ការពារឧបករណ៍អេឡិចត្រូនិករបស់អ្នកដើម្បីទប់ទល់នឹងឧក្រិដ្ឋជនបច្ចេកវិទ្យា

ការពារឧបករណ៍អេឡិចត្រូនិករបស់អ្នកដើម្បីទប់ទល់នឹងឧក្រិដ្ឋជនបច្ចេកវិទ្យា
ការ​ភ្ជាប់​ខ្លួន​ទៅ​កាន់​បណ្ដាញ​អ៊ីនធឺណេត ​គឺ​ជា​ផ្នែក​មួយ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​នា​សម័យ​បច្ចុប្បន្ន​នេះ​។ ចាប់​ពី​ពេល​ដែល​យើង​ក្រោក​ពី​ដំណេក​ យើង​ចាប់​ផ្ដើម​ភ្ជាប់​ទំនាក់ទំនង​ ចែក​រំលែក​ និង​ ទទួល​បាន​នូវ​សេវាកម្ម​ផ្សេងៗ​ពី​បណ្ដាញ​ អ៊ីនធឺណេត​ ដែល​ធ្វើ​ឱ្យ​ជីវិត​របស់​យើង​គ្រប់​គ្នា​កាន់​តែ​មាន​ភាព​ងាយស្រួល​។ តាម​រយៈ​ការ​ធានា​បាន​នូវ​សុខ​សុវត្ថិភាព​នៃ​ឧបករណ៍​ប្រើប្រាស់​ផ្ទាល់​ខ្លួន​នោះ​ អ្នក​អាច​នឹង​រក្សា​បាន​នូវ​បទ​ពិសោធន៍​វិជ្ជមាន​លើ​បណ្ដាញ​ខាង​លើ​ និង​ទទួល​បាន​នូវ​ភាព​រីករាយ​ផង​ដែរ​។​

ខាង​ក្រោម​នេះ​ជា​គន្លឹះ​ងាយៗ​អាចជួយអ្នកដើម្បី​ការពារឧបករណ៍​​ប្រើប្រាស់​ផ្ទាល់​ខ្លួន​ ដែល​រួមមានដូចជា​៖​ទូរស័ព្ទកុំព្យូទ័រនិងឧបករណ៍​​អេឡិចត្រូនិក​ផ្សេងៗ​ រួម​នឹង​ព័ត៌មានសំខាន់បំផុតរបស់លោក​អ្នកឱ្យចៀសផុតពីការវាយប្រហារដោយឧក្រិដ្ឋជនបច្ចេកវិទ្យា

  • អ៊ីម៉ែល​ និងអត្ថបទ ត្រង់​ចំណុច​នេះ​ អ្នក​នឹង​ជួប​ហានិភ័យ​ខ្លាំង​ ដែលអាចនឹងកើតមាន​ឡើងក្នុងពេល​ដែល​អ្នក​ភ្ជាប់​លួន​ទៅ​កាន់​បណ្ដាញ​អ៊ីនធឺណេតប៉ុន្តែការ​យល់​ដឹង​បន្ថែម​អំពីការ​គំរាម​កំហែងនិងការ​ប្រើ​ប្រាស់​ជម្រើស​ដ៏​ឆ្លាត​វៃ ពិត​ជា​អាចជួយអ្នក​ដើម្បី​កាត់បន្ថយនូវ​រាល់​កត្តា​ប្រឈម​ និង​ ហានិភ័យចំពោះមុខ

