ការចាំវស្សារបស់ព្រះសង្ឃ
ការចូលវស្សា ឬចាំវស្សា ជាប្រពៃណីរបស់ព្រះសង្ឃពុទ្ធសាសនិកមានតាំងពីជំនាន់ពុទ្ធកាលរៀងមក ។ រឿងនេះ មានសំដែងទុកក្នុងគម្ពីរព្រះត្រៃបិដកភាគទី៧ ផ្នែកព្រះវិន័យ ។
I-មូលហេតុនៃការចូលវស្សា
សម័យនោះព្រះមានព្រះភាគទ្រង់គង់នៅវត្តវេឡុវ័ន នាក្រុងរាជគ្រឹះ ។ គ្រានោះឯង ការចាំវស្សាព្រះមានព្រះភាគមិនទាន់បានអនុញ្ញាតដល់ភិក្ខុទាំងឡាយនៅឡើយទេ ។ ភិក្ខុទាំងនោះ ក៏ចេញដើរទៅកាន់ចារឹក1 ផ្សេងៗអស់ហេមន្តរដូវខ្លះ អស់គិម្ហរដូវខ្លះ អស់វស្សានរដូវខ្លះ ។ មនុស្សទាំងឡាយក៏ពោលទោសតិះដៀលបន្តុះបង្អាប់ថា ពួកសមណជាសាក្យបុត្ត មិនសមបើនឹងដើរ (ខុសរដូវកាល) ជាន់ស្មៅស្រស់ ជាន់សត្វល្អិតៗ ឲ្យវិនាសសោះ ។ សូម្បីពួកបរិព្វាជកមានលទ្ធិដទៃ ជាអ្នកពោលធម៌អាក្រក់ ម្ដេចគង់នឹងសំងំឈប់សម្រាកចាំវស្សាឬសូម្បីពួកសត្វស្លាបទៀតសោត ក៏គង់តែធ្វើសំបុកលើចុងឈើ ហើយសំងំឈប់សម្រាកចាំវស្សាដែរ។ ពេលមនុស្សទាំងឡាយកំពុងលើកទោសបែបនេះ ពួកភិក្ខុទាំងនោះក៏បានឮច្បាស់នឹងត្រចៀកផ្ទាល់ហើយក៏នាំសេចក្ដីនោះ ទៅក្រាបទូលព្រះសម្ពុទ្ធ។ ព្រះសាស្ត្រាទ្រង់ធ្វើធម្មិកថា ត្រាស់ហៅភិក្ខុទាំងឡាយមកអនុញ្ញាតថា “អនុជានាមិ ភិក្ខវេ វស្សំ ឧបគន្តុំ= ម្នាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតឲ្យភិក្ខុចូលវស្សា ។
II-វស្សាមានពីរ គឺ បុរិមិកាវស្សា (វស្សាខាងដើម) ១ មច្ឆមិកាវស្សា (វស្សាខាងខុង១) ។ ការចូលបុរីមិការវស្សា នៅថ្ងៃ១រោច ខែអាសាឍ ហើយចេញនៅថ្ងៃពេញបូរមី ខែអស្សុជ (បើឆ្នាំណាមានអធិកមាស ត្រូវចូលនៅថ្ងៃ១ រោច ខែទុតិយាសាឍ ព្រោះមានពុទ្ធានុញ្ញាតថា “អនុជានាមិ ភិក្ខវេ រាជូនំ អនុវត្តិតុំ= ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យចូលវស្សានៅតាមការអនុវត្តលើកខែរបស់ព្រះរាជាចុះ” ។ ការចូលបច្ឆិមិកាវស្សា នៅថ្ងៃ១រោច ខែ ស្រាពណ៍ ហើយចេញនៅថ្ងៃពេញបូរមីខែកត្តិក ។
ប្រសិនបើភិក្ខុណាមានធុរៈ មិនបានប្តេជ្ញាអធិដ្ឋានបាលីចូលបុរិមិកាវស្សាទេ ភិក្ខុនោះអាចប្តេជ្ញាអធិដ្ឋានបាលីចូលមច្ឆិមិកាវស្សាក៏បានដែរ ប៉ុន្តែភិក្ខុពុំអាចគេចវេះមិនចូលវស្សាណាមួយជាដាច់ខាត ដូចមានពុទ្ធប្បញ្ញត្តិថា “ន ភិក្ខវេ វស្សំ ន ឧបគន្តព្វំ យោ ន ឧបគច្ចេយ្យ អាបត្តិ ទុក្កដស្ស= ម្នាលភិក្ខុទាំងឡាយភិក្ខកុំមិនចូលវស្សាឡើយ គឺត្រូវតែចូលវស្សា ភិក្ខុណាមិនចូលវស្សា ភិក្ខុនោះត្រូវអាបត្តិទុក្កដ” ។
III- សត្តាហករណីយ
