កឋិនទាន

កឋិនទាន

កឋិន​ទាន

កឋិន​ទាន ជា​ផ្នែក​មួយ​របស់​ចីវរ​ទាន ប៉ុន្តែ​ទាន​នេះ​មាន​លក្ខណៈ​ពិសេស​ប្លែក​ពី​ចីវរ​ទាន ធម្មតា ព្រោះ​អ្នក​ធ្វើ​និង​អ្នក​ទទួល ត្រូវ​គោរព​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​មាន​ចែង​ក្នុង​ព្រះ​វិន័យ ។

I- ប្រភព​កឋិន​ទាន

សម័យ​ពុទ្ធកាល ពេល​ដែល​ព្រះ​សម្មាសម្ពុទ្ធ​ទើប​បាន​ត្រាស់​ដឹង​ថ្មី​ៗ ទ្រង់​អនុញ្ញាត​ឲ្យ​ភិក្ខុ​សង្ឃ​ប្រើ​ប្រាស់​តែ​សំពត់​បង្សុកូល គឺ​សំពត់​ឥត​ម្ចាស់ ដែល​ភិក្ខុ​រក​បាន​ពី​ព្រៃ​ស្មសាន ឬ​ពី​គំនរ​សម្រាម ប៉ុន្តែ​ក្រោយ​មក​ទើប​ទ្រង់​អនុញ្ញាត​ឲ្យ​ភិក្ខុ​អាច​ប្រើ​ប្រាស់​គហបតី​ចីវរ គឺ​សំពត់​មាន​ម្ចាស់ ដែល​ភិក្ខុ​បាន​មក​ដោយ​សារ​គេ​ប្រគេន ។ ចាប់​ពី​ពេល​នេះ​ហើយ ដែល​កឋិន​ទាន​ចាប់​ផ្ដើម​មាន​កំណើត​ឡើង ។ ឯ​រឿង​រ៉ាវ​ដែល​ទាក់​ទង​ដល់​បញ្ហា​នេះ មាន​ដំណើរ​សង្ខេប​ដូច​ត​ទៅ៖

សម័យ​នោះ ព្រះ​ដ៏​មាន​ព្រះ​ភាគ​គង់​ក្នុង​វត្ត​ជេតពន ជា​អារាម​របស់​អានាថ​បីណ្ឌិសេដ្ឋី​ទៀប​ក្រុង​សាវត្ថី ។ គ្រា​នោះ ពួក​ភិក្ខុ​នៅ​ក្នុង​ដែន​កាឋេយ្យ ប្រមាណ​៣០ រូប សុទ្ធ​តែ​ជា​អ្នក​ប្រព្រឹត្ត​ប្រើ​តែ​ចីវរ​បី នាំ​គ្នា​ទៅ​កាន់​ក្រុង​សាវត្ថី ដើម្បី​គាល់​ព្រះ​មាន​ព្រះ​ភាគកាល​បើ​តិថី​ចូល​វស្សា​ជិត​ណាស់​មក​ហើយ ក៏​មិន​អាច​នឹង​ទៅ​ឲ្យ​ទាន់​ចូល​វស្សា ក្នុង​ក្រុង​សាវត្ថី​បាន​ឡើយ ហើយ​ក៏​នាំ​គ្នា​ចូល​ទៅ​ចាំ​វស្សា​ក្នុង​ក្រុង​សាកេត នា​កណ្ដាល​ផ្លូវ ។ ភិក្ខុ​ទាំង​នោះ នៅ​ចាំ​វស្សា​ទាំង​មាន​សេចក្ដី​អផ្សុក​យ៉ាង​ខ្លាំង ព្រោះ​គិត​ថា ព្រះ​មាន​ព្រះ​ភាគ​គង់​នៅ​ក្នុង​ទី​ជិត​យើង​ទាំង​ឡាយ ចម្ងាយ​៦ យោជន៍​អំពី​ទី​នេះ តែ​យើង​ទាំង​ឡាយ មិន​សម​បើ​មិន​បាន​ទៅ​គាល់​ព្រះ​អង្គ​សោះ ។

លុះ​ភិក្ខុ​ទាំង​ឡាយ នៅ​ចាំ​វស្សា​គ្រប់​បី​ខែ​ហើយ ក៏​នាំ​គ្នា​ធ្វើ​បវារណា​ចេញ​វស្សា រួច​ធ្វើ​ដំណើរ​តម្រង់​ទៅ​កាន់​ក្រុង​សាវត្ថី ។ ដោយ​រដូវ​នោះ​នៅ​មាន​ភ្លៀង​ធ្លាក់​ជោគ​ជាំ មាន​ទឹក​ភក់​រអិល​នៅ​ឡើយភិក្ខុ​ទាំង​នោះ​ក៏​មាន​ចីវរ​ទទឹក​ជោគ មាន​ការ​លំបាក ប៉ុន្តែ តស៊ូ​ធ្វើ​ដំណើរ​រហូត​ដល់​វត្ត​ជេតពន ដែល​ព្រះ​មាន ព្រះ​ភាគ​គង់​នៅ ។ ពេល​ចូល​ទៅ​ដល់​ពួក​ភិក្ខុ​ទាំង​នោះ​ក៏​ថ្វាយ​បង្គំ​ព្រះ​មាន​ព្រះ​ភាគ រួច​អង្គុយ​ក្នុង​ទី​សម​គួរ ។ លំដាប់​នោះ ព្រះ​សាស្តា​មាន​ព្រះ​បន្ទូល​ថា ​ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​រាល់​គ្នា​ល្មម​អត់​ទ្រាំ​បាន​ទេ​ឬ អ្នក​រាល់​គ្នា​ល្មម​ប្រព្រឹត្ត​ទៅ​បាន​ស្រួល​ទេ ឬអ្នក​ទាំង​ឡាយ​មាន​សាមគ្គឺ​ស្មោះ​សរ មិន​វិវាទ​ទាស់​ទែង​គ្នា នៅ​ចាំ​វស្សា​ស្រួល​បួល មិន​លំបាក​ដោយ​អាហារ​បិណ្ឌ​បាត​ទេ​ឬ ភិក្ខុ​ទាំង​នោះ​ក៏​ក្រាប​ទូល​រៀប​រាប់​អំពី​ដំណើរ​ដើម​ដាន​ដែល​ខក​មក​ចូល​វស្សា​នៅ​ក្នុង​ក្រុង​សាវត្ថី​ជា​មួយ​ព្រះ​អង្គ​និង​ពី​សុខ​ទុក្ខ​របស់​ខ្លួន​ក្នុង​ការ​នៅ​ចាំ​វស្សា​ពាក់​កណ្ដាល​ផ្លូវ​នោះ ព្រម​ទាំង​ទូល​ពី​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​មក​គាល់​ព្រះ​អង្គ​នៅ​ទី​នេះ ។ ព្រះ​សាស្តា​លុះ​ទ្រង់​ព្រះ​សណ្ដាប់​ហើយ ក៏​ទ្រង់​ធ្វើ​ធម្មិកថា ត្រាស់​ហៅ​ភិក្ខុ​ទាំង​ឡាយ​ឲ្យ​មក​ជួបជុំ​គ្នា ហើយ​ទ្រង់​អនុញ្ញាត​ថា អនុជានាមិ ភិក្ខវេ វស្សំ វុត្ថានំ ភិក្ខូនំ កឋិនំ អត្ថរិតុំ ។ អត្ថតកឋិនានំ វោ ភិក្ខវេ បញ្ច កប្បិស្សន្តិ អនាមន្តចារោ អស្មាទាន​ចារោ គណភោជនំ យាវទត្ថចីវរំ យោ ច គត្ថ ចីវរុប្បាទោ សោ នេសំ ភវិស្សតិម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ដែល​បាន​នៅ​ចាំ​វស្សា​រួច​ហើយ​ក្រាលកឋិន​បាន ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ​អ្នក​ទាំង​ឡាយ​បាន​ក្រាល​កឋិន​1 ហើយ​និង​សំរេច​អានិសង្ស ៥ យ៉ាង​គឺ ត្រាច់​ទៅ​ណា​មិន​បាច់​លា​ភិក្ខុ​ផង​គ្នា ១ ត្រាច់​ទៅ​ណា​មិន​បាច់​យក​ត្រៃចីវរ គ្រប់​ប្រដាប់​១ ឆាន់​គណភោជន​បាន​១ ទុកដាក់​អតិរេច​ចីវរ​បាន​តាម​ត្រូវ​ការ ១ ចីវរ​ណា​ដែល​កើត​ឡើង​ក្នុង​អាវាស​នោះ ចីវរ​នោះ​នឹង​មាន​ដល់​ភិក្ខុ​ទាំង​នោះ​១ ។

