Let's Talk Reading Blog Khmer ស្វែងយល់ពីពាក្យខ្មែរ ៖ «ខ្មែរនីយកម្ម ​​​» «ខេមរនីយកម្ម ​​​» និង «ខេមរយានកម្ម​​​»
Khmer

ស្វែងយល់ពីពាក្យខ្មែរ ៖ «ខ្មែរនីយកម្ម ​​​» «ខេមរនីយកម្ម ​​​» និង «ខេមរយានកម្ម​​​»

ថ្ងៃនេះ​ខ្ញុំ​លើក​យក​ពាក្យ​ចំនួន​ ៣⁣ ​មក​បង្ហាញ​អ្នក​ទាំង​អស់​គ្នា ​ដែល​ក្នុង​នេះ​រួមមាន​ពាក្យ​ដូចជា ៖ ខ្មែរនីយកម្ម  ខេមរនីយកម្ម⁣ ​និង​ ខេមរយានកម្ម ​។ ​ពាក្យ​ថា​«នីយកម្ម»​​ គឺ​ជា​ពាក្យ​បាលី​ដែល​មាន​ ន័យ​ ថា​ធ្វើ​ឲ្យ​ទៅ​ជា​។​ តាមរយៈ​នេះ​យើង​អាច​ផ្សំ​ពាក្យ​ខ្មែរ ​ឬ ​បាលី​មួយ​ចំនួន​ជា​មួយ​នឹង​ពាក្យ​ផ្សេង​ទៀត​ដើម្បី​បង្កើតបាន​ ជា​ពាក្យ​ថ្មីមួយ​មានអត្ថន័យ​គ្រប់គ្រាន់​សម​ស្រប​អាច​ទទួល​យក​បាន​ក្នុង​ភាសា​ជាតិ​របស់​យើង។​ ខាង​ក្រោម​នេះ​គឺ​ជា​សេចក្ដី​ពន្យល់​អំពី​ន័យ​នៃ​ពាក្យទាំង ៣ ៖

ខ្មែរនីយកម្ម មាន​ន័យ​ថា​ធ្វើ​ឲ្យ​ទៅ​ជា​ខ្មែរ​។​ ពាក្យ​នេះ​កើត​ចេញ​ពី​ការ​ផ្សំ​រវាង​ ​ពាក្យ​ជា​ភាសា​ខ្មែរ ​«ខ្មែរ» បូក​នឹង​ពាក្យ​ជា​ភាសា​បាលី​ «នីយកម្ម​ »។​ ពាក្យ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​បណ្ឌិត​អក្សរសាស្ដ្រ​ខ្មែរ​ ជំនាន់ថ្មី​។​

ខេមរនីយកម្ម​ ក៏​មាន​ន័យ​ថា​ធ្វើ​ឲ្យ​ទៅ​ជា​ខ្មែរ​ដែរ​ ។​ ពាក្យ​នេះ​កើត​ចេញ​ពី​ការ​ផ្សំ​ រវាង​ពាក្យ​ជា​ភាសា​បាលី ​«ខេមរៈ​» បូក​នឹង​ ពាក្យ​ជា​ភាសា​បាលី​ «នីយកម្ម» ។ ​ពាក្យ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​ សាស្ដ្រចារ្យបណ្ឌិត​ កេង វ៉ាន់សាក់​ នា​សម័យ​មុន​។

ខេមរយានកម្ម​ មាន​ន័យ​ថា​ការ​ប្រើប្រាស់​ភាសា​ខ្មែរ​ជា​យាន​។​ នា​សម័យ​ដើម​ អត្ថបទ​ផ្សេងៗ​ក្នុង​វិស័យអប់រំ​ភាគ​ច្រើន​សុទ្ធ​តែ​ជា​ភាសា​បរទេស​ ពិសេស​ភាសា​បារាំង​ភាគ​ច្រើន​ អាស្រ័យ​ហេតុ​នេះ​ការ​ធ្វើ​ខេមរយានកម្ម​គឺ​មានន័យ​ថា​យើង​បក​ប្រែ​ពាក្យ​ពី​ភាសា​បរទេស​មាន​បារាំង​ជា​ដើម​មក​ជា​ភាសាខ្មែរ​ ហើយ​ទុក​ជា​យាន​សម្រាប់​អ្នក​សិក្សា​ស្រាវជ្រាវ​ជំនាន់​ក្រោយ​ដើម្បី​រៀន​សូត្រ​ ត​ទៅ​ មុខ​ទៀត​។​ ពាក្យនេះ​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោកសាស្ដ្រចារ្យ​បណ្ឌិត​ កេង វ៉ាន់សាក់​ នា​សម័យ​ មុន​។​

សរុបសេចក្ដី​មក​ ពាក្យ​ថា «ខ្មែរនីយកម្ម»និង «ខេមរនីយកម្ម» មាន​អត្ថន័យ​ដូចគ្នា​ ប៉ុន្ដែ​យើង​អាច​ប្រើប្រាស់​បាន​ នៅ​ក្នុង​បរិបទ​ខុសគ្នា​។​ ពាក្យ​ទាំង​ពីរ​ខាង​លើ ​ខ្ញុំ​យល់​ឃើញ​ថា​មាន​ភាព​ត្រឹមត្រូវ​ដូចគ្នា​ អាច​ទទួល​យក​បាន​ទាំងពីរ​ពាក្យ​ក្នុង​ការប្រើប្រាស់​ក្នុង​ភាសាជាតិ​យើង​។ បណ្ឌិត​សម័យ​ដើម​លោក​ផ្ដោត​លើ​ការ​បូក​ភាសាបាលី​និង​បាលី​ ដោយមិន​ចង់​ប្រើ​ភាសាខ្មែរ​ទៅ​បូក​ជា​មួយ​បាលី​ដែល​មិន​ត្រូវក្បួន​ ប៉ុន្ដែ​បណ្ឌិត​សម័យថ្មី​លោក​គិត​ទៅ​លើ​បរិបទ​ នៃ​ការ​ប្រើប្រាស់​ពាក្យ​ ដូច្នេះ​ត្រូវ​ម្យ៉ាង​ដែរ​។ ​ទាំងពីរ​ពាក្យនេះ​សុទ្ធ​តែ​មាន​ន័យ​គ្រប់គ្រាន់​អាច​ទទួល​យក​បាន​ ហើយ​សមស្រប​នឹង​ភាសាជាតិ​យើង។ រីឯពាក្យ ​«ខេមរយានកម្ម» មាន​ន័យ​ជា​ការ​ប្រើប្រាស់ភាសា​ខ្មែរ​ជា​យាន​ក្នុង​ការ​សិក្សា​ ព្រោះ​ពី​មុន​អត្ថបទ​ភាគច្រើន​ជា​ភាសា​បារាំង ដូចជា​៖​ គណិតវិទ្យា ​រូបវិទ្យា​ ជា​ដើម​ដែល​ទាមទារ ​ឲ្យ​យើង​ប្រែ​សម្រួល​ មក​ជា​ភាសាខ្មែរ​ដើម្បី​ងាយ​ស្រួល​ដល់​អ្នក​សិក្សា​ទូទៅ។

ដោយ៖ បូណា

Exit mobile version