មនុស្សយើងជាសត្វសង្គម រស់នៅក្នុងសង្គម មានឥទ្ធិពលលើសង្គម និងទទួលឥទ្ធិពលពីសង្គមគ្រប់ពេលវេលា ។ សង្គមនិងទៅជាសង្គមល្អ ក៏ព្រោះមនុស្សក្នុងសង្គមជាមនុស្សល្អដែរ ។ មនុស្សល្អ គឺមនុស្សដែលមានមារយាទល្អ, មារយាទថ្លៃថ្នូរ ។
ណ្ហើយ! អត្ថគម្ពីរភាពទុកនាទីឲ្យអ្នកសង្គមវិទូ និងអ្នកបរមត្ថទៅចុះ ក្នុងទីនេះ យើងនិយាយងាយៗ ទៅតាមមើលឃើញ ទៅតាមដឹង មិននិយាយទៅតាមជើងគម្ពីរសុទ្ធពេកទេ។
ព្រះពុទ្ធសាសនា មានព្រះវិន័យបញ្ញត្តិ ជាខបង្គាប់មិនឲ្យធ្វើនិងព្រះធម៌ ជាខអនុញ្ញាតឲ្យប្រព្រឹត្តតាម ទាំងបព្វជិត ទាំងគ្រហស្ថ សមល្មមតាមឋានៈ និងវ័យ ជាគោលដែលមនុស្សគ្រប់រូបបដិបត្តិបាន ។ ភាពជាអ្នកមានមារយាទល្អ មារយាទថ្លៃថ្នូរ ជាចរិយធម៌ ដែលបុគ្គលគ្រប់រូប គ្រប់វ័យ ត្រូវប្រតិបត្តិជានិច្ច, ព្រះពុទ្ធសាសនា បានសំដែងចរិយាដើម្បីអប់រំមនុស្សឲ្យមានមារយាទល្អ មារយាទថ្លៃថ្នូរ ដូចតទៅនេះ៖
១- អប់រំឲ្យវៀរការបៀតបៀនគ្នា មិនថាដោយផ្លូវត្រង់ ឬផ្លូវអម, ឲ្យចិញ្ចឹមជីវិតតែក្នុងផ្លូវប្រពៃ (សម្មាអាជីរៈ) ឲ្យចេះជួយគ្នាទៅវិញទៅមក តាមកម្លាំងដែលអាចធ្វើបាន ។
២-អប់រំឲ្យនិយាយតែពាក្យពិត មានសារប្រយោជន៍ សមតាមបុគ្គល, ស្ថានទី និងកាលសម័យ ។
៣-អប់រំឲ្យមានសុចរិតទៀងត្រង់ចំពោះមុខងារ នាទី, ខ្មាសបាបខ្លាចបាប ជាដើម ។
ព្រះពុទ្ធទ្រង់បញ្ញត្តិវិន័យ ក៏ដើម្បីរក្សាសេចក្ដីរៀបរយ មានសាមគ្គីរស់នៅជាមួយគ្នាដោយមេត្តាធម៌ មានការយោគយល់គ្នាទៅវិញទៅមក ។ បើសង្គមមនុស្សប្រព្រឹត្តតាមឱវាទដែលព្រះពុទ្ធបានសំដែងទុកយ៉ាងហោចត្រឹមតែសីល៥ ក៏គង់បានប្រយោជន៍ និងសេចក្ដីសុខច្រើនជាងអ្នកមិនប្រព្រឹត្តដែរ ។ តើសីល៥ មានសេចក្ដីសំខាន់ដូចម្ដេចខ្លះក្នុងការអប់រំឲ្យក្លាយសភាពពីមនុស្សអាក្រក់ មកជាមនុស្សល្អ ? សីល៥ នោះគឺ៖
