Let's Talk Reading Blog Khmer ព្រះ​ពុទ្ធសាសនា និង​ សង្គម​ខ្មែរ
Khmer

ព្រះ​ពុទ្ធសាសនា និង​ សង្គម​ខ្មែរ

ព្រះ​ពុទ្ធសាសនា និង​សង្គម​ខ្មែរ

យើង​ចង់​ដឹង​ថា តាំង​ពី​អតីតកាល រហូត​មក​ដល់​បច្ចុប្បន្ន​កាល​នេះ តើ​ព្រះ​ពុទ្ធសាសនា បាន​ជួយ​អភិវឌ្ឍន៍​សង្គម​ខ្មែរ​ដែរ​ឬ​ទេ ? សំនួរ​នេះ តម្រូវ​អោយ​យើង​ឆ្លើយ និង​ដោះស្រាយ​បំភ្លឺ ដោយ​ប្រើ​ការ​សិក្សា​ស្រាវជ្រាវ តាម​សម័យ​កាល​នីមួយ ៗ ដូច​តទៅ​នេះ :

សម័យ​នគរ​ភ្នំ (., ៥៤៣ – ១០៩៣, .ស ទី ១ – ៥៥០)

ខាង​ចុង​គ្រឹស្ត​សតវត្ស​ទី ៥ និង​ដើម​គ្រឹស្ត​សតវត្ស​ទី ៦ ព្រះ​បាទ​កៅណ្ឌិន្យ​ជយវរ្ម័ន ព្រះ​ចៅ​នគរភ្នំ បាន​បញ្ជូន​អ្នក​ប្រាជ្ញ​ពីរ​អង្គ គឺ​ព្រះ​សង្ឃ​បាលត្ថេរ និង​ព្រះ​មន្ទ្រសេនត្ថេរ ដែល​ចេះ​ភាសា​ច្រើន អោយ​ទៅ​ជួយ​ប្រែ​ព្រះ​ត្រៃបិដក​ជូន​ប្រទេស​ចិន តាម​សេចក្ដី​សុំ​ពី​ព្រះ​ចៅ​ក្រុង​ចិន ព្រះ​នាម វូ ក្នុង​រាជវង្ស​លាង ។ ព្រះ​ថេរៈ​ទាំង​ពីរ​អង្គ​នេះ​ក៏​ទទួល​ព្រះ​រាជានុញ្ញាត​អោយ​ទៅ​បំពេញ​ប្រេសិតកម្ម​នេះ តាម​សំណើរ​របស់​ព្រះ​ចៅ​ក្រុង​ចិន នៅ “ហ្វូណន – ក្វាង” ប្រែ​ថា ការិយាល័យ​នៃ​ប្រទេស​នគរភ្នំ ។ នេះ​ជា​ប្រេសិតកម្ម​ដ៏​ខ្ពង់ខ្ពស់ ដែល​ព្រះ​ថេរៈ​ទាំង​ពីរ​អង្គ បាន​បំពេញ​ជា​ផ្លូវ​រដ្ឋ​ជូន​ប្រទេស​ទាំង​ពីរ ដែល​បង្កើត​បាន​ជា​មិត្តភាព​មួយ ចង​ភ្ជាប់​ប្រទេស​ទាំង​ពីរ អោយ​ស្រឡាញ់​រាប់អាន​គ្នា ។ ចំណង​មិត្តភាព​នេះ បាន​បន្ត​ដល់​ព្រះ​មហា​ក្សត្រ​ក្រោយ ៗ ទៀត​ផង ។

