Let's Talk Reading Blog Khmer ប្រវត្តិ​ទី​ក្រុង​ភ្នំពេញ​
Khmer

ប្រវត្តិ​ទី​ក្រុង​ភ្នំពេញ​

ប្រវត្តិ​ទី​ក្រុង​ភ្នំពេញ​1

បក​ប្រែ ​ហម ​ឆាយ​លី

កែ​សម្រួល​ ចៅ ​វាសនា

 (ដកស្រង់ពីទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំទី៥៩ លេខ២ ព.ស.​ ២៥៤៩)

នៅ​ពាក់​កណ្ដាល​សតវត្ស​ទី​១៥​នៃ​គ.ស ​ព្រះរាជា​ខ្មែរ​ព្រះ ​នាម​ពញាយ៉ាត​ (Yat) បាន​ចាក​ចោល​រាជ​ធានី ​អង្គរ ​រក​ទី​កន្លែង​ផ្សេង ​ទៀត ​ដើម្បី​សាង​រាជធានី​ថ្មី ​ឲ្យ​បាន​ឆ្ងាយ​ពី​បឹង​ទន្លេ​សាប ​និង​ឲ្យ​បាន ​ឆ្ងាយ​ពី​ការ​រុក​គួន ​របស់​ពួក​សៀម​ ។ ជា​ដំបូង​ព្រះអង្គ​បាន​សាង​ ព្រះ​រាជ​វាំង​មួយ​នៅ ​ទួល​បាសាន​ ក្នុង​ស្រុក​ស្រី​សន្ធរ ​។ ប៉ុន្តែ ​ ក្រោយ​ពី​ការ​កសាង​រាជ​ធានី​នោះ​មក​ នៅ​រដូវ​វស្សា​មាន​ភ្លៀង​ធ្លាក់​ ជោក​ជាំ​យ៉ាង​ខ្លាំង​ ព្រម​ជាមួយ​នឹង​ទឹក​ជំនន់​នៃ​ទន្លេ​មេគង្គ​ផង​នោះ​ បាន​ធ្វើ​ឲ្យ​ទី​ក្រុង​នោះ​ ជន​លិច​លង់​យ៉ាង​ខ្លាំង​ ។ ព្រះ​បាទ​ពញា​ យ៉ាត​ ទ្រង់​ក៏​បាន​រួស​រាន់​រុះរើ​រាជធានី​ មក​តាំង​នៅ​ចតុមុខ​ ក្នុង​ គ្រិស្ត​សករាជ​ ១៤៣៤ ។

ដើម​កំណើត​នៃ​ទីក្រុង​ភ្នំពេញ​នេះ​ កាល​ដំបូង​ឡើយ​មាន​ ភ្នំ​មួយ “ ជា​ភ្នំ​ដែល​គេ​ពូន​ឡើង​ពុំ​មែន​ជា​ភ្នំ ​ដែល​កើត​ឡើង​ដោយ​ ធម្មជាតិ​នោះ​ទេ​ ” ឈ្មោះ​ ពេញ ​តែ​ក្រោយ​មក​ គេ​ឲ្យ​ឈ្មោះ​ទី​ក្រុង​ តាម​ឈ្មោះ​ភ្នំ​នេះ​ តាំង​តែ​ពី​មុន​ការ​មក​តាំង​រាជ​ធានី​ម៉្លេះ ​។ កំណើត ​ភ្នំ​នេះ​ មាន​ប្រវត្តិ​និទាន​ជា​ច្រើន​ ប៉ុន​តែ​តាម​ប្រវត្តិ​ដែល​យើង​ លើក​ យក​មក​រៀប​រាប់​នា​ពេល​នេះ ​ គឺ​ជា​ប្រវត្តិ​មួយ​ ដែល​គេ​លើក​យក​មក​និទាន​ញឹក​ញាប់​ជាង​គេ ​ហើយ​ មាន​និទាន​ជា​ទូទៅ​ផង​ ។ រឿង​ នោះ​មាន​ដូច​ត​ទៅ ៖