ភិក្ខុ កាលបើបានប្ដេជ្ញាអធិដ្ឋានចូលវស្សាក្នុងអាវាសណាមួយហើយ ត្រូវស្ថិតនៅក្នុងបរិវេណអាវាសនោះគ្រប់បីខែ គឺមិនត្រូវចេញក្រៅអាវាសនោះឲ្យកន្លងរាត្រីណាមួយឡើយ ដូចមានពុទ្ធប្បញ្ញត្តិថា “ន ភិក្ខវេ វស្ស ឧបគន្តា បុរិមំ វា តេមាសំ បច្ឆិមំ វា តេមាសំ អវលិត្វា ចារិកា បក្កមិតព្វា យោ បក្កមេយ្យ អាបត្តិ ទុក្ខដស្ស= ម្នាលភិក្ខុទាំងឡាយ ភិក្ខុចូលវស្សាហើយ មិននៅចាំបុរិមិកាវស្សាអស់ខែបី ឬបច្ឆិមិកាវស្សាអស់ខែបីទេ មិនត្រូវចៀសចេញទៅកាន់ចារឹកឡើយ, ភិក្ខុណាចៀសចេញទៅត្រូវអាបត្តិទុក្កដ”។ ប៉ុន្តែ បើភិក្ខុមានធុរៈចាំបាច់ អាចលើកសត្តាហៈ (សុំច្បាប់ព្រះ) ជាមុនហើយទើបចេញបាន តែត្រូវត្រឡប់មកអាវាសវិញឲ្យទាន់ចន្លោះថ្ងៃ៧ យ៉ាងយូរបំផុត ។ ឯធុរៈចាំបាច់ដែលភិក្ខុលើកយកមកធ្វើជាមូលហេតុដើម្បីលើកសត្តាហៈនោះគឺ៖
–ភិក្ខុ ភិក្ខុនី សិក្ខមានា2 សាមណេរ សាមណេរី ឧបាសក ឧបសិកា ចង់ធ្វើទាន ចង់ស្ដាប់ធម៌ចង់ឃើញ ហើយគេបញ្ជូនបម្រើមក ភិក្ខុអាចលើកសត្តាហៈបាន ។
–ភិក្ខុ ភិក្ខុនី សិក្ខមានា សាមណេរ សាមណេរី មាតាបិតា បងប្អូនប្រុសមានជំងឺ ឬក៏មានសង្ឃកិច្ចត្រូវបំពេញ ភិក្ខុអាចលើកសត្តាហៈបាន ។
–បងប្អូនស្រី ញាតិ អ្នកធ្វើការឈ្នួល (វេយ្យាវច្ចៈ) មានជំងឺ ហើយគេបញ្ជូនបំរើយក ភិក្ខុអាចលើកសត្តាហៈទៅបាន ។ ឯវិធីលើកសត្តាហៈនោះគឺ ភិក្ខុត្រូវគ្រងចីពរឆៀងស្មាម្ខាងចូលទៅថ្វាយបង្គំព្រះ (ព្រះពុទ្ធរូប) អធិដ្ឋានបាលីលើកសត្តាហៈថា “សចេ មេ អន្តរាយោ នត្តិ សត្តាហព្ភន្តរេ បុន និវត្តិស្សាមិ= ប្រសិនគ្មានអន្តរាយកើតមានដល់ខ្ញុំព្រះអង្គទេ ខ្ញុំព្រះអង្គនឹងវិលត្រឡប់មកអាវាសនេះវិញក្នុងចន្លោះនៃ៧ថ្ងៃ” (សូត្របីដង) ។ បើភិក្ខុបានលើកសត្តាហៈបែបនេះហើយចេញទៅ ស្រាប់តែមានឧបស្គគតាមផ្លូវធ្វើឲ្យភិក្ខុមិនអាចត្រឡប់មកអាវាសវិញក្នុងចន្លោះនៃ៧ថ្ងៃទេ ភិក្ខុនោះឈ្មោះថាដាច់វស្សា តែមិនត្រូវអាបត្តិ (ទោស ) ឡើយ ។
នៅមានអន្តរាយមួយចំនួនទៀត ដែលធ្វើឲ្យភិក្ខុត្រូវចេញចាកអាវាស (រត់ចោលវស្សា) តែមិនត្រូវអាបត្តិទេ គឺគ្រាន់តែដាច់វស្សាប៉ុណ្ណោះ ។ អន្តរាយទាំងនោះដូចជា សត្វសាហាវបៀតបៀន, សត្វមានពិសបៀតបៀន, ភ្លើងឆេះស្រុក និងទេសនាសនៈទឹកជន់លិចស្រុក ចោរមកតាំងនៅក្នុងស្រុក, ពួកទាយកជាច្រើនឥតមានសទ្ធាជ្រះថ្លាខ្វះចង្ហាន់បិណ្ឌបាត គ្មានឧបដ្ឋាកដ៏សមគួរ ស្រីប្រណេមភិក្ខុ ស្រីផ្កាមាសប្រលោមភិក្ខុ នាងថុល្លកុមារី3 ប្រលោមភិក្ខុ មនុស្សខ្ទើយប្រលោមភិក្ខុ ញាតិប្រលោមភិក្ខុ ស្ដេចប្រលោមភិក្ខុ ពួកចោរប្រលោមភិក្ខុ អ្នកលេងប្រលោមភិក្ខុ ភិក្ខុឃើញកំណាប់ទ្រព្យ ភិក្ខុសង្ឃបែកគ្នា ។