សេចក្ដី​ប្រែ​ព្រះ​ត្រៃបិដក ជា​ស្នា​ព្រះហស្ត​នៃ​ព្រះ​ថេរៈ​ទាំង​ពីរ​អង្គ​នេះ មាន​ចារ​ជាប់​ព្រះ​នាម​ក្នុង​ព្រះ​ត្រៃបិដក​ចិន រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ។ កាល​សម្ដេច​ព្រះ​ឧបយុវរាជ សីហនុ វរ្ម័ន យាង​ទៅ​ប្រទេស​ចិន ក្នុង​ឆ្នាំ ១៩៥៦ អធិបតី​នៃ​សមាគម​ពុទ្ធសាសនា​ចិន បាន​យក​ស្នា​ព្រះ​ហស្ត​នោះ​មក​ថ្វាយ​សម្ដេច​ទត ទុក​ជា​សក្ខីភាព​នៃ​មិត្តភាព​ខ្មែរ – ចិន ដែល​មាន​អាយុ ១៥០០ ឆ្នាំ មក​ហើយ ។

នៅ ព.. ១០២៧, .. ៤៨៤ ព្រះ​បាទ​កៅណ្ឌិន្យ​ជយវរ្ម័ន​ដដែល បាន​បញ្ជូន​ព្រះ​សាក្យ​នាគសេនត្ថេរ ជា​ប្រេសិត​ទៅ​កាន់​ព្រះ​ចៅ​ក្រុង​ចិន ព្រះ​នាម វុ ទី ។ ប្រេសិតកម្ម​របស់​ព្រះ​ថេរៈ​អង្គ​នេះ មាន​លក្ខណៈ​ជា​ការទូត ពីព្រោះ​ភារកិច្ច​នេះ​ជា​ទំនាក់​ទំនង​ការងារ​របស់​ប្រទេស​ជាតិ​ទាំង​ពីរ នេះ​ជា​ការ​បញ្ជាក់​បាន​ថា ភិក្ខុ​សង្ឃ​នៃ​ព្រះ​ពុទ្ធសាសនា មាន​មុខងារ​សំខាន់​ណាស់​ក្នុង​សង្គម ។

សម័យ​ចេនឡា (.. ១០៩៣ – ១៣៤៥, .. ៥៥០ – ៨០២)

ក្នុង​រជ្ជកាល​ព្រះ​បាទ​ជ័យវរ្ម័ន​ទី ១ វត្ត​ព្រៃវៀរ ជា​វត្ត​មួយ​គួរ​អោយ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់ បំភ្លេច​ចោល​មិន​បាន ។ វត្ត​នេះ​ស្ថិត​នៅ​ក្នុង​ស្រុក​កំពង់​ត្របែក ខេត្ត​ព្រៃវែង ជា​វត្ត​បរម​បុរាណ​មួយ​ជាប់​ឋិតថេរ​ចីរកាល តាំង​ពី​កា​នោះ​មក រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ។ ទៅ​ដល់​វត្ត​នេះ​ភ្លាម យើង​ឃើញ​សម្បត្តិ​វប្បធម៌​ខ្មែរ​ពី​បុរាណ គួរ​អោយ​រំភើប​ចិត្ត​ខ្លាំង​ណាស់ រំភើប​ដោយ​នឹក​ដល់​បុព្វបុរស​យើង គឺ​ពិត​ជា​បុព្វការីជន គួរ​ជា​ទី​គោរព​សក្ការៈ​របស់​យើង​ជំនាន់​ក្រោយ ។ និយាយ​នេះ ហាក់​ដូចជា​មាន​តែ​វត្ត​ព្រៃវៀរ​មួយ​នេះ ដែល​មាន​តួនាទី​ថែរក្សា​សម្បត្តិ​វប្បធម៌​ជាតិ ។ តាម​ពិត អោយ​តែ​វត្ត​អារាម​របស់​ព្រះ​ពុទ្ធសាសនា គឺ​ជា​ជង្រុក​វប្បធម៌​របស់​ខ្មែរ ទោះ​ក្នុង​សម័យ​កាល​ណា​ក៏​ដោយ ។ ប៉ុន្តែ ចុះណុច​ដែល​គួរ​អោយ​ចាប់​អារម្មណ៍​នោះ​គឺ វត្ត​នេះ​កើត​ឡើង​តាំង​ពី គ.. ៦៦៤ ហើយ​ឋិតថេរ រហូត​មក​ដល់​សព្វ​ថ្អៃ​នេះ ពុំ​មាន​រលុប​រលាយ​ទៅ​ណា ហើយ​បាន​រក្សា​ទុក​នូវ​វប្បធម៌​របស់​ជាតិ​អោយ​យើង​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ទៀត​ផង ។

