October 10, 2026
Phnom Penh, Cambodia.
Khmer

ពិធីបុណ្យវិសាខបូជា

ពិធីបុណ្យវិសាខបូជា

ពិធី​បុណ្យ​វិសាខបូជា​គឺ​ជា​បុណ្យ​មួយ​យ៉ាង​ធំ​ក្នុង​ព្រះពុទ្ធសាសនា​រាប់​ថា​ជា​ពុទ្ធានុស្សរណកិច្ច​ដ៏​សំខាន់​សម្រាប់​រំឭក​ដល់​ព្រះពុទ្ធ​សមណគោត្ដម​ បរមគ្រូ​ នា​ថ្ងៃពេញបូណ៌មី​(គឹ​ថ្ងៃ១៥កើត)​ខែ​ពិសាខ​ ដែល​ពុទ្ធសាសនិក​ទាំង​ព្រះសង្ឃ​ ទាំងគ្រហស្ថ​ តែង​ធ្វើ​សក្ការ​បូជា​ប្រកប​ដោយ​ជំនឿ​ថា​ជា​មហា​កុសល​ដ៏ប្រសើរ​ ។​ការ​ដែល​ប្រារឰ​ពិធី​បូជា​នាថ្ងៃ១៥ កើត ខែពិសាខ​ នេះ​ អាស្រ័យ​ដោយ​លោក​អ្នក​ប្រាជ្ញ​ខាង​ពុទ្ធសាសនា​ បាន​កំណត់​ទុក​ក្នុង​គម្ពីរបឋម​សម្ពោធិ​ថា​ជា​មហាមង្គល​ អភិលក្ខិតកាល​គឺ​ជា​ថ្ងៃ​មហាមង្គល​ ត្រូវនឹង​ថ្ងៃដែល​ព្រះសម្ពុទ្ធបរមគ្រូ​៖