ដោយ​សារ​មាន​ពុទ្ធានុញ្ញាត​នោះ​ហើយ ទើប​ពុទ្ធ​បរិស័ទ​នាំ​គ្នា​ចាត់​ចែង​សំពត់​ឬ​ចីវរ​យក​ទៅ​វេរ​ប្រគេន​ចំពោះ​សង្ឃ​ដែល​បាន​គង់​ចាំ​វស្សា​ម៉ត់​ចត់​មិន​ដាច់ ដើម្បី​អនុគ្រោះ​ឲ្យ​ព្រះ​សង្ឃ​មាន​ចីវរ​ប្រើ​ប្រាស់​ផង ដើម្បី​ឲ្យ​ព្រះ​សង្ឃ​បាន​អានិសង្ស​៥​ប្រការ​ផង ដើម្បី​ជា​ការ​កុសល​ផ្ទាល់​ខ្លួន​ផង ។

II- លក្ខខណ្ឌបុណ្យ​កឋិន​ទាន

ដោយ​កឋិន​ជា​ទាន​ពិសេស​ប្លែក​ពី​ទាន​នានា ឬ​ចីវរ​ទាន​ធម្មតា​នោះ​អ្នក​ធ្វើ​និង​ភិក្ខុ​សង្ឃ​អ្នក​ទទួល ត្រូវ​គោរព​ដាច់​ខាត និង​ម៉ឺង​ម៉ាត់​បំផុត​តាម​លក្ខ​ខ័ណ្ឌ​ដែល​មាន​ចែង​នៅ​ក្នុង​វិនយប្បញ្ញត្តិ ដូច​ត​ទៅ៖

លក្ខខណ្ឌ​សម្រាប់​អ្នក​ធ្វើ៖ អ្នក​ណា​ក៏​អាច​ធ្វើ​កឋិន​ទាន​បាន​ទោះ​ជា​មនុស្ស​ក្ដី ទេពតា​ក្ដី អ្នក​បួស​ក្ដី គ្រហស្ថ​ក្ដី កាល​ណា​ដល់​កឋិន​កាល គឺ​រដូវ​កឋិន​ដែល​មាន​រយៈ​កាល ២៩ ថ្ងៃ ដោយ គិត​ពី​ថ្ងៃ​១ រោច ខែ​អស្សុជ​ដល់ ១៥ កើត​ខែ​កត្កិក​ហើយ អាច​យក​សំពត់​ដែល​ល្មម​កាត់​ដែរ​ធ្វើ​ជា​ស្បង់ ឬ​ចីពរ​ឬ​ក៏​សង្ឃា​ដី​បាន​ទៅ​វេរ​ចំពោះ​ព្រះ​ភិក្ខុ​សង្ឃ​ដែល​បាន​គង់​ចាំ​វស្សា​អស់​ត្រី​មាស​ដោយ​ពាក្យ​ថា ឥមំ ទុស្សំ កឋិនំ សង្ឃស្ស ទេមយើង​ខ្ញុំ​សូម​វេរ​សំពត់​នេះ ចំពោះ​ព្រះ​សង្ឃ​ដើម្បី​ក្រាល​កឋិន ប៉ុណ្ណេះ​ជា​ការ​ស្រេច។ ប្រសិន​បើ អ្នក​ចេះ​កាត់​ដេរ​ជ្រលក់​ធ្វើ​ជា​ស្បង់​ឬ​ចីពរ ឬ​សង្ឃាដី​ឲ្យ​ស្រេច ទើប​យក​ទៅ​វេរ​ចំពោះ​ភិក្ខុ​សង្ឃ​ដែល​បាន​គង់​ចាំ​វស្សា​គ្រប់​ត្រី​មាស​ក្នុង​វត្ត​ណា​មួយ​នោះ​ដោយ​បញ្ចេញ​វាចា​ថា ឥមំ កឋិន​ចីវរំ សង្ឃស្ស ទេមយើង​ខ្ញុំ​សូម​វេរ​កឋិន​ចីវរ​នេះ ចំពោះ​ព្រះ​សង្ឃ ” ប៉ុណ្ណេះ ជា​ការ​ស្រេច​អ្នក​នោះ​ឈ្មោះ​ថា​បាន​ធ្វើ​កឋិន​ហើយ ។

លក្ខ​ខណ្ឌ​សំរាប់ទទួល៖ ព្រះ​សង្ឃ​ឬ​ភិក្ខុ​ជា​អ្នក​ទទួល​ឬ​ជា​អ្នក​ក្រាល​កឋិន ត្រូវ​អនុវត្ត​ឲ្យ​បាន​ម៉ត់​ចត់​តាម​លក្ខខ័ណ្ឌ​ដែល​មាន​ចែង​ក្នុង​វិនយប្បញ្ញត្តិ​ជា​អាទិ៍៖

សង្ឃ​អាច​ទទួល​កឋិន​បាន​តែ​ក្នុង​រដូវ​កឋិន​កាល ។

ភិក្ខុ​អ្នក​បាន​នៅ​ចាំ​វស្សា​អស់​ត្រី​មាស ។

សង្ឃ​អ្នក​ទទួល ត្រូវ​មាន​ភិក្ខុ​ចាប់​ពី ៥ រូប​ឡើង​ទៅ ។

បើ​គេ​ប្រគេន​ជា​ដាច់​សំពត់​សុទ្ធ សង្ឃ​ត្រូវ​យក​ទៅ​ធ្វើ​ឲ្យ​កើត​ជា​ស្បង់​ឬ​ចីពរ​ឬ​ជា​សង្ឃាដី​ត្រឹម​ត្រូវ ទើប​យក​ទៅ​ក្រាល ។

ត្រូវ​ ធ្វើ​ពិធី​ក្រាល​កឋិន​ឲ្យ​ចប់​ក្នុង​ថ្ងៃ​ដែល​គេ​វេរ​ប្រគេន គឺ​មិន​ត្រូវ​បង្អង់​ពេល ឬ​ពន្យារ​ពេល​ឲ្យ​កន្លង​រាត្រី​បាន​ឡើយ ។

ភិក្ខុ​ក្រាល​ត្រូវ​ចេះ​អានិសង្ស​៥​មាតិកា ៨ បលោពោធ ២ អនត្ថ តាការៈ​២៤ អត្ថតាការៈ​១៧ ។

ភិក្ខុ​អ្នក​ក្រាល​មាន​សិទ្ធ​យក​តែ​ស្បង់​១ ឬ​ចីពរ​១ ឬ​សង្ឃាដី​១ ប៉ុណ្ណោះ​លាភ ឬ​ជា​បរិក្ខារ​បន្ទាប់​បន្សំ​របស់កឋិន ។

