August 24, 2025
Phnom Penh, Cambodia.
Khmer

ទំនៀមទម្លាប់ពិធី​អាវាហ​វិវាហ​មង្គល

ពិធី​អាវាហ​វិវាហ​មង្គល

(រៀប​មង្គល​ការ បែប​លើក​ត្រៃ)

រៀបរៀងដោយ៖ ព្រះ​មហា​ពិទូរ​ក្រសេម

ដកស្រង់ចេញពីទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៧

មាន​របៀប​រៀប​មង្គល​ការ ១ បែប​ទៀត ជា​របស់​កើត​មាន​មក​តាំង​ពី​បុរាណ​កាល​មក​ដែរ តាម​សំដី​ដែល​អ្នក​ស្រុក​ហៅ​ថា ការ​លើក​ត្រៃក៏​មាន ការ​វេរភត្តក៏​មាន ។ មូលហេតុ​ដែល​កើត​មាន​របៀប​ការ​បែប​នេះ​ឡើង​មក​ពី​អ្នក​ទាំង​សងខាង​ជា​អ្នក​ទ័ល​ក្រ ពុំ​នោះ​សោត​អ្នក​ទាំង​សងខាង​ជា​សម្មា​ទិដ្ឋិ ជា​អ្នក​ចាំ​សីល​រក្សា​ធម៌​តាម​បែប​ព្រះ​ពុទ្ធសាសនា ជា​អ្នក​ខ្លាច​បាប​ខ្ពើម​បាប មក​ពិចារណា​ឃើញ​ថា ការ​ដែល​រៀប​មង្គល​ការ​តាម​ទំនៀម​ទម្លាប់​បូរាណ​នោះ មាន​ទាក់​ទាម​ដោយ​ផ្លូវ​បាបកម្ម​នឹង​ការ​ឥត​ប្រយោជន៍​ជា​ច្រើន ដូច​យ៉ាង​ការ​សម្លាប់​សត្វ​យក​មក​លៀង​គ្នា ការ​លៀង​សុរា​គ្នា អំបាល​នេះ​ជា​ការ​ដែល​មាន​ទោស ការ​ឡើង​អ្នកតា​ម្ចាស់​ស្រុក ការ​សែន​ដល់​ក្រុង​ពាលី​ការ​ពលិការ​ដល់​ទេវតា អំបាល​នេះ​ជាដើម​ជា​ការ​ឥត​ប្រយោជន៍ បើ​ជា​ឧបាសក​ឧបាសិកា អាច​នឹង​ដាច់​ឬ​សៅហ្មង​សរណគមន៍​ក៏​បាន តាម​អាការ​នៃ​ទឹក​ចិត្ត​ដែល​ខ្លួន​រាប់អាន​នឹង​ធ្វើ​ទៅ ។ អ្នក​ដែល​ជា​ឧបាសក​ឧបាសិកា ត្រូវ​លះ​វៀរ​អំពី​បាន​ទាំង​ពួង ត្រូវ​មាន​ទឹក​ចិត្ត​មូល​មួយ​ចំពោះ​គោរព​រាប់អាន​ជឿ​តែ​ក្នុង​ព្រះ​ពុទ្ធព្រះ​ធម៌ ព្រះ​សង្ឃ​ប៉ុណ្ណោះ មិន​ត្រូវ​ឲ្យ​មាន​ចិត្ត​បែក​ខ្ញែក​រាយមាយ​ទៅ​គោរព​រាប់អាន​ជឿ​វត្ថុ​ដទៃ​ឲ្យ​ស្មើ​ឬ​ឲ្យ​លើស​ព្រះ​ពុទ្ធព្រះ​ធម៌ ព្រះ​សង្ឃ​ទៅ ខ​នេះ​សូម្បី​សាសនា​ដទៃ​ក៏​ប្រដៅ​ឲ្យ​គោរព​រាប់អាន​ជឿ​តែ​ក្នុង​កំលុង​សាសនា​នោះ ៗ ដូច​គ្នា គឺ​កើត​មក​ជា​កូន​អ្នក​ណា ត្រូវ​រាប់អាន​គោរព​អ្នក​នោះ​ឲ្យ​ធ្ងន់​ជាង​គេ ។