កាល​នោះ​មាន​ដូន​ចាស់​ម្នាក់​ឈ្មោះ​ ពេញ​ ជា​អ្នក​មាន​ទ្រព្យ​ សម្បត្តិ​ស្តុក​ស្ដម្ភ  បាន​សង់​ផ្ទះ​មួយ​ ពី​ខាង​កើត​ទួល​មួយ​ ពុំ​ឆ្ងាយ​ ប៉ុន្មាន​ពី​មាត់​ទន្លេ​ឡើយ ​។ ថ្ងៃ​មួយ​នា​រដូវ​វស្សា​ ទឹក​ទន្លេ​ជោរ​ជន់​ យ៉ាង​ខ្លាំង​ ដូន​ពេញ​បាន​ចុះ​ទៅ​មាត់​ទន្លេ​ ហើយ​បាន​ឃើញ​ដើម​ គគីរ​មួយ​ដើម​យ៉ាង​ធំ​អណ្ដែត​តាម​ទឹក​ ដែល​ត្រូវ​ទឹក​កួច​ វិល​វល់​ ពុំ​ឆ្ងាយ​ប៉ុន្មាន​ពី​ច្រាំង​ឡើង ​។ ភ្លាម​នោះ​ ដូន​ពេញ​ បាន​ហៅ​អ្នក​ ជិត​ខាង​ ឲ្យ​មក​ជួយ​ស្រង់​ដើម​គគីរ​ នោះ​ឡើង​គោក ​។ ក្រោយ​ពី ​ស្រង់​ដើម​គគីរ​នោះ​ឡើង​គោក​ រួច​ស្រេច​បាច់​ហើយ ​គេ​ក៏​នាំ​គ្នា​លាង ​សម្អាត​ភក់ ​ដែល​រុំ ព័ទ្ធ​ឈើ​នោះ​ចេញ ​ពេល​នោះ​គេ​ក៏​បាន​ប្រទះ ​ឃើញ​រន្ធ​ធំ​មួយ​ក្នុង​ដើម​គគីរ​ ដែល​ក្នុង​នោះ​មាន​ព្រះ ​ពុទ្ធ​រូប​ចំនួន​ ៥ ​អង្គ​ ៤ ​អង្គ​ធ្វើ​អំពី​សំរឹទ្ធិ ​ហើយ​មួយ​អង្គ​ទៀត​ធ្វើ​អំពី​ថ្ម​ ។ រូប​ដែល ​ឆ្លាក់​ដោយ​ថ្ម​នេះ​ ជា​រូប​ អាទិ​ទេព​ មួយ​អង្គ​ឈរ​មាន​កាន់​ដំបង​នៅ​ដៃ​ម្ខាង​ទៀត ​ទ្រង់​សង្ខ័្ខ​ សក់​លើក​ចង​ជា​ភ្នួង​ នៅ​ផ្នែក​ខាង​លើ ​ព្រះ​កេស​ ។

ដូន​ពេញ​ព្រម​ទាំង​អ្នក​ជិត​ខាង​របស់​គាត់ ​មាន​ក្ដី​ត្រេក​អរ​យ៉ាង​ខ្លាំង​ ហើយ​ក៏​នាំ​គ្នា​ដង្ហែ​បដិមា​ ទាំង​នោះ​ មក​កាន់​ផ្ទះ​របស់​គាត់ បន្ទាប់​មក​ដូន​ពេញ បាន​សង់​ជា​ជម្រក​មួយ​ ដើម្បី​តម្កល់​ព្រះ​បដិមាករ​ទាំង​ ប្រាំ​អង្គ​នោះ ​ ជា​បណ្ដោះ​អាសន្ន​សិន​ បន្ទាប់​មក​ទៀត ​ ដូន​ពេញ  បាន​សុំ​ឲ្យ​អ្នក​ជិត​ខាង ​មក​ជួយ​លើក ​ពូន​បន្ថែម​ពី​លើ ​ទួល​ខាង​មុខ​ជម្រក​នោះ​ទៀត​ ដើម្បី​ឲ្យ​ទួល​នោះ​បាន​ខ្ពស់​បន្តិច ​ដូច ​ជា​កូន​ភ្នំ​មួយ ​។

ដូន​ពេញ​បាន​ឲ្យ​គេ​កាប់​ដើម​គគីរ​នោះ ​ដើម្បី​ធ្វើ​ជា​គ្រឿង ​សំណង់ ​។ នៅ​គ្រិស្ត​សក​រាជ ​១៣៧២ ​ដូន​ពេញ​បាន​ព្រម​ព្រៀង​គ្នា​ ជាមួយ​អ្នក​ជិត​ខាង ​សម្រេច​កសាង​ព្រះ​វិហារ​មួយ​នៅ​លើ​កំពូល​ភ្នំ​ ដែល​មាន​ ដំបូល​ប្រក់​ស្បូវ​ភ្លាំង ​ហើយ​ដូន​ពេញ​ក៏​បាន​យក​ព្រះ​បដិ-​ មាករ​ ៤ អង្គ​ដែល​ធ្វើ​អំពី​សំរឹទ្ធិ​នោះ ​ទៅ​តម្កល់​ទុក​ក្នុង​ព្រះ​វិហារ​ ។ ឯ​រូប​ចម្លាក់​ពី់​ថ្ម​ គាត់​យក​ទៅ​តម្កល់​នៅ​ឯ​ជើង​ភ្នំ​នា​ទិស​បូព៌​ ។ ដែ​យា​សារ​រូប​បដិមាករ​ ទាំង​នោះ ​មាន​ដើម​កំណើត​ពី​ស្រុក​លាវ​ ព្រោះ​បាន​ហូរ​តាម​ទឹក​ទន្លេ​មក​នោះ ​គេ​ក៏​សន្មត​ឈ្មោះ​ថា​ “ អ្នក​ តា​ព្រះ​ចៅ ” ។ លុះ​ការ​ស្ថាបនា​ព្រះ​វិហារ បាន​រួចរាល់​អស់​ហើយ​ ដូន​ពេញ ​និង​ញាតិ​មិត្ត​ជិត​ខាង ​ បាន​និមន្ត​ ព្រះ​សង្ឃ​ មក​គង់​នៅ​ឯ​ ជើង​ភ្នំ​នា​ទិស​បស្ចិម ​គេ​ក៏​ប្រសិទ្ធិ​នាម​វត្ត​នោះ​ថា​“វត្ត​ភ្នំ​ដូន​ពេញ​” ។ ព្រះ​ពុទ្ធ​រូប​ទាំង ​៤ ​អង្គ​ និង​អាទិទេព​មួយ​អង្គ​ទៀត ​ដែល​ធ្វើ​ពី​ថ្ម ​នោះ  បាន​ក្លាយ​ទៅ​ជា​គ្រឿង​សក្ការ:​បូជា ​ នៃ​អ្នក​ទាំង​ពួង ​។