III- កឋិន​ទាន​នៅ​កម្ពុជា

កឋិន​ទាន​ក្នុង​ជំនាន់​ពុទ្ធកាល ហាក់​ដូច​ជា​ងាយ​នឹង​ធ្វើ​សោះ ទោះ​បី​ជន​ក្រី​ក្រ ខ្វះ​ខាត ថ្នាក់​ទាប​បំផុត​ក៏​ដោយ ឲ្យ​ទេ​មាន​ស្បង់​១​ឬ​ចីពរ​១ ឬ​សង្ឃាដី​១​ឬ​មាន​សំពត់​ត្រឹម​តែ​ពីរ​ឬ​បី​ម៉ែត្រ ក៏​អាច​យក​ទៅ​វេរ​ចំពោះ ព្រះ​សង្ឃ​ដែល​គង់​ចាំ​វស្សា​អស់​ត្រី​មាស​ក្នុង​វត្ត​ណា​មួយ ក៏​ឈ្មោះ​ថា​ជា​អ្នក​បាន​ធ្វើ​កឋិន​ហើយ ប៉ុន្តែ​បុណ្យ​កឋិន​ទាន​នៅ​កម្ពុជា លុះ​ណា​ទេ​អ្នក​មាន​ស្តុក​ស្ដម្ភ ឬ​គ្នា​ច្រើន​ទើប​អាច​ធ្វើ​កឋិន​កើត​ព្រោះ​កឋិន​ទាន​នៅ​កម្ពុជា ពុំ​មែន​មាន​ត្រឹម​តែ​ស្បង់​១​ចីពរ​១ ឬ សង្ឃាដី​១​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​មាន​បរិក្ខារ​ដ៏​ច្រើន​ផ្សេង​ៗ​ទៀត​ជា​ពិសេស បច្ច័យ​សង្កត់​ត្រៃ​សម្រាប់​កសាង​​វត្ត​អារាម​និង​សមិទ្ធិ​សាធារណៈ មាន​សាលា​រៀន មន្ទីរ​ពេទ្យ ជា​ដើម ។

គម្រោង​បុណ្យ​កឋិន​ទាន៖ កាល​ណា​ថ្ងៃ​បវារណា​ចេញ​វស្សា​របស់​ព្រះ​សង្ឃ​ជិត​មក​ដល់ ពុទ្ធ​បរិស័ទ​គ្រប់​ជើង​វត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា​ទាំង​មូល តែង​តែ​ពិភាក្សា​គ្នា​ដើម្បី​ធ្វើ​កឋិន​ទាន​ប្រគេន​ព្រះ​សង្ឃ​គ្រប់​វត្ត​អារាម​តាម​ស្ម័គ្រ​រៀង​ខ្លួន​ដោយ​មាន​ជំនឿ​ជាប់​មក​ជា​ទំនៀម​ថា កឋិន​ទាន ជា​កាល​ទាន មាន​ផលានិសង្ស​ច្រើន​ជាង​ទាន​ទាំង​ពួង គឺ​អ្នក​ធ្វើ​ក៏​បាន​អានិសង្ស អ្នក​ទទួល​ក៏​បាន​អានិសង្ស​។ ជំនឿ​នេះ​បាន​ចាក់​ឫស​ជាប់​នៅ​ក្នុង​ចិត​ថ្លើម​របស់​ពុទ្ធសាសនិក​ជន​ទូទាំង​ប្រទេស រហូត​ដល់​សំគាល់​វត្ត​ដែល​ដល់​រដូវ​កឋិន​ហើយ គ្មាន​នរណា​ហែ​កឋិន​ចូល​ជា​វត្ត​មិន​ស្មើ​មុខ​និង​វត្ត​ដែល​មាន ។ ដូច្នេះ​ហើយ​បាន​ជា​វត្ត​ណា ដែល​គ្មាន​ពុទ្ធបរិស័ទ​ក្រៅ​ជើង​វត្ត​ហែ​កឋិន​ចូល ពុទ្ធបរិស័ទ​ជា​ចំណុះ​ជើង​វត្ត​នោះ តែង​ស្ទុះ​ស្ទា អង្គាស​គ្នា​ធ្វើ​ទាល់​តែ​កើត​ជា​អង្គ​កឋិន​ទាន​ឡើង​មិន​ទុក​ឲ្យ​ទំនេរ​ឡើយ ។ បុណ្យ​កឋិន​នេះ មិន​មែន​ត្រឹម​តែ​ជា​ទំនៀម​ទម្លាប់​របស់​ប្រជារាស្ត្រ​ប៉ុណ្ណោះ​ទេ សូម្បី​តែ​ព្រះរាជា ព្រះ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​តែង​តែ​ទ្រង់​ធ្វើ​និង​ចូល​រួម​ពុំ​ដែល​អាក់​ឋាន​ឆ្នាំ​ណា​ឡើយ ។

អ្នក​មាន​ធន​ធាន​ច្រើន ដែល​មាន​បំណង​នឹង​ធ្វើ​កឋិន​ដង្ហែ​ទៅ​វេរ​ប្រគេន​ព្រះ​សង្ឃ​ក្នុង​វត្ត​ណា​មួយ តែង​តែ​សុំ ឬ​ឲ្យ​ដំណឹង​ទៅ​ព្រះ​សង្ឃ ឬ​អាចារ្យ​វត្ត​នោះ​ដឹង​ជា​មុន ជា​ពិសេស​តាំង​ពី​ក្នុង​វស្សា​ម្ល៉េះ ថា​ខ្លួន​ហែ​កឋិន​ទាន​មក​កាន់​វត្ត​នោះ​នៅ​ថ្ងៃ​នេះ ឬ​ថ្ងៃ​នោះ​ពុំ​ខាន ។ ឯ​ពុទ្ធបរិស័ទ ចំណុះ​ជើង​វត្ត​នីមួយ​ៗ ក៏​តែង​តែ​ទន្ទឹង​រង់​ចាំ​ដំណឹង​តាំង​ពី ក្នុង​វស្សា​ដែរ ថា​តើ​វត្ត​របស់​ខ្លួន​មាន​ភ័ព្វ​វាសនា និង​បាន​ទទួល​កឋិន​ទាន​របស់​លោក​អ្នក​ណាកឋិន​ទាន​នោះ​ឱឡារិក ធំ​ដុំ ឬ​ក៏​តូច​តាម​ល្មម​ទេ?

រណ្ដាប់​កឋិន​ទាន៖ បន្ទាប់​ពី​បាន​សំរេច​ថា និង​រៀបចំ​ធ្វើ​ជា​អង្គ​កឋិន​ហើយ អ្នក​សាមី​ដើម​ទាន​តែង​តែ​ខ្វល់​ខ្វាយ​ពឹង​ពាក់​លោក​អាចារ្យ ឬ​ព្រឹទ្ធាចារ្យ​ដែល​ធ្លាប់​យល់​ដឹង ឬ​ធ្លាប់​មាន​ពិសោធន៍ ក្នុង​ការ​រៀប​គ្រឿង​រណ្ដាប់​កឋិន ឲ្យ​ជួយ​ចាត់​ចែង​រៀប​ចំ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ទម្លាប់ និង​ក្រឹត្យ​ក្រម​ព្រះ​វិន័យ ។

ទំនៀម​របស់​ប្រជារាស្ត្រ​កម្ពុជា ក្នុង​ការ​រៀប​រណ្ដាប់​អង្គ​កឋិន​ទាន​មាន​ដូច​ខាង​ក្រោមៈ

រណ្ដាប់​អង្គ​កឋិន​១ សំរាប់ សំរាប់​ប្រគេន​ព្រះ​ថេរៈ១អង្គ ដែល​ក្រាល​គ្រង គឺ ស្បង់​១ ចីពរ​១សង្ឃាដី​១អង្សរៈ​១វត្ថពន្ធ​ចង្កោះ​១វត្ថពន្ធ​ទ្រូង​១និសីទនៈ​១ឆ័ត្រ​១បាត​១កំសៀវ​ទឹក​១កន្ទេល​១ខ្នើយ​១មុង​១ភួយ​១​,គ្រែ១ឆ្នាំ​១ចាន​ស្លាប​ព្រា…. 

