October 30, 2026
Phnom Penh, Cambodia.
Khmer

មហា​សង្ក្រាន្ដ​ឆ្នាំថ្មី​ ឆ្នាំ​ជូត​ ទោ​ស័ក​ ពុទ្ធសករាជ​ ២៥៦៤​

មហា​សង្ក្រាន្ដ​ឆ្នាំថ្មី​ ឆ្នាំ​ជូត​ ទោ​ស័ក​ ពុទ្ធសករាជ​ ២៥៦៤​ និង​រណ្តាប់​ទទួល​ទេវតា​

ព្រះពុទ្ធសករាជ​ ព្រះសាសនា​ អតិក្កន្ដា​កន្លង​ទៅ​ហើយ​បាន​២៥៦៣​ឆ្នាំ​ ត្រឹម​ថ្ងៃ​ទី​១៥​កើត​ ខែ​ពិសាខ​ លុះ​ដល់​ថ្ងៃ​១រោច​ ខែ​ពិសាខ​ ឆ្នាំ​ជូត​ទោស័ក​ តទៅ​ចូល​ពុទ្ធសករាជ​២៥៦៤​។​

សង្ក្រាន្ដ​ចូល​មក​នៅ​ថ្ងៃ​ចន្ទ​៦រោច​ ខែចេត្រ​ ត្រូវ​នឹង​ថ្ងៃទី​១៣​ ខែ​មេសា​ គ.ស​២០២០​ វេលា​ម៉ោង​២០​និង​៤៨​នាទី​។​

ពេល​នោះ​ព្រះអាទិត្រ​ចេញ​ពី​មីនរាសី ​ទៅ​ឋិត​នៅ​ឯ​មេសរាសី​ តាម​ផ្លូវ​គោវិថី​ គឺ​ផ្លូវ​កណ្ដាល​ មាន​ទេវធីតា​មួយ​ព្រះអង្គ​ ជា​មគ្គនាយិកា​ព្រះនាម​ «គោរាគទេវី»​ ជា​បុត្រី​ទី២​នៃ​កបិលមហាព្រហ្ម​ គង់​នៅ​ចតុម្មហារជិកា​ ទ្រង់​អម្ពរពណ៌​ «លឿង»​ លម្អ​ព្រះកាណ៍​ដោយផ្កា​ «អង្គារបុស្ស»​ អភរណ​ «កែវមុក្តា»​ ភក្សាហារ​ទ្រង់​ «តេលំ»​ ព្រះហស្ដ​ស្ដាំទ្រង់​ «ព្រះខន្ធ»​ ព្រហស្ដ​ឆ្វេង​ទ្រង់​ «ឈើច្រត់»​ ទ្រង់​គង់​អង្គុយ​បើក​ព្រះនេត្រ​រំពៃ​លើ​ខ្នង​ «ព្យាគ្ឃៈ»​ (ស្ដេចខ្លា)​ ជាពាហនៈ​។

ទើប​នាំ​ទេវបុត្រ​ទេវធីតា​ទាំង​មួយ​សែន​កោដិ​ ហោះ​ទៅ​កាន់​គុហា​កែវ​ធម្មមាលី​ នា​ទី​ភ្នំកៃលាស​ខេត្ត​ហិមពាន្ដ​ ជា​ទី​តម្កល់​ទុក​នូវ​ព្រះសិរសា​ «កបិលមហាព្រហ្ម»​ ដែល​តម្កល់​លើ​ពាន​មាស​ នាំ​ដង្ហែ​ប្រទក្សិណ​ភ្នំ​ព្រះសុមេរុរាជ​ តាម​ផ្លូវ​ព្រះអាទិត្រ​ចរ​ចំនួន​៦០នាទី​ និង​ ២៤ម៉ោង​ ទើប​នាំ​យក​ទៅ​តម្កល់​ទុក​កន្លែង​ដើម​វិញ​ ហើយ​ប្រជុំ​ទេវបុត្រ​ ទេវធីតា​ទាំង​មួយ​សែន​កោដិ​ចូល​ទៅ​ស្រង់​ទឹក​ «អនោតត្តមហាស្រះ»​ ដែល​មាន​ទឹកហូរ​ចេញ​ពី​បំពង់​ថ្ម​កែវ​ ដែល​ជា​មាត់គោ​ «ឧសភរាជ»​ ទាំង​៧​ត្រជាក់​ក្សេម​ក្សាន្ដ​ ព្រះរាជហឫទ័យ​ ហើយ​នាំ​គ្នា​ចូល​ទៅ​សមាទាន​រក្សាសីល​ ដោយ​សោមនស្ស​រីករាយ​គ្រប់ៗ​ ព្រះអង្គ​ ក្នុង​ភគវតី​សភា​សាលា​ ដែល​ព្រះវិស្សកម្ម​ទេវបុត្រ​ និមិត្ត​ថ្វាយ​ ដើម្បី​បន្ទោបង់​អពមង្គល​ឲ្យ​ជ្រះស្រឡះ​ហើយ​ ចម្រើន​នូវ​សិរីសួស្ដី​ ជ័យ​មង្គល​ជន្មានយុ​យឺនយូរ​ដល់​ទេវតា​ និង​មនុស្សសត្វ​ទាំងឡាយ​ តាំង​ពី​ឆ្នាំថ្មី​ចូល​មក​នេះ​ បាន​ទូលំទូលាយ​សុខ​ក្សេមក្សាន្ដ​ ត​រៀង​ទៅ​។