IV-ក្នុងចំណោមពុទ្ធកាល ស្រុកភូមិណាដែលស្ថិតនៅឆ្ងាយដាច់ស្រយាល គ្មានវត្តអារាមនៅជិត គេតែងនាំគ្នារៀបចំធ្វើជាសាលានៅកន្លែងណាមួយក្បែរនោះ ហើយនិមន្តភិក្ខុសង្ឃតិច ឬច្រើនអង្គតាមសទ្ធាឲ្យគេងចាំវង្សា ដើម្បីងាយស្រួលក្នុងការធ្វើបុណ្យសុត្ធន៍ទានផ្សេងៗ។ ភិក្ខុមុននឹងសំរេចចិត្តទទួលនិមន្តចូលវស្សានៅកន្លែងណាមួយ ត្រូវពិនិត្យមើលកន្លែងនោះ ឲ្យបានម៉ត់ចត់ជាមុនសិន សឹមទទួលនិមន្ត ។ បើពិនិត្យឃើញថា កន្លែងដែលគេនិមន្តឲ្យនៅចាំវស្សានោះសមរម្យ គ្មានចង្អៀតទេ ភិក្ខុគប្បីទទួលនិមន្តចុះ ។ ទីកន្លែងដែលព្រះសម្ពុទ្ធទ្រង់ហាមមិនឲ្យចូលវស្សានោះគឺ ក្នុងរូងឈើ, លើប្រគាបឈើ, ក្នុងទីវាលគ្មានសេនាសនៈ, ក្នុងខ្ទមអ្នកតា, ក្រោមឆត្រ, ក្នុងអាងទឹក (និងទីកន្លែងមានរង្គៀស ) ។
V- ទិដ្ឋភាពនៃការចូលវស្សា
ក្នុងការចូលវស្សារបស់ភិក្ខុសង្ឃដែលព្រះសម្ពុទ្ធទ្រង់អនុញ្ញាត និងបញ្ញត្តិទុកតមកនោះ ពុំមានពិធីអ្វីអបរួមផ្សំច្រើនទេ គឺបើកាលណាតិថីចូលវស្សាមកដល់ហើយ ភិក្ខុគ្រាន់តែអធិដ្ឋានបាលីចូលវស្សាប៉ុណ្ណោះជាការស្រេច ប៉ុន្តែក្នុងការចូលវស្សារបស់ភិក្ខុសង្ឃកម្ពុជា គេសង្កេតឃើញមានសកម្មភាព និងពិធីអមគួបផ្សំមួយចំនួន កើតមាននៅពេលជាមួយគ្នានោះដែរ, ភិក្ខុសាមណេរ ដែលស្នាក់នៅរៀនសូត្រឆ្ងាយពីស្រុកកំណើតត្រូវបានឈប់សម្រាកចំនួនពីរសប្តាហ៍មុនថ្ងៃចូលវស្សា ដើម្បីទៅសួរសុខទុក្ខញាតិញោម និងបិណ្ឌបាតចុតប្បច្ច័យត្រៀមទុកប្រើប្រាស់ក្នុងឱកាសចូលវស្សាអស់ខែបី ។–មុនថ្ងៃចូលវស្សាមកដល់ អាចារ្យ គណៈកម្មការវត្ត តែងដើរប្រកូកប្រកាសដំណឹងអំពីថ្ងៃចូលវស្សា និងសុំឲ្យឧបាកស ឧបាសិកា ទាយក ទាយិកាចំណុះជើងវត្តជួយបរិច្ចាគចតុប្បច្ច័យតាមកំលាំងសទ្ធា ដើម្បីឧបត្ថម្ភព្រះសង្ឃដែលនិងគង់ចាំវស្សាក្នុងវត្តរបស់ខ្លួននាឆ្នាំនេះ ។
–ជិតដល់ថ្ងៃចូលវស្សា ឧបាសក ឧបាសិកា តែងមកកាន់វត្តច្រើនកុះករប្លែកពីធម្មតា ដើម្បីសមាទានសីល ប្រគេនចង្ហាន់ព្រះសង្ឃ បោសច្រាសវត្តអារាមសិតទៀនវស្សា ចាត់ចែងសាដកប្រគេនព្រះសង្ឃ។ តាមឯកសារនានា បានបញ្ជាក់ថា ព្រះអតីតមហាក្សត្រខ្មែរ ទ្រង់មានព្រះរាជសទ្ធាជ្រះថ្លាបំពេញព្រះរាជកុសលក្នុងឱកាសព្រះសង្ឃចូលវស្សានេះដែរ ចូលជាទ្រង់ឲ្យធ្វើពិធីខ្វាន់នាគ ពិធីសិតទៀនវស្សា និងពិធីនិមន្តទេវរូបចូលវស្សាជាដើម ។
–នៅល្ងាចថ្ងៃ១៥កើត ខែអាសាឍ គេឃើញឧបាសក ឧបាសិកា មកជួបជុំគ្នាក្នុងវត្ត ហែទៀនវស្សា ហែសាដក និងគ្រឿងសម្ភារៈប្រទក្សិណព្រះវិហារនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត បវារណាព្រះសង្ឃចូលព្រះវស្សា វេរទៀនវស្សាសាដក ប្រគេនព្រះសង្ឃ។ លុះព្រឹកឡើង មានការប្រគេនភត្តាហារចំពោះព្រះសង្ឃទៀត ។
