កាព្យ​រំលឹក​ពី​អក្សរ​ខ្មែរ

កាព្យ​រំលឹក​ពី​អក្សរ​ខ្មែរ

កាព្យ​រំលឹក​ពី​អក្សរ​ខ្មែរ

ព្រះ​រាជ​និពន្ធ​សម្ដេច​ព្រះ​សង្ឃ​រាជគណៈ​មហានិកាយ

(បទ​ពាក្យ ៧)

អក្សរ​ខ្មែរ

អក្សរ​ខ្មែរ​រុង​រឿង​ដោយ​សារ​ខ្មែរ       ពុំ​ហ៊ាន​បំបែរ​ឱ្យ​ភ្លាត់​ខុស

ជន​ខ្មែរ​គ្រប់​គ្នា​ទាំង​ស្រី​ប្រុស       ពុំ​ហ៊ាន​បង្ខុស​ឱ្យ​ខូច​បង់​ ។

ជន​ខ្មែរ​ស្រុះ​គ្នា​លើក​តម្កើង       ដំឡើង​ពាក្យ​ពេចន៍​ដោយ​ផ្ចិត​ផ្ចង់

ខ្មែ​ជា​គ្រហស្ថ​ខ្មែរ​ជា​សង្ឃ       ខំប្រឹង​តម្រង់​អក្សរ​ជាតិ ។

អក្សរ​វិបត្តិ​ជាតិ​វិបត្តិ       ខ្ចាយ​ខ្ចាត់​រាត់​រាយ​ក្លាយ​ឃ្លៀងឃ្លៀត

ហេតុ​នេះ​ខ្មែរ​យើង​កុំ​រវាត       ត្រូវ​រក្សា​ជាតិ​ឱ្យ​រឹង​ប៉ឹង ។

បើ​ដឹង​មិន​ដល់​កុំ​ធ្វើ​​ចេះ       ចំណេះ​តិច​តួច​ស្តួចស្ដើង​ស្ដឹង

បើ​ចង់​ច្បាស់​លាស់​ត្រូវ​ខំ​ប្រឹង       កុំ​​ដេក​សម្ងំ​ឱ្យ​ចេះ​ឯង ។

ចំណេះ​កើត​មាន​ព្រោះ​ការ​រៀន       កម្ជិល​អៀន​ប្រៀន​កុំ​សម្ដែង

ធ្វើ​ឱ្យ​គេ​ស្ងើច​គេ​កោត​ក្រែង       ស្លាក់​ស្លែង​ទេ​កុំ​រិះ​គន់​គេ ។

ត្រូវ​គន់​ខ្លួន​ឯង​ជា​មុន       កុំ​អោត​ស៊យស៊ុន​ខុស​ទទេ

បើ​ឆ្ងល់​ពុំ​យល់​ត្រូវ​សួរ​គេ       ឥត​ថោក​ទេ​​ថ្លៃ​ទេ​តើ ។

បុរាណ​ថា​ថោក​អី​នឹង​ដៃ       ថ្លៃ​អី​នឹង​មាត់​ពោល​សើវ៉ើ

រៀន​ទៅ​សួរ​ទៅទើប​គ្រាន់​បើ       អើពើ​ចង់​ចេះ​ប្រសើរ​ណាស់ ។

ចាស់​ថា​បើ​ល្ងង់​កុំ​ធ្វើ​ចេះ       បើ​មាន​ចំណេះ​ឱ្យ​ជាក់​ច្បាស់

បើ​ស្ដើង​ហើយ​ចង់​ឱ្យ​បាន​ក្រាស់       ត្រូវ​ថែម​កម្រាស់​ផ្សំ​សាច់​គ្នា ។

អប​ស្ទប​ប៉ះ​ប៉ុន​យក​កម្រាស់       កុំ​ចាំង​កុំ​ច្រាស់​ហួស​មាត្រា

ប៉ះ​ផ្សំ​ផ្គុំ​ភ្ជិត​ទើប​កើត​ជា​       ទោល​ឬ​បន្ទារ​មួន​ជា​មុន ។

បើ​ចេះ​អក្សរ​និង​ភាសា       នៃ​ជាតិ​ណា​ៗ​កុំ​ជ្រុល​ស៊ុន

ងាប់​ស័ព្ទ​ប្រែ​ស្រាយ​ក្លាយ​ជា​កុន       សុន​ត្រុន​ប្រែ​ស្រាយ​ឃ្លាត​ក្ដី​ពិត ។

កាល​ដែល​ប្រារព្ធ​នឹង​ប្រែ​ស្រាយ       ត្រូវ​គិត​នាយ​អាយ​ដោយ​ពិនិត្យ

ឱ្យ​ឃើញ​សេចក្ដី​ជា​ខ្មែរ​ពិត       សឹម​ប្រែ​កុំ​ផ្ដិត​តាម​ពាក្យ​គេ ។

ត្រូវ​ប្រែ​ឱ្យ​មក​ជា​សេចក្ដី       ដែល​ខ្មែរ​ប្រុស​ស្រី​អាច​រិះ​រេ

