អំពី​ដើម​កំណើត​ប្រាសាទ​អង្គរ (ភាគ១)

អំពី​ដើម​កំណើត​ប្រាសាទ​អង្គរ (ភាគ១)

អំពី​ដើម​កំណើត​ប្រាសាទ​អង្គរ

លោក ហ្វី ហ៊្វ‍ីណូត៍

អាចារ្យ​បង្រៀន​ឧត្ដម​វិជ្ជា​សាស កូឡែសដឺហ្វ្រ័ង្ស​ នៅ​ក្នុង​បារីស ជា​អ្នក​អធិប្បាយ

ក្រុម​ការ ជុំម៉ៅ ធ្វើ​រាជការ​នៅ​ព្រះ​រាជ​បណ្ណាល័យ ប្រែ​ចេញ​ជា​ភសា​ខ្មែរ

(ដកស្រង់ពីទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩២៧)

ដែល​តាម​ជឿ​ដរាប​ដល់​មក​សព្វ​ថ្ងៃ​នេះ ថា​អង្គរ​ធំ និង​បាយ័ន​នោះ ព្រះ​បាទ​យសោវរ្ម័ន ទ្រង់​នាម​ថា បរម​សិវ លោក​ដែល​គ្រង​រាជ​ពី​សករាជ ៨១១ ទៅ​ដល់ ៨៣២ បាន​សាង ត្រូវ​នឹង​គ្រិស្ត​សករាជ ៨៨៩ ទៅ ៩១០ ។

តើ​បាន​អ្វី​នឹង​បញ្ជាក់​ក្នុង​រឿង​នេះ

កាល​ដើម ឈ្មោះ​ចាស់​របស់​ទីក្រុង ហៅ​ថា​យសោធរបុរ គឺ​ក្រុង​នៃ​យសោធរ មាន​ប្រាសាទ​ជា​ច្រើន​ក្នុង​ដំបន់​អង្គរ​ដែល​មាន​ឈ្មោះ​ចូល​ក្នុងបែប​តែ​មួយ​ដូច​យ៉ាង​ឈ្មោះ យសោធរ​តដាក ប្រែ​ថា​ត្រពាំង​នៃ​សោធរ ឯ​ត្រពាំង​នោះ គឺ​បារាយណ៍​ខាង​កើត យសោធរេស្វរ ប្រែ​ថា​ឥសូរ​នៃ​យសោធរ គឺ​ភ្នំ​បាខែង យសោធរា​ស្រម គឺ​អាស្រម​នៃ​យសោធរ ឈ្មោះ​ត្រង់​នេះ មិន​ប្រាកដ​ទៅ​លើ​អ្វី​ឡើយ ខាង​ក្រោយ​នេះ​មាន​យសោធរ​គិរី ប្រៃ​ថា​ភ្នំ​នៃ​យសោធរ គឺ​ជា​ភ្នំ​បាយ័ន​នោះ​ឯង ពាក្យ​ដែល​ថា យសោធរ​នេះ ប្រែ​ថា​កាន់​នៅ​ជ័យ​ជម្នះ ជា​ពាក្យ​បំបែក​របស់​ស្ដេច​យសោវរ្ម័ន អំពី​កប៉ាល់​ជ័យ​មក ឯ​ពាក្យ​ដែល​ថា សោធរបុរ​នោះ គឺ​ជា​ឈ្មោះ​ទីក្រុង​របស់ យសោវរ្ម័ន នោះ​ឯង ។

ម្យ៉ាង​វិញ​ទៀត ដូចជា​ប្រាសាទ​ជា​ច្រើន​ផ្សេង ៗ ដែល​មាន​ឈ្មោះ​ចូល​ក្នុង​ពាក្យ យសោធរ នោះ​ជា​របស់​ដែល​យសោវរ្ម័ន បាន​សាង​ក៏​គួរ​តែ​សន្និដ្ឋាន​វាយ​សេចក្ដី​ថា ពាក្យ​ដែល​ថា​ទីក្រុង​របស់​យសោវរ្ម័ន​នោះ​ជា​ក្រុង​ដែល​យសោវរ្ម័ន​បាន​សាង​វិញ ។