    អ៊ីម៉ែល​ គឺ​ជា​មធ្យោបាយ​ធ្វើ​ទំនាក់ទំនង​ដ៏​ពេញ​និយម​ ហើយ​វា​ក៏ជា​គោល​ដៅ​ចម្បង​របស់​ក្រុម​ឧក្រិដ្ឋ​ជន​ផង​ដែរ​។ ដើម្បី​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​ អ្នក​ចាំបាច់​ត្រូវ​យល់ដឹង​អំពី​វិធី​ការពារ​អ៊ីម៉ែល​នៅ​ពេល​ប្រើប្រាស់​ ​កាត់​បន្ថយ​ spam និង malicious​ ឱ្យ​ស្ថិត​ក្នុង​កម្រិត​អប្បបរមា​ ស្គាល់​អ៊ីម៉ែល​ចំឡែក​ៗ​នៅក្នុង​ប្រអប់​សារ​ និង​ ចេះ​ប្រើប្រាស់​ពាក្យ​សម្ងាត់ស្រប​តាម​បទដ្ឋាន​សុវត្ថិភាពបច្ចេកវិទ្យា​ ជា​ពិសេស​នោះ​គឺ​ការ​ប្រើប្រាស់​ពាក្យ​សម្ងាត់​ដើម្បី​ផ្ទៀងផ្ទាត់​ច្រើន​ជាន់​(Multi-factor authentication)។​

  • ទូរស័ព្ទ​ និង​ឧបករណ៍​​អេឡិចត្រូនិក​ផ្សេងៗទូរស័ព្ទ​ទំនើប​ៗ​ និង​ ឧបករណ៍​​អេឡិចត្រូនិក​ផ្សេងៗ​ ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​ភ្ជាប់​ទៅ​កាន់​បណ្ដាញ​អ៊ីនធឺណេត ដើម្បី​ទិញ​ទំនិញ​​ ធ្វើ​ការងារ​ ប្រើ​ប្រាស់​សេវាកម្ម​របស់​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​ និង​ ធនាគារ​ ការ​ស្រាវជ្រាវ​ ការ​តាមដាន​ព័ត៌មាន​អំពី​សុខភាព​ និង​ ការ​បំពេញ​កិច្ច​រាប់​រយ​មុខ​ផ្សេង​ទៀត​ នៅ​គ្រប់​ពេល​វេលា​ និង​ គ្រប់​ទីកន្លែង​ជុំវិញ​ពិភពលោក​។​ រាល់ការ​ប្រើប្រាស់​ដូច​បាន​រៀប​រាប់​នេះ​ លោក​អ្នក​គប្បី​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ជាប់​ជានិច្ច​។

    ើ​នឹង​មានអ្វី​កើតឡើង​ ប្រសិនបើ​ទូរស័ព្ទ​របស់​អ្នក​ត្រូវ​បាត់បង់​ ឬ​ក៏​មាន​គេលួច​ទៅ​?​ ចម្លើយ​គឺ​ថា​គេ​អាច​នឹង​មាន​លទ្ធភាព​ចូល​ទៅ​ប្រើប្រាស់​រាល់​ព័ត៌មាន​ទាំងឡាយ​ដែល​មាន​ផ្ទុក​នៅ​លើ​ទូរស័ព្ទ​នោះ​ រួមមាន​ដូច​ជា​៖​ ព័ត៌មាន​ផ្ទាល់​ខ្លួន​សំខាន់​ៗ​ ព័ត៌មាន​ហិរញ្ញវត្ថុ​ ព័ត៌មាន​ទាក់ទង​នឹង​គណនី​នៅ​លើ​បណ្ដាញ​សង្គម​ជាដើម​។

    ចំណាំ៖​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹងទូរស័ព្ទ​ និង​ឧបករណ៍​​អេឡិចត្រូនិក​ផ្សេងៗ​របស់​អ្នក​ ឱ្យ​ដូច​នឹង​កាបូប​ដាក់​ប្រាក់​របស់​អ្នក​ផង​ដែរ​។​ រក្សា​ទុក​វានៅ​ទី​កន្លែង​សុវត្ថិភាព​គ្រប់​ពេល​វេលា​។