១ ទៀត សេចក្ដី​យល់​ឃើញ​របស់​បុគ្គល​ជំពូក​នោះ​ថា ការ​ដែល​រៀប​ឲ្យ​កូន​មាន​ប្ដី​ប្រពន្ធ ហៅ​ថា មង្គល​ការតាម​ផ្លូវ​ព្រះ​ពុទ្ធសាសនា ដែល​នឹង​ហៅ​ដូច្នោះ​បាន លុះ​តែ​ការ​នោះ​គ្មាន​ទោស បើ​ការ​នោះ​ប្រកប​ដោយ​ទោស​នឹង​ហៅ​ដូច្នោះ​ពុំ​បាន​ដោយ​អាង​រឿង​មង្គល ៣៨ ប្រការ ដែល​មាន​មក​ក្នុង​មង្គល​សូត្រ ក៏​សុទ្ធ​តែ​ឲ្យ​លះ​វៀរ​ការ​បាប​ការ​ឥត​ប្រយោជ៍​ផ្សេង ៗ មាន​មិន​គប់​ពាល គប់​តែ​បណ្ឌិត្យ​ជាដើម ។ ដើម្បី​នឹង​បំពេញ​កិច្ច​នោះ​ឲ្យ​ចូល​ក្នុង​ផ្លូវ​មង្គល​មែន ៗ ឲ្យ​សម​តាម​ឈ្មោះ​ដែល​ហៅ នឹង​ឲ្យ​សម​តាម​ភាព​ខ្លួន​ដែល​ជា​ឧបាសក​ឧបាសិកា គេ​ទើប​កាត់​ចោល​របៀប​ដែល​មាន​ទោស​នឹង​ឥត​ប្រយោជន៍​នោះ ៗ ចេញ បំបែរ​កិច្ច​នោះ​ឲ្យ​ចូល​ក្នុង​ពិធី​សង្ឃ​ជា​ធំ​ទៅ​វិញ បាន​កាត់​ចោល​ទំនៀម​ទម្លាប់​បូរាណ​ជា​ច្រើន​ប្រការ គឺៈ សុរា សត្វ​មាន​ជីវិត ភ្លេង ច្រៀង​រាំ ការ​មើល​ឫក្ស ការ​សែន​ក្រុង​ពាលី ការ​ពលិកា​ទេវតា ការ​សែន​ក្បាល​ជណ្ដើរ ការ​រៀប​ផ្លែ​ឈើ ការ​ជុំ​ពេលា ការ​យក​ពេលា ការ​ដោត​ផ្កា​ស្លា កា​សំពះ​ផ្លា​ស្លា បង្វិល​ពពិល រាំ​បើក​បាយសី ការ​គោះ​ថង់​រង រាំ​សា​កន្ទេល លេង​ភ្លេង​លត់​ចន្លុះ អំបាល​នេះ​គ្មាន ។ នៅ​មាន​តែ​ការ​ចែចូវ ការ​ដណ្ដឹង ការ​ជូន​របស់​បញ្ចាំ​ចិត្ត ការ​បង្គាប់​ឲ្យ​ធ្វើ​ផ្ទះ​ជាដើម ការ​ជូន​ពេលា ការ​សូត្រ​មន្ត ថែម​ការ​ថ្វាយ​ចង្ហាន់​នឹង​ត្រៃ​ចីវរ​ដល់​សង្ឃ រណ្ដាប់​ខាន់​ស្លា ផ្កា​ស្លា ការ​ផ្សំ​ដំណេក ទាំង​អំបាល​នេះ​នៅ​មាន ។

បណ្ដា​កិច្ចការ​នឹង​គ្រឿង​ភ័ស្ដភារ​បណ្ណាការ អំបាល​ដែល​ថា​នៅ​ធ្វើ​ដូច​រាយ​ឈ្មោះ​មក​ខាង​លើ​នោះ ប្រការ​ខ្លះ​ក៏​នៅ​ធ្វើ​​តាម​រូប​ដើម​ទាំង​ស្រុង​ក៏​មាន ប្រការ​ខ្លះ​ក៏​ត្រូវ​កាត់​ត្រូវ​កែ​ទៅ មិន​បាន​គង់វង់​នៅ​តាម​ប្រវេណី​ដើម​ទាំង​មូល​ក៏​មាន ដូចជា​នឹង​បាន​ពណ៌នា​តទៅ​ដោយ​លំដាប់ ។

ការ​ចែចូវ

របៀប​ចែចូវ​តាម​ទំនើប​ថ្មី​មាន​តែ ១ ជើង អ្នក​ចែចូវ​ត្រូវ​មាន​ភ័ស្ដុភារ គឺ​ស្លា​ម្លូ​ថ្នាំ បន្តិច​បន្តួច ជា​របស់​កំដរ​ដៃ​ទៅ​ផង​តាម​ទំនៀម កាល​ទៅ​ដល់​ហើយ គប្បី​និយាយ​ស្ទាប​ស្ទង់​ថា សូម​លោក – អ្នក​អភ័យ​ទោស ដ្បិត​លោក – អ្នក​ឈ្មោះ​នោះ​មាន​ពឹង​ពរ​រក​ខ្ញុំ​ឲ្យ​មក​សូម​ជំរាប​សួរ​អំពី​កូន​ស្រី​លោក – អ្នក​នេះ​ជា​មាន​ទាក់ទិន​ទៅ​ឯណា​ហើយ ឬ​នៅ​ទំនេរ​នៅ​ឡើយ សូម​ទាន​ប្រសាសន៍​ជា​ដំណឹង ។

បើ​គេ​មិន​ប្រុង​នឹង​ឲ្យ គេ​នឹង​តប​ថា មាន​ទាក់ទិន​ទៅ​ហើយ ឬ​ថា​កូន​ខ្ញុំ​នៅ​ក្មេង​ណាស់ មិន​ទាន់​គិត​នឹង​ទុក​ដាក់​ឲ្យ​មាន​គូ​ស្រករ​នៅ​ឡើយ សូម​កុំ​ឲ្យ​លោក – អ្នក​ឯ​ណោះ​ទៅ​មក​ឡើយ ។ បើ​គេ​ប្រុង​នឹង​ឲ្យ គេ​នឹង​តប​ថា មិន​មាន​ទាក់ទិន​ក៏​ដូចជា​ទាក់​ទិន​ទៅ​ហើយ បើ​អ្នក​ចង់​ជ្រាប ឧស្សាហ៍​អញ្ជើញ​ទៅ​មក​គង់​ជា​នឹង​ជ្រាប ។ ប៉ុណ្ណោះ​ឈ្មោះ​ថា ស្រេច​ការ​ចែចូវ​ហើយ ។

