សប្ដាហ៍នេះខ្ញុំលើកយកពាក្យចំនួនពីរទៀត ដែលមានសូរដូចគ្នាប៉ុន្តែន័យនៃពាក្យខុសគ្នាមកបង្ហាញជូនដល់អ្នកទាំងអស់គ្នាដើម្បីបានជាគតិ និង ជាប្រយោជន៍ក្នងការប្រើប្រាស់ពាក្យពេចន៍ឱ្យបានត្រឹមត្រូវ និង សម្រាប់ជាការពិចារណាទាំងអស់គ្នាក្នុងភាសាជាតិយើង។ ខាងក្រោមនេះជាអត្ថន័យនៃពាក្យទាំងពីរនេះ ៖
ក្លែង (កិ) ធ្វើឱ្យប្លែកចាករូបរាងដើម ទៅយករូបរាងថ្មីដើម្បីកុំឱ្យគេស្គាល់ ឬ ពោលឱ្យខុសចាកសម្ដីដើមទៅពោលសម្ដីថ្មីដើម្បីកុំឱ្យគេដឹងក្លែងរូប, ក្លែងសម្ដី, ក្លែងសំឡេង ។ ឧទាហរណ៍៖ មនុស្សខូចបានក្លែងរូប ក្លែងសំឡេង ជនខិលខូចបានយកក្រដាសប្រាក់ក្លែងក្លាយមកចាយ។
ខ្លែង (ន) ឈ្មោះសត្វស្លាបមួយប្រភេទ សម្បុរក្រហមក្រមៅ ត្រង់កមានសម្បុរ–ស ចំពុះខុប ក្រញាំជើងចំណាប់មាំ អាចចាប់សត្វតូចៗ ស៊ីបាន ។ ឧទាហរណ៍៖ សត្វខ្លែងចាប់កូនមាន់។
ខ្លែង (ន) រូបតំណាងសត្វខ្លែង ធ្វើដោយក្រដាសសម្រាប់បង្ហើរ។ ទាហរណ៍៖ ខ្លែងបង្ហើរ, បង្ហើរខ្លែង។