រណ្ដាប់​ញត្តិ ឬ​រណ្ដាប់​សូត្រ​ឆ្វេងស្ដាំ ២​សម្រាប់ៈ​សំរាប់​ប្រគេន​ព្រះ​ថេរៈ​២​អង្គ ដែល​សូត្រ​ញត្តិ​គឺ​មាន​ចីវរ​១លៀង,(ស្បង់​១ចីពរ​១, ) និង​បរិក្ខារ​មួយ​ចំនួន​ទៀត​…. 

រណ្ដាប់​បរិក្ខារ​ច្រើន​សម្រាប់ សំរាប់​ប្រគេន​ព្រះ​ភិក្ខុ​សង្ឃ​បរិស័ទ ដែល​គង់​ហត្ថបាស​អនុមោទនា​កឋិន ។ រណ្ដាប់​នេះ គេ​និយម​រៀប​ធ្វើ​ជា​កញ្ចប់ ហើយ​ក្នុង​កញ្ចប់​នេះ​មាន​ជា​អាទិ៍ ស្បង់​ឬ​សាដក​១​ទៀន​ធូប តែ ស្ករ បារី ឈើ​គូស ច្រាស​ថ្នាំ​ដុស​ធ្មេញ ថ្នាំ​ពេទ្យ សាប៊ូ សៀវភៅ ប៊ិច ខ្មៅ​ដៃ (ប្រាក់។ រណ្ដាប់​នេះ គេ​អាច​ធ្វើ​ឲ្យ​មាន​ចំនួន​ច្រើន សម្រាប់​ប្រគេន​សាមណេរ​ផង ប្រសិន​បើ​វត្ត​នោះ​មាន​សាម​ណេរ ។ ក្រៅ​ពី​រណ្ដាប់​ទាំង​បី​ផ្នែក​នេះ អ្នក​សាមី​ដើម​ទាន តែង​ប្រកាស​បវារណា​នូវ​ប្រាក់​មួយ​ចំនួន​សម្រាប់​ប្រគេន​ព្រះ សង្ឃ​ផ្ទាល់ និង​មួយ​ចំនួន​ធំ​សំរាប់​កសាង​សមិទ្ធិ​ផ្សេង​ៗ ដូច​ជា កុដិ វិហារ ស្រះ ខ្លោង​ទ្វារ របង​វត្ត សាលា​រៀន មន្ទីរ​ពេទ្យ​…. ។ បណ្ដា​បរិក្ខារ​ទាំង​អស់​នៃ​កឋិន​ទាន និយាយ​សរុប​មាន​តែ​ពីរ​យ៉ាង​គឺ​ស្បង់​១​ឬ​ចីពរ​១ឬ​សង្ឃាដី​១ ប៉ុណ្ណោះ ជា​កឋិន​ចីវរ គឺ​ចីវរ​ដែល​ភិក្ខុ​ត្រូវ​ក្រាល​និង​បរិក្ខារ​ក្រៅ​ពី​នេះ​ហៅ​ថា អានិសង្ស​លាភ ។

កម្ម​វិធី​កឋិន៖ បណ្ដា​២៩ ថ្ងៃ​គឺ​ពី​ថ្ងៃ ១​រោច ខែ​អស្សុជ ដល់​ថ្ងៃ​១៥ កើត ខែ​កត្តិក បើ​អ្នក​សាមី​ដើម​ទាន​ស្ម័គ្រ​ថ្ងៃ​ណា​មួយ​ហើយ គេ​តែង​បោះ​ជា​កម្មវិធី​ផ្សព្វ​ផ្សាយ​ចែក​ចាយ​ដល់​ញាតិ មិត្ត ជិត​ឆ្ងាយ​ដើម្បី​ឲ្យ​ចូល​រួម​ក្នុង​ពិធី​បុណ្យ​កឋិន​របស់​គេ ។ សម័យ​បច្ចុប្បន្ន គេ​ចូល​ចិត្ត​កំណត់​កម្ម​វិធី​នេះ​ឲ្យ​ត្រូវ​លើ​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ គឺ​សូត្រ​មន្ត​ថ្ងៃ​សៅ ដង្ហែ​ទៅ​អាទិត្យ ។

/ថ្ងៃ​សូត្រ​មន្ត៖ ថ្ងៃ​សូត្រ​ជា​ថ្ងៃ​ទី​១ នៃ​ពិធី​បុណ្យ​កឋិន​ទាន ដែល​គេ​និយម​ធ្វើ​នៅ​វេលា​ល្ងាច ។ ល្ងាច​នោះ នៅ​គេហដ្ឋាន​អ្នក​សាមី​ដើម​កឋិន​ទាន គេ​សង្កេត​ឃើញ​មានៈ

ពិធី​ទទួល​បដិសណ្ឋារៈ​យ៉ាង​អធិក​អធម​ដោយ​ភោជនា​ហារ​យ៉ាង​ពោរ​ពាស ចំពោះ​ភ្ញៀវ​ជិត​ឆ្ងាយ ដែល​អញ្ជើញ​មក​ចូល​បច្ច័យ​ចាប់​កុសល​ជា​មួយ ។

ពិធី​ចម្រើន​ព្រះ​បរិត្ត និង​សំដែង​ធម៌ទេសនា ។

ជួន​កាល​មាន​សំដែង​សិល្បៈ ជូន​ភ្ញៀវ​កំសាន្ត​ផង ។

នៅ​ក្នុង​វត្ត​ដែល​ទទួលអង្គកឋិនទាន ក៏​មាន​ពិធូ​សូត្រ​មន្ត​ទេសនា​ដែរ ,

/ថ្ងៃ​ដង្ហែ ឬ​ថ្ងៃ​ថត៖ ជា​ថ្ងៃ​ទី​២​នៃ​កឋិន​ទាន ដែល​គេ​និយម​ធ្វើ​នៅ​ពេល​ព្រឹក ។ ព្រឹក​នេះ គេ​សង្កេត​ឃើញ៖

ការ​ជួប​ជុំ​គ្នា​នៅ​ផ្ទះ​អ្នក​សាមី​ដើម​ទាន​ដើម្បី​រថយន្ត​ចូល​រួម​ដង្ហែ​អង្គ​កឋិន​ទាន​ឆ្ពោះ​ទៅ​កាន់​វត្ត​ដែល​បាន​គ្រោង​ទុក ។

ពេល​ដង្ហែ គេ​សង្កេត​ឃើញ​នៅ​ជាប់​និង​មុខ​រថយន្ត នៃ​អង្គ​កឋិន​មាន​ចង​បដា​អក្សរ​ធំៗ​ថា កឋិនទាន​ដង្ហែ​ទៅ​កាន់​វត្ត​…. “ 

នៅ​លើរថយន្ត មាន​ក្រុម​ឆៃ​យ៉ាំ ឡក​លេង​ប្រគំ​កំដរ លាន់​ឮ​រំពង​រហូត​ដល់​វត្ត ។

នៅ​ឯ​វត្ត​អារាម​វិញ គេ​បាន​រៀបចំ​បោស​ច្រាស​យ៉ាង​ស្អាត​តុប​តែង​លំអ​ដោយ​ទង់​ជ្វាលា ទង់​ជាតិ ទង់​សាសនា រំយោល​ផ្កា​ភ្ញី​យ៉ាង​ល្អ​ល្អះ​ព្រោង​ព្រាត ។