ត​ទៅ​នេះ​ ជា​ប្រវត្តិ​នៃ​ទី​ក្រុង​ភ្នំពេញ​ ប្រមាណ​ជា​ហុក​សិប ​ប្លាយ​ឆ្នាំ​ក្រោយ​មក ​ទើប​មាន​ព្រះ ​មហាក្សត្រ​ខ្មែរ បាន​មក​កសាង ​រាជធានី​នៅ​ទីនេះ​ ។ ប្រវត្តិ​នៃ​ការ​កសាង​រាជធានី​នេះ​ មាន​ដូច​ តទៅ​ ៖

ព្រះ​បាទ​បរម​រាជា​អធិរាជ​រាមា​ធិបតី​2 ​ព្រះ​ស្រី​សុរិយោ​ពណ៌​3 “ ជា​ព្រះ​នាម​តាម​របា​ក្សត្រ​ តែ​ព្រះ​នាម ​ដែល​យើង​គ្រប់​គ្នា​ៗ​និយម​ ហៅ​គឺ ​ពញា​យ៉ាត​ ” បាន​សម្រេច​ចាក​ចោល​ទួល​បា សាន ​ដែល​លិច​ដោយ​ទឹក​ជំនន់​ក្នុង​រដូវ​វស្សា​នោះ​  ហើយ​បាន​លើក​រាជធានី​មក​តាំង ​នៅ​ទី​ក្រុង​ភ្នំពេញ​វិញ ​នៅ​ត្រើយ​ខាង​លិច​ នៃ ​ទន្លេ​ច្រាប​ឈាម​4

ក្រោយ​ពី​ព្រះអង្គ​យាង​មក​ដល់​ ទ្រង់​ក៏​បាន​បញ្ជា​ចៅ​ពញា​កែ​ ឧកញ៉ា​ហោ​រា​ធិបតី​ ខៀវ​ និង​នា​ហ្មឺន​ជាន់​ខ្ពស់​ជា​ច្រើន​ទៀត​ ដែល​ សុទ្ធ​តែ​ជា​អ្នក​ជំនាញ​ខាង​ស្ថាបត្យកម្ម​ ឲ្យ​មក​ពិនិត្យ​តំបន់​ជិត​ៗ​ ភ្នំ​នេះ​ ។ មន្ត្រី​ ទាំង​ឡាយ​នោះ​ ជា​តំណាង​ព្រះ​ពញា​យ៉ាត​ បាន​មក​កាន់​ភ្នំ​ដូន​ពេញ ​ ហើយ​បាន​វិនិច្ឆ័យ​ថា​ តំបន់​អាគ្នេយ៍​ នៃ​ភ្នំ​នេះ​ គឺ​ជា​កន្លែង​ដ៏​សមរម្យ​មួយ​ ក្នុង​ការ​កសាង​ព្រះ​រាជ​ធានី​ ។ ក្រោយ​ពី​ បាន​ទទួល​លិខិត​ ពី​គណ:​ ប្រតិភូ​រួច​ហើយ​ ព្រះអង្គ​ក៏​បាន​បញ្ជា​ ដល់​ចៅ​ហ្វាយ​ខេត្ត​នានា​ ឲ្យ​កេណ្ឌពល​ ដើម្បី​មក​កសាង​ប្រាសាទ ​និង​ ដំណាក់​ សម្រាប់​រាជ​វង្សានុវង្ស​ទាំងអស់​ ក្នុង​រយ:​ពេល​យ៉ាង​ ឆាប់​បំផុត​ ។ ការ​ស្ថាបនា​ព្រះ​បរម រាជ​វាំង​ នេះ  បាន​ចប់​សព្វ​គ្រប់ ​តាម​ពេល​វេលា ​ ដែល​បាន​កំណត់​ទុក​ ។

នៅ​គ្រិស្តសករាជ​ ១៤៣៤ ​ត្រូវ​នឹង​ថ្ងៃ​អង្គារ​ ៩​ រោជ​ ខែ​ពិសាខ​ ឆ្នាំ​ខាល ​ឆស័ក​ ព្រះ​បាទ​ ពញា​យ៉ាត បាន​ចាក​ចេញ​ពី ​ទួល​បាសាន ​ជាទី​ដែល​ព្រះអង្គ​បាន​គង់​នៅ អស់​រយ:​ពេល​មួយ ​ឆ្នាំ​គត់ ​ហើយ​ទ្រង់​បាន​យាង​មក​កាន់​ទី​ក្រុង​ភ្នំពេញ​តាម​សំពៅ ​។ ពេល​ដែល​ព្រះអង្គ​យាង​មក​ដល់​ភ្នំ​ដូនពេញ​ ទ្រង់​ក៏​បាន​បញ្ជា​ដល់​ ឧកញ៉ា​តេជោ​ ​ស្រី​ ចៅ​ហ្វាយ​ខេត្ត​សំរោង​ទង​ ឲ្យ​ហៅ​ប្រមូល​ពល​ ប្រុស​ៗ​ក្នុង​ខេត្ត​នេះ​ ដើម្បី​ទៅ​ជញ្ជូន​ដី​ពី​វាល​ទំនាប​ ខាង​ត្បូង​ភ្នំ​ មក​ចាក់​បំពេញ​ជើង​ភ្នំ​នេះ​ប៉ែក​ខាង​ត្បូង​ ប៉ែក​ខាង​កើត​ និង​ក្នុង ​ព្រះ​បរម ​រាជវាំង​ ។ ម្ល៉េះ​ហើយ​ ទើប​គេ​អាច​លុប​កន្លែង​នោះ ​ហើយ​ពង្រាប​ដី​នោះ​ រហូត​ដល់​មាត់​កំពុង​ ។

