June 7, 2025
Phnom Penh, Cambodia.
Khmer

ពិធី​បុណ្យ​បណ្ដែត​ប្រទីប

ពិធី​បុណ្យ​បណ្ដែត​ប្រទីប

ឯកសារ​ទំនៀមទម្លាប លេខ ១៨.០០១ ចុះ​ថ្ងៃ ២២១១៤៣

រៀប​រៀង​ដោយ​លោក ឈឹមធី

ពិធី​បុណ្យ​បណ្ដែត​ប្រទីប

សូម​អធិប្បាយ​អំពី​របៀប​ធ្វើ​ពិធី​នេះ ជា​មុនរួច​សឹម​ដេញ​រក​មូល​ហេតុ​ជា​ខាង​ក្រោយ៖

របៀប​ធ្វើ​គ្រឿង​ប្រដាប់​បូជា​និង​គ្រឿង​សំណែន​តាម​ទំនៀម ពី​បូរាណ​រៀង​មក តាម​ដោយ​វត្ត​គ្រប់​និគម​ជន​បទ​តូច ៗ ដូច​ជា​នៅ​ស្រុក​ស្រែចំការ​នោះ តែ​ដល់​រដូវ គឺ​ត្រូវ​នឹង​ថ្ងៃ​បវារ​ណា​ចេញ​វស្សា គេ​តែង​កាប់​ដើម​ចេក​ជា​ច្រើន​មិន​កំណត់ យក​មក​តម្រៀប​គរ​លើ​គ្នា​ជា​ច្រើន​ស្រទាប់ យក​ឫស្សី​ឬ ឈើ​អ្វី​ដោត​ជា​កន្លាស់​ឲ្យ​ជាប់ កាត់​ដើម​ចេក​តម្រឹម​ធ្វើ​ជា​រាង ៤ ជ្រុង (ទំហំ​ប៉ុន្មាន​មិន​កំណត់​ស្រេច​នៅ​និយម​ចូល​ចិត្ត​ធ្វើ​ឲ្យ​តែ​ខាង​សម​ល្អ ហើយ​នឹង​ជាក់​វត្ថុ​បាន​ច្រើន ឬ​កុំ​ឲ្យ​លិច​ទឹក) រួច​យក​ចុង​ឫស្សី ១ ពុះ​ជា ៤ ប៉ុន្តែ​ហែក​មិន​ឲ្យ​ដាច់​ពី​គ្នា​ទេ ទុក​ញែក​ដោត​លើ​ក្បួន​ដើម​ចេក​គ្រប់​ជ្រុង​ទាំង ៤ ខាង​ជម​ឡើង​លើ​របៀប​ប្រហែល​គ្នា​នឹង​ពែ​ជម​ដែល​ធ្វើ​ពី​ដើម​នោះ​ដែរ ហើយ​ប្រដាប់​កម្រង​ស្លឹក​ដូងទខ្សែ​រំយោល ភ្ញី​ផ្កា និង​គ្រឿង​សក្ការៈ​ផ្សេង ៗ មាន​ទង់​ក្រដាស​ជា​ដើម​ស្រេច​នូវ​គំនិត​អ្នក​តាក់​តែង​ឲ្យ​តែ​ខាង​បាន​ល្អ​មើល ។ ពុំ​នោះ​សោត មាន​បែប​ខ្លះ​ទៀត​ធ្វើ​ក្បាច់​ខាង​លើ​ក្បួន ជា​រាង​ព្រះចុឡាម​ណីចេតីយ​ឬ​រាង​ព្រះវិហារ មាន​ជហ្វា​ដង​ក្ដារ ក្បាច់​ក្បូរ ក្បឿង​ពណ៌ លន​ម្រ័ក្សណ៍ និង​ជាតិ​ហិង្គុរ​រន្ទាល​ឆ្អិន​ឆ្អៅ វិស័យ​ដូច​ព្រះវិហារ​សម័យ​សុទ្ធ ៗ ក៏​សឹង​មាន ។ ពុំ​នោះ​ទេ គេ​ធ្វើ​ប្រដាប់​អស់​នេះ​អំពី​ឈើ ទុក​បម្រុង​ប្រើ​រាល់​ៗ ឆ្នាំ​ទៅ​ក៏​មាន ។ ព្រះសង្ឃ​វត្ត​ខ្លះ ជា​ពិសេស​នៅ​វត្ត​ស្រុក​ក្រោម សម្បូណ៌​ទៅ​ដោយ​ទឹក​ជំនន់​បែក​វាល​ផង នោះ​លោក​តែ​អុំ​ទូក​តូច​ធំ ដែល​មាន​ឈ្មោះ​ល្បី​ល្បាញ​របៀប​ជា​ប្រណាំង​គ្នា​តាម​វត្ត ប្រដាប់​ដោយ​ប្រទីប​ជ្វា​លា ក្នុង​ពេល​យប់ ភ្លឺ​រន្ទាល​ចិញ្ចាច​ពេញ​ផ្ទៃ​វាល មើល​ឃើញ​បែក​ទឹក​សំពោង ហើយ​នឹង​ឮ​សូរ​ស័ព្ទ​សន្ធឹក​កង​រំពង ជា​សំឡេង​ហ៊ោ​កញ្ជ្រៀវ​សប្បាយ​នៃ​អ្នក​ស្រុក ព្រម​ទាំង​ព្រះសង្ឃ របៀប​បុណ្យ​បុរាណី​បែប​នេះ ជា​ការ​មុខ​គួរ​សប្បាយ​ត្រជាក់​ចិត្ត​ក្រជាក់​ថ្លើម​ពន់​ពេក​ណាស់ ។