បន្ទាប់​ពី​ប្រគេន​ភត្តាហារ និង​ពិធី​ទទួល​អង្គ​កឋិន និង​ជួន​ភោជនាហារ​ចំពោះ​ភ្ញៀវ​មក​មាន​ពិធី​សង្ហែរ​អង្គ​កឋិន​ប្រទក្សិណ​ព្រះ​វិហារ​ជា​ទក្ខិណា​ព័ត៌ (បត់​ពី​ឆ្វេង​ទៅ​ស្ដាំដោយ​មាន​ក្រុម​ឆៃ​យ៉ាំ​ប្រគំ​ឡក​លេង​រាំ​លេង​រាំ​យោង​មុខ​យ៉ាង​ក្រមិច​ក្រមើម​គួរ​សប្បាយ​រីករាយ​ជ្រះ​ថ្លាបន្ទាប់​មក មាន​លោក​អាចារ្យ​នាំ​មុខ​អ្នក​ដើម​ទាន​ទូល​ត្រៃ​ធំ រណ្ដាប់​សូត្រ​ឆ្វេងស្ដាំ និង​កាន់​រណ្ដាប់​បរិក្ខារ​ផ្សេង​ៗ រួច​ហើយ​ចូល​ទៅ​តំកល់​ក្នុង​កណ្ដាល​ព្រះ​វិហារ ចំពោះ​ព្រះ​ភក្ត្រ​ព្រះ​ពុទ្ធ​បដិមា និង​ព្រះ​ភិក្ខុ​សង្ឃ ។ ពេល​នោះ មាន​ពិធី​នមស្សការ​ព្រះ​រតនត្រ័យ សមាទាន​សីល ប្រកាស​បច្ច័យ​សង្កត់​ត្រៃ​វេរ​អង្គ​កឋិន​ចំពោះ​ព្រះ​សង្ឃ ពិធី​ក្រាល​កឋិន ព្រះ​សង្ឃ​សូត្រ​ធម៌​អនុមោទនា​ឲ្យ​ពរ​សាធុការ​ដល់​សាមី​ដើម​ទាន និង​សប្បុរសជន​ទាំង​អស់ ។

វិធី​វេរ​អង្គកឋិន៖ តាម​ទម្លាប់​របស់​លោក​អាចារ្យ​ដែល​ជា​អ្នក​តំណាង​ម្ចាស់​កឋិន តែង​វេរ​អង្គ​កឋិន​ចំពោះ​ព្រះ​សង្ឃ​តាម​វិធី​ពីរ​យ៉ាង ស្រេច​ហើយ​លើ​ការ​ចូល​ចិត្ត​របស់​ខ្លួន៖

ពិធី​វេរ​បែប​ទី​១បើ​គេ​យក​សាច់​សំពត់​សុទ្ធ​មក​វេរ​ចំពោះ​ព្រះ​សង្ឃ ដើម្បី​ក្រាល​កឋិន​នោះ លោក​អាចារ្យ​តែង​វេរ​ថា នមោ តស្ស ភគវតោ អរហតោ​សម្មាសម្ពុទ្ធស្ស (បីចប់។ ឥមំ ទុស្សំ កឋិនំ សង្ឃស្ស ទេមទុតិយម្បិ ឥមំ …. ទេមតតិយម្បិ ឥមំ … ទេមំយើង​ខ្ញុំ​ទាំង​ឡាយ សូម​វេរ​នូវ​សំពត់​នេះ​ដើម្បី​កឋិន​ចំពោះ​ព្រះ​សង្ឃអស់​វារៈ​ពីរ​ដង​ផង អស់​វារៈ​បី​ដង​ផង ។

បើ​គេ​យក​ចីវរ​ធ្វើ​ស្រេច​មក​វេរ​ចំពោះ​ព្រះ​សង្ឃ ដើម្បី​ក្រាល​កឋិន​នោះ​លោក​អាចារ្យ​តែង​វេរ​ថា នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស (បី​ចប់ឥមំ កឋិន​ចីវរំ សង្ឃស្ស ទេមទុតិយម្បិ ឥមំ … ទេមតតិយម្បិ ឥមំ … ទេម, = យើង​ខ្ញុំ​ទាំង​ឡាយ សូម​វេរ​នូវ​កឋិន​ចីវរ​នេះ​ចំពោះ​ព្រះ​សង្ឃ អស់​វារៈ​ពីរ​ដង​ផង អស់​វារៈ​បី​ដង​ផង ។

ប្រសិន​បើ​មាន​បរិក្ខារ​ផ្សេង​ៗ ក្រៅ​ពី​សំពត់​កឋិន ឬ​កឋិន​ចីវរ​ផង​ដែល​ដែល​ហៅ​ថា​អានិស្ស​លាភ នោះ លោក​អាចារ្យ​តែង​វេរ​បន្ថែម​ទៀត​ថា យេនម្ហាកំ កឋិនំ គហិតំ កឋិនានិសំសានិតស្សេវ ទេមទុតិយម្បិ យេនម្ហាកំ… ទេមតតិយម្បិ យេនម្ហាកំ … ទេមរីកឋិន​នៃ​យើង​ខ្ញុំ​ទាំង​ឡាយ គឺ​លោក​ម្ចាស់​អង្គ​ណា​ទទួល​កាន់​យក យើង​ខ្ញុំ​ទាំង​ឡាយ​សូម​វេរ​នូវ​បរិក្ខារ​ទាំង ឡាយ​ជា​អានិស្ស​លាភ នៃ​កឋិន​ចំពោះ​លោក​ម្ចាស់​អង្គ​នោះ​ឯង ។ អស់​វារៈ​ពីរ​ដង​ផង ។ អស់​វារ​បី​ដង​ផង ។

វិធី​វេរ​បែប​ទី​២៖ សម័យ​បច្ចុប្បន្ន លោក​អាចារ្យ​គ្រប់​វត្ត​និយម​វេរ​ស្ទើរ​តែ​ទូទៅ​ថា នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស (បី​ចប់។ មយំ ភន្តេ ឥមំ កឋិន​ចីវរំ សានិសំសំ សង្ឃស្ស ទេម កឋិនំ អត្ថរិតុំ សាធុ ភន្តេ សង្ឃោ ឥមំ កឋិន​ចីវរំ សានិសំ​សំ សង្ឃស្ស ទេម កឋិនំ អត្ថរិតុំ មាតា​បិតា​ទីនំ គុណ​វន្តានញ្ច អម្ហា​កញ្ច ទីឃរត្តំ អត្ថាយ ហិតាយ សុខាយទុតិយម្បិ មយំ ភន្តេ… ហិតាយ សុខាយតតិយម្បិ មយំ ភន្តេ…. ហិតាយ សុខាយបពិត្រ​ព្រះ​សង្ឃ​ដ៏​ចំរើន យើង​ខ្ញុំ​ទាំង​ឡាយ​សូម​វេរ​នូវ​កឋិន​ចីវរ​ព្រម​ទាំង​អានិសង្ស លាភ​នេះ​ចំពោះ​ព្រះ​សង្ឃ​ដើម្បី​ក្រាល​កឋិនបពិត្រ​ព្រះ​សង្ឃ​ដ៏​ចម្រើន សូម​ព្រះ​សង្ឃ មេត្តា​ទទួល​នូវ​កឋិន​ចីវរ ព្រម​ទាំង​អានិសង្ស​លាភ​នេះ ដើម្បី​ក្រាល​កឋិនដើម្បី​សេចក្ដី​ចម្រើន ដើម្បី​ជា​ប្រយោជន៍ ដើម្បី​សេចក្ដី​សុខ​ដល់​លោក​អ្នក​មាន​គុណ​ទាំង​ឡាយ មាន​មាតាបិតា​ជា​ដើម អស់​កាល​ជា​យូរ​អង្វែង​ទៅ​ហោង អស់​វារៈ​ពីរ​ដង​ផង អស់​វារៈ​បី​ដង​ផង ។