១–ទ្រង់​ប្រសូត​ចាក​ឧទរមាតា​

២–ទ្រង់​ត្រាស់ដឹង​អនុត្ដរសម្មាសម្ពោធិញ្ញាណ 

៣–ទ្រង់​រំលត់​ខន្ធ​ចូលកាន់​ព្រះបរមនិព្វាន​

សម្ដេច​ព្រះបរមសាស្ដ្រាចារ្យ​របស់យើង​ ទ្រង់​ប្រសូត​ ត្រាស់ដឹង​ និងបរិនិព្វាន​ សុទ្ធ​តែ​ក្នុង​ថ្ងៃ​ពេញ​បូណ៌មី ​ខែពិសាខ​ ទាំងអស់​ប្លែក​តែ​ឆ្នាំ​ប៉ុណ្ណោះ​ ។​​ ព្រោះ​ហេតុនោះ​ហើយ​បាន​ជា​អ្នក​ប្រាជ្ញ​ចងក្រង​ជា​គាថា​ទុក​ដូច្នេះថា​ ៖​អាសាឡ្ហបុណ្ណមោក្កន្ដោ វិ​ សាខេ ​ យេវ ​និក្ខមិ ​ វិសាខបុណ្ណមី ​សម្ពុទ្ធោ ​វិសាខេ ​ បរិនិឰុតោ ​សេចក្ដីថា ៖ ព្រះពុទ្ធ​យាង​ចុះទៅ​កាន់​គភ៌​នៃ​ព្រះវរមាតា​ ក្នុង​ថ្ងៃពេញបូណ៌មី​ ខែអាសាធ​ ទ្រង់​ប្រសូតក្នុង​ថ្ងៃពេញបូណ៌មី​ ខែពិសាខ​ បាន​ត្រាស់ដឹង​ជា​ព្រះពុទ្ធ​ក្នុង​ថ្ងៃពេញបូណ៌មី​ ខែពិសាខ​ និង​ទ្រង់​ចូលបរិនិព្វាន​ ក៏​ថ្ងៃពេញបូណ៌មី​ ខែពិសាខ ​(ផ្សេងតែឆ្នាំ)​ ។ ជាប្រពៃណី​ ពិធីវិសាខបូជា​ គេតែងនាំគ្នា​ធ្វើ​ក្នុង​វេលារាត្រី​ ព្រោះ​តម្រូវ​ទៅ​តាម​ពាក្យ​ថា​ “បុណ្ណមី“​ មាន​សេចក្ដីថា​ ខែពេញបូណ៌មី​ ។​ ម្យ៉ាងទៀត​ការប្រារឰពិធី​ក្នុងពេល​រាត្រី​ អាស្រ័យ​ដោយ​លក្ខណៈ​ងាយស្រួល​២យ៉ាង​ គឺម្យ៉ាង​ដើម្បី​នឹង​បាន​ឱកាស​អុជគ្រឿងប្រទីប ​ជ្វាលា​ បូជា​ភ្លើង​អគ្គិសនី​ឱ្យ​ភ្លឺ​រុងរឿង​រន្ទាល​ ច្រាលឆ្អៅផង​ និង​ម្យ៉ាងទៀត​ដើម្បីបើក​ឱកាស​ឱ្យ​ពុទ្ធបរិស័ទ​បាន​ជួបជុំ​គ្នា​ដ៏ច្រើន​កុះករ​ទាំងប្រុស​ទាំងស្រី​ អាច​បំពេញ​កុសលកម្ម​នេះ​ ដោយ​សប្បាយ​រីករាយ​ ព្រោះ​ពេលយប់​ជា​វេលាទំនេរផង​ ។​
បុណ្យ​វិសាខបូជា​ត្រូវ​បាន​ចាត់ទុកថា​ ជា​បុណ្យដ៏ធំ​ ដោយ​មាន​មហាជន​ ចាស់​ ក្មេង​ ប្រុស​ ស្រី ​នៅ​ជុំគ្នា​អ៊ូអូរ​ ដោយ​នាំ​ទៅ​ជា​មួយ​នូវ​គ្រឿងសក្ការបូជា​ មានទៀន​ ធូប​ ផ្កាភ្ញី​ និង​ប្រទីបជ្វាលា​តូច–ធំ​ អុជបំភ្លឺ​ព្រោងព្រាត​នៅ​គ្រប់វត្ដអារាម​ ។ និយាយរួ​មការ​ធ្វើបុណ្យវិសាខបូជា​គឺ​ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ជា​មហាមង្គល​អភិលក្ខិតកាល​ទាំង៣​ ដូចពោលខាងលើ​ ។ រីឯ​ពិធីដែល​ធ្វើ​កំណត់​ថា​ ត្រឹមត្រូវគឺត្រូវមាន​ការសម្ដែង​រឿងពុទ្ធប្បវត្ដិ​តាំងអំពី​ដើមរហូត​ដល់ចប់​ដើម្បី​ជា​គ្រឿង​បណ្ដុះ​បសាទ​សទ្ធា​ឱ្យ​កើតមាន ​ក្នុង​គុណ ព្រះពុទ្ធ​ ព្រះធម៌​ ព្រះសង្ឃ​ ឱ្យខ្លាំងក្លា​ឡើង​ ។ ​ពិធី​ដែលប្រជាជនខ្មែរ​យើង​ធ្លាប់​ធ្វើរួចហើយ​ចាត់ទុក​ជា​បែប​ដែល​ល្អ ​និងសមស្រប​ទៅនឹង​ប្រពៃណី​ពីបុរាណ​ ។​


ប្រភព​កំណើត​នៃវិសាខបូជា​៖
–
​តើ​ប្រទេស​ណា​ជា​អ្នកចាប់ផ្ដើម​ធ្វើ​បុណ្យវិសាខបូជា​នេះមុនគេ​ ?
–
តើ​ប្រទេសកម្ពុជា​យើងចាប់​ផ្ដើម​ធ្វើ​បុណ្យវិសាខបូជា​ពី​ត្រឹមពេលណាមក​ ?