–នៅល្ងាចថ្ងៃ១រោច ខែអាសាឍ គេឃើញព្រះសង្ឃនិមន្តជួបជុំនៅក្នុងព្រះវិហារ។ ព្រះសង្ឃជាមហាថេរ បានប្រកាសអំពីការចូលវស្សា និងធ្វើការក្រើនរំលឹកអំពីក្រឹត្យវិន័យដែលទាក់ទងដល់ការចូលវស្សាថា “ឥមស្មឹ អាវាសេ ឥមំ តេមាសំ វស្សំ ឧបេមិ ។ ទុតិយម្បិ ឥមស្មឹ… វស្សំ ឧបេមិ, តតិយម្បិ ឥមស្មឹ…ស វស្សំ ឧបេមិ=ខ្ញុំសូមនៅចាំវស្សាអស់ខែបីក្នុងអាវាសនេះអស់វារៈពីរដងផង អស់វារៈបីដងផង” ជាកិច្ចបញ្ចប់នៃពិធីចូលវស្សា ។
១–អំពីទៀនវស្សា ទៀនវស្សានេះ ឧបាសក ឧបាសិកា ធ្វើដើម្បីព្រះសង្ឃអុជថ្វាយព្រះរតនត្រ័យអស់ខែបី ទៀនវស្សានេះមានទទឹងមាត់មួយតឹក និងកំពស់ពីរហត្ថ ធ្វើដោយក្រមួនឃ្មុំ ឬក្រមួនចំបក់, នៅគល់ទៀនខាងក្រោមមានជើងទ្រ ធ្វើដោយឈើ មានក្បាច់ត្របកឈូក, តែនៅមាត់ខាងលើ គេច្រើនធ្វើឡតដែកចាក់ប្រេងដូង ឬប្រេងសណ្ដែកដាក់ប្រឆេះអុជ គឺមិនអុជទៀនផ្ទាល់ទេ ព្រោះក្រែងទៀននោះឆេះឆាបអស់មុនពេលចេញវស្សា។ អ្នកខ្លះយកផ្កាមាសធ្វើដោយស្ពាន់គ្រប4 ទៅបិទជាលម្អលើតួទៀន ក៏មាន។ របៀបធ្វើទៀនវស្សានេះ មានរចនាច្រើនបែបណាស់តាមការនិយមរបស់អ្នកស្រុក។ បច្ចុប្បន្ន គេនិយមប្រើចង្កៀងប្រេងកាត សម្រាប់អុជថ្វាយព្រះរតនត្រ័យ គឺមិនសិតទៀនដោយក្រមួនឃ្មុំ ឬក្រមួនចំបក់ដូចជំនាន់មុនទេ ប៉ុន្តែត្រូវអុជឲ្យឆេះរហូតគ្រប់ខែបី មិនឲ្យរលត់ក្នុងខណៈណាមួយឡើយ។ ទំនៀមធ្វើទៀនវស្សាបូជាព្រះក្នុងរយៈពេលចូលវស្សានេះ ពុំមាននិយាយក្នុងគម្ពីរព្រះពុទ្ធសាសនា (ព្រះត្រៃបិដក) ទេ ប៉ុន្តែមាននិយាយនៅក្នុងសាស្ត្រាអានិសង្សទៀនវស្សា ដែលខ្មែរយើងនិយមសំដែងនៅពេលចូលវស្សានេះឯង។ គម្ពីរនេះ ពុំមានដាក់ឈ្មោះអ្នកតែង ហើយមិនដឹងជាតែងឡើងក្នុងរាជ្យណាដែរ ។ ឯសេចក្ដីក្នុងសាស្ត្រានេះ ដំណាលថា កាលព្រះសម្ពុទ្ធទ្រង់គង់ធរមាននៅឡើយ មានបុរសកំសត់ម្នាក់រកស៊ីកាប់អុសលក់ជាមុខរបរប្រចាំថ្ងៃ។ គាត់តែងសង្កេតឃើញខ្លាឃ្មុំមួយធំ លោតចេញពីរូងថ្មីមួយរៀងរាល់ថ្ងៃ។ ពេលដែលខ្លាឃ្មុំនោះលោតចេញផុតទៅ គាត់ក៏ដើរទៅមើលឃើញសុទ្ធតែអាចម៍ខ្លាឃ្មំ ហើយក៏វេចយកមកបង្ហាញអ្នកជិតខាងឲ្យជួយមើល។ អ្នកជិតខាងប្រាប់ថា “អាចម៍ខ្លាឃ្មុំនេះគេតែងយកមកស្ងោរធ្វើក្រមួន ធ្វើទៀនអុជ, ចូរអ្នកទៅយកឲ្យច្រើនមក” ។