អើ​ដោយ​យើង​ប្រញាប់​ពេក នឹក​ឃើញ​តែ​ត្រង់​កន្លែង​ហ៊ោ​សប្បាយ​ទៅ ភ្លេច​និយាយ​អំពី​របៀប​សំណែន តើ​មាន​អ្វី​ខ្លះ​ដាក់​ក្នុង​សង្ឃិក​ឬ​ក្បួន​នោះ មាន​ទៀន​ធូប​ផ្កា​ភ្ញី​និង​នំចំណី​គ្រឿង​បង្អែម​ផ្សេង ៗ (គ្រឿង​ចង្អាប​ដូច​ពុំ​សូវ​ឃើញ​មាន​ឬ​មាន​ដែរ​ដឹង ? តែ​គេ​ពុំ​សូវ​និយម​ប្រើ ព្រោះ​ពេល​នោះ​ច្រើន​បរិបូណ៌​ទៅ​ដោយ​បង្អែម អន្សម នំគម ។ល។ ហើយ​សំណែន​នេះ​ជា​គ្រឿង​បូជា​ដោយ​ឡែក ខុស​ចាក​ទំនៀម​សែន​ខ្មោច​បិសាច​ធម្មតា) ប៉ុន្តែ​ទោះ​ដូច​ម្ដេច​ក្ដី សន្មត​ថា​មាន​ផង​ទៅ​ចុះ ព្រោះ​មាន​អ្នក​ខ្លះ​មាន​សទ្ធា​ដល់​ទៅ​ដាក់​កាក់​ឬ​អង្ករ អំបិលព្រហក់ឧស ជា​ដើម​បូជា​ក្នុង​នោះ​ផង ។ បាន​ជា​ដល់​វេលា​ធ្វើ​កិច្ច​រួច​ស្រេច​ហើយ រុញ​ក្បួន​ប្រទីប​នោះ​បណ្ដែត​ទៅ​តែង​តែ​ឃើញ​មាន​កូន​ក្មេង​វត្ត​ឬ​អ្នក​ទុគ៌ត​ទាំង​ឡាយ​លោត​ទៅ​ចាប់​ប្រញាយ​ដណ្ដើមោ​លុយ​នឹង​នំ​ចំណី​ក្នុង​ទឹក​នោះ ស្ទើរ​តែ​ដល់​នូវ​គ្រោះ​ថ្នាក់​មួយ ៗ ។ ក្បួន​ដើម​ចេក​ដែល​អធិប្បាយ​ខាង​ដើម​នេះ ត្រូវ​វា​ជា​រាង​កន្ទោង​ស្រាប់ គេ​គ្រាន់​តែ​ទ្រាប់​ក្រដាស​ឬ​ស្លឹក​ចេក និង​ពត់​ស្រទប​ចេក​ឬ​ឫស្សី​ព័ទ្ធ​ខាំង​កុំ​ឲ្យ​ជ្រះ​វត្ថុ​ផ្សេង ៗ ហើយ​ផ្ទុក​វត្ថុ​នោះ ៗ ទៅ​ក៏​មាន ជួន​កាល​គេ​មាន​ធ្វើ​ជា​កន្ទោង​ស្លឹក​ចេក​តូច ៗ ដាក់​ក្នុង​ក្បួន​នោះ​ទៀត​ជា​ច្រើន​ទៅ​ក៏​មាន ស្រេច​នូវ​មាន​ពេល​ទំនេរ​ច្រើន តែ​សារុប​សេចក្ដី​ទៅ មាន​ខ​សំខាន់​ថា វត្ថុ​ទាំង​ប៉ុន្មាន​ជា​គ្រឿង​សំណែន​ក្នុង​កន្ទោង​នោះ គេ​តែង​ខ្វែង​ជើង​ក្អែក (រាង​កាកបាទ+) ទាំង​អស់​គូស​ដោយ​កំបោរ​ស​ឬ​ដោយ​ពណ៌​អ្វី​មួយ​ជា​គ្រឿឭង​ឲ្យ​សម្គាល់​បាន ។ តែ​មាន​ខ្លះ​ទៀត​ពុំ​មាន​គូស​ដូច្នេះ​ក៏​មាន ក្លាយ ៗ យូរ​មក​ហើយ មាន​ន័យ​ជា​ពីរ​ដូច្នេះ​សន្និដ្ឋាន​ថា​ត្រូវ​ដូច​គ្នា ។ លុះ​រៀប​តាក់​តែង​សែង​កន្ទោង​នោះ​ទៅ​ដាក់​ទឹក​ស្រះ​ឬ​ទឹក​ទន្លេ, ស្ទឹង ឬ អូរ ដែល​មាន​ក្រសែ​ទឹក​ហូរ​រួច​ស្រេច​គឺ​ពេល​បវារណា​ចេញ​វស្សា​រួច ទើប​ប្រជុំ ឧបាសកសិកា​និង​ព្រះសង្ឃ​នាំ​គ្នា​សូត្រ​ធម៌​ថ្វាយ​បង្គំ​ព្រះ នមស្សការ​ហើយ ពោល​ពាក្យ​សច្ច​កិរិយា​ខមាទោស​លា​ពៀរ​ទាំង​ពួង ដែល​បាន​ធ្វើ​អាក្រក់​ពី​ថ្ងៃ​មុន​ចាប់​ដើម​តាំង​ពីរ​នាម​ដាក់​ទឹក ជុះ​ដាក់​ដី​ធ្វើ​ការ​អ្វី ៗ ពុំ​គប្បី​នោះ សុំ​ឲ្យ​រួច​ដោះ​រង្គោះ​អស់​ក្នុង​ថ្ងៃ​នេះ ធ្វើ​ខស្មា​លា​ទោស​គ្រប់ ៗ គ្នា​​ជា​ទំនៀម មាន​របៀប​ប្រហែល​គ្នា​និង​ពិធី​ព្រាហ្មណ៍​ដែល​ធ្វើ​បុណ្យ​លាង​បាន​នោះ​ដែរ ។ ទើប​ឯ​ព្រះសង្ឃ​ក៏​តាំង​សូត្រ​ធម៌​នមស្សការ​សរសើរ​ព្រះពុទ្ធ​បាទ៖ យស្សបាទេ សុជាតានិ ទ្វេ ចក្កានិមហេសិនោ” “ ។ល។

ស្រេច​ហើយ​ទើប​អាចារ្យ​ម្នាក់​សូត្រ​បាលី​វេរ​ប្រទីប​និង​សំណែន​នោះ វេរ​រួច​រុញ​បណ្ដែត​ទៅ​ទើប​រំលឹក​រំលើក​សរសើរ​ព្រះពុទ្ធបាទ​ទាំង​គូ​ឆ្វេងស្ដាំ ទៀត ជា​បទ​ពាក្យ​កាកគតិ​ភាសា​ខេមរៈ ដែល​បុរាណាចារ្យ​លោក​ក្រង​ចង​ទុក​មក​ស្រាប់1 ។ ចប់​រួច​ស្រេច ទើប​គេ​រុញ​បណ្ដែត​ប្រទីប​នោះ លឿន​លយ​ក្នុង​ទឹក ភ្លឺ​ឆ្លុះ​ព្រោង​ព្រាយ​វិស័យ​ដូច​ថ្ងៃ សឹង​ជា​ទី​សប្បាយ​ដល់​ពពួក​ដល់​ជាតិ​ទាំងឡាយ មាន​មច្ឆោមច្ឆា​ជា​ដើម ចូល​មក​រោម​រឹត​ឆៀង​ឆក់​ប្រចឹក​ជិត​ក្បែរ​ក្បួន​នោះ ដោយ​មាន​ពន្លឺ​ឆ្លុះ​ចាំង​ចុះ​ទៅ​ក្នុង​ទឹក​ហាក់​ឧបមាបី​ដូច​ជា​នឹង​ប្រណាំង​ប្រជែង​គ្នា​នឹង​ពន្លឺ ស្រមោល​ព្រះចន្ទ​ពេញ​វង់​ដែល​រះ​ក្នុង​ថ្ងៃ ១៥ កើត ពេល​កំពុង​ធ្វើ​ពិធី​នេះ ដែល​បណ្ដែត​ត្រសែត​លឿន​លយ​ដោយ​នភាល័យ ហើយ​បញ្ចាំង​រស្មី​ភ្លឺ​ចុះ​ឆ្លុះ​ទៅ​ក្នុង​ទឹក​នោះ​ដែរ គួរ​ជា​ទី​អាណោច​អាធ័ម នឹង​ស្រណោះ​ដល់​ព្រះពុទ្ធ​បាទ​ជាន់​ទុក​នៅ​ពិភព​នាគ និង​ព្រៃ​ស្មសាន​ផ្សេង ៗ ពន់​ពេក​ណាស់ ។ ធ្វើ​ដូច្នេះ​ហៅ​ថា បុណ្យ​បណ្ដែត​ប្រទីប លយ​ប្រទីប ឬ​មាន​សម្ដី​អ្នក​ស្រុក​ខ្លះ​ហៅ​ក្លាយ​ទៅ​ជា​ថា​លយប្រទីត​ដូច្នេះ​វិញ ក៏​សឹង​មាន លយ ៗ ក្លាយ​ពី​ពាក្យ​សៀម​ថា ឡយប្រែ​ថា​អណ្ដែត ។

តាម​ទំនៀម​ទម្លាប់ បុណ្យ​នេះ គេ​តែង​ធ្វើ​នៅ​វេលា​រាត្រី​ថ្ងៃ​បវារ​ណា​ចេញ​វស្សា គឺ​បុរិម​វស្សា នៅ​ថ្ងៃ​ពេញ​បូណ៌មី ខែ​អស្សុជ​ជា​រាល់​ឆ្នាំ ប៉ុន្តែ​តាម​ទំនៀម​ស្ដេច​ក្នុង​កម្ពុជរដ្ឋ​យើង​នេះ តែង​ធ្វើ​ក្នុង​ថ្ងៃ​ពេញ​បូណ៌មី​ខែ​កត្ដិក គឺ​ថ្ងៃ​ពេញ​បច្ឆមវស្សា ដែល​ហៅ​ថា​បុណ្យ​អុំ​ទូក​មាន​របៀប​ដូច​លោក​អ្នក​ធ្លាប់​បាន​ឃើញ​រៀង​រាល់​ឆ្នាំ​ស្រាប់ ដែល​ធ្វើ​ជាប់​ជា​មួយ​នឹង​ពិធី​បុណ្យ​អក​អំបុក សំពះ​ព្រះខែ លោក​រាប់​បញ្ចូល​ថា​បុណ្យ​ក្នុង​ទ្វារ​ទសមាស ១ សម្រាប់​ទំនៀម​ស្ដេច ។ ដូច្នេះ​យល់​ថា ធ្វើ​ពិធី​បុណ្យ​បណ្ដែត​ប្រទីប​តាម​ទំនៀម​បណ្ដា​រាស្ត្រ​និង​ស្ដេចត ឃើញ​ទាស់​កាល​កំណត់​គ្នា​បន្តិច បើ​គេ​ធ្វើ​ក្នុង​ថ្ងៃ ១៥ កើត​ខែ​អស្សុជ​ឃើញ​ជាប់​គ្នា​នឹង​ពិធី​បុណ្យ​ចេញ​បុរិមវស្សា បើ​ធ្វើ​ក្នុង​ថ្ងៃ ១៦ កើត​ខែ​កត្ដិក ឃើញ​ជាប់​នឹង​ថ្ងៃ​ចេញ​បច្ឆិមវស្សា (វស្សា​បែប​នេះ​ស្រុក​ខែ្មរ​ពុំ​ដែល​ធ្វើ​ទេ) ហើយ​ជាប់​នឹង​ពិធី​បុណ្យ​អក​អំបុកប​សំពះ​​ព្រះ​ខែ​ផង ដែល​គេ​ធ្វើ​ឧទ្ទិស​ដល់​ជាតិ ព្រះពោធិសត្វ កាល​កើត​ជា​ទន្សាយ ។ សូម​លើក​សេចក្ដី​ជា​កណ្ដាល​បន្តិច​មក​ជ្រៀត​ជ្រែក​ក្នុង​រឿង​នេះ ដូច​ត​ទៅ ៖