ពិធី​ក្រាល​កឋិន៖ ចំណែក​ព្រះ​សង្ឃ កាល​បើ​បាន​ទទួល​កឋិន​ចីវរ​នោះ​ដោយ​ពិនិត្យ​ពិច័យ​ឃើញ​ថា​ត្រឹម​ត្រូវ​តាម​វិន័យ​សព្វ​គ្រប់​ហើយ ក៏​អប​2លោក​ឲ្យ​ភិក្ខុ​១​រូប ដែល​ជំនុំ​សង្ឃ​យល់​ថា​គួរ​ក្រាល​កឋិន​បានរួច​ចាត់​ភិក្ខុ​២ រូប​សូត្រ​ញាតិ​ជា​ភាសា​បាលី​ប្រគល់​ចីវរ​នោះ ដែល​មាន​លំដាប់​លំដោយ​ដូច​ត​ទៅៈ

ដំបូង​ភិក្ខុ​១ រូប​ដែល​ហៅ​ថា សូត្រ​ឆ្វេង” ចាប់​ផ្ដើម​ក្រើន​កឋិន​ដោយ ពាក្យ​ថា ភន្តេ បពិត្រ​ព្រះ​គម្តែង​សង្ឃ​ដ៏​ចម្រើន រី​អង្គ​កឋិន​ទាន​នេះ ជា​របស់​លោក (….) និង (….) សុទ្ធ​សឹង​ជា​ពុទ្ធមា​មក​ជន​ប្រកប​ដោយ​មសាទស្សទ្ទា និង​កុសល​ចេតនា ជា​អសង្ខារិក ជ្រះ​ថ្លា​ចំពោះ​គុណ​ព្រះ​រតន​ត្រ័យ បាន​បំពេញ​នូវ​បុញ្ញ​ករិយា​វត្ថុ​ចេះ​លៃ​លក​យក​ធន​ធាន​ដែល​គ្មាន​ខ្លឹម​សារ ធ្វើ​ឲ្យ​ជា​របស់​មាន​ខ្លឹម​សារ​កប់​ទុក​ក្នុង​ព្រះ​ពុទ្ធ​សាសនា ដើម្បី​ជា​ទ្រព្យ​មត៌ក​សម្រាប់​ប្រើ​ប្រាស់​ទៅ​ក្នុង​ភព​ខាង​មុខ​ទៀត បាន​ស្រុះ​ស្រួល​បបួល​ផ្ដួច​ផ្ដើម​បង្កើត​ជា​អង្គ​កឋិន​ទាន​នេះ​ឡើង ដើម្បី​យក​មក​វេរ​ថ្វាយ​ភិក្ខុ​សង្ឃ​ដែល​គង់​ចាំ​វស្សា​អស់​ត្រី​មាស​ក្នុង​ទី​វត្ត (…) នេះ ។ ដូច្នេះ​សំពត់​កឋិន​នេះ​ហាក់​ដូច​ជា​សំពត់​តិព្វ​លោសេយ្យ​ពស្ត្រ អណ្ដែត​ត្រសែត​ឰដ៏​អាកាស​វេហាសន៍ភាល័យ ហើយ​ធ្លាក់​ចុះ​មក​ក្នុង​កណ្ដាល​ជំនុំ​សង្ឃ ជា​សង្ឃ​ទាន​ដ៏​ស្មោះ​ឥត​ចំពោះ​ព្រះ​ករុណា​អង្គ​ណា​មួយ​ឡើយ ។ ហេតុ​នេះ​ហើយ បើ​ព្រះ​ករុណា​អង្គ​ណា​មាន​ត្រៃ​ចីវរ​ពុទ្ធល​ភាព​ដាច់​ដាច​មិន​អាច​ប្រើ​ប្រាស់​បាន ហើយ​ចេះ​នូវ​អានិសង្ស​៥​3 មាតិកា​៨ បលិពោធ​២ អនត្ថតាការៈ​២៤ អត្ថតាការៈ​១៧ អាច​ញ៉ាំង​សង្ឃ​ឲ្យ​ត្រេក​អរ​ដោយ​កឋិន​ត្ថារកិច្ច​បាន ក៏​សូម​មាន​ព្រះ​ពុទ្ធដីកា​ឆ្លើយ​មក​ចុះ ព្រះ​សង្ឃ​និង​អប​លោក​សំពត់​កឋិន​ត្ថារ​កិច្ច​បាន​ក៏​សូម​ព្រះ​ពុទ្ធ​ដីកា​ឆ្លើយ​មក​ចុះ ព្រះ​សង្ឃ​និង​អប​លោក​សំពត់​កឋិន​នេះ ដល់​ព្រះ​ករុណា​អង្គ​នោះ​ដោយ​ញាត្តិ​ទុតិយកម្ម​វាចា​ក្រាល​គ្រង​ត​ទៅ ។ (ពេល​ដែល​ភិក្ខុ​រូប​នេះ ប្រកាស​ចប់ ត្រូវ​ឈប់​បង្អង់​២​ឬ​៣ នាទី​ដើម្បី​រង់​ចាំ​មើល​ក្រែង​មាន​ភិក្ខុ​រូប​ណា​ដែល​មាន​ចីវរ​ដាច់​ដាច ឆ្លើយ​ថា​ខ្លួន​ចង់​ក្រាល​កឋិន​នេះ

បើ​គ្មាន​ភិក្ខុ​រូប​ណា​មួយ ឆ្លើយ​ថា​ខ្លួន​សុំ​ក្រាល​កឋិន​នេះ​ទេ ភិក្ខុ​១​រូប​ទៀត​ដែល​ហៅ​ថា សូត្រ​ស្ដាំ” ត្រូវ​ប្រកាស​ក្រើន​កឋិន​ដោយ​ពាក្យ​ថា ភន្តេ​បពិត្រ​ព្រះ​គម្ដែង​សង្ឃ​ដ៏​ចម្រើន ខ្ញុំ​ព្រះ​ករុណា​ជា​អ្នក​តំណាង​សង្ឃ​គ្រប់​អង្គ​ក្នុង​ឱកាស​នេះ សូម​ពិត​ព្រះ​ពុទ្ធ​ដីកា​ចំពោះ​ព្រះ​សង្ឃ​គ្រប់​អង្គ សូម​ទាន​ជ្រាប ។ យើង​ខ្ញុំ​ទាំង​អស់​សុទ្ធ​សឹង​តែ​មាន​ចីវរ​ល្មម​គ្រប់​គ្រាន់​ប្រើ​ប្រាស់​ហើយ ប៉ុន្តែ​តាម​យោបល់​របស់​ខ្ញុំ​ព្រះ​ករុណា​យល់​ឃើញ​ថា មាន​តែ​ព្រះ​តេជគុណ (….) អង្គ​នេះ ទើប​សម​គួរ​នឹង​ក្រាល​គ្រង​នូវ​សំពត់​កឋិន​នេះ ព្រោះ​លោក​ជា​អ្នក​ចេះ​នូវ​អានិស្ស​៥ ចាំ​នូវ​មាតិកា​៨ បលិ​ពោធ​២ អនត្ថតាការៈ​២៤ អត្ថតាការៈ​១៧ ហើយ​ឆ្លៀវ​ឆ្លាស​ក្នុង​កឋិន​ត្ថារ​កិច្ច​អាច​ញ៉ាំង​សង្ឃ​ឲ្យ​ត្រេក​អរ​បាន ។ ហេតុ​នេះ បើ​ព្រះ​សង្ឃ​គ្រប់​អង្គ​យល់​ឃើញ​ថា​សម​គួរ​ដូច​ជា​បកាសនវាចា ដែល​ខ្ញុំ​ព្រះ​ករុណា​បាន​ថ្លែង​មក​នេះ ក៏​សូម​បញ្ចេញ​នូវ​សញ្ញា​ថា សាធុ ឲ្យ​ព្រម​ៗ គ្រប់​អង្គ​ទៅ​ហោង ។ (ពេល​នោះ ជំនុំ​សង្ឃ​ក៏​ទទួល​ព្រម​ៗ​គ្នា​ថា សាធុ” 

