អំពីដើមកំណើតប្រាសាទអង្គរ
លោក ហ្វី ហ៊្វីណូត៍
អាចារ្យបង្រៀនឧត្ដមវិជ្ជាសាស កូឡែសដឺហ្វ្រ័ង្ស នៅក្នុងបារីស ជាអ្នកអធិប្បាយ
ក្រុមការ ជុំ–ម៉ៅ ធ្វើរាជការនៅព្រះរាជបណ្ណាល័យ ប្រែចេញជាភសាខ្មែរ
(ដកស្រង់ពីទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩២៧)
ប្រាសាទបាយ័នមានរាង ៤ ជ្រុង ធំក្រោមតូចលើ មាន ៣ ថ្នាក់ ថ្នាក់ ២ ខាងក្រោម ហើយថ្នាក់ ១ ដែលខ្ពស់ជាងគេនោះ មានលំពូលទៅទៀត ដែលជាកន្លែងសម្រាប់ធ្វើសន្និបាត ប៉ុន្តែភ្នំកណ្ដាលនេះ ទាំងខាងក្រោម ទាំងកំពូល មិនធ្វើឲ្យដូចជាផែនទីដំបូងនោះទេ តាមផែនទីដើមថែវនៃថ្នាក់ទី ២ នោះព័ទ្ធជុំវិញធ្លា ១ ជាខ្វែងជើងក្អែក ហើយត្រូវជាប់ទៅលើថ្នាក់ក្រោមនៃប្រាសាទនោះ ឯទីសន្និបាតកណញដាលនោះមានទំហំល្មម អស់ទាំងកំពូលថែវទាំងនោះ មានខ្លោងទ្វារឆ្លាក់ក្បាច់ដ៏ផ្ចិតផ្ចង់នៅកន្លែងវាល នឹងមានពន្លឺពេញ សព្វថ្ងៃនេះខ្លោងទ្វារទាំងនោះមើលមិនឃើញឡើយ ។ ចុះដោយហេតុអ្វី បានជាមើលមិនឃើញ គឺថាជាក្រោយគំនិតថ្មីទៀតនោះ ថ្នាក់ខាងលើបានបន្ដុបខ្ពស់ និងពង្រីកឲ្យទូលាយឡើង ទូលាយលុះដល់ទៀបនឹងប៉ះថែវខាងក្រោម មកគាំនឹងខ្លោងទ្វារដែលចូលខាងក្រៅ ខ្លោងទ្វារទាំងនេះបាត់អស់មើលមិនឃើញ ដោយអំណាចប៉ះភ្ជិតជាថ្មីទាំងអស់ ឯប៉ះនោះជួនកាលទុករបស់ចាស់ឲ្យនៅ ជួនកាលកាត់ខ្លះចេញ ដោយរបស់ទាំងនោះនៅទាបជាង ឬខ្ពស់ជាងបន្ទាត់ ដែលគេប៉ះគ្នានេះ ។
កាលក្នុងឆ្នាំ ១៩៣២ គេនៅត្រឹមសេចក្ដីត្រង់នេះ លុះដល់មោនសៀរ ប៉ារមង់ចេ ជាអ្នកពិនិត្យប្រាសាទបាយ័ន ចង់មើលខ្លោងទ្វារ ១ ឲ្យច្បាស់នឹងពន្លឺថ្ងៃ ក៏បានឲ្យគាស់បំណាស់ ដែលប៉ះនៅថ្នាក់ខាងលើដែលបាំងនោះចេញ លុះភ្លឺច្បាស់ទៅ ទើបឃើញលេចរូប ១ ឡើង គឺរូបទេវតា ១ ឈរលើត្របកឈូក ដៃទាំង ៤ កាន់នូវផ្គាំ សៀវភៅផ្កាឈូក និងគ្រឿង ១ ទៀតបាក់ដាច់ ប្រហែលដូចជាដប ១ នៅកំពូលម្កុដខាងមុខមានព្រះពុទ្ធរូប ១ ។ ជាឥតប្រយោជន៍ នឹងយោបល់ទៅឆ្ងាយ អំពីទ្រង់ទ្រាយរូបនេះ ព្រោះរូបរាងធ្វើមិនឲ្យមានសង្ស័យសោះ គឺជារូបពោធិសត្វលោកេស្វរ ឬអវលោកេតេស្វរ ជាអ្នកទ្រទ្រង់នូវមនុស្សជាតិ និងជាអ្នកធ្វើឲ្យមានជម្ងឺ ។
សួរថាតើខ្លោងទ្វារនេះ ប្លែកតែឯងពីគេក្នុងខ្លោងទ្វារទាំងអស់ជុំវិញភ្នំកណ្ដាលនោះឬអ្វី ឆ្លើយថាមិនមែនដូច្នោះឡើយ ។
គេបានឃើញរូបលោកេស្វរ ១ ទៀត ដូចជារូបមុននោះដែរ ប៉ុន្តែដោយនៅ ៗ ទីខ្ពស់ជាងមុន នោះគេបានកាត់ព្រះកេសចេញ នូវវេលាដែលគេប៉ះនូវមេដំបូលខាងលើ ឃើញមានរូបមនុស្ស ១ បាក់បែកប្រហែលជាព្រះពុទ្ធរូបទ្រង់ភ្នែន រូបឈរជាច្រើនបាក់កំបុត ហើយឆ្លាក់ទៅជាលិង្គវិញ ឃើញមានរូបព្រះឥន្ទ្រជិះដំរី តមកទៀតមានរឿងព្រាហ្មណ៍ជំទន់ម្នាក់ ត្រូវព្រួញស្ដេចទសរថស្លាប់ ប្រហែលជាធ្វើតាមរឿងសាមជាតត៍ ។
ក្នុងជំនុំខ្លោងទ្វារទាំងអស់ មានខ្លោងទ្វាររឿងព្រះឥសូរតែមួយ នៅលើជណ្ដើរមុខខាងជើង ខ្លោងទ្វារនោះធ្វើជារូបព្រះឥសូរ មានព្រះព្រហ្ម និងព្រះនារាយណ៍ លុតជង្គង់ប្រណម្យឆ្វេងស្ដាំ ព្រះឥសូរឈរក្នុងប្រឡោះទ្វារមានរនាំង ២ ជាន់ទម្លាក់មកខាងក្រោយ ដៃខាងស្ដាំកាន់ផ្គាំ ដៃខាងឆ្វេងកាន់បែបជាពាន ១ នៅមេទ្វារខាងលើ គេឃើញមានរូបជីញ្ជក់ ឬរូបក្រពើ ប្រជុំរូបទាំងអស់ហាក់ដូច ទំនងជាធ្វើរឿងរ៉ាវមិនមែនជាធ្វើសម្រាប់គោរពឡើយ លើកចេញតែខ្លោងទ្វារ ១ នេះ ខ្លោងទ្វារទាំងអស់ឯទៀត ក្នុងថែវជាន់ទី ២ នោះ សុទ្ធតែឬទុកជាខ្លោងទ្វារខាងពុទ្ធសាសនាទាំងអស់ ។
យើងឡើងទៅលើមេដំបូល យើងបានឃើញនៅទីនោះ បំណែកព្រះពុទ្ធអង្គ ដែលបាក់បែករាត់រាយជាច្រើន គឺស្នាមរណ្ដៅដែលបន្តុបនូវពុទ្ធរូបធ្វើជាកំពូល គេវាយកំទេចចោលទាំងអស់ លើកតែរូបខ្លះដែលធ្វើរាងជាឥសី នោះគេទុកទាំងអស់ មានកន្លែងសន្និបាត ១ តូចខាងទិសឦសាន