October 28, 2026
Phnom Penh, Cambodia.
Khmer

ទំនៀមវេចនំអន្សមនារដូវភ្ជុំបិណ្ឌ

ជា​រៀង​រាល់​ឆ្នាំ​ឲ្យ​តែ​ដល់​រដូវ​ភ្ជុំបិណ្ឌ​ម្ដងៗ​ប្រជាពលរដ្ឋ​ខ្មែរស្ទើរ​គ្រប់​គ្រួសារ​តែងតែ​រៀប​ចំ​វេច​នំ​អន្សម​ ​(មិន​ដែល​ខាន)​មិន​ថា​ផ្ទះគេ​ ឬ ផ្ទះខ្ញុំ​នោះ​ទេ។  សកម្មភាព​នេះ​ យើង​តែង​តែ​សង្កេត​ឃើញ​នៅ​មុន​ថ្ងៃបុណ្យភ្ជុំ​ មួយ​​ ឬ​ ពីរ​ថ្ងៃ​ គឺ​គ្រប់ៗ​ផ្ទះ​ញាប់​ដៃ​ញាប់​ជើង​ ម្នីម្នា​រៀប​ចំ​វេច​នំ​ដើម្បី​ទុក​ចូល​រួម​ក្នុង​ឱកាស​ភ្ជុំបិណ្ឌ។ ​​​ នំ​ដែល​យើង​វេច​រួមមាន​ដូចជា៖​ នំ​អន្សមជ្រូក​ នំ​អន្សមចេក​ នំគម​ នំ​បត់​ ជា​ដើម​ ។​

អត្ថន័យ ៖​

«អន្សម» (នាមសព្ទ) ឈ្មោះ​នំ​ធ្វើ​ដោយ​អង្ករ​ដំណើប​ខ្ចប់​ដោយ​ស្លឹកស្រស់​ (តាម​ធម្មតា​ច្រើន​ប្រើ​ស្លឹក​ចេក​) មាន​រាងមូល​រលស្មើ​ចុង​ស្មើ​ដើម​ ចម្អិន​ដោយ​ស្ងោរ​ឬ​អាំង​ក៏មាន​ ។ អន្សម​ មាន​ច្រើន​ប្រភេទ​គឺ​ អន្សម​ចេក​ អន្សម​ដាក់​ចេក​ណាំវ៉ា​ទុំ​ទាំង​មូល​ជាស្នូល​ ។​ អន្សមជ្រូក​ អន្សម​ដាក់សាច់​ជ្រូក​ជាស្នូល​ ។ អន្សម​ដូង​ អន្សម​ដាក់​ខ្ទិះដូង​ឬ​សាច់​ដូងទុំ​កោស​លាយ​ផង ។​ អន្សម​អាំង​ អន្សម​ដែល​ចម្អិន​ដោយ​អាំង​ ។ ល ។​ វេច​អន្សម​ ខ្ចប់​អង្ករ​ដំណើប​ដោយ​ស្លឹកស្រស់​ឲ្យកើត​បាន​ជា​រូប​អន្សម ។​ ព. ទ. បុ.​ ដប់​នាក់​អន្សម​ខ្លោច​ មាន​គ្នា​ច្រើន​ ប៉ុន្តែ​ធ្វើ​មិន​កើត​ឬ​ធ្វើដែរ​ ប៉ុន្តែ​ប្រចាំ​គ្នា​លែន​លនៗ​មិន​ហើយ​ការ ។​ ឬ​ថា ដប់​នាក់​អន្សម​ខ្លោច​ គ្នា​ច្រើន​ដូច​ស្រមោច​ អន្សមផ្អូម​ ដូច្នេះ​ក៏មាន​ (សេចក្ដី​ដូច​គ្នា​)​ ។ អន្សម​ផ្អូម​ ( ព. ប្រ. )​ ដែល​ប្រើ​ការ​មិន​កើត​ :​ មនុស្ស​អន្សម​ផ្អូម​; របស់​អន្សម​ផ្អូម​ ។​ អា​អន្សម​ផ្អូម​ ! អា​ចោល​ម្សៀត​ ! ( ព. ទ្រ. ម. ) ។​