  • ថ្ងៃចន្ទ​ ៦រោច​ខែចេត្រ​ ត្រូវ​នឹង​ថ្ងៃទី១៣​ ខែមេសា​ គ.ស ២០២០​ វេលាម៉ោង​២០និង​៤៨នាទី​ ជា​ថ្ងៃ​ចូលឆ្នាំជូត​ ទោស័ក​ ជា​ «វារៈ​មហាសង្ក្រាន្ដ​»។​

  • ថ្ងៃអង្គារ៍​ ៧រោច​ខែចេត្រ​ ត្រូវ​នឹង​ថ្ងៃទី១៤​ ខែមេសា​ គ.ស២០២០​ ជា​«វារៈវន័បត»​។​

  • ថ្ងៃពុធ​៨រោច​ ខែចេត្រ​ ត្រូវ​នឹង​ថ្ងៃទី១៥​ ខែមេសា​ គ.ស២០២០​ ជា«​វារៈ​វន័បត»​។​

  • ថ្ងៃព្រហស្បតិ៍​ ៩រោច​ខែចេត្រ​ ត្រូវ​នឹង​ថ្ងៃទី១៦​ ខែមេសា​ គ.ស២០២០​ នៅ​វេលាម៉ោង​១និង​២៤នាទី​៣៦​វិនាទី​ ជា​«វារៈ​ឡើងស័ក​» គម្រប់​ជា​សង្ក្រាន្ដ​បី​ថ្ងៃ​ស្រេចបិរបូណ៍​ ចូល​ជា​សាកល​ ឆ្នាំជូត​ ទោស័ក​ ម.ស១៩៤២​ ចុ.ស.១៣៨២​ តទៅ​។​

នៅ​ក្នុង​ឱកាស​សង្ក្រាន្ដ​ទាំងបួន​ថ្ងៃ​ សូម​អស់​ប្រជាពលរដ្ឋ​ប្រុសស្រី​ផង​ទាំងឡាយ​ រៀប​ចំ​ពលិការ​ គ្រឿង​សក្ការ​បូជា​ អុជ​ប្រទីប​ជ្វាលា​ ថ្វាយ​ព្រះរតនត្រ័យ​ និង​ទទួលស្វាគមន៍​ ទេវបុត្រ​ ទេវធីតា​ឆ្នាំថ្មី​ ហើយ​ខំ​លះបង់​ចិត្តអាក្រក់​ អន្យតិរ្ថីយ៍​ជា​ចិត្ត​អប្រិយ៍​ ដោយ​គនុំ​គុំ​គួន​ព្យាបាទ​ ឈ្នានីស​ ដែល​កើត​មាន​ក្នុង​ឆ្នាំចាស់​ឲ្យ​ជ្រះ​ស្រឡះ​ តាំង​ចិត្ត​ប្រព្រឹត្តិ​ល្អ​ប្រកបដោយ​ មេត្តា​ ករុណា​ មុទិតា​ ឧបេក្ខា​ និង​បញ្ញា​ ធ្វើ​បុណ្យ​សុន្ទរ៍ទាន​តាម​ប្រពៃណី​ រក្សា​សីលប្រាំ​ ឲ្យ​បាន​ជាប់​ជានិច្ច​នោះ​ទេវតា​នឹង​ឲ្យពរ​ សព្ទសាធុការ​ លោកអ្នក​នឹង​មាន​សិរីសួរស្ដី​ សុភមង្គល​ វិបុលសុខ​គ្រប់ប្រការ​ តាំង​ពី​ឆ្នាំថ្មី​នេះ​តរៀងទៅ​។​