ការ​ដណ្ដឹង

ជើង​ដំបូង

របៀប​ដណ្ដឹង​តាម​ទំនៀម​នេះ​មាន ២ ជើង គឺ​ដណ្ដឹង​ឲ្យ​អ្នក​ផ្លូវ​ស្រី ១ ជើង ដណ្ដឹង​ដោយ​អ្នក​មហា ១ ជើង គ្រឿង​ភ័ស្ដុភា​បណ្ណាការ​ត្រូវ​មាន​តាម​សមគួរ គឺ​គ្រឿង​ស្លា​គ្រប់​មុខ ផ្លែ​ឈើ​ផ្សេង ៗ នំ​ផ្សេង ៗ រៀប​ដាក់​តោក​ជា​គូ ៗ ដូច​សព្វ​ដង ។ ជើង​ដំបូង​នេះ​ត្រូវ​ចាត់​ឲ្យ​អ្នក​ផ្លូវ​ស្រី ៣ ណាក់​ទៅ​ដណ្ដឹង អ្នក​ផ្លូវ​និយាយ​ដណ្ដឹង​ត្រង់ ៗ តែ​ម្ដង មិន​បាច់​និយាយ​វាស​វែង​តាម​ទំនៀម​បូរាណ គឺ​ថា សូម​ជំរាប​អស់​លោក​មេបា សូម​ទាន​ជ្រាប ដ្បិត​អ្នក​សាមី​ដើម​ការ​ឈ្មោះ​នោះ បាន​ពឹង​ពរ​រក​ខ្ញុំ​ទាំង ៣ នាក់ ឲ្យ​មក​សូម​ចង​សម្ពន្ធ​មេត្រី ដោយ​សូម​សណ្ដឹង​នាង​ឈ្មោះ​នោះ​ជា​កូន​លោក​មេបា ឲ្យ​ជា​ភរិយា​នាយ​ឈ្មោះ​នោះ ជា​កូន​អ្នក​សាមី​ដើម​ការ បើ​លោក​មេត្តា​ឲ្យ​ទាន នឹង​បាន​លើក​គ្រឿង​បណ្ណាការ​ជូន​ពីសា ។

មេបា​ត្រូវ​តប​ថា ការ​នេះ​យើង​ជា​មេបា​ក៏​មិន​បាន​ទ័ល​ក្រ​អ្វី​ដែរ ក៏​ប៉ុន្តែ​យើង​ទុក​ដាក់​តែ​ម្ដង​ពុំ​បាន ដ្បិត​អ្នក​ជា​អ្នក​ផ្លូវ​នេះ​ជា​ស្ត្រី​ស្រដី​ការ​ធំ​ពុំ​ដាច់​ស្រេច ក្រែង​ទទួល​ការ​ផ្ទុក​ផ្ទាល់​អំពី​យើង​ជា​មេបា​ពុំ​បាន (បើ​ពុំ​ដែល​ស្ដាប់​សាមី​ខ្លួន​កូន​ប្រុស​ត្រូវ​ថា) ១ ទៀត យើង​មេបា​រាល់​គ្នា​ពុំ​ដែល​ឃើញ​រូប​ឆោម នៃ​សាមី​ខ្លួន​កូន​ប្រុស​នោះ​ផង ដូច្នេះ​សូម​អ្នក​ទៅ​ជំរាប​អ្នក​សាមី​ខ្លួន​ដើម​ការ ឲ្យ​ពឹង​រក​បុរស​ដែល​មាន​សតិ​បញ្ញា​ស្គាល់​ការ​រាក់​ជ្រៅ​ឲ្យ​មក​និយាយ​ការ​នឹង​យើង ហើយ​នឹង​ឲ្យ​នាំ​ខ្លួន​កូន​ប្រុស​មក​ឲ្យ​យើង​ស្គាល់​ផង ។

ប៉ុណ្ណេះ​ហើយ អ្នក​ផ្លូវ​ត្រូវ​លើក​គ្រឿង​បណ្ណាការ​ជូន​ទៅ​មេបា ហើយ​ត្រឡប់​មក​វិញ ។

ការ​ដណ្ដឹង

ជើង​ទី ២

ជូន​របស់​បញ្ចាំ​ចិត្ត

កាល​ឲ្យ​អ្នក​ផ្លូវ​ទៅ​ដណ្ដឹង​ដឹង​ទំរោយ​ដូច្នោះ​ហើយ ក្នុង​ឱកាស​ណា​មួយ អ្នក​សាមី​ដើម​ការ​ត្រូវ​រៀប​រណ្ដាប់​គ្រឿង​បណ្ណាការ​ផ្សេង ៗ នំ​ផ្សេង ៗ រៀប​ដាក់​តោក​ជា​គូ ៗ តែ​ឲ្យ​មាន​មុខ​របស់​នឹង​ចំនួន​ឲ្យ​ច្រើន​ជាង​ជើង​មុន នឹង​របស់​បញ្ចាំ​ចិត្ត ជា​គ្រឿង​មាស​គ្រឿង​ពេជ្រ សំពត់ អាវ ក្រមា នឹង​គ្រឿង​ស្លា ១ គ្រឿង​ទៀត​រៀប​ដាក់​រង ១ ស្រេច​ហើយ​ចាត់​ឲ្យ​អ្នក​ផ្លូវ ៣ អ្នក​មហា ៣ នាក់ ឲ្យ​នាំ​ទៅ​កាន់​ត្រកូល​ខាង​ស្រី ព្រម​ទាំង​ឲ្យ​នាំ​សាមី​ខ្លួន​កូន​ប្រុស​ទៅ​ផង ។