មូលហេតុ​ដែល​នាំ​ឲ្យ​​វេចនំនេះ ៖​

យោងតាម ​ឯកសារ​មួយ​ចំនួន​បាន​ឲ្យដឹង​ថា ក្នុ​ង​​​សម័យ​​​ព្រះ​​បាទ​ជ័យ​វរន្ម័​ទី​៧​ប្រទេស​​កម្ពុជា​​​ប្រកាន់​​​ សាសនាព្រាហ្មណ៍​​​ ហើយ​​របស់​ប្រើ​ប្រាស់ និង​សម្ភារ​​ភាគ​​ច្រើន​​តែង​​តែ​​មាន​​ទំនាក់​​​ទំនង​​នឹង​​សា​សនា​ តួយ៉ាង​ នំ​អន្សម​នេះជាដើម។

​ក្នុង​​សាសនាព្រាហ្មណ៍នំ​​អន្សម គឺ​​តំណាង​​ឲ្យ​​លិង្គ​​ព្រះ​ឥសូរ   ចំណែកឯ​នំ​គមវិញ​ គឺ​តំណាង​​ឲ្យ​យោនី​ នាង​ឧមា​ដែល​​ជា​​ព្រះ​​ម​ហេសី​​របស់​​ព្រះ​ឥសូ។ ​ម្លោះ​​ហើយ​​ទើប​​យើង​​តែង​តែ​ឃើញ​​នំ​ប្រភេទ​នេះ​ក្នុងពិធី​បុណ្យទាន អមជា​មួយ​នឹង​ “នំគម” ដែល​ជានំប្រ​ពៃណី​ខ្មែរ​ផងដែរ។​​  ​ដោយសារ​ជំនឿ​សាសនា​ព្រាហ្មណ៍​ត្រូវបាន​ដក់​ជាប់​ក្នុង​ផ្នត់គំនិត​ខ្មែរ​ គ្រប់គ្នា​ទៅហើយនោះ (បើ​តាម​សាសនាព្រះពុទ្ធ ពុំមាន​យកនំ​ទៅ​បោះ​បាច ឬ​សែន​ដូច្នេះ​ទេ មានតែ​សាសនាព្រាហ្មណ៍​តែមួយ​ប៉ុណ្ណោះ)ទើប​ខ្មែរ​យើង​យកនំ​អន្សមជ្រូក អន្សមចេក នំគម នំ​បត់ ​ទាំងនេះ​ទៅ​ប្រគេន​ព្រះសង្ឃ​វិញ ដែល​ធ្វើ​ឲ្យ​សាសនា​ទាំងពីរ​លាយឡំ​គ្នា​ដូច​យើង​ឃើញ​សព្វថ្ងៃនេះ​។​

«អន្សម» មាន​ដើម​កំណើត​តាំង​ពីបុរ​មបុរា​ណ​នៅ​ក្នុង​ប្រវត្តិ​នំ​ប្រពៃណី​ខ្មែរ​ និង​ត្រូវ​បាន​គេ​ឃើញ​វត្ត​មាន​នំមួយ​ប្រភេទ​នេះ​នៅ​ក្នុង​ពិធី​បុណ្យ​ ប្រពៃណី​ខ្មែរ​ ដូច​ជា​បុណ្យ​ចូល​ឆ្នាំ បុណ្យ​ភ្ជុំ​បិណ្ឌ ក្នុង​ពិធី​រៀប​អាពាណ៍ពិពាណ៍ និង​ពិធី​បុណ្យ​សា​សនា​មួយ​ចំនួន​ទៀត។  ការដែល​យកនំ​ទាំងអស់នេះ​ទៅ​វត្ត​នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​មកពី​បុណ្យ​នេះក៏ដូចជា​ បុណ្យ​ផ្សេងទៀត​ជាប់​ពាក់ព័ន្ធ​នឹង​ព្រហ្មញ្ញសាសនា​។