បន្ទាប់​មក លោក​អ្នក​សូត្រ​ទាំង​ពីរ​រូប អង្គុយ​ច្រហោង​ទឹម​គ្នា​លើក​ដៃ​ប្រណម្យ​ឆ្ពោះ​ទៅ​រក​ភិក្ខុ​ដែល​ត្រូវ​ក្រាល​គ្រង ដោយ​សូត្រ​បាលី ញត្តិ​ទុតិយកម្មវាចា ថា 4 សុណាតុ មេ ភន្តេ សង្ឃោ ឥតំ សង្ឃស្ស កឋិន​ទុស្សំ ឧប្បន្នំ ។ យទិសង្ឃស្ស បត្តកល្លំ សង្ឃោ ឥមំ កឋិន​ទុស្សំ (ឥត្ថន្នាមស្ស5 ភិក្ខុ​នោ ទទយ្យ កឋិនំ អត្ថ រិតុំ ។ ឯសា ញត្តិ ។ សុណាតុ មេ​ភន្តេ សង្ឃោ ឥទំ សង្ឃស្ស កឋិន​ទុស្សំ ឧប្បន្នំ ។ សង្ឃោ ឥមំ កឋិន​ទុស្សំ (ឥត្ថន្នាមស្សភិក្ខុនោ ទេតិ កឋិនំ អត្ថរិតុំ ។ យស្សាយស្មតោ ខមតិ ឥមស្ស យស្ស នក្ខមតិ សោ ភាសេយ្យ ។ ទិន្នំ ឥទំ សង្ឃេន កឋិន​ទុស្សំ (ឥត្ថន្នាមស្សភិក្ខនោ កឋិនំ អត្ថរិតុំ ។ ខមតិ សង្ឃស្ស តស្មា តុណ្ហី ឯវម្មេ តំ ធារយាមិបពិត្រ​ព្រះ​សង្ឃ​ដ៏​ចម្រើន សូម​ព្រះ​សង្ឃ​ស្ដាប់​ខ្ញុំ ដ្បិត​សំបត់​កឋិន​នេះ​កើត​ឡើង​ដល់​សង្ឃ​ហើយ ។ បើ​កម្ម​មាន​កាល​គួរ​ដល់​សង្ឃ​ហើយ គួរ​សង្ឃ​ឲ្យ​សំពត់​កឋិន​នេះ​ដល់​ភិក្ខុ (ឈ្មោះ​នេះដើម្បី​នឹង​ក្រាល​កឋិន ។ នេះ​ជា​ញត្តិ ។ បពិត្រ​ព្រះ​សង្ឃ​ដ៏​ចម្រើន សូម​ព្រះ​សង្ឃ​ស្ដាប់​ខ្ញុំ ដ្បិត​សំពត់​កឋិន​នេះ​កើត​ឡើង​ដល់​សង្ឃ​ហើយ ។ ឥឡូវ​សង្ឃ​ឲ្យ​សំពត់​កឋិន​នេះ​ដល់​ភិក្ខុ (ឈ្មោះ​នេះដើម្បី​នឹង​ក្រាល​កឋិន ។ ការ​ឲ្យ​សំពត់​កឋិន​នេះ​ដល់​ភិក្ខុ​(ឈ្មោះ​នេះដើម្បី​នឹង​ក្រាល​កឋិន​បើ​គួរ​ដល់​លោក​មាន​អាយុ​អង្គ​ណា ត្រូវ​លោក​មាន​អាយុ​អង្គ​នោះ​ស្ងៀម បើ​មិន​គួរ​ដល់​លោក​មាន​អាយុ​ អង្គ​ណា​ទេ ត្រូវ​លោក​មាន​អាយុ​អង្គ​នោះ​និយាយ​ឡើង ។ សំពត់​កឋិន​នេះ សង្ឃ​ឲ្យ​ដល់​ភិក្ខុ​ឈ្មោះ​នេះ ដើម្បី​និង​ក្រាល​កឋិន​ហើយ ។ ការ​ឲ្យ​សំពត់​កឋិន​នេះ​គួរ​ដល់​សង្ឃ​ហើយ ព្រោះ​ហេតុ​នេះ​បាន​ជា​សង្ឃ​ស្ងៀម ។ ខ្ញុំ​សូម​ចាំ​ទុក​នូវ​ការ​នេះ​ដោយ​អាការៈ​ស្ងៀម​នៅ​យ៉ាង​នេះ ។

ភិក្ខុ​អ្នក​ក្រាល ត្រូវ​សូត្រ​បាលី​ដក​សង្ឃាដី ចីពរ ស្បង់​ចាស់​ចេញ​ថា ឥមំ សង្ឃាដី បច្ចុទ្ធរាមិអាត្មា​អញ​ដក​នូវ​សង្ឃាដី​នេះ ។ ឥមំ ឧត្តរាសង្គំ បច្ចុទ្ធរាមិអាត្មា​អញ​ដក​នូវ​ចីពរ​នេះ ។ ឥមំ អន្តរវាស​កំ​បច្ចុទ្ធរាមិអាត្មា​អញ​ដក​នូវ​ស្បង់​នេះ​” 

ភិក្ខុ​អ្នក​ក្រាល​ត្រូវ​យក​ខ្មៅ​ដៃ​ធ្វើ​កប្បពិន្ទុ​ត្រង់​មុម​ចីវរ ដែល​បំរុង​ក្រាល​(គឺ​ធ្វើ​ជា​ចំណុច​មួយ​មូល​ដូច​ជា​រាង​កូន​ឃ្លី ដោយ​បាលី​ថា ឥមំ អន្តរវាស​កំ អធិដ្ឋាមិ ។ ទុតិយម្បិ… តតិយម្បិ…= អាត្មា​អញ​អធិដ្ឋាន​នូវ​ស្បង់​នេះ អស់​វារៈ​ពី​ដង​ផងអស់​វារៈ​បី​ដង​ផង ។ ឥមំ ឧត្តរាសង្គំ អធិដ្ឋាន​នូវ​ស្បង់​នេះ អស់​វារៈ​ពី​ដង​ផងអស់​វារៈ​បី​ដង​ផង ។ ឥមំ ឧត្តរាសង្គំ អធិដ្ឋាមិ…, តតិយម្បិអាត្មា អញ​អធិដ្ឋាន​នូវ​ចីវរ​នេះ អស់​វារៈ​ពីរ​ដង​ផងអស់​វារៈ​បី​ដង​ផង ។ ឥមំ សង្ឃាដី អធិដ្ឋាមិ ទុតិយម្បិ… តតិយម្បិ…= អាត្មា​អញ​អធិដ្ឋាន​នូវ​សង្ឃាដី​នេះ​អស់​វារៈ​ពីរ​ដង​ផង​អស់​វារៈ​បី​ដង​ផង ។