នៅ​ពេល​ដែល​ពុទ្ធបរិស័ទ​ក្នុងប្រទេស​គោរព​ប្រតិបត្ដិ​ពុទ្ធសាសនា​ទាំងឡាយ​បាន​ជ្រួតជ្រាប​អំពី​អភិលក្ខិត​កាល​និយម​ គឺ​ថ្ងៃប្រសូត​ ត្រាស់ដឹង​ និង​បរិនិព្វាន​របស់​ព្រះសម្មាសម្ពុទ្ធ​ថាសុទ្ធ​តែ​នៅ​ថ្ងៃពេញបូណ៌មី​ ខែវិសាខ​ហើយ​នោះ ​ក៏​នាំគ្នា​ធ្វើ​ពិធីវិសាខបូជា​ជារៀង​រហូតតាំង​ពី​បុរាណ​កាល​មក ។​ តាម​ការស្រាវជ្រាវ​ឃើញថា​ការ​ធ្វើពិធីវិសាខបូជា​នេះ ​ពុំមែន​ធ្វើ​ក្រោយ​ព្រះពុទ្ធបរិនិព្វាន​ទៅថ្មីៗ​នោះទេ​ គឺ​ធ្វើក្រោយ​ពេល​ដែលព្រះពុទ្ធបរមគ្រូ​ទ្រង់បរិនិព្វាន​កន្លង​ទៅ​ជាច្រើន​រយឆ្នាំ​។​
បញ្ជាក់ ៖​ បុណ្យវិសាខបូជា​ត្រូវ​បានអង្គការសហប្រជាជាតិ​ទទួលស្គាល់​ចំពោះ​បណ្ដា​ប្រទេស ​កាន់​ព្រះ​ពុទ្ធសាសនា​លើ​សាកលលោក​ ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា​ផងដែរ​ តាំងពី​ឆ្នាំ​២០០០​មក​ម្ល៉េះ ។​ ចំណែក​ប្រទេស​កម្ពុជា​ ដែល​មាន​ព្រះពុទ្ធសាសនា​បាន​មក​ប្រតិស្ឋាន​តាំង​ពី​ដំបូង ​ហើយ​ស្ថិត​នៅ​ជា​ប្រទេស​មាន​ឥស្សរភាព​ជាយូរ​ណាស់​មកហើយ​តែ​បើ​តាម​ការស្រាវជ្រាវ​ពិនិត្យ​មើល​ក្នុង​ព្រះរាជពង្សាវតារ​ ឬ​ក្នុងសេចក្ដីកំណត់​ហេតុ​ផ្សេងៗ​តាំងពី​សម័យ​នគរភ្នំ​“ហ្វូណន” ​រហូត​មក​ដល់​សម័យ​ក្រុង​លង្វែក​ មិន​ប្រាកដថា​ មាន​ទំនៀម​ធ្វើវិសាខបូជា​ឡើយ​ ។​ប៉ុន្ដែ​បើយោង​ទៅ​លើ​សេចក្ដីថា​ព្រះ​ពុទ្ធសាសនា​លទ្ធិ​លង្កា​ បាន​ផ្សាយ​ចូល​មក​កម្ពុជ​រដ្ឋក្នុង​សម័យ​ជា​មួយ​គ្នា​នឹង​ក្រុងសុខោទ័យ​ គួរ​សន្និដ្ឋាន​បាន​ថា​មាន​ទំនៀម​ធ្វើវិសាខបូជា​រួច​មក​ហើយ​ដូច​ជា​ប្រទេសថៃ​ដែរ​ តែ​កម្ពុជា​យើង​ពុំឃើញ​មាន​ឯកសារ​ជា​ភស្ដុតាង​ ឬក៏មាន​ដែរ​ តែ​ត្រូវ​រលាយ​សាប​សូន្យ​អស់ទៅ​ ។ លុះ​ចំណេរ​យូរលង់​មក​ គឺ​ក្នុងសម័យ​ក្រុង​ អយុធ្យា​ខាងថៃ ​និង​ក្នុង​សម័យ​ក្រុងលង្វែក​ ខាងខ្មែរ ​ទំនៀមទំលាប់​ធ្វើវិសាខបូជា​ត្រឡប់​ជា​សាបសូន្យ​ទៅវិញ ​ដូចជា​ ភ្លេចសូន្យ​ឈឹង​ទាំងស្រុង​ ព្រោះមិន​មាន​ប្រាកដ​ ក្នុង​ឯកសារណា​មួយថា​ បានធ្វើឡើយ​ ។​ទាំង​នេះ​ព្រោះ​ហេតុអ្វី?​