មាន​ដំណាល​ថា ក្នុង​កាល​ពី​ព្រេង​នាយ ដ៏​កន្លង​យូរ​លង់​ណាស់​មក​ហើយ​នោះ ព្រះ​ម្ចាស់​ថ្លៃ​នៃ​យើង កាល​ដែល​នៅ​ត្រេច​រង្គាត់​អន្ទោល​ក្នុង​វាល​វដ្ដសង្សា​នៅ​ឡើយ ។ ក្នុង​ជាតិ​មួយ​​នោះ​ព្រះអង្គ​យោន​យក​កំណើត​ជា​សត្វ​ទន្សាយ​ហើយ​បរិច្ចាគ​ជីវិត​ព្រះអង្គ​ឲ្យ​នាយ​ព្រាន​ដែល​កំពុង​ត្រេច​ចរ​ក្នុង​ពនា​ល័យ​បម្រុង​នឹង​ប្រហារ​ព្រះអង្គ ទើប​ទ្រង់​លះ​បង់​ជីវិត​ឲ្យ​ទាន​ព្រាន ឈ្មោះ​ហៅ​ជីវិត​បរិច្ចាគ​តែ​មុន​នឹង​ព្រាន​ប្រហារ​នោះ​ទ្រង់​សច្ចាអធិដ្ឋាន សុំ​ឲ្យ​ព្រះបរម​ឆាយ​ល័ក្ខណ៍​របស់​ព្រះអង្គ​ទៅ​ប្រតិស្ឋាន​នៅ​ក្នុង​រង្វង់​ព្រះចន្ទ​ដែល​កំពុង​ពេញ​វង់ តាំង​នៅ​អស់​កប្ប​កុំ​បី​ឃ្លាត​សោះ​ឡើយ ។ រួច​ហើយ​ទើប​ទ្រង់​សោយ​ព្រះវិលា​ល័យ​ទៅ​ដោយ​ស្នា​ដៃ​ព្រាន​អន្យតិរិ្ថយ​នោះ​ទៅ ។ ទើប​មាន​ព្រះរូប​ជាប់​នៅ​ក្នុង​វង់​ព្រះចន្ទ​ដរាប​ទាល់​សព្វ​ថ្ងៃ​នេះ ដែល​រាប់​បញ្ចូល​ជា​កប្បដ្ឋាន ១ ដោយ​ពិត ។ លុះ​ចំណេរ​មក​ខាង​ក្រោយ បណ្ដាជន​តែង​នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ​រំលឹក​គុណ​កំណើត​ព្រះអង្គ​ត្រង់​នេះ ទើប​គេ​ធ្វើ​ហៅ​ថា​បុណ្យ សំពះ​ខែ អក​អំបុក គឺ​សំពះ​ព្រះឆាយា​លក្ខណ័​នៃ​សសៈ​ជាតិ​ដែល​ប្រតិស្ឋ​ជាប់ នឹង​ក្នុង​វង់​ព្រះចន្ទ​នោះ​ឯង ហើយ​នឹង​មាន​ចេក​ដំឡូងត្រាវ​ជា​ដើម​សព្វ​សារ​ពើ​យកក​ទៅ​ប្រគេន​លោក​ធ្វើ​ពិធី​នេះ ដើម្បី​ជ្រើស​ចំណី​ជា​ទី​គាប់​ចិត្ត​អធ្យាស្រ័យ​នៃ​សត្វ​ទន្សាយ ហើយ​ឧទ្ទិស​ជូន​ទៅ ។ ធ្វើ​បុណ្យ​តម្រូវ​ក្នុង​ថ្ងៃ​ពេញ​បូណ៌មី​ខែ​កត្ដិក ជា​ខែ​ដែល​ធ្វើ​កត្ដិកា​ហើយ​ពេល​នោះ​ផុត​រដូវ​វស្សាន​កាល​ទាំង​ពីរ និង​សម្បូរ​ដោយ​ចេក​អំពៅ, ស្រូវ​អំបុក, ត្រាវ, ដំឡូង​ផង ពេល​ព្រះចន្ទពេញ​ពន្លឺ គឺ​ខែ​ត្រង់​ជាក់​គេ​ចាប់​ធ្វើ​ពិធី​នេះ ក្នុង​ខណៈ​បុណ្យ​នោះ​ម្ដង​ៗ អ្នក​ស្រុក​តែង​សប្បាយ​ក្នុង​ទី​វត្ត​ជា​ឧឡារិក​ណាស់ ដោយ​បាន​ជួប​ជុំ​គ្នា​ច្រើន ហើយ​រួម​គ្នា​ច្រើន ហើយ​រួម​គ្នា​ជា​ពួក ៗ រក​ដេញ​ចាប់​ស្ត្រី​ឬ​បុរស គឺ​មនុស្ស​ណា​មួយ​ដែល​មាន​ឫក​ពា​ជា​អ្នក​ខិល​កំផ្លុក​កំប្លែង គេ​ចូល​ចិត្ត​លេង​ច្រើន​ជាង​គេ​នោះ គេ​ចាប់​ធ្វើ​បាប​បង្អក​ចេក អំបុក​ទាល់​តែ​ហក់​កញ្ជ្រោល​ស្រែក​រោទ៍ ប្រឹង​លេប​រមួល​សឹង​ពុំ​ទាន់ ស្ទើរ​តែ​ដល់​គ្រោះ​ថ្នាក់​មួយ​ៗ លុះ​សាមី​ខ្លួន​ខឹង​ខ្លាំង​ហូរ​ទឹក​ភ្នែក​ទឹក​សំបោរ ទើប​លែង​ទៅ​វិញ ហើយ​នាំ​គ្នា​សើច​សប្បាយ ហាក់​ភ្លេច​កើត​ទុក្ខ​ព្រួយ​អ្វី​ទាំង​អស់​ដោយ​អំពើ​ចិត្ត​ដែល​ឈ្លក់​ក្នុង​ល្បែង ។ រួច​អំពី​អកអំបុក​នោះ មាន​ពិធី​មួយ​ទៀត​ហៅ​ថា​ពិធី​សម្រក​ទៀន​ផ្សង​ទឹក​ភ្លៀង​ឆ្នាំ​មុន និង​ផ្សង​មើល​ភេទ​ស្រុក​ផ្សេង ៗ របៀប​នេះ គេ​ធ្វើ​បន្ទាប់​ជាប់​គ្នា​ក្នុង​យប់​នោះ​ដែរ ចំណាំ​តែ​មុខ​កុដិ​ឬ​វិហារ​គឺ​គេ​ជីក​ដាំ​ឈើ​ធ្វើ​ជា​បង្គោល​ពីរ​ឆ្វេងស្ដាំ (ជើងត្បូង) ហើយ​ដាក់​ឫស្សី ១ ធ្វើ​ជា​បង្គង​ទទឹង រួច​ទើប​គេ​អុជ​ទៀន ៣ ដើម យ៉ាង​ធំ ៗ កាត់​ស្លឹក​ចេក​មួយ​ធាង​ដាក់​ត្រង​ពី​ក្រោម​ផ្ទាល់ ដើម្បី​ឲ្យ​ទៀន​ទាំង ៣ ស្រក់​ដាក់ ហើយ​គេ​ឧទ្ទិស​សម្គាល់​ទៀន​ខាង ទាំង​ពីរ ថា​ជា​តំណាង​ស្រុកភូមិ​ដែល​នៅ​ជិត​ខាង ឬ​នគរ​ដែល​នៅ​ឆ្វេងស្ដាំ​ទៀន​កណ្ដាល​កំណត់​ទុក​ថា ជា​ស្រុក​របស់​ខ្លួន​ដែល​កំពុងថ​ធ្វើ​ពិធី​នោះ រួច​ទើប​អាចារ្យ​គេ​បង្វិល​បង្គង​ឫស្សី​នោះ​បន្តិ០ច​ម្ដង ៗ ធ្វើ​ឲ្យ​ទៀន​នោះ មាន​ប្រឆេះ​សំយុង​ចុះ​ក្រោម កាល​ធ្វើ​ដូច្នេះ​អណ្ដាត​ព្រះអគ្គី​រមែង​ឈួល​ចំហាយ​ក្ដៅ​ឡើង​លើ​វិញ ធ្វើ​ឲ្យ​ទៀន​នោះ​ជ្រាយ​រលាយ​ស្រក់​មក​លើ​ស្លឹក​ចេក​នោះ លុះ​ឆេះ​អស់​ឬ​រលត់​ដូច​ម្ដេច ទើប​គេ​យក​ស្លឹក​ចេក​នោះ​មក​ពិនិត្យ​មើល​ដើម្បី​ជា​ប្រស្នា​សម្គាល់​ភេទ​របស់​ស្រុក គឺ​កាល​ណា​បើ​ឃើញ​ទៀន​នោះ​ស្រក់​ញាប់​ដើម​ដំបូង ដល់​ទៅ​កណ្ដាល​តិច ៗ ហើយ​ដល់​ចុង​ចេះ​តែ​តិច​ចុះ​តាម​លំដាប់​នោះ គេ​តែង​សម្គាល់​ថា និង​មាន​ភ្លៀង​ដើម​ឆ្នាំ​ច្រើនកណ្ដាល​ឆ្នាំ​មធ្យម ចុង​ឆ្នាំ​តិច ឬ​ពុំ​នោះ​សោត លើក​ធាង​ចេក​នោះ​ឡើង នាំ​គ្នា​ពិនិត្យ​ប្រឌិត​ផ្សំ​ផ្គុំ​ទៀន​ដែល​ធ្លាក់​ជាប់​នៅ​ស្លឹក​ផ្សំ​វា​ជា​រូប​នេះ​រូប​នោះ ហើយ​កាត់​ទាយ​ភេទ​ស្រុក​តាម​សេចក្ដី​យល់​នោះ​ៗ ទៅ​ជា​អនេកប្បការ​រក​នឹង​រៀប​រាប់​ឲ្យ​ចប់​សព្វ​គ្រប់​ពុំ​បាន ។ របៀប​ធ្វើ​ដូច្នេះ​ហៅ​ថា​ពិធី​បុណ្យ​អក​អំបុកសំពះ​ព្រះខែ​ដូច​បាន​ពណ៌នា​មក​ដូច្នេះ ។