ការ​ដណ្ដឹង​ក្នុង​វារៈ​ទី ២ នេះ​សូម​ឲ្យ​ជ្រាប​ថា របៀប​ពាក្យ​ដែល​អ្នក​ផ្លូវ​និយាយ​ក្ដី ដែល​អ្នក​មហា​និយាយ​ក្ដី រមែង​ទៅ​តាម​ទំនៀម​ទម្លាប់​បូរាណ​ដោយ​ច្រើន​ដូច​មាន​ពោល​ហើយ​ក្នុង​រឿង​ការ​តាម​ទំនៀម ប្លែក​តែ​បែប​នេះ មិន​ប្រើ​សុរា សត្វ​មាន​ជីវិត អ្នក​មហា​ទី ១ មិន​បាច់​ពាក់​អាវ​ផាយ អ្នក​មហា​ទី ២ មិន​បាច់​មាន​ដប​សុរា​នឹង​ពែង​សុរា​ប៉ុណ្ណោះ ។

កាល​ពួក​មេបា​ពិនិត្យ​រូប​កាយ​កូន​ប្រុស​រួច​ហើយ ព្រម​ព្រៀង​ឲ្យ​កូន​ហើយ នឹង​ទទួល​គ្រឿង​បណ្ណាការ​ហើយ លំដាប់​នោះ​អ្នក​អ្នក​មហា​ត្រូវ​ជំរាប​មេបា​សុំ​ឲ្យ​បង្គាប់​ពី​រឿង​ធ្វើ​ផ្ទះ នឹង​ភ័ស្ដុភារ​បណ្ណាការ​ដែល​នឹង​រៀប​ការ​ហើយ​ទៅ​ថ្ងៃ​មុខ តើ​ត្រូវ​មាន​អ្វី​ខ្លះ ។ ពួក​មេបា​ត្រូវ​បង្គាប់​ទៅ​តាម​ធនធាន​របស់​អ្នក​សាមី​ដើម​ការ បើ​ត្រូវ​ឲ្យ​ធ្វើ​ផ្ទះ​ក៏​បង្គាប់​ពី​រឿង​ធ្វើ​ផ្ទះ​នៅ បើ​មិន​ត្រូវ​ការ​ឲ្យ​ធ្វើ​ផ្ទះ​ទេ ក៏​ត្រូវ​បង្គាប់​តែ​គ្រឿង​បណ្ណាការ​ទៅ តាម​ទំនៀម​ដែល​គេ​ធ្លាប់​បង្គាប់​មក​ហើយ​ដូច្នេះ ។

គ្រឿង​បណ្ណាការ

ត្រៃចីវរ

ខាន់ស្លា

ផ្កា​ស្លា ៣ ។

ឯ​ត្រៃចីវរ​នោះ គេ​បង្គាប់​យក ៤ ត្រៃ​ក៏​មាន ៦ ត្រៃ​ក៏​មាន ៨ ត្រៃ​ក៏​មាន ១០ ត្រៃ​ក៏​មាន បង្គាប់​ឲ្យ​ជូន​ត្រៃ​ប៉ុន្មាន ត្រូវ​និមន្ត​ព្រះ​សង្ឃ​ប៉ុណ្ណោះ​រូប ។ តែ​បើ​ជា​អ្នក​ទីទ័ល​ណាស់ គេ​បង្គាប់​ឲ្យ​មាន​តែ​ត្រៃ ១ ក៏​មាន ចួន​កាល​ឲ្យ​មាន​តែ​ស្បង់​មួយ ៗ តាម​ចំនួន​ព្រះ​សង្ឃ​ក៏​មាន ចួន​កាល​គ្មាន​សោះ គ្រាន់​តែ​វេរ​ចង្ហាន់​សង្ឃ​ក៏​មាន ។ ឯ​ខាន់ស្លា​ត្រូវ​មាន​ជា​ដរាប ព្រោះ​មាន​ក្នុង​ច្បាប់​បញ្ញត្តិ​ទុក​ថា ដែល​នឹង​ទុក​ជា​ប្រពន្ធ​ដែល​ត្រឹម​ត្រូវ​តាម​ច្បាប់​បាន លុះ​តែ​មាន​ខាន់ស្លា​តាម​ទំនៀម​ស្រុក មក​ដល់​សម័យ​នេះ លោក​រាប់​ការ​ចុះ​នាម​ក្នុង​សៀវភៅ​អាពាហ៍​ពិពាហ៍​ផង ។ ផ្លា​ស្លា​ជា​របស់​សម្រាប់​បាច​ឲ្យ​ពរ ត្រូវ​មាន​ដែរ ។ ចំណែក​ឯ​អាហារ​លៀង​ភ្ញៀវ​នោះ​ត្រូវ​មាន​ជា​ធម្មតា តែ​គេ​ហាម​មិន​ឲ្យ​យក​សត្វ​រស់​មក​សម្លាប់​ធ្វើ​ម្ហូប ត្រូវ​ទិញ​ដូរ​សាច់​សត្វ​ដែល​គេ​សម្លាប់​ស្រាប់​សឹង​មាន​លក់​នៅ​តាម​ផ្សារ ហើយ​គេ​មិន​បង្គាប់​ថា របស់​នេះ​ត្រូវ​មាន​ប៉ុណ្ណោះ របស់​នោះ​ត្រូវ​មាន​ប៉ុណ្ណោះ​ទេ គេ​គ្រាន់​តែ​ប្រាប់​ចំនួន​ថា ភ្ញៀវ​មាន​ប្រហែល​ប៉ុណ្ណោះ​នាក់ ភ្ញៀវ​ខាង​ប្រុស​មាន​ប៉ុន្មាន អ្នក​សាមី​ដើម​ការ​ត្រូវ​គិត​លៃលក​រក​មក​ឲ្យ​ខាង​តែ​គ្រប់គ្រាន់ ទាំង​ចង្ហាន់​ព្រះ​សង្ឃ ក៏​ត្រូវ​គិត​រួម​ជា​មួយ​គ្នា​នោះ​ផង ។