សម័យ​មហា​នគរ (.. ១៣៤៥ – ១៩៥៧, .. ៨០២ – ១៤៣២)

លោក ចូវ តាកួន ព្រះ​រាជទូត​ព្រះ​ចៅ​ក្រុង​ចិន ប្រចាំ​ប្រទេស​មហា​នគរ បាន​សរសេរ​ក្នុង​ឆ្នាំ ១២៩៦ ថា «ព្រះ​រាជា ពិគ្រោះ​កិច្ចការ​ធំ ៗ ជា​មួយ​នឹង​ព្រះ​ភិក្ខុ​សង្ឃ»

ឯ​លោក សឺដែស ប្រវត្តិ​វិទូ​បារាំង បាន​សរសេរ​ក្នុង​កាលានុប្បវត្តិ​លាវ និយាយ​ថា ព្រះ​រាជ​កុមារ ហ្វា ងូម បាន​ទៅ​សិក្សា​ចំណេះ​វិជ្ជា​នៅ​ប្រទេស​ខ្មែរ ក្នុង​រជ្ជកាល​ព្រះ​បាទ​ជយវិមបរមេស្វរៈ ។ ព្រះ​រាជ​កុមារ​នេះ បំពេញ​ការ​សិក្សា​ក្នុង​សំណាក់​ព្រះ​មហា​ថេរ​ខ្មែរ​មួយ​អង្គ មាន​ឋានៈ​ខ្ពង់ខ្ពស់ ព្រះ​នាម មហា ផះ សម៉នចៅ(មហា​សមណៈ) ។ លុះ​ព្រះ​ជន្ម​បាន ១៦ ព្រះ​វស្សា ព្រះ​មហា​ក្សត្រ​ខ្មែរ សព្វ​ព្រះ​ទ័យ​ណាស់ ទ្រង់​ព្រះ​មេត្តា​ប្រោស​លើក​ព្រះ​រាជ​ធីតា ព្រះ​នាម កែវ ឬ យ៉តកែវអភិសេក​ប្រទាន​ជា​អគ្គ​ជាយា ។ លុះ​ដល់ គ.. ១៣៥៣ ព្រះ​រាជា​កុមារ ហ្វា ងូម បាន​អភិសេក​ជា​ព្រះ​មហា​ក្សត្រ​លាវ ព្រះ​នាម ព្រះ​យ៉ា ហ្វា ងូមហើយ​ទ្រង់​ដាក់​នាម​រាជធានី​លាវ​ថា ល៉ានឆាង។ កាល​ណោះ នៅ​មិន​ទាន់​មាន​នាម​ថា លួង​ព្រះ​បាងនៅ​ឡើយ​ទេ ។ រួច​ហើយ ព្រះ​យ៉ា ហ្វា ងូម បាន​សុំ​ព្រះ​រាជានុញ្ញាត​ពី​ព្រះ​មហា​ក្សត្រ​ខ្មែរ និមន្ត​មហា​ព្រះ​សមណៈ​ជា​គ្រូ​របស់​ព្រះ​អង្គ គណៈ​សង្ឃ​ខ្មែរ និង​សិល្បករ​ខ្មែរ​ច្រើន​នាក់ ព្រម​ទាំង​គម្ពីរ​ដីកា យក​ទៅ​ប្រតិស្ឋាន​នៅ​ប្រទេស​លាវ ។ ដើម្បី​អោយ​កើត​មាន​សិរី​សួស្ដី​ជ័យ​មង្គល​ដល់​ប្រទេស និង​ប្រជាជន របស់​ព្រះ​អង្គ ទ្រង់​ក៏​សុំ​ព្រះ​រាជានុញ្ញាត​ពី​ព្រះ​មហា​ក្សត្រ​ខ្មែរ និមន្ត​ពុទ្ធ​បដិមា * សក្តិសិទ្ធិ​មួយ​អង្គ​ទៀត ដែល​មាន​កិត្តិនាម​ល្បីល្បាញ យក​ទៅ​ប្រតិស្ឋាន​ទុក​ជា​មង្គល ឬ​ជា​កិត្តិយស​ដល់​ព្រះ​រាជធានី​ល៉ានឆាង ។ លុះ​បាន​ទៅ​ប្រតិស្ឋាន​នៅ​ព្រះ​រាជធានី​ល៉ានឆាង​ហើយ ព្រះ​ពុទ្ធរូប​អង្គ​នេះ ត្រូវ​បាន​ថ្វាយ​នាម​ថា ព្រះ​បាង។ រាជធានី​ល៉ានឆាង តាំង​ពី​បាន​ព្រះ​បាង​ទៅ​ប្រតិស្ឋាន​ទុក​ជា​ជយ​មង្គល​ហើយ ក៏​បាន​នាមាភិធេយ្យ​ថ្មី​ថា រាជធានី លួង​ព្រះ​បាងតាំង​ពី​ពេល​នោះ​មក រហូត​ដល់​សព្វ​ថ្ងៃ​នេះ ។