  • App ផ្សេងៗ​នៅ​លើ​បណ្ដាញ​អ៊ីនធឺណេតមុន​នឹង​ទាញ​យក​មក​ប្រើប្រាស់​នូវ​រាល់​កម្មវិធី​ទាំងឡាយ​ គួរ​គប្បី​គិត​អំពី​ប្រភព​ដែល​គួរ​ឱ្យ​ទុក​ចិត្ត​ និង​ រាល់​បញ្ហា​ប្រឈម​នៅ​ពេល​ប្រើប្រាស់​ ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​នៃ​ឧបករណ៍​​អេឡិចត្រូនិករបស់​អ្នក​។​ កម្មវិធី​ទូរស័ព្ទ​មួយ​ចំនួន​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​លួចយកព័ត៌មានផ្ទាល់ខ្លួន​របស់​អ្នក​ ហើយអាចលាតត្រដាងឧបករណ៍និង ទិន្នន័យរបស់អ្នក​ជា​សាធារណៈ​ផងដែរ​។​ កម្មវិធី​ខ្លះ​ទៀត​ អនុញ្ញាត​ឱ្យ​មាន​ការ​វាយ​ប្រហារ​ជា​ប្រព័ន្ធ​ ការ​ប្រើ​កលល្បិច​បោក​បញ្ឆោត​ ការ​ជំរិត​ទារ​ប្រាក់​តាម​រូប​ភាព​ផ្សេងៗ​ជា​ដើម។​

  • ពាក្យសម្ងាត់ ឬ លេខកូដសម្ងាត់វាត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​កំណត់​ថា​អ្នក​ជា​នរណា​ ហើយ​ក៏​ការពារ​ព័ត៌មាន​របស់​អ្នក​ពី​ការ​ជ្រៀត​ចូល​ដោយគ្មាន​ការ​អនុញ្ញាត​របស់​អ្នក​ដទៃ​ផងដែរ​។​ ដើម្បី​សុវត្ថិភាព​រាល់​ពាក្យ​សម្ងាត់​ ឬ​ លេខកូដ​សម្ងាត់​របស់​អ្នក​ ត្រូវ​តែ​គោរព​តាម​លក្ខខណ្ឌ​ដូច​ខាង​ក្រោម​៖​

    • យ៉ាង​ហោច​ណាស់​មាន​១០​តួអក្សរ​ ដែល​មាន​អក្សរ​ធំ​ តូច​ លេខ​ សញ្ញា​ពិសេស​

    • មិន​ត្រូវ​ប្រើ​ពាក្យ​ពេចន៍​នៅ​ក្នុង​វចនានុក្រម​ លេខ​ទូរស័ព្ទ​ ថ្ងៃ​ខែឆ្នាំ​កំណើត​ ឈ្មោះ​
      លេខ​សម្គាល់​យានយន្ដ​ជាដើម​

    • កុំ​ប្រើប្រាស់​ពាក្យ​សម្ងាត់​តែ​មួយ​ សម្រាប់​គណនី​ជា​ច្រើន​ទៀត​

    • កុំ​ចែករំលែក​ទៅ​អ្នក​ដទៃ​ ឬ​ក៏​សរសេរ​បិទ​នៅ​ក្បែរ​ឧបករណ៍​ប្រើប្រាស់​ផ្សេងៗ​

    • ផ្លាស់​ប្ដូរ​ពាក្យ​សម្ងាត់​ឱ្យ​បាន​ញឹកញាប់​បំផុត​ យ៉ាង​ហោច​ណាស់​ ៩០ថ្ងៃ​ម្ដង

  • ព័ត៌មាន​ផ្ទាល់​ខ្លួន​ និង​ ឯកជនភាព​៖​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹងព័ត៌មាន​ផ្ទាល់​ខ្លួន​ និងឯកជនភាព​របស់​អ្នក​ ឱ្យ​ដូច​នឹង​កាបូប​ដាក់​ប្រាក់​របស់​អ្នក​ផង​ដែរ​។​ រក្សា​ទុក​វានៅ​ទី​កន្លែង​សុវត្ថិភាព​គ្រប់​ពេល​វេលា​ជានិច្ច​