របៀបធ្វើនំអន្សមសង្ខេប៖​

ដំបូង ​​​យើង​​​ត្រូវ​​​ហែក​​​ស្លឹក​​​ចេក​​ ឬ​ ស្លឹក​ផ្អាវ​ ហើយ​ហាល​ថ្ងៃ​ឲ្យ​ទន់​ល្អ​ចំពោះ​ស្លឹក​ចេក​។ បន្ទាប់​​​មក​​ត្រូវ​​យក​​វាមក​​ជូត​ឲ្យ​​ស្អាត​​និង​​ត្រូវ​​ត្រៀម​​ខ្សែ​ សំរាប់​​ចង​។ គេ​​អាច​​យក​​ដើម​​ចេក​​មក​​​ធ្វើ​​ជា​​ខ្សែ​ក៏​​បាន​​ ឬ​​ខ្សែចង​​ធម្មតា​​ក៏​បាន។ បន្ទាប់​មក​​ទៀត​ ត្រូវ​​លាង​​អង្ករ​​ដំណើប​​ទុក​​ឲ្យ​ស្ងួត​ ហើយ​ទឹក​​អង្ករ​​ដំណើប​​នោះ​​ត្រូវ​​លាយ​អំបិល​​​តិចៗ​​ដើម្បី​​បង្កើន​​ឱ​ជា​រស​ ហើយ​​ត្រូវ​​លាង​​សណ្តែក​​លឿង​​ទុក​​ឲ្យ​​ស្រស់​​ទឹក​។  បន្ទាប់​​ពី​នោះ​​ យើង​​ត្រូ​វ​​ហាន់​​សាច់​​ជ្រូក​​ជា​​ចង្វាយ​​វែង​​ល្មម​ (​ភាគ​​ច្រើន​​គេ​​យក​​សាច់​​ជ្រូក​​បី​ជាន់​ ​ដោយ​សា​រ​​វា​មាន​​ជាតិ​​ខ្លាញ់​​តិច​ៗ)​ ដោយ​​លាយ​​គ្រឿង​​ដូច​​ជា​​ម្រេច​ អំបិល​​ មើម​ខ្ទឹម​សជា​ដើម​។ ក្រោយមក ​យើង​អាច​​វេច​​បាន​​ហើយ​។ ការ​​វេច​​យើង​​ត្រូវ​​ចំណាយ​​ពេល​ពី​១​ ទៅ​ ២​ម៉ោង​អាស្រ័យ​​ទៅ​​លើ​​ចំនួន​​អង្ករ​​ដែល​​​យើង​វេច​។  ដំបូង​​យើង​​ត្រូវ​​លា​​ស្លឹក​​ចេក​​ទ្រាប់​​លើ​​គា្ន​ឲ្យ​​ក្រាស់​​ល្មម​​ ហើយ​​ត្រូវ​​ដាក់​​អង្ករ​​រាយ​​លើ​​ស្លឹក​​ចេក​​ បន្ទាប់​​មក​​រោយ​​សណ្តែក​​លឿង​​ពី​​លើ​​រួច​ដាក់​សាច់​​ជ្រូក​​ពី​​លើ​​ ហើយ​​បត់​​ចុង​​នៃ​​ស្លឹក​​ទាំង​​ពីរ​​ចូល​​គ្នា។ បន្ទាប់​​ពី​​វេច​ ​ហើយ​​យើង​​ត្រូវ​​ឆ្លង​​កាត់​​ដំណាក់​កាល​​មួយ​​ទៀត​​គឺ ​​ចង​។ ការ​​ចង​​នំ​​មិន​​មែន​​ជា​ការ​​ងាយ​​នោះ​​ទេ​​។ យើង​​ត្រូវ​​ចង​​ឲ្យ​​ណែន​​ល្អ ​​បើ​​មិន​​ដូ​ច្នេះ​​ទេ​នៅ​​ពេល​​ស្ងោរ​​ ទឹក​​អាច​​ចូល​ក្នុង​នំ​ ដែល​​អាច​​ធ្វើ​​ឲ្យ​អង្ករ​​រលាយ​​ចេញ​។ បន្ទាប់​​ពី​​ចង​​ហើយ​​យើង​​ត្រូវ​​យក​​ទៅ​​ស្ងោរ​ ។​ការ​​ស្ងោរ​​យើង​​ត្រូវ​​ចំណាយ​​ពេល​​ប្រមាណ​​ពី​៥​​ទៅ​៦​​ម៉ោង​​ទំ​រាំ​​ តែ​ឆ្អិន​​ល្អ។​ យើង​​ត្រូវ​​នៅ​ចាំ​មើល​​ជាប់​​ជា​​និច្ច​ យើង​​ត្រូវ​​មើល​​ភ្លើង​​ឲ្យ​​បាន​​ដិ​ត​​ដល់​ ហើយ​​ត្រូវ​​ប្រែ​​នំ​​ទៅ​ម្ខាង​​ទៀត​ ដើម្បី​ឲ្យ​នំ​បាន​​ឆ្អិន​​ល្អ​។

ប្រភពអត្ថបទ៖ ឯកសារវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ

Leave feedback about this

  • Quality
  • Price
  • Service

PROS

+
Add Field

CONS

+
Add Field