មក​ដល់​ស្ដេច​នេះ យើង​ត្រូវ​ឈប់​បង្អង់​បន្តិច​សិន ព្រោះ​រឿងរ៉ាវ​ស្ដេច​នេះ មិនមែន​ជា​ឥត​ប្រយោជន៍ យើង​បាន​ដឹង​ធួន​ល្មម​អំពី​ពង្សាវតា​របស់​ស្ដេច​នេះ គឺ​ជា​បុត្រ​ឥន្ទ្រ​វរ្ម័ន បាន​កសាង​ប្រាសាទ​បាគោ និង បាគង ទ្រង់​បាន​ឡើង​គ្រង​រាជ្យ​តាំង​ពី​កុមារ ហើយ​គ្រង​រាជសម្បត្តិ​បាន ២០ ឆ្នាំ គិត​តាំង​ពី​សករាជ ៨១១ បើ​តាម​សង្កេត​ពិចារណា​នូវ​ចារឹក ដែល​មាន​ជា​ច្រើន​ហើយ​វែង ៗ របស់​ស្ដេច​នេះ ឃើញ​ថា​ស្ដេច​នេះ ប្រកប​ដោយ​សេចក្ដី​អួតអាង​ជា​ខ្លាំង ស្ដេច​ស្រុក​ខ្មែរ និង​ស្ដេច​ស្រុក​ឥណ្ឌា មិន​ដែល​ឃើញ​មាន​ឥរិយា​សុភាព​ដល់​ម្ដង​សោះ បាន​ជា អស់​ទាំង​រឿងរ៉ាវ​ដែល​មាន​ត ៗ មក ឃើញ​តែ​មាន​និយាយ​សរសើរ​ម្ចាស់​ផែនដី​ជា​ប្រមាណ ក្នុង​សិលា​ចារឹក​ណា ៗ ក៏​ដោយ ឃើញ​មាន​និយាយ​តែ​សរសើរ​ចូល​ជា​បែប​មិន​ទំនង​ជា​ភាព​មនុស្ស ដូចជា​សរសើរ​ថា​ស្ដេច​នោះ​ដូច​ព្រះ​អាទិត្យ​មាន​រស្មី ហើយ​មាន​អានុភាព​ដូច​ព្រះ​ចន្ទ​ពេញ​បូណ៌មី រូប​ល្អ​ដូចជា​ទេវតា ព្រះ​ក្លោះ​សរ​នោះ អាច​នឹង​គ្រប់គ្រង​ចក្រវាឡ​បាន ក្រចក​ព្រះ​បាទ​ដូចជា​កញ្ចក់ ឆ្ពោះ​ម្កុដ​ស្ដេច​ទាំងឡាយ​ដែល​ប្រណម្យ​គាល់ ។ល។ ពាក្យ​ទាំង​នេះ​តែង​មាន​ក្នុង​រឿងរ៉ាវ នឹង​យក​ជា​ពិត​ពុំ​បាន​ត្បិត​ជា​ពាក្យ​បញ្ចើច​សរសើរ​ម្ចាស់​ផែនដី​រៀងរៀប​ដរាប​មក ប៉ុន្តែ​ស្ដេច​យសោវរ្ម័ន​នេះ ទុក​ជា​ពួក​ស្ដេច​ដែល​មាន​ឥទ្ធិឫទ្ធិ​ខាង​ផ្លូវ​ចម្បាំង​បាន ត្បិត​មាន​ល្បី​ថា​ទ្រង់​ប្រសប់​ខាង​ធ្នូ និង​បាញ់​ព្រួញ​ដៃ​ខាង​ណា​ក៏​បាន ទ្រង់​មាន​កម្លាំង​អាច​នឹង​ទប់​ទល់​ដំរី​សារ​សាហាវ​ហើយ​សម្លាប់​តែ ១ ព្រះ​ខ័ន ដោយ​ព្រះ​ហស្ថ​ឆ្វេង​ផង