និង​វិល​សារ​ទៅ​និយាយ​ពី​បុណ្យ​លយ​ប្រទីប​នោះ​វិញ ក៏​បណ្ដាល​អំពី​អ្វី​មួយ ដែល​គេ​ប្រឌិត​ឡើង​ក្នុង​លោក​នេះ សុទ្ធ​សឹង​តែ​គេ​ឃើញ​ហេតុ​ផល​យល់​ថា​មាន​ប្រយោជន៍​របស់​គេ​ទើប​ធ្វើ ប្លែក​តែ​គំនិត្យ​អ្នក​ប្រឌិត​នោះ​ជ្រៅ​ឬ​រាក់ ហើយ​នឹង​អំណោយ​ផល​ច្រើន​ឬ​តិច តាម​ហេតុ​ផល​នោះ ៗ ប៉ុណ្ណោះ ។ បុណ្យ​លយប្រទីប ក៏​ចាត់​ជា​បុណ្យ​មួយ ដ៏​ប្រកប​ដោយ​ហេតុ​ផល​ដែរ ដែល​បុរាណាចារ្យ​បាន​និយម​ធ្វើ​ជា​ពិធី​ទំនៀម​ស្រុក​តាម​រដ្ឋនិយម ហើយ​ដែល​សព្វ​ថ្ងៃ​លុប​បាត់​ខ្លះ​ស្ទើរ​តែ​ស្រាវ​ជ្រាវ​រាវ​រក​ស្នាម​ហេតុ​នោះ​ពុំ​ឃើញ ។ ប៉ុន្តែ​បើ​ពិនិត្យ​ឲ្យ​ល្អិត​បន្តិច​ទៅ គង់​នៅ​ឃើញ​ស្នាម​ស្ទុង ៗ ខ្លះ​ដែរ​គឺ​ថា​ដែល​លោក​ធ្វើ​មក​នោះ ដើម្បី​ឧទ្ទិស​បូជា​រំលឹក​ដល់​ស្នាម​គុណ​ព្រះពុទ្ធបាទ ដែល​ទ្រង់​ប្រតិស្ឋាន​ជាន់​ទុក​នៅ​ពិភព​នាគ ក្នុង​ស្ទឹង​និម្មទាន​ទី នឹង​ទី​ផ្សេង ៗ ទៀត​ជា​ដើម៖

សេចក្ដី​ថា៖ កាល​មុន​ព្រះសម្មសម្ពុទ្ធ​បរិនិព្វាន ទ្រង់​ប្រតិស្ឋាន​ស្នាម​ព្រះបាទ​ទាំងឡាយ​ទុក ៣ កន្លែង2 គឺ៖

នៅ​ភ្នំ​សុមនកូដ (លង្កា​ទ្វីប) កាល​ដែល​ស្ដេច​នាគ​មណីអក្ខិ​នៅ​ក្នុង​កល្យាណី​ប្រទេស អរាជនា​ព្រះអង្គ​និង​ភិក្ខុ ៥០០ ទៅ​ទទួល​ភត្ត​ស្រេច​ហើយ ទើប​ព្រះអង្គ​អធិដ្ឋាន​ជាន់​ជា​ស្នាម​ព្រះបាទ​ទុក​លើ​ភ្នំ​សុមនកូដ ។

នៅ​ផ្នូក​ខ្សាច់​ក្នុង​ស្ទឹង​និម្មទា ស្រុក​យោនក លាវាៈ​កាល​ដែល​ព្រះបុណត្ថេរ អរាធនា​ព្រះអង្គ ទៅ​ទទួល​មណ្ឌប​ខ្លឹមចន្ទន៍ ដែល​ពាណិជ​បង​ប្អូន សាង​ក្នុង​ស្រុក​សុនាបរន្ត​ប្រទេស ស្រេច​ហើយ ដល់​ព្រះអង្គ​យាង​ទៅ​កាន់​កំពង់​ឈ្មោះ​សុបារកបដ្ដនៈ​ប្រោស​ស្ដេច​និម្មទានាគរាជ ៗ អារាធនា​ទូល​សុំ​ចេតិយដ្ឋាន​សម្រាប់​សក្ការៈ​បូជា ទើប​ព្រះអង្គ​ជាន់​ព្រះបាទ​ទុក​លើ​ផ្នូក​ខ្សាច់ ។

នៅ​លើ​ភ្នំ​សច្ចពន្ធប​ពិត (ជម្ពូទ្វីប) កាល​ព្រះអង្គ​យាង​អំពី​ស្ទឹង​និម្មទា​មក​ជួប​នឹង​ព្រះសច្ចពន្ធត្ថេរ ៗ ទូល​សុំ​ព្រះចេតិយដ្ឋាន ជា​ទី​សក្ការៈ​បូជា ទើប​ព្រះអង្គ​ទ្រង់​ជាន់​ទុក​លើ​ភ្នំ​សច្ចពន្ធបពិត ។

បណ្ដា​ស្នាម​ព្រះបាទ​ទាំង ៣ កន្លែង​នេះ ក្នុង​កន្លែង​នីមួយ ៗ ពុំ​ប្រាកដ​ថា ទ្រង់​ជាន់​ទុក​ទាំង​គូរ​ឆ្វេងស្ដាំ​ឬ​តែ​ខាង​ណា​មួយ​ទេ ប៉ុន្តែ​ក្នុង​សេចក្ដី​នមស្សការ ដែល​បុរាណាចារ្យ លោក​ចង​ទុក ចេញ​បាលី​ខាង​ដើម​ថា បាទ យុគ្គលំ នមាមិហំ ដូច្នេះ​សន្និដ្ឋាន​ចូល​ចិត្ត​ថា គួរ​តែ​ជាន់​ទុក​ទាំង​គូៗ គ្រប់ ៗ កន្លែង​ទៅ​ចុះ ។