នោះរូបទាំងឡាយគេបំផ្លាញកំទេចចេញទាំងអស់ ឯប្រាសាទតូច ១ ដែលជាប់ពីបន្ទប់ ខាងត្បូងប្រាសាទធំក៏ដូចគ្នាដែរ ស្នាមដែលនៅសល់លើខ្លោងទ្វារខាងត្បូងនោះ ធ្វើឲ្យយើងសម្គាល់បានជាពុទ្ធរូប ១ អង្គទ្រង់ភ្នែន និងរូបលោកេស្វរ ១ អង្គ ឈរនៅលើសសរ និងជញ្ជាំងតពីកន្លែងមហាសន្និបាតទៅ នោះរូបព្រះពុទ្ធទាំងឡាយដែលបានឆ្លាក់ជាប់នៅជាប់នៅនោះ គេបានដុសចេញ ប៉ុន្តែនៅមើលច្បាស់ជាប្រាកដ ហើយនៅលើជញ្ជាំងកំពូលទៀត ក៏ឃើញពុទ្ធរូបជាច្រើនដែលគេវាយបំបាក់ចេញ ឬឆ្លាក់ទៅជាលឹង្គវិញ ។
សួរថា ចុះអ្វីខ្លះ ដែលជារបស់សម្រាប់សាសនាព្រះឥសូរជាប្រាកដនៅក្នុងបន្ទាយបាយ័ននោះ ឆ្លើយថាខ្ញុំស្មានថាមានតែរបស់តែប៉ុន្មានដូចមានខាងក្រោយនេះទេ គឺ ១– ជញ្ជាំងថែវខាងក្នុង ឯជញ្ជាំងថែវខាងក្រៅនោះគ្មានឆ្លាក់រូបអ្វីទេ ២– មានអាស្រម ៤ ឬ ៤ មួយសម្រាប់វិស្ណុ ឬព្រះនារាយណ៍ ក្រៅពីនោះសម្រាប់សិវ ឬព្រះឥសូរទាំងអស់ វត្ថុទាំងប៉ុន្មាននេះនឹងថាទើបនឹងសាងជាក្រោយប្រាសាទនោះក៏ថាបាន ហើយសេចក្ដីដែលថាទើបនឹងសាងជាក្រោយនោះ ឃើញពិតប្រាកដណាស់ដល់អាស្រម ១ ក្នុងពួកអាស្រមទាំងប៉ុន្មាន ដែលខ្ញុំទើបនឹងនិយាយខាងលើនេះ ដែលនៅក្នុងព្រមខាងទិសឦសាននៃថ្នាក់ទី ២ បើគេទៅឈរពីខាងមុខអាស្រមនេះ មានជើងភ្នំកណ្ដាលនៅពីខាងឆ្វេង ហើយមានថែវដែលព័ទ្ធជុំវិញខាងស្ដាំ នោះគេនឹងឃើញខ្លោងទ្វារ ១ នៅពីខាងមុខជាកណ្ដាលជញ្ជាំង ២ ផ្ទាំង ក្លោងទ្វារនោះមានរូបសិវ គឺព្រះឥសូរ ឯជញ្ជាំងនៅទិសខាងកើតមានរូបលឹង្គ ហើយឯជញ្ជាំងនៅជ្រុងខាងលិចវិញនោះនៅទទេគ្មានឆ្លាក់អ្វីសោះ សួរថាតើដោយហេតុអ្វីបានជាយ៉ាងដូច្នេះ ឆ្លើយថាដោយហេតុបន្តិចសោះទេ គឺជញ្ជាំងនេះហើបនឹងប៉ះដល់ជើងភ្នំកណ្ដាលហើយជាងឆ្លាក់គ្មានកន្លែងវាល នឹងលូកដៃឆ្លាក់ទៅឆ្លាក់បាន គឺជាភ័ស្ដុតាងថា អាស្រមសម្រាប់សិវនេះ ទើបនឹងសាងជាគ្រាក្រោយប្រាសាទនោះ នៅលើកន្លែងដែលមិនបានបម្រុងទុកនឹងសាងឡើង។