រណ្ដាប់​ទទួលទេវតា៖​

រណ្ដាប់​ទទួល​ទេវតា​ តាម​ទំនៀម​ពី​បុរាណ​រៀង​រហូត​មក​ ត្រូវ​រៀប​រាន​ទទួល​ទេវតា​នៅ​ខាង​មុខ​ផ្ទះ​មួយ​ សម្រាប់​តាំង​គ្រឿង​ពលីការ​ផ្សេងៗ​។​ ត្រូវ​រៀប​ក្រាល​សំពត់​ពណ៌ស​ ហើយ​រៀប​ចំ​នូវ​គ្រឿង​សក្ការ​បូជា​ទេវតា​មាន​ជាអាទិ៍​ ​បាយ​សី​៩​ថ្នាក់​ បាយសី​៧​ថ្នាក់​មួយគូ​ បាយសី​៥ថ្នាក់​មួយគូ​ បាយសី​៣ថ្នាក់​មួយគូ​ បាយសី​ប៉ាឆាម​មួយគូ​ ស្លាធម៌​មួយ​គូ​ ទឹកអប់​មួយគូ​ ទៀន៥​ធូប៥​ លាច៥​ផ្កា៥​ ដាក់​លើ​ជើង​ពាន​មួយគូ​ ចេកនួន​ ចេកណាំវ៉ា​ដាក់​លើ​ជើងពាន​មួយគូ​ ផ្លែឈើ​១១មុខ​ រៀប​ដាក់​ជើង​ពាន​១១គូ​ ដូង​ឡៅ​មួយគូ​ ទឹកស្អាត​២កែវ​។​ ស្រេច​ហើយ​នៅ​វេលាម៉ោង​ ដែល​ទេវតា​ចុះ​ត្រូវ​ជួបជុំគ្រួសារ​ ដើម្បី​ថ្វាយបង្គំ​ព្រះ​ នមស្សការ​ព្រះរតនៈត្រ័យ​ សមាទានសីល​ ហើយ​តាំង​ចិត្ត​ឲ្យ​បាន​ស្អាត​ បរិសុទ្ធ​ ជ្រះ​ស្រឡះ​នូវមន្ទិល​ទាំងពួង​ តម្កល់​ចិត្ត​រំពឹង​គិត​លើ​ព្រះពុទ្ធ​ ព្រះធម៌​ ព្រះសង្ឃ​ជា​ទីពឹង​ទី​រឭក​ លុះ​ចប់​ពិធី​ទទួល​ទេវតា​។​ ចំពោះ​បាយសី៩​ថ្នាក់៧ថ្នាក់​ ជា​ទំនៀម​មាន​ចែង​ក្នុង​សៀវភៅ​ព្រះរាជ​ពិធី​ទ្វារទសមាស​ និង​មាន​អនុវត្តន៍​នៅ​ព្រះបរមរាជវាំង​ តែ​ចំពោះ​ប្រជារាស្រ្ដ​គួរ​ធ្វើ​ត្រឹម​៥ថ្នាក់​ ចុះ​មក​ ឬ​រៀប​ត្រឹម​គ្រឿង​សក្ការបូជា​ ដែល​មាន​ទៀន៥​ ធូប៥​ ស្លាធម៌​ កូនចេក​មួយគូ​ក៏​ល្មម​សមគួរ​ដែរ​។​ សម្រាប់​ផ្លែឈើ​ ចំពោះ​ប្រជារាស្រ្ដ​គួរ​រៀប​ឲ្យ​បាន​៣​ ឬ​៥​មុខ​ គឺ​ជា​ការ​ប្រសើរ​ ទៅ​តាម​ធនធាន​របស់​ខ្លួន​។​ គ្រប់​ដង្វាយ​ទាំងអស់​ ត្រូវ​ដាក់​ផ្កាម្លិះភួង​ពី​លើ​គ្រប់ដង្វាយ​ នៅ​លើ​ជើងពាន​ និង​លើបាយសី​ ត្រូវ​ដោត​ទៀន​ហើយ​ដុត​បំភ្លឺ​៕​

ដកស្រង់ពីសៀមភៅ មហាសង្ក្រាន្ត ឆ្នាំជូន ទោស័ក រៀបរៀងដោយ លោក អ៉ឹម បុរិន្ទ គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណី ទំនៀមទម្លាប់ខ្មែរ

Leave feedback about this

  • Quality
  • Price
  • Service

PROS

+
Add Field

CONS

+
Add Field