បុរសកំសត់នោះ នឹកគិតថា “ចុះបើអាចម៍ខ្លាឃ្មុំនេះ គេអាចយកមក ធ្វើជាទៀនអុជបាន តើគេអាចយកទៀននោះទៅអុជជាគ្រឿងសក្ការបូជាចំពោះព្រះពុទ្ធ អង្គបានឬទេ? ឬមួយជាការមិនសមគួរគប្បី ព្រោះទៀននេះធ្វើអំពីសំណល់មិនស្អាត (អាចម៍) បែបនេះ ? ពេលដែលបុរសនោះកំពុងតែនឹកសង្ស័យមិនដាច់ស្រេចក្នុងចិត្តបែបនេះ ស្រាប់តែឃើញព្រះមហារោហន្ទត្ថេរនិមន្តមកដល់ ក៏ទូលសួរលោកតាមដំណើរ ។ ព្រះមហារោហន្ទត្ថេរមានពុទ្ធដីកាថា “ជាការប្រសើរណាស់ ” ។ លុះបុរសនោះធ្វើបានជាទៀនច្រើនហើយ ក៏នាំយកទៅថ្វាយព្រះមានបុណ្យ ។ ព្រះមហារោហន្ទត្ថេរដែលជាអ្នកដឹកនាំទៅនោះ បានទូលព្រះអង្គថា “បពិត្រព្រះអង្គដ៏ចម្រើន បុរសនោះបានទៅយកអាចម៍ខ្លាឃ្មុំមកស្ងោរយកក្រមួនលញ់ជាទៀនយកមកអុជបូជាព្រះអង្គ ហើយសង្ស័យថា ក្រែងពុំបានផលានិសង្សអ្វីទេដឹង ទើបខ្ញុំព្រះអង្គនាំគាត់ចូលមកនេះ” ។ ព្រះដ៏មានបុណ្យទ្រង់ត្រាស់ថា “ម្នាលអាវុសោអើយ! បុរសនេះនឹងត្រូវបានទទួលផលានិសង្សច្រើនប្រការប្រាថ្នាអ្វីសឹងបានដូចបំណង ទាំងអស់” ។ បុរសនោះស្ដាប់ហើយ ត្រេកអរក្រៃលែង ។
នៅពេលដែលបុរសយកទៀនទៅថ្វាយព្រះពុទ្ធអង្គនោះ អានិសង្សបុណ្យកុសលនេះ បានបណ្ដាលឲ្យក្រៅក្រហាយដល់ព្រះឥន្ទ្រាធិរាជទ្រង់បើកទិព្វចក្ខុមើលមក ឃើញបុរសកំសត់កំពុងប្រាថ្នាកុំឲ្យក្រលំបាក និងកុំឲ្យកំព្រីកំព្រាដូចជាតិនេះទៀត ក៏ប្រើព្រះវិស្សកម្មទេវបុត្រឲ្យទៅជប់ជាប្រាសាទមាសប្រាសាទប្រាក់ ឃ្លាំងមាស ឃ្លាំងប្រាក់ ព្រមទាំងសួនប្រកបដោយដើមឈើពេញទៅដោយផ្កាផ្លែគ្រប់ពណ៌យ៉ាងល្អ មានទាំងអ្នកគាល់បម្រើច្រើនត្រៀបត្រា ពុំមានខ្វះកន្លះអ្វីឡើយ ។
លុះបុរសត្រឡប់ពីវត្តជេតពន រកខ្ទមស្លឹកមិនឃើញ ហើយបែរជាឃើញឯប្រាសាទភ្លឺរន្ទាលឆ្អិនឆ្អៅទៅវិញ ក៏ភ័យណាស់រត់ទៅទូលព្រះមហារោហន្ទត្ថេរ ។ ព្រះថេរៈមានពុទ្ធដីកាថា “ចូរអ្នកឡើងទៅនៅចុះ ព្រោះជាលទ្ធផលនៃបុញ្ញកម្មរបស់អ្នកហើយ” ។
ដោយសារមានរឿងនិទានដូច្នេះហើយ បានជាខ្មែរយើងនិយមសិតទៀនវស្សាបូជាព្រះ នៅពេលព្រះសង្ឃចូលវស្សា ។ ក្នុងគម្ពីរពុទ្ធសាសនា គ្មាននិយាយទាក់ទងដល់ទៀនវស្សាទេ ប៉ុន្តែមាននិយាយពី ប្រទីប ។ ប្រទីប ចាត់ទុកជាសក្ការបូជា មួយដែរ សម្រាប់បូជាព្រះរតនត្រ័យ ។ តាមការសន្និដ្ឋានរបស់អ្នកប្រាជ្ញខ្លះថា ការធ្វើទៀនវស្សាបូជាព្រះរតនត្រ័យនេះ បំណងជាមានទំនៀមជាប់មកពីព្រហ្មញ្ញសាសនា ព្រោះពួកព្រាហ្មណ៍ពេលប្រារព្ធធ្វើពិធីផ្សេងៗ តែងយកការអុជភ្លើងជាធំ ។ ពេលប្រារព្ធពិធី គេប្រុងប្រយ័ត្នណាស់មិនឲ្យរលត់ទេ ព្រោះយល់ថា បើទៀនឬភ្លើងរលត់ក្នុងពេលមិនទាន់ចប់ពិធីវាជាប្រផ្នូលអាក្រក់មួយ ។ ឯការអុជទៀនវស្សានេះ ក៏មានការប្រុងប្រយ័ត្នដែរ បើទៀនរលត់ក្នុងវស្សា គេយល់ថាជាការដាច់វស្សាហើយ ។