តាម​ការសន្និដ្ឋាន​ឃើញថា៖
១–​ព្រោះ​ព្រះសង្ឃ​អំពី​លង្កានោះ​ផុត​រលត់​អស់ទៅ​
២– ព្រោះ​រឿងបឋមសម្ពោធិកថា​ ស្ដ្ដីពី​ រឿង​ពុទ្ធប្រវត្ដិ​ក្នុង​ពេលនោះ​មាន​តែភាសាបាលី​ ហើយ​នៅ​រាត់រាយ​ក្នុង​គម្ពីរ​ព្រះត្រៃបិដក​ ខ្លះ​ក្នុង​អដ្ឋកថា​ ខ្លះ​ពុំទាន់​ចងក្រង​រួបរួម​ និង​ពុំទាន់​បាន​ប្រែ​រៀបរៀង​ជាភាសា​សំរាប់​ជាតិ​នៅ​ឡើយ​ ។​ រីឯ​អ្នកស្រុក​ក៏ពុំ​ទាន់​ជ្រួតជ្រាប​ជា​ទូទៅ​គ្រប់គ្នា​មាន​តែព្រះ​សង្ឃ​ ដែល​ចេះ​ភាសាបាលី​ ទើប​អាច​ដឹង​បាន​ខ្លះ​ព្រោះ​ហេតុនេះ​ហើយ​ ទើប​ពិធីបុណ្យ​វិសាខបូជា​ ត្រូវ​បាន​សាបសូន្យ​ទៅវិញ​ ។​ ចំណេរ​ក្រោយ​មក​ប្រទេសថៃ​ក្នុងសម័យ​ ក្រុងទេព​“បាងកក​” តាមសេចក្ដី​ដែលមាន​ក្នុងសៀវភៅ​ព្រះរាជ​ពិធី​ស៊ិបសង​ដឿនថា​ក្នុង​រជ្ជកាលទី២​ ក្នុង​ឆ្នាំឆ្លូវ​ នព្វស័ក​ពុទ្ធសករាជ​២៣៦០​គ្រិស្ដសករាជ​១៨១៧​ ទើបកើត​មាន​ពិធីវិសាខបូជា​ដោយ​ពេលនោះ​ មាន​សម្ដេចព្រះសង្ឃរាជ១​ព្រះអង្គ​ព្រះនាម “មី“​នៅ​វត្ដរាជបូរណៈ​មក​ថ្វាយ​ព្រះពរ​សុំ​ឱ្យទ្រង់​ធ្វើ​វិសាខបូជា​ជាដំបូង​ ។ រីឯ​របៀប​ធ្វើ​ពិធី​ក៏ប្រហាក់ប្រហែល​គ្នា​នឹងរបៀបធ្វើនៅ​ក្នុងក្រុង ​សុខោទ័យ​ប៉ុន្ដែ​មិនសូវ​ជា​អធិកអធម​ដូច​គ្រានោះទេ។​
ចំណែក​នៅប្រទេស​កម្ពុជា​វិញ​ ក្នុង​សម័យ​ជាមួយគ្នា​នេះ​ប្រហែល​ជា​មិនទាន់​មានទំនៀម​ធ្វើ​នៅ​ឡើយ​ដោយ​ហេតុថា​ ការធ្វើ​វិសាខ បូជា​នៅប្រទេសថៃ​ក្នុង​ជំនាន់នោះ​នៅ​មិនទាន់​មាំមួន​នៅឡើយ​ ទាំង​គម្ពីរបឋមសម្ពោធិ ​ដែល​សំរាប់​ប្រើប្រាស់​ក្នុង​ការនេះ​ ក៏​មិនទាន់​មាននៅឡើយ​ដែរ​ហើយ​ទំនង​ជា​មិនទាន់​បាន​ជ្រួតជ្រាប​ដល់ប្រជាជនខ្មែរ​ផង។​​រីឯ​គម្ពីរ​បឋមសម្ពោធិ​ជា​រឿង​ពុទ្ធប្រវត្ដិ​ដំណាល​​រឿង​ចាប់ផ្ដើម​តាំង​ពីព្រះអង្គ​ចុះចាក​តុសិត​ទេវលោក​មក​យក​កំណើត​ជា​ព្រះរាជបុត្រព្រះបាទសុទ្ធោទនៈ​ និង​ព្រះនាងមហា​មាយា​នៅនគរ កបិលពស្ដុ​ ក្នុង​មជ្ឈិម​ប្រទេស​រៀង​រាបដរាប​ដល់​ទ្រង់​បានត្រាស់​ជា​អង្គព្រះពុទ្ធ​ប្រោសសត្វ​ហើយ​ ស្ដេច​ទ្រង់រំលត់​ខន្ធ​ចូលកាន់​ព្រះ បរមនិព្វាន​ជាទី​បំផុត​។ គម្ពីរ​បឋមសម្ពោធិ​នេះ​អ្នក​ប្រាជ្ញ​តែងឡើង​សំរាប់​ប្រើប្រាស់​ទេសនា​នៅ​ក្នុង​បុណ្យវិសាខបូជា​ព្រោះ​ថា​ការ​ដែល​នាំ​យក​ប្រវត្ដិ​របស់​រឿងនេះ​មកសម្ដែង​ដើម្បី​ជា​ភស្ដុតាង​បញ្ជាក់​ឱ្យ​ដឹងថា​ វិសាខបូជា​កើតឡើង​ពិតប្រាកដ​នោះ​ពី​ត្រឹមពេល​ដែល​កើត គម្ពីរនេះ​ឡើង​។ គម្ពីរនេះ​កើតមាន​ប្រាកដ​ឡើង​នៅ​ប្រទេសថៃ​ក្នុង​រជ្ជកាល​ព្រះបាទសម្ដេច​ព្រះណាំងក្លៅ​“រជ្ជកាលទី៣“​ជាដំបូង​ហើយ​ក្នុង​ជំនាន់​នោះ​គម្ពីរនេះ​មា​ន២ប្រភេទគឺ​៖​