សេចក្ដី​រៀបរាប់​ខាង​លើ​នេះ យើង​ឃើញ​ថា ប្រេសិត​មួយ​ក្រុម​ធំ ដែល​ព្រះ​មហា​ក្សត្រ​ខ្មែរ​បញ្ជូន​ទៅ​នោះ មាន​ទ្រង់ទ្រាយ​ជា​ផែនការ​មួយ រៀបចំ​ឡើង​ដើម្បី​ជួយ​អភិវឌ្ឍ​ប្រទេស​លាវ ក្រោម​ការ​ដឹកនាំ​របស់​មហា​សមណៈ និង​ព្រះ​យ៉ា ហ្វា – ងូម ។ ព្រោះ​ហេតុ​នេះ សេចក្ដី​រុងរឿង​នៃ​ព្រះ​ពុទ្ធសាសនា និង​សិល្ប​វិជ្ជាការ​នានា នៅ​ប្រទេស​លាវ អាច​កើត​ចេញ​ពី​ឥទ្ធិពល​នៃ​វប្បធម៌​ខ្មែរ​ពី​បុរាណ​ទាំងអស់ ។

នេះ​ជា​ការ​អភិវឌ្ឍន៍​ដ៏​ធំ​មួយ ដែល​ព្រះ​ពុទ្ធសាសនា​បាន​ជួយ​បំពេញ​ថ្វាយ​ព្រះ​មហា​ក្សត្រ​ខ្មែរ ក៏​ដូចជា​សង្គម​ខ្មែរ បង្កើត​បាន​ជា​មិត្តភាព​មួយ​យ៉ាង​ជិតស្និទ្ធ រវាង​ប្រទេស​ទាំង​ពីរ ។ ពង្សាវតារ​ខ្មែរ​បាន​ឆ្លាក់​ប្រវត្តិ​នេះ ទុក​ជា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់ នៃ​ព្រះ​មហា​ក្សត្រ​ខ្មែរ គណៈ​សង្ឃ​ខ្មែរ ប្រជាជន​ខ្មែរ ។ និស្សិត​លាវ ជា​បព្វជិត​ក្ដី គ្រហស្ថ​ក្ដី តែង​មក​សិក្សា​នៅ​ប្រទេស​ខ្មែរ ក្រោម​ការ​ឧបត្ថម្ភ​ពី​មហា​ក្សត្រ​ខ្មែរ ។