ព្រោះ​ហេតុ​នោះ​បាន​ជា​ពេល​បណ្ដែត​ប្រទីប​នោះ មាន​អាចារ្យ​ឬ​អ្នក​ចេះ​ចាំ​ទាំង​អស់​តែង​សូត្រ​ជា​ពាក្យ​កាព្យ​បទកាកគតិ សរសើរ​ព្រះបាទ​ទាំង​ឆ្វេង​ទាំង​ស្ដាំ3

ពាក្យ​សរសើរ​នេះ​បញ្ជាក់​សេចក្ដី​ថា ព្រះសម្មាសម្ពុទ្ធ​ជា​ម្កុដ​កំពូល​លើ​ត្រៃ​ភព ជា​អគ្គបុគ្គល​ឆ្នើម​លើស​លុប​ទេវតា​និង​មនុស្ស​សត្វ​ផង​នានា​ថា​ទ្រង់​ប្រតិស្ឋាន​ស្នាម​ព្រះបាទ ប្រដាប់​ដោយ​កង​ចក្រ​លាយ​លក្ខណ៍​គ្រប់​បែប បើ​សារុប​សេចក្ដី​ទៅ​គឺ​ថា អ្វី ៗ ដែល​មាន​នៅ​ក្នុង​លោក​ទាំង​បី​សុទ្ធ​សឹង​តែ​មាន​ចូល​មក​ក្នុង​ផ្ទៃ កណ្ដាប់ព្រះបាទា ព្រះអង្គ​ទាំង​អស់​ឥត​សល់​ចន្លោះ អ្នក​ណា​ចង់​ឃើញ​អ្វី​នឹង​សព្វ​សិទ្ធ​ឃើញ​របស់​នោះ ស្ថាន​ណា​ស្ថាន​នោះ ។ ព្រោះ​ដូច្នោះ​បាន​ជា​មាន​ពាក្យ​សរសើរ​ព្រះពុទ្ធ​បាទ​ឃើញ​ថា ក្នុង​រង្វង់​ព្រះបាទ មាន​របស់​គ្រប់​យ៉ាង ដែល​មាន​ក្នុង​ភព​ទាំង ៣ ។ ប៉ុន្តែ​ពាក្យ​ខាង​ក្រោយ​ជា​ពាក្យ​យូរ​យារ​ណាស់​មក​ហើយ​សូត្រ​ត ៗ គ្នា បាត់​បង់​លើស​ខ្វះ​ខ្លះ​ពុំ​ដឹង រក​នឹង​សន្មត​ថា បទកាកគតិ ឬ ពាក្យ​ជួន​ជាប់​មាន​ឃ្លា កុបតិនតាម​ក្បួន​កាព្យ​ឃ្លោង​អ្វី​មួយ ពុំ​បាន គឺ​ជា​ពាក្យ​ជួន​រាយ​ធម្មតា ។

សំអាង ២

មាន​អាចារ្យ​ខ្លះ​ពោល​ថា ដែល​ធ្វើ​ពិធី​បុណ្យ​នេះ គឺ​ដើម្បី​រំលឹក​គុណ​ដល់​ព្រះចង្កូម​កែវ​ដែល​ស្ថិត​នៅ​ពិភពនាគ ព្រោះ​ដូច្នោះ​បាន​ជា​មាន​ពាក្យ​សរសើរ​ព្រះបាទា​របស់​ព្រះអង្គ (មើល​រឿង​ព្រះចង្កូមកែវ​ដែល​ព្រះរាជ​បណ្ណាល័យ​បោះពុម្ព​ផ្សាយ)

ឧទ្ធំទក្ខិណទាឋញ្ច តាវតិង្សេ បតិដ្ឋិតា

អធោទក្ខិណទាឋញ្ច សីហឡទីបេ បតិដ្ឋិតា ។

វាមទាឋញ្ចឧទ្ធម្បិ គន្ធរដ្ឋេ បតិដ្ឋិតា

វាមទាឋញ្ចអធោបិ នាគលោកេ បតិដ្ឋិតា

ឯតេចតុមហដ្ឋានេ មយំបូដេមទូរតោ ។

បាន​សេចក្ដី​ជា​ពាក្យ​ខ្មែរ​សុទ្ធ​ថា ព្រះបាទា​ខាង​ស្ដាំ​ខាង​លើ​ស្ថិត​នៅ​ក្នុង​ស្ថានតាវតិង្ស ព្រះបាទា​ខាង​ស្ដាំ​ខាង​ក្រោម​ស្ថិត​នៅ​លង្កាទ្វីប ចំណែក​ព្រះបាទា​ខាង​ឆ្វេង​ខាង​លើ​ស្ថិត​នៅ​ដែន​គន្ធរាស្ត្របុរី និង​ព្រះបាទា​ខាង​ឆ្វេង​ខាង​ក្រោម​ស្ថិត​នៅ​នាគ​ពិភព ។ យើង​ខ្ញុំ​សូម​នមស្សការ​បូជា​ចតុមហា​ស្ថាន​ទាំង ៤ កន្លែង​នេះ អំពី​ចម្ងាយ ៗ

សំអាង ទី ៣

មាន​កេចិ​អាចារ្យ​ចំពូក​ខ្លះ​ពោល​ថា ដែល​ធ្វើ​ពិធី​បុណ្យ​បណ្ដែត​ប្រទីប​នេះ ដើម្បី​ឧទ្ទិស​ដល់​ក្អែក​ស​ទាំង​គូ​ញី​ឈ្មោល​ផង ដោយ​មាន​រឿង​ដំណាល​ថា ក្នុង​កាល​ពី​ព្រេង​នាយ នៅ​ខាង​ដើម​នៃ​ភទ្ទកប្បៈ​យើង​នេះ​អង្វែង​ហើយ​នោះ មាន​សត្វ​ក្អែក​ញី​ឈ្មោល បាន​កាច់​សំបុក​ធ្វើ​គព្ហបរិហារដ្ឋាន​នៅ​ក្បែរ​ឆ្នេរ​សមុទ្រ ១ ដល់​វេលា​បញ្ចេញ​ពង​ជា​ទ្ធិជាតិ​តាម​ធម្មតា​សត្វ​នោះ​មាន ៥ ។ អុញ គាប់​ចតៃដន្យ​ថ្ងៃ​មួយ​នោះ ទទួល​មាន​គ្រោះ​កាច​ជា​ទេស​កាល​បណ្ដាល​ឲ្យ​មាន​ភ្លៀង ព្យុះ​បោក​បក់​កួច​សំបុក​សត្វ​ទាំង​គូ​ព្រម​ទាំង​ពង ៥ ធ្លាក់​ចុះ​ទៅ​ក្នុង​ទឹក​ច្រាំង​សមុទ្រ​នោះ ដែល​មាន​ខ្សែ​ទឹក​កំពុង​ហូរ​នាំ​បាត់​ទៅ ។ លុះ​ដល់​ពេល​ដែល​ក្អែក​ញី​ឈ្មោល ហើរ​បណ្ដើរ​គ្នា​មក​ពី​រក​អាហារ​វិញ ស្រាប់​តែ​បាត់​សំបុក​ទ្រនំ​រក​ពុំ​ឃើញ ៗ តែ​ស្នាម​ឈើ​ដែល​ធ្វើ​សំបុក​នោះ​កួច​បក់​វិល​វឹង​គួរ​ឲ្យ​សម្គាល់​ថា ជា​ខ្យល់​បាន តែ​ពុំ​អស់​ចិត្ត​នាំ​គ្នា​រក រួច​អង្គុយ​សំបុក​នៅ​តែ​មាន​វតក្កសង្ស័យ​ជា​ច្រើន​យ៉ាង ដោយ​ខ្លាច​ក្រែង​មាន​សត្វ​កំណាច​វា​មកបោច​រោច​សំបុក​ឆាប​ឆក់​ពង​នោះ ពាំ​នាំ​យក​ទៅ​បរិភោក្ដា​ជា​អាហារ​ទេ​ដឹង ? ឬ​ក៏​បាត់​ដោយ​ភ្លៀង​ខ្យល់​បក់​បោក​យក​ទៅ ? ហើយ​ក៏​នាំ​គ្នា​សញ្ចប់​សញ្ជឹង​សង្រែង​សង្រៃ​ទួញ​យំ​វិយោគ​បោក​ខ្លួន​ទាល់​តែ​ស្លាប់​ទាំង​ពីរ​នាក់​ទៅ ដោយ​ស៤េចក្ដី​សោក​ស្ដាយ​ពង​នោះ​ពេក​ណាស់ ។ លុះ​ស្លាប់​រួច​បាន​ទៅ​បង្កើត​ជា​ព្រះឥន្ទ​ក្នុង​ទិព្វ​វិមាន​ទាំង ៤ នាក់ ។ ស្លេះ ។