តាំង​ពី​ពេល​នោះ​មក​ គេ​ក៏​ហៅ​ទី​នោះ​ថា​ កំពង់​រាប​ រហូត​មក​ ។ ទី​ទំនាប​ខាង​ត្បូង​ ដែល​គេ​លើក​ជញ្ជូន​ ដី​ចេញ​នោះ ​ បាន​ ក្លាយ​ទៅ​ជា​បឹង​មួយ​យ៉ាង​ធំ ​ គេ​ក៏​ឲ្យ​ឈ្មោះ​បឹង​នោះ​ថា​ :បឹង​ឧកញ៉ា​តេ​ជោ ​5

បន្ទាប់​មក​ទៀត ​ព្រះ​បាទ​ពញ៉ា​យ៉ាត​ ទ្រង់​បាន​បញ្ជា​ដល់​ ចៅ​ហ្វាយ​ខេត្ត​បាទី ​ដែល​មាន​ឈ្មោះ​ថា ​ផ្លុង ​ឲ្យ​ជីក​ប្រឡាយ​មួយ ​ដើម្បី​បង្ហូរ​ទឹក​ពី​ទន្លេ​ធំ ​ចូល​ទៅ​ក្នុង​ព្រះ​បរម រាជ​វាំង ​សម្រាប់​ក្រុម ​ញាតិ​វង្សានុវង្ស​ និង​ប្រជានុរាស្ត្រ​ក្នុង​ទី​ក្រុង​ប្រើប្រាស់ ​។ លុះ ប្រឡាយ​ក្នុង​ទីក្រុង​ជីក​រួចរាល់​ហើយ ​គេ​ក៏​ប្រសិទ្ធិ​នាម​ព្រែក​ជីក​ នោះ​ថា​ ព្រែក​ឧកញ៉ា​ផ៉្លាង​6

បន្ត​បន្ទាប់​មក​ទៀត​ ព្រះបាទ​ពញាយ៉ាត​ បាន​បញ្ជា​ឲ្យ​ជីក​ស្នាម​ភ្លោះ​មួយ​ទៀត ​ឲ្យ​ធ្វើ​កំពែង​ពី​ដី​យ៉ាង​មាំ​ព័ទ្ធ​ជុំវិញ​ទីក្រុង​ ។ ស្នាម​ភ្លោះ​ខាង​ទក្សិណ​ឲ្យ​ឈ្មោះ​ថា​ ព្រែក​ តាកែវ​7 ខាង​បស្ចិម​ឲ្យ​ឈ្មោះ​ថា ​ព្រែក​ឣូរ​គ ​ខាង​ឧត្តរ​ឲ្យ​ឈ្មោះ​ថា ​ ព្រែក​ពោង​ពាយ​8 ដែ​យា​សារ​តែ​នៅ​ ម្តុំ​ព្រែក​ពោង​ពាយ​នោះ​ មាន​អាណិកជន​ចិន​ជាច្រើន​ បាន​មក​តាំង​ទី​លំនៅ​ នៅ​ទីនោះ​ ហើយ​មាន​មុខ​របរ​ ជា​ជាង​ដំ​ដែក​ប៉ិន​ប្រសប់​ធ្វើ​អាវុធ​គ្រប់​ប្រភេទ​ ទើប​គេ​ហៅ​ព្រែក​នោះ​ថា ​ព្រែក​ចិន​ ដំ​ដែក​ ។ នៅ​តាម​ បណ្ដោយ​មាត់​ទន្លេ​ ព្រះអង្គ​បាន​ឲ្យ​គេ​ចាក់​ដី់​ជា​ល្បើក​ សម្រាប់​ការពារ​កុំ​ឲ្យ​ទឹក​ទន្លេ​ជន់​លិច​ដល់​ទីក្រុង ​។ អ្នក ​រាជ​ការ​នា​ហ្មឺន​សព្វ​មុខ​មន្ត្រី ​ព្រម​ទាំង​ប្រជានុរាស្ត្រ  បាន​មក​សង់ ​ទី​លំនៅ​របស់​ខ្លួន​ តាម​ចំណង់​ក្នុង​ទីក្រុង​នេះ​ តែ​នៅ​ទិស​បស្ចិម​នៃ​ ទីក្រុង​នេះ ​ត្រូវ​ទុក​សម្រាប់​ធ្វើ​ស្រែ​ ។ ព្រះបាទ​ពញាយ៉ាត​ បាន​ប្រសិទ្ធិ​នាម​រាជ​ធានី ​នេះ​ថា ​ក្រុង​ចតុ​មុខ​មង្គល​សាកល​កម្ពុជា​ធិបតី​ សិរី​សោធរ​9 ឥន្ទ​បត្ត​បុរី​រដ្ឋា​រាជា​សេមា​មហានគរ ​។