ស្ដាប់​យល់​មិន​ឆ្ងល់​ទើប​ហៅ​ប្រែ       ត្រឹមត្រូវ​តាម​រូប​សេចក្ដី​ពិត ។

អ្នក​ភាសា​ជន​បរទេស       ទ្វេ​ធ្វេស​ដោយ​ការ​ឥត​បើ​គិត

កាល​ខ្លួន​កំពុង​រៀន​ប្រឹង​ប្រិត       ប្រែ​ផ្ដិត​ឱ្យ​ចំ​តាម​រូប​ស័ព្ទ ។

ភ្លេច​គិត​នឹក​មក​ភាសា​ខ្លួន       ឱ្យ​យល់​សំនួន​ដែល​ងាយ​ស្ដាប់

សម្លឹង​សង្កេត​តែ​រូប​ស័ព្ទ       ក៏​ស្រាប់​តែ​ប្រែ​ខុស​ទាំង​ស្រុង ។

អ្នក​រៀន​សំស្ក្រឹត​ឬ​បាលី       ប្រែ​ខុស​សេចក្ដី​ព្រោះ​ភ័ន្ត​ផុង

យល់​ខុស​ទទេ​ទាំង​ដើម​ចុង       ចូល​ក្នុង​វិង​ស៊ុង​ខ្មាស​អ្នក​ផង ។

តិដ្ឋៈបាលី​ប្រែ​ថា​ឈរ       អ្នក​រៀន​ឈ្លក់​វរ​អន់​ម្ដង​ៗ

ត្រង់​មាន​សេចក្ដី​ថា​ស្ងួន​គ្រង       ប្រែ​ឆ្គង​ថា​ឈរ​នៅ​ងាប់​ស័ព្ទ ។

បារាំង « ពរ៍តេសួរឡាតែត » (1)       ខ្មែរ​ឆ្អែត​ចិត្ត​ជាប់​បែរ​ប្រែ​ប្រាប់

អ្នក​ដែល​មិន​ចេះ​ឱ្យ​គ្នា​ស្ដាប់       បង្គាប់​ថា​ឱ្យ​កាន់​​លើ​ក្បាល ។

មិន​ប្រាប់​​ឱ្យ​គ្នា​ថា​ទូល       នេះ​ហៅ​ស្រមូល​ពុំ​ត្រកាល

ពាក្យ​ថា​ទូល​ក៏​លើ​ក្បាល       ត្រអាល​ប្រែ​ខុស​ពី​ពាក្យ​ខ្លួន ។

តែង​កាព្យ​ត្រូវ​តាម​សម្ភស្ស       តាម​កាព្យ​ចាស់​ៗ​ដែល​មាន​ចួន

កុំ​ចេះ​តែ​តែង​តាម​ចិត្ត​​ខ្លួន       ឱ្យ​កាព្យ​មាន​ជួន​ខុស​មា​ត្រា ។

ពាក្យ​អឺយ​និង​អឺយ (2)សូរ​ផ្សេង​គ្នា       ដូច​ជា​ប្អូន​អើយ ( 3)ម្ដេច​ឡើយ​ថា

ស្ដាប់​បង​មិន​ឮ​ឬ​ស្ងួន​ភ្ងា       ធ្វើ​ជា​មិន​ឮ​ព្រោះ​រឹង​ខ្លួន ។

ព្រះ​បាទ​សម្ដេច​ព្រះ​ហរិរ័ក្ស       ទ្រង់​បាន​បញ្ជាក់​ដោយ​ផ្ទួន​ៗ

ក្នុង​កាព្យ​ព្រះ​អង្គ​ដែល​មាន​ចួន       សំនួន​សម្ភស្ស​ឥត​មាន​ឆ្គង ។

កវី​គួរ​តែ​យក​តម្រាប់     ពុំ​គួរ​ប្រញាប់​កាត់​រំលង

រំលុប​បែប​នោះ​មិន​ត្រាប់​ត្រង       ខុស​ពី​បំណង​អ្នក​ប្រាជ្ញ​ចាស់ ។

មាន​អ្នក​តែង​កាព្យ​ខ្លះ​ហ៊ាន​ថា       ម្ដេច​មិន​វាចា​ឱ្យ​ជាក់​ច្បាស់

ប្រើ​ជា​កិរិយាស័ព្ទ​ខុស​ណាស់       គួរ​ផ្លាស់​សំដី​នេះ​ចោល​ចេញ ។

. .

1Porter sur la tête

2អាន​ថា អ្ហើយ កុំ​ថា​អើយ ឬ​អឺយ

3អាន​ថា​ប្អូន​​អ្ហើយ ឬ ប្អូន​ណើយ កុំ​ថា​ប្អូន​អឺយ



Important Notice: Help Stop the Spread and Stay Healthy. (Read now)