និយាយ​ពី​ពង​ក្អែក​ទាំង ៥ ដែល​ក្រសែ​ទឹក​ហូរ​កួច​រសាត់​អណ្ដែត​ទៅ​នោះ​ទៅ​ទើ​លើ​កណ្ដាប់​ដៃ​សត្វ មាន់, ស្ដេច​នាគ, អណ្ដើក, គោ និង ខ្លា រើស​បាន​មួយ ៗ ម្នាក់​ក៏​យក​ទៅ​រក្សា​ទុក​នៅ​និវេសន​ស្ថាន​រៀង ៗ ខ្លួន​លុះ​ពង​នោះ​មាន​ចំណាស់​បន្តិច​ឡើង ដល់​ពេល​និង​ញាស់ ស្រាប់​តែ​កើត​ចេញ​មក​ទៅ​ជា​មនុស្ស​ទាំង ៥ នាក់ ហើយ​សុត្ធ​តែ​ប្រុស​ផង ។ សត្វ​ទាំង ៥ ដែល​រើស​បាន មាន​សេចក្ដី​អស្ចារ្យ​ចំឡែក​ពន់​ពេក​ណាស់​ក៏​ខំ​ចិញ្ចឹម​បី​បាច់​រក្សា​នៅ​លើ​ទី​លំនៅ​រៀង​ៗ ខ្លួន ញ។ លុះ​ទារក​ទាំង​នោះ​មាន​វ័យ​វឌ្ឍនាការ​ធំ​ឡើង មាន​ចិត្ត​គិត​ឃើញ​រៀង​ខ្លួន​ៗ ថា ខ្លួន​អញ​ជា​មនុស្ស​ជាតិ​នោះ ម្ដេច​ក៏​មាតា​បិតា​របស់​អញ​សុទ្ធ​ជាតិរច្ឆាន​ទៅ​វិញ គិត​ដូច្នោះ​ហើយ​ក៏​រក​ឧបាយកល​លា​មាតា​បិតា​ចិញ្ចឹម​ទី​ទៃ ៗ ទៅ​កាន់​ស្ថាន​មនុស្ស​ហើយ​តាំង​ចិត្ត​បំណង​ថា នឹង​ដើរ​ស្វះ​ស្វែង​រក​រៀន​សិល្ប​វិជ្ជា​ធ្វើ​អភិនិហារ​កសាង​ពុទ្ធ​ភូមិ​រៀង​ខ្លួន ទើប​សត្វ​ដែល​រើស​ទៅ​ចិញ្ចឹម​ទាំង​អស់​មាន​បណ្ដាំ​ព្រម​តែ ១ ដូច​គ្នា​ទាំង​អស់​ថា បើ​កូន​លា​យើង​ទៅ​ធ្វើ​ការ​កសាង​បាន​សម្រេច​ជា​ពុទ្ធភូមិ​ក្នុង​វេលា ជាតិ​ណាយើង​សូម​ផ្ញើ​ឈ្មោះ​របស់​យើង​ទៅ​ភ្ជាប់​នឹង​នាម​ព្រះពុទ្ធ​អង្គ​នោះ​ផង គឹ​ថា​ឲ្យ​កូន​ទាំង​អស់​យក​ឈ្មោះ​សត្វ​ចិញ្ចឹម​ទាំង​នោះ ទៅ​ភ្ជាប់​តាំង​ជា​នាម​ព្រះពុទ្ធ តាម​ឈ្មោះ​សត្វ​ចិញ្ចឹម​នោះ ៗ ព្រោះ​ហេតុ​ដូច្នោះ​បាន​ជា ក្នុង​កទ្ទកប្ប​យើង​នេះ មាន​ព្រះពុទ្ធ ៥ ព្រះអង្គ ហើយ​ទ្រង់​ព្រះនាម​ថា ព្រះ កុកសន្ធោ កោនាគមនោ កស្សបោ គោតមោ និង ព្រះ សិរិអារ្យមេត្តេយ្យោ បាន​ត្រាស់​តាម​លំដាប់​បង​ប្អូន​នឹង​បារមី​ជ្រះ​ថ្លា គឺ​យក​នាម​សត្វ​ចិញ្ចឹម​ទាំង ៥ មក​ប្រកប​ភ្ជាប់​តាម​បណ្ដាំ​ដូច​ពោល​មក​ហើយ​នេះ ។

លុះ​មាណព​ទាំង ៥ ដើរ​ចេញ​ចាក​ស្ថាន​មាតា​បិតា​ចិញ្ចឹម​រៀង​ខ្លួន​ហើយ​ក៏​ប្រទះ​ជួប​គ្នា​ទាំង ៥ នាក់ សាក​សួរ​ទៅ​ឃើញ​មាន​គំនិត​នឹង​សន្ដាន​ចិត្ត ព្រម​ទាំង​ហេតុ​ភេទ​ដូច​គ្នា ក៏​សុំ​គ្នា​ធ្វើ​ជា​មិត្រ​បង​ប្អូន​រួម​សមាកិច្ច​ជា​មួយ​គ្នា​ដរាប​ទៅ ។ នៅ​វេលា​មាណព​ទាំង​នោះ​កំពុង​ជជែក​គ្នា​រក​មាតា​បិតា​ដើម នោះ​ស្រាប់​តែ​ព្រះឥន្ទ​ដែល​ជា​មាតា​បិតា​ដើម​ទាំង ២ និម្មិត​ខ្លួន​ជា​សត្វ​ក្អែក​ញី​ឈ្មោល ហិច​ហោះ​ផ្លោះ​ហក់​ហើរ​មក​ទុំ​លើ​មែក​រុក្ខជាតិ ១ នៅ​ជិត​នោះ​ហើយ​ពោល​ផ្ទុញ​ផ្ទាល់​ចំអក​ចំអន់​ឲ្យ​មាណព​ទាំង ៥ ដោយ​បរិយាយ​ផ្សេង ៗ ច្រើន​ជា​អនេក រហូត​ដល់​ទៅ​បន្លឺ​សច្ច​វាចា ឲ្យ​មាណព​ទាំង ៥ ចង​ចាំ​ស្ដាប់​ច្បាស់​ថា ហ្នឹង​ហើយ​មាតា​បិតា​រៀង​ខ្លួន ហើយ​នាំ​គ្នា​ជង្គង់​ផង​អញ្ជលី​ថ្វាយ​បង្គំ​ចំពោះ​បុព្វបុរស​ទាំង ២ ថ្លែង​វិយោគ​នូវ​សោក រួច​សុំ​ទំ​ដោយ​សារ​ទៅ​តាម​នៅ​បម្រើ​ឯ​ស្ថាន​ទេវ​លោក​ផង តែ​ទ្រង់​ពុំ​អនុញ្ញាត​ឲ្យ​ទៅ គ្រាន់​តែ​ផ្ដាំ​ថា បើ​អាឡោះ​អាល័យ​យើង​ណាស់​កាល​ធ្វើ​មង្គល​កិច្ច​អ្វី ៗ ត្រូវ​ឲ្យ​គូស​ខ្វែង​ជើង​ក្អែក​គ្រប់​វត្ថុ​សម្រាប់​ធ្វើ​សំណែន​បូជា ហើយ​ឧទ្ទិស​ឲ្យ​យើង​ទៅ មុខ​ជា​បាន​ផ្សាយ​ផល​ដល់​យើង​ពុំ​ខាន​រួច​ក៏​អន្តរធាន​បាត់ ។ មាណព​ទាំង ៥ ចាំ​បណ្ដាំ ហើយ​ក៏​នាំ​គ្នា​ទៅ​រៀន​សិល្ប​វិជ្ជា បួស​ជា​តាបស​ឫសី​ចម្រើន​ព្រឹទ្ធា​ក្នុង​ព្រៃ ហើយ​ខាង​ក្រោយ​មក​ក៏​ចេះ​តែ​ធ្វើ​កិច្ច​រលឹក​គុណ តាម​បណ្ដាំ​នោះ​ដរាប​មក ព្រោះ​ហេតុ​នោះ​បាន​ជា​ក្នុង​ពិធី​បុណ្យ​ឯ​ទៀត​ក្ដី ពិធី​បុណ្យ​លយ​ប្រទីប​នេះ​ក្ដី​អ្នក​ណា​ដែល​គេ​នឹក​ឃើញ​រឿង​នេះ ក៏​ធ្វើ​តាម​បណ្ដាំ​ជា​តម្រាប់​តម្រា​ជាប់​ដរាប​រៀង​មក ។