អ្នកប្រាជ្ញខ្លះសន្និដ្ឋានថា ការប្រុងប្រយ័ត្នមិនឲ្យរលត់ទៀនវស្សានេះ ជាប្រស្នាមួយពញ្ញាក់ស្មារតីភិក្ខុសង្ឃឲ្យខិតខំអនុវត្តតាមពុទ្ធប្បញ្ញត្តិ កុំឲ្យមានការថ្លស់ធ្លោយដាច់វស្សា ព្រោះវស្សាងាយដាច់ណាស់ ប្រៀបដូចជាភ្លើងទៀនដែរ បើយើងមិនប្រយ័ត្នប្រាកដជាដាច់ពុំខាន។ អ្នកខ្លះទៀត សន្និដ្ឋានថា ទៀនវស្សានេះជានិមិត្តរូបនៃព្រះប្រាជ្ញាញាណព្រះមហាករុណាទិគុណរបស់ព្រះពុទ្ធអង្គ ដែលតែងតែភ្លឺស្វាងនិងមានជានិច្ចចំពោះសព្វសត្វ ឥតមានពេលណាអាក់ខាន ឬរលត់ឡើយ ។
២–អំពីសាដក រឿងដែលឧបាសក ឧបាសិកា និយមធ្វើសាដកប្រគេនសង្ឃសម្រាប់ស្រង់ទឹកនោះ មានសម្ដែងទុកនៅក្នុងគម្ពីរព្រះត្រៃបិដក ភាគទី៨ (វិន័យបិដក) ផង និងមាននិយាយក្នុងសាស្ត្រាអានិសង្សសាដកផង ។
ក/គម្ពីរព្រះត្រៃបិដក បានឮថា ព្រះមានព្រះភាគទ្រង់គង់នៅក្នុងវត្តជេតពន ទៀបក្រុងសាវត្ថី។ វេលានោះ ខាងវិសាខាក្រាបបង្គំទូលព្រះសម្មាសម្ពុទ្ធថា បពិត្រព្រះអង្គដ៏ចម្រើន សូមទ្រង់មេត្តាទទួលភត្តរបស់ខ្ញុំព្រះអង្គក្នុងថ្ងៃស្អែកជាមួយនិងភិក្ខុសង្ឃ។ ព្រះមានព្រះភាគទ្រង់ទទួលនិមន្តដោយតុណ្ហីភាព ។ នាងវិសាខា ក៏ក្រាបថ្វាយបង្គំលាព្រះសាស្តាចេញទៅ ។ លុះរាត្រីកន្លងទៅ មានភ្លើងធំធ្លាក់ចុះសព្វទ្វីបទាំងបួន ។ គ្រានោះពួកភិក្ខុនាំគ្នាស្រាតងូតទឹក ។
ជួនពេលនោះ នាងវិសាខា បានប្រើទាសីឲ្យទៅនិមន្តព្រះពុទ្ធ និងភិក្ខុសង្ឃដើម្បីទទួលភត្ត។ នាងទាសី ក៏ធ្វើដំណើរទៅដល់វត្តជេតពន រកមើលមិនឃើញពួកភិក្ខុសោះ ឃើញតែមនុស្សកំពុងងូតទឹកស្រាត ក៏គិតថា ក្នុងអារាមនេះគ្មានពួកភិក្ខុទេ មានតែពួកអាជីវករកំពុងងូតទឹកជម្រះកាយ រួចក៏ត្រឡប់មកកាន់សំណាក់នាងវិសាខាវិញ ហើយជម្រាបថា “បពិត្រអ្នកម្ចាស់! ក្នុងអារាមគ្មានពួកភិក្ខុទេ មានសុទ្ធតែពួកអាជីវករ កំពុងងូតទឹកជម្រះកាយ” ។ នាងវិសាខាជាស្ត្រីឈ្លាសវៃក៏យល់ភ្លាមថា “ច្បាស់ជាលោកម្ចាស់ទាំងឡាយដាក់ចីវរចេញ ហើយនាំគ្នាងូតទឹកភ្លៀងជម្រះកាយ តែទាសីនេះសម្គាល់ថា ពួកអាជីវកទៅវិញ ” ។ នាងវិសាខាក៏ប្រើនាងទាសីនោះជាលើកទីពីរទៀត ។ នាងទាសី ក៏ទៅដល់វត្តហើយ រកមើលភិក្ខុទាំងឡាយមិនឃើញសោះ មានតែអារាមទទេ ” ។ នាងវិសាខា រិះគិតថា “ច្បាស់ជាលោកម្ចាស់ទាំងឡាយងូតទឹក ហើយចូលទៅលំនៅវិញដូចដែល បានជានាងទាសីនេះមិនឃើញ” ។ នាងវិសាខាក៏ប្រើទៅជាលើកទីបី នាងទាសីនេះ ក៏ទទួលបង្គាប់ ហើយធ្វើដំណើរទៅវត្តជេតពនទៀត។ គាប់ជួនដល់វេលាភត្តកាលហើយ ព្រះសាស្ដាក៏ទ្រង់ត្រាស់ឲ្យពួកភិក្ខុរៀបចំចេញដំណើរទៅផ្ទះនាងវិសាខាដើម្បីទទួលភត្តតាមការនិមន្ត ។