លុះ​បី​បួន​ឆ្នាំ​ក្រោយ​មក​ ព្រះ​នរាយណ៍​រា​ជា ​ ដែល​ត្រូវ​ជា​បុត្រ​ច្បង​របស់​ព្រះ​ពញា​យ៉ាត​  បាន​ទទួល ​បរម​ងារ​ជា​ឧបរាជ​ ទ្រង់់​ បាន​សាង​តំណាក់​មួយ​នៅ ​ជ្រោយ​រលួស​10 ។ នៅ​ឆ្នាំ​ជាមួយ​គ្នា ​នោះ​ដែរ​ ព្រះ ​ស្រី​រាជា ​ ជា​បុត្រ​បន្ទាប់់  បាន​សាង​តំណាក់​មួយ​ដែរ​ នៅ​លើ​ទួល​មួយ​ខាង​លិច​ព្រែក​ឣូរ​គ ​‘ ទើប​គេ​ឲ្យ​ឈ្មោះ ​ទួល​នោះ​ថា ​ទួល​ព្រះ​ស្រី​រាជា​11 តែ​ឣ្នក​ស្រុក​ហៅ​កាត់​ថា​ ទួល​ព្រះ​ស្រី​ ’

ក្រោយ​មក​ទៀត​ ព្រះ​វិហារ​ដែល​ស្ថាបនា​ដោយ​លោក​ យាយ​ពេញ ​ត្រូវ​បែក​បាក់ ​ព្រះបាទ​ ពញា​យ៉ាត បាន​ចេញ​បញ្ជា​ឲ្យ​ សាង​ឡើង​វិញ​ ព្រម​ទាំង​កែ​ទម្រង់​ខ្លះ​នៃ​ភ្នំ​នេះ​ផង​ ។ ទ្រង់​បាន​ឲ្យ​ ពង្រីក​កំពូល​ ខាង​លើ​ហើយ​ក្រាល​ថ្ម​ ហើយ​ទ្រង់​បាន​ឲ្យ​គេ​សាង​ ចេតិយ​មួយ​យ៉ាង​ធំ​ នៅ​លើ​កំពូល​ភ្នំ​នេះ​ឡើង​ ។ នៅ​ខាង​ក្នុង​ ចេតិយ​នេះ​ មាន​ចែក​ជា​ពីរ​បន្ទប់​ គឺ​បន្ទប់​ខាងលើ​ និង​បន្ទប់​ខាង ក្រោម​ ។ បន្ទប់​ខាង​លើ​ ស្ថិត ​នៅ​ពេញ​ផ្ទៃ​ខាងលើ​ ។ ឯ​បន្ទប់​ខាង​ ក្រោម​ មាន​ទ្វារ​បែក​ចេញ​ទៅ​ទិស​ទាំងបួន​ ។ បន្ទប់​នីមួយ​ៗ​មាន​ ទីកន្លែង សម្រាប់​តាំង​រូប​បដិមាករ​ជាទី​សក្ការ:​បូជា​។

នៅ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ ព្រះ​អង្គ​ បាន​សាង​វត្ត​អារាម​ជា​ ច្រើន​ក្នុង​រាជ​ធានី ​វត្ត​ពីរ​ស្ថិត​នៅ​ ខាង​ទិស​បូព៌​នៃ​ភ្នំ​ វត្ត​មួយទៀត​ ស្ថិត​នៅ​ខាង​ទិស​ទក្សិណ​នៃ​ព្រែក​ចិន​ដំដែក​ វត្ត​មួយ​ទៀត​ស្ថិត​នៅ​ ជិត​មាត់​ទន្លេ ​ក្បែរ​មាត់​ព្រែក​ឧកញ៉ា​ផ្លាង​ វត្ត​មួយ​ទៀត ​ ស្ថិត​នៅ​ជិត​ ព្រះ​ចេតិយ​ឧណ្ណាលោម​ រី​ឯ​មួយ​ទៀត​ ស្ថិត​នៅ ​ខ្ពប​តា​យ៉ង ។ ព្រះអង្គ​បាន​បញ្ជា​ឲ្យ​គេ​ទៅ​ដង្ហែ​រូប​បដិមាករ​ ធ្វើ​ពី​សំរឹទ្ធិ​ និង​រូប​តោ​ពី​ អង្គរ​វត្ត​ មក​តម្កល់​លើ​កំពូល​ភ្នំ​ ហើយ​បាន​ប្រារព្ធ​បុណ្យ​អភិសេក​ ចំនួន​បី​យប់​បី់​ថ្ងៃ ​ ។ រី​ឯ​ព្រះ​ពុទ្ធ​រូប​ធ្វើ​ពី​សំរឹទ្ធិ ​ ដែល​លោក​ យាយ ​ពេញ ​បាន​រក​ឃើញ​នោះ ​ បាន​ត្រូវ​តម្កល់​ទុក​នៅ​បន្ទប់​ខាង​ក្រោម​ នៃ​ចេតិយ​ ។ ក្រោយ​ពី​បាន​ធ្វើ​ បុណ្យ​ឆ្លង​រួច​មក ​ព្រះអង្គ​ក៏​បាន​ ប្រកាស​ប្រសិទ្ធិ​នាម​វត្ត​លើ​កំពូល​ភ្នំ​នេះ​ថា​ វត្ត​ព្រះ​ចេតិយ​បព៌ត​ ប៉ុន្តែ​សព្វ​ ថ្ងៃ​នេះ​ អ្នក​ស្រុក​និយម​ហៅ​ឈ្មោះ​ចាស់​ថា​ វត្ត​ភ្នំ ​ ។

រី​ឯ​វត្ត​ពីរ​ ដែល​ស្ថិត​នៅ​ប៉ែក​ខាង​កើត​ភ្នំ​ វត្ត​មួយ​នៅ​ ឈៀង​ខាង​ត្បូង​ឲ្យ​ឈ្មោះ​ថា​ វត្ត​កោះ​12វត្ត​មួយ​ទៀត​ស្ថិត​នៅ​ ឈៀង​ខាង​ជើង​ឲ្យ​ឈ្មោះ​ថា​ វត្ត​លង្កា​13 ។ នៅ​ក្នុង​វត្ត​លង្កា​នេះ​ ហើយ​ ដែល​មាន​ ​តម្កល់​ ព្រះ​ត្រៃ​បិដក​ នោះ​ ។ វត្ត​ដែល​ស្ថិត​នៅ​ ខាង​ត្បូង​ព្រែក​ចិន​ដំដែក ​មាន​ឈ្មោះ​ថា​ វត្ត​ពុទ្ធ​ឃោសា​14 ។ ​វត្ត​ ទាំង​បី​ ‘ វត្ត​កោះ ​ វត្ត​លង្កា​ វត្ត​ពុទ្ធ​ឃោសា​ ’ ខាង​លើ​នេះ បាន​ ទទួល​ឈ្មោះ​តាម​ទំនៀម​ទម្លាប់​ ដែល​ទាក់​ទង់​ជាមួយ​នឹង​ពុទ្ធ​ឃោសា​ចារ​ និង​កោះ​ស្រី​លង្កា ​។

វត្ត​ដែល​នៅ​ជាប់​នឹង​មាត់​ព្រែក​ឧកញ៉ា​ផ៉្លាង​ ត្រូវ​បាន​គេ​ឲ្យ​ ឈ្មោះ​ថា​ វត្ត​ពាម​ផ្លុង​ ហើយ​ព្រះ​ពុទ្ធ​រូប​ ដែល​ ស្ថិត​នៅ​ក្នុង​ព្រះវិហារ​ វត្ត​នេះ​មាន​ឈ្មោះ​ថា​ ស្រ​កា​លិញ​ ។ វត្ត​ឧណ្ណាលោម បាន​យក ឈ្មោះ​តាម​ព្រះ​ចេតិយ​ ដែល​ព្រះ​ឣស​ជី​បាន​តម្កល់​ សារីរិក​ធាតុ​ ឧណ្ណាលោម15 ។ ​នៅ​ខាង​មុខ​វត្ត​នេះ​ ជិត​មាត់​ទ់ន្លេ​ នៅ​ក្រោម​ដើម​ ពោធិ​មួយ​ដើម​ ព្រះ​ពញា​យ៉ាត៉​  បាន​ឲ្យ​គេ​សាង​រោង​អ្នកតា​មួយ​ ឈ្មោះ​ អ្នកតា​ច្រាប់់​ ដែល​ក្រោយ​មក​ គេ​បាន​តែងតាំង ជា អ្នកតា ឃ្លាំងមឿង16 វិញ ។ វត្តខ្ពបតាយ៉ង៉ 17 ហៅ​តាម​ឈ្មោះ​ខ្ពប​មួយ​ ដែល​ពី​ដើម ​ជា​ឣូរ​មួយ​ ជីក​ដោយ​តា​យ៉ង៉ ​។

ផែនទី​ក្រុង​ភ្នំពេញ​ នា​សតវត្ស​ទី​ ១៥​

វត្ត​ពុទ្ធ​ឃោសា               ១១ជ្រោយ​រលួស

វត្ត​លង្កា                       ១២វត្ត​ខ្ពប​តា​យ៉ង៉

វត្ត​កោះ​                      ១៣ព្រែក​ពោងពាយ

ព្រែក​ឧកញ៉ា​ផ៉្លាង         ១៤ព្រែក​អូរ​គ

ព្រះបរមរាជវាំង           ១៥ព្រែក​តាកែវ

ភ្នំ​ដូនពេញ                  ១៦ស្រែ

វត្ត​ពាម​ផ្លុង                  ១៧ទួល​ព្រះ​ស្រី​រាជា

បឹង​ឧកញ៉ា​តេជោ         ១៨ទន្លេ​ច្រាប​ឈាម

ឃ្លាំង​មឿង                  ១៩ទន្លេ​មេគង្គ

១០វត្ត​ឧណ្ណាលោម         ២០ទន្លេ​បាសាក់

 

 

1 « Fondation de Phnom Penh au XVème. siècle après la chronique Cambodgienne », CŒUDÈS Georges, BEFEO 13 Juin 1913, p. 6-11.