រួម​រួម​សេចក្ដី​ទាំង ៣ រយៈ​នេះ​ទៅ ឃើញ​វា​មាន​សេចក្ដី​ស្រប​បណ្ដោយ​គ្នា មិន​ជា​បដិបក្ខ​ទទឹង​ទាស់​គ្នា​ប៉ុន្មាន​ទេ ។ ទោះ​បី​អាចារ្យ​ដែល​ពោល​ថា ការ​ធ្វើ​ពិធី​នេះ ដើម្បី​បូជា​ឧទ្ទិស​ដល់​ស្នាម​ព្រះពុទ្ធ​បាទ​ក្ដី​ដល់​ព្រះចង្កូម​កែវ​ក្ដី ដល់​ក្អែក​ស​ញី​ឈ្មោល​ក្ដី ឬ​ថា​មាន​មតិ​ខ្លះ​ជ្រៀត​ជ្រែក​ចូល​មក​ទៀត​ថា ដែល​ធ្វើ​ក្បាច់​ក្បូរ​រចនា​ក្បួន​វិស័យ​ទេព​និម្មិត​នោះ​ដើម្បី ឧទ្ទិស​ដល់​ព្រះចុឡាមណី​ចេតិយ​ផង​ក្ដី ក៏​សុទ្ធ​សឹង​តែ​បាន​មគ្គផលឥ​សម្រេច​តាម​បំណង​ចិត្ត​ដូច​គ្នា​ទាំង​អស់ ដោយ​ហោច​ទៅ​ដោយ​យើង​ល្ងង់​ខ្លៅ​អ្នក​ថា​ដូច្នេះ អ្នក​នោះ​ថា​ដូច្នោះ ដល់​ចិត្ត​យើង​ត្រូវ​សារុប​បូជា​វត្ថុ​ទាំងអស់​តែ​ម្ដង​គ្រប់​តែ​គេ​ថា​នោះ​ក៏​បាន ។

ទំនៀម​បុណ្យ​ដែល​បាន​ពោល​មក​ហើយ​នេះ​មាន​សម្ដែង​ទុក​ក្នុង​គម្ពីរ​សារត្ថ​សង្គហ​សាស្ត្រា​បុរាណ​ហៅ​ថា​សាស្ត្រា​ក្អែក​ស ក្នុង​គម្ពីរ​ពុទ្ធវង្ស​និង​ក្នុង​ក្រម​តម្រា​រាជ​និពន្ធ​សម្រាប់​រដ្ឋនិយម​ខ្មែរ ។ ក្នុង​គម្ពីរ​នា​សង្គ្រោះ​សាស្ត្រា​ក្អែក​ស និង​គម្ពីរ​ពុទ្ធវង្ស​ជា​ដើម ក៏​ពុំ​មាន​បង្គាប់​ថា​ឲ្យ​ធ្វើ​តែ​បុណ្យ​នេះ ១ រំលឹក​គុណ​ទៅ​ជា​ដាច់​ណាត់​ដូច្នេះ​ដែរ ប៉ុន្តែ​អាស្រ័យ​មាន​ជា​រឿង​រ៉ាវ​ដូច​នេះ​ហើយ បុរាណាចារ្យ​ក៏​ចេះ​តែ​ផ្សំ​និយម​ប្រឌិត​ធ្វើ​តាម​ហេតុ​នោះ​ឲ្យ​ខាង​តែ​សម​នឹង​ផ្ទៃ​រឿង​មួយ រហូត​ទាល់​តែ​ជាប់​មក​ជា​ទំនៀម​ទម្លាប់​ដល់​សព្វ​ថ្ងៃ​នេះ ។ ប៉ុន្តែ​សម័យ​សព្វ​ថ្ងៃ បណ្ដា​សាសនិក​ជន​ច្រើន​បោះ​បង់​ទំនៀម​និេះ​ចោល​ស្ទើរ​តែ​រក​អ្នក​ចេះ​ធ្វើ​បុណ្យ​នេះ ឲ្យ​បាន​ត្រឹម​ត្រូវ​គ្មាន។ ព្រោះ​គេ​គិត​ឃើញ​ថា ជា​ការ​មិន​សូវ​មាន​ខ្លឹម​សារ​ស័ក្ដិ​សិទ្ធិ​ដោយ​គ្រឿង​បូជា​ទាំង​នោះ​ប្រកប​ដោយ​អាមិស្ស​បូជា ដែល​ព្រះទ្រង់​ញាណ​ពុំ​សូវ​សរសើរ ថា​ជា​ការ​ឥត​អំពើ​ ពុំ​ដូច​ធម្មបូជា​នោះ ឥឡូវ​នេះ​ក៏​លះ​បង់​ចោល​ទៅ ព្រោះ​គិត​ឃើញ​ថា​ពុំ​សូវ​មាន​ប្រយោជន៍ ។ តែ​នឹង​មាន​អាចារ្យ​ឬ​អ្នក​ប្រាជ្ញ​ណា​មក​ហាម​ឃាត់​បដិសេធ​ថា កុំ​ឲ្យ​ធ្វើ​ក៏​ទេ​ដែរ ហាក់​តែ​នឹង​បាត់​ទៅ​ឯង ៗ ដោយ​អំណាច​សេចក្ដី​ស៊ីវិល័យ​តាម​សម័យ​របស់​ស្រុក​ដែល​ចាត់​ជា​សភាវៈ​ធម្មតា​ប៉ុណ្ណោះ ។

ចប់​បុណ្យ​បណ្ដែត​ប្រទីប ។

ពិធី​បុណ្យ​និមន្ត​ព្រះសង្ឃ​ចុះ​ទូក​ឆាន​តាម​បឹង

ពិធី​បុណ្យ​នេះ​ផុត​វិស័យ​នឹង​ស្រាវ​ជ្រាវ​រាវ​រក​ក្បួន​ខ្នាត គម្ពីរតម្រា​អ្វី​ពុំ​ឃើញ បាន​តែ​អធិប្បាយ​ព្រាវ​ស្មាន ៗ តាម​សេចក្ដី​យល់​ជា​អត្តនោម័តិ​បន្តិច​បាន តែ​សូម្បី​ដូច្នោះ​ក៏​ពុំ​បាន​ឲ្យ​ខុស​ឃ្លាត​លើស​ពី​សេចក្ដី​យល់​របស់​លោក​អ្នក​ប្រាជ្ញ​ធំ ៗ ឆ្ងាយ​ពេក​ដែរ ព្រោះ​ទំនៀម​នេះ​បើ​ប្រមាណ​ស្ទង់​ផ្ទេរ​ផ្ទឹម​មើល​ទៅ​ឃើញ​ថា ជា​ទំនៀម​កើត​មាន​មក​ជា​ខាង​ក្រោយ​នៃ​ពិធី​បុណ្យ​ប្រទីប​ទេ ដូច​ត​ទៅ​នេះ