លុះព្រះមានព្រះភាគ និងភិក្ខុសង្ឃគ្រាន់តែឆាន់រួចភ្លាម នាងវិសាខាក៏ក្រាបទូលថា “បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គសូមពរប្រាំបីប្រការអំពីព្រះអង្គ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា “ម្នាលនាងវិសាខា ធម្មតាព្រះតថាគតទាំងឡាយគ្មានពរទេ” ។ នាងវិសាខាក្រាបទូលថា “បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គសូមតែពរណាដែលគួរ និងពរណាដែលឥតទោស” ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា “ម្នាលនាងវិសាខា ចូរនាងនិយាយមកចុះ ។ នាងវិសាខា ក៏ក្របទូលថា “បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គចង់ប្រគនេ៖
១–វស្សិកសាដក (សំពត់សម្រាប់ងូតទឹកភ្លៀង)
២–អាគន្ទុកភត្ត (ភត្តសម្រាប់ភិក្ខុមកដល់ថ្មី)
៣–គមិកភត្ត (ភត្តសម្រាប់ភិក្ខុមានដំណើរចេញទៅឆ្ងាយ )
៤–គិលានភត្ត (ភត្តសម្រាប់ភិក្ខុមានជំងឺ)
៥–គិលានុបដ្ឋាកភត្ត (ភត្តសម្រាប់ភិក្ខុអ្នកបំរើជំងឺ)
៦–គិលានភេសជ្ជៈ (ថ្នាំសម្រាប់ភិក្ខុមានជំងឺ)
៧–ធុវយាគូ (បបរសម្រាប់ភិក្ខុឆាន់ជានិច្ច)
៨–ឧទកសាដិកា (សំពត់ងូត) សម្រាប់ភិក្ខុនី
ព្រះសាស្តាទ្រង់ត្រាស់ថា “ម្នាលនាងវិសាខា ល្អហើយ! ល្អហើយ! នាងបានសូមពរប្រាំបីប្រការអំពីតថាគត ជាការប្រពៃពិត ម្នាលនាងវិសាខា បើដូច្នេះតថាគតអនុញ្ញាតពរប្រាំបីដល់នាង” ។ ព្រោះមានដំណើរដើមដានបែបនេះហើយ ទើបពុទ្ធសាសនិកខ្មែរនិយមធ្វើសាដកសម្រាប់ប្រគេនភិក្ខុសង្ឃសម្រាប់ស្រង់ទឹកជៀសវាងស្រង់ទឹកអាក្រាតកាយ រហូតមកដល់បច្ចុប្បន្ននេះ ។
ខ/សាស្ត្រាអានិសង្សសាដក សេចក្ដីដំណាលថា មានទាសាទាសី ប្ដីប្រពន្ធពីរនាក់។ គាត់មានកូនក្រមុំម្នាក់ឈ្មោះ “នាងអមយ្យទាសី” ។ ក្រោយមកឪពុកនាងក៏ទទួលមរណភាពទៅ ។ នាងក៏រស់នៅជាមួយម្ដាយ ហើយធ្វើជាទាសីគេទាំងពីរនាក់ម្ដាយកូនតទៅទៀត។ ថ្ងៃមួយ នៅពេលចូលវស្សា នាងអមយ្យទាសីបានឃើញអ្នកស្រុកនាំគ្នាយកសាដកទៅប្រគេនព្រះភិក្ខុសង្ឃ ក៏កើតមានសេចក្ដីជ្រះថ្លាក្រៃលែង ប៉ុន្តែនាងគ្នាលទ្ធភាពរកលុយកាក់ ដើម្បីយកទៅទិញសាដកដូចអ្នកស្រុកឯទៀត ព្រោះនាងទ័លក្រពេកណាស់។ នាងគិតមិនលេចសោះ ក្នុងការស្វែងរកលុយកាក់សម្រាប់ធ្វើសាដក នាង និងម្ដាយ ក៏សំរេចចិត្តចុងក្រោយទៅសំពះ ម្ចាស់ (ចៅកែ) សុំបន្ថែមថ្លៃឈ្នួលខ្លួន តែម្ចាស់ប្រាក់ក៏ពុំព្រមថែមឲ្យ ព្រោះនាងជំពាក់គេក្រែលណាស់ទៅហើយ។ នាងអស់តម្រិះ ក៏ថយមកគិតទៀតថា “ឱអញអើយ! កើតមកជាអ្នកទ័លក្រ លំបាកវេទនា ឃើញការកុសលនៅ និងមុខហើយឈោងចាប់យកដូចគេពុំបាន តើកាលណាឡើយនិងបានធ្វើបុណ្យនិងគេ បើអញស្លាប់អំពីជាតិនេះទៅ ទៅចាប់កំណើតថ្មីមុខជានៅតែបម្រើគេពុំឃ្លាតឡើយ ណ្ហើយចុះ ដើម្បីកុំឲ្យសល់ខានធ្វើបុណ្យដែលអញមានសេចក្ដីជ្រះថ្លាទាំងម្ល៉េះ អញសុខចិត្តខ្លាស់ (ខ្ទាស់) ស្លឹកឈើស្លៀក”។ លុះនាងគិតហើយ ក៏ផ្លាស់សំពត់អំពីខ្លួនយកទៅបោកគក់ឲ្យជ្រះក្អែល ជ្រះក្លិនឆ្អេះឆ្អាប យកទៅជ្រលក់ទឹកអម្ទត់រួចយកទៅប្រគេនព្រះសង្ឃតាមចិត្តជ្រះថ្លា ហើយតាំងចិត្តអធិដ្ឋានថា “សេចក្ដីជ្រះថ្លាដែលញ៉ាំងចិត្តឲ្យនាំមកបូជានូវសំពត់សាដកក្នុងគ្រានេះ លុះអនាគតជាតិទៅ សូមកុំឲ្យខ្ញុំស្គាល់ការខ្វះខាត ដូចជាតិនេះទៀតឡើយ ” ។ ក្រោយមក ដោយអំណាចផលានិសង្សដែលនាងបានកសាងសំពត់សាដកនេះ នាងក៏បានទៅជាឯកអគ្គមហេសី នៃព្រះរាជាមួយព្រះអង្គ។ ដោយសារមាននិទាននេះហើយ ទើបខ្មែរយើងនិយមធ្វើសំពត់សាដកប្រគេនព្រះសង្ឃ ជាទំនៀមមកដល់សព្វថ្ងៃ ។
គ/តំណមក្នុងឱកាសវស្សា ក្នុងរយៈពេលបីខែនេះ ប្រជារាស្ត្រខ្មែរជាពុទ្ធសាសនិក មានទំនៀមតំណមផ្សេងៗ ដូចជាតំណមរៀមមង្គលការកូនចៅ តំណមសង់ផ្ទះសម្បែង ដោយចាត់ទុកថា “ជាថ្ងៃឃ្លុប”។ ចំពោះតំណមនេះ អ្នកប្រាជ្ញខ្លះសន្និដ្ឋានថា “តំណមហាមមិនឲ្យរៀបអាពាហ៍ពិពាហ៍កូនចៅនោះ ព្រោះបុរាណាចារ្យយើងយល់ថា ខែវស្សាជាខែដែលភ្លៀងធ្លាក់ប៉ប៉ិចប៉ប៉ាច់ និងជាខែដែលយើងមមាញឹកបង្កបង្កើនផល” ។ ឯតំណមហាមមិនឲ្យសង់ផ្ទះសម្បែងនោះ ព្រោះលោកយល់ថា ខែវស្សាធ្វើឲ្យដីជ្រាយ និងធ្វើឲ្យឈើសើម ឬរីក ជាហេតុមិនអាចធ្វើផ្ទះសម្បែងបានល្អទេ ។
សេចក្ដីសន្និដ្ឋាន៖
ថិរវេលានៃការចាំវស្សាបីខែនេះ ជារយៈពេលមួយមានតម្លៃពិសេសព្រោះវាជាសញ្ញា ដាស់ស្មារតីបព្វជិតពុទ្ធសាសនិក ឲ្យបង្កើនសេចក្ដីព្យាយាមបំពេញគន្ថៈធុរៈក្ដី វិបស្សនាធុរៈក្ដី ឲ្យបានខ្លាំងក្លាជាងពេលណាៗទាំងអស់។ រីឯឧបាសកឧបាសិកា ក៏បានមើលឃើញច្បាស់អំពីខ្លឹមសារនៃការចាំវស្សារបស់ភិក្ខុសង្ឃដែរ។ ដូច្នេះហើយបានជាគេខិតខំឧបត្ថម្ភចតុប្បច្ច័យផ្សេងៗ ចំពោះលោកយ៉ាងខ្លាំងប្លែកពីធម្មតា ដូចជាទៀនវស្សា (ប្រេង) សាដក ដាក់បិណ្ឌ ភ្ជុំបិណ្ឌ… ដើម្បីសំដែងនូវសមានចិត្ត ចូលរួមអបអរសាទរ រំលែកនូវការលំបាកខ្វះខាត និងដើម្បីជាផលានិសង្សសម្រាប់ខ្លួនផង ។
រៀបរៀងដោយ
ម៉ែន ប្រាង្គ និង អាំ ឆន
ពិនិត្យសំរួលដោយ ឱម ខែម
1 –អ្នកកំពុងសិក្សាត្រៀមបួស ។
2 –ក្មេងស្រីធាត់ឬស្រីនៅលីវ (ប៉ុន្តែពេញវិវ័យ)
3 –ធាតុផ្សំមានបន្ទះស្ដើងស្រួយសម្បុរផ្លេក
4 សម្រាប់ដាក់ជាក្បាច់រំលេចបិទក្ដារមឈូសជាដើម ។