ធម៌ពុទ្ធជ័យមង្គល 1
គឺឧកញ៉ាសត្តន្តប្រីជា ឥន្ទ ប្រែចេញពីបាលី ហើយចងជាពាក្យកាព្យ
ព្រះគ្រូ សំសត្ថា ជួន – ណាត គ្រូបង្រៀនសាលាបាលីជាន់ខ្ពស់ និងព្រះគ្រូ
វិមលបញ្ញា អ៊ុម – ស៊ូរ អាចារ្យក្នុងព្រះរាជបណ្ណាល័យកម្ពុជា
បានផ្ទៀងផ្ទាត់កែសម្រួលត្រឹមត្រូវឡើង
១ – ពាហុំ សហ្សមភិ និម្មិត សាវុធន្តំ ត្រីមេខលំ ឧទិតឃោរសសេន មារំ ទានាទិធម្មវិធិនា ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គ័លានិ ។
ព្រះមុនិន្ទលោកាចារ្យ ផ្ចាញ់ក្រុងមារចិត្តមោហទ្ធ និម្មិតដៃមួយពាន់ កាន់សស្ត្រាវុធនាន ។ ជិះគ្រីមេខលជាតិ កោញ្ចនាទខ្ទរពសុធា ព្រមដោយមារសេនា ពន្លឹកលាន់កងស័ព្ទស៊ាន ។ ដោយធម្មពិធីទានបារមីជាប្រធាន ក្រុងមារចាញ់ទ្រង់ញាណ ប្រណម្យកាយថ្វាយវន្ទា ។ រីជ័យមង្គលចូរមានដល់អ្នករាល់គ្នាដោយតេជៈជ័យា ព្រះឈ្នះមារគ្រានោះហោង ។
២ – មារាតិរេកមភិយុជ្ឈិតសព្វរត្តី ឃោរម្បនាទ្ប វកមក្ខមថទូយ ក្ខំ ខន្តី សុទន្តវិធិនា ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គ័លានិ ។
ព្រះមុនិន្ទពិននាយក ផ្ចាញ់អាឡវកយក្ខឃោរឃៅ រឹងរូសមិនតាំងនៅក្នុងខន្តីគុណសត្យា ។ រហូតអស់រាត្រី ព្រះជិនស្រីទ្រង់យុទ្ធនា ក្រៃលែង ក្រុងមារា ក្នុងបឋមសម្ពោធី ។
ដោយព្រះពិធីញាណទ្រង់ទូន្មានដោយខន្តី ញ៉ាំងចិត្តអសុរី ឲ្យបង់ព្យុសចុះវន្ទា ។ រីជ័យមង្គលចូរមានដល់អ្នករាល់គ្នា ដោយតេជៈជ័យា ព្រះឈ្នះអាឡវយក្ខហោង ។
៣ – នាឡាគិរី កជវរំ អតិមត្តភូតំ ទាវត្តិចក្កម សនីវ សុទារុណន្តំ មេត្តម្ពុសេកវិធិនា ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គ័លានិ ។
ព្រះមុនិន្ទពិនជិនស្រី ផ្ចាញ់ដំរីឈ្មោះនាឡា គិរីវរគជា ដ៏ហានក្លាចុះប្រេងព្រេច ។ សាហាវឆាវឆេះក្រៃដូចភ្លើងព្រៃឆេះកំទេច មុតដូចចក្រក្រុតពេជ្រ ខ្លាំងដូចកាំអសនី ។ ដោយព្រះពិធីស្រប់ស្រោចទឹកអប់ គឺបារមីមេត្តាព្រះជិនស្រី ញ៉ាំងដំរីឲ្យជ្រះថ្លា ។ រីជយមង្គលចូរមានដល់អ្នករាល់គ្នា ដោយតេជៈជ័យា ព្រះឈ្នះនាឡាគិរី ។
៤ – ឧក្ខិត្ត ឧត្ដមតិហត្ថសុទារុណន្តំ នាវន្តិ យោជនបថង្គុ័លិមាលវន្តំ ឥទ្ធីភិសំខតមនោ ជិតវាមុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គ័លានិ ។
ព្រះមុនិន្ទពិនលោកត្រៃ មានព្រះទ័យធ្វើបាដិហារ ផ្ចាញ់ចោរអង្គុលីមារ មានកម្រងគឺម្រាមដៃ ។ នៃមនុស្សដែលគាត់កាត់ មកដោតចាត់ជាមាល័យ អង់អាចកំណាចក្រៃ ដ៏មានដៃស្ទាត់ប្រហារ។ កាន់ដាវងាកគ្រវី ដេញព្រះមុនីសាស្ត្រាចារ្យ ចម្ងាយផ្លូវកន្តារ កណ្ដាលព្រៃបីយោជន៍ណា ។
រីជ័យមង្គល ចូរមានដល់អ្នករាល់គ្នា ដោយតេជៈជយា ព្រះឈ្នះអង្គុលីមារ ។
៥ – កត្វាន កដ្ឋមុទរំ ឥវ កម្ភិនីយា ចិញ្ចាយ ទុដ្ឋ វចនំ ជនកាយមជ្ឈេ សន្ដេន សោមវិធិនា ជិតវា មុនិន្ទោ តន្ដេជសា ភវតុ តេ ជយមង្គ័លានិ ។