ដោយ​សេចក្ដី​ឈ្វេង​យល់​ថា​គម្បី​ធ្វើ​ពិធី​នេះ​ដើម្បី​សម្រើប​ព្រះទ័យ​ព្រះសង្ឃ ឬ​ទទួល​អំណរ​ក្នុង​ពេល​ដែល​បាន​ចេញ​វស្សា​រួច របស់​អ្នក​ប្រាជ្ញ​ជាន់​ដើម បាន​ជា​ផ្ដើម​ឲ្យ​ធ្វើ​បុណ្យ​នេះ ។ របៀប​ធ្វើ​នោះ​ចំណាំ​តែ​ឃើញ​អ្នក​ស្រុក​គេ​និមន្ត​ព្រះសង្ឃ​តិច​ច្រើន​តាម​សទ្ធា​របស់​គេ​ឲ្យ​លោក​និមន្ត​តាម​ទូក​តូចធំ​ជា​ច្រើន ឬ ១២ អុំ​តាម​ទឹក​បឹង បើ​នៅ​ភ្នំពេញ​ចំណាំ​តែ​ឃើញ​គេ​និមន្ត​ទៅ​តាម​បឹង​ប្រលិត បឹង​ស្នោ បឹង​ស្ទឹង​មាន​ជ័យ និង​បឹង​ដែល​កាត់​ទៅ​ព្រះវិហារ​សួគ៌ (ខាង​ឧត្ដុង្គ) ជា​ដើម ដើម្បី​ទៅ​ថ្វាយ​បង្គំ​ព្រះពុទ្ធបដិមាករ​វិហារ​សួគ៌ ។ វេលា​ទៅ​តាម​ទូក​នោះ គេ​មាន​ដាក់​ស្បៀង​អង្ករ ឈើ​ព្រៃ សាដូវ ខៅ​តាក​ជា​ដើម គ្រប់​គ្រឿង​ទាំង​អស់​សម្រាប់​ធ្វើ​ខាទនីយ​និង​ភោជនិយាហារ​ឲ្យ​បាន​ថ្មី​ស្រស់ ៗ ក្ដៅ ៗ ប្រគេន​លោក​ភ្លាម​លើ​ទូក​នោះ ចំណាំ​តែ​មាន​ព្រហក់​ខ្ចប់​ហើយ​ផ្សែ​ផ្សំ​បែះ​កញ្ឆែត ព្រលិត​លំចង់ រាំង ផ្សំ​គ្រឿង​ក្នុង​បឹង​នោះ​ធ្វើ​ជា​អន្លក់​ផង ដូច​ជា​ចំណី​បង្អែម​គេ​ច្រើន​ធ្វើ​ហៅ​ថា​នំ​ផ្កា​ស្នោ ។ នំ​នេះ​គេ​ធ្វើ​មាន​ផើង ១ លាយ​ដោយ​ម្សៅ​និង​ស្ករ​ស្រេច ហើយ​មាន​ខ្ទះ ១ ដាក់​ខ្លាញ់​លើ​ជើង្ក្រាន​ក្នុង​ទូក​ដាំ​ពុំ​ជា​និច្ច តែ​ដល់​មាន​ផ្កា​ស្នោ​ត្រង់​ណា​ច្រើន គេ​ទៅ​ចត​ទូក​ទី​នោះ​ហើយ​ចាប់​ទាញ​បង្អោន​ដើម​ស្នោ​យក​ផ្កា​មក​ជ្រលក់​ប្រឡាក់ នឹង​ម្សៅ​ក្នុង​ផើង​រួច​បង្អោន​ទៅ​ដាក់​ចម្រាញ់​នឹង​ខ្ទះ​ខ្លាញ់​កំពុង​ពុះ​ល្មម​តែ​ឆ្អិល ហើយ​យក​ចង្កើះ​ចាប់​បន្លេះ​ដាក់​ភាជន៍​ដ៏​ស្អាត ឬ​យក​ភាជន៍​នោះ​ទៅ​ត្រង​ប្រគេន​ព្រះសង្ឃ​ភ្លាម ៗ ដែល​អែប​ទូក​នៅ​ជិត​គ្នា លុះ​ត្រា​តែ​ឆ្អែត​ស្កប់​ស្កល់​ទាំង​ព្រះសង្ឃ​នឹង​ទាយក​ស្រី​ប្រុស​ដែល​ទៅ​ទាំង​ប៉ុន្មាន រួច​លោកភត្តា​និង​ទទួល​យង្កញ្ច កណ្ដាល​បឹង​នោះ តាម​ដោយ​សេចក្ដី​ឧទ្ទិស​រៀង ៗ ខ្លួន​ហើយ​ក៏​អុំ​ទូក​ទៅ​ទៀត​រហូត​ផុត​សេចក្ដី​បំណង​របស់​គេ ជួន​កាល​បើ​ផ្លូវ​ឆ្ងាយ​មាន​និមន្ត​ព្រះសង្ឃ​សឹង​អស់​រាត្រី​ក្នុង​កន្លែង​សម​គួរ​ណា​មួយ ទើប​ត្រឡប់​វិញ

ធ្វើ​ដូច្នេះ ដោយ​សេចក្ដី​​សម្គាល់​ថា ជា​បុណ្យ​កំសាន្ត​សប្បាយ​ដោយ​ឡែក ដែល​ព្រះសង្ឃ​ទើប​ងើប​ពី​សេចក្ដី​អផ្សុក​ក្នុង​ការ​កាន់​វស្សា​ហើយ​បាន​និមន្ត​ទៅ​កាន់​ទី​ក្សាន្ត​ព្រះទ័យ​ដូច្នេះ ហើយ​ជួន​ជា​ពេល​នោះ​ជា​ពេល​ទឹក​ជំនន់​ជោរ​ជន់​បែក​វាល​បឹង​នានា ព្រលិត លំចង់ ស្បង់​កាច់​នឹង​ស្នោ​ផង​ទាំង​ពួង ក៏​បញ្ចេញ​ផ្កា​រន្ទាល​តាម​វាល​បឹង ហាក់​ជា​ប្រស្នា​ឲ្យ​សម្គាល់​បាន​ថា ដែល​បញ្ចេញ​ផ្កា​ពេល​នោះ គឺ​ជា​ខែ​ចេញ​វស្សា​មច្ឆោ​មច្ឆា​ផង​ទាំង​ពួង ក៏​ប្រុង​ប្រៀប​រៀប​រយ​នឹង​បែរ​រេ​ក្បាល​ទៅ​កាន់​ទិស​ឯ​ជើង​ដើម្បី​ទៅ​ថ្វាយ​បង្គំ​ព្រះពុទ្ធ​បាទ ដែល​ជាន់​ទុក​នៅ​ស្ទឹង​យោនកៈ​ហើយ ។ ម្យ៉ាង​ទៀត​ពេល​នោះ ជា​ពេល​កឋិន​កាល នឹង​ធ្វើ​សំពត់​ផាប៉ា (សំពត់​ព្រែ) របស់​អ្នក​ស្រុក មាន​នៅ​ស្រុក​ខ្លះ គេ​ដឹង​ពេល​ទឹក​ជំនន់​នេះ​ជា​ពេល​អំណត់​របស់​អ្នក​ស្រុក​ក្រោម គេ​បបួល​គ្នា​ធ្វើ​ជា​បន្លុង បាយ​កញ្ចប់​ស្រូវ​អង្ករ​ព្រហក់​អំបិល ហើយ​និមន្ត​លោក​ស្រុក​លើ​ចុះ​ទូក​ទៅ​វេរ​ប្រគេន​ឲ្យ​ព្រះសង្ឃ​ស្រុក​ក្រោម​ទោះ​បន្លុង​នោះ​ក៏​មាន ដល់​មក​វិញ​ឃើញ​គេ​បាន​ត្រី​ងៀត ព្រហក់ ផ្អក ផ្កា ដើម ពី​ស្រុក​ក្រោម​មក​វីញ ហាក់​ដូច​ជា​ដូរ​គ្នា​ផង ។ ក្នុង​ពេល​នោះ ព្រះសង្ឃ​តែង​សប្បាយ​រីករាយ​ចិត្ត​ដោយ​សារ​ជើង​លាត គឺ​ចង់​និមន្ត​ទៅ​ទី​ណា​ក៏​បាន ក្រោយ​ពី​ការ​កាន់​វស្សា​ជា​ត្រណម​អស់​ត្រៃ​មាស ។ ឃើញ​ថា​ការ​ធ្វើ​អម្បាល​ម៉ាន​នេះ​សុទ្ធ​តែ​ជា​ការ​ឆ្លៀត ក្នុង​ការ​ស្វែង​រក​កុសល​របស់​អ្នក​មាន​សទ្ធា ឲ្យ​តែ​ឃើញ​ប្លែក ៗ ទៅ​ប៉ុណ្ណោះ ។

ចប់

1សេចក្ដី​ពិស្ដារ នៅ​ក្នុង​ឯកសារ​របស់​ទំនៀម​ទម្លាប់​លេខ ១៨.០០១ ។

2 តាម​ប្រវត្តិ​ដំណាល​ពុទ្ធចេតិយ នាម​និង​ទី​ខ្លះ ថា​មាន ៥ ស្ថាន តែ​ពុំ​ឃើញ​មាន​ប្រាកដ​ក្នុង​សារត្ថ​សង្គហ ។

3មាន​សេចក្ដី​ពិស្ដារ​ក្នុង​ឯកសារ​លេខ ១៨.០០១ របស់​ក្រុមជំនុំទំនៀមទម្លាប់ ។