បើពលរដ្ឋខ្មែរមិនយកចិត្តទុកដាក់ ថែរក្សា ការពារនូវភាសាជាតិរបស់ខ្លួនផង ថាតើយើងរំពឹងនរណាដែលនឹងមកធ្វើវាជំនួសយើងគ្រប់គ្នា?
ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយជំនាន់ទៅមួយជំនាន់ យើងតែងនឹករំពឹងថាភាសាជាតិយើងនឹងបានថ្កុំថ្កើងទៅមុខជាដរាប ប៉ុន្តែគ្រប់យ៉ាងហាក់ដូចជាផ្ទុយទៅនឹងអ្វីដែលយើងបានគិតពីខាងដើម។
ការប្រើប្រាស់ភាសាជាតិពោលគឺបញ្ហាអក្ខរាវិរុទ្ធ នាពេលបច្ចុប្បន្ននេះ ហាក់ពុំសូវបានគិតគូរឱ្យបានហ្មត់ចត់មុននឹងចាប់ផ្ដើមសំណេររៀងៗខ្លួន។ ការប្រើប្រាស់ខុសឆ្គងបែបនេះ ពុំមែនកើតឡើងតែចំពោះស្រទាប់មហាជនទូទៅប៉ុណ្ណោះទេ ប៉ុន្តែក្នុងស្រទាប់មន្ត្រីរាជការ បណ្ដាញសារព័ត៌មាន ទូរទស្សន៍ បណ្ដាញផ្សព្វផ្សាយផ្សេងៗ កវីនិពន្ធ ។ល។ ក៏កើតមានឡើងជាញឹកញាប់ផងដែរ។ បើទោះបីជាយើងមានក្បួនច្បាប់ត្រឹមត្រូវ មានទាំងវចនានុក្រមភាសាខ្មែរទៅទៀតនោះ ក៏យើងពុំសូវឃើញមានការយកចិត្តទុកដាក់ពីសំណាក់ស្មេរទាំងនោះផងដែរ ម្នាក់ៗហាក់សរសេរតាមតែចិត្តនឹកឃើញនូវអក្ខរាវិរុទ្ធ ដែលមិនត្រឹមត្រូវ ខ្លះក៏សរសេរតាមភាសានិយាយ ដែលប្រាសចាកពីក្បួនច្បាប់ ជាពិសេសនោះគឺខុសពីវចនានុក្រមទៅទៀត។ និយាយមកដល់ចំណុចនេះ ពុំមានន័យថាអ្នកដទៃទៀតសុទ្ធតែសរសេរខុសដែរនោះទេ ក៏មានអ្នកប្រើប្រាស់បានត្រឹមត្រូវ ដោយផ្ដោតលើការអភិរក្ស និងអភិវឌ្ឍន៍ផងដែរ ដើម្បីវឌ្ឍនភាពនៃភាសាជាតិខ្មែរយើង។
«អក្សរពណ្ណរាយជាតិថ្កើងថ្កាន»
វិលត្រឡប់ទៅកាន់អតីតកាលបន្តិច ត្រឹមសម័យដែលមានសម្ដេចព្រះសង្ឃរាជ ជួន ណាត និង លោកបណ្ឌិត កេង វ៉ាន់សាក់ យើងសង្កេតឃើញថា បើទោះបីជាឥស្សរជនអក្សសាស្ដ្រជាតិទាំងពីរ មាននិន្នាការផ្សេងគ្នាក្ដី ក៏គង់តែមានចំណុចល្អរួមគ្នាខ្លះៗផងដែរ ដើម្បីភាពចម្រុងចម្រើននៃភាសាជាតិខ្មែរ។ ការជជែកវែកញែកនៃក្រុមឥស្សរជនអក្សសាស្ដ្រជាតិទាំងពីរ បាននាំមកនូវការបង្កើតពាក្យថ្មីៗ ដែលសមរម្យនឹងការប្រើប្រាស់ឱ្យត្រូវនឹងបរិបទសង្គមជាតិផងដែរ។ នាសម័យនោះ ក៏មានផងដែរនូវកម្មវិធីអក្សសាស្ដ្រជាតិដែលផ្សាយតាមរលកធាតុអាកាសវិទ្យុជាតិកម្ពុជា ក្រោមព្រះរាជវត្តមានសម្ដេចព្រះសង្ឃរាជ ជួន ណាត និង បណ្ដាកុង្សីយ៍នៃក្រសួងពាក់ព័ន្ធ ចូលរួមជាវាគ្មិន ដើម្បីបកស្រាយរាល់ចម្ងល់មហាជនទាក់ទងនឹងភាសាជាតិខ្មែរយើង។ នៅត្រង់ចំណុចនេះ ខ្ញុំគ្រាន់តែលើកយកមករំលេចខ្លះៗតែប៉ុណ្ណោះ។