ការ​ចែចូវ​ក្ដី ការ​ដណ្ដឹង រហូត​ដល់​គ្រឿង​បណ្ណាការ​នឹង​របៀប​កិច្ចការ​ទាំង​ពួង​ក្ដី​ដែល​ទៅ​ជា​ការ​សង្ខេប​ដូច្នេះ​បាន មក​ពី​អ្នក​ម្ចាស់​ការ​ទាំង​សងខាង បាន​ដឹង​ន័យ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ខាង​ស្រី​បាន​បន្លុយ​បន្លឺ​ពាក្យ​ឲ្យ​ខ្ចរខ្ចាយ​ទៅ​ថា បើ​អ្នក​ណា​មក​ដណ្ដឹង​កូន កាល​ឃើញ​ថា​ត្រូវ​ដង​ត្រូវ​ផ្លែ​គ្នា​ហើយ នឹង​មិន​បាច់​ឲ្យ​រៀបចំ​ធំ​ដុំ​ទេដូច្នេះ ព្រម​ទាំង​ប្រឹក្សា​គ្នា​ក្នុង​ពេល​ដែល​ដណ្ដឹង​ព្រម​ព្រៀង​គ្នា​ជា​ធ្វើ​ដូច្នោះ ចំណែក​ខាង​ប្រុស​វិញ បើ​ជា​អ្នក​សម្មា​ទិដ្ឋិ​ក៍ ហើយ​ត្រូវ​ការ​រៀប​មង្គល​ការ​តាម​របៀប​នេះ​សោត គេ​រមែង​ជ្រើសរើស​ដណ្ដឹង​តែ​ក្នុង​ត្រកូល​សម្មា​ទិដ្ឋិ​ក៍​ដូច​គ្នា​ឲ្យ​ល្មម​តែ​និយាយ​គ្នា​បាន ។

ជូន​ពេលា

កាល​ដល់​ឱកាស​ណា​មួយ​ដ៏​សមគួរ​ហើយ អ្នក​សាមី​ដើម​ការ​ត្រូវ​កំណត់​ពេលា​ជូន​ទៅ​ខាង​ស្រី សុំ​អនុញ្ញាត​រៀប​មង្គល​ការ​កូន ។ បើ​មិន​មាន​ធុរៈ​ជា​ទម្ងន់​ទេ មេបា​ខាង​ស្រី​ត្រូវ​អនុញ្ញាត​ឲ្យ​គេ ។ កាល​ព្រមព្រៀង​គ្នា​នឹង​រៀប​មង្គល​ការ​ហើយ​មុន​នោះ ៨ ថ្ងៃ ត្រូវ​ប្ដឹង​មន្ត្រី​អត្រានុកូលដ្ឋាន​ឲ្យ​ចេញ​ប្រកាស​ផង ។

ផ្ដើម​មង្គល​ការ

កាល​ដល់​កំណត់​ថ្ងៃ​នោះ​ហើយ អ្នក​សាមី​ដើម​ការ ត្រូវ​ដឹកនាំ​ភ័ស្ដុភា​បណ្ណាការ​អំបាល​នោះ​ទៅ​ឯ​ផ្ទះ​ដែល​នឹង​រៀបការ ដើម្បី​នឹង​ធ្វើ​មង្គល​ការ​តទៅ របៀប​ធ្វើ​មង្គល​ការ​បែប​នេះ​គេ​ធ្វើ​យ៉ាង​យូរ​ត្រឹម ២ ថ្ងៃ​គឺ ថ្ងៃ​ផ្ដើម​មង្គល​ការ នឹង​ថ្ងៃ​មង្គល​ការ ។ ថ្ងៃ​ដំបូង​វេលា​រសៀល គេ​រៀប​ចំរើន​បរិត្ត​នៅ​ផ្ទះ​ការ អ្នក​សាមី​ដើម​ការ​ត្រូវ​យក​ត្រៃ​មក​ដំកល់​ដាក់​លើ​តោក​ឬ​ជើងពាន ហើយ​រៀប​ជា​ជួរ​តាម​មុខ​ព្រះ​សង្ឃ នឹង​ផ្លា​ស្លា​ទាំង ៣ ក៏​រៀប​ដាក់​ជើងពាន​ទាំង​ខ្ពរ យក​មក​ចូល​ក្នុង​ពិធី​សូត្រ​មន្ត​នេះ​ដែរ នឹង​ត្រូវ​មាន​ទឹកអប់​ដែល​អប់​ដោយ​គ្រឿង​ក្រអូប ១ ផ្តិល យក​មក​ដាក់​ត្រង់​មុខ​លោក​ដើម​អាសន៍ ។ ព្រះ​សង្ឃ​ដែល​នឹង​និមន្ត​មក​ត្រូវ​គិត​តាម​ចំនួន​ត្រៃ ។ កាល​ព្រះ​សង្ឃ​មក​ចំរើន​បរិត្ត សាមី​ខ្លួន​កូន​ប្រុស​ស្រី​ត្រូវ​រៀបចំ​ស្លៀកពាក់​តែង​កាយ​តាម​សមគួរ គឺ​ស្លៀកពាក់​របស់​ថ្មី ៗ មិន​បាច់​រើស​ព័ណ៌ កូន​ប្រុស​មិន​បាច់​ពាក់​អាវ​ផាយ កូន​ស្រី​មិន​បាច់​ពាក់​ស្បៃ​នឹង​របៃ កូន​ប្រុស​ត្រូវ​ស្លៀក​ចង​ក្បិន​តាម​ធម្មតា កូន​ស្រី​ស្លៀក​សំពត់​សំឡុយ​ក៏​បាន ចង​ក្បិន​ក៏​បាន ហើយ​ចូល​ទៅ​ស្ដាប់​ធម៌ លោក​ដើម​អាសន៍​ត្រូវ​រលាស់​ប្រស់​ទឹក​មន្ត​ឲ្យ​កូន​ប្រុស​ស្រី ។