    ព័ត៌មាន​ផ្ទាល់​ខ្លួន​ និង​ ព័ត៌មាន​ហិរញ្ញវត្ថុ​ជា​គោល​ដៅ​ចម្បង​របស់​ក្រុម​ឧក្រិដ្ឋជន​នៅលើ​បណ្ដាញ​អ៊ីនធឺណេត​។​ ជា​មួយ​នឹង​អត្តសញ្ញាណ​នានា​ ដែល​ត្រូវ​បាន​លួច​ពី​អ្នក​នោះ​ ក្រុម​ឧក្រិដ្ឋកម្ម​អាច​មាន​លទ្ធភាព​ចូល​ទៅ​កាន់កាប់​គណនី​ធនាគារ​របស់អ្នក​ ឬ​ ទទួល​បាន​កាត​ឥណទាន​ ឬ​ ប្រាក់​កម្ចី​ក្នុង​នាម​ជា​អ្នក​ផងដែរ​។ អ្នក​ត្រូវ​ប្រយ័ត្ន​ជាប់​ជានិច្ច​នូវ​រាល់​ព័ត៌មានផ្ទាល់​ខ្លួន​ទាំងឡាយ​ ដែល​បាន​បង្ហាញ​លើ​អ៊ីនធឺណេត​ បើ​ពុំដូច្នោះ​ទេ​ វា​នឹង​នាំ​អ្នក​ទៅ​រក​កត្តា​ប្រឈម​និងហានិភ័យជា​ច្រើន​ជាយថាហេតុ​។

  • Software updates​ ត្រូវ​ធានា​ថា​ប្រព័ន្ធ​ប្រតិបត្តិ​ ឬ​ កម្មវិធី​ នៅ​លើ​ទូរស័ព្ទកុំព្យូទ័រនិង​ ឧបករណ៍​​អេឡិចត្រូនិក​ផ្សេងត្រូវ​បាន​ updates​ ជា​ប្រចាំ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​មុខងារ​ និង​ ការ​ពារ​ពី​ការ​ជ្រៀត​ចូល​ដោយ​អ្នក​ដទៃ​។

  • ការ​ប្រើ​ប្រាស់​WiFi នៅ​ទី​សាធារណៈ​៖ ការ​ប្រើប្រាស់​សេវា​អ៊ីនធឺណេត​ឥត​គិត​ថ្លៃ​នៅ​តាម​ទី​សាធារណៈ​ ដូចជា​៖​ ហាង​លក់ទំនិញ​ ហាង​កាហ្វេ​ សណ្ឋាគារ​ ភោជនីយដ្ឋាន​ និង​ ព្រលាន​យន្ដហោះជាដើម​ ពិត​ជា​នាំ​មក​នូវ​ហានិភ័យ​សម្រាប់​អ្នក​ប្រើប្រាស់​គ្រប់​រូប​។​ ភ្ជាប់​ទៅ​កាន់​បណ្ដាញ​អ៊ីនធឺណេត​គឺ​ជា​មធ្យោបាយ​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​អ្នក​ទៅ​កាន់​ពិភព​ខាង​ក្រៅ​ ប៉ុន្តែ​បើការ​ភ្ជាប់​ ​ឬ ​ប្រើប្រាស់​បណ្ដាញ​អ៊ីនធឺណេត​របស់​អ្នក​ពុំ​មាន​សុវត្ថិភាព​នោះទេ​ វា​ក៏​ធ្វើ​ឱ្យ​អ្នក​ខាង​ក្រៅ​អាច​មាន​លទ្ធភាព​ចូល​មក​ប្រើប្រាស់​ព័ត៌មាន​របស់​អ្នក​បាន​ផង​ដែរ​។

    ចំណាំ៖​ ដើម្បី​ចៀស​វាង​នូវ​ការ​បាត់បង់​ទិន្នន័យ​ ដូចជា​៖​ ព័ត៌មាន​ផ្ទាល់​ខ្លួន​ និង​ ព័ត៌មាន​ហិរញ្ញវត្ថុ​ជា​យថាហេតុ​នោះ​ អ្នក​គប្បី​កុំ​ប្រើប្រាស់​អ៊ីនធឺណេត​ឥត​គិត​ថ្លៃ​នៅ​តាម​ទី​សាធារណៈ​ដាច់​ខាត​។



Important Notice: Help Stop the Spread and Stay Healthy. (Read now)