October 9, 2026
Phnom Penh, Cambodia.
Khmer

ស្វែងយល់ពីពាក្យខ្មែរ ៖ «គប់គិត​​​» និង «ឃុបឃិត​​​»

កន្លង​មក​ តាម​ការ​សង្កេត​របស់​ខ្ញុំ ​នៅ​លើទំព័រ​កាសែត​ក្ដី​ ទូរទស្សន៍​ក្ដី​ និង​ កន្លែងផ្សេងៗ​ទៀត​មាន​ការ​ប្រើប្រាស់​ ពាក្យ​ខុស​ ពោល​គឺ​ លើ​ការ​សរសេរ​ និង​ ការ​អាន​ជា​ដើម​ ដែល​នាំ​ឲ្យ​ភាសាខ្មែរ​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​ ។​ គួរ​ខ្មែរ​គ្រប់​រូប​ប្រើប្រាស់​ពាក្យ​ដែល​ ត្រឹមត្រូវ​បំផុត​ កុំ​ប្រើ​តាម​ទម្លាប់​តៗ​គ្នា​ ព្រោះ​ពេល​ខ្លះ​វា​ខុស​ទាំង​ស្រុង​ ដែល​នាំ​ឲ្យ​បាត់បង់​តម្លៃ​នៃ​ភាសា​ជាតិ​យើង​ ។ ក្នុង​ការ​ប្រើ​ប្រាស់​ ពាក្យ​ពេចន៍​នេះ​ដែរ​ យើង​ឃើញ​ថា​ខ្មែរ​រស់​នៅ​កម្ពុជា​ក្រោម​ប្រើប្រាស់​បាន​ត្រឹមត្រូវ​ជាង​ខ្មែរ​នៅ​កម្ពុជា​ផងដែរ​។ ខាង​ក្រោម​នេះ​ជា​ ពាក្យ​ ដែល​យើង​គួរ​ស្វែងយល់​ទាំង​អស់​ គ្នា​ និង​ ប្រើប្រាស់​ឲ្យ​បាន​ ត្រឹមត្រូវ​តាម​ វចនានុក្រម​សម្ដេចសង្ឃរាជ​ ជួន​ ណាត  ដែល​ពេល​នេះ​ខ្ញុំ​ លើក​យក​ ពាក្យ​ចំនួន​ ពីរ​ មក​បង្ហាញ​ដូច​តទៅ​ ៖​

យោង​តាម​វចនានុក្រម​សម្ដេចសង្ឃរាជ​ ជួន ណាត​ ទំព័រ​ ១២៩​ ជួរ​ខាង​ស្ដាំ​ បន្ទាត់​ទី ២​ ៖​

គប់គិត  កិ​.  រួម​គំនិតគ្នា​, គិតគូរ​គ្នា។  ឧទាហរណ៍៖ សុខ គប់គិត​ជា​មួយសៅ​ ដើម្បី​ដណ្ដើម​យក​កង់របស់​ ណារី​ ។​

គួរកត់សម្គាល់​ ៖ ខ្មែរ​ភាគ​ច្រើន​ ទាំងក្មេង​ ទាំងចាស់​ តែង​តែ​ប្រើប្រាស់​ពាក្យ​ខុស​ ។  ឧទាហរណ៍​៖ សុខ​ ឃុបឃិត​ជា​មួយ​សៅ​ ដើម្បី​ដណ្ដើម​យក​កង់​របស់​ណារី​។​

យោង​តាម​វចនានុក្រម​សម្ដេចសង្ឃរាជ​ ជួន​ ណាត​ ដដែល​ ៖​

ឃុបឃិត  ពុំ​ឃើញ​មាន​នៅ​ក្នុង​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ​ ជួន​ ណាត​ នោះ​ទេ​ ។​ មួយ​វិញ​ទៀត​ ពាក្យ​ “ឃុបឃិត”​ នេះ​គ្មាន​អត្ថន័យ​ទាល់​តែ​សោះ​ មិន​ដឹង​ជា​ចង់​មាន​ន័យ​ថា​យ៉ាង​ដូចម្ដេច​?  មិន​ដឹង​ជា​ចង់​សំដៅ​ទៅ​លើ​អ្វី​?​ ….?​

គួរកត់សម្គាល់​៖​ ខ្មែរ​ភាគ​ច្រើន​ ទាំងក្មេង​ ទាំងចាស់​ តែង​តែ​ប្រើប្រាស់​ពាក្យខុស​ ពោល​គឺ​ច្រើន​តែ​និយាយ​ ឬ​ សរសេរ​ ថា​ ឃុបឃិត​ ដែល​គ្មាន​អត្ថន័យ​ទាល់​តែ​សោះ​ មក​ជំនួស​ពាក្យ គប់គិត​ ដែល​ត្រឹមត្រូវ​ ។​

តាម​រយៈ​ពាក្យពេចន៍​ទាំងពីរ​ ដែល​បាន​លើកឡើង​ខាង​លើ​នេះ​ យើង​គួរ​តែ​ពិចារណា​ឡើងវិញ​ ដើម្បី​កុំ​ឲ្យ​ភាសា​ខ្មែរ​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​។​ ពិសេស​គឺ​អង្គភាព​ដែល​ពាក់ព័ន្ធ​នឹង​ការងារ​ភាសាជាតិ​ ត្រូវ​តែ​ពិនិត្យ​ ជជែក​ពិភាក្សា​គ្នា​ និង​ លើក​ហេតុផល​ឲ្យ​កាន់​តែ​ច្បាស់លាស់​ អំពី​ពាក្យពេចន៍​ខ្មែរ​ ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​ឯកភាព​គ្នា​ក្នង​ការ​ប្រើប្រាស់​ភាសា​ជាតិ​ខ្មែរ​យើង​។​ បើ​ទោះ​បី​ជា​យើង​បង្កើត​ពាក្យ​ថ្មី​ជំនួស​ពាក្យចាស់​ យ៉ាង​ណាក្ដី​ ពាក្យ​ថ្មី​នោះ​ត្រូវ​តែ​មាន​អត្ថន័យ​ មាន​ភាព​ត្រឹមត្រូវ​ និង​ សម​ស្រប​បំផុត  ប៉ុន្ដែ​បើ​ពាក្យ​ចាស់​ មាន​អត្ថន័យ​ត្រឹមត្រូវ​ គ្រប់គ្រាន់​ហើយ​ យើង​គួរ​គប្បី​បន្ដ​ប្រើប្រាស់​ កុំ​យក​ពាក្យ​ដែល​គ្មាន​អន្ថន័យ​មក​ជំនួស​ ព្រោះ​នាំ​ឲ្យ​បាត់បង់​តម្លៃ​នៃ​ភាសា​ជាតិ​ ។​

​

Leave feedback about this

  • Quality
  • Price
  • Service

PROS

+
Add Field

CONS

+
Add Field