លៀង​អាហារ​ភ្ញៀវ

កាល​ព្រះ​សង្ឃ​ចំរើន​បរិត្ត​រួច​ហើយ ដល់​វេលា​ព្រលប់​ត្រូវ​លៀង​អាហារ​ភ្ញៀវ​ដែល​អញ្ជើញ​មក​ក្នុង​ឱកាស​មង្គល​ការ​នេះ អាហារ​ដែល​លៀង​ភ្ញៀវ​គ្រប់​ពេល សម្រេច​ដោយ​កប្បិយមំសៈ គឺ​សាច់​សត្វ​ដែល​គេ​សម្លាប់​ទុក​ស្រាប់​សឹង​មាន​នៅ​តាម​ផ្សារ ក្នុង​ឱកាស​មង្គល​ការ​បែប​នេះ នឹង​ប្រាស​ចាក​សំឡេង​ជ្រូក​មាន់​ទា​ជាដើម​ស្រែក ដោយ​ត្រូវ​គេ​សម្លាប់​យក​សាច់​មក​លៀង​ភ្ញៀវ នឹង​ប្រាស​ចាក​ទឹក​ស្រវឹង ត្រឡប់​ជា​មាន​ទឹក​តែ​មក​ជំនួស ។ ពួក​ភ្ញៀវ​កាល​ពិសា​រួច​ហើយ ត្រូវ​ចង​ដៃ​បញ្ចប់​ព្រលឹង​ដោយ​ប្រាក់​នឹង​របស់​ទ្រព្យ​ផ្សេង ៗ តាម​ទំនៀម តែ​ការ​ខ្លះ​អ្នក​សាមី​ដើម​ការ​គេ​ហាម​មិន​ឲ្យ​ភ្ញៀវ​ចង​ដៃ​ក៏​មាន​ដែរ ។

មង្គល​ការ

បាច​ផ្កា​ស្លា ជូន​ប្រាក់​ខាន់ស្លា ថ្វាយ​ចង្ហាន់ ថ្វាយ​ត្រៃ

វេលា​ព្រឹក​ឡើង​ក្នុង​វេលា​ម៉ោង ៧ ព្រះ​សង្ឃ​ដែល​និមន្ត​មក​ចំរើន​បរិត្ត​ពី​ម្សិល​មិញ នឹង​ពួក​មេបា​ចាស់​ទុំ​ទាំង​ខាង​ប្រុស​ខាង​ស្រី​ត្រូវ​មក​ឲ្យ​ជុំ​គ្នា ដ្បិត​វេលា​នេះ​ជា​វេលា​មង្គល​ធំ សាមី​ខ្លួន​កូន​ប្រុស​ស្រី​ត្រូវ​ចេញ​មក​អង្គុយ​ទន្ទឹម​គ្នា​នៅ​ទី​ចំពោះ​មុខ​ព្រះ​សង្ឃ កាល​ជួប​ជុំ​គ្នា​ដូច្នោះ​ហើយ មាតា​បិតា​ឬ​អាណា​ព្យាបាល​ទាំង​ខាង​កូន​ប្រុស​ទាំង​ខាង​កូន​ស្រី ត្រូវ​ថ្លែង​បាឋកថា​ប្រកាស​ប្រាប់​ឲ្យ​សាមី​ខ្លួន​កូន​ប្រុស – ស្រី នឹង​ពួក​ញាតិ​ជ្រាប​ទួទៅ តែ​ត្រូវ​មាតា​បិតា​ឬ​អាណា​ព្យាបាល​ខាង​កូន​ប្រុស ប្រកាស​ឡើង​មុន​ដូច្នេះ ។

ឱកាស​នេះ​យើង​ខ្ញុំ​ទាំង​ប្ដី​ទាំង​ប្រពន្ធ សូម​ថ្លែង​ឲ្យ​សាមី​ខ្លួន​កូន​ប្រុស – ស្រី នឹង​បណ្ដា​ញាតិ​មិត្រ​ទាំងឡាយ​ជ្រាប​ទួទៅ ដ្បិត​ពី​ថ្ងៃ​មុន​យើង​ខ្ញុំ​បាន​ពឹង​ពរ​រក​អ្នក​ផ្លូវ​ចៅ​មហា​ឲ្យ​មក​សូម​ដណ្ដឹង​នាង​ឈ្មោះ ….. នោះ ជា​បុត្រី​លោក – អ្នក​ឈ្មោះ ….. នេះ ឲ្យ​ជា​ភរិយា​ឈ្មោះ​នាយ ….. នេះ ជា​បុត្រ​របស់​យើង​ខ្ញុំ នោះ​លោក​អ្នក​ឈ្មោះ ….. នោះ​ក៏​បាន​អនុញ្ញាត​តាម​ដែល​សុំ ឱកាស​នេះ​បាន​ព្រម​ព្រៀង​គ្នា​ទាំង​សងខាង រៀប​មង្គល​ការ​ផ្សំ​ផ្គុំ​ឲ្យ​នាយ ….. នោះ​នឹង​នាង​នោះ​ជា​ប្ដី​ប្រពន្ធ​នៃ​គ្នា​នឹង​គ្នា​តាម​ប្រវេណី​លោក ទាំង​ពី​វេលា​នេះ​ជាដើម​ទៅ ដោយ​អំណាច​គុណ​ព្រះ​រតនត្រ័យ ដែល​យើង​គោរព​រាប់អាន​សព្វ​ថ្ងៃ សូម​ឲ្យ​កូន​ប្រុស – ស្រី​គូ​នេះ បាន​នូវ​សេចក្ដី​សុខ សេចក្ដី​ចំរើន​តទៅ ។