ភិក្ខុ​អ្នក​ក្រាល ត្រូវ​ដោះ​សង្ឃ​ដី​ចាស់ ចីពរ​ចាស់ ស្បង់​ចាស់​ចេញ ហើយ​ទ្រង់​6 ស្បង់​ថ្មី ចីពរ​ថ្មី សង្ឃាដី​ថ្មី​រួច​គង់​បត់​ព្រះ​បាទ​លើក​ព្រះ​ហត្ថ​សំពះ​ជំនុំ​សង្ឃ​ៗ សំពះ​តប​វិញ ហើយ​ប្រកាស​ប្រាប់​ចំនុំ​សង្ឃ​ថា ឥមាយ សង្ឃាដិយា កឋិនំ អត្ថរាមិខ្ញុំ​ក្រាល​កឋិន​ដោយ​សង្ឃា​ដី​នេះ (បើ​ចង់​យក​សង្ឃាដី​ជា​សំពត់​កឋិន។ ឥមិនា ឧត្តរាសង្គេន កឋិនំ អត្ថរាមិខ្ញុំ​ក្រាល​កឋិន​ដោយ​ចីពរ​នេះ (បើ​ចង់​ដោយ​ស្បង់​នេះ (បើ​ចង់​យក​ស្បង់​ជា​សំពត់​កឋិន

ភិក្ខុ​អ្នក​ក្រាល​ត្រូវ​អង្គុយ​ច្រហោង​ប្រណម្យ​អញ្ជលី​ឆ្ពោះ​ទៅ​រក​សង្ឃ​ឬ​គណៈ ឬ​បុគ្គល (ដែល​បាន គង់​ចាំ​វស្សា​ជា​មួយ​គ្នាហើយ​ពោល​ថា អត្ថតំ អាវុសោ 7 សង្ឃស្ស កឋិនំ ធម្មិកោ កឋិន​ត្ថារោ អនុមោទថា (អនុមោទាហិម្នាល​អាវុសោ កឋិន​របស់​សង្ឃ ខ្ញុំ​ក្រាល​ហើយ ការ​ក្រាល​កឋិន​(នេះប្រកប​ដោយ​ធម៌ សូម​លោកទាំង​ឡាយ​អនុមោទនា​ចុះ ។

ភិក្ខុ​អ្នក​អនុមោទនា ត្រូវ​អង្គុយ​ច្រហោង ប្រណម្យ​អញ្ជលី​ពោ​ថា អត្ថតំ ភន្តេ សង្ឃស្ស កឋិនំ ធម្មិកោ កឋិន​ត្ថារោ អនុមោទាម បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន កឋិន​របស់​សង្ឃ លោក​ក្រាល​រួច​ហើយការ​ក្រាល​កឋិន (នេះប្រកប​ដោយ​ធម៌ យើង​សូម​អនុមោទនា ” 

លំ​ចប់​ពិធី​ក្រាល​នេះ​ហើយ ព្រះ​សង្ឃ​ក៏​សូត្រ​ធម៌​ប្រសិទ្ធិពរ​ជូន​សាមី​ដើម​ទាន និង​សប្បុរស​ជន​ទាំង​អស់ ។ លោក​អាចារ្យ ក៏​នាំ​សូត្រ​ធម៌ យំ កិញ្ចិ… ឧទ្ធិស​កុសល​ជូន​ចំពោះ​បុព្វការី​ជន ដែល​បាន​ធ្វើ​មរណកាល​ទៅ​ហើយ ជា​កិច្ច​បញ្ចប់​ពិធី​បុណ្យ​កឋិន​ទាន​របស់​ខ្លួន ក្នុង​បរិយាកាស​សប្បាយ​រីករាយ និង​មនោសញ្ចេតនា​ជ្រះ​ថ្លា​ឥត​ឧបមា ។

IV-សេចក្ដី​សន្និដ្ឋាន

កឋិន​ជា​ពិធី​ជូន​រង្វាន់ ឬ​ផ្ដល់​សិទ្ធិ​ពិសេស លើក​ទឹក​ចិត្ត​ចំពោះ​ភិក្ខុ​សង្ឃ ដែល​បាន​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​រៀន​សូត្រ ប្រតិបត្តិ​ធម៌​វិន័យ ទ្រាំ​ទ្រ​ការ​លំបាក​ផ្សេង​ៗ អស់​ថេរ​វេលា​បី​ខែ​ក្នុង​រដូវ​វស្សា ។ ភិក្ខុ​សង្ឃ​ដែល​បាន​សំរេច​ ទិស​ដៅ​គ្រប់​ផែន​ការ នៃ​ការ​ចាំ​វស្សា អាច​មាន​សិទ្ធិ​ក្រាល​កឋិន និង​អនុមោទនា​កឋិន​បាន ។ កាល​បើ​បាន​ទទួល​កឋិន​ហើយ និង​បាន​អានិសង្ស គឺ​សិទ្ធិ ឬ​ផល​ប្រយោជន៍​៥ យ៉ាង​អស់​រយៈ​កាល​៥​ខែ គឺ​ពី​ថ្ងៃ​ទទួល​កឋិន រហូត​ដល់​ថ្ងៃ​១៥ កើត ខែ​ផល្គុណ ។ ដោយ​ឡែក​កឋិន​ទាន​នេះ ពុំ​មែន​ជា​ចលនា​សកម្ម​ស្ថិត​នៅ​តែ​ក្នុង​ក្របខ័ណ្ឌ និង​បម្រើ​តែ​ផល​ប្រយោជន៍​ខាង​ផ្នែក​ពុទ្ធសាសនា​ប៉ុណ្ណោះ​ទេ តាម​ពិត កឋិន​ទាន​បាន​ក្លាយ​ជា​ចលនា​សកម្ម​របស់​សង្គម​កម្ពុជា​ទាំង​មូល​និង​បម្រើ​សំណូម​ពរ​ធំ​ធេង​ជាក់​ស្ដែង​របស់​ប្រជារាស្ត្រ​កម្ពុជា​ទាំង​ប្រទេស​ចូល​ជ្រៅ​ក្នុង​កិច្ច​កសាង និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​តាំង​ពី​បុរាណ​កាល រហូត​មក​ដល់​បច្ចុប្បន្ន​កាល​នេះ ។

រៀប​រៀង​ដោយ

ម៉ែនប្រាង្គ និង អាំ ឆន

ពិនិត្យ​សម្រួល​ដោយ ឱម ខែម

1ក្រាល​កឋិន=ប្រកាស​ឲ្យ​សង្ឃ​ឮ​គ្រប់​រូប​ថា​យក​ចីវរណា (ស្បង់​ចីពរ ឬ​សង្ឃាដីជា​កឋិន ។

2អាន​ថាអៈប៉ៈ ល៉ោក មាន​ន័យ​ថា ប្រការ​ពាក្យ​សុំ​សេចក្ដី​យល់​ព្រម​ពី​ជំនុំ សង្ឃ​រ​ពី​ក្រុម​ជំនុំ គប្បី​បង្វែរ ឬ​ប្រគល់​អ្វី​ៗឲ្យ​ដល់​អ្នក​ណា​មួយ ។

3មាន​និយាយ​ពិស្ដារ​នៅ​ក្នុង​បិដក​ភាគ​ទី​៩

4វិន័យបិដក​ភាគ​ទី​៨​ទំព័រ​៤

5គ្រប់​បទ​ថា (ឥត្ថន្នាមស្សត្រូវ​ដាក់​ឈ្មោះ​ភិក្ខុ​អ្នក​ក្រាល​កឋិន

6ស្លៀក​ពាក់

7បើ​មាន​អ្នក​អនុមោទនា​ចាស់​វស្សា​ជាង ភិក្ខុ​អ្នក​ក្រាល​ត្រូវ​ពោល​ថា ភន្តេ” វិញ ។



Important Notice: Help Stop the Spread and Stay Healthy. (Read now)