សម័យ​អាណានិគម​បារាំង (.. ១៨៦៣ – ១៩៥៣)

ក្នុង​សម័យ​នេះ បារាំង​បាន​ប៉ុនប៉ង​លុប​បំបាត់​អក្សរ​ខ្មែរ ។ នៅ​តាម​សាលា​រៀន បារាំង​អោយ​រៀង​អក្សរ​ឡាតាំង​ជំនួស​អក្សរ​ខ្មែរ ។ នេះ​ជា​ព្រឹត្តិការណ៍ ដ៏​រំជួល​មួយ​ក្នុង​សង្គម​ខ្មែរ ប៉ុន្តែ ពុំ​មាន​ខ្មែរ​ណា​ហ៊ាន​តវ៉ា​ឡើយ ។ រឿង​នេះ បារាំង​ខំ​ព្យាយាម​ខ្លាំង​ណាស់ ប៉ុន្តែ ពេល​ក្រោយ​មក ស្រាប់​តែ​បារាំង​អោយ​រៀង​អក្សរ​ឡើង​វិញ ។ តើ​មូលហេតុ​អ្វី​បាន​ជា​បារាំង​លះបង់​គំនិត​លុប​បំបាត់​អក្សរ​ខ្មែរ ។

ការ​ដោះស្រាយ​បញ្ហា​ខាង​លើ ទៅ​តាម​សម័យ​កាល​នីមួយ ៗ ធ្វើ​អោយ​យើង​ដឹង​ច្បាស់​ដោយ​ខ្លួន​ឯង​ថា វត្ត​អារាម​ជា​ជង្រុក​វប្បធម៌ ជា​មជ្ឈ​មណ្ឌល​ផ្សព្វផ្សាយ​ពុទ្ធិ និង​ថែរក្សា​សម្បត្តិ​វប្បធម៌​ជាតិ តាំង​ពី​អតីតកាល​ដ៏​យូរលង់​មក​ហើយ ។ ឯ​ព្រឹត្តិការណ៍​លុប​បំបាត់​អក្សរ​ជាតិ ដែល​ជា​ព្រឹត្តិការណ៍​ដែល​គួរ​អោយ​រន្ធត់​នោះ ត្រូវ​បាន​វត្ត​អារាម​ប្រឈម​មុខ​ត​ទល់​ទៀត ។ ភិក្ខុ សាមណេរ​គ្រប់​វត្ត​អារាម នៅ​តែ​សរសេរ​ចារ​ជា​អក្សរ​ខ្មែរ​ដដែល សូត្រ​ធម៌ បង្ៀន​ធម៌ ជា​អក្សរ​ខ្មែរ ។ បង្រៀន​អក្សរ​ខ្មែរ​ដល់​កូន​ចៅ​ដែល​ទៅ​នៅ​វត្ត ។ គម្ពីរ​ដីកា សាស្ត្រា​ស្លឹក​រឹត ក្បួន​តម្រា​ទាំងឡាយ ត្រូវ​ភិក្ខុសាមណេរ​គ្រប់​វត្ត ថែរក្សា​ទុក​យ៉ាង​ម៉ត់ចត់ ។ ការ​ប្រឈម​មុខ​ត​ទល់​នឹង​បារាំង​របស់​វត្ត​អារាម​នេះ ធ្វើ​អោយ​បារាំង​ទាល់​ច្រក ពីព្រោះ​បារាំអ​មិន​ហ៊ាន​រំលោភ​លើ​វត្ត​អារាម ។ មនុស្ស​ខ្មែរ​នា​ពេល​នោះ មាន​ការ​រួម​គំនិត​គ្នា​ខ្លាំង​ណាស់ ។ ពុទ្ធបរិស័ទ​គ្រប់​វត្ត មាន​គំនិត​ប្រឆាំង​បារាំង​ដូច ៗ គ្នា ប៉ុន្តែ វត្ត​អារាម (ភិក្ខុ -​សាមណេរ) ជា​អ្នក​ចេញ​មុខ ។ ឥទ្ធិពល​នេះ ធ្វើ​អោយ​សាលា​រៀន​អក្សរ​ឡាតាំង​របស់​បារាំង​ចុះ​ខ្សោយ ជា​លំដាប់ ។ ទី​បំផុត បារាំង​អោយ​រៀន​អក្សរ​ខ្មែរ​ដដែល ។ ប្រសិន​បើ គ្មាន​វត្ត​អារាម​ទេ​នោះ អក្សរ​ជាតិ​របស់​យើង ត្រូវ​លុប​រលាយ​បាត់​អស់​តាំង​ពី​ពេល​នោះ​ឯង ។