១-បាណាតិបាត ឲ្យវៀរសម្លាប់សត្វ ។ ខនេះប្រដៅឲ្យបណ្ដុះពូជ គឺមេត្តាករុណាដល់មនុស្សសត្វគ្រប់ប្រភេទ មិនឲ្យប្រទូសរ៉ាយបៀតបៀនរាងកាយដល់គ្នានិងគ្នាគ្រប់វិធី ។
២-អទិន្នាទាន ឲ្យវៀរការលួច ។ ខនេះ ជាការហាមមិច្ឆាជីវៈ(រកស៊ីទុច្ចរិត) ឲ្យប្រឹងប្រែងរកស៊ីដោយកម្លាំងនិងសេចក្ដីអង់អាចរបស់ខ្លួនគឺ សម្មាអាជីវៈ (រកស៊ីចិញ្ចឹមជីវិតក្នុងផ្លូវសុចរិត) ។
៣-កាមេសុ មិច្ឆាចារ ឲ្យវៀរការប្រព្រឹត្តិខុសក្នុងកាម ។ ខនេះ ប្រដៅឲ្យមានសន្តោស ត្រេកអរចំពោះតែភរិយារបស់ខ្លួន ដើម្បីការពារការបែកបាក់គ្នាក្នុងពួក ក្នុងក្រុម ឲ្យមានការទុកចិត្តគ្នាទៅវិញ ទៅមក ។
៤-មុសាវាទ ហាមមិនឲ្យនិយាយកុហក ក៏ដើម្បីឲ្យមនុស្សចេះសាងប្រយោជន៍ដោយពាក្យសំដី និងសាងមិត្តភាពរវាងមនុស្សផងគ្នា ។
៥-សុរា ហាមមិនឲ្យផឹកទឹកស្រវឹង, ប្រយោជន៍កុំឲ្យមនុស្សភ្លេចខ្លួន ក្នុងការសាងឋានៈ និងធ្វើជីវភាពឲ្យផុតចាកដំណៀលផ្សេងៗដែលកើតអំពីការប្រព្រឹត្តរាយមាយ ។
សីល៥ នេះជាគោលមូលដ្ឋានដំបូងបង្អស់ សម្រាប់អប់រំមនុស្សឲ្យមានសណ្ដាប់ធ្នាប់ត្រឹមត្រូវល្អ ។
បើយើងពិចារណាទៅតាមហេតុផលពិតៗ អាចឃើញថាសីល៥ នេះជាកាព្វកិច្ចរបស់សង្គមមនុស្សត្រូវតែប្រព្រឹត្ត ព្រោះមនុស្សយើងដោយធម្មជាតិរមែងស្អប់ខ្ពើមការប្រទូសរ៉ាយ កាប់សម្លាប់គ្នា, លួចប្លន់ ប្រវ័ញទ្រព្យសម្បត្តិគ្នា លួចប្ដីកូនប្រពន្ធគ្នាតាមចិត្តចង់ និយាយភូតភរ បញ្ឆោតគ្នា ។ ការមិនមានរបៀបរៀបរយក្នុងសង្គម ក៏ព្រោះតែមនុស្សមិនចេះគោរពសិទ្ធិគ្នា, ប្រព្រឹត្តរំលោភលើរាងកាយ, ទ្រព្យសម្បត្តិគ្នីគ្នាតាមអំពើចិត្ត ។
ចំពោះសីលទី៥ គឺ “សុរា” តាមទស្សនៈអ្នកខ្លះជាពិសេស ទស្សនៈអ្នកនិយាយសុរាថា សុរានាំឲ្យឆ្ងាញ់បាយ បើផឹកច្រើនទើបឲ្យទោស , ខ្លះថា សុរានាំឲ្យមានសតិបញ្ញា ។ តើអ្នកអានយល់យ៉ាងណា?
