October 9, 2026
Phnom Penh, Cambodia.
Khmer

ស្វែងយល់ពីពាក្យខ្មែរ ៖ «សន្លាង​»​ និង ​​«ស្រឡាង​»

កន្លងមក​ តាម​ការ​សង្កេត​របស់​ខ្ញុំ​ នៅ​លើ​ទំព័រ​កាសែត​ក្ដី​ ទូរទស្សន៍​ក្ដី​ និង​ កន្លែង​ផ្សេងៗ​ទៀត​មាន​ការ​ប្រើប្រាស់​ ពាក្យ​ខុស​ ពោល​គឺ​ លើ​ការសរសេរ​ និង​ការ​អាន​ជាដើម​ ដែល​នាំ​ឲ្យ​ភាសា​ខ្មែរ​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​ ។ គួរ​ខ្មែរ​គ្រប់​រូប​ប្រើប្រាស់​ពាក្យ​ដែល​ ត្រឹមត្រូវ​បំផុត​ កុំ​ប្រើ​តាម​ទម្លាប់​តៗ​គ្នា​ ព្រោះ​ពេល​ខ្លះ​វា​ខុស​ទាំងស្រុង​ ដែល​ នាំឲ្យ​បាត់បង់​តម្លៃ​នៃ​ភាសាជាតិ​យើង​ ។ ក្នុង​ការ​ប្រើប្រាស់​ ពាក្យពេចន៍​នេះ​ដែរ​ យើង​ឃើញ​ថា​ខ្មែរ​រស់​នៅ​កម្ពុជា​ ក្រោម​ប្រើប្រាស់​បាន​ត្រឹមត្រូវ​ជាង​ ខ្មែរ​នៅ​កម្ពុជា​។ ខាងក្រោមនេះ​ជា​ ពាក្យ​ដែល​យើង​គួរ​ស្វែងយល់​ទាំង​អស់​គ្នា​ និង​ ប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ​តាម​វចនានុក្រម​សម្ដេចសង្ឃរាជ​ ជួន​ ណាត ។​ ពេលនេះ​ខ្ញុំ​ លើក​យក​ពាក្យ​ចំនួន​ ពីរ​ មក​បង្ហាញ​ដូច​តទៅ​ ៖

យោង​តាម​វចនានុក្រម​សម្ដេចសង្ឃរាជ​ ជួន ណាត​ ទំព័រ​ ១៤៧៥​ ជួរ​ខាងស្ដាំ​ បន្ទាត់​ទី ១​ ៖​

ស្រឡាង ន.  ប្រដាប់​សម្រាប់​ផ្ទុក​ថល​យាន​និង​សត្វ​ពាហនៈ​ជា​ដើម​ចម្លង​ពី​ត្រើយ​ម្ខាង : រថយន្ត​ចុះ​ស្រឡាង ។  ឧទាហរណ៍​៖​ ខ្ញុំ​កំពុង​នៅ​លើ​ស្រឡាង     នៅ​អ្នកលឿង​មាន​ស្រឡាង​ ។

គួរកត់សម្គាល់​ ៖ ខ្មែរ​ភាគច្រើន​ ទាំង​ក្មេង​ ទាំង​ចាស់​ តែង​តែ​ប្រើប្រាស់​ពាក្យខុស​ ។  ឧទាហរណ៍​៖ ខ្ញុំ​កំពុង​នៅ​លើ​សាឡាង​ នៅ​អ្នកលឿង​មានសាឡាង​។

យោង​តាម​វចនានុក្រម​សម្ដេចសង្ឃរាជ​ ជួន ណាត​ ទំព័រ​ ១២៦៥​ ជួរ​ខាងស្ដាំ​ បន្ទាត់​ទី​ ២១​ ៖​

សន្លាង​ (សន់​-​ល៉ាង)  គុ. សជ្រះ​ស្អាត: សសន្លាង ។ ថ្មី​ទែង, ថ្មី​ស្អាត : ថ្មី​សន្លាង ។ ដែល​ល្អ​សម​រម្យ​មិន​ឆ្គង : ល្អ​សន្លាង, រូបល្អ​សន្លាង ។  ឧទាហរណ៍​៖ អគារ​សិក្សា​ថ្មីសន្លាង​ មួយ​ខ្នងនេះ​ជា​ជំនួយ​ប្រទេសជប៉ុន​ ។

គួរកត់សម្គាល់​៖ ខ្មែរ​ភាគ​ច្រើន​ ទាំងក្មេង​ ទាំងចាស់​ តែង​តែ​ប្រើប្រាស់​ពាក្យខុស​ ពោល​គឺ​ច្រើន​តែ​និយាយ​ ឬ​ សរសេរ​ ថា​ ស្រឡាង​ ដែល​មាន​ន័យ​ផ្សេង​នោះ​ មក​ជំនួស​ពាក្យ​ សន្លាង​ ដែល​ជា​ពាក្យ​ត្រឹមត្រូវ ​។ ឧទាហរណ៍​៖​ អគារ​សិក្សា​ថ្មី​ស្រឡាង​ មួយ​ខ្នង​នេះ​ជា​ជំនួយ​ប្រទេសជប៉ុន​ ។

Leave feedback about this

  • Quality
  • Price
  • Service

PROS

+
Add Field

CONS

+
Add Field