សប្ដាហ៍នេះ ខ្ញុំលើកយកពាក្យចំនួនពីរទៀតដែលខ្មែរតែងតែប្រើប្រាស់ច្រឡំមកបង្ហាញ ដើម្បីជាចំណេះដឹង និង ជាការពិភាក្សាគ្នាសម្រាប់ភាសាជាតិរបស់យើងគ្រប់គ្នា។ ពាក្យទាំងពីរដែលនឹងត្រូវបង្ហាញនៅ ពេលនេះ គឺ ពាក្យ “កាឡា” និង “ក្រឡា” ។
ខាងក្រោមនេះគឺជាសេចក្ដីពន្យល់នៃពាក្យទាំងពីរ តាមរយៈវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត ដែលមានអត្ថន័យដូចតទៅ៖
កាឡា(កិ) ប្លែងខ្លួន, និម្មិតខ្លួនឲ្យប្លែកពីប្រក្រតី ។ ឧទាហរណ៍៖ យក្សកាឡាខ្លួនជាប្រើសមាស ។
គួរកត់សម្គាល់៖ខ្មែរយើងតែងតែប្រើប្រាស់ច្រឡំនូវពាក្យនេះទាំងការនិយាយ និង ការសរសេរដោយប្រើពាក្យក្រឡា ទៅវិញ។ ឧទាហរណ៍៖យក្សក្រឡាខ្លួនជាប្រើសមាស ។
ក្រឡា (ន) លាន; ឋានរាបមានជាខណ្ឌៗ ៖ ក្រឡាចត្រង្គ, ក្រឡាកន្ទេល, ក្រឡាមង ។ ទីដែលស្ដេចផ្ទំហៅ ក្រឡាបន្ទំ ឬ ក្រឡាព្រះបន្ទំ; ទីដែលសម្រាប់គាល់ស្ដេចហៅ ក្រឡាគំនាល់ ឬ ក្រឡាព្រះគំនាល់; ទីដែលចៅក្រមពិភាក្សាក្ដីហៅ ក្រឡាក្រម ។
តាមរយៈនៃអត្ថន័យរបស់ពាក្យនីមួយៗ ខាងលើគប្បីយើងគ្រប់គ្នាប្រើប្រាស់ឲ្យបានត្រឹមត្រូវក្នុងការសរសេរ និង និយាយ ពោលគឺប្រើប្រាស់ពាក្យឲ្យត្រូវនឹងន័យរបស់ពាក្យផ្ទាល់ កុំចេះតែនឹកឃើញប្រើតាមចិត្តព្រោះវាគ្មានន័យត្រឹមត្រូវ។
ដោយ៖ បូណា