សម័យ​សង្គម​រាស្ត្រ​និយម (១៩៥៣ – ១៩៧០)

ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម រដ្ឋាភិបាល និង​វត្ត​អារាម មាន​ការ​ជិត​ដិត​គ្នា​ល្អ​ណាស់ ។ គំនិត​នេះ ពិត​ជា​មាន​ការ​ដិតដាម​ជាប់​ឥទ្ធិពល​ពី​មហា​ក្សត្រ​មុន ៗ ដូចជា​ព្រះ​បាទ​ជ័យវរ្ម័ន​ទី ២ រហូត​ដល់​ជ័យ​វរ្ម័ន​ទី ៧ ជាដើម ។ ព្រះ​បាទ​ជ័យវរ្ម័ន​ទី ២ ដែល​តាំង​រាជធានី នៅ​លើ​ភ្នំ​គូលេន ហៅ «មហេន្ទ្រ​បព៌ត» ព្រះ​អង្គ​បាន​រៀបចំ​ពិធី​សំខាន់ ៗ​ពីរ​គឺ ពិធី «ទេវរាជ» និង​ពិធី «ពុទ្ធរាជ» ។ ពិធី​ទាំង​ពីរ​នេះ​ហើយ ដែល​ធ្វើ​អោយ​យើង​យល់​ថា ព្រះ​អង្គ​ឱប​សាសនា​ទាំង​ពីរ​គឺ ព្រហ្មញ្ញ​សាសនា និង​ពុទ្ធសាសនា ។ តាម​ពិត កំណើត​សាសនា​របស់​ព្រះ​អង្គ​គឺ ព្រហ្មញ្ញ​សាសនា តែ​ក្រោយ​មក ដោយ​ពុទ្ធសាសនា​រីក​ចំរើន ព្រះ​អង្គ​ក៏​បែរ​មក​កាន់​ពុទ្ធសាសនា​ទៀត ។ នេះ​ជា​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ព្រះ​បាទ​ជ័យវរ្ម័ន​ទី ២ ជា​បុព្វការី​របស់​ព្រះ​បាទ​ជ័យវរ្ម័ន​ទី ៧ ។ ឯ​សម័យ​សង្គម​រាស្ត្រ​និយម ដ៏​ដូច្នោះ​ដែរ ។ យើង​សង្កេត​ឃើញ​ថា ស្ទើរ​តែ​គ្រប់​វត្ត​អារាម បាន​សាងសង់​សាលា​រៀន​សំរាប់​កុមារ កុមារី ក្នុង​ចំណុះ​ជើង​វត្ត ។ កាល​នោះ ការ​សាងសង់​ទាំងឡាយ មាន​សាលា​បឋម​សិក្សា រហូត​ដល់​អនុ​វិទ្យាល័យ វិទ្យាល័យ ច្រើន​តែ​ព្រះ​សង្ឃ​ជា​ប្រធាន​នៃ​ការ​សាងសង់ ។ មាន​វត្ត​ជា​ច្រើន​បាន​ជួយ​ផ្ដល់​ការ​ងាយ​ស្រួល​ដល់​គ្រូ​បង្រៀន ដោយ​ផ្ដល់​ទី​កន្លែង​ស្នាក់​នៅ​ក្នុង​វត្ត និង​ផ្គត់ផ្គង់​ភោជនាហារ​ទៀត​ផង ។