សេចក្ដីត្រង់នេះ មានបុច្ឆាថា ចុះប្រាសាទសម្រាប់ព្រះឥសូរម្ដេចក៏ឲ្យមានលាយឡំរូបផ្សេង ៗ សម្រាប់ពុទ្ធសាសនា ដែលគេឃើញមាននៅជំវិញកន្លែងសន្និបាត ហើយនឹងរឿងរ៉ាវជាច្រើន នៅជាប់នឹងជញ្ជាំងបន្ទប់សន្និបាតនោះផង ឆ្លើយថាតាមគំនិតខ្ញុំ ការទាំងនេះនឹងយកជាប្រធានមិនបាន ខ្ញុំមិនមែនមិនដឹងទេ ថានៅក្នុងស្រុកខ្មែរនេះ មានសាសនាលាយឡំចូលគ្នា ដោយមានពួកដូចគ្នា ហើយដោយសេចក្ដីអនុញ្ញាត អំពីម្ចាស់ផែនដីនឹងសេនាបតី ស្ដេចយសោវរ្ម័ន បានសាងប្រាសាទ ២ ប្រាសាទ១ សម្រាប់សាសនាព្រាហ្មណ៍ ១ ទៀតសម្រាប់ពុទ្ធសាសនា ។
ស្ដេចរាជេន្ទ្រវរ្ម័ន គ្រងរាជពីសករាជ្យ ៨៦៦ទៅដល់ ៨៩០ ត្រូវនឹងគ្រិស្តសករាជ ៩៤៤ ដល់ ៩៦៨ ជាក្រស័ត្រកាន់សាសនាព្រះឥសូរ មានសេនាបតីម្នាក់កាន់ពុទ្ធសាសនា សេនាបតីនោះ បានសាងប្រាសាទសម្រាប់សាសនាព្រាហ្មណ៍ថ្វាយស្ដេច និងសាងប្រាសាទ សម្រាប់ពុទ្ធសាសនាសម្រាប់ខ្លួនឯង ចារឹកនៅប្រាសាទព្រះខ័ន បានបញ្ចូលធម៌ព្រះឥសូរ និងធម៌ព្រះពុទ្ធជាមួយគ្នា ។
យើងសម្គាល់ឃើញថា សេចក្ដីចូលគ្នានេះ មានលក្ខខ័ណ្ឌខ្លះគឺចូលគ្នាតែដោយសម្ដី មិនបានជាចូលដល់ទៅរួមវិហារ ជាមួយគ្នានោះទេ មហាក្សត្រិយ៍បានសាងទីសន្និបាតទាំងឡាយ សម្រាប់ព្រះផ្សេង ៗ មានសម្រាប់ព្រះពុទ្ធផង ឯសាសនាដែលនៅជិតគ្នា តែមិនមែនសត្រូវនឹងគ្នា នេះមានអាស្រមជាច្រើនផ្សេងពីគ្នា នៅក្នុងវិហារជាមួយបាន ប៉ុន្តែបើស្ដេចកាន់សាសនាព្រះឥសូរ បានសាងប្រាសាទ ១ សម្រាប់លឹង្គជាអ្នកទ្រទ្រង់នៅនគរ ហើយមករៀបតុបតែងនូវរូបព្រះពុទ្ធ នឹងរូបពោធិសត្វជុំវិញជាច្រើន ទុកជារបស់គោរពផងទៀត នោះឃើញថាជាសេចក្ដីពិបាកនឹងគិត ហើយគួរឲ្យសង្ស័យ ។