លំដាប់​នោះ​មាតា​បិតា​ឬ​អាណា​ព្យាបាល​ខាង​កូន​ស្រី​ត្រូវ​ថ្លែង​ឡើង​ដូច្នេះ ឱកាស​នេះ​យើង​ខ្ញុំ​ទាំង​ប្ដី​ប្រពន្ធ សូម​ថ្លែង​ឲ្យ​សាមី​ខ្លួន​កូន ស្រី ប្រុស នឹង​បណ្ដា​ញាតិ​មិត្រ​ទាំងឡាយ​ជ្រាប​ទួទៅ ដ្បិត​ពី​ថ្ងៃ​មុន​លោក​អ្នក​ឈ្មោះ ….. នោះ បាន​ពឹង​ពរ​រក​អ្នក​ផ្លូវ​ចៅ​មហា​ឲ្យ​មក​សូម​ដណ្ដឹង​នាង​ឈ្មោះ ….. នេះ ជា​បុត្រី​យើង​ខ្ញុំ ឲ្យ​ជា​ភរិយា​ឈ្មោះ​នាយ​នោះ​ជា​បុត្រ​របស់​លោក​អ្នក​នោះ យើង​ខ្ញុំ​ព្រម​ដោយ​មេបា​តូច​ធំ​ក៏​បាន​អនុញ្ញាត​តាម​ដែល​សុំ ឱកាស​នេះ​បាន​ព្រម​ព្រៀង​គ្នា​ទាំង​សងខាង រៀប​មង្គល​ការ​ផ្សំ​ផ្គុំ​ឲ្យ​នាង ….. នេះ​នឹង​នាយ ….. នោះ​ជា​ប្រពន្ធ​ប្ដី​នៃ​គ្នា​នឹង​គ្នា​តាម​ប្រវេណី​លោក តាំង​ពី​វេលា​នេះ​ជាដើម​ទៅ ដោយ​គុណ​ព្រះ​រតនត្រ័យ​ដែល​យើង​គោរព​រាប់អាន​សព្វ​ថ្ងៃ សូម​ឲ្យ​កូន​ស្រី ប្រុស​គូ​នេះ បាន​នូវ​សេចក្ដី​សុខ សេចក្ដី​ចំរើន​តទៅ ។

កាល​ថ្លែង​បាឋកថា​រួច​ហើយ ត្រូវ​នាំ​គ្នា​សុំ​សីល ៗ រួច​ហើយ​ព្រះ​សង្ឃ​ត្រូវ​សូត្រ​ធម៌​ឲ្យ​សាធុការ​ពរ គឺ​ត្រូវ​សូត្រ​ធម៌​ពុទ្ធ​គុណ – ធម្ម​គុណ – សង្ឃ​គុណ – អហូទេវា អាកាសដ្ឋា ជយន្តោ សព្វ​ពុទ្ធា ភវតុ ។ សាមី​ខ្លួន​កូន​ប្រុស ស្រី ត្រូវ​ចូល​ដាក់​បាត្រ​ដោយ​ចាប់​វែក​មួយ​ជា​មួយ​គ្នា​ដួស​បាយ​ដាក់​ទៅ ។ កាល​ព្រះ​សង្ឃ​សូត្រ​មក​ដល់​ធម៌​ជយន្តោ ត្រូវ​ប្រគេន​ផ្កា​ស្លា ១ ទៅ​លោក​ឲ្យ​លោក​បាច​ឲ្យ​ពរ​កូន​ប្រុស – ស្រី ។

កាល​ព្រះ​សង្ឃ​សូត្រ​ចប់​ហើយ មាតា​បិតា​នឹង​មេបា​ចាស់​ទុំ​ត្រូវ​យក​ផ្កា​ស្លា ១ មក​ចែក​គ្នា​បាច​នឹង​ឲ្យ​សព្ទ​សាធុការ​ពរ​រៀង​ខ្លួន ។ រួច​កិច្ច​នេះ​ហើយ​ត្រូវ​ប្រគេន​ចង្ហាន់​ដល់​ព្រះ​សង្ឃ ការ​ថ្វាយ​ចង្ហាន់​នេះ ចួន​កាល​គេ​លើក​ប្រគេន​ទៅ​តែ​ម្ដង​ក៏​មាន ចួន​កាល​គេ​សូត្រ​បាឡី​វេរ​ផង រួច​ហើយ​លើក​ប្រគេន​ទៅ​ក៏​មាន សាមី​ខ្លួន​កូន​ប្រុស – ស្រី ត្រូវ​ចូល​ទៅ​ប្រគេន​ដោយ​ខ្លួន​ឯង ។