១–​បឋម​សម្ពោធិសង្ខេប​មាន​២០បរិច្ឆេទ​ មិនមាន​ឈ្មោះ​អ្នកនិពន្ធ​ពិតប្រាកដ​ទេ​ ប្រហែល​ជា​និពន្ធ​ឡើង​ក្នុង​រជ្ជកាល​ទី២ ។​


២–​បឋមសម្ពោធិវិត្ថារ​ ជា​ភាសាមគធៈ​មាន២១​ខ្សែ​ ឬ៣០​បរិច្ឆេទ​ទាំង​ជាភាសាបាលី​ និង​សម្រាយ​ ។​


ព្រះបាទ​សម្ដេចព្រះណាំងក្លៅ​ ទ្រង់​អារាធនា​សម្ដេច​ក្រុម​ព្រះបរមានុជិត​ជិនោរស​ សង្ឃរាជ​នៅ​វត្ដព្រះជេតព័ន​ ក្នុង​ក្រុងទេព​ឱ្យ​និពន្ធ ឡើង​ ។ សម្ដេចក្រុម​ព្រះអង្គ​នេះ​បាន​ រួបរួម​សេចក្ដីចេញ​ពី​គម្ពីរផ្សេងៗ​ និង​និពន្ធ​បន្ថែម​ឡើង​ខ្លះ​ក្នុង​ពុទ្ធសករាជ​ ២៣៨៧​ គ្រិស្ដសករាជ​ ១៨៤៥​ ។ ចំណែក​ប្រទេសខ្មែរ​យើង​ គម្ពីរបឋម សម្ពោធិ​ជា​ភាសាមគធៈ​ មាន​២១ខ្សែ​ ឬ​៣០បរិច្ឆេទ​ ។​ គម្ពីរ​ជាសំរាយ​មាន៣បែប​គឺ​ ទី១​ ហៅថា​ បឋមសម្ពោធិ​សង្ខេប​ ឬហៅថា​ “បឋមត្រាស់“ ​មាន​៥–៦ខ្សែ​ ឬ​មួយខ្សែចប់​ ពណ៌នា​សេចក្ដី​តាំងពី​ព្រះអង្គយាង​ចុះ​ចាក​តុសិត​ មក​ចាប់​បដិសន្ធិ​ជា​ឱរស​ព្រះបាទសុទ្ធោទនៈ​ និង​ព្រះនាងសិរិមហាមាយា​ រហូត​មក​ត្រឹម​ព្រះអង្គ​ចេញ​ទ្រង់​ព្រះផ្នួស​ បាន​ត្រាស់​ជា​ព្រះពុទ្ធ​ ។​ អត្ថបទនេះ​មិន​ដឹង​ជា​អ្នក​ណា​ជា​អ្នកនិពន្ធ​ទេ​ ហើយ​និពន្ធ​ពី​ក្នុង​ពុទ្ធសករាជ​ណាទេ​ ។ តែ​តាម​ការសង្កេត​មើល​ពាក្យពេចន៍​ ក្នុង​គម្ពីរ​នោះ​ ឃើញ​ថា​មិន​ជា​ចាស់​ណាស់​ណា​ទេ​ យ៉ាង​យូរ​ណាស់​ត្រឹម​សម័យ​ក្រុងឧដុង្គ​ ខាងដើម​ ។ គម្ពីរ​នេះ​គេ​ច្រើន​ប្រើ​សំរាប់​ទេសនាក្នុង​ពិធីបុណ្យ​អភិសេក​ព្រះពុទ្ធរូប​ ផង​ដែរ​ ។ គម្ពីរ​ទី២​ ហៅថា​ បឋមសម្ពោធិវិត្ថារ​ មាន​៣០ បរិច្ឆេទ​ ។ គម្ពីរ​នេះ​សម្ដេច​ព្រះមហាសុមេធាធិបតី​ ព្រះសង្ឃរាជ​ ជួន ណាត​ (កាល​នៅ​ជាសង្ឃ​នាយក)​ បាន​មាន​ថេរដីកា​ថា​ មហា ណាក​ មហាភូ​ និង​អាចារ្យសន​ ។ល។​ នៅ​ខេត្ដបាត់ដំបង​ បាន​ប្រែ​ចេញ​ពី​ បឋមសម្ពោធិវិត្ថារ​របស់​សម្ដេច​ក្រុមព្រះបរមានុជិត​ ជិនោរស​ ក្នុង​សម័យ​ព្រះយ៉ាកថាថន​ “តទាធរ“​ ឈុម​ ធ្វើ​ជា​ចៅ​មឿង​បាត់ដំបង​ ហើយ​ដែល​បាន​ផ្សព្វផ្សាយ​ ។​