សេចក្ដីដែលឲ្យសង្ស័យក្នុងស្ថាននេះ យើងត្រូវទុក ១ អន្លើសិន ហើយយើងត្រូវពិចារណាសួរថា តើប្រាសាទបាយ័ន មិនមែនជាសាងសម្រាប់ព្រះពុទ្ធសាសនា ជាមុនដែលនឹងបានមក សម្រាប់សាសនាព្រះឥសូរទេឬអ្វី ការត្រង់នេះបើនឹងនិយាយទៅ ហាក់ដូចជាឃ្លាតពីសេចក្ដីដែលគេធ្លាប់ជឿត ៗ មក ។
យើងបញ្ជាក់បន្តិចទៅចុះ ហើយពិចារណាថា ប្រសិនបើប្រាសាទកណ្ដាលនៃទីក្រុងនោះ ជាប្រាសាទសម្រាប់ពុទ្ធសាសនាហើយ តើទីក្រុងទាំងមូលនោះ កាន់ពុទ្ធសាសនាដែរឬទេ ។
បើឆ្លើយឲ្យត្រូវនឹងសេចក្ដីបុច្ឆា គួរតែឲ្យពិចារណាដល់ទីឋានដែលមានជាប្រធាន នៅក្នុងក្រុងនោះ គឺទ្វារនឹងកុំផែងជុំវិញ សួរថាចុះតើទ្វារនោះ នឹងឲ្យយើងបានដឹងការយ៉ាងណាខ្លះ ឆ្លើយថាខ្លោងទ្វារទាំងឡាយនោះ បាក់បែកអស់ទៅហើយ នៅសល់តែចំណែក ១ គង់នៅ ៗ ទ្វារជ័យ ចំណែកនោះឃើញជារាងចង្កេះឆ្វេង និងក្បាលរូបមនុស្ស ១ ឈរជាកណ្ដាលរូបហោះឯទៀតជាច្រើន លុះធៀបរូបនេះទៅនឹងរូបឯទៀត ដែលមានភាពដូចគ្នា នាំឲ្យសម្គាល់បានថា រូបនេះជារូបលោកេស្វរ ។
បន្ទប់ខាងលើនៃទីដែលហៅថា គោបុរ នោះមានខ្លោងទ្វារបន្តុបនូវរូបទាំងអស់ ឃើញមានសល់រូបខ្លះដែលគង់នៅ គឺសុទ្ធតែជាព្រះពុទ្ធរូបទ្រង់ភ្នែន ។
ឥឡូវនេះ បើយើងឡើងទៅលើបន្ទាយក្រៅ ហើយដើរជុំវិញមើលទៅប្រាសាទជ្រុងទាំងបួន នោះយើងគ្មានសង្ស័យអ្វីសោះ រូបលោកេស្វរធំ ៗ និងលេចឡើងដេរដាសនាំឲ្យយើងស្គាល់បានដោយងាយ ។
ឯសេចក្ដីយល់ឃើញនោះយ៉ាងដូច្នេះ គឺថាលោកេស្វរនោះជារូបទេវតា ដែលមានដៃជើងច្រើននៅអង្គរធំ ហើយអង្គរធំនេះ ដែលគេស្មានថា សង់សម្រាប់សាសនាសិវជាដរាបមកនោះ កាលវេលាសាងនោះ គេសាងសម្រាប់ពុទ្ធសាសនាទេ ។
សេចក្ដីយល់ឃើញនេះ ទាស់គ្នាយ៉ាងធំ នឹងគំនិតដែលធ្លាប់ជឿមកហើយ ដែលយើងត្រូវតែរកសំអាងអំពីសេចក្ដីយល់ឃើញនេះ ដោយរករឿងប្រហែលគ្នាមកអធិប្បាយ គឺថាយើងបានដឹងជាមានប្រាសាទ ១ ផ្សេងទៀត មានបែបផែនប្រហែលនឹងអង្គរធំដែរ ដែលហៅថាប្រាសាទបន្ទាយឆ្មារ។
(មានតទៅខ្សែក្រោយទៀត)
1 Comment
Comments are closed.