កាល​ព្រះ​សង្ឃ​ឆាន់​ហើយ ត្រូវ​ប្រគេន​ត្រៃចីវរ ការ​ប្រគេន​ត្រៃចីវរ​នោះ ជួន​កាល​គេ​លើក​ប្រគេន​ទៅ​តែ​ម្ដង​ក៏​មាន ចួន​កាល​គេ​សូត្រ​បាឡី​វេរ​ផង រួច​ហើយ​លើក​ប្រគេន​ទៅ​ក៏​មាន កូន​ប្រុស​ស្រី ត្រូវ​ចូល​ទៅ​ប្រគេន​ដោយ​ខ្លួន​ឯង​ម្នាក់ ១ ត្រៃ សល់​អំពី​នោះ​ត្រូវ​មាតា​បិតា​ឬ​ពួក​ញាតិ​ប្រគេន​តទៅ ។ កាល​គេ​ប្រគេន​រួច​ហើយ ព្រះ​សង្ឃ​ត្រូវ​សូត្រ​ធម៌​អនុមោទនា​ទាន​តាម​សម​គួរ ។

ស្រេច​កិច្ច​នោះ​ហើយ ត្រូវ​រៀប​អាហារ​លៀង​ភ្ញៀវ កូន​ប្រុស​ត្រូវ​បំរើ​ភ្ញៀវ​ប្រុស កូន​ស្រី​ត្រូវ​បំរើ​ភ្ញៀវ​ស្រី ចាំ​ថែម​ថយ​របស់​ដែល​ខ្វះ​ខាត ។ ពួក​ភ្ញៀវ​កាល​ពីសា​រួច​ហើយ អ្នក​ណា​ដែល​មិន​ទាន់​បាន​ចង​ដៃ​បញ្ជាប់​ព្រលឹង​ដោយ​របស់​ទ្រព្យ​ពី​វេលា​មុន ក៏​ត្រូវ​យក​មក​បញ្ជាប់​ព្រលឹង​ក្នុង​វេលា​នេះ ។

វេលា​រសៀល​ក្នុង​ថ្ងៃ​នោះ​រវាង​ម៉ោង ២ ទៅ​ម៉ោង ៣ ចួន​កាល​អ្នក​ខ្លះ គេ​មាន​ការ​និមន្ត​ព្រះ​សង្ឃ ១ រូប​មក​សំដែង​ធម៌​ទេសនា ១ កណ្ឌ​ទៀត​ផង ។ ព្រះ​សង្ឃ​អ្នក​សំដែង​ត្រូវ​ជ្រើសរើស​យក​ធម៌​ណា​ដែល​ជា​អនុ​រូប​ដល់​កិច្ច​នោះ តាម​របៀប​ដែល​លោក​ធ្លាប់​ទេសនា​មក​ហើយ លោក​ជ្រើស​សំដែង​អំពី​កិច្ច​ដែល​មាតា​បិតា​ត្រូវ​សង្គ្រោះ​ដល់​បុត្ត – ធីតា មាន​ប៉ុន្មាន​ស្ថាន កិច្ច​ដែល​បុត្ត – ធីតា​ត្រូវ​សង្គ្រោះ​មាតា​បិតា​វិញ មាន​ប៉ុន្មាន​ស្ថាន កិច្ច​ដែល​ស្វាមី​ត្រូវ​សង្គ្រោះ​ភរិយា មាន​ប៉ុន្មាន​ស្ថាន នឹង​កិច្ច​ដែល​ភរិយា​ត្រូវ​សង្គ្រោះ​ដល់​ស្វាមី មាន​ប៉ុន្មាន​ស្ថាន តាម​សេចក្ដី​ដែល​មាន​មក​ក្នុង​សិង្គា​លោវាទ​សូត្រ នឹង​សំដែង​អំពី​បុត្ត​ទារ​សង្គហ​មង្គល (ការ​សង្គ្រោះ​ដល់​ប្រពន្ធ​កូន) ដែល​មាន​មក​ក្នុង​មង្គល​សូត្រ​ជាដើម ។ សាមី​ខ្លួន​កូន​ប្រុស – ស្រី ត្រូវ​ចេញ​មក​ស្ដាប់​ធម៌​ទេសនា​នោះ ។

ពិធី​ផ្សំ​ដំណេក

ដល់​វេលា​យប់​ក្នុង​រវាង​ម៉ោង ៨ ទៅ​ម៉ោង ៩ ត្រូវ​រៀប​ផ្សំ​ដំណេក តែ​តាម​បែប​នេះ​គ្មាន​ការ​សែន​ជំរាប​ដូនតា​ទេ មាន​តែ​ការ​បញ្ចុក​ទឹក​ដូង បញ្ចុក​ចេក​ទុំ នឹង​ផ្ដាំ​ប្រដៅ​ផ្សេង ៗ ហើយ​ប្រាប់​កូន​ប្រុស​ស្រី​ដេក​ទន្ទឹម​គ្នា គឺ​ប្រុស​ដេក​ខាង​ស្ដាំ ស្រី​ដេក​ខាង​ឆ្វេង ហើយ​ថយ​ចេញ​មក​វិញ ។

ការ​រៀប​ជូន​កូន​ប្រុស – ស្រី​ទៅ​សុំ​ពរ​អំពី​គ្រូ​អាចារ្យ​ឯ​វត្ត​ក្ដី ការ​ទៅ​ប្ដឹង​មន្ត្រី​អត្រានុកូលដ្ឋាន​ឲ្យ​ចុះ​បញ្ជី​អាពាហ៍​ពិពាហ៍​ក្ដី រមែង​មាន​តាម​ជំនឿ ។