ទ្រង់​អាច​នឹង​តយុទ្ធ​ជា​មួយ​នឹង​អ្នក​បោក​ចំបាប់ ១០ នាក់ ហើយ​ផ្ដួល​បាន​ទាំងអស់​ដោយ​ស្រួល តេជានុភាព​របស់​ស្ដេច​នេះ បណ្ដាល​ឲ្យ​អ្នក​សរសើរ​ហ៊ាន​ប្រដូច​ថា​ទ្រង់​កាប់​ដែក​មូល ១ វែង ធំ ហើយ​រឹង​តែ ១ ព្រះ​ខ័ន​ដាច់​ជា ៣ កំណាត់​ហាក់​ដូចជា​ផ្ដន្ទា​ដែក​នោះ​មិន​ឲ្យ​ប្រកួត​ប្រឡង​នឹង​ព្រះ​ចេស្ដា ត្រង់​នេះ​លោក​អេមូនីញេ​យល់​ថា បែប​ដែល​និយាយ​នេះ​ជា​ល្បែង ដែល​ជាតិ​ខ្មែរ​សព្វ​ថ្ងៃ​ធ្លាប់​លេង​ជា​ញឹកញយ គឺ​យក​ដើម​អំពៅ​មក​បង្កោង​នៅ​លើ​ដី ហើយ​កាប់​អំពៅ​នោះ​ជា ៣ កំណាត់ អំពៅ​នេះ​ហើយ​ដែល​គេ​ថា​ទៅ​ជា​ដែក​វិញ មិន​តែ​ប៉ុណ្ណោះ​សោត មាន​សេចក្ដី​សរសើរ​ដល់​ស្ដេច​អង្គ​នេះ និយាយ​ថា ទ្រង់​ឆ្លៀវ​ឆ្លាត​ខាង​ឯ​ភ្លេង ជា​គ្រូ​របាំ ជា​អ្នក​ប្រាជ្ញ​ខាង​បរមត្ថ និង​ជា​អ្នក​តែង​វេយ្យាករណ៍ និង​សេចក្ដី​អធិប្បាយ អំពី​មហា​ភាស្ហ្យ​របស់​បតញ្ជលី ត្រង់​នេះ​យើង​បាន​ពិនិត្យ​មើល​ហើយ ឯ​មហា​ភាស្ហ្យ​នៅ​មាន​សព្វ​ថ្ងៃ​នេះ គឺ​ជា​សេចក្ដី​ដ៏​ពិបាក​ជាង​អស់​ទាំង​សាស្ត្រា​សំស្ក្រឹត​ទាំង​ពួង ក្នុង​សម័យ​នោះ​បើ​ថា​មាន​សាស្ត្រា​ជា​អក្សរ​សំស្ក្រឹត ហើយ​ដាក់​ព្រះ​នាម​ស្ដេច​ជា​អ្នក​តែង​ក៏​ថា​បាន ប៉ុន្តែ​ក្នុង​ព្រះ​វង្ស​ក្សត្រិយ៍​ពុំ​សូវ​ដែល​ឃើញ​មាន​ប្រាជ្ញ​ខាង​ឯ​អក្សរ ហើយ ១ វិញ​ទៀត អ្នក​ប្រាជ្ញ​ខាង​អក្សរ​ក៏​ពុំ​សូវ​ដែល​ឃើញ​ចិត្ត​កំណាញ់ នឹង​ដាក់​ព្រះ​នាម​ស្ដេច​ដែល​ជា​ចៅហ្វាយ​ខ្លួន​ថា​ជា​អ្នក​តែង​ឡើយ ហេតុនេះ​បាន​ជា​យើង​គប្បី​ជឿ​ច្បាស់​ថា អ្នក​ដែល​តែង​សរចក្ដី​អធិប្បាយ នៃ​មហា​ភាស្ហ្យ​របស់​បតញ្ជលី​នេះ មិន​មាន​ពាក់​ម្កុដ​មិនមែន​ឈ្មោះ​យសោវរ្ម័ន​នោះ​ទេ ។