ព្រះមុនិន្ទមានព្រះភាគ ផ្ចាញ់ទ្រុស្ដពាក្យនាងចិញ្ចា អំពើធ្វើដូចជាស្រីមានគភ៌ចាល់ចើសពោះ។ យកឈើធ្វើជាកូន ពន្ធពោះខ្លួនពោលទ្រគោះ ព្រះពុទ្ធឈ្នះកាលនោះ ដោយសមាចារពិធី ។ រម្ងាប់ពាក្យចណ្ឌាល នាកណ្ដាលជនប្រុសស្រី ចិញ្ចាចាញ់បារមី គឺសច្ចំពាក្យសត្យា ។ រីជ័យមង្គលចូរមានដល់អ្នករាល់គ្នា ដោយតេជជយា ព្រះសាស្ដាឈ្នះចិញ្ចា ។
៦ – សច្ចំ វិហាយមតិសច្ចកវាទកេតុំ វាទាភិ រោ បិតមនំ អតិអន្ធភូតំ បញ្ញាបទីបផលិតោ ជិតវាមុនិន្ទោ តន្ដេជសា ភវតុ តេ ជយមង្គ័លានិ ។
ព្រះមុនិន្ទពិនអ្នកប្រាជ្ញ រុងរឿងស្ងាចដោយបញ្ញា ផ្ចាញ់សច្ចកជានិគ្រន្ថៈក្រៅពុទ្ធវិន័យ ។ អធ្យាស្រ័យលះបង់ ពាក្យសត្យត្រង់តាមគាប់ចៃ សរសើរខ្លួនឯងនៃលើកកម្ពស់ដូចដងទង់ ។ បង្កើតមួរងងឹតដោយពោលឥតពាក្យទៀងត្រង់ ព្រះទ្រង់កំចាត់បង់ ដោយប្រទីបគឺបញ្ញា ។ រីជ័យមង្គលចូរមានដល់អ្នករាល់គ្នា ដោយតេជៈជយា ឈ្នះសច្ចកនិគ្រន្ថ ។
៧ – នន្ទោបនន្ទកុដតំ វិពុទ្ធំ មហិទ្ធឹ បុត្តេន ថេរកុដ តេន ទមាបយន្ដោ ឥទ្ធូបទេសវិធិនា ជិតវា មុនិន្ទោ តន្ដេជសា ភវតុ តេ ជយមង្គ័លានិ ។
ព្រះមុនិន្ទពិនទ្រង់ញាណ ញ៉ាំងមោគ្គល្លានមានអំណាច ឲ្យប្លែងជានាគរាជ ទៅទូន្មានព្យុ សភុជង្គ ។ ឈ្មោះនន្ទោបននូ ចិត្តមោហន្ធរឿងឫទ្ធិរង្គ ទិដ្ឋិកាចទ្រនង់ ទ្រង់ផ្ចាញ់ដោយពិធីឈាន ។ គឺឲ្យឧបទេស ឫទ្ធិវិសេសដល់មោគ្គល្លាន ឫទ្ធិនាគអន្តរធាន ឱនចុះចាញ់ព្រះចេស្ដា ។ រីជ័យមង្គល ចូរមានដល់អ្នករាល់គ្នា ដោយតេជៈជយា ព្រះភគវាឈ្នះនាគហោង ។
៨ – ទុត្តាហទិដ្ឋិកុដតេន សុទដ្ឋហត្ថំ ព្រហ្មំ វិសុទ្ធិ ជុតិមិទ្ធិពកាភិនានំ ញាណាតទេន វិធិនា ជិតវា មុនិន្ទោ តន្ដេជសា ភវតុ តេ ជយមង្គ័លានិ ។
ព្រះមុនិន្ទពិនគោតម ផ្ចាញ់មហាព្រហ្មឈ្មោះពកា សម្គាល់ថាអាត្មារុងរឿងដោយគុណវិសុទ្ធិ។ដៃកាន់អាសិរពិស គឺចិត្តទ្រឹស្ដីដ៏មូរមុត កាន់ខុសផ្លូវសម្ពុទ្ធ មិនលើកលាកលះបង់ប្រាណ ។ ទ្រង់ឈ្នះដោយពិធីឱសថវិសេសសម្រាន្ត ផ្សំត្រូវគាប់សន្ដាន គឺព្រះញាណប្រោសទេសនា ។ រីជ័យមង្គល ចូរមានដល់អ្នករាល់គ្នា ដោយតេជៈជយា ឈ្នះព្រហ្មាឥតមានហ្មង ។
ឯតាបិ ពុទ្ធជយមង្គ័លអដ្ឋកាថា ឃោ វា ចនោ –
ទិនទិនេ សរតេ មតន្ទី ហិត្វាននេកវិវិធានិ ចុបទ្ទ
វានិ មោក្ខំ សុខំ អធិកមេយ្យ នរោ សបញ្ញោ ។
យោនរោជនឯណា កបបញ្ញាប្រាសក្ដីខ្ជិល ឧស្សាហ៍សាងទានសីល សូត្ររំឭកព្រះធម៌ថ្លៃ ។ គាថាប្រាំបីបទ នេះកំណត់ឈ្មោះពុទ្ធជ័យខំសូត្រសព្វៗថ្ងៃ កើតមង្គលជានិរន្តរ៍ ។ សោនរោរី ជននោះបានរំដោះរោគអាសន្ន ឧបទ្រពអនេកលន់ មានប្រការផ្សេងៗផង ។ នឹងដល់ធម៌ក្សេមក្សាន្ត គឺព្រះនិពា្វនសុខកន្លង លែងទុក្ខទាំង៤កង ដោយពុទ្ធជ័យមង្គលនេះ ។
ចប់ពុទ្ធជយមង្គលប្រែតែប៉ុណ្ណេះ
1អត្ថបទនេះ ស្រង់ពីកម្ពុជសុរិយា ក្បាលលេខ៥ ឆ្នាំ ១៩២៦ – ២៧ ។