2 រាមា​ធិបតី​ ឈ្មោះ​ព្រះ​មហាក្សត្រ​ខ្មែរ​ ច្រើន​យក​តាម​ឈ្មោះ​ព្រះ​នារាយណ៍​ ពុំ​សូវ​យក​ តាម​ឈ្មោះ​ព្រះ​ឥសូរ​ទេ​ ។ ឧទាហរណ៍ : ព្រះ​បាទ​បរម​រាជា​រាមាធិបតី ​ព្រះ​ស្រី​សុរិ​យោ​ពណ៌​ (ព្រះ​បាទ​ពញា​យ៉ាត​) ។ ព្រះ​នារាយណ៍​រាជា​ ព្រះ​រាម ​(ក្នុង​ រឿង​រាម​កេរ្តិ៍)

3 ព្រះ​ស្រី​សុរិយោ​ពណ៌​ ឈ្មោះ​ព្រះ​មហាក្សត្រ​ខ្មែរ​សម័យ​អង្គរ​ ច្រើន​តែ​ភ្ជាប់​ខាង​ចុង​ រវម ​ជា​ពាក្យ​សំស្ក្រឹត​ ។ ដូច្នេះ​ សរសេរ​ជា​ខ្មែរ​ វរ្ម័នវម៌​ ឬ​ ពម៌​ ។ ដូច្នេះ​ ្រសី​សុរិយោ​ពណ៌ ​នេះ​ ត្រូវ​សរសេរ​ជា​ ស្រី​សុរិយោ​វរ្ម័ន ឬ ​ពម៍​ វិញ​ ទើប​ត្រឹមត្រូវ​តាម​ឈ្មោះ​របស់​ព្រះអង្គ ​ពុំ​មែន​ ពណ៌​ នេះ​ទេ ​(តាម​ការ​សន្ទនា​ជាមួយ​លោក​ស្ត្រី​បណ្ឌិត​ ពៅ ​សាវ​រស)

4 ទន្លេ​ច្រាប​ឈាម​ គឺ​ជា​ទន្លេ​ដែល​ហូរ​ទៅ​កាន់​បឹង​ទន្លេសាប​ ដែល​អ្នក​ស្រុក​បាន​ស្គាល់​យ៉ាង​ ច្បាស់​ តែ​គេ​ពុំ​អាច​ពន្យល់​បាន​ទេ​ថា​ តើ​ហេតុ​ដូច​ម្ដេច​ បាន​ជា​ទន្លេ​នេះ​ឈ្មោះ​យ៉ាង​ ដូច្នេះ​នោះ ។

5 បឹង​ឧកញ៉ា​តេជោ ​ គឺ​ស្ថិត​នៅ​ត្រង់​ម្តុំ​វត្ត​កោះ​សព្វ​ថ្ងៃ ​។

6 ព្រែក​ឧកញ៉ា​ផ្លុង​ ព្រែក​នេះ​ ជាប់​ពី​មាត់​ទន្លេ​រហូត​ដល់​បឹង​ពោង​ពាយ​ ត្រង់​កន្លែង​សួន​ច្បារ​ ចំ​ពី​មុខ​ព្រះ​សក្យ​មុនី​ចេតិយ​សព្វ​ថ្ងៃ ​។

7 ព្រែក​តា​កែវ​ ព្រែក​នេះ​ ស្ថិត​នៅ​ពី​ខាង​កើត​វាល​វង់​ សព្វ​ថ្ងៃនេះ​ ពហុ​កីឡា​ស្ថាន​ជាតិ​ បាន​ ត្រូវ​សង់​ឡើង​នៅ​ត្រង់​កន្លែង​ វាល​វង់ នេះ​(គឺ​កីឡា​ស្ថាន) ឱ​លយ​មផិច​)កាត់​តាម​វិមាន​ឯករាជ្យ ។ មាន​វត្ត​មួយ​សាង​ឡើង​នៅ​ក្បែរ​ព្រែក​នោះ​ឈ្មោះ​ វត្ត​តាកែវ ​ រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ ។

8 ព្រែក​ពោង​ពាយ​ ឬ ​ព្រែក​ចិន​ដំដែក​ ស្ថិត​នៅ​ខាង​ត្បូង​បន្តិច​នៃ​វិទ្យាល័យ​ ភរ​ឲ្យ​វិដនេត​ ។ ឯ ​បឹង​ពោង​ពាយ​ ខាង​ជើង​ទល់​នឹង​ទំនប់​ទួល​គោក​ ខាង​ត្បូង​ទល់​នឹង​ផ្លូវ​រទេះ​ភ្លើង​ ឬ​ផ្លូវ​ជាតិ ​ពី ​ភ្នំពេញ​ទៅ​ពោធិ​ចិន​តុង​ ។

9 សិរី​សោ​ធរ​ ឈ្មោះ​រាជ​ធានី​ ដែល​សាង​ឡើង​ដោយ​ព្រះ​បាទ​ ស្រី​យសោ​វរ្ម័ន​ ក្នុង​រាជ​ព្រះ​អង្គ​ (ឬ ​អង្គរ​ធំ ) ។ ក្រោយ​មក​ ពាក្យ​នេះ​ហៅ​បម្រួញ​ខ្លី​ថា​ សិរី​សោ​ធរ​ ដែល​ព្រះ​បាទ​ពញា​យ៉ាត​ បាន​យក​ឈ្មោះ​នេះ​ មក​ដាក់​ទី​ក្រុង​ភ្នំពេញ​នេះ​ទៀត​ ។ ​ក្រោយ​មក​ទៀត​ពាក្យ​ សិរី​សោ​ធរ​ នេះ​ហៅ​ក្លាយ​ជា​ ស​ស្រី​សន្ធរ​ និង​ ស៊ី​ធរ ដែល​គេ​ហៅ​ថា​ ស៊ី​ធរ​កណ្ដាល​នោះ​ មិន​មែន ​ស្រី​ស​ឈរ​ ទេ​ ។ (តាម​ការ​សន្ទនា​ជា​មួយ​លោក​ស្ត្រី​បណ្ឌិត​ ពៅ ​សាវ​រស )