ចុះ​បើ​ក្សត្រ​នេះ​ហ៊ាន​ដល់​ទៅ​យក​របស់​គេ មក​ថា​ជា​របស់​ខ្លួន​បាន ថ្វី​ហើយ​មិន​ហ៊ាន​អួត​ថា​បាន​សាង​អង្គរ​ធំ ដែល​ជា​របស់​ក្សត្រ​ដទៃ យើង​មាន​សេចក្ដី​សង្ស័យ​មក​យូរ​ណាស់​មក​ហើយ បើ​យសោវរ្ម័ន​មាន​តែ​នាម​ជា​បន្ទាល់​ថា​បាន​សាង​ក្រុង​នោះ នាម​នោះ ក៏​មិន​ជា​ប៉ុន្មាន តែ​ថា​កសិណ ១ ទៀត​ដែល​ជា​របស់​អាង យ៉ាង​មាំ​អាច​នឹង​នាំ​ឲ្យ​ភ្លឺ​ជា​ប្រាកដ គឺ​សិលា​ចារឹក​នៅ​ស្តុក​កក់​ធំ ។

គេ​បាន​ឃើញ​ចម្ងាយ ២៥ គីឡូម៉ែត ខាង​ទិស​ពាយ័ព្យ​ស្រុក​ស៊ីសុផុន នៅ​កន្លែង​ហៅ​ស្តុក​កក់​ធំ គោល​ថ្ម ១ ចារឹក​ជា​ពាក្យ​ខ្មែរ​សំស្ក្រឹត ដែល​មាន​សេចក្ដី​ប្លែក​ពី​ចារឹក​ទាំងឡាយ ក្នុង​ស្រុក​ខ្មែរ ហើយ​មាន​សេចក្ដី​ល្អ ៗ ជា​ច្រើន គោល​នេះ​បាន​ចាប់​ធ្វើ​ក្រោយ​សករាជ ៩៧៤ បន្តិច គឺ​ក្នុង​គ្រិស្ត​សករាជ ១០៥២ មាន​ឈ្មោះ​សទាសិវ​ជា​បុរោហិត​របស់​ស្ដេច​ជា​អ្នក​សរសេរ បុរោហិត​នេះ​ជា​តំណ​ត​មក​ពី​បុរោហិត​មុន ហើយ​ដែល​កាន់​កាប់​ការ​តាម​ដំណែល​មុខ​ក្រសួង ពី​អាពុក​ម្ដាយ គឺ​ជា​ពង្សាវតា​នៃ​ពួក​បុរោហិត​ក្នុង ២៥០ ឆ្នាំ ពី​សករាជ ៧២៤ ទៅ​ដល់ ៩៧៤ ត្រូវ​នឹង​គ្រិស្ត​សករាជ ៨០២ ទៅ​ដល់ ១០៥២ ពង្សាវតា​នេះ មាន​ឈ្មោះ​បុរោហិត​ធំ ៗ ទាំងអស់ ដែល​បាន​គោរព​ប្រតិបត្តិ​ក្នុង​ការ​រាជការ មាន​នាម​ស្ដេច​ដែល​បុរោហិត​ណា​នៅ​ធ្វើ​រាជការ ងារ​ការ និង​ទ្រព្យ​របស់​ដែល​បាន​ទទួល ភូមិ និង​ប្រាសាទ​ដែល​បាន​កសាង សេចក្ដី​ទាំង​នេះ សុទ្ធ​តែ​ជា​ការ​ពិត មិន​គួរ​សង្ស័យ​ថា​ក្រែង​ធ្វើ​តែ​តាម​ពង្សាវតា​ខ្លួន​ទេ ពង្សាវតា​នេះ​មាន​ភ័ស្ដុតាង​មាន​តម្លៃ​ណាស់ នេះ​ហើយ​ដែល​យើង​មើល​ក្នុង​សព្ទ​ខ្មែរ អំពី​រឿង​យសោវរ្ម័ន ដែល​មាន​នាម​ក្រោយ បរម​សិវ​លោក ។