នៅ​ប្រទេស​កម្ពុជា​៖​
បុណ្យ​វិសាខបូជា​តាម​ដែល​ចាស់ទុំ​អ្នកមុខ​អ្នកការ​ទាំងឡាយ​តំណាល​តៗ​គ្នា​បាន​ឱ្យ​ដឹង​ថា​​គេ​បាន​ផ្ដើម​ធ្វើ​ក្នុង​រជ្ជកាល​ព្រះ​បាទ​សម្ដេច​ព្រះហរិរក្សរាមាឥស្សរាធិបតី​“ព្រះ​អង្គឌួង“​ដែល​គង់​នៅ​ក្នុង​ឧដុង្គ​ជា​ដំបូង​ព្រោះ​ថា​កាល​ក្នុង​ពុទ្ធសករាជ​២៣៩៧​គ្រិស្ដសករាជ​១៨៥៤​សម្ដេច​ព្រះអង្គឌួង​ ទ្រង់​សព្វ​ព្រះរាជហឫទ័យ​ស្នើ​សុំ​ទូទៅ​ក្នុង​កម្ពុជរដ្ឋ​ ។​​ គម្ពីរទី៣​ ហៅថា​“បឋមសម្ពោធិកថា“គឺ​ បឋមសម្ពោធិវិត្ថារ​នោះ​ឯង​ដែល​ព្រះឥន្ទមុនី​“ប៉ែន“​គង់​នៅ​វត្ដបទុមវតី​ក្រុង​ភ្នំពេញ​ ប្រែ​និង​រៀបរៀង​ចេញ​ពី​ច្បាប់​របស់​សម្ដេច​ព្រះ​មហា​សង្ឃរាជ​“សា“​ក្នុង​រជ្ជកាល​ព្រះបាទ​សម្ដេចព្រះស៊ីសុវត្ថិ​មាន​៣០​បរិច្ឆេទ​ ដូច​ច្បាប់​ដើម​ ។​ គម្ពីរនេះ​មាន​ជា​បែបបទ​សំរាប់ ​ទេសនា​ក្នុង​ថ្ងៃ​វិសាខបូជា​ ក្នុង​វត្ដ​គណៈធម្មយុត្ដិកនិកាយ​ទូទាំង​ប្រទេសខ្មែរ​ ។​ ការធ្វើ​វិសាខបូជា​ ក្នុង​សម័យ​រជ្ជកាល​ទី២​ នោះ​ប្រហែល​ជា​មាន​ធ្វើ​តែ​ក្នុង​ក្រុង​មិនទាន់​ បាន​ផ្សព្វផ្សាយ​ទៅ​គ្រប់​វត្ដ​អារាម​នៅឡើយ​ទេ​ហើយ​ក៏​មិន​ទាន់​មាន​ភាព​ឱឡារិក​អធិកអធម​ដែរ​ ។​ ពុទ្ធសាសនិក​ប្រទេសថៃ​ បាន​អះអាង​ថា​ ប្រពៃណី​ធ្វើវិសាខ​បូជា​ដែល​ត្រឹមត្រូវ​តាម​លក្ខណៈ​កើត​មាន​ឡើង​តាំង​ពី​ត្រឹម​រជ្ជកាលទី ៤​ ដោយ​ព្រះរាជា​អង្គនេះ​ជា​អ្នក​ប្រាជ្ញ​ក្នុង​ផ្លូវ​ព្រះពុទ្ធសាសនា​ ទ្រង់​ចេះ​គម្ពីរ​ព្រះត្រៃបិដក​ ជ្រៅជ្រះ​ ទ្រង់​បាន​ផ្ដើម​ធ្វើ​វិសាខបូជា​តាំង​ពី​កាល​ទ្រង់​ព្រះផ្នួស​នៅឡើយ​ ។ លុះ​ដល់​ទ្រង់​ ដាក់​ព្រះផ្នួស​មក​ទទួល​រាជសម្បត្ដិ​ក៏​ទ្រង់​នៅ​​តែ​បន្ដ​ធ្វើ​វិសាខបូជា​រៀង​ដរាប​មក​រហូត​ដល់​ ទ្រង់​បញ្ជា​ឱ្យ​រៀប​ចំ​គម្ពីរ​សំរាប់​ទេសនា​ក្នុង​ពិធីបុណ្យ​នេះ​ដូច​បាន​ពោល​ខាងលើ​ ។ ​ព្រះមហាប៉ាន​ គឺ​សម្ដេច​ព្រះសុគន្ធាធិបតី​ជាគណៈធម្មយុត្ដិកនិកាយ​នៅ​ក្រុងទេព​“បាងកក“​អំពី​ព្រះបាទសម្ដេច​ព្រះ​ចមក្លៅ​“រជ្ជកាលទី៤“​។​​ បន្ទាប់​មក​ ក្រោយ​នោះ​មួយ​ឆ្នាំ​គឺ​ក្នុងពុទ្ធសករាជ​២៣៩៨​ ព្រះ​មហាប៉ាន​ ទើប​និមន្ដ​មក​ អំពី​ក្រុងទេព​ ព្រះបាទ​សម្ដេចព្រះហរិរក្ស​ ទ្រង់​មាន​ព្រះរាជហឫទ័យ​សោមនស្ស​ណាស់ ​ហើយ​បាន​និមន្ដ​ឱ្យ​គង់​នៅ​ជា​ចៅអធិការវត្ដ​ សាលាគូ​ ហៅ​វត្ដអម្ពិលបី​ នៅ​ក្រុងឧដុង្គ​​តរៀង​មក​ ។​ដោយ​ហេតុ​ថា​ ព្រះមហាថេរ​ អង្គ​នេះ​កាល​ដែល​លោក​គង់​នៅ​ទី​ក្រុងទេព​ធ្លាប់​ធ្វើ​វិសាខបូជា​រួច​មក​ហើយ​ កាល​ បាន​គង់​នៅ​ប្រទេសខ្មែរ​ព្រម​ទាំង​បាន​ធ្វើ​ជា​ធំ​ក្នុង​គណៈធម្មយុត្ដិកនិកាយ​ផង​ លោក​ក៏​ផ្ដើម​ឡើង​តាម​ដែល​ធ្លាប់​បាន​ធ្វើ​កន្លង​មក ។ ​ប៉ុន្ដែ​យើង​ពុំ​បាន​ដឹង​ច្បាស់​ថ នៅ​ពេល​ដំបូងនោះ​ តើ​លោក​ចាប់​ផ្ដើមធ្វើ​ក្នុង​ឆ្នាំ​ណា ​សករាជ​ ប៉ុន្មាន​នោះ​ទេ​ ព្រោះ​គ្មាន​ឯកសារ​ជាក់​ស្ដែង​គ្រាន់​តែ​មាន​សេចក្ដី​អះអាង​ពី​អ្នកមុខ​អ្នកការ​ទាំង​ឡាយ​ថា​ប្រាកដ​ជា​មាន​ធ្វើ​វិសាខបូជា​តាំង​ពីក្នុង​ពេល​ដែល​លោក​គង់​នៅ​ក្រុងឧដុង្គ​មក​ម្ល៉េះ​ ។​លុះ​ដល់​ពេល​លោក​មក​គង់​នៅ​វត្ដបទុមវតី​ ក្រុងភ្នំពេញ​ ក្នុង​ពុទ្ធសករាជ​២៤០៨​ក៏​បាន​ប្រារឰ​វិសាខបូជា​រហូត​ដល់​អស់​ព្រះជន្ម​ ។ ពិធី​វិសាខបូជា​ត្រូវ​បាន​ផ្សព្វផ្សាយ​ទូទៅ​នៅ​គ្រប់​វត្ដគណៈ ធម្មយុត្ដិកនិកាយ​ជាប់​ជា​ទំនៀម​រហូត​មក​ ។ ចំណែក​វត្ដ​ខាង​មហានិកាយ​ ទើប​មាន​ធ្វើ​ក្នុងសម័យ​ក្រុង​ភ្នំពេញ​ក្នុង​រជ្ជកាលព្រះ ស៊ីសុវត្ថិ​ ។​តាម​ដែល​សម្ដេច​ព្រះមហាសុមេធាធិបតី​ព្រះសង្ឃរាជ​ជួន ណាត​“កាល​នៅជា​ព្រះសង្ឃនាយក​” ដំណាល​ថា ​ក្នុង​ឆ្នាំ​មួយ​នោះ​លោក​គ្រូព្រះវនរ័ត​ចន្ទ​ គង់​នៅ​វត្ដឧណ្ណាលោម​ បាន​និមន្ដ​ទៅ​ក្រុងទេព​ឃើញ​ព្រះសង្ឃ​នៅ​ក្រុងនោះ​ ទាំង​គណៈធម្មយុត្ដិក និកាយ​ ទាំងគណៈមហានិកាយ​ ធ្វើ​វិសាខបូជា​ ក៏​កើត​ជ្រះថ្លា​នៅ​ពេល​និមន្ដ​ត្រឡប់​មក​វិញ​ បាន​ក្រាប​បង្គំ​ទូល​សម្ដេច​ព្រះ មហាសង្ឃរាជ​“ព្រះនាមទៀង“​សុំ​ឱ្យ​ធ្វើ​វិសាខបូជា​ សម្ដេច ​ព្រះមហាសង្ឃរាជ​ទៀង​ ក៏​ទ្រង់​បាន​ព្រះរាជានុញាត​តាម​សំណូមពរ​ទើប​វិសាខបូជា​ត្រូវ​បាន​ធ្វើ​ជា​បន្ដបន្ទាប់​រៀង​ដរាបមក​ ។ ប៉ុន្ដែ​ពេល​នោះ​ក៏​ពុំទាន់​បាន​ធ្វើ​គ្រប់​វត្ដ​នៅ​ឡើយ​ គឺ​មាន​ធ្វើ​ចំពោះ​តែ​វត្ដ​នៅ​ក្នុង​ក្រុង​ប៉ុណ្ណោះ​ ។​រីឯ​វត្ដ​នៅ​តាម​ខេត្ដ​ក្រៅ​ មាន​ធ្វើ​តែ​នៅ​វត្ដ​ធំៗ​ វត្ដ​តូចៗ​ ច្រើន​ពុំ​បាន​ធ្វើ​នៅឡើយ​ទេ​ ។ ចំណែក​ព្រះ​មហាក្សត្រ​ដែនដី​តាំង​ពី​រជ្ជកាល​ព្រះបាទ​សម្ដេចព្រះហរិរក្ស​“ព្រះអង្គ ឌួង“​មក​សុទ្ធ​តែ​ទ្រង់​ជ្រះថ្លា​បាន​ទទួល​ធ្វើ​គ្រប់ៗ​ព្រះអង្​គ ។​ តាម​ឯកសារ​បាន​លើក​សរសើរ​ព្រះគុណ​សម្បត្តិ​ ព្រះបាទ​សម្ដេច​ព្រះហរិរក្ស ​ដែល​ជា​អ្នក​ផ្ដួចផ្ដើម​ធ្វើ​វិសាខបូជា​ឡើង​ជា​ដំបូង​ ព្រោះ​រាជា​អង្គ​នេះ​ទ្រង់​ធ្លាប់​ទៅ​គង់​នៅ​ក្រុងទេព​“បាងកក“​និង​ទ្រង់​ធ្លាប់​សាង​ព្រះផ្នួស​នៅ​ទីនោះ​។​ ទ្រង់​បាន​សិក្សា​ព្រះបរិយត្ដិធម៌​ ជ្រួតជ្រាប​គម្ពីរ​ព្រះត្រៃ បិដក​ជ្រៅ​ជ្រះ​ ។​នៅ​ពេល​ដែល​ទ្រង់​បាន​ឡើង​សោយ​រាជសម្បត្តិ​ ក៏​ទ្រង់​ផ្ដើម​ធ្វើ​ពិធីបុណ្យ​នេះ​តាម​ដែល​ទ្រង់​ធ្លាប់​បាន​ជ្រួតជ្រាប​ និង​ធ្លាប់​បាន​ទត​ឃើញ​ របៀបបែប​ផែន​ដែល​គេ​ធ្វើ​នៅ​ក្រុងទេព​ ទើប​ជាប់​ជា​ប្រពៃណី​រហូត​មក​ដល់​សព្វថ្ងៃ​ ៕

(ដកស្រង់ចេញពីសៀវភៅគណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិ)

Leave feedback about this

  • Quality
  • Price
  • Service

PROS

+
Add Field

CONS

+
Add Field