10 ជ្រោយ​រលួស ត្រង់​ម្តុំ​ផ្សារ​កាប់​គោ​សព្វ​ថ្ងៃ ​ គឺ​ទិស​អាគ្នេយ៍​នៃ​ព្រះ​បរម រាជវាំង​ ។

11ទួល​ព្រះ​ស្រី​រា​ជា​ ហៅ​កាត់​ថា ​ទួល​ព្រះ​ស្រី ​ស្ថិត​នៅ​ខាង​ជើង​វត្ត​ព្រះ​ពុទ្ធ​មាន​បុណ្យ​សព្វ​ថ្ងៃ​។

12

វត្ត​កោះ​ ស្ថិត​នៅ​ខាង​ជើង​ឈៀង​ខាង​កើត ពី​វត្ត​ភ្នំ​ដូន​ពេញ ត្រង់​កន្លែង​វិមាន​រដ្ឋាភិបាល​សព្វ​ថ្ងៃ ។ តែ​ក្រោយ​មក វត្ត​នេះ​ ក៏​លើក​យក​ទៅ​សាង​នៅ​ម្តុំ​បឹង​តេជោ គឺ​វត្ត​កោះ សព្វ​ថ្ងៃ​នេះ ។

13វត្ត​លង្កា ពី​ដើម​ស្ថិត​នៅត្រង់​ឃ្លាំង​អំបិល ខាងក្រោយ​ក្រសួង​ផែនទី ។ ក្រោយ​មក វត្ត​នេះ ត្រូវ​បាន​គេ​យក​ទៅ​សាង​នៅ​វត្ត​លង្កា​សព្វថ្ងៃ​នេះ ។

14វត្ត​ពុទ្ធ​ឃោសា ស្ថិត​នៅ​ជិត​ព្រែក​ពោងពាយ ហៅ​ព្រែក​ចិន​ដំដែក។ វត្ត​នេះ ក៏​ហៅ​តាម​ឈ្មោះ​ព្រែក​នោះ​ ដែរ ។ វត្ត​នេះ ឥត​មាន​រុះរើ​ទៅ​ណា​ទេ គឺ​នៅត្រង់​កន្លែង​ដដែល តែ​ពុទ្ធបរិស័ទ​ទាំងអស់ នៅ​ចាំ​ឈ្មោះ​វត្ត​នេះ យ៉ាង​ច្បាស់​ថា វត្ត​ពុទ្ធ​ឃោសា ។ ក្រោយ​មក​វត្ត​នេះ បាន​ត្រូវ​បែក​ជា​ពីរ ដោយ​សារ​ផ្លូវ​មួយ​ពុះ​ចែក ចំកណ្ដាល​វត្ត វត្ត​មួយ​ជា គណៈ​ធម្មយុត្តិ​ ហើយ​វត្ត​មួយទៀត​ជា គណៈ​មហានិកាយ ។

15ណ្ណា​លោម ជា​ពាក្យ​សំស្ក្រឹត​ដែល​មាន​ន័យថា រោម​មួយ​កញ្ចុំ នៅត្រង់​កញ្ចុំ​ចិញ្ចើម​របស់ ព្រះ​សមណ​គោតម ។ ចេតិយ​ដែល​មាន​តម្កល់​សារីរិកធាតុ ឧណ្ណា​លោម នេះ​គេ​ឱ្យ​ឈ្មោះ​ថា ឧណ្ណា​លោម រី​ឯ​វត្ត​មួយ​ដែល​សាង​ឡើង​នៅ​ជិត​ ចេតិយ​នេះ គេ​ក៏​សន្មត​ហៅ​វត្ត​នោះ​ថា វត្ត​ឧណ្ណា​លោម តាម​ឈ្មោះ​ចេតិយ​នោះ​ទៅ ។

16អ្នកតា​ឃ្លាំងមឿង ជា​ធម្មតា​នៅ​តាម​ភូមិ​នី​មួយៗ​របស់​ខ្មែរ តែង​តែ​មាន​អ្នកតា​មួយ​ប្រចាំ ការពារ​ភូមិ​នោះ។ ឯ​ព្រះបាទ​ពញា​យ៉ាត​ទ្រង់​មាន​ជំនឿ​ដូច្នេះ​ដែរ ហេតុ​នេះ​ហើយ ទើប​ព្រះ អង្គ​ឱ្យ​គេ​សាង​អ្នកតា​ឃ្លាំងមឿង​នេះ​ឡើង ​ ជា​អ្នកតា​ចាំ​ថែរក្សា​ប្រទេសជាតិ​ទាំង​មូល ។

17វត្ត​ខ្ពបតា​យ៉ង ពេល​វត្ត​នេះ​រលំ​បាក់បែក​អស់​ទៅ ពុទ្ធបរិស័ទ​នៅ​ទី​ក្រុង​បាន​សាង​វត្ត​ថ្មី​ឡើង នៅត្រង់​កន្លែង​វត្ត​ខ្ពប​តា​យ៉ង​នេះ តែ​វត្ត​ថ្មី​នេះ​គេ​ឱ្យ​ឈ្មោះ​ថា វត្ត​បទុម​វតី ដែល​ស្ថិត​នៅ ចំ​ខាងត្បូង​ព្រះ​បរម​រាជវាំង​សព្វ​ថ្ងៃនេះ ។

Exit mobile version