សព្ទ​នេះ​មិន​មែន​ធ្វើ​ត្រាប់​ឲ្យ​ដូច​ទេ គ្រាប់​តែ​ជា​ការ​ជួយ​ណែ​អ្នក​ប្រៃ​ចារឹក​នោះ​ចេញ​ពី​ថ្មៈ

មន វ្រះ​បាទ បរម​សិវ​លោក ចត​នគរ​ស្រី យសោធរបុរ នាំ​គម្រតេង ជគត តរាជ អំវី ហរិហរាលយ យក​ទុក នគរ​នោះ មនវ្រះ​បាទ​បរម​សិវ​លោក ស្ឋាបនា វំក្នន្ដាល សិវា​ស្រម ស្ឋាបនា ព្រះ​លិង្គអា្យ កន្ដាល ។

ប្រែ​ថា ព្រះ​បាទ​បរម​សិវ​លោក​កសាង (ចត) ក្រុង​យសោធរបុរ ហើយ​នាំ​នូវ​ស្ដេច​ទេវតា (គម្រតេង ជគត តរាជ) ចេញ​ពី ហរិហរាលយ ទៅ​តម្កល់​ទុក​ក្នុង​ក្រុង​នោះ រួច​ពី​នោះ​ព្រះ​បាទ​បរម​សិវ​លោក បាន​សាង​ភ្នំ​កណ្ដាល (វំក្នណ្ដាល) គឺ​ប្រះ​គម្ដែងសិវា​ស្រម យក​ព្រះ​លិង្គ​ទៅ​ដាក់​ជា​កណ្ដាល ។

ឯ​ភ្នំ​កណ្ដាល​ដែល​ពាក្យ​សំស្ក្រឹត​ហៅ​យសោធរ​គិរី គឺ​ភ្នំ​យសោធរ​នោះ គ្មាន​ឯ​ណា​ក្រៅ​ពី​ប្រាសាទ​បាយ័ន​នោះ​ឡើយ គេ​ឲ្យ​ឈ្មោះ​ថា​ភ្នំ​ប្រាសាទ​ឯ​ណា​ដែល​សាង​នៅ​ជា​កណ្ដាល​វាំង ឬ​កណ្ដាល​ទីក្រុង ដើម្បី​ជា​តំណាង​ភ្នំ​មេរុ ដែល​ជា​ភ្នំ​នៅ​កណ្ដាល​ទ្វីប​មាន​និយាយ​ក្នុង​ក្បួន​វិជ្ជា​ផ្សេង ៗ ក្នុង​ស្រុក​ឥណ្ឌា គឺ​ប្រាកដ​ជា​កន្លែង​ដែល​មាន​ប្រាសាទ​បាយ័ន​នៅ​សព្វ​ថ្ងៃ​នេះ​ហើយ នៅ​ត្រង់​ខ្សែ​បន្ទាត់​ដែល​ដឹក​ខ្វែង​ជើង​ក្អែក ពី​ជ្រុង​ទាំង ៤ មក​ជួប​គ្នា ។

បើ​ប្រែ​តាម​ភាសា​មាន​បែប​យ៉ាង​សព្វ​ថ្ងៃ ចារឹក​នៅ​ស្តុក​កក់​ធំ​បាន​សេចក្ដី​ថា​ដូច្នេះ យសោវរ្ម័ន​បាន​កសាង​អង្គរ​ធំ និង​បាយ័ន ។