រឿងសុរានេះ តាមទស្សនៈព្រះពុទ្ធសាសនា ថាជាកិច្ចត្រូវរៀវឲ្យផុត ។ ព្រោះហេតុថា សុរាជាប្រភពនៃសេចក្ដីវិនាសច្រើនយ៉ាងណាស់ ។ ក្នុងគម្ពីរព្រះត្រៃបិដក មានសំដែងបញ្ជាក់ទោសកើតអំពីការផឹកសុរា៦យ៉ាងគឺៈ
១-សុរា នាំឲ្យខាតបង់ទ្រព្យ ។ ជីវិតយើង បើខ្វះអាហារនិងត្រូវស្លាប់, ចំណែកសុរា បើមិនផឹកក៏មិនស្លាប់ដែរ ។ ហេតុនោះ សុរាចាត់ជាវត្ថុធ្វើអ្នកផឹកឲ្យចាយវាយទ្រព្យដោយមិនចាំបាច់ ។
២-សុរា នាំឲ្យយកជម្លោះ ។ អ្នកដែលផឹកសុរា ដោយច្រើនធ្វើអ្វីខុសពីមនុស្សធម្មតា អាចនិយាយឡកឡឺយឲ្យកូនប្រពន្ធគេ ឥតខ្មាសអៀនឥតកោតញញើត, បើមានគេធ្វើឲ្យខុសចិត្ត សូម្បីតែបន្តិចបន្តួច ក៏បញ្ចេញសេចក្ដីខឹងដូចភ្លើងឆេះព្រៃ បណ្ដាលឲ្យមានជម្លោះ វាយតប់ កាប់សម្លាប់គ្នា ។ ការវិវាទគ្នាព្រោះឥទ្ធិពលសុរា មានច្រើនជាងរឿងដទៃទាំងអស់ ។
៣-សុរា នាំឲ្យកើតរោគ ។ សុរាជាថ្នាំពិសមួយបែប តែជាថ្នាំពិសមិនធ្វើឲ្យអន្តរាយដល់អ្នកផឹកភ្លាមៗ ដូចថ្នាំពិសឯទៀតទេ, ជាថ្នាំពិសឲ្យទោសពិបាកយល់ គឺឲ្យបន្តិចម្ដងៗ បើមិនសង្កេតមិនដឹង, សុរាបន្ថយកម្លាំងកាយ និងជីវិតអ្នកផឹកគ្រប់ពេលវេលា ។
តាមតម្រាបរទេស បានបញ្ជាក់រោគដែលកើតព្រោះការផឹកសុរាមានច្រើនប្រភេទណាស់ដូចជា៖
ក/សុរា ធ្វើក្រពះអាហារ និងពោះវៀនឲ្យដំបៅ
ខ/សុរា ធ្វើអ្នកផឹកឲ្យញ័រដៃជើងភ្នែកស្រវាំងវិកលចរិតដែលគេហៅថា “ឆ្កួតសូរា” ។
គ/ សុរា បើផឹកតែល្មមសមគួរ ធ្វើជីពចរឲ្យមានចលនារហ័សជាងប្រក្រតី បើផឹកច្រើន ធ្វើជីពចរឲ្យខ្សោយ មានចលនាមិនស្មើគ្នាវែងខ្លីៗ ទីបំផុតក៏បាត់ស្មារតី ។
ឃ/សុរា នាំឲ្យកើតរោគទឹកនោមផ្អែម ឈឺតាមសន្លាក់ដៃជើងបេះដូងគាំង (ឈប់ដើរ) ។
ង/សុរា នាំឲ្យអ្នកផឹកដកដង្ហើមយឺត” មិនស្មើគ្នា ។
មិនតែប៉ុណ្ណោះ សុរានាំឲ្យកើតរោគច្រើនប្រការទៀតគឺ រោគស្រវឹងស្រា, រោគគ្រុនព្រោះសុរា, រោគនឿយណាយអាហារមិននឹកឃ្លាន, ស្ពឹកស្រពន់ ភ្លេចងាយ, និយាយផ្ដេសផ្ដាស,… ។