នៅ​ឯ​ក្រុង​ភ្នំពេញ​វិញ វត្ត​នីមួយ ៗ ផ្ទុក​ដោយ​សិស្ស និង​និស្សិត ស្នាក់​នៅ​រៀន​សូត្រ ឆ្នាំ​ខ្លះ ភិក្ខុ – សាមណេរ​មាន​តិច​ជាង​សិស្ស និស្សិត ។ គ្រាន់​តែ​វត្ត​ឧណ្ណាលោម​មួយ ឆ្នាំ​ខ្លះ ភិក្ខុ – សាមណេរ​មាន​ត្រឹម ៤០០ អង្គ ឯ​សិស្ស និស្សិត មាន​ដល់​ទៅ​ជាង ៥០០ នាក់ ក៏​មាន ។ សិស្ស និស្សិត ទាំង​នេះ​មាន​ការ​ស្រឡាញ់​ស្និទ្ធស្នាល​ជា​មួយ​ភិក្ខុ – សាមណេរ​ណាស់ ។ សាស្ត្រាចារ្យ​ខ្លះ បន្ត​ស្នាក់​នៅ​ក្នុង​វត្ត រហូត​ដល់​មាន​គូ​ស្រករ ទើប​ចេញ​ពី​វត្ត ដោយ​នាំ​យក​នូវ​ស្លាក​ស្នាម​ស្រឡាញ់​វត្ត និង​ភិក្ខុ – សាមណេរ​ទៅ​ជា​មួយ​ផង ។ មាន​សកម្មភាព​វប្បធម៌​ច្រើន​ទៀត ដែល​វត្ត​អារាម និង​ព្រះ​សង្ឃ​ពុទ្ធសាសនិក​យើង បាន​រួម​ចំណែក​លើក​ស្ទួយ​សង្គម​ជាតិ ។

តាម​ការ​សិក្សា​ដោយ​សង្ខេប​របស់​យើង, យើង​ឃើញ​ថា តាំង​ពី​បុរាណ​រៀង​មក ព្រះ​ពុទ្ធសាសនា​បាន​ដើ​តួនាទី​ជា​ប្រវត្តិសាស្ត្រ ដោយ​បាន​រួម​ចំណែក​ដល់​ភាព​ថ្កុំថ្កើង​រុងរឿង និង​កិត្យានុភាព​នៃ​មាតុភូមិ​អង្គរ ដោយ​បាន​ថែរក្សា លើក​តម្កើង អត្ត​សញ្ញាណ​ជាតិ​កម្ពុជា ភាសា អក្សរសាស្ត្រ វប្បធម៌ សីលធម៌ ប្រពៃណី ទំនៀម​ទម្លាប់​ខ្មែរ​ដ៏​ល្អ​បវរ ព្រម​ទាំង​បាន​បង្ហាញ​ផ្លូវ​រស់​នៅ ដ៏​សុខសាន្ត​ដល់​ខេមរជន​គ្រប់​រូប​អោយ​ដើរ​ឆ្ពោះ​ទៅ​កាន់​សន្តិភាព វិបុលភាព និង​សុភមង្គល ដោយ​ចៀសវាង​អំពើ​ហឹង្សា អកុសល​កម្ម បាបកម្ម​ផ្សេង ៗ ។