សួរ​ថា​ចុះ​ព្រះ ដែល​អយ្យកោ​អយ្យិកា សទា​សិវ​ធ្លាប់​គោរព​ប្រតិបត្តិ​នៅ​ប្រាសាទ​បាយ័ន​នោះ​តើ​ជា​ព្រះ​អ្វី ? ឆ្លើយ​ថា​គឺ​ជា​រូប​លិង្គ ត្រង់​នេះ​យើង​មិន​បាច់​ទៅ​រក​ដើម​ឫស​ឯ​ណា ដែល​នឹង​នាំ​ឲ្យ​ងងឹត​នោះ​ទេ ព្រោះ​លិង្គ​នេះ ឃើញ​មាន​គំនូរ​ជា​ច្រើន​ណាស់​ក្នុង​ស្រុក​ចម្បាំង និង ស្រុក​ខ្មែរ យើង​ត្រូវ​តែ​ចាំ​ថា កាល​ពី​យូរ​មក​ហើយ​នោះ មាន​កាន់​សាសនា​គោរព​ប្រតិបត្តិ​លឹង្គ​ដរាប​មក​ដល់​វេលា​នេះ មិន​ឃើញ​មាន​អ្វី​ជា​ទី​ទាស់​នឹង​សំអាង​ទាំង​នេះ​ឡើយ នៅ​មាន​ស្ថាន ១ បើ​មិន​នាំ​ឲ្យ​សង្ស័យ ក៏​ហាក់​ដូចជា​ប្លែក​ចន្លោះ​ដែរ គឺ​ថា​នៅ​លើ​សសរ​ថែវ​បាយ័ន​ឃើញ​មាន​រូប​ព្រះ​ពុទ្ធ ហើយ​មាន​ថែម​ពុក​ចង្ការ​ស្រួច​ដូច​ជា​ឥសី សេចក្ដី​ត្រង់​នេះ គេ​នឹង​ជឿ​បាន​ថា ក្នុង​វេលា​នោះ​ស្ដេច​ដែល​សាង​ប្រាសាទ​បាយ័ន បាន​យក​ជាង​ដែល​ជា​ពួក​កាន់​ពុទ្ធ​សាសនា​ឲ្យ​ចូល​ធ្វើ​ផង ថា​ជាង​ទាំង​នេះ បាន​រចនា​នៅ​ទី​បន្ទាប់​បន្សំ​នៃ​ប្រាសាទ​នោះ ជា​បែប​ដែល​ខ្លួន​រាប់អាន ដូចជា​ស្ដេច​ដែល​រាប់អាន​តុបតែង​តាម​បែប ដែល​កាន់​នោះ​ដែរ លុះ​យូរ​ក្រោយ​មក​ចិត្ត​របស់​ស្ដេច​យសោវរ្ម័ន ដែល​ធ្លាប់​អធ្យាស្រ័យ​ផ្លាស់​ទៅ​ជា​ចិត្ត​ចង់​បំផ្លាញ​វិញ ដោយ​កាន់​យក​ជា​ប្រាកដ​នូវ​សាសនា​ដែល​មាន​រូប​ជា​ទីតាំង ហើយ​មើល​ទៅ​រូប​ព្រះ​ពុទ្ធ​ដែល​ជាប់​ស្រាប់​នៅ​នោះ​មិន​បាន ក៏​ចាប់​តាំង​ធ្វើ​បំបាត់​រូប​ទាំង​នោះ​ចេញ ស្ថាន​ត្រង់​នេះ​ហាក់​ដូចជា​ពិត​គ្រាន់​បើ ។

ប៉ុន្តែ​ក្នុង​ឆ្នាំ ១៩២៣ មាន​រឿង ១ ថ្មី​ទៀត ថែម​ទម្ងន់​ទៅ​លើ​សេចក្ដី​សង្ស័យ​នោះ ដើម្បី​នឹង​ឲ្យ​យល់​បាន​នោះ​ជា​ការ​ប្រយោជន៍​ត្រូវ​តែ​បរិយាយ​បន្តិច​អំពី​ផែនទី​ប្រាសាទ​បាយ័ន ។

(មាន​ត​ទៅ​ក្នុង​ខ្សែ​ក្រោយ​ទៀត)



Important Notice: Help Stop the Spread and Stay Healthy. (Read now)