៤-សុរា នាំឲ្យត្រូវដំណៀល ។ យ៉ាងណាមិញ អ្នកស្រវឹងស្រា ដោយច្រើនសំដែងកិរិយាមិនគួរមើល មិនគួរស្ដាប់ ធ្វើឲ្យសេចក្ដីរំខានដល់អ្នកជិតខាង ដោយការច្រៀងរាំរឡេរឡូ ប្រព្រឹត្តិអំពើលាមកផ្សេងៗ សូម្បីតែផឹកហើយព្យាយាមរក្សាមារយាទយ៉ាងល្អ ក៏គង់ត្រូវគេរិះ គន់តិះដៀលប្រមាថថា ជាមនុស្សប្រមឹកដែរ, នឹងទៅទីស្ថានណា ច្រើនសាងសត្រូវដើម្បីខ្លួនឯង ។
៥-សុរា នាំឲ្យមិនចេះខ្មាសអៀន ។ មនុស្សយើងតាមធម្មតាមានសេចក្ដីខ្មាសអៀន និងតៅណាមកណា តែងតែស្លៀកពាក់រៀបរយ បើនិយាយក៏ប្រយ័ត្នសំដី តែបើត្រូវពិសសុរាចូលហើយ ក្លាយជាមនុស្សមានការគិតប្លែកៗប្រព្រឹត្តខុសទំនង ដូចជា ដេកតាមផ្លូវដើរក៏បាន អង្គុយលើវត្ថុស្មោកគ្រោកក៏បាន អាក្រាតកាយក្នុងទីសាធារណៈក៏បាន ធ្វើកាយវិការមិនគួរមើលក៏បានគឺថាឲ្យតែស្រវឹងសុទ្ធតែ “ក៏បាន”ទាំងអស់ ។
៦-សុរាធ្វើឲ្យខ្សោយបញ្ញា ។ បញ្ញាជាគុណសម្បត្តិ គឺការឈ្លាសវៃ ស្គាល់ល្អ អាក្រក់ ដឹងការវិនាសចម្រើន បញ្ញាកើតមានព្រោះហេតុឧស្សហ៍៣យ៉ាងគឺ ស្ដាប់-គិត-អប់រំ 1 ។ ចំណែកមនុស្សប្រមឹក គ្មានឱកាសនឹងប្រកបហេតុទាំង៣យ៉ាងនេះទេ រវល់តែគិតរឿងសុរា ឬរឿងនៃសេចក្ដីវិនាសផ្សេងៗ តាមតែសុរាដឹកនាំឲ្យធ្វើ, ដោយហេតុនេះ បញ្ញាទើបកើតមិនបានសូម្បីតែមានហើយ ក៏ត្រូវសាបសូន្យទៅវិញជាប្រាកដ ។
តម្រាពេទ្យមាននិយាយថា សុរាដែលផឹកចូលទៅ រមែងធ្វើខួរក្បាលឲ្យថយគុណសម្បត្តិមដ្ងបន្តិចៗ, និងគិតអ្វីៗច្រើនមានលក្ខណៈរាយមាយ, មិនច្បាស់លាស់, អស់សេចក្ដីវាងវៃ ។
សេចក្ដីដែលពណ៌នាមកប៉ុណ្ណេះ ជាការតបឆ្លើយនិងទស្សនៈអ្នកសុរានិយាយបានដោយគ្រប់គ្រាន់ ហើយក៏បញ្ជាក់ឲ្យឃើញថា សីល៥ មានសារសំខាន់យ៉ាងណាខ្លះ, បើមនុស្សមិនប្រព្រឹត្ត តើមានអ្វីកើតឡើង ។ សូមអ្នកអានពិចារណា តាមការគួរ ។
រៀបរៀងដោយ៖ ឱម ខែម
1-សុតាមយបញ្ញា ចិតន្តាមយបញ្ញា ភាវនាមយបញ្ញា ។