មកដល់សម័យបច្ចុប្បន្ននេះ យើងមានស្ថាប័នទទួលខុសត្រូវនឹងកិច្ចការភាសាជាតិខ្មែរ ដែលបានខិតខំប្រឹងប្រែងបន្តមរតកពីជំនាន់ដើម ប៉ុន្តែការផ្សព្វផ្សាយ ការផលិតជាកម្មវិធី ឬ វេទិកានានាទាក់ទងនឹងភាសាជាតិ សម្រាប់មហាជនហាក់នៅមានកម្រិត។ បើសង្កេតទៅមើលការប្រើប្រាស់ភាសាជាតិ ក៏ពុំទាន់មានឯកភាពគ្នាឱ្យបានទូលំទូលាយដ្បិតម្នាក់ៗ សរសេរតាមតែនិន្នាការរបស់ខ្លួន ដោយពុំបានយកវចនានុក្រមខ្មែរជាគោលរួមនៅឡើយ។ (ខ្ញុំសង្ឃឹមថាកម្មវិធីទូរស័ព្ទមួយដែលនឹងបង្ហាញខ្លួននាពេលឆាប់ៗនេះ នឹងរួមចំណែកកាត់បន្ថយការសរសេរអក្ខរាវិរុទ្ធខុស និង លើកស្ទួយតម្លៃនៃភាសាជាតិខ្មែរ)។
ហេតុដូចបានបរិយាយខ្លីៗខាងលើ សង្ឃឹមថាជនានុជន(ពិសេសស្មេរទាំងឡាយ) គួរគប្បី ពិចារណាឡើងវិញ យ៉ាងហោចណាស់ត្រូវផ្ទៀងផ្ទាត់ពាក្យពេចន៍ឱ្យបានត្រឹមត្រូវជាមួយនឹង វចនានុក្រមខ្មែរមុននឹងផ្សព្វផ្សាយនូវរាល់សំណេររបស់ខ្លួន ដើម្បីកាត់បន្ថយជាអប្បបរមានូវកំហុសឆ្គងទាំងឡាយទាំងពួង។
«បើមិនចេះត្រូវសួរគេ កុំមានះយកគ្រាន់បើ» សម្ដេចព្រះសង្ឃរាជ ជួន ណាត
វចនានុក្រមខ្មែរបោះពុម្ពគ្រាទី៥ នាឆ្នាំ១៩៦៧ ដោយសម្ដេចព្រះសង្ឃរាជ ជួន ណាត និង ក្រុមជំនុំ ជាឃ្លាំងជាតិនៃភាសាខ្មែរ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយបំផុតមួយ មានខ្លឹមសារដើមសម្បូរបែប ដិតដាមជ្រាលជ្រៅក្នុងប្រវត្តិសាស្ដ្រ វប្បធម៌ និង អរិយធម៌ខ្មែរ ដែលគួរត្រូវបានចាត់ទុកជា «រតនវត្ថុរបស់ជាតិខ្មែរ» ហើយជនានុជនត្រូវរួមគ្នាអភិរក្ស និង អភិវឌ្ឍន៍។
វចនានុក្រមខ្មែរដែលមានស្រាប់នេះ ប្រៀបដូចជាថ្នល់ក្រាលក្រួសក្រហម ហេតុនេះអ្នកជំនាន់ក្រោយ បើពុំបានធ្វើវាឱ្យក្លាយទៅជាថ្នល់ក្រាលកៅស៊ូទេ ក៏គួរណាកុំធ្វើឱ្យមានថ្លុកជង្ហុកបន្ថែមទៀត៕
ដោយ៖ ពុតតាន់ បូណា