​សទ្ធា​តែ​ជាប់​ដោយ​រាជការ​សង្គ្រាម​ ឬ​ ឈឺ​ចាប់​ធ្ងន់ពេក​ មាន​បារម្ភ​ដល់​ជីវិត​ នឹក​ក្រែង​មិន​អាច​នឹង​ត្រឡប់​មក​កាន់​ចីវរកាល​វិញ​ ហើយ​សូម​ឱកាស​ប្រគេន​ចីវរ​មុន​ ។​ ពួក​ទី​ពីរ​ជា​ទាយិកា​មាន​សទ្ធា​ដែល​មាន​គភ៌​ចាស់​ ហើយ​ជិត​ដល់​ពេល​ឆ្លង​ទន្លេ​ ក្នុង​វេលា​មិន​ទាន់​ចេញ​វស្សា​ គិត​ថា​ចាំ​ឆ្លង​ទន្លេ​ហើយ​ សឹម​ធ្វើ​ ខ្លាច​ក្រែង​មាន​គ្រោះអន្តរាយ​ដ់​ស្លាប់​ជីវិត​ចោល​ទៅ​មុខ​ ខាន​បាន​បំពេញ​កុសល​ ព្រោះ​ឆ្លង​ទន្លេ​មាន​ភ័យ​ដូច​ជា​សង្គ្រាម​ដែរ​ ច្រើន​តែ​មាន​អន្តរាយ​ដល់​ជីវិត​ កម្រ​នឹង​រស់រាន​មាន​ជីវិត​ណាស់​ ហើយ​មិន​បាន​ប្រគេន​ចីវរ​តាម​កាលវេលា​ដែល​កំណត់​ទុក​បាន​ ក៏​ប្រញាប់​ប្រញាល់​យក​ឱកាស​នេះ​ ប្រគេន​អច្ចេកចីវរ​ឱ្យ​ទាន់​ខ្លួន​បាន​រស់​ភ្នែក​មើល​ឃើញ​ ហេតុ​នេះ​ហើយ​ បាន​ជា​ចីវរ​នេះ​ ហៅថា​ អច្ចេកចីវរ​ ប្រែថា​ «ចីវរ​អាសន្ន»។​ លំដាប់​តមក​ អ្នក​មាន​សទ្ធា​និយម​ធ្វើ​គ្រប់គ្នា​ទូទៅ​ មិន​ប្រកាន់​ថា​ ជន​ពួក​នេះ​ ឬ​ ជន​ពួក​នោះ​ ទើប​ធ្វើ​បាន​នោះ​ឡើយ​ ប្រកាន់​ត្រឹម​កាលវេលា​ប៉ុណ្ណោះ​។​ ការ​ដឹង​មូលហេតុ​នៃ​អច្ចេកចីវរ​នេះ​ នាំឱ្យ​គិត​ដល់​ជីវិត​ម៉ែ​គ្រប់​រូប​ ដែល​ធ្លាប់​ឆ្លង​ទន្លេ​ ធ្លាប់​ធ្វើ​សង្គ្រាម​មក​ច្រើន​ដង​ ហើយ​គិត​ថា​ក្នុ​វេលា​នេះ​ ម៉ែ​ធ្លាប់​ប្រយុទ្ធ​នឹង​ទុក្ខ​ធ្ងន់ៗ​ មក​ច្រើន​ដង​ហើយ​ ម៉ែ​កូន​ណា​ ក៏ដូច​ម៉ែ​កូនណា​ដែរ​ តែ​ម៉ែ​ខ្លះ​មាន​បុណ្យ​ជួយ​ ជួយ​ម៉ែ​ឱ្យ​ឆ្លង​ទន្លេ​ដោយ​សួស្ដី​ ឱ្យ​ម៉ែ​បាន​ឃើញ​មុខ​កូន​ម៉ែ​។​ ឯ​កូន​ម៉ែ​ក៏​មាន​បុណ្យ​ដោយ​សារ​ម៉ែ​ដែរ​ ព្រោះ​កូន​មិន​កំព្រា​ កូន​មិន​អនាថា​ កើត​មក​មាន​ម៉ែ​រក្សា​ ម៉ែព​ ម៉ែ​បី​បម​ថ្នាក់​ថ្នម​ ម៉ែ​គ្រង​ ម៉ែ​ឱប​ ម៉ែ​បបោស​អង្អែល​លួងលោម​ ម៉ែ​បំពេ​ ចិញ្ចឹម​ឱ្យ​ទាល់​តែ​មាន​វ័យ​វឌ្ឍនាការ​ធំ​ឡើង​ ។​ កូន​ដែល​មាន​ម៉ែ​ជា​ទេពតា​រក្សា​ គិត​ឱ្យ​សព្វ​គ្រប់​ទៅ​ឃើញ​ថា​ ម៉ែ​មិន​មែន​គ្រាន់​តែ​ជា​ម៉ែ​ទេ​ គឺ​ម៉ែ​ជា​បុណ្យ​របស់​កូន​ទៀត​ផង​ ព្រោះ​កូន​មាន​បុណ្យ​ដោយ​អាស្រ័យ​ម៉ែ​ជួយ​ បើ​មិន​មាន​ម៉ែ​សម​កូន​នឹង​រងទុក្ខ​វេទនា​ពិត​ឥត​សង្ស័យ​ឡើយ​ ព្រោះ​កូន​កំព្រា​មិន​មាន​ម៉ែ​ជា​ទេពតា​ជួយ​ដូច​កូន​ដែល​មាន​ម៉ែ​។​ ត​ពី​ឆ្លង​ទន្លេ​មក​ម៉ែឪ​ មាន​ធ្វើ​ពិធី​ផ្សេងៗ​ ទៀត​ទៅ​តាម​ប្រពៃណី​និយម​ ដើម្បី​ឱ្យ​កូន​ មាន​មង្គល​សិរីសួស្ដី​ មាន​អាយុ​វែង​ មង្គល​កោរសក់​ព្រៃ​ មង្គល​បំបើក​ភ្នែក​ មង្គល​ឱ្យ​នាម​។​ មង្គល​ទាំង​នេះ​ ម៉ែឪ​ អញ្ជើញ​ចាស់​ទុំ​មក​ជួបជុំ​ ហើយ​ប្រសិទ្ធពរ​ចង​ដៃ​ឱ្យ​កូន​ម៉ែ​ ឱ្យ​កូន​បាន​ប្រសើរ​ត​ទៅ​អនាគត​។​ អ្វី​ដែល​នាំ​ឱ្យ​សុខ​ចម្រើន​ ម៉ែឪ​ធ្វើ​តាម​ទាំងអស់​ ការ​ធ្វើ​នឹង​ថា​ម៉ែឪ​ឆោត​ល្ងង់​ក៏​បាន​ តែ​ដោយ​ពិត​ម៉ែឪ​ធ្វើ​ទៅ​តាម​ប្រពៃណី​និយម​ ដែល​គេ​ធ្លាប់​ធ្វើ​ត​ៗគ្នា​មក​ ដោយ​ជឿ​ជាក់​ថា​បាន​គាប់​ប្រសើរ​ ដោយ​ពិសេស​ម៉ែ​យល់​ថា​ឱ្យ​កូន​បាន​សុខ​ចម្រើន​ បាន​មាន​អាយុ​រស់នៅ​វែងឆ្ងាយ​ បើ​មាន​ឆ្គាំឆ្គង​ក៏​គួរ​ឱ្យ​អភ័យ​ដល់​ម៉ែ​ដែរ​ បើ​ម៉េ​មាន​ការសិក្សា​បរិបូណ៌​ យល់​ការ​អស់​នេះ​ ពិត​ប្រាកដ​ មុខ​ជា​ម៉ែ​គ្រប់​រូប​ មិន​ព្រម​ធ្វើ​ឱ្យ​ខុស​ឃ្លាត​ពី​តម្រា​ទេ​ និយាយ​ខ្លី​ប៉ុណ្ណោះ​ គង់​យើង​គ្រប់គ្នា​ឃើញ​ចិត្ត​ម៉ែ​ហើយ​ ប្រាកដ​ជា​ម៉ែ​មាន​ចិត្ត​តែ​មួយ​ គឺ​ចង់​ចិញ្ចឹម​ឱ្យ​កូន​រស់​ បាន​ជា​យើង​គ្រប់​គ្នា​រស់​នៅ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ ដូច្នេះ​ហើយ​ បាន​ជា​លោក​ពោល​ទុក​មក​ថា​ បណ្ដាំ​ម៉ែឪ​ទាំង​ពីរ​នាក់​នេះ​ «ម៉ែ​ធ្វើ​ការ​កម្រ​ គឺ​ឆ្លង​ទន្លេ​តែ​ម្នាក់​ឯង​»​



Important Notice: Help Stop the Spread and Stay Healthy. (Read now)