នា​ដំណាក់​កាល​បច្ចុប្បន្ន​នេះ ព្រះ​ពុទ្ធសាសនា ដែល​ស្ទើរ​តែ​ផុត​រលត់​សូន្យសុង​ក្នុង​កម្លុង​ឆ្នាំ ១៩៧៥ – ១៩៧៩ បាន​រីក​ចំរើន​ឡើង​វិញ ក្នុង​សន្ទុះ​មួយ​ថ្មី ដោយ​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​ពុទ្ធសាសនិក​ដ៏​សប្បុរស​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស ។ ជា​មួយ​នឹង​ការ​រីក​ចំរើន​នេះ ទោះបី​បញ្ហា​ថ្មី ៗ បាន​កើត​មាន​ឡើង​នៅ​ក្នុង​សាសន​មណ្ឌល ក៏​មន្ត្រី​សង្ឃ និង​មន្ត្រី​ធម្មការ​ខេត្ត ក្រុង​របស់​យើង បាន​រិះ​រក​វិធី​សាស្ត្រ​ដោះស្រាយ​មួយ​ដ៏​សម​ហេតុ​ផល សំដៅ​ពង្រឹង​តួនាទី​ព្រះ​ពុទ្ធសាសនា​នៅ​ក្នុង​សង្គម​ឡើង​វិញ តាម​រយៈ​តួនាទី​របស់​វត្ត​អារាម, របស់​ព្រះ​សង្ឃ និង​ការ​អប់រំ ឃោសនា​ផ្សព្វផ្សាយ​អំពី​ព្រះ​ធម៌ ពុទ្ធ​ឱវាទ សីលធម៌ ចរិយា​ធម៌ ដើម្បី​បង្កើន​ជំនឿ​ទុក​ចិត្ត​របស់​ពុទ្ធសាសនិកជន​ទៅ​លើ​ព្រះ​ពុទ្ធសាសនា និង​តម្រង់​ទិស​សង្គម និង​យុវវ័យ​ជំនាន់​ក្រោយ ៗ អោយ​បន្ត​គោរព​ចំពោះ​ព្រះ​ធម៌​របស់​ព្រះ​សម្មា​សម្ពុទ្ធ​នៃ​យើង ។ សកម្មភាព​ដែល​មន្ត្រី​សង្ឃ និង​មន្ត្រី​ធម្មការ​ខេត្ត ក្រុង របស់​យើង យក​ព្រះ​ទ័យ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​នោះ​គឺ ការ​បន្ត​ការ​គាំទ្រ​ដល់​ការងារ​មនុស្ស​ធម៌ និង​សង្គមកិច្ច ដូចជា​កសាង​វត្ត​អារាម កសាង​បណ្ណាល័យ កសាង​សាលា​រៀន ផ្លូវ​ថ្នល់ មន្ទីរ​ពេទ្យ​ការ​ទំនុក​បំរុង​ដល់​ចាស់​ព្រឹទ្ធាចារ្យ​គ្មាន​កូន​ចៅ កុមារ​កំព្រា និង​ប្រជារាស្ត្រ​ជួម​គ្រោះ​ភ័យ​ដោយ​ប្រការ​ផ្សេង ៗ ជាដើម ព្រោះ​យើង​មាន​ជំនឿ​ជឿជាក់ កិច្ចការ​ទាំងអស់​នេះ ទោះ​ធំ​ឬ​តូច, ច្រើន​ឬ​តិច​ក្ដី សុទ្ធ​តែ​មាន​ឥទ្ធិពល​ចូល​ជ្រៅ​ក្នុង​ជីវភាព​សង្គម ដែល​ញ៉ាំង​អោយ​តូនាទី​ព្រះ​ពុទ្ធសាសនា កាន់​តែ​រីក​ចំរើន​រឹងមាំ​ទៅ​អនាគត ៕

កែ​សម្រួល ៖ ឱម ខែម និង សុខ សេង

*ពុទ្ធ​បដិមា​អង្គ​នេះ ប្រហែល​ព្រះ​ពុទ្ធ​រូប​ព្រះ​នាម «ជយពុទ្ធ​មហានាថ» ពីព្រោះ ពុទ្ធរូប នាម​ជយពុទ្ធ​មហានាថ ទាំង ២៥ អង្គ មាន​កិត្តិនាម​ល្បីល្បាញ​ខ្លាំង​ណាស់​ដល់​ប្រទេស​នានា ។

Exit mobile version